
កំបូល (ភ្នំពេញ កម្ពុជា) ថ្ងៃទី៤ កុម្ភៈ ២០០៨៖ នួន ជា (៨១ឆ្នាំ) «បងធំទី២» នៅក្នុងសវនាការជាលើកដំបូងរបស់គាត់ នៅចំពោះមុខចៅក្រមនៃអង្គបុរេជំនុំជម្រះ
© ចន វីង / Magnum
ការ បោះឆ្នោត ការដាក់បញ្ចូលប្រាសាទព្រះវិហារទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ជម្លោះជាមួយប្រទេសថៃ ដំណាក់កាលផ្សេងៗនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ទទួលបន្ទុកកាត់ទោសអតីតមេដឹកនាំខ្មែរក្រហម វិបត្តិស្បៀងអាហារ វិបត្តិហិរញ្ញវត្ថុពិភពលោក...។ ទាំងនេះសុទ្ធសឹងតែជាព្រឹត្តិការណ៍ដែលកើតមានឡើងនៅក្នុង ព្រះរាជាណាចក្រកម្ពុជា។ វិបសាយកាសែត សូមសរុបព្រឹត្តិការណ៍ប្រចាំឆ្នាំ២០០៨ ដែលធ្លាប់ត្រូវបានចេញផ្សាយនៅលើវិបសាយរបស់យើងខ្ញុំ ចាប់តាំងពីថ្ងៃទី២៧ ខែមីនា ដែលជាថ្ងៃបង្ហោះផ្សាយជាសាធារណៈរបស់វិបសាយកាសែត ស្តីពីប្រទេសកម្ពុជា និងប្រជាជនកម្ពុជានៅជុំវិញពិភពលោក ជាភាសាខ្មែរ បារាំង និងក្រោយមក មានជាភាសាអង់គ្លេស តាមរយៈអាសយដ្ឋាន www.ka-set.info ។ ការិយាល័យនិពន្ធនៃប្រព័ន្ធផ្សព្វផ្សាយឯករាជ្យថ្មីនេះ នឹងសរុបព្រឹត្តិការណ៍សំខាន់ៗប្រចាំឆ្នាំ ជាពីរផ្នែក។
មករាៈ
ថ្ងៃទី ៤ : នាយកដ្ឋានប្រយុទ្ធប្រឆាំងជំងឺគ្រុនឈាមនៃក្រសួងសុខាភិបាលបាន ប្រកាសរបាយការណ៍នៃអ្នកស្លាប់ចំនួន៤០៧នាក់ បន្ទាប់ពីមានការផ្ទុះឡើងនៃការរាតត្បាតជំងឺ ដែលប្រទេសបានជួបប្រទះនៅឆ្នាំ២០០៧។ នេះជាករណីរាតត្បាតជំងឺគ្រុនឈាមដែលសម្លាប់មនុស្សច្រើនបំផុត ចាប់តាំងពីឆ្នាំ១៩៩៨មក។
ថ្ងៃទី២០ : តារាភាពយន្តអាមេរិកឈ្មោះមៀ ហ្វារ៉ូ (Mia Farrow) ត្រូវបានអាជ្ញាធរកម្ពុជារារាំងមិនអោយរៀបចំកម្មវិធីបុណ្យ នៅសារមន្ទីរប្រល័យពូជសាសន៍ទួលស្លែង ក្នុងនាមអង្គការ«« Dream for Darfur» ។ គោលបំណងនៃការរៀបចំកម្មវិធីនេះ គឺដើម្បីទាក់ទាញចំណាប់អារម្មណ៍មកលើវិបត្តិមនុស្សធម៌ដែលទីក្រុង ដាហ្វួរនៅប្រទេសស៊ូដង់កំពុងជួបប្រទះ និងថ្កោលទោសប្រទេសចិន ដែលជាដៃគូពាណិជ្ជកម្មដ៏សំខាន់របស់ប្រទេសអាហ្វ្រិកមួយនេះ។ រដ្ឋាភិបាលកម្ពុជាបដិសេធមិនអោយសម្ព័ន្ធចិនរបស់ខ្លួនត្រូវគេ រិះគន់នៅលើទឹកដីកម្ពុជា។
ថ្ងៃទី២២ : អស់រយៈពេល៤ឆ្នាំគត់ដែល លោកជា វិជ្ជា មេដឹកនាំសហជីពដ៏មានប្រជាប្រិយភាព ត្រូវបានជនមិនស្គាល់មុខបាញ់សម្លាប់ នៅខាងមុខតូបលក់កាសែត នាកណ្តាលក្រុងភ្នំពេញ។ សកម្មជនសហជីព អ្នកការពារសិទ្ធិមនុស្ស និងអ្នកតំណាងគណបក្សប្រឆាំងជាង១០០នាក់បានមកជួបជុំគ្នានៅ កន្លែងកើតហេតុ ដើម្បីឧទ្ទិសអ្នកឈានមុខគេក្នុងចលនាសហជីព និងបានអំពាវនាវជាច្រើនលើកច្រើនសា ដល់រដ្ឋាភិបាល ដើម្បីអោយបើកការស៊ើបអង្កេតឡើងវិញ និងចាប់ខ្លួនឃាតកពិតប្រាកដ ហើយលោកប៊ន សំណាង និងលោកសុក សំអឿន ដែលត្រូវផ្តន្ទាទោសជាប់ពន្ធនាគារ២០ឆ្នាំពីបទឃាតកម្មលើរូបលោក ជា វិជ្ជា ត្រូវដោះលែង។ ការកាត់ទោសនេះទទួលរងនូវការរិះគន់ជាច្រើនពីសំណាក់អង្គការក្រៅ រដ្ឋាភិបាល។
ភ្នំពេញ (កម្ពុជា) ថ្ងៃទី២២ មករា ២០០៨៖ លោកសម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំង និងជាប្រធានគណបក្សសម រង្ស៊ី ចូលរួមនៅក្នុងពិធីគោរពខួបវិញ្ញាណខ័ន្ធសពរបស់លោកជា វិជ្ជា មេដឹកនាំសហជីពកម្ពុជា
© ចន វីង / Magnum
ថ្ងៃទី ៣១ : សហរដ្ឋអាមេរិកបើកការិយាល័យ FBI (ការិយាល័យស៊ើបអង្កេតសហព័ន្ធ) នៅទីក្រុងភ្នំពេញ ដែលសម្ពោធដោយប្រធាន FBI លោករ៉ូប៊ែរ មូអែល័រ (Robert Mueller)។ ការិយាល័យនេះនឹងសហការជាមួយអាជ្ញាធរកម្ពុជានៅក្នុងការប្រយុទ្ធ ប្រឆាំងនឹងភេវរកម្ម និងឧក្រិដ្ឋឆ្លងដែន។
កុម្ភៈ
ថ្ងៃទី ៧: សវនាការជាសាធារណៈលើកទី២របស់តុលាការជំនុំជម្រះអតីតមេដឹកនាំ ខ្មែរក្រហម ស្តីពីការចូលរួមជាលើកទី១របស់ភាគីរដ្ឋប្បវេណីនៅក្នុងនីតិ វិធីតុលាការ។ នេះការវិវត្តជាប្រវត្តិសាស្រ្តមួយនៅក្នុងច្បាប់ព្រហ្មទណ្ឌ អន្តរជាតិ។
ថ្ងៃទី១៥ : លោកសំ ប៊ិត អតីតមេបញ្ជាការទាហានទ័ពព្រៃខ្មែរក្រហម ស្លាប់នៅអាយុ៧៦ឆ្នាំ។ នៅខែធ្នូ ឆ្នាំ២០០២ គាត់បានទទួលសារភាពថាបានបញ្ជាអោយមានការវាយប្រហារនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ១៩៩៤ លើរថភ្លើងដែលធ្វើដំណើរពីទីក្រុងភ្នំពេញទៅក្រុងព្រះសីហនុ។ ការវាយប្រហារនេះធ្វើអោយអ្នកដំណើរ១៦នាក់បាត់បង់ជីវិត ហើយបានចាប់ពង្រាត់និងសម្លាប់អ្នកទេសចរអឺរ៉ុប៣នាក់។ សំ ប៊ិត ត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត។
ថ្ងៃទី ២២ : អង្គការការពារសិទ្ធិមនុស្សក្នុងស្រុក និងអន្តរជាតិ បង្ហាញការព្រួយបារម្ភជាថ្មីម្តងទៀតចំពោះអំពើហិង្សាកើតឡើងនៅ ក្នុងបញ្ហាជម្លោះដីធ្លី។ ប្រឈមមុខនឹងការកើនឡើងនៃវិធីបង្រ្កាបទៅលើប្រជាជន អង្គការទាំងនេះអំពាវនាវអោយមានការផ្អាកជាបន្ទាន់លើការបណ្តេញ ប្រជាជន រហូតដល់មានការអនុម័តវិធានការស្របច្បាប់ដើម្បីការពារជនរងគ្រោះ ពីការបង្ខំអោយរុះរើលំនៅដ្ឋានទាំងនេះ។ បើយោងតាមរបាយការណ៍គួរអោយភ្ញាក់ផ្អើលមួយរបស់អង្គការលើកលែងទោស អន្តរជាតិ ចេញផ្សាយនៅថ្ងៃទី១១ ខែកុម្ភៈ ជនជាតិខ្មែរជាង១៥០ ០០០ នាក់នៅទូទាំងប្រទេសអាចនឹងប្រឈមមុខនឹងគ្រោះថ្នាក់នៃការបាត់ បង់ទីជម្រក។ ស្ថានភាពនេះបង្កមកពីការកើនឡើងគម្រោងអភិវឌ្ឍ ជម្លោះដីធ្លីពាក់ព័ន្ធនឹងបរាជ័យរបស់ប្រព័ន្ធចុះបញ្ជីដីធ្លី ហើយជាទូទៅគឺដោយសារការប្រមូលដីធ្លីក្នុងប្រទេសសម្រាប់ទុកលក់ យកចំណេញ។ អង្គការ សហព័ន្ធអន្តរជាតិសិទ្ធិមនុស្សសំខាន់ៗ បានទាមទារតវ៉ាក្នុងសប្តាហ៍នេះអោយដាក់បញ្ចូលសិទ្ធិលំនៅដ្ឋានទៅ ក្នុងច្បាប់រដ្ឋធម្មនុញ្ញជាតិ។
ភ្នំពេញ (កម្ពុជា) ថ្ងៃទី២២ ធ្នូ ២០០៧៖ ប្រជាជនសង្កាត់ដីក្រហម បន្តតវ៉ាប្រឆាំងនឹងការបណ្តេញពួកគេចេញពីលំនៅដ្ឋាន ពីសំណាក់បុគ្គលិកក្រុមហ៊ុន 7NG
© ចន វីង / Magnum
ថ្ងៃទី ២៦-២៧ : អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) រៀបចំផ្គុំហេតុការណ៍ឡើងវិញរយៈពេលពីរថ្ងៃ នៅវាលពិឃាតជើងឯកបច្ចុប្បន្នជាកន្លែងរម្លឹកអនុស្សាវរីយ៍ បន្ទាប់មកនៅមន្ទីរធ្វើទារុណកម្មស២១ សព្វថ្ងៃប្តូរមកជាសារមន្ទីរប្រល័យពូជសាសន៍។ ការផ្គុំហេតុការណ៍ឡើងវិញគឺធ្វើឡើងជាមួយឌុច អតីតមេគុកទួលស្លែង និងដោយមានវត្តមានរបស់អ្នកទោសនៅមានជីវិត។ នៅក្នុងគុកទួលស្លែងនេះ មនុស្សចំនួន១៤ ០០០នាក់ត្រូវបានគេយកមកធ្វើទារុណកម្មមុននឹងយកទៅសម្លាប់នៅ ជើងឯក។
ភ្នំពេញ (កម្ពុជា) ថ្ងៃទី២៧ កុម្ភៈ ២០០៨៖ នគរបាលបញ្ជាអោយអ្នកយកព័ត៌មានចេញពីមន្ទីរស-២១ នៅពេលគេផ្គុំបទឧក្រិដ្ឋឡើងវិញជាមួយឌុច។
© ចន វីង/ Magnum
មីនា
ថ្ងៃទី៣០ : លោកឌិត ប្រាន បានទទួលមរណភាពនៅអាយុ៦៥ឆ្នាំ នៅទីក្រុងញូជែស៊ី (សហរដ្ឋអាមេរិក) បន្ទាប់ពីការរើឡើងវិញនៃជំងឺមហារីក។ ប្រវត្តិមិត្តភាពរបស់លោកជាមួយអ្នកកាសែតអាមេរិកនៅកម្ពុជានាដើម ទសវត្សឆ្នាំ៧០ និងរឿងទុក្ខវេទនានៅពេលឆ្លងកាត់របបប៉ុល ពត ត្រូវបានយកមកបង្ហាញនៅក្នុងខ្សែភាពយន្តរឿងវាលពិឃាតរបស់លោក រ៉ូឡង់ ហ្សូហ្វេ (Roland Joffé) នៅឆ្នាំ១៩៨៤ ។
កំពង់សោម (កម្ពុជា) ថ្ងៃទី២៥ មិថុនា ២០០៤៖ នៅវាលស្រែមួយកន្លែងៈ សម្តេចនាយករដ្ឋមន្រ្តីហ៊ុន សែន មានបំណងបង្កើតសមាគមប្រទេសនាំចេញអង្ករ
© ចន វីង/ Magnum
មេសា
ថ្ងៃទី ៤ : ការផ្តល់កិច្ចសន្យា និងសំបុត្រអាពាហ៍ពិពាហ៍រវាងជនបរទេសនិងស្រ្តីជនជាតិខ្មែរត្រូវបាន អាជ្ញាធរកម្ពុជាព្យួរជាបណ្តោះអាសន្ន។ រដ្ឋាភិបាលកម្ពុជាពន្យល់ថា វិធានការនេះត្រូវបានធ្វើឡើងដើម្បីប្រយុទ្ធប្រឆាំងនឹងការជួញដូរ មនុស្ស។ ចាប់តាំងពីដើមឆ្នាំនេះ ទីភ្នាក់ងារកូរ៉េខាងត្បូងចំនួន៣កន្លែងដែលទទួលរៀបចំអាពាហ៍ពិពាហ៍ រវាងស្រ្តីជនជាតិខ្មែរជាមួយនឹងបុរសកូរ៉េត្រូវបានក្រសួង បិទទ្វារ។ បម្រាមនេះត្រូវបានដកចេញវិញនៅថ្ងៃទី១៧ ខែវិច្ឆិកា។
ថ្ងៃទី ២២ : លោកហេង ពៅ អតីតមេបញ្ជាការនគរបាលរាជធានីក្រុងភ្នំពេញ បានទទួលទោសសម្រាប់សំណុំរឿងទី៦កាលពីថ្ងៃទី២២ ខែមេសា ប្រកាសដោយតុលាការក្រុង អោយជាប់ពន្ធនាគារ១៨ឆ្នាំ។ ប្រសិនបើគេបូកសរុបទោសទាំងអស់ដែលត្រូវបានប្រកាសដោយតុលាការនេះ ប្រឆាំងនឹងលោកហេង ពៅ អាយុ៥២ឆ្នាំ អតីតមេបញ្ជាការនគរបាលរូបនេះត្រូវស្ថិតក្នុងគុកងងឹត៥៨ឆ្នាំ និង៦ខែ។
ថ្ងៃទី២៨ : ភោជនីយដ្ឋាន KFC (Kentucky Fried chicken) ដំបូងគេនៅកម្ពុជាត្រូវបានបើកសម្ពោធយ៉ាងអធឹកអធមនៅទីក្រុង ភ្នំពេញ នៅមហាវិថីមុនីវង្ស។
ឧសភា
ថ្ងៃទី ៥ : ការបង្កើតសហគមន៍ប្រទេសនាំអង្ករចេញត្រូវបានលើកមកពិភាក្សា។ សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន បានបញ្ជូនសារលិខិតធានាមួយនៅថ្ងៃច័ន្ទ ទី៥ ទៅកាន់ប្រទេសហ្វីលីពីន។ ព្រឹទ្ធសភានៃប្រទេសនេះហាក់មានការព្រួយបារម្ភចំពោះការបង្កើត អង្គការមួយប្រមូលផ្តុំបណ្តាប្រទេសនាំអង្ករចេញ (OPER) រួមមានកម្ពុជា ថៃ វៀតណាម ឡាវ និងភូមា។ ម្យ៉ាងវិញទៀត គំនិតផ្តួចផ្តើមនេះកើតមានឡើងក្នុងបរិបទមួយនៃការកើនឡើង តម្លៃអង្កររបស់ពិភពលោក។
ភ្នំពេញ (កម្ពុជា) ថ្ងៃទី១៦ មិថុនា ២០០៨៖ ក្បួនដង្ហែររបស់សង្គមស៊ីវិល នាំយកញ្ញត្តិមួយ ដែលមានអ្នកចុះហត្ថលេខាគាំទ្រ១,៩៨នាក់ ជូនរដ្ឋសភា ដើម្បីជម្រុញអោយមានការអនុម័តច្បាប់ប្រឆាំងអំពើពុករលួយ
© ចន វីង/ Magnum
ថ្ងៃទី ១៦ : ក្បួនដង្ហែរបស់សម្ព័ន្ធសង្គមស៊ីវិលប្រយុទ្ធប្រឆាំងនឹងអំពើពុក រលួយ ឆ្ពោះមកកាន់រដ្ឋសភាជាតិកម្ពុជា ដើម្បីដាក់របាយការណ៍ដែលខ្លួនបានចុះធ្វើយុទ្ធនាការនៅកម្ពុជា ជូនគណៈកម្មការការពារសិទ្ធិមនុស្ស និងទទួលពាក្យបណ្តឹង។ ញ្ញត្តិរួមគ្នារបស់អង្គការក្នុងស្រុកជាង៤០នេះ បានទទួលស្នាមមេដៃចំនួន១ ០៩៨ ពីខែធ្នូដល់ខែមេសា ដើម្បីបរិហារពីការប្រព្រឹត្តិអំពើពុករលួយ។ ច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ ដែលទាមទារដោយប្រទេសម្ចាស់ជំនួយ ស្ថិតនៅលើតែក្រដាស់អស់១០ឆ្នាំមកហើយ។
ថ្ងៃទី២៦ : សម្តេចនាយករដ្ឋមន្រ្តីហ៊ុន សែន ដកបម្រាមលើការនាំចេញស្រូវកម្ពុជា។ បម្រាមនេះត្រូវបានដាក់ចេញឡើង២ខែមុននោះ ដើម្បីទប់ស្កាត់ការផ្ទុះឡើងនៃតម្លៃស្រូវ។
មិថុនា
ថ្ងៃទី ៤ : អ្នកតំណាងស្រ្តីរកស៊ីផ្លូវជាង១០០នាក់បរិហារច្បាប់ប្រយុទ្ធ ប្រឆាំងនឹងការជួញដូរមនុស្សនៅកម្ពុជាថ្មី ដែលត្រូវអនុម័តនៅខែមីនា ឆ្នាំ២០០៨។ ពួកគេរិះគន់ថា ច្បាប់នេះបាននាំអោយមានការបិទទ្វារផ្ទះបន ការចាប់ខ្លួនស្រ្តីរកស៊ីផ្លូវភេទឯករាជ្យពីសំណាក់ប៉ូលិសដោយ ប្រើអំពើហិង្សានិងការបញ្ជូនខ្លួនពួកគេទៅមណ្ឌលកែប្រែនៅ ជាយក្រុងភ្នំពេញ។
ថ្ងៃទី១១ : អង្គការអ្នកយកព័ត៌មានគ្មានព្រំដែន (RSF) បានបរិហារពីការចាប់ខ្លួនលោកដាំ សិទ្ធ នាយកបោះពុម្ពផ្សាយរបស់កាសែតមនសិការខ្មែរ ដែលស្និទ្ធនឹងគណបក្សសម រង្ស៊ី។ ការចាប់ខ្លួននេះកើតឡើង«ពីរបីសប្តាហ៍មុនការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ត អាណត្តិទី៤»។ អង្គការនេះបានអំពាវនាវអោយមានការដោះលែងលោកដាំ សិទ្ធ អោយមានសេរីភាពវិញ។ អ្នកកាសែតរូបនេះបានជាប់ពន្ធនាគារ បន្ទាប់ពីមានបណ្តឹងពីបទបរិហារកេរ្តិ៍ និងផ្សព្វផ្សាយព័ត៌មានមិនពិត ដែលធ្វើឡើងដោយលោកហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេស។ លោកដាំ សិទ្ធ ត្រូវគេដោះលែងអោយមានសេរីភាពវិញរយៈពេល១៥ថ្ងៃក្រោយមកទៀត បន្ទាប់ពីមានអន្តរាគមន៍របស់មេដឹកនាំរដ្ឋាភិបាល។