
ក្រែក (កម្ពុជា) ថ្ងៃទី២ កុម្ភៈ ២០០២៖កុមារក្នុងភូមិកំពុងមើលសត្វស្វា ដែលត្រូវគេជួញដូរ ដែលត្រូវបានជួយសង្គ្រោះដោយអង្គការWildlife Protection Mobile Unit
© ចន វីង / Magnum
កាល ពីប៉ុន្មានសប្តាហ៍មុន កសិករជាច្រើនបានផ្តល់ដំណឹងមកអង្គការការពារសត្វព្រៃមួយថា មានខ្លាមួយបានចាប់ស៊ីក្របី។ ដំណឹងនេះបានធ្វើអោយអ្នកជំនាញមានសេចក្តីសង្ឃឹមថានឹងបានរកឃើញ ដានសត្វខ្លា។ សត្វនេះមានលក្ខណៈអាថ៌កំបាំងរហូតទាល់តែធ្វើអោយគេឆ្ងល់ថាតើវា នៅមានរស់នៅក្នុងព្រៃរបស់កម្ពុជាឬអត់។ ការអង្កេតមួយក៏បានបង្ហាញយ៉ាងឆាប់រហ័សថា តាមពិតនោះមិនមែនជាសត្វខ្លាទេ។ បើអីចឹង តើនៅមានសត្វខ្លាឥណ្ឌូចិននៅកម្ពុជាដែរទេ? ខាងអង្គការការពារជីវិតសត្វព្រៃជាច្រើនឆ្លើយថា«មាន»។ រីឯអ្នកបរបាញ់ក៏ឆ្លើយថា«មាន»ដែរ។ យ៉ាងហោច ពួកគេនិយាយដូចគ្នាលើចំណុចនេះ។ កាម៉េរ៉ារបស់អង្គការ WWF (World Wild Fund for Nature មូលនិធិពិភពលោកដើម្បីធម្មជាតិ) ដែលបានថតរូបសត្វខ្លានៅកម្ពុជានៅឆ្នាំ២០០៧ អះអាងពីវត្តមានរបស់ថនិកសត្វអាស៊ី (មែនហើយ! គេអត់ឃើញមានខ្លានៅអាហ្វ្រិកទេ)។ ប៉ុន្តែ តើវានៅមានប៉ុន្មានក្បាល? នេះជាអាថ៌កំបាំង។
សហភាពអន្តជាតិដើម្បីការពារធម្មជាតិ (UICN) បានដាក់សត្វអាថ៌កំបាំងនេះនៅក្នុងប្រភេទសត្វកំពុងស្ថិតក្នុង គ្រោះថ្នាក់ បានន័យថាវាប្រឈមមុខនឹងគ្រោះថ្នាក់ខ្ពស់នៃការដាច់ពូជក្នុង ស្ថានភាពជាសត្វព្រៃ។ ប្រហែលមានប្រភេទរងដែលគេសន្មត់ថាមាននៅក្នុងព្រៃនៃប្រទេស កម្ពុជា ភូមា ឡាវ ថៃ វៀតណាម និងចិន មានប្រមាណ១០០ក្បាល ប៉ុន្តែនៅកម្ពុជាផ្ទាល់ អ្នកបរបាញ់អោយតួលេខថាមានក្រោម២០ក្បាល... វ៉េរ៉ូនិក អូឌីប៊ែរ-ពេស្ទែល (Véronique Audibert-Pestel) ដែលបានផលិតភាពយន្តឯកសារមួយកាលពីឆ្នាំ២០០៤ ស្តីពីការជួញដូរសត្វខ្លានៅកម្ពុជា និងបច្ចុប្បន្នជាប្រធានអង្គការ Poh Kao បានលើកឡើងពីការកត់សម្គាល់មិនល្អមួយ : «សត្វខ្លានៅមានសព្វថ្ងៃ ប៉ុន្តែមានតិចណាស់នៅក្នុងព្រៃ។ ការចាប់បង្ខាំងសត្វខ្លានៅផ្ទះអ្នកមានមួយចំនួននៅសហរដ្ឋអាមេរិក គឺមានច្រើនជាងសត្វខ្លានៅក្នុងសួនសត្វទៅទៀត! ក្នុងចំណោមសត្វខ្លា៩ប្រភេទតូចៗ មានសត្វខ្លាបីប្រភេទបានដាច់ពូជទៅហើយ»។
បណ្តសារនៃការផ្សំថ្នាំបុរាណ
វត្តមាន របស់សត្វខ្លាឬសត្វសាហាវផ្សេងទៀតក្នុងតំបន់មួយ គឺជាសញ្ញាប្រាប់ថា ប្រព័ន្ធអេកូឡូស៊ីនៅតំបន់នោះមានការអភិរក្ស។ ប៉ុន្តែនៅកម្ពុជា ក៏ដូចនៅប្រទេសជិតខាងដែរ ប្រព័ន្ធអេកូឡូស៊ីរបស់ព្រៃឈើមានការបំផ្លិចបំផ្លាញ។ មនុស្សកាប់ព្រៃឈើ ដើម្បីយកឈើលក់ និងយកដីដាំដំណាំ ដែលបំផ្លាញដល់ជម្រកសត្វព្រៃ និងរុក្ខជាតិព្រៃដ៏មានតម្លៃ។ ការប្រមាញ់ និងការបរបាញ់សត្វខុសច្បាប់គឺជាសុបិនអាក្រក់មួយរបស់សត្វព្រៃ ដែលគេយកទៅផ្គត់ផ្គង់ជំនួញមួយបានប្រាក់ចំណេញបំផុត។ យោងតាមលោកដាវីដ អែមម៉ែត (David Emmett) នាយកកម្មវិធីប្រចាំតំបន់ឥណ្ឌូ-ភូមារបស់អង្គការអភិរក្សអន្តរជាតិ ] ជំនួញខុសច្បាប់នេះផ្តល់ចំណូលច្រើនគួរសមនៅអាស៊ីអាគ្នេយ៍ ដែលអាចដាក់នៅបន្ទាប់ពីការជួញដូរគ្រឿងញៀន។
សត្វ ដែលចាប់បាន កម្រត្រូវបរិភោគដោយជនជាតិខ្មែរណាស់ ព្រោះតម្លៃរបស់វាខ្ពស់ពេក។ សត្វទាំងនេះត្រូវគេយកទៅលក់នៅបរទេស ដើម្បីយកស្បែក និងសម្រាប់ផ្គត់ផ្គង់ការផ្សំថ្នាំបុរាណ។ ឧទាហរណ៍សត្វពង្រូលត្រូវគេចាប់ដើម្បីយកសាច់ឬស្រការ ដាក់ផ្សំនៅក្នុងឱសថព្យាបាលចិន។ សាច់ពង្រួលក្លាសេទម្ងន់៥តោន (ស្មើនឹង១ ៤០០ក្បាល) ត្រូវគេចាប់បាននៅប្រទេសវៀតណាមកាលពីថ្ងៃទី២២ ខែធ្នូ ទោះបីជាថនិកសត្វប្រភេទនេះត្រូវបានដាក់បញ្ចូលនៅឆ្នាំនេះ ក្នុងប្រភេទ«សត្វស្ថិតក្នុងគ្រោះថ្នាក់» នៅក្នុងបញ្ជីក្រហមរបស់ UICN ក៏ដោយ។
បន្ទាប់ពីសត្វពង្រួល គឺមានទោចដែលស្ថានភាពរបស់សត្វនេះហាក់កាន់តែអាក្រក់ទៅ ហើយនិងសត្វខ្លាឃ្មុំ ដែលជាសត្វគេដេញចាប់បំផុត។ ទឹកប្រមាត់របស់វាល្បីថាអាចព្យាបាលជំងឺបានច្រើនមុខ ប៉ុន្តែត្រូវថ្មីៗ ដូច្នេះគេត្រូវយកចេញពីខ្លាឃ្មុំរស់។ លោកនីក ម៉ាក (Nick Marx) ទីប្រឹក្សារបស់សម្ព័ន្ធអង្គការការពារជីវិតសត្វព្រៃ ដល់អ្នកការពារសត្វព្រៃជនជាតិខ្មែរ និងមជ្ឈមណ្ឌលសង្គ្រោះ និងព្យាបាលសត្វព្រៃនៅភ្នំតាម៉ៅ ដែលគ្រប់គ្រងដោយរដ្ឋាភិបាលកម្ពុជា និងជួយជាបច្ចេកទេសនិងហិរញ្ញវត្ថុដោយសម្ព័ន្ធអង្គការការពារ ជីវិតសត្វព្រៃ នឹកឃើញឡើងវិញពីការសង្រ្គោះខ្លាឃ្មុំពណ៌ខ្មៅតូចមួយកាលពី ប៉ុន្មានឆ្នាំមុន។ «យើងបានដើររុកក្នុងតំបន់ដែលខ្លាឃ្មុំនោះនៅ។ ទីនោះ យើងរកឃើញអន្ទាក់ជាង២០០! អន្ទាក់ទាំងនោះគឺសាហាវបំផុត និងមិនមែនសម្រាប់ចាប់តែសត្វធំទេ គឺចាប់ទាំងអស់។ ខ្ញុំចាំថា នៅជិតខ្លាឃ្មុំនោះ មានសាកសពកូនក្តាន់ងាប់មួយទៀតផង។ ៥ថ្ងៃក្រោយមក ផ្នែកជើងដែលត្រូវរបួសរបស់ខ្លាឃ្មុំនេះកើតដំបៅក្លាយយ៉ាងខ្លាំង រហូតទាល់តែត្រូវកាត់ចោល»។
ការមិនអាចវិលត្រឡប់មកកាន់ជីវិតក្នុងព្រៃ
ឈូក ជាកូនដំរីដែលត្រូវគេរកឃើញកាលពីខែកុម្ភៈ ឆ្នាំ២០០៧ នៅតំបន់ភ្នំក្នុងខេត្តមណ្ឌលគិរីដោយជើងម្ខាងជាប់អន្ទាក់។ ឈូកត្រូវបានគេយកមកដាក់នៅភ្នំតាម៉ៅ ស្ថិតនៅចម្ងាយ៤០គីឡូម៉ែត្រពីទីក្រុងភ្នំពេញ។ ឈូកត្រូវគេកាត់ជើងមួយផ្នែក វាគ្មានឱកាសនឹងវិលទៅរស់នៅក្នុងព្រៃកំណើតបានឡើយ។ ក្រុមការងារដែលមើលថែកូនដំរីនេះកំពុងស្វែងរកថវិកាដើម្បីធ្វើ ជើងសិប្បនិម្មិត្តមួយសម្រាប់អោយវាអាចរស់នៅក្នុងសួនសត្វដូចដំរី ៥ក្បាលផ្សេងទៀតដែលទទួលបានជើងសិប្បនិម្មិតរួចមកហើយ។
ក្នុង ចំណោមសត្វដែលគេតាមប្រមាញ់បំផុត ក៏មានអណ្តើក និងល្មូនផងដែរ។ ការចាប់រឹបអូសបានជាទ្រង់ទ្រាយធំចុងក្រោយគឺនៅខែវិច្ឆិកា ក្នុងនោះមានអណ្តើក ពស់វែក និងពស់ថ្លាន់សរុបទម្ងន់៤៨៥គីឡូ ត្រូវគេរឹបអូសទាំងនៅរស់ នៅក្នុងខេត្តកណ្តាល តាមផ្លូវទៅវៀតណាម។ កាលពី៦ខែមុននេះ ការរឹបអូសសត្វព្រៃបរិមាណសឹងតែដូចគ្នានេះត្រូវបានធ្វើឡើងនៅ ក្នុងខេត្តបាត់ដំបង។ ប៉ុន្តែអ្នកសង្គ្រោះទាំង១៣នាក់នៅក្នុងក្រុមការងារអន្តរាគមន៍រហ័ស របស់រដ្ឋាភិបាលដើម្បីសង្គ្រោះជីវិតសត្វព្រៃ ("Wildlife Rapid Rescue Team") ដឹងច្បាស់ថា ពួកគេចាប់បានការជួញដូរតូចតាចប៉ុណ្ណោះ រីឯការជួញដូរទ្រង់ទ្រាយធំៗរួចផុតពីដៃពួកគេរហូត បើទោះជាមានព័ត៌មានបានមកដល់ពួកគេ បើទោះជាមានការដាក់ប្រព័ន្ធទូរស័ព្ទ hotline(០១២ ៥០០ ០៩៤)ក៏ដោយ។ ចាប់តាំងពីការបង្កើតអង្គភាពនេះនៅឆ្នាំ២០០១មក ពួកគេអាចរឹបអូសសត្វព្រៃទាំងរស់បានពី៣៥ ០០០ទៅ៤០ ០០០ក្បាល ហើយព្រលែងទៅក្នុងជម្រកធម្មជាតិវិញប្រសិនបើអាច។
ភាពភ្ញាក់ផ្អើលរបស់ធម្មជាតិ
ជា ភ័ព្វសំណាង កាសែតប្រចាំថ្ងៃមិនមែនមានតែរឿងការបរបាញ់ឬការស្លាប់។ ព្រៃកម្ពុជាគឺជាព្រៃធំទី២ និងគ្មានគេចូលដល់នៅអាស៊ីអាគ្នេយ៍។ វានៅមានប្រភេទសត្វព្រៃជាច្រើន។ លោកថូម អេវិន (Tom Evans) ទីប្រឹក្សាបច្ចេកទេសរបស់អង្គការអភិរក្សសត្វព្រៃWildlife ពន្យល់ថា៖ «អ្នកវិទ្យាសាស្រ្តបានត្រឡប់មកលើទឹកដីកម្ពុជាវិញនៅពេលក្រោយ សង្រ្គាម នាដើមឆ្នាំ២០០០។ អស់រយៈពេល៤០ឆ្នាំ គ្មានអ្នកណាម្នាក់បានដាក់ជើងចូលក្នុងព្រៃខ្មែរទេ ហើយប្រភេទសត្វមួយចំនួនមិនធ្លាប់ត្រូវបានគេប្រទះឃើញឡើយ»។
ចាប់ ពីពេលនេះតទៅ អ្នកស្រាវជ្រាវនឹងធ្វើការសិក្សា អំពីសត្វ និងរុក្ខជាតិ ដែលមិនមានទិន្នន័យច្បាស់លាស់។ នៅពាក់កណ្តាលខែធ្នូ របាយការណ៍របស់ WWF បានបង្ហាញពូជសត្វ-រុក្ខជាតិថ្មីចំនួន១០៦៨ប្រភេទ ដែលត្រូវបានកំណត់អត្តសញ្ញាណដោយអ្នកជំនាញវិទ្យាសាស្រ្តខាងផ្នែក ពូជសត្វ រយៈពេល១០ឆ្នាំ នៅក្នុងប្រទេសទាំងប្រាំមួយដែលទន្លេមេគង្គហូរកាត់៖ រុក្ខជាតិ៥១៩ប្រភេទ ត្រី២៧៩ប្រភេទ កង្កែប៨៨ ពីងពាង៨៨ប្រភេទ បង្កួយ៤៦ប្រភេទ ពស់២២ប្រភេទ ថនិកសត្វ១៥ប្រភេទ សត្វស្លាប៤ប្រភេទ អណ្ដើក៤ប្រភេទ ត្រកួត២ប្រភេទ និងគីង្គក់មួយប្រភេទ។
សម្រាប់ លោកពៅ សូម៉ាណាក់ អ្នកទទួលខុសត្រូវក្រុមការងារស្រាវជ្រាវនៃអង្គការអភិរក្សអន្តរ ជាតិ( Conservation International) អនុស្សាវរីយ៍ដ៏សំខាន់បំផុតនៃជីវិតជាអ្នកស្រាវជ្រាវ គឺការរកឃើញពូជភេស៊ូម៉ាត្រាឡើងវិញ ដែលគេជឿជាក់បានផុតពូជទៅហើយ។ របកគំហើញនេះគឺជាផ្លែផ្កានៃការស៊ើបអង្កេតយ៉ាងម៉ឺងម៉ាត់មួយ ជុំវិញអ្នកនេសាទនិងអ្នកភូមិ។ ជាចុងក្រោយ ភេនោះត្រូវបានកំណត់អត្តសញ្ញាណ និងរកឃើញកន្លែងរស់នៅរបស់វានៅទន្លេសាប ហើយនិងនៅតាមឆ្នេរសមុទ្រកម្ពុជាផងដែរ។ លោកបានសំដែងសេចក្តីសោមនស្សរីករាយថា «នេះគឺជាសំណាងមិនគួរអោយជឿមួយ!!»។
បូជនីយដ្ឋានចុងក្រោយ
របាយការណ៍ មួយរបស់ WWF ចេញផ្សាយថ្ងៃអង្គារ ទី៣០ ខែធ្នូ បានបង្ហាញថាបូជនីយដ្ឋានភ្នំព្រិច ក៏ជាជម្រកដ៏សំខាន់មួយនៃពពួកទោចពូជលឿង។ តំបន់នេះគឺជាជម្រករស់នៅមួយ ក្នុងចំណោមជម្រកចុងក្រោយបំផុត សម្រាប់ពូជសត្វប្រមាណជាង១ពាន់ក្បាល។ ម្យ៉ាងទៀត របាយការណ៍របស់ WCS បានអះអាងកាលពីរដូវក្តៅមុនថា ពូជសត្វស្វាទាំងនេះក៏ត្រូវបានទទួលរងការគំរាមកំហែងផងដែរ។ ពួកវារស់នៅឧទ្យានសីមា ខេត្តមណ្ឌលគិរី។
គេមិនបានភ្លេចថា សត្វមិនស្គាល់ព្រំដែននោះទេ។ តំបន់អភិរក្សនៃប្រទេសកម្ពុជាតែម្យ៉ាងមិនគ្រប់គ្រាន់ ក្នុងការការពារពូជសត្វទាំងនោះឡើយ។
កុមារត្រូវបានលើកកម្ពស់អោយជួយការពារសត្វព្រៃ
អង្គការសង្គ្រោះសត្វព្រៃកម្ពុជា (Save Cambodia's Wildlife) បានចេញផ្សាយសៀវភៅសម្រាប់កុមារនៅកម្ពុជា ស្តីពីសត្វព្រៃ ដែលត្រូវសំរិតសំរាំង និងមានលក្ខណៈអប់រំយ៉ាងល្អបំផុត។ ដោយសរសេរជាពីរភាសា (អង់គ្លេស និងខ្មែរ) រំលេចទៅដោយរូបភាពចម្រុះពណ៌ សៀវភៅទាំងនេះបានបម្រុងទុកប៉ុន្មានទំព័រចុងក្រោយ ដើម្បីលើកកម្ពស់ចំណេះដឹងអំពីពូជសត្វផ្សេងៗ។ សៀវភៅ«តើអ្នកចង់ស្តាប់ចម្រៀងខ្ញុំទេ»("Will you hear my song") និយាយទាក់ទងនឹងប្រវត្តិរបស់កូនទោចមួយក្បាល ដែលត្រូវបានចាប់ដោយអ្នកប្រមាញ់សត្វព្រៃ។ ទំព័រចុងក្រោយផ្តល់នូវព័ត៌មានធម្មតា និងមានតម្លៃ ស្តីពីទោច៨ក្បាល ដែលរស់នៅព្រៃកម្ពុជា។
អាជ្ញាធរកម្ពុជាទទួលស្កាល់ថាពូជសត្វស្ថិតនៅក្នុងគ្រោះថ្នាក់
ក្រៅ អំពីសហភាពអន្តជាតិដើម្បីការពារធម្មជាតិ (UICN) ដែលចុះបញ្ជីពូជសត្វព្រៃកំពុងជួបគ្រោះថ្នាក់គ្រប់ប្រភេទនៅលើពិភព លោក ហើយក្រៅអំពីបញ្ជីឈ្មោះរបស់អង្គការ Cites (អនុសញ្ញាស្តីពីអាជីវកម្មអន្តរជាតិលើពូជរុក្ខជាតិនិងសត្វព្រៃ ដែលទទួលរងនូវការគំរាមកំហែងផុតពូជ) ដែលយកចិត្តទុកដាក់ទៅលើពូជរុក្ខជាតិ-សត្វ ដែលត្រូវបានគេជួញដូរ រដ្ឋាភិបាលបានបង្កើតបញ្ជីឈ្មោះសត្វផ្ទាល់ខ្លួនមួយ ដែលកំពុងទទួលរងនូវការគំរាមកំហែង ជាភាសាខ្មែរ។ បញ្ជីផ្លូវការ ដែលផ្តល់សុពលភាពដោយអាជ្ញាធរកម្ពុជា នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០០៧ បានបង្ហាញថនិកសត្វ៣៧ប្រភេទ សត្វស្លាប៥១ប្រភេទ និងល្មូន៤ប្រភេទ។
វិបសាយសំខាន់ៗ៖
-វិបសាយរបស់ World Wildlife Fund for Nature
-វិបសាយរបស់គណៈកម្មាធិការបារាំង l'UICN
-វិបសាយWildlife Alliance
-វិបសាយTraffic បណ្តាញតាមដានការជួញដូរជីវិតសត្វព្រៃ (អង់គ្លេស)
នៅលើវិបសាយកាសែត

- ទាំងអ្នកវិទ្យាសាស្ត្រទាំងអ្នកភូមិនាំគ្នាការពារធនធាន បាតសមុទ្រនៅកម្ពុជា (២៨-០៨-២០០៨)
-ការព្រួយបារម្ភចំពោះការបាត់បង់ពូជសត្វពស់ នៅកម្ពុជា (២៩-០៩-២០០៨)
-វេជ្ជសាស្ត្របុរាណធ្វើអោយសត្វនិងរុក្ខជាតិទទួលរង នូវការគំរាមកំហែង (១៨-០៧-២០០៨)