ភ្នំពេញ (កម្ពុជា) ថ្ងៃទី១៦ វិច្ឆិកា ១៩៩១៖ ព្រះអង្គម្ចាស់នរោត្តម រណឫទ្ធិ នៅក្នុងសន្និសីទសារព័ត៌មានលើកដំបូងរបស់ព្រះរាជបិតាព្រះអង្គ នៅព្រះបរមរាជវាំង
© ចន វីង / Magnum
នៅ អំឡុងរយៈពេលពីរឆ្នាំចុងក្រោយនេះ តួនាទីនៅលើឆាកនយោបាយរបស់ព្រះអង្គម្ចាស់ និងព្រះអង្គម្ចាស់ក្សត្រី កាន់តែធ្លាក់ចុះជាបន្តបន្ទាប់។ ភាពច្របូកច្របល់នៅក្នុងគណបក្សរាជានិយមហ៊្វុនស៊ិនប៉ិច ការចាកចេញរបស់សមាជិកគណបក្សនេះ និងលទ្ធផលមិនល្អដែលសមាជិករាជវង្សានុវង្សកម្ពុជាទទួលបាន នៅក្នុងដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តអាណត្តិទីបួន កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០០៨ បានធ្វើអោយរាជវង្សានុវង្សចាកចេញពីឆាកនយោបាយបន្តិចម្តងៗ ហើយផ្តល់ភាពចំណេញដល់គណបក្សកាន់អំណាច គឺគណបក្សប្រជាជនកម្ពុជា ដើម្បីពង្រឹងអំណាចនៅក្នុងកណ្តាប់ដៃរបស់សម្តេចនាយករដ្ឋ មន្រ្តីហ៊ុន សែន និងមន្រ្តីនយោបាយរបស់សម្តេច។ ឥស្សរជនជាន់ខ្ពស់នៃសែរាជវង្សានុវង្សជាច្រើនអង្គ ក្នុងចំណោមនោះ «អតីតនាយករដ្ឋមន្រ្តីទី១» និងជាព្រះប្រធានរដ្ឋសភា គឺសម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ បានប្រកាសដកខ្លួនជាផ្លូវការពីឆាកនយោបាយ ដោយស្ម័គ្រចិត្តយល់ព្រមទទួលតួនាទីកិត្តិយសថ្មី នៅក្នុងព្រះបរមរាជវាំង ដើម្បី «បម្រើប្រជារាស្រ្តនិង ជាតិ»...និងដើម្បីស្តារកិត្តិនាមរាជវង្សឡើងវិញ។
រាជវង្សានុវង្សបែកបាក់
ការបែកបាក់ផ្ទៃក្នុងគណបក្សហ៊្វុនស៊ិនប៉ិច ចាប់តាំងពីឆ្នាំ១៩៩៥មក និងកាន់តែពិសេសជាងនេះ គឺការបែកបាក់ដែលនាំអោយមានការបង្កើតគណបក្សនរោត្តម រណឫទ្ធិ នៅឆ្នាំ២០០៦ ហើយនឹងការទទួលលទ្ធផលមិនល្អប្រសើររបស់គណបក្សទាំងពីរនេះ នៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តលើកចុងក្រោយនេះ បានកាត់បន្ថយឥទ្ធិពលនយោបាយរបស់ព្រះអង្គម្ចាស់និងព្រះអង្គ ម្ចាស់ក្សត្រីនៅអំឡុងប៉ុន្មានឆ្នាំនេះគួរអោយកត់សម្គាល់ ព្រមទាំងបានជម្រុញអោយសមាជិករាជវង្សខ្លះសម្រេចព្រះទ័យចូល និវត្តន៍ពីនយោបាយ។ ចាប់តាំងពីពេលនេះតទៅ លែងមានឈ្មោះសែរាជវង្សនៅក្នុងបញ្ជីតំណាងរាស្រ្ត និងនៅក្នុងជួររដ្ឋាភិបាលអាណត្តិទី៤ (២០០៨-២០១៣) ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា របស់សម្តេចនាយករដ្ឋមន្រ្តីហ៊ុន សែន ដូចមុនទៀតហើយ។ ជាមួយនឹងអាសនៈសភាចំនួន៤ (២អាសនៈ ក្នុងមួយគណបក្ស) គណបក្សហ៊្វុនស៊ិនប៉ិច និងគណបក្សនរោត្តម រណឫទ្ធិ លែងមានលទ្ធភាពទាមទារអ្វីពីគណបក្សប្រជាជនបានដូចមុនទៀតហើយ។ នៅពេលដៃគូរដ្ឋាភិបាល (គណបក្សហ៊្វុនស៊ិនប៉ិច) របស់ខ្លួនកំពុងធ្លាក់ចុះខ្សោយ គណបក្សកាន់អំណាចនេះបានពង្រឹងអំណាចរបស់ខ្លួន ទាំងនៅក្នុងអំណាចនីតិប្រតិបត្តិ ទាំងនៅក្នុងអំណាចនីតិបញ្ញត្តិ។
ការ ថយចុះតួនាទីរបស់រាជវង្សានុវង្សនៅលើឆាកនយោបាយ ដែលចាប់ផ្តើមតាំងពីប៉ុន្មានឆ្នាំកន្លងមកនេះ ទំនងជាបន្តធ្លាក់ចុះដោយជៀសមិនផុត បន្ទាប់ពីកើតមានព្រឹត្តិការណ៍ចុងក្រោយដ៏គួរអោយកត់សម្គាល់ គឺព្រះអង្គម្ចាស់នរោត្តម រណឫទ្ធិ បានលាលែងចេញពីតំណែងព្រះប្រធានគណបក្សនរោត្តម រណឫទ្ធិ ដែលព្រះអង្គជាអ្នកបង្កើត និងដាក់ឈ្មោះព្រះអង្គផ្ទាល់ ហើយបានប្រកាសដកខ្លួនចេញពីនយោបាយ កាលពីដើមខែតុលា បន្ទាប់ពីបានធ្វើនយោបាយ អស់រយៈពេល២៥ឆ្នាំមក។ ព្រះអង្គបានប្រកាសជាសាធារណៈថា ព្រះអង្គបានសម្រេចចិត្តដូច្នេះ ក៏ដោយសារ «ហត់នឿយព្រះកាយ» និងមានគោលបំណង «បម្រើព្រះមហាក្សត្រ និងប្រជារាស្រ្ត»។ ហេតុដូច្នេះ ព្រះរាជបុត្ររបស់អតីតព្រះមហាក្សត្រនរោត្តម សីហនុ គឺជាសែរាជវង្សទី៤ ដែលបានចាកចេញពីឆាកនយោបាយ បន្ទាប់ពីព្រះអង្គម្ចាស់នរោត្តម សិរិវុឌ្ឍ- ព្រះអង្គម្ចាស់ស៊ីសុវត្ថិ ធម្មិកោ និងសម្តេចនរោត្តម វជរ៉ា។
សម្តេច ក្រុមព្រះនរោត្តម រណឫទ្ធិ បានអវត្តមាននៅអំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោត កាលពីខែកក្កដា ឆ្នាំ២០០៨ ដោយសារការកាត់ទោស ពីបទរំលោភសេចក្តីទុកចិត្ត នៅក្នុងសំណុំរឿងក្តីលក់ទីស្នាក់ការអតីតគណបក្សហ៊្វុនស៊ិនប៉ិច។ ប៉ុន្តែ ព្រះអង្គត្រូវបានជាប់ឆ្នោតជាតំណាងរាស្រ្តមណ្ឌលកំពង់ចាម។ ដោយសារមូលហេតុខាងលើនេះ ព្រះអង្គបានសម្រេចផ្ទេរអាណត្តិសភារបស់ព្រះអង្គ អោយទៅលោកយូ ហុកគ្រី អគ្គលេខាធិការដ៏ជិតស្និទ្ធិរបស់ព្រះអង្គ។ បន្ទាប់ពីបានទទួលស្គាល់លទ្ធផលនៃការបោះឆ្នោត និងដោយមានសំណើរបស់ប្រមុខរដ្ឋាភិបាល ស្នើសុំព្រះមហាក្សត្រ សម្តេចក្រុមព្រះបានទទួលព្រះរាជទានទោស ដែលអនុញ្ញាតអោយព្រះអង្គយាងត្រឡប់មកកាន់ទឹកដីនៃព្រះរាជាណាចក្រ កម្ពុជាវិញកាលពីចុងខែកញ្ញា បន្ទាប់ពីនិរទេសព្រះកាយអស់រយៈពេលជាង១ឆ្នាំមក។
លោកគល់ បញ្ញា នាយកប្រតិបត្តិគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរីនិងយុត្តិធម៌នៅកម្ពុជា (ខុមហ្វ្រែល) បានកត់សម្គាល់ថា «ចំនួនអ្នកបោះឆ្នោតអោយគណបក្សទាំងនេះ (គណបក្សហ៊្វុនស៊ិនប៉ិច និងនរោត្តម រណឫទ្ធិ) បានធ្លាក់ចុះ។ កត្តានេះបានកាត់បន្ថយឥទ្ធិពលនយោបាយរបស់គណបក្សទាំងពីរ។ ធ្វើនយោបាយមានការប្រថុយប្រថានខ្ពស់។ ជួនកាល មានលទ្ធផលល្អ ជួនកាលមានលទ្ធផលមិនល្អ»។
បទបញ្ញត្តិថ្មី
ការ បាត់បង់ឥទ្ធិពលលើឆាកនយោបាយនេះមិនមែនជារឿងចៃដន្យនោះទេ។ ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាបាន ផ្លាស់ប្តូរស្ថានការណ៍នយោបាយនៅក្នុងប្រទេស (ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញត្រូវបានស្នើឡើងដោយគណបក្សប្រឆាំងសម រង្ស៊ី និងត្រូវបានឯកភាពពីគណបក្សកាន់អំណាចគឺគណបក្សប្រជាជនកម្ពុជា ហើយត្រូវបានអនុម័តនៅខែមីនា ឆ្នាំ២០០៦)។ ដើម្បីបង្កើតរាដ្ឋាភិបាលមួយបាន គណបក្សឈ្នះឆ្នោតច្រើនជាងគេលែងត្រូវការសម្លេងគាំទ្រពីរភាគបី ដូចមុនទៀតហើយ គឺត្រូវមានសម្លេងគាំទ្រ៥០បូក១។ លក្ខខណ្ឌនេះស្តែងអោយឃើញច្បាស់ថា ដោយសារវិសោធនកម្មនេះ គណបក្សប្រជាជនកម្ពុជាលែងត្រូវការចងសម្ព័ន្ធជាមួយគណបក្សណាមួយ ដើម្បីបង្កើតរដ្ឋាភិបាលដូចមុនទៀតហើយ។ ក្រោយការអនុម័តវិសោធនកម្មនេះ ដោយមិនរង់ចាំដំណើរការបោះឆ្នោតអាណត្តិថ្មី ដែលគ្រោងរៀបចំនៅឆ្នាំ២០០៨ សម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ បានលាលែងតំណែងចេញពីព្រះប្រធានរដ្ឋសភា ដែលព្រះអង្គគ្រប់គ្រង តាំងពីអាណត្តិទីពីរមកម្ល៉េះ (១៩៩៨-២០០៣)។ ៧ខែក្រោយមក ព្រះអង្គត្រូវបានទម្លាក់ចេញពីតំណែងជាព្រះប្រធានគណបក្សហ៊្វុន ស៊ិនប៉ិច ដោយសមាជមួយ ដែលប្រមូលផ្តុំដោយអ្នកដែលធ្លាប់គាំទ្រព្រះអង្គ។
លោកគល់ បញ្ញា បានវិភាគថា «វិសោធនកម្មនេះគឺជាមូលហេតុមួយ ដែលអាចពន្យល់អំពីការបាត់បង់ឥទ្ធិពលនយោបាយរបស់គណបក្សហ៊្វុន ស៊ិនប៉ិច អោយទៅលើគណបក្សប្រជាជនកម្ពុជា។ តាមរយៈគោលការណ៍ «៥០បូក១» គណបក្សប្រជាជនកម្ពុជា ដែលទទួលបានសម្លេងឆ្នោតដ៏ច្រើនលើសលុប(៩០អាសនៈ ក្នុងចំណោម១២៣អាសនៈ) នៅក្នុងការបោះឆ្នោតកាលពីខែកក្កដា ឆ្នាំ២០០៨ អាចធ្វើអ្វីបានគ្រប់យ៉ាង»។
មួយឆ្នាំក្រោយការ អនុម័តវិសោធនកម្មនេះ ព្រឹត្តិការណ៍ថ្មីមួយបានធ្វើអោយមានការជជែកវែកញែកស្តីពីការចូល រួមរបស់ព្រះអង្គម្ចាស់ និងម្ចាស់ក្សត្រី នៅលើឆាកនយោបាយ កាន់តែក្តៅគគុកឡើង។ ព្រឹត្តិការណ៍នោះគឺ តាមរយៈព្រះរាជសារមួយ អតីតព្រះមហាក្សត្រនរោត្តម សីហនុ បានអំពាវនាវដល់សមាជិករាជវង្សានុវង្ស អោយឈប់ប្រឡូកនៅក្នុងសកម្មភាពនយោបាយ ដើម្បីចំណាយពេលវេលាបម្រើសង្គម។ កាលនោះ ព្រះអង្គម្ចាស់នរោត្តម សិរីវុឌ្ឍ គឺជាមនុស្សទីមួយ ដែលបានយកព្រះទ័យស្តាប់តាមការអំពាវនាវនេះ ដោយយល់ព្រមចូលរួមជាមួយស្ថាប័នព្រះបរមរាជវាំង ខណៈពេលព្រះអង្គគឺជាតំណាងរាស្រ្តមណ្ឌលកណ្តាល។
ការដកខ្លួន ដើម្បីស្តារព្រះកិត្តិយសឡើងវិញ
បើ តាមការយល់ឃើញរបស់អ្នកសង្កេតការណ៍នយោបាយនៅកម្ពុជាមួយចំនួន ការចូលនិវត្តន៍ពីឆាកនយោបាយរបស់រាជវង្សានុវង្ស មិនបានប៉ះពាល់ដល់កិត្តិយសសែរាជវង្ស និងមិនមែនជារឿងប្លែកនោះទេ។ អ្នកនយោបាយអាចជាអ្នកចេញមកពីសែរាជវង្ស និងចេញមកពីគ្រួសារប្រជារាស្រ្តសាមញ្ញ។ លោកគល់ បញ្ញា បានបញ្ជាក់អោយដឹងថា «នេះគឺជាជម្រើសរបស់ពួកគេ សូម្បីតែអ្នកនយោបាយដែលចេញមកពីគ្រួសារសាមញ្ញក៏អាចធ្វើដូច្នេះបាន ដែរ។ នៅពេលពួកគេមិនទទួលបានលទ្ធផលល្អ ពួកគេនឹងត្រឡប់មករកសកម្មភាពអព្យាក្រឹត្យវិញ។ វាប្រៀបបានដូចជាការធ្វើជំនួញអញ្ជឹង! ប៉ុន្តែ ជាការពិត ជាទូទៅ អ្នកដែលធ្វើនយោបាយ មិនងាយដកខ្លួនចេញដោយស្រួលនោះទេ»។ ប៉ុន្តែ លោកបានគូសបញ្ជាក់ថា ទោះបីជាសែរាជវង្សអវត្តមាននៅក្នុងឆាកនយោបាយក៏ដោយ ក៏ព្រះអង្គម្ចាស់ ម្ចាស់ក្សត្រីអាចរក្សាឥទ្ធិពលរបស់ខ្លួននៅដដែល។ នាយកខុមហ្វ្រែលរូបនេះបានបន្តទៀតថា នៅប្រទេសរាជានិយមផ្សេងទៀត ដូចជាប្រទេសថៃ រឺប្រទសជប៉ុន គ្រួសាររាជវង្សានុវង្ស ដែលត្រូវបានផ្តល់កិត្តិយសនៅក្នុងប្រទេស ត្រូវបានលើកទឹកចិត្ត អោយធ្វើការងារផ្នែកសកម្មភាពអព្យាក្រឹត្យ ជាជាងប្រឡូកនៅក្នុងឆាកនយោបាយ។
ព្រះអង្គម្ចាស់ស៊ីសុវត្ថិ ធម្មិកោ ដែលអាក់ខានធ្វើអធិប្បាយអំពីបញ្ហានយោបាយ អស់រយៈពេល៩ខែ បានគាំទ្រយ៉ាងពេញទំហឹងចំពោះការចាកចេញឆ្ងាយពីឆាកនយោបាយរបស់ រាជវង្សានុវង្ស បើទោះបីជារដ្ឋធម្មនុញ្ញ នៃប្រទេសកម្ពុជាមិនបានហាមឃាត់រាជវង្សានុវង្សមិនអោយប្រឡូកនៅក្នុង រឿងនយោបាយក៏ដោយ។ ព្រះអង្គបានវាយតម្លៃថា «ប្រសិនជាសែរាជវង្ស ខិតខំបម្រើប្រជារាស្រ្ត ជាតិ និងព្រះមហាក្សត្រមែន នោះឥទ្ធិពលរបស់សមាជិករាជវង្សនឹងត្រូវបានស្តារឡើងវិញ»។ គួរបញ្ជាក់ថាព្រះអង្គបានបង្កើតគណបក្សរណសិរ្យសង្គមជាតិនិយម កាលពីឆ្នាំ២០០៦ និងបានចងសម្ព័ន្ធភាពជាមួយគណបក្សនរោត្តម រណឫទ្ធិ។ មួយឆ្នាំក្រោយមក ព្រះអង្គបានចូលរួមជាមួយគណបក្សហ៊្វុនស៊ិនប៉ិច។ ព្រះអង្គគឺជាព្រះជេដ្ថកនិត្ថាអយ្យកាមួយ (បងប្អូនជីដូនមួយ) ជាមួយព្រះមហាក្សត្រនរោត្តម សីហមុនី ។ កន្លងមក ព្រះអង្គមិនអាចប្រមូលផ្តុំកម្លាំងរាជានិយម ដូចបំណងរបស់ព្រះអង្គនោះឡើយ។
ការវាយតម្លៃមួយ ដែលត្រូវធ្វើ សម្រាប់គណបក្សរាជានិយម
គណបក្សហ៊្វុនស៊ិនប៉ិច ដែលត្រូវបានដឹកនាំដោយលោកកែវ ពុទ្ធរស្មី ព្រះសុណិសា (កូនប្រសាប្រុស) របស់សម្តេចឪ នរោត្តម សីហនុ និងត្រូវបានបង្កើតឡើងដោយសម្តេចឪ និងជាគណបក្សនយោបាយលំដាប់ទីមួយ នៅក្នុងប្រទេសកម្ពុជាកាលពី១៥ឆ្នាំមុន បច្ចុប្បន្ន កំពុងជួបការបែកបាក់ផ្ទៃក្នុង និងមានការចាកចេញរបស់សមាជិក ទៅចូលរួមជាមួយគណបក្សកាន់អំណាច។ នាពេលថ្មីៗនេះ សមាជិកជាង៤០រូប បានចូលរួមជាមួយគគណបក្សប្រជាជនកម្ពុជាក្នុងនោះរួមមាន លោកសេរី កុសល ដែលជាអ្នកស្មោះត្រង់នឹងគណបក្ស និងលោកឱក សុជាតិ ទីប្រឹក្សាប្រធានគណបក្ស។ លោកគល់ បញ្ញា បានរៀបរាប់ថា បញ្ហាដឹកនាំ អ្នកនយោបាយឱកាសនិយមច្រើននៅក្នុងគណបក្ស និងការជៀតជ្រែករបស់គណបក្សដទៃមកលើគណបក្សហ៊្វុនស៊ិនប៉ិច ដែលធ្លាប់ជាដៃគូរបស់គណបក្សប្រជាជន នៅក្នុងរដ្ឋាភិបាលចម្រុះនេះ បានធ្វើអោយគណបក្សនេះធ្លាក់ចុះ។ ដោយឡែក អ្នកវិភាគនយោបាយរូបនេះបានសន្និដ្ឋានថា « អ្នកបោះឆ្នោតខ្លះប្រហែលមានការមិនពេញចិត្តចំពោះគណបក្សហ៊្វុនស៊ិន ប៉ិច ដែលមិនគោរពតាមការសន្យារបស់ខ្លួន នៅពេលបោះឆ្នោតមុនៗ ជាពិសេស ទាក់ទងនឹងបូរណភាពទឹកដី ជនអន្តោប្រវេសន៍ រឺការលើកកម្ពស់កំរិតជីវភាពរបស់មន្រ្តីរាជការ»។
លោកញឹក ប៊ុនឆៃ អគ្គលេខាធិការគណបក្សហ៊្វុនស៊ិនប៉ិច និងជាតំណាងរាស្រ្តមួយរូប ក្នុងចំណោមតំណាងរាស្រ្តតែពីររបស់គណបក្ស បានចាត់ទុកបញ្ហានៃការចាកចេញរបស់សមាជិកបក្ស គឺជារឿង «ធម្មតា» និងបានប្រកាសថាលោកមិនចាប់អារម្មណ៍ចំពោះរឿងនេះឡើយ។ លោកត្រូវបានសម្តេចហ៊ុន សែន ផ្តល់ទំនុកចិត្ត អោយរៀបចំសំណើបញ្ជីបេក្ខជននៃ សមាជិកគណបក្សហ៊្វុនស៊ិនប៉ិច សម្រាប់តំណែងជាអនុរដ្ឋលេខាធិការ នៅក្នុងអាណត្តិទីបួននេះ។ ឧបនាយករដ្ឋមន្រ្តីរូបនេះបានសន្យាថា «អ្នកខ្លះចាកចេញពីគណបក្ស ដើម្បីបំពេញផលប្រយោជន៍ផ្ទាល់ខ្លួន និងទទួលបានតំណែង។ នេះគឺជាសិទ្ធិរបស់ពួកគេ។ សិក្ខាសាលាមួយរបស់គណបក្ស នឹងរៀបចំធ្វើឡើងនាពេលខាងមុខនេះ ដើម្បីពិនិត្យរចនាសម្ព័ន្ធគណបក្សឡើងវិញ»។ លោកបានអះអាងអំពីនិរន្តភាពរបស់គណបក្ស និងបានបដិសេធរាល់ព័ត៌មាន ដែលថាលោកមានបំណងដណ្តើមតំណែងប្រធានបក្ស។
«ត្រឡប់ទៅរកទំនៀមទំលាប់ខ្មែរ មុនថ្ងៃទី១៨ មេសា ១៩៧០»
យ៉ាង ហោចណាស់ ការដកខ្លួនចេញពីឆាកនយោបាយរបស់សមាជិករាជវង្សានុវង្សមួយ ចំនួននេះ ត្រូវបាន«លើកតម្កើន» ដោយព្រះមហាក្សត្រនរោត្តម សីហមុនី។ តួយ៉ាង កាលពីដើមខែធ្នូនេះ ព្រះមហាក្សត្រ បានតែងតាំងសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ជាព្រះប្រធានឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ មានឋានៈស្មើនាយករដ្ឋមន្រ្តី បន្ទាប់ពីព្រះអង្គម្ចាស់ និងព្រះអង្គម្ចាស់ក្សត្រីយ៍ចំនួន២៦រូប ត្រូវបានតែងតាំងកាលពីដើមខែវិច្ឆិកា ជាទីប្រឹក្សា ឯកអគ្គរាជទូតអមព្រះរាជខុទ្ទកាល័យព្រះមហាក្សត្រ និងអមព្រះរាជលេខាធិការដ្ឋានព្រះមហាក្សត្រ មានឋានៈស្មើរដ្ឋមន្រ្តី រដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ។ ដោយស្វាគមន៍ចំពោះការតែងតាំងនេះ ព្រះអង្គម្ចាស់ស៊ីសុវត្ថិ ធម្មិកោ ដែលត្រូវបានតែងតាំងជាទីប្រឹក្សាអមព្រះរាជខុទ្ទកាល័យព្រះ មហាក្សត្រ បានលើកឡើងថាការតែងតាំងទាំងនេះអនុញ្ញាតអោយព្រះអង្គម្ចាស់និង ព្រះអង្គម្ចាស់ក្សត្រីយ៍ទទួលបានប្រាក់បៀវត្ស។ ព្រះអង្គម្ចាស់ ធម្មិកោបានវាយតម្លៃថា «មុនថ្ងៃទី១៨ ខែមេសា ឆ្នាំ១៩៧០ (ថ្ងៃធ្វើរដ្ឋប្រហាររបស់ឧត្តមសេនីយ៍ លន់ នុល ទម្លាក់ព្រះអង្គម្ចាស់នរោត្តម សីហនុ ចេញពីតំណែងជាប្រមុខរដ្ឋ) សមាជិករាជវង្សានុវង្សបានទទួលប្រាក់បៀវត្សមួយ ដែលផ្តល់ជូនដោយព្រះបរមរាជវាំង។ សព្វថ្ងៃនេះ ការតែងតាំងទាំងនេះមានន័យថាជាការត្រឡប់ទៅរកទំនៀមទំលាប់ខ្មែរ និងបានផ្តល់កិត្តិយសដល់គ្រួសាររាជវង្ស»។ ព្រះអង្គម្ចាស់បានគូសបញ្ជាក់ថា ព្រះអង្គម្ចាស់និងព្រះអង្គម្ចាស់ក្សត្រីយ៍ដែលត្រូវបានតែងតាំង អាចបម្រើព្រះមហាក្សត្រ និងប្រជារាស្រ្ត «នៅក្នុងវិស័យវប្បធម៌ មនុស្សធម៌ និងសុខភាព»។
សម្រាប់លោកគល់ បញ្ញា ការតែងតាំងដ៏កិត្តិយសនេះគឺជាផ្លែផ្កានៃការសន្យាមួយ ជាមួយរដ្ឋាភិបាល និងជាការធ្វើតេស្តមួយ សម្រាប់សមាជិករាជវង្សានុវង្ស។
-សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ត្រូវបានតែងតាំងជាព្រះប្រធានក្រុមឧត្តមប្រឹក្សាព្រះមហាក្សត្រកម្ពុជា (១០-១២-២០០៨)
-ព្រះអង្គម្ចាស់នរោត្តម រណឫទ្ធិ កោះប្រជុំគណៈកម្មា ធិការនាយក ដើម្បីប្រកាសពីការលាឈប់ពីតំណែង ប្រធានគណបក្ស (០៣-១០-២០០៨)
-ព្រះមហាក្សត្រព្រះរាជទានលើកលែងទោស សម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ (២៥-០៩-២០០៨)
-សម្តេចក្រុមព្រះនរោត្តម រណឫទ្ធិអរគុណ សម្តេចហ៊ុន សែន ដែលអនុញ្ញាតអោយព្រះអង្គ យាងត្រឡប់មកកម្ពុជាវិញ (២៨-០៩-២០០៨)
-ប្រមុខរដ្ឋាភិបាលប្រកាសពីការយាងត្រទ្បប់មក វិញរបស់ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ ហើយវាយបកលើគណបក្សប្រឆាំងទាំងពីរ (១៧-០៩-២០០៨)
-ព្រះអង្គម្ចាស់នរោត្តម រណឫទ្ធិងាក មក ប្រកាស ទទួល ស្គាល់លទ្ធផលបោះឆ្នោត និង មិន ចង សម្ព័ន្ធភាព ជាមួយគណបក្សសម រង្ស៊ី (១២-០៨-២០០៨)