| អ្នករស់នៅបូឌីង (៧) : វិឆាត កើតនៅបូឌីង និងមានមោទនភាពចំពោះជីវិតរបស់ខ្លួន |
| ដោយ ស្ទេហ្វានី ហ្សេ និង អ៊ឹម ឡឹម | |
| ២៦-១២-២០០៨ |

ភ្នំពេញ (កម្ពុជា) ថ្ងៃទី២៥ ធ្នូ ២០០៨៖ នី វិឆាត អាយុ២០ឆ្នាំ និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ©ស្ទេហ្វានី ហ្សេ វិឆាត កើតនៅបូឌីង ធំដឹងក្តីឡើងក៏នៅបូឌីង ហើយអះអាងថា គេនឹងបន្តរស់នៅដោយរីករាយនៅក្នុងសង្កាត់មួយនេះ។ ប៉ុន្តែ ក្តីសង្ឃឹមបានរលាយបាត់ ចាប់តាំងពីមានអ្នកតំណាងជាច្រើនរបស់ក្រុមហ៊ុនឯកជនមួយ បានមកមើលអគារ និងស្នើទិញផ្ទះប្រជាពលរដ្ឋនៅក្នុងប្លុកនេះក្នុងតម្លៃ៤០ ០០០ដុល្លារ នៅឆ្នាំ២០០៨នេះ។ នេះជាសញ្ញាប្រាប់អោយដឹងជាមុនថាអគារដ៏ខ្ពស់នេះនឹងបាត់ រូបរាង ក្នុងអំឡុងឆ្នាំ២០០៩ខាងមុខ។ ក្នុងអំឡុងពេលរង់ចាំព្រឹត្តិការណ៍នេះមកដល់ យុវជនអាយុ២០ឆ្នាំរូបនេះប្រឹងប្រែងតស៊ូជាប្រចាំ ដើម្បីលើកស្ទួយនិងស្តារមុខមាត់អគារដ៏ចាស់ទ្រុឌទ្រោម របស់ខ្លួន ដែលស្ថិតនៅចំកណ្តាលទីក្រុងភ្នំពេញឡើងវិញ ហើយបើតាមយុវជនម្នាក់នេះ សង្កាត់នេះត្រូវបានអ្នករស់នៅភ្នំពេញចោទប្រកាន់យ៉ាងអយុត្តិធម៌ ថាជាសម្បុកចោរនិងមនុស្សញៀនថ្នាំ។ «នៅបូឌីង គឺមិនល្អ» នៅពេល វិឆាតអញ្ជើញមិត្តរួមថ្នាក់មកលេងផ្ទះ មិត្តភក្តិពាក់កណ្តាលបដិសេធការអញ្ជើញនេះ នៅពេលវិឆាតប្រាប់អាសយដ្ឋានទៅពួកគេ...។ «លើសពីនេះទៀត សម្រាប់អ្នកដែលព្រមមក គឺខ្ញុំត្រូវពន្យល់ប្រាប់ពួកគេយ៉ាងវែង ដោយធានាថាគ្មានគ្រោះថ្នាក់អីទេ!»។ សូម្បីពេលវិឆាតត្រូវត្រឡប់មកផ្ទះវិញ អ្នករត់ម៉ូតូឌុបជាច្រើនបដិសេធមិនដឹកគេទេ «ទោះជាពេលថ្ងៃក៏ដោយ»។ មនុស្សមួយចំនួនសេព និងចាក់គ្រឿងញៀន នៅក្បែរអគារបូឌីង ហើយចាប់ពីពេលនោះមក មនុស្សជាច្រើនក្នុងចំណោមពួកគេក៏មិនចង់ឈានជើងមកជាន់ទីនេះទៀត។
«ខ្ញុំតែង តែឮគេនិយាយរហូតថា ៖ «អាហ៍ នៅទីនោះ! នៅបូឌីង គឺមិនល្អទេ!» សម្តីនេះធ្វើអោយខ្ញុំជិនណាយ ជិនណាយ...យ៉ាងខ្លាំង»។ វិឆាតនិយាយដដែលៗបែបនេះ ជាមួយនឹងសំឡេងស្រទន់ ដោយខ្នាញ់នឹងការប្រមាថបែបនេះ។ វិឆាតរៀបរាប់ថា មានពេលខ្លះ ក្មេងប្រុសអាយុស្របាលគេមួយចំនួននៅបូឌីងទៅឈ្លោះគ្នាយ៉ាង សាហាវ ជាមួយក្មេងប្រុសៗ«មកពីខាងក្រៅ» ដើម្បីការពារកេរ្តិ៍ឈ្មោះកន្លែងរស់នៅរបស់ពួកគេ ធ្វើអោយជាប់ឈ្មោះអាក្រក់សព្វថ្ងៃ។
ការតវ៉ាដើម្បីអគារចំណាស់នេះ វិឆាត និយាយការពារថា៖ «គឺចាប់ពីឆ្នាំ២០០២មក ខ្ញុំអាចនិយាយថា មនុស្សបានចាប់ផ្តើមសម្លក់សម្លឹងមកលើអគារបូឌីង ដោយសារមានគ្រឿងញឿនចូលមកក្នុងអគារនេះ...។ នៅបូឌីង វាមិនល្អស្រស់បំព្រង ប៉ុន្តែវាមិនងងឹតស្លុបដែរ។ ពិតណាស់ថា មានអ្នកញៀនថ្នាំ ស្រ្តីរកស៊ីផ្លូវភេទ... ប៉ុន្តែម្នាក់ៗមានជីវិតផ្ទាល់ខ្លួន ហើយមនុស្សទាំងនេះមិនបានបង្កបញ្ហាដល់យើងទេ! ខ្ញុំរីករាយដែលរស់នៅទីនេះ ខ្ញុំមិនខ្មាស់ដោយសារកន្លែងដែលខ្ញុំរស់នៅនោះទេ!»។
«ខ្ញុំ មិនចង់ចាកចេញពីទីនេះទេ ប៉ុន្តែមនុស្សជាច្រើនសុទ្ធតែសុបិនបែបនេះ...»។ វិឆាតរៀបរាប់ទាំងស្រណោះស្រណោកថា អគារបូឌីងមានសភាពកាន់តែចាស់ទ្រុឌទ្រោម ដោយសារភាពសឹករេចរិលនៃអាយុកាល និងដោយសារស្នាដៃបំផ្លាញរបស់មនុស្ស។ ដើម្បីធ្វើអោយសម្រស់និងសោភ័ណភាពអគារស្រស់ស្អាតឡើងវិញ ប្រជាជនធ្លាប់លើកឡើងពីការចូលរួមវិភាគទាន ផ្គត់ផ្គង់ការងារជួសជុលអគារ។ ប៉ុន្តែគ្រប់គ្នាមិនមែនមធ្យោបាយចូលវិភាគទានបានទាំងអស់គ្នា ទេ ហើយគំនិតនេះក៏ត្រូវបោះបង់ចោល។
វិឆាតជានិស្សិតឆ្នាំ ទី៣នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ(ស.ភ.វ.ស) នៅក្នុងដេប៉ាតឺម៉ង់ល្ខោននិយាយ។ នៅក្នុងម៉ោងរៀនផ្នែកថតរូប ដែលរៀបចំឡើងដោយសមាគមអាហ្ស៊ីហ្សា(Aziza) វិឆាតបានជ្រើសរើសប្អូនប្រុសរបស់គេដែលជានិស្សិតនៅ ស.ភ.វ.ស ផ្នែកសិល្បៈសៀក មកធ្វើជាប្រធានបទនៃការថតរូប។ តើអ្វីជាបំណងនៃការធ្វើបែបនេះ? គឺដើម្បីបង្ហាញថា បូឌីងមិនមែនមានតែក្មេងអាក្រក់ៗនោះទេ ប៉ុន្តែក្មេងជំនាន់ក្រោយរីកស្រស់បំព្រង មានសិល្បករផងដែរ...។ «សមាគមអាហ្ស៊ីហ្សាបានផ្តល់សកម្មភាព និងបង្រៀនដល់យុវជននៅបូឌីង។ វិឆាតមិនដឹងជារកពាក្យអ្វីដើម្បីបង្ហាញការថ្លែងអំណរគុណចំពោះសមាគម នេះទេ»។
ភាពជាអ្នកជិតខាងដ៏ល្អ ដោយពាក់ អាវក្រៅ លម្អដោយរូបក្បាលខ្មោច ជាមួយខោខ្លីដ៏ធំ និងពាក់ខ្សែកប្រាក់បន្តោងរូបឈើឆ្កាង វិឆាតពន្យល់ថា សាមគ្គីភាពគឺមានន័យជ្រាលជ្រៅណាស់នៅបូឌីង។ របៀបតែងខ្លួនរបស់វិឆាតបែបនេះគឺមិនមែនដោយសារបញ្ហាជំនឿសាសនា អីទេ គឺគ្រាន់តែជាចំណូលចិត្តផ្នែកសិល្បៈប៉ុណ្ណោះ។
«ប្រសិនបើ អ្នកជិតខាងឈឺ គឺតែងតែមាននរណាម្នាក់ជូនគាត់ទៅមន្ទីរពេទ្យ។ យើងនៅអង្គុយក្បែរគ្រែរបស់គាត់។ ចាស់ៗយកពេលវេលាផ្តល់ដំបូន្មានដល់ក្មេងៗ ហើយនៅពេលបុណ្យទាន យើងចែករម្លែកម្ហូបអោយគ្នា វាជាពិធីសាសនា!»។
សិល្បករក្មេង ខ្ចីរូបនេះបានបង្កើតមិត្តភក្តិជាច្រើននៅបូឌីង ដែលគេចាត់ទុកដូចជាការបង្កើនបងប្អូន។ វិឆាតបានរម្លឹកអនុស្សាវរីយ៍ចាស់យ៉ាងមានសុភមង្គល ដូចជាការលេងបិទពួន ........ ឬក៏ការប្រកួតទាត់បាល់យ៉ាងពុះកញ្រ្ជោលនៅលានជាប់នឹងអគារបូឌីង មុនពេលការដ្ឋានក្រសួងទំនាក់ទំនងរដ្ឋសភាមកលុបបំបាត់ទីលានល្បែង កម្សាន្តរបស់ពួកគេ។ យុវជនជាច្រើននៅបូឌីងនៅតែមិនអាចទទួលយកបាន ចំពោះ«ការគៃបំបាត់»ទីធ្លានេះ!
ជាងនេះទៀត វិឆាតបានការពារទីធ្លាអគារ ដែល«កខ្វក់»មែន ប៉ុន្តែវាជាកន្លែងដ៏ល្អសម្រាប់ភ្លក់រសជាតិនៃភាពសុខស្ងប់ឬក៏ ការជួបជុំមិត្តភក្តិ និងធ្វើបុណ្យទានជាដើម។ «កាលពីបុណ្យចូលឆ្នាំខ្មែរ យើងបានរៀបចំបរិវេណនៅខាងលើដំបូល ហើយយើងបានរាំលេងពេញមួយយប់!»។
សិល្បករពោរពេញដោយការប្តេជ្ញា នៅ ពីក្រោយសភាពដ៏សែនស្ងប់ស្ងាត់ វិឆាតលាក់បង្កប់នូវកម្លាំងចិត្តពិសេសមួយ។ សិល្បៈទាក់ទាញចិត្តគេ«តាំងពីតូច» ដោយខ្លួនវិឆាតផ្ទាល់មិនដឹងថាហេតុអ្វីក៏គេមានចំណូលចិត្តបែប នេះទេ។ ប៉ុន្តែ អាជីពជាអ្នកសិល្បៈមិនមែនជាការពេញចិត្តរបស់ឳពុកគេទេ។ គាត់ចង់អោយវិឆាតតម្រង់ទិសទៅរកការសិក្សាមួយប្រកបដោយចំណេះដឹង ខ្ពស់ជាងនេះ និងមានរបៀបរបបខ្ជាប់ខ្ជួនជាងនេះ។ នៅពេលវិឆាតអាយុ១៨ឆ្នាំ ឳពុកគេក៏ទទួលមរណភាព។ ដូច្នេះ គេមានផ្លូវដើរតាមចំណង់ចំណូលចិត្តរបស់គេដោយសេរី។
នៅពេល សកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ដែលមានសាស្រ្តាចារ្យមួយចំនួនរស់នៅនឹងអគារបូឌីងដែរនោះ ត្រូវបានប្តូរទីតាំង ទៅនៅភាគពាយ័ព្យក្រុងភ្នំពេញកាលពី២ឆ្នាំមុន ពោលគឺទៅនៅផ្នែកម្ខាងទៀតនៃទីក្រុង ឆ្ងាយពីសិស្សជាច្រើន វិឆាតមិនបានបោះបង់ការព្យាយាមឡើយ ។ វិឆាតវាយតម្លៃថា សិស្សពាក់កណ្តាលមិនបានទៅតាមការផ្លាស់ប្តូរសាលានេះទេ។ និស្សិតរូបនេះរៀបរាប់ថា ដើម្បីរម្ងាប់ការខឹងសម្បារបស់សិស្ស ព្រះមហាក្សត្រព្រះករុណា សីហមុនី បានផ្គត់ផ្គង់ឡានក្រុងដឹកសិស្សពីទីក្រុងទៅមហាវិទ្យាល័យ។
វិឆាត នៅសល់រយៈពេល៣ឆ្នាំទៀតទើបរៀនចប់ ហើយបើតាមគំនិតរបស់គេ ជើងមេឃគឺបើកចំហ។ «ខ្ញុំមិនបារម្ភទេ សព្វថ្ងៃវាស្រួលជាងពីមុនក្នុងការរកការងារនៅវិស័យវប្បធម៌!»។ ប្រសិនបើគេព្រួយបារម្ភ គឺពាក់ព័ន្ធនឹងការស្លាប់របស់អគារបូឌីង។ «ប្រសិនបើយើងត្រូវចាកចេញ យើងមិនដឹងថានឹងទៅណាទេ...»។ វិឆាតព្រួយបារម្ភពីសហគមន៍ដ៏កក់ក្តៅដែលខ្លួននឹងចាកចេញទៅ ដោយក្តីសោកស្តាយ។
|