|
អធិប្បាយចុងក្រោយ
|
| ការតម្រូវអោយពាក់មួកសុវត្ថិភាពនឹងចូលជាធរមានៈ អ្នកបើកបរម៉ូតូបារម្ភពីការរំខានរបស់នគរបាល ជាជាងសុវត្ថិភាពផ្ទាល់ខ្លួន |
| ដោយ រស់ ឌីណា | | | ២៤-១២-២០០៨ | 
ភ្នំពេញ (កម្ពុជា) ថ្ងៃទី៩ ឧសភា ២០០៨៖ ការបើកបរដោយផ្ទុកទំនិញដ៏ច្រើន និងមិនមានពាក់មួកសុវត្ថិភាព © ចន វីង / Magnum នៅចុង ឆ្នាំ២០០៨នេះ នៅប្រទេសកម្ពុជា ទីផ្សារលក់មួកការពារសុវត្ថិភាពមានសន្ទុះយ៉ាងខ្លាំង។ មួកជាច្រើនត្រូវបានដាក់តាំងលក់យ៉ាងព្រាតនៅតាមហាងនានា។ សូម្បីតែនៅតាមហាងលក់ទូរស័ព្ទដៃ និងហាងលក់គ្រឿងបន្លាស់ម៉ូតូតូចតាចមួយចំនួន ក៏មានដាក់លក់មួកសុវត្ថិភាពផងដែរ។ នេះមិនទាន់គិតទាំងអ្នកលក់មួក នៅមុខផ្ទះរបស់ពួកគេ តាមដងផ្លូវនៅក្នុងទីក្រុងនៃព្រះរាជាណាចក្រកម្ពុជាផង។ ការសំរុកមកទិញមួកដ៏ច្រើនសន្ធឹកសន្ធាប់នេះមិនមែនដោយសារតែការ យល់ដឹងអំពីគ្រោះថ្នាក់ចរាចរណ៍នោះទេ (ឆ្នាំ២០០៧ នៅប្រទេសកម្ពុជា គ្រោះថ្នាក់ចរាចរណ៍បានសម្លាប់មនុស្ស៤នាក់ និងធ្វើអោយរងរបួស៧០នាក់ ក្នុងមួយថ្ងៃ) ប៉ុន្តែ ដោយសារភ័យខ្លាចនគរបាលចាប់ពិន័យ។ ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០០៩ អ្នកជិះទោចក្រយានយន្ត ត្រីចក្រយានយន្ត រ៉ឺម៉ក នឹងតម្រូវអោយពាក់មួកការពារសុវត្ថិភាព។ យោងតាមការអង្កេតការណ៍មួយ ដែលដឹកនាំដោយអង្គការជនពិការអន្តរជាតិ កាលពីខែមិថុនា ឆ្នាំ២០០៨ អ្នកបើកបរទោចក្រយានយន្តចំនួន២៤% ពាក់មួកការពារសុវត្ថិភាព។ ម្យ៉ាងវិញទៀត នៅដើមខែធ្នូនេះ យោងតាមការសិក្សារបស់មន្រ្តីនគរបាលក្រុងភ្នំពេញ អ្នកបើកបរម៉ូតូមានពាក់មួកការពារសុវត្ថិភាពមានចំនួនដល់៤៧% ខណៈពេលនៅឆ្នាំ២០០៤ មានត្រឹមតែ៨%ប៉ុណ្ណោះ។ យោងតាមការស្ទង់មតិនាពេលថ្មីៗនេះរបស់អង្គការជនពិការអន្តរ ជាតិ អ្នកទីក្រុងភ្នំពេញប្រហែល៦០% ពេញចិត្តនឹងការតម្រូវអោយពាក់មួកការពារសុវត្ថិភាព។
សន្ទុះនៃការលក់ លោក ឆាយ គីម ជាងជួសជុលម៉ូតូនៅស្រុកបាទី ខេត្តតាកែវ បានឆ្លៀតឱកាសពេលធ្វើដំណើរមកសួរសុខទុក្ខសាច់ញាតិនៅទីក្រុង ភ្នំពេញ ដើម្បីទិញមួកការពារសុវត្ថិភាពមួយ «ព្រោះនៅក្បែរផ្ទះរបស់ខ្ញុំមិនមានអ្នកលក់មួកនោះទេ»។ ក៏ដូចជាអ្នកជិះម៉ូតូមួយចំនួនផ្សេងទៀតដែលត្រូវបានសម្ភាស លោកបានជ្រាបព័ត៌មានអំពីការចូលជាធរមាននៃបទបញ្ញត្តិថ្មី ដែលតម្រូវអោយពាក់មួកការពារសុវត្ថិភាពនេះ តាមរយៈប្រព័ន្ធឃោសនា (ទូរទស្សន៍ និងវិទ្យុ) និងតាមរយៈលិខិត្តប័ណ្ណផ្សព្វផ្សាយដែលចែកចាយគ្រប់ទីកន្លែង ដើម្បីក្រើនរម្លឹកប្រជាពលរដ្ឋ។
អ្នកលក់មួកសុវត្ថិភាព នៅក្នុងហាងមួយដ៏ធំ ឈ្មោះ«អេត ហៀង» ស្ថិតនៅមហាវិថីម៉ៅសេងទុង កំពុងតែជាប់មមាញឹកយ៉ាងខ្លាំង។ យើងរង់ចាំរយៈពេល២ម៉ោង ទើបអាចសាកសួរព័ត៌មានបាន នៅពេលសំរាកដ៏ខ្លីមួយ។ «តាំងពីដើមខែធ្នូមក ការលក់មួកមានសន្ទុះយ៉ាងខ្លាំង។ យើងអាចលក់មួកបានច្រើនជាងមុនទ្វេដង!»។
មួកជាង២០ត្រូវ បានលក់រាយជារៀងរាល់ថ្ងៃ ។ អ្នកលក់រូបនេះមិនអាចបំពេញតាមតម្រូវការរបស់អតិថិជនគ្រប់រូបនោះទេ ព្រោះមានអ្នកខ្លះ មកទិញក្នុងបរិមាណដ៏ច្រើន ដែលគាត់មិនមានគ្រប់គ្រាន់តាមតម្រូវការនេះបាន។ មួករបស់លោកត្រូវបានផលិតនៅប្រទេសថៃ និងតៃវ៉ាន់ «មួកទាំងនេះសុទ្ធសឹង ជាផលិតផលល្អ ព្រោះ វាមានស្លាកសញ្ញា ISO» ប៉ុន្តែ នៅមានផលិតនៅប្រទេសវៀតណាម និងប្រទេសកម្ពុជាផងដែរ «មួកមានគុណភាពមិនសូវល្អ គឺជាមួកដែលមិនគោរពតាមស្តង់ដារ»។ តម្លៃលក់ចាប់ពី៨ ទៅ២០ដុល្លារ អាស្រ័យលើការចរចា ហើយតម្លៃមួកម៉ូតូហោះ ថ្លៃជាង១០០ដុល្លារឡើងទៅ។
ឱកាសសម្រាប់អាជីវកម្ម ជា ទំលាប់ លោកឈិត ច័ន្ទសិទ្ធា រកស៊ីលក់ទូរស័ព្ទដៃ។ ប៉ុន្តែ ពេលនេះ មុខរបរនេះហាក់បីដូចជាមិនសូវកាក់កបទេ។ ហេតុដូច្នេះហើយទើបបានជាគេប្រកបមុខរបរលក់មួកការពារ សុវត្ថិភាព បន្ថែមលើមុខរបរសព្វថ្ងៃ ដែលកំពុងតែជួបបញ្ហា។ បុរសវ័យក្មេងរូបនោះបានរំពឹងទុកជាមុនថា «ហាងរបស់ខ្ញុំស្ថិតនៅជាប់ភ្លើងស្តុបដ៏សំខាន់ នាទីក្រុងភ្នំពេញ ហើយនៅចម្ងាយប៉ុន្មានម៉ែត្រពីទីនេះ ប៉ូលីសចរចារណ៍នៅប្រចាំការជារៀងរាល់ថ្ងៃ! នេះគឺជាភ័ព្វសំណាងសម្រាប់ខ្ញុំ! យើងសង្ឃឹមថា នៅពេលប៉ូលីសឃាត់អ្នកជិះម៉ូតូ ដែលអត់មានពាក់មួកសុវត្ថិភាព ប៉ូលីសនឹងបញ្ជូនអ្នកទាំងនោះ អោយមកទិញមួកនៅហាងរបស់ខ្ញុំ!»។
ប្រជាជនមកពីតាមគ្រប់បណ្តាខេត្ត បាននាំគ្នាសំរុកចូលមកកាន់ទីក្រុងភ្នំពេញ ដើម្បីទិញមួកការពារសុវត្ថិភាព។ គ្រួសារត្រកូលលី ទាំងឪពុកម្តាយ ទាំងកូន ទាំងមីង បាននាំគ្នាធ្វើដំណើរជាលក្ខណៈគ្រួសារ តាំងពីខេត្តកំពតមកកាន់ទីក្រុងភ្នំពេញ។ អ្នកស្រី លី ត្រូវជាម្តាយ ត្រូវការទិញមួកចំនួន២០០ «ប្រភេទ និងគុណភាពខុសៗគ្នា » ដើម្បីយកទៅលក់បន្ត នៅ«ទីប្រជុំជន»។ «ខ្ញុំមិនធ្លាប់លក់មួកនេះពីមុនមកទេ ខ្ញុំបើកហាងលក់ឧបករណ៍អគ្គិសនីមួយ ប៉ុន្តែ ខ្ញុំត្រៀមលក្ខណៈ ដើម្បីសម្របខ្លួនទៅនឹងតម្រូវការថ្មីនេះ!»។ លោកលី ជាស្វាមី បានវាយតម្លៃខ្ពស់ថា «នៅខេត្តកំពត អ្នកជិះម៉ូតូពាក់មួកសុវត្ថិភាព មានត្រឹមតែ៣០%ប៉ុណ្ណោះ។ ដូចនេះ នេះគឺជាទីផ្សារមួយ ដែលត្រូវចាប់យក...»។
គេពិតជាយល់អំពីអត្ថប្រយោជន៍របស់មួកការពារសុវត្ថិភាព? លោក ខេង សុខុម មានម៉ាសការពារមុខមួយរួចហើយ លោកត្រូវទិញមួកសុវត្ថិភាពមួយទៀត បន្ថែមអោយគ្រប់កំផ្លេ។ គាត់គឺជាអ្នករត់ម៉ូតូឌុប អស់រយៈពេល១០ឆ្នាំមកហើយ។ គាត់និយាយថាគាត់គឺជាសាក្សីមួយរូប នៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នៅតាមដងផ្លូវ ដែលមានកាន់តែច្រើនឡើង និង«កាន់តែធ្ងន់ធ្ងរឡើងៗ»។ លោកបានអះអាងថា «ពិតមែន! យើងគិតអំពីសុវត្ថិភាព...»។ តែក្រោយមក គាត់បានទទួលស្គាល់ថា គ្មានមួកសុវត្ថិភាព ប៉ូលីសនឹងធ្វើទុក្ខបុកម្នេញជីវភាពរបស់គាត់ ហើយគាត់មិនអាចប្រកបមុខរបររបស់ខ្លួន បានយ៉ាងស្ងប់ស្ងាត់នោះទេ។ គាត់ត្រូវសន្សំប្រាក់រយៈពេល៥ខែ ទើបអាចទិញមួកនេះបាន។ គាត់សន្សំបានប្រាក់ចំនួន៦ម៉ឺនរៀល (១៥ដុល្លារ) គាត់មិនទិញមួកសុវត្ថិភាពអស់រយៈពេលជាយូរមកហើយ ចាប់តាំងពីចោរបានលួចមួករបស់គាត់ទៅ។
លោករឿន រ៉ែន ជាអ្នករត់ម៉ូតូឌុបផង ជាកម្មករសំណង់ផង បានពន្យល់ថា «មួកសុវត្ថិភាពមានសារៈប្រយោជន៍ វាជួយការពារធូលីចូលភ្នែក! ពេលនេះ ចាប់ផ្តើមឈានចូលរដូវប្រាំងហើយ នេះគឺជាពេលវេលាទិញមួកមួយ!»។ ដោយស្ទាបអង្អែលមួកថ្នមៗ លោកបានទទួលស្គាល់ថា «ប្រសិនជាខ្ញុំទិញមួក ក៏ព្រោះតែច្បាប់ថ្មី...»។ ការបើកបរម៉ូតូ ដោយមិនពាក់មួកការពារសុវត្ថិភាពនឹងត្រូវផាកពិន័យជាប្រាក់ចំនួន ៣០០០រៀល និងត្រូវធ្វើការអប់រំ។
ការតវ៉ា លោក សំបុល មន្រ្តីរាជការ វ័យជាង៣០ឆ្នាំ បានបញ្ជាក់អោយដឹងថា «នៅប្រទេសកម្ពុជា គេពាក់មួកការពារសុវត្ថិភាព ព្រោះតែគេខ្លាចនគរបាលការផាកពិន័យប៉ុណ្ណោះ មិនមែនគេព្រួយបារម្ភចំពោះសុវត្ថិភាពនោះទេ! យើងគ្រាន់តែធ្វើតាមគំរូប្រទេសជិតខាង ដែលអនុវត្តបទបញ្ញត្តិនេះរួចជាស្រេចមកហើយ។ វាជាការល្អណាស់ ប៉ុន្តែ ប្រសិនជាយើងគិតផលិតមួកសុវត្ថិភាព នៅប្រទេសរបស់យើង យ៉ាងហោចណាស់ ក៏វាផ្តល់ការងារដល់ប្រជាពលរដ្ឋកម្ពុជា វាប្រសើរជាងនាំមួកមកពីបរទេស!»។ លោកស្បថថាលោកនឹងមិនទិញមួកសុវត្ថិភាពជាដាច់ខាត។ ប៉ុន្តែ យើងបានជួបគាត់នៅហាងលក់មួកមួយកន្លែង... «ខ្ញុំមកទិញមួកមែន ប៉ុន្តែ ទិញអោយភរិយា និងកូនរបស់ខ្ញុំទេ!»។
មន្រ្តីរាជការ រូបនោះបានវាយតម្លៃថាច្បាប់ថ្មីនេះនឹងធ្វើអោយជីវិតអ្នកក្រីក្រ ជួបការស្មុគស្មាញ ព្រោះការទិញមួក បានបន្ថែមបន្ទុកសម្រាប់ពួកគេ។ លោកសំណូមពរអោយមានការផ្តល់អំណោយជាមួកការពារសុវត្ថិភាពជូន ប្រជាពលរដ្ឋទាំងនោះ។ «គេចង់អោយប្រជាពលរដ្ឋគោរពច្បាប់ចរាចរណ៍ផ្លូវគោកអោយបានខ្ជាប់ ខ្ជួន ប៉ុន្តែ តើគេយល់យ៉ាងដូចម្តេចដែរចំពោះអ្នកមាន និងអ្នកមានអំណាច ដែលរំលោភច្បាប់ ដោយគ្មានខ្លាចក្រែងថាខ្លួននឹងត្រូវប៉ូលីសឃាត់ខ្លួននោះ?
លោក បានលើកប្រវត្តិរបស់អ្នកជិះម៉ូតូវ័យក្មេងមួយរូប ដែលបានបាត់បង់ជីវិត ទោះបីជាពាក់មួកការពារសុវត្ថិភាពក៏ដោយ។ «ក្បាលរបស់គេត្រូវបានការពារយ៉ាងល្អ ប៉ុន្តែ ខ្លួនប្រាណវិញ ត្រូវខ្ទេចខ្ទីអស់...។ មួកសុវត្ថិភាពមិនមែនជាដំណោះស្រាយដ៏ល្អប្រសើរនោះទេ!»។
មួកមានប្រយោជន៍... ប្រសិនជាត្រូវបានជ្រើសរើសនិងប្រើប្រាស់ត្រឹមត្រូវ លោកមាស ចាន់ឌី អ្នកទទួលខុសត្រូវគម្រោងសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៃអង្គការជន ពិការអន្តរជាតិ បានផ្តល់ជាអនុសាសន៍ថា «អង្គការក្រៅរដ្ឋាភិបាលមួយ ដែលជាដៃគូសហការរបស់យើងមួយ បានបញ្ជូនមួកសុវត្ថិភាពចំនួន១២ប្រភេទខុសៗគ្នា ដែលទិញនៅលើទីផ្សារនៃប្រទេសកម្ពុជា យកទៅកាន់សហរដ្ឋអាមេរិក ដើម្បីវាយតម្លៃគុណភាព។ លទ្ធផលបានបង្ហាញអោយឃើញថាមានមួកតែមួយប្រភេទប៉ុណ្ណោះ ដែលទទួលបានពិន្ទុ១០ គោរពទៅតាមស្តង់ដារអន្តរជាតិ!។ មួកជាច្រើនដែលដាក់លក់នៅលើទីផ្សារកម្ពុជា សុទ្ធសឹងជាមួកមិនមានគុណភាពល្អ។ នៅពេលគេពុះមួកជាពីរចំណែក គេឃើញថា ស្នោរខាងក្នុងមានគុណភាពមិនល្អ រឺមួយស្នោរទាំងនោះត្រូវបានផ្លាស់ជំនួសដោយសាច់អេប៉ុងស្តើងៗ ...។ ខ្ញុំសូមណែនាំអ្នកជិះម៉ូតូទាំងអស់ អោយទិញមួកដែលទទួលបានលិខិតបញ្ជាក់គុណភាព ISO និងជ្រើសរើសមួក ទៅតាមទំហំក្បាលរបស់អ្នកជិះ។ ប្រសិនជាមួកធំជាងក្បាល ពេលពាក់ វានឹងរលុង ហើយមិនអាចការពារសុវត្ថិភាពបានល្អនោះទេ»។ លោកបានគូសបញ្ជាក់ថាលោកមានការពេញចិត្តចំពោះវិធានការណ៍របស់ រដ្ឋាភិបាលនេះណាស់។
ការទិញមួកគឺជារឿងដ៏សំខាន់ ប៉ុន្តែ ការប្រើប្រាស់អោយបានត្រឹមត្រូវក៏ជារឿងសំខាន់ផងដែរ។ លោកមាស ចាន់ឌី បានលើកឡើងថា «ជានិច្ចកាល អ្នកជិះម៉ូតូប្រើប្រាស់មួករបស់ពួកគេមិនបានត្រឹមត្រូវនោះទេ។ ពួកគេតុបតែងមួកឡើងវិញ ឧទាហរណ៍ បិទស្ទីកឃ័រនៅលើមួករឺមួយបិទពណ៌ឡើងវិញ ខណៈពេលផ្ទៃមួកត្រូវទុកអោយនៅភ្លឺរលោង ។ គេគួរតែជ្រើសរើសយកប្រភេទមួក ដែលមានពណ៌ភ្លឺ ដើម្បីទុកអោយអ្នកជិះម៉ូតូពេលយប់មើលឃើញ។ ចំណែកអ្នកផ្សេងទៀតមិនប្រុងប្រយ័ត្ន ក្នុងការបិទខ្សែការពារមួកនោះទេ ...»។
តួលេខប្រកាសអាសន្ន ឆ្លើយ តបទៅអ្នកមិនព្រមពាក់មួកការពារសុវត្ថិភាព លោកមាស ចាន់ឌី ព្រមទទួលស្គាល់ថាមួកសុវត្ថិភាពមិនបានការពារ ១០០%នោះទេ «ប៉ុន្តែ អាចកាត់បន្ថយគ្រោះថ្នាក់បាន»។ លោកបានបង្ហាញស្ថិតិមកបញ្ជាក់ថានៅក្នុងគ្រោះថ្នាក់ចរាចរណ៍៨០% ជនរងគ្រោះតែងតែទទួលការប៉ះទង្គិចធ្ងន់ធ្ងរនៅត្រង់ក្បាល។ ដោយឡែក អ្នកទទួលខុសត្រូវរូបនេះក៏បានសំណូមពរជនរួមជាតិទាំងអស់ សុំបន្ថយល្បឿន និងត្រួតពិនិត្យល្បឿនយានជំនិះរបស់ខ្លួន។ «ការទិញមួកត្រូវចំណាយថវិកាច្រើន ប៉ុន្តែ មិនច្រើនដូចថ្លៃព្យាបាលជំងឺ នៅពេលកើតមានគ្រោះថ្នាក់ជាយថាហេតុនោះឡើយ!»។
កាលពីថ្ងៃទី ២២ ខែធ្នូ សម្តេចនាយករដ្ឋមន្រ្តីធ្លាប់បានរម្លឹកថា មូលហេតុនៃការបាត់បង់ជីវិតច្រើនជាងគេបំផុតនៅកម្ពុជា គឺបណ្តាលមកពីគ្រោះថ្នាក់ចររាចរណ៍ផ្លូវគោក បន្ទាប់មកគឺជំងឺអេដស៍ និងគ្រោះថ្នាក់បណ្តាលមកពីគ្រាប់មីន។ យោងតាមលេខាធិការដ្ឋានជាតិសុវត្ថិភាពផ្លូវគោក ចំនួនអ្នកស្លាប់នៅតាមដងផ្លូវបានកើនឡើងបីដង ចាប់តាំងពីឆ្នាំ២០០៤មក។ ប្រទេសកម្ពុជា ត្រូវបានកត់សម្គាល់ ជាប្រទេសអាស៊ានមួយ ដែលមានតួលេខគ្រោះថ្នាក់ចរាចរណ៍ខ្ពស់ជាងគេបំផុត។ ៤០%នៃអ្នករងរបួស និងស្លាប់នៅប្រទេសកម្ពុជា គឺបណ្តាលមកពីគ្រោះថ្នាក់ចរាចរណ៍ និង៦៣%នៃអ្នកដែលបានបាត់បង់ជីវិតនៅក្នុងគ្រោះថ្នាក់ចរាចរណ៍ គឺជាអ្នកបើកបរទោលចក្រយានយន្ត។
លោក ហ៊ឹម យ៉ាន ស្នងការរងនគរបាលសណ្តាប់ធ្នាប់រាជធានីភ្នំពេញ បានព្រមានថា នៅថ្ងៃទី១ ខែមករា ខាងមុខនេះ នគរបាលចរាចរណ៍នឹងត្រូវដាក់ពង្រាយនៅទូទាំងរាជធានីភ្នំពេញ ដើម្បីឃាត់អ្នកជិះម៉ូតូ ដែលនៅតែមិនព្រមគោរពច្បាប់ថ្មីនេះ។ ចុះចំណែកនគរបាលវិញ តើពួកគេនឹងពាក់មួកសុវត្ថិភាពទាំងអស់គ្នាដែររឺទេ? «ពិតជាពាក់! ព្រោះយើងបានទទួលមួកពីអង្គការជនពិការអន្តរជាតិ និងអង្គការ JRP! ចំណែកអង្គភាពនគរបាលផ្សេងទៀត យើងមិនដឹងថាពួកគេបានទទួលមួកដូចអង្គភាពយើងដែររឺទេ។
|
|
|