កា​សែត​គឺ​ជា​វ៉ិប​សាយ​ព័ត៌​មាន​ឯក​រាជ្យ​ដែល​ចេញ​ផ្សាយ​ប្រ​ចាំ​ថ្ងៃ​ជា​ភាសាខ្មែរ ​បា​រាំង និងអង់គ្លេស ​ស្តី​អំ​ពី​ប្រទេស​កម្ពុជា​និង​ប្រ​ជា​ជន​កម្ពុជា​នៅ​ក្រៅ​ប្រទេស ។
Installing Khmer Unicode
Bookmark and Share

ទទួល​ព័ត៌​មាន​




 
ប៊ន សំណាង​និង​សុខ សំអឿន​ត្រូវ​បាន​​ដោះ​លែង​បណ្តោះអាសន្នៈ ជោគ​ជ័យ​នៃប្រព័ន្ធ​​យុត្តិធម៌​នៅ​កម្ពុជា​
ដោយ ដួង សុខា   
បោះពុម្ភ ផ្ញើអត្ថបទ​តាម​ Email
៣១-១២-២០០៨

Image

ភ្នំពេញ (កម្ពុជា) ថ្ងៃទី​៣១ ធ្នូ ២០០៨៖ លោក​ប៊ន សំណាង និង​លោក​សុខ សំអឿន នៅ​ក្នុង​រថយន្ត​ដឹកអ្នកទោស​ បន្ទាប់​ពី​សេចក្តី​សម្រេច​របស់​តុលាការ​កំពូល​
© ចន វីង / Magnum

តុលាការ ​កំពូល​នៃ​ព្រះរាជាណា​ចក្រ​កម្ពុជា​បាន​បង្កើត​នូវ​ភាព​ភ្ញាក់​ផ្អើល​មួយ នៅថ្ងៃ​ពុធ ទី​៣១ ខែធ្នូ​ ឆ្នាំ​២០០៨ ​តាម​រយៈ​ការ​ដោះលែង​លោក​សុខ សំអឿន និង​លោក​​ប៊ន សំណាង​ អោយ​នៅ​ក្រៅ​ឃុំ​បណ្តោះ​អាសន្ន​។ បុរស​ទាំង​ពីរ​រូប​នេះ​ត្រូវ​​បាន​កាត់ទោស​អោយ​ជាប់​ពន្ធនាគារ​រយៈ​ពេល​​២០​ ឆ្នាំ ពីបទ​ឃាតកម្ម​លើ​រូប​លោក​​ជា វិជ្ជា មេ​ដឹក​នាំ​សហជីព​ដ៏​មាន​ប្រជាប្រិយ​ភាព​។ តុលាការ​​កំពូល​​ក៏​បាន​សម្រេច​​បង្វិល​​​សំណុំ​រឿង​ក្តី​នេះ អោយ​ទៅសាលាឧទ្ធរណ៍​ ដើម្បី​បើក​ការ​ស៊ើប​អង្កេត​​​​ជា​ថ្មី។ សេចក្តី​សម្រេច​​នេះ​បាន​ទទួល​​​នូវ​ការ​​ស្វាគមន៍​យ៉ាង​កក់​ក្តៅ​ពី​សំណាក់ ​​​​សកម្ម​ជន​​សិទ្ធិ​មនុស្ស​ អ្នក​សហជីព​និយម ឪពុក​ម្តាយ​ជន​ជាប់​ចោទ តំណាង​​​​​អង្គ​ទូត និង​ស្ថាប័ន​សហ​​ប្រជាជាតិ​ តាម​រយៈ​ស្នូរ​​​​ទះ​ដៃ​​​​នៅ​ក្នុង​​បន្ទប់​សវនាការ​​។​

 

សេចក្តី​វិនិច្ឆ័យ​ដ៏ត្រឹមត្រូវ
​ អង្គការ​​ការ​ពារ​សិទ្ធិ​មនុស្ស​ និង​សហជីព​​កម្ពុជា ក៏ដូច​ជា​សហជីព​អន្តរ​ជាតិ​ បាន​ធ្វើ​ការ​អំពាវ​នាវ​​អោយ​ដោះ​លែង​​បុរស​ទាំង​ពីរ​នេះ រហូត​ដល់​វិនាទី​ចុង​ក្រោយ។​ នៅ​​ក្នុង​សវនាការ​ជំនុំ​ជម្រះ​ លោក​​​ប៊ន សំណាង អាយុ​២៨​ឆ្នាំ និងលោក​​សុខ សំអឿន​ អាយុ​៤០​ឆ្នាំ ​បាន​ប្រកាស​​អំពី​ភាព​​គ្មាន​ទោស​​​​​របស់​ខ្លួនសា​ជា​ថ្មី នៅ​ចំពោះ​​មុខ​ប្រធាន​តុលាការ​កំពូល គឺ​លោក​ឌិត មន្ទីរ ដែល​មាន​ឫក​ពារ​​​សុភាព​ និង​បង្ហាញ​​​ការ​គោរព​​ចំពោះ​​​អ្នកទាំង​ពីរ​។ ​នេះ​ជា​អាកប្បកិរិយា​មួយ ដែល​បុរស​ទាំង​ពីរ​​​​​មិន​​ធ្លាប់​បាន​ជួប នៅ​​ចំពោះ​​មុខ​តុលាការ​​​ផ្សេង​ទៀត​​។​

ប៉ុន្តែ នៅអំឡុង​សវនាការរយៈ​ពេល​​​បួន​ម៉ោង​ ​​មិន​មាន​អ្វី​ដែល​​ធ្វើ​អោយ​គេ​រំពឹង​ថា​ការ​ជំនុំ​ជម្រះ​​​​នេះ​នឹង​ បញ្ចប់​ទៅ​ដោយ​​​បរិយាកាស​រីក​រាយ​ឡើយ។​ តំណាង​មហា​អយ្យការ​តុលាការ​កំពូល​​បាន​ទាមទារ​អោយ​រក្សា​សេចក្តីសម្រេច​​នៅ​ ដដែល​ ដោយ​​វិនិច្ឆ័យ​ថា​មានភស្តុតាង​ដាក់បន្ទុក​គ្រប់​គ្រាន់​។ ​លោក​ឌិត មន្ទីរ ចៅក្រម​​ដ៏​មាន​​ឥទ្ធិពល​ មិន​បាន​ឯក​ភាព​លើ​​​ការ​ទាម​ទារ​នេះ​នោះ​ទេ​។ លោក​បាន​គូស​បញ្ជាក់​ថា លោក​យល់​ស្រប​តាម​គំនិត​របស់​​​​​​អគ្គ​ព្រះរាជ​អាជ្ញា​នៃ​សាលា​ឧទ្ធរណ៍​​ ដែល​​បាន​វាយ​តម្លៃ​ថា​សំណុំ​រឿង​នេះ​​មិនពេញលក្ខណៈ​ និង​​បាន​ស្នើ​សុំ​អោយ​​​​បើក​ការ​​ស៊ើប​​អង្កេត​ជាថ្មី ដើម្បី​រក​ភស្តុតាង​បន្ថែម​​​។ គួរ​បញ្ជាក់​ថា​​សាលា​ឧទ្ធរណ៍​មិន​បាន​យល់​ស្រប​តាម​​​ជំហរ​​នេះឡើយ ដោយសម្រេច​​​តម្កល់​សាល​ក្រម​​របស់​តុលាការ​​ក្រុង​ភ្នំពេញ​ ដែល​បាន​កាត់​ទោស​​បុរស​ទាំង​ពីរ​អោយ​ជាប់​ពន្ធនាគារ​​រយៈ​ពេល​២០​ឆ្នាំ។ លោក​ឌិត មន្ទីរ​​ បាន​ចាត់​ទុក​ជា​មោឃៈ​​នូវ​​សាល​ដីកា​​របស់​សាលាឧទ្ធរណ៍ ​ដែល​សម្រេច​កាល​​ពី​​ថ្ងៃទី​​១២ ខែមេសា ឆ្នាំ​២០០៧។​ ចៅក្រម​រូប​នេះ​បាន​ពន្យល់​ថា​លោក​សម្រេច​ដូច្នេះ ដោយ​គោរព​ទៅ​តាម​នីតិវិធី​ព្រហ្ម​ទណ្ឌ​និង​រដ្ឋ​ធម្មនុញ្ញ​។ ក្នុង​រយៈ​ពេល​រង់​ចាំ ប៊ន សំណាង និង​សុខ សំអឿន នឹង​​ត្រូវ​ស្ថិត​នៅ​​ក្រោម​​នីតិវិធី​​​តុលាការ​​​។​

អស់​រយៈ​ពេល​ ជិត​៥​ឆ្នាំ បុរស​ទាំង​ពីរនេះ​ស្ថិត​នៅ​ក្នុង​ពន្ធនាគារ​ ពីបទ​ឧក្រិដ្ឋ​មួយ​ ដែលពួក​គេ​និយាយ​ថា​មិន​បាន​ប្រព្រឹត្ត​នោះទេ។ អ្នក​ទាំង​ពីរ​ត្រូវ​ឃុំ​ខ្លួន​ ក្រោយ​ការ​ជំនុំជម្រះ​​មិន​ប្រក្រតី​មួយ និង​ជា​ការ​រំលោភ​បំពាន​សិទ្ធិ​មូល​ដ្ឋាន​បុគ្គល​។ អង្គការ​​និង​ឥស្សរជន​​សំខាន់ៗ​បាន​ប្រតិកម្ម​ចំពោះ​​ការ​កាត់ទោស​នេះ និង​បាន​ទាមទា​រ​អោយ​មាន​ការ​ដោះលែង​បុរស​ទាំង​​ពីរ ដោយ​វាយ​តម្លៃ​​ថា​ពួកគេ​​​​គ្រាន់​តែ​ជា​​ជន​​រង​គ្រោះ​ទទួល​រង​ទោស​កំហុស​ ជំនួស​អ្នក​ដទៃ​ប៉ុណ្ណោះ​។ សង្គម​ស៊ីវិល​​នៅ​តែ​បន្ត​​បញ្ចេញ​ប្រតិកម្ម ជុំវិញការ​អូស​បន្លាយ​ពេល​វេលា​នៃ​​​ការ​ជំនុំ​ជម្រះ​របស់​តុលាការ ហើយ​រឿង​ក្តី​​នេះ​បានក្លាយជា​និមិត្ត​រូប​នៃ​ប្រព័ន្ធ​តុលាការ​ដ៏ទន់​ខ្សោយ ​និង​ខ្វះ​ឯក​រាជ្យ​ភាព​​មួយ។

រម្លឹក​ហេតុការណ៍​
លោក ​ប៊ន សំណាង និងលោក​​សុខ សំអឿន​ ត្រូវ​បាន​ចោទ​ប្រកាន់​ពីបទ​មនុស្ស​ឃាតគិត​ទុក​ជា​មុន​ និង​ប្រើ​ប្រាស់​អាវុធ​ខុស​ច្បាប់​ នៅ​ក្នុង​សំណុំ​រឿង​ក្តី​ឃាតកម្ម​លើ​រូប​លោក​ជា វិជ្ជា ដែល​ត្រូវ​បាន​ជន​​មិន​ស្គាល់​មុខ​​​ពីរ​រូប​បាញ់​ចំនួន​បីគ្រាប់​ នៅ​កណ្តាល​​ទីក្រុង​ កាល​ពី​ថ្ងៃទី​២២ ខែ​មករា ឆ្នាំ​២០០៤​។ ការ​ចោទ​​ប្រកាន់​នេះ​សំអាង​ទៅ​លើ​ចម្លើយ​សារភាព​​របស់លោក​​ប៊ន សំណាង​ ប៉ុន្តែ​បើ​តាម​​ប៊ន សំណាង គាត់​ត្រូវ​បាន​«បង្ខំ​អោយ​ឆ្លើយ​សារភាព​»។

រីឯលោក ​​សុខ សំអឿន​ ត្រូវ​បាន​គេ​បំភ័ន្ត​ នៅ​ក្នុង​រឿង​ក្តី​នេះ។​ លោក​មាន​ទឹក​មុខ​ស្រងូត​ស្រងាត​។​ លោក​ត្រូវ​​សាក​សួរ​យ៉ាងខ្លី ដោយ​ឆ្លើយ​ពី​ភាព​គ្មាន​ទោស​ពៃរ៍​របស់​លោក​ ចាប់​តាំង​ពី​​​ដើម​ដំបូង​រឿង​ក្តី​នេះ​មក​ម្ល៉េះ​ ខណៈ​ពេល​ដែល​គាត់មិនជាប់​ពាក់​ព័ន្ធនៅក្នុង​រឿង​ក្តី​​​នេះ និង​​មិន​ធ្លាប់ស្គាល់​​លោក​​​ប៊ន សំណាង​​ពី​មុន​​មក​ឡើយ រហូត​ដល់​​ពេល​ពួកគេ​បានជួប​គ្នា​នៅ​ក្នុង​ពន្ធនាគារ​​យ៉ាង​អណោ​ចអធម។ ​អ្នក​ទាំង​ពីរ​សុទ្ធ​តែ​បាន​លើក​ឡើង​ថា​ពួកគេ​ត្រូវ​បាន​​ឃាត់​ខ្លួន ដោយ​«គ្មាន​ដីកា​​ចាប់​ខ្លួន»។

ចំណែក​លោក​ប៊ន សំណាង បាន​លើក​ឡើង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ដំបូង​​ នៅ​ក្រោយ​ការ​ចាប់ខ្លួន​ពួកគេ​បន្តិច​ថា គាត់​បានស្រែក​យំ​ និង​បាន​​ប្រកាស​អំពី​​ភាព​ស្លូត​ត្រង់​​របស់​ខ្លួន​។​ «នៅ​ថ្ងៃ​កើត​ហេតុ​​ ខ្ញុំ​មិន​បាន​​នៅ​ទីក្រុង​ភ្នំពេញ​ទេ ប៉ុន្តែ​ខ្ញុំ​នៅ​អ្នកលឿង ខេត្ត​ព្រៃ​វែង នៅ​ផ្ទះ​​សង្សារ​របស់ខ្ញុំ។»

លោក ​ក៏​បាន​លើក​ឡើង​ផង​ដែរ​ អំពី​ករណី​អំពើ​ហឹង្សា​មក​លើ​រូប​គាត់​ ​ពីសំណាក់​មន្រ្តី​ប៉ូលីស «ដោយ​បាន​បង្ខំ​អោយ​គាត់​ផ្តិត​មេដៃ» លើ​ឯកសារមួយ​ ដែល​គាត់​មិន​​ដឹង​ថា​ជា​ឯកសារ​អ្វី​នោះទេ។ លោក​ក៏​បាន​លើក​ឡើង​​ផង​ដែរ​អំពី​ការ​គំរាម​កំហែង​​​របស់មន្រ្តី​​​នគរបាល ដែល​​​បាន​សន្យា​ចំពោះគាត់​ថា ពួក​គេ​នឹង​​បន្ធូរ​បន្ថយ​ទោស​របស់​គាត់ គឺ​ជាប់ពន្ធ​នាគារ​រយៈ​ពេល​ត្រឹមតែ​មួយ​ឆ្នាំ​ប៉ុណ្ណោះ ប្រសិន​ជា​គាត់​ទទួល​ស្គាល់​ទង្វើ​របស់​ខ្លួន។ លោក​បាន​បន្ថែម​លំអិត​ថា​ ដើម្បី​​​​​ធ្វើ​ការ​​សម្រេច​ចិត្ត គេ​បាន​បញ្ជូន​ស្រីៗ​មក​កាន់​បន្ទប់​ពន្ធនាគារ​របស់គាត់​។ «ខ្ញុំ​​​ភ័យ​ជា​ខ្លាំង។ ពួកគេ​ប្រាប់​​​អោយ​ខ្ញុំ​និយាយ​ថា​ខ្ញុំគឺជា​ឃាតក ហើយ​សុខ សំអឿន​​គឺជា​អ្នក​បើក​ម៉ូតូ...»។​

គាត់​ក៏​បាន​បរិហារ​ថា​នេះ​គ្រាន់ ​តែ​ជា​ឆាក​ល្ខោន​របស់​មន្រ្តីនគរបាល​យុត្តិធម៌ ដើម្បី​ទម្លាក់កំហុស​លើ​គាត់​​...។ លោក​ប៊ន សំណាង​បាន​បញ្ជាក់​អោយ​ដឹង​ថា «ទាំង​អង្គការ​ការ​ពារ​សិទ្ធិ​មនុស្ស ទាំង​សម្តេចឪ និង​សម្តេច​ម៉ែ បាន​ប្រកាស​​ថា​ខ្ញុំ​មិនមែន​ជា​ឃាតក​ទេ។ សម្តេច​ឪ​ក៏​បានអះអាង​ផង​ដែរ​ថា​តុលាការ​នឹង​​ដោះ​លែង​ខ្ញុំ​ នៅ​ថ្ងៃ​ណា​មួយ​មិនខាន ហើយ​ព្រះ​អង្គ​បាន​ផ្តល់​អំណោយ​ដល់​គ្រួសារ​របស់​ខ្ញុំ​ទៀត​ផង​»។

លោក ​ស្រី​មេធាវី​របស់​គ្រួសារ​លោក​ជា វិជ្ជា ក៏​បាន​អំពាវ​នាវ​សុំ​អោយ​ស្វែង​រក​​ «ឃាតក​​ពិត​​ប្រាកដ» និង​បានទាម​ទារ​សំណង​ជំងឺ​ចិត្ត​៥ម៉ឺន​ដុល្លារ សម្រាប់កូន​ក្តី​របស់​គាត់​​​។

ប្រតិកម្ម​រួមៈ រវាង​ការ​ភ្ញាក់ផ្អើល និង​ភាព​សប្បាយ​រីករាយ
នៅក្រោយ ​ការ​​ប្រកាស​សេចក្តីសម្រេច​ ឪពុក​ម្តាយ​របស់​ប៊ន សំណាង​និង​សុខ​ សំអឿន​បាន​សំដែង​អារម្មណ៍​សប្បាយ​រីក​រាយ​ ព្រមទាំង​បាន​​អរគុណ​ចំពោះ​តុលាការ​​កំពូល​ និងអ​ប​អរ​ស្វាគមន៍​ចំពោះ «យុត្តិធម៌​មួយ សម្រាប់​ប្រជាពល​រដ្ឋ​»។ លោក​រ៉ុង ឈុន មិត្ត​ភក្តិ​ជិត​ស្និទ្ធិ​នឹង​លោក​ជា វិជ្ជា ក៏បាន​សាទរ​ចំពោះការ​សម្រេច​នេះផង​ដែរ ក្នុងនាម​ខ្លួនឯង និង​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណា​ចក្រ​កម្ពុជា​ និង​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ ដែល​មាន​លោក​ជា​មេដឹក​នាំ​​។​ លោក​បាន​អធិប្បាយ​ថា «ខ្ញុំ​ជឿ​ជាក់ថា​នេះ​​គឺជា​ដំណើរ​ឆ្ពោះទៅ​រក​ការ​បញ្ចប់​និទណ្ឌភាព​នៅ​ ប្រទេស​កម្ពុជា​»​។​

ដោយឡែក គណៈកម្មាធិការ​ប្រព្រឹត្តិក​ម្ម​នៃ​អង្គការ​-សមាគម​ការ​ពារ​សិទ្ធិមនុស្ស​ កម្ពុជា ដែល​ជា​សម្ព័ន្ធ​អង្គការ​-សមាគម​មិនមែន​រដ្ឋាភិបាល​ក្នុង​ស្រុក​ចំនួន​២១ ក៏​បាន​​បង្ហាញ​ការ​ភ្ញាក់ផ្អើល​​ដ៏​រីក​រាយ​នេះ​ផង​ដែរ។ គណៈកម្មាធិការ​ប្រព្រឹត្តិ​​កម្ម​ ​បាន​សរសេរ​នៅ​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​មួយ​​ថា «នេះ​គឺជា​ការ​សម្រេច​ចិត្ត​វិជ្ជមាន​​ និង​ដ៏​គួរ​អោយ​លើក​ទឹក​ចិត្ត​»មួយ។ គណៈកម្មាធិការ​​នេះ​​បាន​លើកឡើង​ថា​ ខ្លួន​រង់​ចាំ​ការ​លើក​លែង​ការ​ចោទ​ប្រកាន់​របស់​សាលាឧទ្ធរណ៍​ នៅ​ក្នុង​សំណុំ​រឿង​ក្តី​នេះ ដើម្បី​ផ្តល់​ភាព​យុត្តិធម៌​​ពេញ​​លេញ​ដល់​ប៊ន សំណាង និង​សុខ សំអឿន ហើយ​​និង​ស្វែង​រក​ឃាតក​ពិត​ប្រាកដ​ ដែល​បាន​​សម្លាប់​លោក​ជា វិជ្ជា។​

ស្ថាន ​ទូត​សហរដ្ឋ​អាមេរិក​ក៏​បាន​មាន​ប្រតិកម្ម​ចំពោះ​ការ​សម្រេច​របស់​តុលាការ​ កំពូល​ និង​​​អំពាវ​នាវ​សុំអោយ​ «សាលាឧទ្ធរណ៍​ពិនិត្យ​សំណុំ​រឿងនេះ​ឡើង​វិញ​អោយ​បាន​ឆាប់រហ័ស និ​ងដោះ​ស្រាយ​​សំណុំ​រឿង​ ដោយ​គោរព​តាម​ច្បាប់​កម្ពុជា និង​នីតិ​វិធី​បទ​ដ្ឋាន​អន្តរ​ជាតិ​​»។ ស្ថាន​ទូត​បាន​សន្និដ្ឋាន​ថា «ការ​សម្រេច​ចិត្ត​នេះ គឺជា​វិធី​ដ៏ល្អ​ប្រសើរ​មួយ​សម្រាប់ការ​ឈាន​ចូល​មក​ដល់​នៃ​ឆ្នាំ​ថ្មី»។


0 អធិប្បាយ
ផ្តល់សេចត្តីអធិប្បាយ
អ៊ីមែល៖
 
ចំណងជើង៖
ឈ្មោះ៖
វ៊ិបសាយ៖
[b] [i] [u] [url] [quote] [code] [img] 
 
សូមបញ្ជូលកូតដែលលោក​អ្នកឃើញនៅក្នុងរូប ។ ចុចលើរូប​ដើម្បី​ប្តូររូ​ប ។

យើង​ខ្ញុំ​សូ​​មអរគុណ​ចំពោះ​អត្ថា​ធិប្បាយ​របស់​អស់​លោក​អ្នក ។ រាល់​អត្ថាធិប្បាយ​ទាំង​អស់​មិន​​ត្រូវ​​សរ​សេរ​អោយ​លើស​ពី​១៦​បន្ទាត់​ទ្បើយ ។ សូម​បញ្ជាក់ថា កាសែត​ មិនទទួលខុសត្រូវរាល់​អត្ថា​ធិប្បាយ​ណា​ដែល​បាន​ផ្សព្វផ្សាយ​នៅ​ក្នុង​​ផ្នែក អត្ថាធិប្បាយ ទ្បើយ។ រាល់អត្ថាធិប្បាយ​ទាំង​អស់​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​អ្នក​អាន មិន​​មែន​ជា​ទស្សនៈ​របស់​ផ្នែក​និពន្ធ​យើង​ទេ។ ចំពោះ​ព័ត៌​មាន​បន្ថែម​សូមទាក់​ទង​យើង​ខ្ញុំ​តាម​រយៈអ៊ីម៉ែល Cet e-mail est protégé contre les robots collecteurs de mails, votre navigateur doit accepter le Javascript pour le voir

3.26 Copyright (C) 2008 Compojoom.com / Copyright (C) 2007 Alain Georgette / Copyright (C) 2006 Frantisek Hliva. All rights reserved."

 
Empower your lifestyle with BlackBerry from Hello
 

 
 
ដំណឹងថ្មីៗ