© ចន វីង / Magnum
ផ្នែកទី២ នៃការសរុបព្រឹត្តិការណ៍នៅប្រទេសកម្ពុជាប្រចាំឆ្នាំ២០០៨ ។
ចុចទីនេះ ដើម្បីអានការសរុបព្រឹត្តិការណ៍នៅប្រទេសកម្ពុជាប្រចាំឆ្នាំ២០០៨ ផ្នែកទី ១ ។
កក្កដា
ថ្ងៃទី ៧ : ប្រាសាទព្រះវិហារត្រូវបានដាក់បញ្ជូលទៅក្នុងបញ្ជីបេតិកភណ្ឌមនុស្សជាតិ ជាផ្លូវការ ដោយគណៈកម្មាធិការបេតិកភណ្ឌពិភពលោក ដែលបានបើកសម័យប្រជុំ ចាប់ពីថ្ងៃទី២ កក្កដា នៅទីក្រុងកេប៊ិច (ប្រទេសកាណាដា) បើទោះជាមានការប្រឆាំងពីសំណាក់រដ្ឋាភិបាលថៃ ក៏ដោយ។ ម្យ៉ាងវិញទៀត ប្រទេសកម្ពុជាក៏ត្រូវបានអំពាវនាវអោយសហការជាប្រទេសថៃ ក្នុងគោលបំណង «ចុះបញ្ជីតំបន់ព្រំដែនរួម»សាជាថ្មី ដើម្បីការពារតំបន់ «ដ៏មានតម្លៃអស្ចារ្យ»នេះ ទាំងស្រុង។
© ចន វីង / Magnum
ថ្ងៃទី ១១ : អ្នកយកព័ត៌មាននៃសារព័ត៌មានប្រចាំថ្ងៃ មនសិការខ្មែរ និងកូនប្រុស ត្រូវបានឃាតកបាញ់សម្លាប់ នៅកណ្តាលទីក្រុងភ្នំពេញ។ គណបក្សសម រង្ស៊ី បានសំដែងការសោកស្តាយថា ឃាតកម្មរបស់លោកឃឹម សម្បូរណ៌ បានកើតមានឡើងនៅចំពេលធ្វើយុទ្ធនាការឃោសនាបោះឆ្នោត ដែលត្រូវបានចាត់ទុក ដូចជា «សារមួយ សម្រាប់គណបក្សប្រឆាំង ជាពិសេសគណបក្សសម រង្ស៊ី» ។
© ចន វីង / Magnum
ថ្ងៃទី ១៥ : ជម្លោះព្រំដែនរវាងប្រទេសកម្ពុជានិងប្រទេសថៃ ចាប់ផ្តើមកើតមានឡើង។ ទោះបីជាប្រាសាទព្រះវិហារត្រូវបានដាក់បញ្ជូល ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនៅដើមខែនេះក៏ដោយ ក៏អង្គការយូណេស្កូបានបន្សល់ទុកនូវការងារសម្រាប់ប្រទេស កម្ពុជា និងប្រទេសថៃ ក្នុងការដោះស្រាយបញ្ហាជម្លោះព្រំដែននៅក្នុងតំបន់នេះ។ ព្រឹត្តិការណ៍ថ្មីមួយបានកើតមានឡើង គឺ ជនជាតិថៃបីនាក់ ស្ថិតក្នុងសំលៀកបំពាក់ជាអ្នកបួស បានលួចផ្លោះរបងព្រំដែន នៅយប់ ថ្ងៃច័ន្ទ ទី១៤ និងព្រឹកថ្ងៃអង្គារ ទី១៥ កក្កដាដើម្បីទៅកាន់ប្រាសាទព្រះវិហារ។ តាមប្រភពមួយចំនួនបានអោយដឹងថា អ្នកទាំងនោះមានគោលបំណងយកទង់ជាតិប្រទេសពួកគេ ដោតនៅលើប្រាសាទ ហើយតាមប្រភពផ្សេងទៀតបង្ហាញថា ដើម្បីទៅធ្វើសមាធិនៅទីនោះ។ ពួកគេត្រូវបានឃាត់ខ្លួនដោយអាជ្ញាធរកម្ពុជា ពីបទឆ្លងចូលដោយខុសច្បាប់កម្ពុជា។ ចាប់តាំងពីថ្ងៃទី២២ មិថុនា បន្ទាប់ពីមានបាតុកម្មរបស់ជនជាតិថៃ នៅច្រកទ្វារព្រំដែន ប្រទេសកម្ពុជាបានសម្រេចបិទច្រកព្រំដែនព្រះវិហារ ដើម្បីជៀសវាងការចូលមកប្រព្រឹត្តអំពើមិនគប្បីជាយថាហេតុណាមួយ របស់ប្រជាជនថៃ។ នៅពាក់កណ្តាលថ្ងៃត្រង់ ទាហានថៃប្រដាប់ទៅដោយអាវុធជាង៤០នាក់ បានចូលមកក្នុងទឹកដីខ្មែរ ខណៈពេលដែលទាហានមួយចំនួនផ្សេងទៀតត្រូវបានដាក់ពង្រាយនៅតាមច្រក ទ្វារព្រំដែន ប្រឈមមុននឹងទាហានកម្ពុជាប្រចាំការនៅប៉ុស្តិ៍ព្រំដែន។

© ចន វីង / Magnum
ថ្ងៃទី ១៧ : អង្គការសហប្រជាជាតិបានចេញផ្សាយបញ្ជីនៃ «ប្រទេសមានការអភិវឌ្ឍន៍តិចតួច» ដែលត្រូវបានធ្វើការកែសម្រួលឡើងវិញជារៀងរាល់បីឆ្នាំម្តង ដោយក្រុមប្រឹក្សាសេដ្ឋកិច្ចនិងសង្គម។ ប្រទេសកម្ពុជានៅតែស្ថិតនៅក្នុងបញ្ជី «នៃប្រទេសមានការអភិវឌ្ឍន៍តិចតួចបំផុត» នេះ រួមជាមួយនឹង៩ប្រទេសផ្សេងទៀត ក្នុងទ្វីបអាស៊ី (អាហ្វហ្គានីស្ថាន បង់ក្លាដេស ប៊ូតង់ ម៉ាឌីវ មីយ៉ាន់ម៉ា ណេប៉ាល់ សាធារណៈប្រជាធិបតេយ្យប្រជាមានិតឡាវ ទីម័រខាងកើត និងយេម៉ែន)។
ថ្ងៃទី ២៧ : ដំណើរបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី៤ ដែលមានគណបក្ស១២ចូលរួមប្រកួតប្រជែង ប្រព្រឹត្តទៅក្នុងបរិយាកាសស្ងប់ស្ងាត់។ លទ្ធផលបណ្តោះអាសន្នបានបង្ហាញថាគណបក្សប្រជាជនកម្ពុជារបស់សម្តេច នាយករដ្ឋមន្រ្តីហ៊ុន សែន ទទួលបានសម្លេងគាំទ្រយ៉ាងច្រើនលើសលុប។ ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សបានវាយ តម្លៃថា «មានអំពើហឹង្សាតិច តែមានការគាបសង្កត់ ការគំរាមកំហែងច្រើន»។
© ចន វីង / Magnum
ថ្ងៃទី ២៨ : នៅក្រោយការបោះឆ្នោត គណបក្សប្រឆាំងកម្ពុជាបានបង្ហាញអំពីការរួបរួមកម្លាំង ប្រឆាំងនឹងគណបក្សប្រជាជនកម្ពុជា។ គណបក្សសម រង្ស៊ី គណបក្សសិទ្ធិមនុស្ស គណបក្សនរោត្តម រណឫទ្ធិ និងគណបក្សហ៊្វុនស៊ិនប៉ិច បានអំពាវនាវដល់ជនរួមជាតិខ្មែរនិងសហគមន៍អន្តរជាតិ «កុំទទួលស្គាល់លទ្ធផលនៃការបោះឆ្នោត ថ្ងៃទី២៧ខែកក្កដា»។
ចុង ខែកក្កដាៈ ជម្លោះព្រំដែនរវាងប្រទេសកម្ពុជានិងប្រទេសថៃ ចេះតែបន្តរីករាលដាល។ ទាហានថៃបានចូលឈ្លានពានប្រាសាទតាមាន់ ជិតព្រំដែនរួមនៃប្រទេសទាំងពីរ នៅខេត្តឧត្តរមានជ័យ។ ប្រទេសនេះទាមទារថាប្រាសាទទាំងនេះស្ថិតនៅលើទឹកដីរបស់ខ្លួន។
សីហា
ថ្ងៃ ទី១២ : គណបក្សសម រង្ស៊ី និងគណបក្សសិទ្ធិមនុស្ស នៅតែរួមគ្នាតវ៉ាលទ្ធផលនៃការបោះឆ្នោត ហើយបានប្រកាសអំពីឆន្ទៈដាក់ពាក្យបណ្តឹងទៅកាន់អង្គការសហប្រជាជាតិ។
© ចន វីង / Magnum
ថ្ងៃទី ២១ : សហព្រះអាជ្ញានៃអង្គជំនុំជម្រះវិសាមញ្ញ ក្នុងតុលាការកម្ពុជា (អ.វ.ត.ក) បានដាក់បណ្តឹងឧទ្ធរណ៍ប្រឆាំងនឹងដីកាដំណោះស្រាយ របស់សហចៅក្រមស៊ើបអង្កេត ដែលសម្រេចបញ្ជូនអតីតប្រធានមន្ទីរឃុំឃាំងស២១រូបនេះ ទៅអង្គជំនុំជម្រះសាលាដំបូង ដើម្បីកាត់ទោសជាចុងក្រោយ។ សហព្រះរាជអាជ្ញាទាំងពីរនៃ អ.វ.ត.ក បានគូសបញ្ជាក់ថា «ដីកាដំណោះស្រាយនេះមិនបានចោទប្រកាន់ឌុច អោយទទួលខុសត្រូវក្នុងនាមជាសហចារី ចំពោះឧក្រិដ្ឋកម្មសំខាន់ៗមួយចំនួន ដែលបានកើតមានឡើងដែលជាផ្នែកមួយនៃសហកម្មឧក្រិដ្ឋកម្មរួមនៅក្នុង មន្ទីរស២១នោះទេ» «ដីកានេះខកខានមិនបានចោទប្រកាន់ឌុច នៅក្រោមក្រមព្រហ្មទណ្ឌរបស់កម្ពុជា ឆ្នាំ១៩៥៦»។
© ចន វីង / Magnum
កញ្ញា
ថ្ងៃទី ១ : ប្រជាពលរដ្ឋរស់នៅតំបន់បឹងកក់ជាងមួយរយនាក់បានធ្វើការតវ៉ា ដើម្បីស្នើសុំសាលាក្រុងភ្នំពេញ បញ្ឈប់ប្រតិបត្តិការបូមខ្សាច់បំពេញបឹងរបស់ក្រុមហ៊ុនស៊ូកាគូ និងតវ៉ាសុំអោយដោះស្រាយបញ្ហាផ្លាស់ប្តូរលំនៅស្ថាន។ នៅក្នុងខែ កុម្ភៈ ឆ្នាំ ២០០៧ រដ្ឋាភិបាលបានចុះកិច្ចសន្យាជាមួយក្រុមហ៊ុន Shakaku Inc ក្នុងទឹកប្រាក់វិនិយោគទុន ៧៩ លានដុល្លារ នៅក្នុងក្របខ័ណ្ឌសម្បទានមួយ រយៈពេល ៩៩ឆ្នាំ ដើម្បីធ្វើការអភិវឌ្ឍន៍បឹងកក់នេះ។ ក្រុមហ៊ុនបានចាប់ផ្តើមបូមខ្សាច់ចាក់បំពេញបឹង កាលពីថ្ងៃអង្គារទី២៦ ខែសីហា ។
© ចន វីង / Magnum
ថ្ងៃទី ២ :លទ្ធផលនៃការបោះឆ្នោតផ្លូវការ ត្រូវបានប្រកាសៈ គណបក្សប្រជាជនកម្ពុជា (៩០អាសនៈ) គណបក្សសម រង្ស៊ី (២៦អាសនៈ) គណបក្សសិទ្ធិមនុស្ស(៣អាសនៈ) គណបក្សហ៊្វុនស៊ិនប៉ិច(២អាសនៈ) និងគណបក្សនរោត្តម រណឫទ្ធិ (២អាសនៈ)។
ថ្ងៃទី១៥ : លោក យ៉ាស ហ្គាយ តំណាងពិសេសរបស់លោកអគ្គលេខាធិការអង្គការសហប្រជាជាតិទទួលបន្ទុក សិទ្ធិមនុស្សប្រចាំកម្ពុជាបានលាលែងពីតំណែង មុនការបញ្ចប់អាណត្តិរបស់ខ្លួន។ អ្នកច្បាប់ជនជាតិកេនយ៉ារូបនេះបានប្រកាសការលាលែងតំណែង ជាមួយនឹងបំណងប្រថ្នាថា អ្នកបន្តតំណែងពីលោក នឹងបានទទួលការគាំទ្រយ៉ាងពេញទំហឹង ពីសំណាក់ក្រុមប្រឹក្សាសិទ្ធិមនុស្ស ស្ថាប័ននៃអង្គការសហប្រជាជាតិ និងសហគមន៍អន្តរ ជាតិ។ នៅក្នុងអំឡុងរយៈពេលបីឆ្នាំនៃបេសកកម្មរបស់លោក ក្នុងនាមជាតំណាងពិសេសរបស់លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា លោកយ៉ាស ហ្គាយ បានប្រកាសជាសាធារណៈតាមប្រព័ន្ធផ្សព្វផ្សាយថាលោកនឹងធ្វើ យុទ្ធនាការ រិះគន់ឥតឈប់ លើរូបសម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន។
ថ្ងៃទី១៦ : លោកJohn D.Negroponte អនុរដ្ឋមន្ត្រីការបរទេសអាមេរិក បានប្រកាសថា សម្រាប់ឆ្នាំ២០០៨ វិភាគទាន ចំនួន១,៨លានដុល្លារនឹងត្រូវប្រគល់ទៅអោយភាគីអន្តរជាតិនៃអ.វ.ត.ក (ខាងសហប្រជាជាតិ)។ ទោះបីជានៅឆ្នាំ២០០៥ សភាអាមេរិកធ្លាប់បានកាត់បន្ថយថវិកាសម្រាប់គម្រោងអភិវឌ្ឍន៍ ប្រទេសកម្ពុជាដោយផ្ទាល់ក៏ដោយ ក៏ស្ថាប័នច្បាប់មួយនេះនៅតែបន្តរៀបចំនូវលក្ខខណ្ឌសម្រាប់ការ ចូលរួមជាយថាហេតុណាមួយរបស់សហរដ្ឋអាមេរិក ដើម្បីធ្វើអោយការជំនុំជម្រះនេះត្រូវបានទទួលស្គាល់ ដោយគោរពទៅតាម«បទដ្ឋានអន្តរជាតិ»។

© ចន វីង / Magnum
ថ្ងៃទី ២៤ : ព្រះមហាក្សត្រ ព្រះបាទនរោត្តម សីហមុនី បានយាងធ្វើជាព្រះរាជាធិបតី នៅក្នុងសម័យប្រជុំសភាលើកដំបូង ក៏ដូចជាពិធីផឹកទឹកសម្បថរបស់តំណាងរាស្រ្តនៅព្រះបរមរាជវាំង។ សម្តេចនាយករដ្ឋមន្រ្តីហ៊ុន សែន ត្រូវបានជ្រើសតាំងជានាយករដ្ឋមន្រ្តីដោយព្រះមហាក្សត្រ។ ថ្ងៃនេះក៏ជាខួបលើកទី១៥ នៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជាផងដែរ។
© ចន វីង / Magnum
ថ្ងៃទី២៥ : រដ្ឋាភិបាលកម្ពុជាថ្មីត្រូវបានផ្តល់សុពលភាព។ រដ្ឋមន្រ្តីចំនួនប្រាំពីរត្រូវបានផ្លាស់ប្តូរ។
នៅថ្ងៃ ព្រហស្បតិ៍ ទី២៥ កញ្ញានេះ ព្រះមហាក្សត្រព្រះបាទបរមនាថ នរោត្តម សីហមុនី បានទ្បាយព្រះរាជក្រឹត្យលើកលែងទោសសម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្សនរោត្តម រណឫទ្ធិ តាមសំណើរបស់នាយករដ្ឋមន្រ្តី។ នៅថ្ងៃទី១៧ សម្តេចហ៊ុន សែនបានបើកភ្លើងខៀវអោយសម្តេចក្រុមព្រះយាងត្រឡប់មកកាន់ប្រទេស វិញ ព្រោះគណបក្សរបស់សម្តេចបានទទួលស្គាល់លទ្ធផលបោះឆ្នោត និងបានអំពាវនាវអោយបង្កើតរដ្ឋាភិបាលថ្មីអោយបានឆាប់រហ័ស។ សម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ បាននិរទេសព្រះកាយដោយអង្គឯងនៅប្រទេសម៉ាទ្បេស៊ី ចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០០៧ បន្ទាប់ពីគណបក្សហ៊្វុនស៊ិនប៉ិចបានប្តឹងព្រះអង្គពីបទរំលោភលើ សេចក្តីទុកចិត្ត ជុំវិញការលក់ទីស្នាក់ការកណ្តាលគណបក្សហ៊្វុនស៊ិនប៉ិច កាលព្រះអង្គនៅជាព្រះប្រធានគណបក្សនេះ។ ព្រះអង្គត្រូវបានកាត់ទោសអោយជាប់ពន្ធនាគាររយៈពេល១៨ខែ ហើយអោយសងជម្ងឺចិត្តរដ្ឋប្បវេណីចំនួន ១៥០ ០០០ដុល្លារអាមេរិក។
តុលា
ថ្ងៃទី ៨ : អង្គការ Open Society Justice Initiative (OSJI) ដែលស្ថិតនៅក្នុងចំណោមអង្គការសង្កេតការណ៍ដ៏សំខាន់ នៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) បានធ្វើការអំពាវនាវមួយ នៅក្នុងរបាយការណ៍របស់ខ្លួន ដោយបានសុំអោយម្ចាស់ជំនួយ «ដាក់លក្ខខណ្ឌផ្សេងៗ ទៅលើជំនួយដែលនឹងផ្តល់ជូនសាលាក្តីខ្មែរក្រហម នាថ្ងៃអនាគត រួមទាំងលក្ខខណ្ឌលើការផ្តល់ប្រាក់ជំនួយដែលខ្លួនបានសន្យាថានឹងជួយ ដល់សាលាក្តី។ មិនត្រឹមតែប៉ុណ្ណោះ អង្គការខាងលើនេះបានអំពាវនាវសុំអោយមានដំណោះស្រាយចាំបាច់មួយ ចំពោះការព្រួយបារម្ភនាពេលថ្មីៗនេះ ទាក់ទងនឹងអំពើពុករលួយនៅក្នុង អ.វ.ត.ក ហើយសុំអោយមានការឆ្លើយតបរបស់តុលាការទៅនឹងពាក្យបណ្តឹងប្រឆាំងអំពើ ពុករលួយដែលមាន»។ កាលពីខែកុម្ភៈ ឆ្នាំ២០០៧ អង្គការសង្កេតការណ៍មួយនេះគឺជាអង្គការទីមួយ ដែលបានបរិហារអំពីអំពើពុករលួយដែលកើតមានឡើងខាងភាគីកម្ពុជា ដែលបានចំណាយប្រាក់បៀវត្សរបស់ខ្លួនមួយចំនួនទៅអោយមន្រ្តី រដ្ឋាភិបាល ដើម្បីទទួលបានតំណែងនៅក្នុងសាលាក្តីកាត់ទោស អតីតមេដឹកនាំខ្មែរក្រហម។
ថ្ងៃទី១៥ : ការប៉ះទង្គិចមួយ នៅព្រំដែនខ្មែរ-ថៃ ក្បែរប្រាសាទព្រះវិហារ ដែលបានបង្កអោយភាគីកម្ពុជាស្លាប់បីនាក់។
© ចន វីង / Magnum ថ្ងៃទី ២៤ : នៅក្នុងចំណាត់ថ្នាក់ពិភពលោកថ្មីនៃសេរីភាពសារព័ត៌មាន ដែលរៀបចំធ្វើឡើងដោយអង្គការអ្នកយកព័ត៌មានគ្មានព្រំដែន (Reporters sans frontières) ប្រទេសកម្ពុជាស្ថិតនៅក្នុងចំណាត់ថ្នាក់ទី១២៦ (ក្នុងចំណោម១៧៣ប្រទេស) ដែលជាចំណាត់ថ្នាក់ស្មើនឹងប្រទេសកូឡុំប៊ី។ អង្គការអ្នកយកព័ត៌មានគ្មានព្រំដែនបានពន្យល់ថា ប្រទេសកម្ពុជាទទួលបានពិន្ទុមិនល្អ «បន្ទាប់ពីកើតមានអំពើឃាតកម្មមកលើអ្នកយកព័ត៌មានមួយរូប ដែលបញ្ជាដោយមន្រ្តីនគរបាលមួយរូប និងមានការពង្រឹងការត្រួតពិនិត្យលើប្រព័ន្ធផ្សព្វផ្សាយ នៅអំឡុងពេលបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត»។
វិច្ឆិកា
ថ្ងៃទី ៧ : អត្រាកំណើនសេដ្ឋកិច្ចនៃប្រទេសកម្ពុជា នៅឆ្នាំ២០០៩នេះ ប្រឈមនឹងការធ្លាក់ចុះកំរិតទាបបំផុត នៅក្នុងអំឡុងរយៈពេល១៥ឆ្នាំនេះ។ នេះគឺជាសេចក្តីសន្និដ្ឋានរបស់បេសកកម្មមួយនៃមូលនិធិ រូបិយវត្ថុអន្តរជាតិ។
ថ្ងៃទី៩ : លោក ហុក ឡងឌី អគ្គស្នងការនគរបាលជាតិនៃប្រទេសកម្ពុជា បានបាត់បង់ជីវិតនៅក្នុងគ្រោះថ្នាក់ធ្លាក់ឧទ្ធម្ភាគចក្រមួយ ខណៈពេលលោកធ្វើដំណើរពីទីក្រុងភ្នំពេញ ឆ្ពោះទៅខេត្តស្វាយវៀង ដែលជាស្រុកកំណើតរបស់លោក ស្ថិតនៅភាគអាគ្នេយ៍នៃប្រទេសកម្ពុជា។ លោកបានរៀបចំការធ្វើដំណើរនេះ បន្ទាប់ពីលោកបានចូលរួមពិធីបុណ្យឯករាជ្យជាតិ ខួបលើកទី៥៥។
ថ្ងៃទី ១៥ : ៣០ឆ្នាំក្រោយរបបវាលពិឃាដនេះ លោក Gunnar Bergstrom ត្រឡប់មកកាន់ប្រទេសកម្ពុជាជាលើកដំបូងរបស់លោក ជាមួយនឹងរូបថតជាច្រើនសន្លឹក ដែលលោកបានថតនៅខែសីហា ឆ្នាំ១៩៧៨ និងសៀវភៅមួយក្បាល ក្រោមចំណងជើងថា «ការរស់នៅក្នុងឋាននរកៈ របបកម្ពុជាប្រជាធិបតេយ្យ ខែសីហា ឆ្នាំ១៩៧៨» ("Living Hell : Democratic Kampuchea, August 1978" ) ដើម្បីបង្ហាញដល់ប្រជាជនកម្ពុជា។
ធ្នូ
ថ្ងៃទី ៥ : នៅចុងបញ្ចប់នៃវេទិកាអភិវឌ្ឍន៍និងសហប្រតិបត្តិការកម្ពុជា រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានប្រកាសថាប្រទេស ផ្តល់ជំនួយនិងអង្គការអន្តរជាតិបានសន្យាផ្តល់ជំនួយដល់ប្រទេស កម្ពុជា ជិត១ពាន់លានដុល្លារ សម្រាប់ឆ្នាំ២០០៩។ ក្នុងនោះ ប្រទេសចិនផ្តល់ជំនួយច្រើនជាងគេ (២៥៧លានដុល្លារ) បន្ទាប់មកគឺសហភាពអឺរុប (២១៤លានដុល្លារ) និងប្រទេសជប៉ុន (១១៣លានដុល្លារ)។ ជោគជ័យផ្សេងទៀតសម្រាប់ប្រទេសកម្ពុជា គឺប្រទសផ្តល់ជំនួយបានសន្យាថានឹងផ្តល់ជំនួយសម្រាប់ ៣ទៅ៥ឆ្នាំ ខាងមុខទៀត។
© ចន វីង / Magnum ថ្ងៃទី ៨ : សហព្រះរាជអាជ្ញាកម្ពុជានិងអន្តរជាតិនៃអង្គជំនុំជម្រះវិសាមញ្ញ ក្នុងតុលាការកម្ពុជា បានបង្ហាញ «ការខ្វែងគំនិតគ្នា ជុំវិញភាពសមស្របនៃការបើកកិច្ចស៊ើបអង្កេតថ្មី តាមផ្លូវតុលាការទៅលើឧក្រិដ្ឋកម្មទាំងឡាយ ដែលប្រព្រឹត្តឡើងនៅតាមបណ្តាទីតាំងនានា ទូទាំងប្រទេសកម្ពុជា ដោយជនមួយចំនួនដែលត្រូវបានចាត់ទុកជាមេដឹកនាំជាន់ខ្ពស់នៃរបប ខ្មែរក្រហម រឺជនដែលទទួលខុសត្រូវខ្ពស់បំផុតចំពោះឧក្រិដ្ឋកម្មក្រោមរបបនោះ»។ ប្រជាជនកម្ពុជា និងជនរងគ្រោះពីរបបខ្មែរក្រហម តែងតែបានលើកឡើងថាមិនមែនមានត្រឹមតែជនប្រាំនាក់ប៉ុណ្ណោះទេ ដែលជាអតីតមេដឹកនាំនិងឧក្រិដ្ឋជនខ្មែរក្រហមដ៏សាហាវឃោរឃៅ ដែលត្រូវចូលបង្ហាញខ្លួននៅចំពោះមុខតុលាការអន្តរជាតិនេះ។ ប្រជាជនទាំងនោះបានវាយតម្លៃថាពួកគេទាំងប្រាំនាក់មិនមែនជា អ្នកទទួលខុសត្រូវតែម្នាក់ឯង ចំពោះឧក្រិដ្ឋកម្មដែលបានកើតមានឡើងនៅរបបកម្ពុជាប្រជាធិបតេយ្យឡើយ (១៩៧៥-១៩៧៩)។
ថ្ងៃទី៩ : តាមរយៈសម្លេងគាំទ្រ៨១ លើ៩៥ រដ្ឋសភាបានអនុម័តសេចក្តីព្រាងច្បាប់ស្តីពីថវិកាជាតិឆ្នាំ ២០០៩ ដែលមានចំនួនប្រមាណ ១,៨ពាន់លានដុល្លារ ពោលគឺមានចំនួនកើនឡើង២៨% ប្រៀបធៀបទៅនឹងថវិកាឆ្នាំ២០០៨។ ក្រសួងការពារជាតិទទួលបានថវិកាចំនួនប្រហែល១៦០លានដុល្លារ ជាមួយនឹងកំណើននៃថវិការបស់ខ្លួន៦៨,៨%។
ថ្ងៃទី១២ : ករណីឆ្លងវីរុសគ្រុនផ្តាសាយបក្សីលើយុវជនខ្មែរមួយរូប កាលពីចុងខែវិច្ឆិកា ឆ្នាំ២០០៨ ត្រូវបានប្រកាសជាផ្លូវការ។ យុវជនរូបនោះមានសភាពធូរស្បើយ និងបានចាកចេញពីមន្ទីរពេទ្យ។ យុវជនរូបនេះគឺជាមនុស្សទី៨ ដែលបានឆ្លងវីរុសគ្រុនផ្តាសាយបក្សីនៅប្រទេសកម្ពុជា គិតចាប់តាំងពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០០៥ ដែលកើតមានករណីឆ្លងមេរោគមកមនុស្សជាលើកដំបូងនៅប្រទេសកម្ពុជា។ មិនមានករណីឆ្លងវីរុសគ្រុនផ្តាសាយបក្សីថ្មី ត្រូវបានប្រកាសអោយដឹង ចាប់តាំងពីកុមារី អាយុ១៣ឆ្នាំម្នាក់ ដើមកំណើតមកពីខេត្តកំពង់ចាម បានស្លាប់ កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០០៧។

© ចន វីង / Magnum
ថ្ងៃទី ១៨ : លោកកឹម សុខា ប្រធានគណបក្សសិទ្ធិមនុស្ស បានអញ្ជើញអ្នកសារព័ត៌មាន មកកាន់ទីស្នាក់ការគណបក្សរបស់លោក ដើម្បីប្រកាសអំពីការចងសម្ព័ន្ធភាពជាមួយគណបក្សសម រង្ស៊ី បន្ទាប់ពីមានសំណូមពរជាច្រើន ក្រោយការបោះឆ្នោតថ្ងៃទី២៧ ខែកក្កដា មក។
© ចន វីង / Magnum
ថ្ងៃទី ២៦ : សម្តេចឪ ដែលបច្ចុប្បន្នកំពុងគង់ប្រថាប់នៅទីក្រុងប៉េកាំង បានបញ្ជាក់នៅក្នុងសេចក្តីជូនដំណឹងមួយ ថា ព្រះអង្គនឹងមិនយាងមកកាន់ប្រទេសកម្ពុជា នៅខែកុម្ភៈ ឆ្នាំ២០០៩ តាមការគ្រោងទុកនោះទេ ដោយសារបញ្ហាព្រះសុខភាព។
ថ្ងៃទី៣១ : តុលាការកំពូលបើកការជំនុំជម្រះលើករណីប៊ន សំណាង និងសុខ សំអឿន។
© ចន វីង / Magnum