| ព្រះវិហារៈ ការចរចាជាមួយប្រទេសថៃ នៅតែ "ស្មុគស្មាញ" |
| ដោយ ដួង សុខា | |
| ០៤-០១-២០០៩ |
បើតាមប្រសាសន៍របស់លោកខៀវ កាញ៉ារិទ្ធ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ការចរចាបញ្ហាជម្លោះព្រំដែនរវាងប្រទេសកម្ពុជានិងប្រទេសថៃ នៅតែមាន«ភាពស្មុគស្មាញ»។ នៅថ្ងៃអាទិត្យ ទី៤ ខែមករា លោកបានពន្យល់ថាគណបក្សប្រឆាំងថៃបានកេងចំណេញលើបញ្ហានេះ ដើម្បីយកមកធ្វើជាប្រយោជន៍នយោបាយ។
លោកខៀវ កាញ៉ារិទ្ធ ពន្យល់ថា «បញ្ហាព្រួយបារម្ភនាពេលនេះគឺ យើងចង់ដឹងថាតើកិច្ចប្រជុំកំពូលអាស៊ានអាចនឹងរៀបចំធ្វើឡើងនៅថ្ងៃទី១៧ ខែកុម្ភៈ នៅខេត្តឈៀងម៉ៃដែររឺទេ។ មុននឹងដំណើរប្រជុំនេះ រាល់សន្ធិសញ្ញា និងកិច្ចព្រមព្រៀងអន្តរជាតិត្រូវតែផ្តល់សុពលភាពដោយរដ្ឋសភា ដើម្បីយកមកបង្ហាញនៅពេលប្រជុំកំពូល»។ សម្រាប់លោក កិច្ចប្រជុំលើកនេះមានសារៈសំខាន់បំផុត ព្រោះមានការចូលរួមពីសំណាក់ប្រទេសមិនមែនជាសមាជិកអាស៊ានមួយចំនួន ដូចជាប្រទេសអូស្រា្តលី និងណូវ៉ែល ហ្សេឡង់។ លោកបានបញ្ជាក់ថា ប្រទេសថៃត្រូវចុះកិច្ចព្រមព្រៀងផ្លាស់ប្តូរពាណិជ្ជកម្មជាមួយប្រទេសជប៉ុន។
|