កា​សែត​គឺ​ជា​វ៉ិប​សាយ​ព័ត៌​មាន​ឯក​រាជ្យ​ដែល​ចេញ​ផ្សាយ​ប្រ​ចាំ​ថ្ងៃ​ជា​ភាសាខ្មែរ ​បា​រាំង និងអង់គ្លេស ​ស្តី​អំ​ពី​ប្រទេស​កម្ពុជា​និង​ប្រ​ជា​ជន​កម្ពុជា​នៅ​ក្រៅ​ប្រទេស ។
Installing Khmer Unicode
Bookmark and Share

ទទួល​ព័ត៌​មាន​




 
ពី​ភ្នំពេញ​​មក​ប៉ារីសៈ អ្នក​ស្រី ញៀន អេម៉ានុយអែលរក​ឃើញ​សុភមង្គល​ តាម​រយៈ​​​​សិល្បៈគំនូរ​ខ្មែរ
ដោយ ឡូ​រ៉ង់ ឡឺហ្គូអង់​វិក   
បោះពុម្ភ ផ្ញើអត្ថបទ​តាម​ Email
២៩-១២-២០០៨

អ្នកស្រីញៀន​ អេម៉ានុយ​អ៊ែល វិចិត្រករ​

ប៉ារីស (បារាំង) ថ្ងៃទី​១១ ធ្នូ ២០០៨៖ អ្នកស្រីញៀន​ អេម៉ានុយ​អ៊ែល វិចិត្រករ​
© ឡូ​រ៉ង់ ឡឺហ្គូអង់​វិក

ខ្សែ ​ជីវិត​របស់​អ្នក​ស្រី​ញៀន អេម៉ានុយ​អែល (Emmanuelle Nhean) ​ធ្លាប់​បាន​ជួប​​ប្រទះ​​នូវ​ទុក្ខ​លំបាក​សព្វ​​គ្រប់​បែប​យ៉ាង​ តាំង​ពី​ស្រុកខ្មែរ​មកដល់​ស្រុក​បារាំង។ ប៉ុន្តែ អ្នកស្រី​ត្រូវ​ការ​រក្សា​ទុក​​រស​ជាតិ​ជីវិត​ទាំង​នោះ ដើម្បី​​គូរ​ចេញ​ជា​​រូប​​គំនូរ ជា​ជាង​​រក្សា​ទុក​​​សេចក្តី​ទុក្ខ​វេទនា​នៅ​ជាប់​ខ្លួន​​។ អ្នក​ទីក្រុង​ប៉ារីស ដើម​កំណើត​កម្ពុជា​​រូប​នេះ​ បាន​បញ្ជាក់​​​ថា «ការ​គូរ​រូប​​សោភ័ណ​ភាព​ និង​ទិដ្ឋភាព​វិជ្ជមាន​​​នៃ​ជីវិត​​បាន​ធ្វើអោយខ្ញុំ​​មាន​ពេល​​វេលា​គ្រប់​ គ្រាន់​ ដើម្បី​សញ្ជឹង​គិត​​ដល់​រឿង​​ឈឺ​ចាប់​​។ ខណៈ​ពេល​គាត់​រស់​នៅ​​ពឹង​​ផ្អែក​លើ​​វិស័យ​សិល្បៈគំនូរ ​​អស់​រយៈ​ពេល​ជា​ច្រើន​​ឆ្នាំ​​មក​ហើយ​ អតីត​និស្សិត​ទីក្រុង​ភ្នំពេញ ផ្នែក​វេជ្ជសាស្រ្ត​​រូប​នេះ​បាន​ជ្រើ​ស​​រើស​​​មាគ៌ា​សិល្បៈ​​ថ្មី​មួយ ដោយ​រួមផ្សំ​គំនិត​អរូបិយ ជាមួយ​​​សិល្បៈ​​គំនូរ​​ខ្មែរ​​។ នេះ​​គឺ​ជា​​ចំណង់​​​ចំណូល​ចិត្ត​មួយ ដែល​គាត់​​បាន​ចាប់​យក​មក​​ធ្វើជា​អាជីព នៅ​ប្រទេស​បារាំង ហើយ​គាត់​បាន​ចាត់​ទុក​ចំណង់​ចំណូល​ចិត្ត​នេះ ​ប្រៀប​​បាន​ដូច​ជា​ «ករណីយ​កិច្ច​»មួយ ចំពោះ​ប្រទេស​កំណើត​​របស់​​​អ្នក​​​ស្រី គឺ​ប្រទេស​កម្ពុជា​។

 

ការ​សិក្សា​ផ្នែក​វេជ្ជសាស្រ្ត
ទម្រង់មុខ ​មាត់​របស់វិចិត្រករ​​​រូប​នេះ​មាន​លក្ខណៈប្រហាក់​ប្រហែល​ទៅ​នឹង​រូប​​​ព្រះ ​ភ័ក្រ្ត​​​របស់​ព្រះមហាក្សត្រ​សម័យ​បុរាណ ដែល​ដាក់​តាំង​នៅ​លើ​​ទូ​សៀវភៅ គឺ​​​​ព្រះ​បាទ​ជ័យ​វរ័្មន​ទី​ប្រាំពីរ​ ដែល​ជា​មហាវីរៈក្សត្រ​ខ្មែរ ​នា​​សតវត្សរ៍​ទី​១២​និង​ទី​១៣ ខុស​ប្លែក​ត្រង់តែ​អ្នក​ស្រីមាន​សក់​ខ្មៅ អង្កាញ់ៗ​​តែ​ប៉ុណ្ណោះ​។ ប៉ុន្តែ ជីវិត​របស់​​​​កូន​​ស្រី​វរៈសេនីយ៍​ឯក​យោធា​សម័យ​លន់ ណុល​រូប​នេះ​ ខុស​ឆ្ងាយពី​ជីវិត​របស់​​​ព្រះ​មហាក្សត្រខ្មែរ​​​ដ៏​ល្បីល្បាញ​​អង្គ​នេះ​​។ គាត់​បាន​​ភៀស​ខ្លួន​មក​កាន់​ប្រទេស​​​​បារាំង​​​នៅ​ដើម​​ឆ្នាំ​​១៩៨០។ គាត់​ធ្វើមុខ​ក្រញូវ​​ ក្នុង​ការ​រៀប​រាប់​ដំណើរ​ជីវិត​​​របស់ខ្លួន ប៉ុន្តែ​គាត់​​ចង់​​រៀប​រាប់អំពី​ស្នាដៃ​​សិល្បៈ​របស់​គាត់​ ដែល​​ត្រូវ​បាន​បង្កើត​​​​ឡើង​យ៉ាង​​អត់ធ្មត់​ ពីមួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ។​ ទោះ​ជា​យ៉ាង​ណា​ ​ ​ប្រហែល​ជា​​​មាន​​​រឿង​រ៉ាវដ៏​​ច្រើន ដែល​ត្រូវ​និយាយ​រៀប​រាប់ ទាក់​ទង​នឹង​​ដំណើរ​ជីវិត​របស់​ជាង​​​គំនូរ​រូប​នេះ ដែល​ចាប់​ផ្តើម​ «យ៉ាង​​​​សាមញ្ញ​បំផុត»។ «​ខ្ញុំ​​ជា​មនុស្ស​ស្រឡាញ់​​​​​​ចូល​​ចិត្ត​វិស័យ​សិល្បៈ។ ខ្ញុំ​កើត​ចេញ​ពី​គ្រួសារ​ធូរ​ធារ​មួយ ហើយ​បំណង​​​ប្រាថ្នា​របស់​ខ្ញុំ​គឺ​ទទួល​បានសញ្ញាបត្រ​​មួយ មាន​មុខ​របរ​ល្អ មាន​គ្រួសារ​កក់​ក្តៅ...»។  ក្រោយ​បញ្ចប់ថ្នាក់​​​វិទ្យល័យ គាត់​បាន​ចូល​រៀន​ពេទ្យ ខណៈពេល​​បង​​ប្រុស​​របស់​គាត់​រៀន​​ផ្នែក​អក្សរ​សាស្រ្ត និង​បង​ស្រី​រៀន​ផ្នែក​​ច្បាប់។ «កាល​នោះ ខ្ញុំ​ស្រឡាញ់​សិល្បៈ ប៉ុន្តែ ខ្ញុំ​បាន​និយាយ​ប្រាប់​ខ្លួន​ឯង​ថា ខ្ញុំ​នឹង​គូរ​រូប​ នៅ​ពេល​ខ្ញុំ​ចូល​និវត្តន៍!​»​។

នៅ​ឆ្នាំ​១៩៧៥ អ្វី​គ្រប់​យ៉ាង​ត្រូវ​បាន​បញ្ចប់ ទាំងវិស័យ​​សិល្បៈ ទាំង​​វិស័យ​វេជ្ជសាស្រ្ត​។ នៅ​ពេល​​ពួក​ខ្មែរ​ក្រហម​ចូល​ទីក្រុង​ភ្នំពេញ គាត់​មាន​អាយុ​២៣​ឆ្នាំ​។​ ថ្ងៃទី​១៧ ខែមេសា គាត់​ស្ថិត​នៅ​ជាមួយ​គ្រួសារ គឺមិនមែន​នៅ​មន្ទីរពេទ្យ​​ដើម្បី​​ព្យាបាល​​អ្នក​រង​របួស​ ដូច​សព្វ​មួយ​ដង​នោះ​ទេ។ គាត់​បាន​រួច​ផុត​ពីការ​សម្លាប់​​​និសិ្សតរបស់​ខ្មែរក្រហម​ និង​បាន​ចាក​ចេញ​ពី​រាជធានី​ភ្នំពេញ តាម​បញ្ជា​របស់​​​ទាហាន​ខ្មែរក្រហម។ គាត់​រស់​នៅ និង​ធ្វើ​ការ​នៅ​ចំការ ​នា​ខេត្តតាកែវ ភាគ​​ខាង​​កើត​ប្រទេស​កម្ពុជា​ ជាមួយ​សាច់ញាតិគ្រួសារ​របស់​គាត់​​មួយ​ចំនួន​។

អ្នក​ស្រី​បាន​រៀប​ រាប់​ថា «ខ្ញុំ​យល់​ភ្លាមថា តើ​គួរ​ធ្វើ​អ្វី និង​មិនគួរ​ធ្វើ​អ្វី ជាមួយ​ពួក​ខ្មែរ​ក្រហម»។ ឪពុក​របស់គាត់ ដែល​ជា​មន្រ្តី​យោធា​ជាន់ខ្ពស់មួយ​រូប​នៅសម័យ​លន់ ណុល មិន​អាច​លាក់​​កំបាំង​អត្ត​សញ្ញាណ​របស់​ខ្លួន​បាន​ឡើយ​​។ «ទាហាន​ខ្មែរ​ក្រហម​ស្គាល់គាត់ និងបាន​យក​គាត់​ទៅ​សម្លាប់​ចោល»។

ពាក់ ​​ព័ន្ធ​នឹង​សម័យ​កាល​ដ៏ខ្មៅងងឹត​នេះ អ្នកស្រី​ញៀន អេម៉ានុយ​អែល មិន​សូវ​ជា​​មាន​ការ​អធិប្បាយ​វែង​ឆ្ងាយ​ប៉ុន្មាន​នោះទេ​។​ អ្នក​ស្រី​បាន​សង្ខេប​ថា «ដំណើរ​ជីវិត​របស់ខ្ញុំ​​ក៏ដូច​ជា​ប្រជាជន​ទូទៅ​ នៅសម័យ​កាល​នោះ​ដែរ​។ រហូត​មកទល់​សព្វ​ថ្ងៃ​នេះ ខ្ញុំ​តែង​តែ​បដិសេធ​រៀប​រាប់​ប្រវត្តិ​របស់​ខ្ញុំ​​ប្រាប់​អ្នក​ដទៃ​ ក្រៅ​អំពី​អ្នក​ជិត​​ស្និទ្ធ​នឹង​​​ខ្ញុំ។ នៅ​ពេល​ខ្ញុំ​ណែនាំ​​ខ្លួន​ឯង តាំង​​នាម​ជា​សិល្បៈករ ខ្ញុំ​ត្រូវ​ការ​បង្ហាញ​​​ស្នាដៃ​បង្កើត​​របស់​ខ្ញុំ​​ មុន​ដំបូង​គេ​បង្អស់​។ ប៉ុន្តែ ជានិច្ចកាល មនុស្ស​យើង​​នៅតែ​គិត​​​ដល់​ការ​ជម្លៀស​​ប្រជាជន​ចេញ​ពី​ទីក្រុង​ កាល​នៅសម័យ​ខ្មែរ​ក្រហម​​។​ យើង​ត្រូវ​ទាញ​​ប្រទេស​កម្ពុជា​ចេញ​អោយ​ផុត​ពី​បញ្ហា​នោះ​! យើង​​បាន​រស់​​​នៅដូច្នេះ​​ ​មាន​ន័យ​ថា​យើង​បាន​រួច​ផុត​ពី​សង្គ្រាម​​ហើយ។ ឥឡូវ​នេះ យើង​​ត្រូវ​​កសាង​ប្រទេស​ជាតិ​ឡើង​វិញ!»។

ការ​មុជ​ចូល​ទៅក្នុង​វប្បធម៌​គំនូរ​បារាំង ​
អ្នកស្រី ​បាន​បន្ត​ទៀត​ថា «បន្ទាប់​ពី​បាន​ឆ្លង​កាត់​រឿង​រ៉ាវ​លំបាក​ៗ​ទាំង​នេះ អ្នក​ស្រី​​​លែង​សេស​សល់​អ្វីដូច​មុខ​​​​ទៀត​​ហើយ»។ អ្នកស្រី​បាន​រៀប​រាប់យ៉ាង​ខ្លី ទាក់​ទង​នឹង​​​​រយៈ​ពេល​​៤ខែ នៅក្នុង​ជំរំ​ជន​ភៀស​ខ្លួន នៅ​ប្រទេស​ថៃ មុន​ការ​មកដល់​ទាហាន​​វៀតណាម​នៅកម្ពុជា​បន្តិច និង​មុន​ការ​ដួល​រលំ​នៃ​របប​ខ្មែរ​ក្រហម​ ព្រម​ទាំង​មុន​ពេលអ្នក​ស្រី​បាន​​មកដល់​ប្រទេស​បារាំង នៅវ័យ​២៧​ឆ្នាំ។ នៅ​ទីក្រុ​ង​ប៉ារីស​ អ្នកស្រី​បានប្រឡង​ជាប់​​សញ្ញាបត្រគិលានុបដ្ឋាយិកា ដែល​អនុញ្ញាត​អោយ​​​អ្នក​ស្រីអាច​​ស្វែង​រក​ការងារ​ធ្វើ​ បន្ទាប់មក​ក៏​បាន​​ចុះ​ឈ្មោះ​ចូល​រៀន​វេជ្ជសាស្រ្ត​​បន្ថែម​​​​ទៀត រយៈ​ពេល​២​ឆ្នាំ​។

ទន្ទឹម​នឹងការ​​ធ្វើ​​ជា​​​​គិលានុបដ្ឋាយិកា​ នៅពេល​យប់ ស្រ្តីវ័យ​ក្មេង​រូប​នេះ​​តែង​តែ​ចូល​​​ទស្សនា​វិចិត្រ​សាល និងសារមន្ទីរ​ជា​ប្រចាំ។ «នៅពេល​មើល​ឃើញ​​ស្នាដៃ​​ទាំង​​នេះ​ នៅ​ទីក្រុង​ប៉ារីស​ ខ្ញុំ​បាន​និយាយ​​ប្រាប់ខ្លួន​ឯង​ថា ខ្ញុំ​ក៏​អាច​ធ្វើ​​អ្វីម្យ៉ាង​បាន​​ដែរ។ វា​បាន​ធ្វើអោយ​ខ្ញុំបោះជំហាន​ទៅ​មុខ ប៉ុន្តែ​មិន​​មែន​ជា​​វេជ្ជសាស្រ្ត​​​នោះ​ទេ​ តែ​ជា​សិល្បៈ»​។​

គាត់ ​មាន​មនោសញ្ចេត​នាស្រឡាញ់​គ្រប់​យ៉ាង ដោយព្យាយាម​​​ធ្វើការ​រុករក​ស្រាវ​​​ជ្រាវ​​​ពិភព​គំនូរ​បារាំង​ មុន​នឹង​ចាប់​ផ្តើម​ចូល​រៀន​​​បច្ចេកទេស​​គូរ​រូប​ផ្សេងៗ​បន្ថែម​​​។​ «ខ្ញុំ​នៅ​ចង​ចាំ​ការ​តាំ​ង​ពិព័រណ៍​មួយ ក្នុង​ចំណោមការ​តាំង​ពិព័រណ៍​ដំបូងៗ​ ដែល​ខ្ញុំ​ធ្លាប់​បាន​ចូល​រួម​ ស្តី​ពី​លោក​ម៉ូណេ​។ ខ្ញុំ​មានជំងឺ​មីញ៉ូម ហើយ​នៅ​ពេល​ខ្ញុំ​ពាក់​វ៉ែន​តា ខ្ញុំ​មើល​រូប​ភាព​ឃើញ​ច្បាស់​​​ ប៉ុន្តែ ខ្ញុំ​គិត​ថា​វា​ហាក់​បី​ដូច​ជា​មិនសូវ​ជា​មាន​សម្រស់។ ផ្ទុយ​ទៅវិញ នៅ​ពេល​​ខ្ញុំ​ដោះវ៉ែន​តា​ចេញ វា​ដូចជា​ស្រអាប់​បន្តិច ប៉ុន្តែ វា​គួរ​អោយ​ទាក់​ទាញ​​បំផុត​។ ខ្ញុំ​យល់​ឃើញថា​ ប្រសិន​ជា​យើង​ផ្លាស់ប្តូរ​ទិដ្ឋភាព​ និង​របៀប​គូររូប យើង​​អាច​នឹង​រកឃើញ​ពិភព​មួយ​ផ្សេង​ទៀត។ នៅ​ប្រទេស​​កម្ពុជា ខ្ញុំ​ធ្លាប់​ស្រឡាញ់​​សិល្បៈ ប៉ុន្តែ កាល​នោះ វា​កើត​ចេញ​ពី​សភាវ​គតិ និង​ត្រូវ​បានកំណត់​នៅ​ក្នុង​​ពិភព​តែ​មួយ។ នៅ​ទីក្រុង​ប៉ារីស ខ្ញុំ​បាន​បើក​ទូលាយ​​ទៅកាន់​ពិភព​ថ្មី​មួយ​ផ្សេង​ទៀត»។

ជោគជ័យ​ដ៏​ចាប់រហ័ស​នៅក្នុង​វិស័យ​សិល្បៈ​គំនូរ​
ដោយ ​​សារមាន​ការ​​​គាំទ្រ​ពីសំណាក់​អតីត​ស្វាមី​របស់​គាត់ ដែល​ជា​សាស្រ្តាចារ្យ និង​​ជាង​គំនូរ ដែល​បានជួយ «បង្ហាញ​ផ្លូវដល់​គាត់ នៅក្នុង​ពិភព​សិល្បៈ» អ្នក​ស្រី​​​​បាន​​​បង្ហាញ​ផ្ទាំង​គំនូរ​ជា​លើក​ដំបូង​របស់​ខ្លួន​។​​ «ខ្ញុំ​បាន​លក់​រូប​គំនូរ​ដែល​ជា​ស្នាដៃ​​​របស់​ខ្ញុំ​អស់​ពាក់​កណ្តាល តាំង​ពី​ថ្ងៃ​ចាប់ផ្តើម​លក់​ដំបូង។ ក្រោយមក ខ្ញុំ​ដឹង​​​ថា​ខ្ញុំ​​ស្វែង​រក​ឃើញ​ផ្លូវ​ដើរ​របស់ខ្ញុំហើយ​»។​

Peuple d
ប្រជារាស្រ្ត​សម័យ​អង្គរ © ញៀន​ អេម៉ានុយ​អ៊ែល

ក្រោយ ​មក​ទៀត ស្នាដៃ​របស់អ្នក​ស្រី​ត្រូវ​ផ្សព្វផ្សាយ​ចេញ​ពីមាត់​មួយ​ទៅ​កាន់​មាត់​​មួយ​ ផ្សេង​ទៀត។ អ្នកនិពន្ធ​ជន​ជាតិ​បារាំង​បាន​កុម្ម៉ង់​ទិញ​រូប​គំនូរ​របស់​អ្នក​ស្រី មកដាក់គំរប​កម្រង​​សៀវភៅ​អាស៊ី។​ ភរិយា​របស់​នាយក​នៃក្រុមហ៊ុន​អឺរុប​ដ៏​ល្បី​​ឈ្មោះ​មួយ បាន​ទិញ​រូប​គំនូរ​របស់អ្នកស្រី​ជាច្រើនផ្ទាំង ដែលក្នុង​នោះ រូប​មួយ​​ផ្ទាំង​ត្រូវ​បាន​ជ្រើស​រើស​ ធ្វើ​ជា​ប័ណ្ណ​ជូន​ពរ​ផ្លូវ​ការ​​នៅ​ក្នុង​សង្គម...។ អ្នក​ស្រី​ត្រូវ​បាន​អញ្ជើញ​ចូលរួម​​កា​រតាំង​ពិព័រណ៍​​ផ្សេងៗ។ នេះ​គឺជា​មោទនភាព​របស់​ប្រទេស​កំណើត​របស់​អ្នកស្រី គឺ​ប្រទេស​កម្ពុជា។ គាត់​បាន​ចាប់ផ្តើម​នៅ​ក្នុង​សិល្បៈ​​គំនូរ​ផាត់ពណ៌​ ​ជាមួយ​មិត្ត​ភក្តិស្រី​ម្នាក់ ហើយ​បាន​ទទួល​ជ័យ​លាភី​ចំណាត់​​​ថ្នាក់លេខ​បី នៅក្នុង​ការ​ប្រកួត​ប្រជែង​មួយ។ អ្នកស្រី​បាន​លាន់មាត់​ថា «រៀង​​​រាល់​លើក ដែលខ្ញុំ​បាន​ចាប់ផ្តើម​​ផាត់​ពណ៌​ វាគឺជា​រឿង​អស្ចារ្យ!»។

តាម​ ការ​ស្តាប់ការ​រៀប​រាប់​នេះ ជោគជ័យ​​គ្រប់យ៉ាង​នេះ​អាច​​គ្រាន់​តែ​ជា​​រឿង​​ចៃដន្យ​​​ដ៏រីករាយ​​​មួយ​​ ប៉ុណ្ណោះ។ ប៉ុន្តែ ​ជាក់​ស្តែង ជោគជ័យ​​របស់​គាត់​បាន​​មក​ដោយ​សារ​​ការ​ព្យាយាម​អត់​ធ្មត់ និង​មនោសញ្ចេតនា​ស្រឡាញ់​ពិត​ប្រាកដ​។ ​អ្នក​ស្រី​បាន​សំដែង​សេចក្តីសោមនស្សរីករាយថា​ «ខ្ញុំ​ធ្វើការ​ច្រើន​ នេះគឺជា​រឿង​ពិត​។ ខ្ញុំ​គូរ​រូប​ឥត​ឈប់​ឈរ។ វា​ប្រៀប​បាន​ដូចជា​តួ​អង្គ​ខោប៊ូយ ដែល​បាញ់​តម្រង់​​លើ​អ្វី​ដែល​​កំរើក ចំនែក​ខ្ញុំ​គូរ​រូប​ ដែលខ្ញុំ​បាន​មើល​ឃើញ!»។ គាត់​ពិត​ជា​​​មាន​​​សេចក្តី​សុខ ដែល​បាន​រស់នៅ​ជាមួ​យ​ផ្ទាំង​គំនូរ​ដ៏​ស្រស់ស្អាត អម​ជាមួយ​ពណ៌​​ភ្លឺ​ផ្លេកៗ ដែល​ដាក់​តាំង​តំរៀប​នៅ​ក្នុង​អគារ​ដ៏តូច​មួយរបស់​គាត់​ នៅ​ខ័ណ្ឌ​ទី​១៦ ទីក្រុង​ប៉ារីស​។​

ផ្តល់​កន្លែង​មួយ ដល់​វប្បធម៌ខ្មែរ​នៅក្នុង​វិស័យ​សិល្បៈ​សម័យ​ទំនើប​
អ្នក ​ស្រីញៀន អេម៉ានុយ​អែល បាន​បង្កើត​ពិភព​ដ៏​មាន​សុភមង្គល​មួយ​​​សម្រាប់​ខ្លួន​ឯង នៅក្នុង​លំនៅដ្ឋាន​​ដ៏​សែន​មនោរម្យមួយ ដែល​មានទាំង​​​វប្បធម៌​បារាំង ​​ទាំង​វប្បធម៌​​ខ្មែរ។​ ទាំង​នៅ​បន្ទប់​ទទួល​ភ្ញៀវ ទាំង​នៅ​ក្នុង​បរិវេណ​ផ្លូវ​ដើរ​ក្នុង​អគារ អ្នក​​ស្រី​មិន​រា​រែក​ចិត្ត​ ក្នុង​ការ​​ដាក់​បង្ហាញ​​ផ្ទាំង​គំនូរ​ «៦ប្រភេទ» របស់​ខ្លួន​ឡើយ​ (រូប​គំនូរ​៦ផ្ទាំង ដែល​បង្កើតឡើង​​ដោយ​​ស្នាដៃតែ​មួយ និង​ដូចគ្នា ដែល​មាន​​លាយ​ពណ៌ចម្រុះ ព្រមទាំង​មាន​ក្បាច់​ និង​និមិត្តរូប យក​លំនាំ​តាម​សិល្បៈ​ខ្មែរ​​បុរាណ ខ្មែរ​សម័យ​ទំនើប​ និង​រូប​គំនូរ​អឺរុប)។ នេះ​គឺជា​ស្នាដៃ​មួយ ដែល​អ្នក​ស្រី​​សម្រេច​បាន នៅក្នុង​ការ​តាំង​ពិព័រណ៍​រូប​គំនូរ​របស់​វិចិត្រករ​បារាំង ដោយ​អ្នក​​ស្រី​ត្រូវ​បានអញ្ជើញ​ចូលរួម​ជា​ភ្ញៀវ​កិត្តិយស​សម្រាប់​ប្រទេស​ កម្ពុជា ហើយ​បាន​​ទទួល​មេដាយ​សំរិទ្ធិ នៅ​ក្នុង​ពិធី​នោះ បន្ទាប់​មក​ទទួល​បាន​ពាន​រង្វាន់​របស់​​​ទស្សនាវដ្តី​ «ពិភព​សិល្បៈ» (Univers des arts)។​

«ផ្ទាំងគំនូរ​៦ប្រភេទ»​នេះ ក៏​ដូច​ជា​រូប​គំនូរ​ផ្សេងៗ​ទៀត ដែល​អ្នកស្រី​បាន​ព្យួរ​នៅ​លើ​ជញ្ជាំង​ ក្នុង​បន្ទប់​ទទួល​ភ្ញៀវ ឆ្លុះ​បញ្ចាំង​បង្ហាញ​អោយ​ឃើញ​ពី​​ដំណាក់​នៃ​ការ​ចង់បាន​មួយ​របស់​វិចិត្រ​ ករ​រូបនេះ គឺ«បង្ហាញ​សិល្បៈខ្មែរ នៅក្នុង​សិល្បៈ​សម័យ​​ទំនើប«។ អ្នក​ស្រី​ញៀន អេម៉ានុយអែល​ បានពន្យល់​ថា «រាល់​ពេល​​ ដែល​ខ្ញុំ​​ចូល​​ទៅក្នុង​​សិល្បៈខ្មែរ ខ្ញុំ​មាន​អារម្មណ៍​ថា​ដូចជា​ថត​ចម្លង​»។ «ខ្ញុំ​សួរ​ខ្លួនឯង​ថា​តើ​ត្រូវ​ធ្វើ​ដូចម្តេច​ទើប​កុំ​អោយ​មាន​អារម្មណ៍​ ដូច្នេះ? តើ​ត្រូវ​ធ្វើដូចម្តេច​ ដើម្បី​ ជៀស​​វាង​ការ​ធ្វើដដែលៗ? ហើយ​ត្រូវ​​បង្កើត​ស្ទីល​ផ្ទាល់ខ្លួន​របស់ខ្ញុំ យ៉ាង​ដូច​ម្តេច ដើម្បី​បង្កើតជា​សិល្បៈ​ខ្មែរ​សម័យ​ទំនើប​បាន។ ខ្ញុំ​ត្រូវ​គិត​អំពី​សំណួរ​ទាំង​នេះ​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ»។

បច្ចុប្បន្ន តាម​រយៈ​សិល្បៈខ្មែរ អ្នកស្រី​នៅតែ​បន្ត​គូរ​រូប​គំនូរ​អរូបិយ។ អ្នកស្រី​មាន​​ប្រសាសន៍ថា «គាត់​មាន​អារម្មណ៍​សប្បាយ​រីករាយ ក្នុងការ​គូរ​រូបភាព​ ដើម្បី​​ធ្វើ​អោយ​អ្នក​ដែល​ស្រឡាញ់​សិល្បៈ​អរូបិយ​ និ​ងសិល្បៈ​អត្ថបដិរូប​មាន​ភាព​​សប្បាយ​រីក​រាយ​។​​ បំណង​ប្រាថ្នារបស់​អ្នកស្រី គឺប្រមូល​ផ្តុំ​​វប្បធម៌​ខ្មែរ និង​សិល្បៈ​​សម័យទំនើប ដើម្បី​បង្កើត​ជា​សិល្បៈ​ដ៏​អស្ចារ្យមួយ»។​ «ខ្ញុំ​ចូល​ទៅ​ក្នុង​ពិភព​​អរូបិយ​ដោយ​សេរី ប៉ុន្តែ ខ្ញុំហាក់​បី​ដូច​ជា​លឺ​សម្លេង​ស្រែក​ហៅ​ពី​វប្បធម៌​ខ្មែរ​។ សម្រាប់​ខ្ញុំ វា​ប្រៀប​បាន​ដូចជា​ករណីយ​កិច្ច​មួយ»។

ការត្រឡប់មកកាន់ប្រទេស​កម្ពុជា ដើម្បី​បំពេញ​ក្តីសង្ឃឹម
ភាព ​ក្រីក្រ អំពើ​ពេស្យាចារ អំពើ​ពុក​រលួយ...នៅ​ប្រទេសកម្ពុជា៖ អ្នកស្រី​ទទួល​ស្គាល់​បញ្ហាទាំង​នេះ​ ។ អ្នកស្រី​ធ្លាប់​មកលេង​ស្រុក​កំណើត​របស់ខ្លួន​ជា​ច្រើន​លើក​មក​ហើយ ចាប់​តាំង​ពី​ឆ្នាំ​១៩៨៩​មក។ ដំណើរ​កំសាន្ត​ទាំង​នេះ​បាន​ជួយ​បំពេញ​​ក្តី​សង្ឃឹម​របស់គាត់។ «ខ្ញុំ​មាន​អារម្មណ៍​រីករាយ ពេល​បានឃើញ​ប្រទេស​កម្ពុជា មាន​ការ​រីក​ចម្រើន​ បើទោះបី​ជា​មាន​អ្នក​ល្អ និង​អ្នក​អាក្រក់​ក៏ដោយ។ ជាពិសេស ខ្ញុំ​អាច​កត់​សម្គាល់​ឃើញ​ថា​ នៅ​មាន​អ្នកដែល​មាន​ឆន្ទៈ បម្រើ​ប្រទេស​​ជាតិ​របស់ខ្លួន ទោះ​បីជា​ពួកគេ​រស់​នៅ​បែប​ណាក៏ដោយ។ យើង​ត្រូវ​ធ្វើការ​រួបរួម​កម្លាំង​​គ្នា ដូច​ពាក្យ​ស្លោកខ្មែរ​មួយ ពោល​ថា «ចង្កឹះ​មួយ​បាច់ កាច់​មិន​​បាក់»​។​

នៅ​អំឡុង​ដំណើរ​កំសាន្ត​នៅ​ ប្រទេស​កម្ពុជា​លើកក្រោយ ប្រហែលជា​នៅឆ្នាំ​២០០៩ អ្នកស្រី​ញៀន អេម៉ានុយ​អែល រំពឹង​ទុក​ថា​លើក​នេះ អ្នកស្រី​នឹ​ងរៀ​ប​ចំ​តាំង​ពិព័រណ៍​នៅទីក្រុង​ភ្នំពេញ ជា​លើក​ដំបូង។ អ្នកស្រី​ក៏​សង្ឃឹម​ថា​នឹង​​បង្កើត​ទំនាក់​ទំនង​ជាមួយ​វិចិត្រករ​កម្ពុជា​ សម័យ​ទំនើប ដោយ​ធ្វើការ«រុក​រក» និង​«ចែក​​រំលែកបទ​ពិសោធន៍​»​ ជាមួយ​គ្នា។ អ្នក​ស្រីក៏​នឹង​ពាំនាំ​របៀប​ផាត់ពណ៌​ផ្ទាល់​ខ្លួន​របស់អ្នកស្រី មក​បង្ហាញ​ផង​ដែរ។

 


អានបន្ថែមនៅលើវិបសាយ កាសែត

-ស្វាយ គេនៈ ​ឆាកជីវិត​នៅ​ក្នុង​គំនូរ​ត្រង់​ត្រូវ​បាន​បញ្ចប់(១២-១២-២០០៨)
-វ៉ាន់ ណាត អ្នកនៅរស់រានមានជីវិតពីពន្ធនាគារ ខ្មែរក្រហមជាមួយនឹងការងារចងក្រងឯកសារទុក​ជាប្រវត្តិសាស្រ្ត (២៧-០៨-២០០៨)

-ផ្តើមចេញពីការចងចាំទៅការបង្កើតថ្មី:ជំនួបរវាង​សិល្បករ កម្ពុជាបីជំនាន់ (១០-០៦-២០០៨)
-គំនូរកសិករទល់នឹងវិចិត្រករៈ ជោគជ័យ​នៃ​ការ​ផ្លាស់​ប្តូរមុខរបររបស់ អ្នកភូមិខ្មែរមួយ (១០-០៦-២០០៨)

-គំនូរខ្មែរសម្រាប់ពិពណ៌អន្តរជាតិលើកទី៣ នៅ​ទីក្រុង​ប៉េកាំង (០២-០៦-២០០៨)

 

វិបសាយដែលទាក់ទង

- វិបសាយផ្ទាល់ខ្លួនរបស់អ្នក​ស្រី ញៀន អេម៉ានុយអែល៖www.nhean-khmerart.com


0 អធិប្បាយ
ផ្តល់សេចត្តីអធិប្បាយ
អ៊ីមែល៖
 
ចំណងជើង៖
ឈ្មោះ៖
វ៊ិបសាយ៖
[b] [i] [u] [url] [quote] [code] [img] 
 
សូមបញ្ជូលកូតដែលលោក​អ្នកឃើញនៅក្នុងរូប ។ ចុចលើរូប​ដើម្បី​ប្តូររូ​ប ។

យើង​ខ្ញុំ​សូ​​មអរគុណ​ចំពោះ​អត្ថា​ធិប្បាយ​របស់​អស់​លោក​អ្នក ។ រាល់​អត្ថាធិប្បាយ​ទាំង​អស់​មិន​​ត្រូវ​​សរ​សេរ​អោយ​លើស​ពី​១៦​បន្ទាត់​ទ្បើយ ។ សូម​បញ្ជាក់ថា កាសែត​ មិនទទួលខុសត្រូវរាល់​អត្ថា​ធិប្បាយ​ណា​ដែល​បាន​ផ្សព្វផ្សាយ​នៅ​ក្នុង​​ផ្នែក អត្ថាធិប្បាយ ទ្បើយ។ រាល់អត្ថាធិប្បាយ​ទាំង​អស់​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​អ្នក​អាន មិន​​មែន​ជា​ទស្សនៈ​របស់​ផ្នែក​និពន្ធ​យើង​ទេ។ ចំពោះ​ព័ត៌​មាន​បន្ថែម​សូមទាក់​ទង​យើង​ខ្ញុំ​តាម​រយៈអ៊ីម៉ែល Cet e-mail est protégé contre les robots collecteurs de mails, votre navigateur doit accepter le Javascript pour le voir

3.26 Copyright (C) 2008 Compojoom.com / Copyright (C) 2007 Alain Georgette / Copyright (C) 2006 Frantisek Hliva. All rights reserved."

 
Empower your lifestyle with BlackBerry from Hello
 

 
 
ដំណឹងថ្មីៗ