|
អធិប្បាយចុងក្រោយ
|
| មរណភាពរបស់លោកកេង វ៉ាន់សាក់ៈ បញ្ញវន្តខ្មែរដ៏ល្បីឈ្មោះនៅជំនាន់មុន |
| ដោយ ស្ទេហ្វានី ហ្សេ | | | ៣១-១២-២០០៨ | 
ប៉ារីស (ប្រទេសបារាំង) លោកកេង វ៉ាន់សាក់ © ឃីង ហុកឌី លោក សាស្រ្តាចារ្យបណ្ឌិត កេង វ៉ាន់សាក់ បានលាចាកលោកយើងនេះ នៅថ្ងៃព្រហស្បតិ៍ ទី១៨ ខែធ្នូ ក្នុងជន្មាយុ៨៣ឆ្នាំ នៅមន្ទីរពេទ្យម៉ុងម៉ូរ៉ង់ស៊ី(Montmorency) នាទីក្រុងប៉ារីស ប្រទេសបារាំង បន្ទាប់ពីកើតមានជំងឺម្យ៉ាង។ លោកសាស្រ្តាចារ្យបាននិពន្ធរឿងល្ខោនចំនួន២ កម្រងកំណាព្យ និងសិក្សាកថាជាច្រើន ទុកសម្រាប់បញ្ញាវន្តខ្មែរជំនាន់ក្រោយ។ លោកក៏ជាអ្នកសេ្នហាអរិយធម៌ខ្មែរមួយរូបផងដែរ។ នៅក្នុងការចងចាំ លោកក៏ជាអ្នកប្រឆាំងរបបរាជានិយមដ៏ស្លាប់រស់ និងជាអ្នកប្រៀនប្រដៅយុវជនសាឡុត សរ ដែលក្រោយមក មានឈ្មោះថាប៉ុល ពត ដែលជាមនុស្សបាតដៃប្រឡាប់ឈាម។ លោកកេង វ៉ាន់សាក់ កើតនៅឆ្នាំ១៩២៥ នៅភូមិមួយ នាខេត្តកំពង់ឆ្នាំង។ បន្ទាប់ពីប្រឡងជាប់មធ្យមសិក្សាទុតិយភូមិផ្នែកទស្សនវិជ្ជា នៅឆ្នាំ១៩៤៦ នាទីក្រុងភ្នំពេញ លោកបានទទួលអាហារូបករណ៍ទៅសិក្សានៅទីក្រុងប៉ារីស(ប្រទេសបារាំង)។ ទន្ទឹមនឹងការសិក្សានេះ លោកក៏បានធ្វើការជាសាស្រ្តាចារ្យជំនួយភាសាខ្មែរនៅ សាលាជាតិជីវភាសាបូព៌ាប្រទេស (Ecole nationale des langues orientales vivantes) នៅទីក្រុងប៉ារីស នៅឆ្នាំសិក្សា១៩៤៧-១៩៤៨ និងឆ្នាំសិក្សា១៩៥១-១៩៥២។ នៅចន្លោះពេលនោះ លោកបង្រៀនភាសាខ្មែរនៅសាលាសិក្សាផ្នែកបូព៌ានិងអាហ្វ្រិកនៃ សាកលវិទ្យាល័យក្រុងឡុងដ៍។
លោកឃីង ហុកឌី អតីតសិស្ស និងមិត្តភក្តិរបស់លោកកេង វ៉ាន់សាក់ បច្ចុប្បន្នគឺជាអ្នកស្រាវជ្រាវនៃមជ្ឈមណ្ឌលជាតិស្រាវជ្រាវ វិទ្យាសាស្រ្តបារាំង បានរាយការណ៍អោយដឹងនៅក្នុងអត្ថបទចេញផ្សាយមួយថា លោកកេង វ៉ាន់សាក់បានរៀបអាពាហ៍ពិពាហ៍ជាមួយជនជាតិបារាំង ឈ្មោះ ស៊ុយស្ហាន កុលលើវិល (Suzanne Colleville) ៖ អ្នកស្រីទទួលសញ្ញាបត្រភាសាខ្មែរ ឡាវ និងសៀម ហើយនិងបានទទួលបរិញ្ញាបត្រផ្នែកវិទ្យាសាស្រ្តរូបវិទ្យា នៅមហាវិទ្យាល័យវិទ្យាសាស្រ្ត កាអង់។ នៅឆ្នាំ១៩៥២ លោកបានត្រឡប់មកកាន់ប្រទេសកម្ពុជាវិញ ដោយអមដំណើរដោយភរិយារបស់គាត់។ ដោយសារលោកបានប្រឡងជាប់បរិញ្ញាបត្រអក្សរសាស្រ្តផ្នែកទស្សនៈវិជ្ជា នៅមហាវិទ្យាល័យអក្សរសាស្រ្តនិងមនុស្សសាស្រ្តក្រុងប៉ារីសនៅឆ្នាំ ១៩៥១ ពេលត្រឡប់មកវិញ លោកបានទទួលមុខនាទីជាសាស្រ្តាចារ្យនៅវិទ្យាល័យព្រះស៊ីសុវត្ថិ នាទីក្រុងភ្នំពេញ ចាប់ពីឆ្នាំ១៩៥២ ដល់ឆ្នាំ១៩៥៨។
មេដឹកនាំម្នាក់ ក្នុងចំណោមមេដឹកនាំសិស្សអាហារូបករណ៍កម្ពុជា នៅទីក្រុងប៉ារីស លោក គឺជាឥស្សរជនសំខាន់មួយរូប ក្នុងចំណោមឥស្សរជនសំខាន់ៗនៃសហគមន៍និស្សិតកម្ពុជា នៅទីក្រុងប៉ារីស។ លោកហ្វីលីព ស៊ត បានរម្លឹកនៅក្នុងសៀវភៅរបស់លោក ដែលមានចំណងជើង «ប៉ុល ពត ការវិភាគសុបិនអាក្រក់» ថា នៅអំឡុងឆ្នាំ១៩៥០ កិច្ចប្រជុំបិទជិតនៃក្រុមនិស្សិតត្រូវបានរៀបចំធ្វើឡើងជាច្រើ នលើកក្នុងមួយខែ នៅក្នុងអគារនៃខ័ណ្ឌទី១៥ របស់លោកកេង វ៉ាន់សាក់ «ដើម្បីពិភាក្សាអំពីបញ្ហានយោបាយ ហើយនិងអនាគតប្រទេសកម្ពុជា ដែលទទួលងរងផលប៉ះពាល់ជាលើកដំបូងពីសង្គ្រាមនៅវៀតណាម»។ អ្នកប្រវត្តិសាស្រ្តរូបនេះបានពន្យល់ថា ជំនួបពិភាក្សានេះ «ឆ្លុះបង្ហាញអំពីការចាប់ផ្តើមរៀននយោបាយ» របស់សាឡុត សរ។
លោក ហ្វីលីព បានគូសបញ្ជាក់ថា នៅសម័យកាលនោះ លទ្ធិកុម្មុយនីស្តស្ថិតនៅឆ្ងាយពីការព្រួយបារម្ភរបស់ពួកគេ។ លោកបានលើកឡើងប្រវត្តិរីករាយដ៏ខ្លីមួយ ដើម្បីគាំទ្រសំដីរបស់លោកថា «លោកកេង វ៉ានសាក់ផ្ទាល់ គឺជាអ្នកប្រាកដនិយមនយោបាយជាងមិត្តភក្តិរបស់គាត់ភាគច្រើន។ លោកធ្លាប់បានប៉ះទង្គិចដោយអចេតនា ជាមួយយុវតីបារាំងមួយរូបនៃគ្រួសារគហបតី កាលពីមួយឆ្នាំកន្លងទៅ នៅពេលលោកអញ្ជើញកញ្ញានោះ មកចូលរួមពិធីបុណ្យមនុស្សធម៌ជាមួយលោក នៅពេលរសៀល ដែលរៀបចំឡើងដោយគណបក្សកុម្មុយនីស្តបារាំង។ «លោកបានតវ៉ាថា ខ្ញុំមិនបានគិតថាពិធីនោះគឺជាពិធីបុណ្យកុម្មុយនីស្តនោះទេ។ ខ្ញុំគិតថាវាគឺជាពិធីបុណ្យមនុស្សធម៌...»។ អ្នកប្រវត្តិសាស្រ្តរូបនេះបានសង្ខេបថា មណ្ឌលសិក្សារបស់លោកវ៉ាន់ សាក់ «គឺជាពិធិការនយោបាយ» ហើយចាប់តាំងពីពេលនោះមកសមាជិករបស់លោកបានចាត់ទុកខ្លួនឯងគឺជា «អ្នកវឌ្ឍននិយម»។
ប៉ុន្តែ ក្រោយមក លោកកេង វ៉ាន់សាក់ មានលក្ខណៈខុសប្លែកពីមិត្តភក្តិរបស់គាត់មួយចំនួន។ ខណៈពេលសមាគមនិស្សិតខ្មែរ ដែលមានលោកឡើងធ្វើជាប្រធានបន្ត ត្រូវបានអញ្ជើញចូលរួម «ពិធីបុណ្យយុវជនពិភពលោកដើម្បីសន្តិភាព» នៅទីក្រុងប៊ែរឡាំង លោកបានសម្រេចចិត្ត ដកខ្លួនចេញពីដំណើរកំសាន្តនេះ នៅនាទីចុងក្រោយ។ លោកហ្វីលីព ស៊ត បានមានប្រសាសន៍ថា «កន្លះសតវត្សរ៍ក្រោយមក លោកវ៉ាន់សាក់ នៅតែគិតដល់រឿងនេះ។ លោកបានពន្យល់ថា អ្នកដទៃផ្សេងទៀតត្រូវការផ្តាច់ខ្លួនចេញពីខ្ញុំ។ លោកបានរៀបរាប់ថា ពួកគេយល់ឃើញថាខ្ញុំមិនមែនជាមនុស្សបរិសុទ្ធនិងរឹងមាំដូចពួកគេ។ ខ្ញុំគិតពិចារណាច្រើនពេក... ខ្ញុំមិនតបតអ្វីទាំងអស់ […] លោកអៀង សារី (អតីតមិត្តរួមថ្នាក់នៅវិទ្យាល័យ) បាននិយាយប្រាប់ខ្ញុំថា៖ បងឆាប់ទទួលអារម្មណ៍ពេក។ បងនឹងមិនអាចក្លាយជាអ្នកនយោបាយបានឡើយ។ ដើម្បីធ្វើនយោបាយ គេត្រូវតែរឹងមាំ..បងនឹងមិនអាចធ្វើវាបានឡើយ។ បងបញ្ចេញមនោសញ្ចេតនាពេក»។
ការស្រឡាញ់វប្បធម៌ខ្មែរ លោកគឺជា សាស្រ្តាចារ្យវិទ្យាស្ថានជាតិគរុកោសល្យនៅឆ្នាំ១៩៥៨ សមាជិកគណៈកម្មការពិនិត្យសៀវភៅអក្សរសាស្រ្តខ្មែរនៅមធ្យមសិក្សា បន្ទាប់មកជាសាស្រ្តាចារ្យអក្សរសាស្រ្ត វប្បធម៌ និងអរិយធម៌ខ្មែរ នៅមហាវិទ្យាល័យអក្សរសាស្រ្ត និងនៅពុទ្ធិកសាកលវិទ្យាល័យភ្នំពេញ ពីឆ្នាំ១៩៥៩ ដល់ឆ្នាំ១៩៦៨... លោកកេង វ៉ាន់សាក់ បានចំណាយពេលវេលាធ្វើការងារ ដើម្បីការពារអក្សរ និងវប្បធម៌ខ្មែរ។ លោកគឺជាសកម្មជនតស៊ូធ្វើកំណែទម្រង់ភាសាខ្មែរ ហើយបានបង្កើតម៉ាស៊ីនអង្គុលីលេខអក្សរខ្មែរលើកដំបូងនៅឆ្នាំ ១៩៥២។
នៅខែមេសា ឆ្នាំ១៩៧០ លោកបានត្រឡប់ទៅកាន់ប្រទេសបារាំងវិញ ដើម្បីត្រៀមសរសេរនិក្ខេបបទថ្នាក់បណ្ឌិត ដែលមានចំណងជើងថា «ការស្រាវជ្រាវជម្រៅវប្បធម៌ខ្មែរ» (Recherche d’un fond culturel khmer) ហើយនៅឆ្នាំ១៩៧១ លោកបានឡើងការពារ នៅសាកលវិទ្យាល័យទីក្រុងប៉ារីស។ ក៏ដូចជាអ្នកស្រាវជ្រាវជាវជាច្រើនរូបផ្សេងទៀត លោកឃីង ហុកឌី បានចាត់ទុកលោកកេង វ៉ាន់សាក់ គឺជា «សាស្រ្តាចារ្យនិងជាបញ្ញាវន្តខ្មែរមួយរូប ក្នុងចំណោមបញ្ញាវន្តខ្មែរដ៏កំរ រឺអាចជាបញ្ញាវន្តតែម្នាក់គត់ ដែលបានចូលរួមនៅក្នុងសកម្មភាពនយោបាយ នៅក្នុងក្របខ័ណ្ឌនៃការពិចារណាជាលក្ខណៈសាកលមួយ ស្តីពីអរិយធម៌ និងវប្បធម៌ខ្មែរ។
អ្នកប្រឆាំងរបបរាជានិយមដ៏ស្លាប់រស់ នៅ ឆ្នាំ១៩៥២ ពីទីក្រុងប៉ារីស លោកកេង វ៉ាន់សាក់បានប្រឆាំងយ៉ាងខ្លាំងក្លា នឹងសម្តេចនរោត្តម សីហនុ។ លោកហ្វីលីព ស៊ត បានលើកឡើងថា កម្រងកំណាព្យរបស់លោកវ៉ាន់សាក់ «ចិត្តក្រមុំ» «ប្រើប្រាស់ពាក្យធៀបនៃព្រះពុទ្ធសាសនា ដើម្បីធ្វើការវាយប្រហារទៅលើរបបរាជានិយម»។ លោកបានបន្ថែមទៀតថាលោកវ៉ាន់សាក់ក្លាយជា «មនុស្សម្នាក់ ក្នុងចំណោមមនុស្សអាក្រក់»របស់សម្តេចនរោត្តម សីហនុ ហើយរបបសង្គមរាស្រ្តនិយមរបស់ព្រះអង្គបានចាប់លោកដាក់ពន្ធនាគារ ចំនួនពីរលើក។
នៅចុងឆ្នាំ១៩៥៤ លោកកេង វ៉ាន់សាក់ បានចូលរួមជាមួយគណបក្សប្រជាធិបតេយ្យ ហើយលោកបានចាប់ផ្តើមធ្វើកំណែទម្រង់ផ្ទៃក្នុង។ លោកឃីង ហុកឌី បានរម្លឹកថា លោកកេង វ៉ាន់សាក់ គឺជាមេដឹកនាំគណបក្សប្រជាធិបតេយ្យ ដើម្បីចូលរួមបោះឆ្នោតនីតិបញ្ញត្តិសកល នៅឆ្នាំ១៩៥៤ «លោកបានប្រឆាំងដោយចេញមុខនឹងរាជបល្ល័ង្ក ជាពិសេសគឺប្រឆាំងផ្ទាល់នឹងសម្តេចនរោត្តម សីហនុ ដែលជាស្ថាបនិកសង្គមរាស្រ្តនិយម»។ បន្ទាប់ពីបរាជ័យនៃគណបក្សប្រជាធិបតេយ្យរបស់លោក រដ្ឋាភិបាលបានចាប់លោកដាក់ពន្ធនាគារ នោថ្ងៃទី១៣ ខែកញ្ញា ដល់ថ្ងៃទី៣០ ខែតុលា ឆ្នាំ១៩៥៥។ អ្នកស្រាវជ្រាវរូបនេះបានបន្ថែមទៀតថា «ពេលចេញពីពន្ធនាគារ លោកបានបោះពុម្ពផ្សាយកម្រងកំណាព្យ ដែលលោកបាននិពន្ធក្នុងពេលជាប់គុក ហើយកម្រងកំណាព្យនេះបានទទួលឥទ្ធិពលដ៏ខ្លាំងក្លាទៅលើកវីនិពន្ធ ខ្មែរជំនាន់នោះ»។
លោក Nasir Abdoul-Carime បានសរសេរនៅក្នុងអត្ថបទមួយ ចេញផ្សាយនៅក្នុងព្រឹត្តិបត្រលេខ៧ របស់សមាគម Aefek (សមាគមផ្លាស់ប្តូរ និងបណ្តុះបណ្តាលសម្រាប់ការសិក្សាភាសាខ្មែរ) ថា«លោកកេង វ៉ាន់សាក់ មិនដែលបានបញ្ជូលគំនិតកុម្មុយនីស្តនោះទេ ផ្ទុយទៅវិញ លោកតែងតែតស៊ូប្រឆាំងនឹងស្ថាប័នព្រះមហាក្សត្រ។ គ្រប់ចលនានយោបាយដែលប្រឆាំងនឹងរាជបល្ល័ង្ក បានធ្លាក់ចូលទៅក្នុងគំនិតរបស់លោក។ ម្នាក់ៗបានកែសម្រួលគំនិតទាំងនោះ អោយក្លាយជា«មនោគមវិជ្ជាផ្ទាល់ខ្លួន» តួយ៉ាងដូចជាខ្មែរក្រហម ក៏ដូចជាចលនាសាធារណៈរដ្ឋប្រឆាំងរបបរាជានិយម»។
នៅអំឡុង ឆ្នាំ១៩៦៨ បន្ទាប់ពីមានការចុះបង្រ្កាបការប៉ះបោរមួយនៅស្រុកសំឡូត លោកត្រូវរដ្ឋាភិបាលបញ្ឈប់អោយលែងបង្រៀន ហើយបានអោយភ្នាក់ងារឃ្លាំមើលគេហដ្ឋានលោកទៀត ដោយោលោកជាប់ចោទថាជាអ្នកបំប៉ះបំបោរនិសិ្សតនិងសិស្សអោយធ្វើ សកម្មភាពប្រឆាំងនឹងរដ្ឋាភិបាលជំនាន់នោះ។ លោកឃីង ហុកឌីបានរៀបរាប់ថា នៅពេលប៉ូលីសចុះឆែកឆេរនៅផ្ទះរបស់លោក ប៉ូលីសបានរកឃើញសៀវភៅ ទាក់ទងនឹងម៉ាក់ ម៉ៅសេងទុង លេនីន និងទស្សនាវដ្តីប្រទេសចិន -ល- នៅបណ្ណាល័យផ្ទាល់របស់លោក ជាហេតុនាំអោយមានការចាប់ខ្លួនលោក។
សង្គ្រាមស្លាបប៉ាកកា ជុំវិញព្រះបាទជ័យវរ្ម័នទី៧ នៅ ក្នុងបទសម្ភាសន៍មួយ កាលពីដើមខែកុម្ភៈ ឆ្នាំ២០០៧ ជាមួយវិទ្យុអាស៊ីសេរី សាស្រ្តាចារ្យកេង វ៉ាន់សាក់ បាននិយាយទាក់ទងនឹងប្រវត្តិរបស់កំពូលព្រះមហាក្សត្រខ្មែរ គឺព្រះបាទជ័យវរ្ម័នទី៧ ដែលជាស្ថាបនិកប្រាសាទបាយ័ន និងជាព្រះមហាក្សត្រខ្មែរដ៏ខ្លាំងពូកែជាងគេបំផុត។ លោកបានប្រកាសថាព្រះជ័យវរ្ម័នទី៧បានប្រគល់ទឹកដីមួយភាគអោយទៅ សៀម...។ ការអះអាងនេះបានបង្កអោយមានការតវ៉ាជាច្រើន។
ក្រោយ មក លោកកេង វ៉ាន់សាក់ បានពន្យល់ថាលោកគ្រាន់តែធ្វើការស្រាវជ្រាវ ដើម្បីបង្កើតប្រវត្តិសាស្រ្តពិតប្រាកដ និងមិនមានបំណងបំផ្លាញឯកភាពជាតិ តាមរយៈការបំផ្លាញនិមិត្តរូបដ៏សំខាន់មួយរបស់ប្រទេសជាតិឡើយ។
បរិយាកាសមួយនៃការនិរទេសទៅកាន់ប្រទេសបារាំង លោក ឃីង ហុកឌីបានរម្លឹកថា បន្ទាប់ពីរដ្ឋប្រហាររបស់លន់ ណុល នៅខែមីនា ឆ្នាំ១៩៧០ ប្រទេសកម្ពុជាបានក្លាយជាសាធារណៈរដ្ឋខ្មែរ លោកកេង វ៉ាន់សាក់ បានឡើងធ្វើជាប្រធានវិទ្យាស្ថានខ្មែរ-មន ដែលត្រូវបានបង្កើតឡើងដោយលោកលន់ ណុល «ក្នុងគោលបំណងលើកតម្កើនវប្បធម៌ខ្មែរ-មន ដើម្បីអោយជនជាតិខ្មែរមានមោទនភាពជាខ្មែរ និងបង្រួបបង្រួមខ្មែរជាទូទៅ ការពារកេរ្តិ៍មរតកវប្បធម៌នេះ ប្រឆាំងនឹងចក្រពត្តិវៀតណាមកុម្មុយនីស្ត»។
នៅខែកញ្ញា ឆ្នាំ១៩៧១ លោកត្រូវបានតែងតាំងជាភូឈួយប្រតិភូអចិន្រ្តៃយ៍នៃសាធារណៈរដ្ឋ ខ្មែរ នៅអង្គការយូណេស្កូក្នុងក្រុងប៉ារីស ហើយបន្ទាប់មកមានតួនាទីជាភារធារីនៃរដ្ឋាភិបាលសាធារណរដ្ឋខ្មែរប្រចាំ ប្រទេសបារាំង (ពីខែតុលា១៩៧៤ ដល់ថ្ងៃទី១២ មេសា ១៩៧៥) ពោលគឺមុនការកាន់កាប់ទីក្រុងភ្នំពេញ ពីសំណាក់ពួកខ្មែរក្រហម។
លោកបន្តរស់នៅប្រទេសបារាំង នៅជាយក្រុងប៉ារីស រហូតអវសានជីវិតរបស់លោក ដោយមិនបានត្រឡប់មកកាន់ប្រទេសកម្ពុជាឡើយ។
នៅក្នុង សុន្ទរកថានាឈាបនកិច្ចសព លោកឃីង ហុកឌី បានរៀបរាប់ថាលោកសាស្រ្តាចារ្យកេង វ៉ាន់សាក់ បានផ្តល់ប្រយោជន៍រួមដល់សហគមន៍ខ្មែរ និងជាតិខ្មែរ ទាំងផ្នែកសិល្បៈ វប្បធម៌ និងការស្រាវជ្រាវលើអរិយធម៌ខ្មែរ នៅប្រទេសកម្ពុជានិងនៅប្រទេសបារាំង។ […] លោកគឺជាមនុស្សរាក់ទាក់និងគួរអោយស្រឡាញ់រាប់អានបំផុត លោកត្រៀមខ្លួនឆ្លើយតបរាល់សំនួររបស់អតីតនិសិ្សតរបស់លោក សហការី និងអ្នកស្រាវជ្រាវកម្ពុជា និងបរទេស ទាក់ទងនឹងប្រវត្តិសាស្រ្ត និងអរិយធម៌ខ្មែរ។ លោកអាចនិយាយបានច្រើនភាសា ហើយលោកអាចនិយាយពេញមួយថ្ងៃ ដោយមិនសំរាកបាន»។
អានបន្ថែមនៅលើកាសែត
-គ្រោះថ្នាក់នៃភាសាខ្មែរ (២៣-០៥-២០០៨) -"អ្វីដែលខ្ញុំបានឃើញ និងអ្វីដែលខ្ញុំមិនបានឃើញ" នៅក្នុងប្រទេសកម្ពុជាសម័យខ្មែរក្រហមៈ ការសុំទោសរបស់ជនជាតិស៊ុយអែដមួយរូប (១៧-១១-២០០៨) -ជីវប្រវត្តិរបស់អៀង សារី អ្នកឱកាសនិយមបាតដៃ ប្រឡាក់ឈាម (២៥-០៦-២០០៨)
|
|
|