|
អធិប្បាយចុងក្រោយ
|
| ការតស៊ូដើម្បីជីវភាពប្រចាំថ្ងៃ និងដើម្បីសមភាពរវាងបុរសនិងស្រ្តី នៅលើសង្វៀនប្រដាល់ |
| ដោយ ស្ទេហ្វានី ហ្សេ | | | ១៧-១២-២០០៨ |
ភ្នំពេញ (កម្ពុជា) ថ្ងៃទី១៥ ធ្នូ ២០០៨៖ សុខ ស្រីទូច កីឡាការិនីប្រដាល់តែម្នាក់គត់ នៅបន្ទប់ផ្លាស់សំលៀកបំពាក់ ជាមួយមិត្តភក្តិកីឡាករបុរសផ្សេងទៀត មុននឹងនាងចេញប្រកួតជាមួយកីឡាការិនី ឡេឡូ ប៉ាហ្ស៍ នៅពហុកីឡាដ្ឋានជាតិអូឡាំពិច © ចន វីង / Magnum ដោយមានទឹកមុខរឹងមាំដូចជាបុរស និងក្រសែភ្នែកសំឡឹងមើលទៅឆ្ងាយ យើងមិនអាចស្មានជំរៅចិត្តរបស់សុខ ស្រីទូចបានថាតើនាងកំពុងគិតអ្វី មានអារម្មណ៍យ៉ាងដូចម្តេចនោះទេ សូម្បីតែអាយុរបស់នាង ក៏យើងមិនអាចស្មានត្រូវដែរ។ នាងបានឆ្លើយតបសំណួររបស់យើងមួយម៉ាត់ៗ ដាច់ៗ ជាមួយនឹងសម្លេងធ្ងន់ៗ។ កញ្ញាសុខ ស្រីទូច គឺជាកីឡាការិនីប្រដាល់ក្បាច់បុរាណខ្មែរដ៏កំរមួយរូប នៅប្រទេសកម្ពុជា។ នាងមានការប្រយុទ្ធជាច្រើននៅក្នុងឆាកជីវិតរបស់នាង មិនត្រឹមតែនៅលើសង្វៀនប្រដាល់មួយមុខនោះទេ។ នារីវ័យក្មេង អាយុ២០ឆ្នាំរូបនេះ មិនមានអ្វីៗ ដូចជានារីក្មេងៗ វ័យស្របាលនាងនោះទេ។ កីឡាប្រដាល់គឺជាប្រភេទកីឡាបុរាណខ្មែរដែលមានដើមកំណើតរាប់រយសតវត្សរ៍មកហើយ ហើយប្រជាជនកម្ពុជាតែងតែរិះគន់យ៉ាងចាស់ដៃចំពោះប្រទេសជិតខាងថៃ ដែលបានយកសិល្បៈប្រយុទ្ធបុរាណនេះមកធ្វើជារបស់ខ្លួន។ ប្រវត្តិគ្រួសារ នៅគេហដ្ឋានរបស់គ្រួសារសុខ ស្រីទូច យើងឃើញមានស្នាប់ដៃ ក៏ដូចជាស្បែកជើងផ្ទាត់ អ្វីៗគ្រប់យ៉ាង សុទ្ធតែមានគូរបស់វា ដូចជាមនុស្ស គឺត្រូវមានប្រុស និងស្រី។ ស្រីទូច មានបងប្អូនប្រុសបីនាក់ និងបងប្អូនស្រីពីរនាក់។ ពួកគេសុទ្ធតែចាប់អារម្មណ៍នឹងកីឡាប្រដាល់។ ឪពុករបស់នាងគឺជាអ្នកបង្ហាត់បង្រៀនក្បាច់ប្រយុទ្ធនេះ ព្រោះគាត់ជាអតីតកីឡាករប្រដាល់ក្បាច់បុរាណខ្មែរ នៅអំឡុងទសវត្សរ៍ឆ្នាំ៦០ ប៉ុន្តែបច្ចុប្បន្ន គាត់បានក្លាយជាជនពិការ ដោយធ្វើដំណើរទៅណាមកណា ត្រូវពឹងផ្អែកលើជើងសិប្បនិម្មិតរបស់គាត់។
ស្រីតូច បានពន្យល់ទាំងមួហ្មងថា «នៅក្នុងការប្រកួតមួយ កាលពីឆ្នាំ១៩៧១ គាត់ត្រូវដៃគូប្រយុទ្ធ ជាជនជាតិថៃ ទាត់ចំកណ្តៀតក្អមយ៉ាងខ្លាំង។ គេបានបន្សល់ទុកនូវជោគវាសនាអាក្រក់ដល់ឪពុកខ្ញុំ។ គាត់ក៏ចាប់ផ្តើមធ្លាក់ខ្លួនឈឺភ្លាម ក្រោយមក ក៏បានជាសះស្បើយវិញ ប៉ុន្តែគាត់ត្រូវកាត់ជើងទាំងសងខាងចោល... បញ្ហានេះក៏ដោយសារការជឿលើរឿងមន្តអាគមអូមអាប»។ «ភាពពិការមិនអាចធ្វើអោយឪពុកខ្ញុំចាកឆ្ងាយចេញពីវិស័យកីឡាប្រដាល់នោះទេ។ គាត់តែងតែតាមដានមើលសិស្សប្រដាល់ជំនាន់ក្រោយៗ ហើយគាត់ក៏បានក្លាយជាគ្រូបង្វឹក នៅក្នុងភូមិ នាខេត្តកំពង់ស្ពឺ។
ទោះបីជាយ៉ាងណា សភាពរបស់ឪពុកនាងមិនអាចជះឥទ្ធិពលដល់ការសម្រេចចិត្តរបស់ស្រីទូច ក្នុងការចូលប្រឡូកនៅក្នុងវិស័យប្រដាល់នោះទេ។ នាងបានហាត់រៀនក្បាច់ប្រដាល់តាំងពីនាងមានវ័យ១២-១៣ឆ្នាំមកម្ល៉េះ។ ជានិច្ចកាល នាងតែងតែតាមដានទស្សនាការប្រកួតកីឡាប្រដាល់ នៅតាមកញ្ចក់ទូរទស្សន៍ ដែលផ្សាយបន្តផ្ទាល់ នៅក្នុងប្រទេសកម្ពុជា។ គ្មានអ្វីដែលអាចធ្វើជាឧបសគ្គរាំងស្ទះនាងបានឡើយ។ បងប្រុសរបស់នាង ឈ្មោះសុខ សុភ័ក្រ្ត គឺជាវីរៈបុរសរបស់ស្រីទូច។ បងប្រុសនាងបានបាត់បង់ជីវិត ទាំងនៅក្មេង កាលពី៤-៥ឆ្នាំមុន។ នាងមិនសូវដឹងច្បាស់នោះទេ។ ប្អូនស្រីម្នាក់នេះបាននិយាយយ៉ាងខ្លីថា «គាត់ទទួលរងនូវការប៉ះទង្គិចច្រើនពេក ... គាត់ត្រូវគេវ៉ៃយ៉ាងខ្លាំង»។ នាងហាក់បីដូចជាមិនទាន់កាត់ចិត្ត ពីរឿងទុក្ខសោកនេះនៅឡើយទេ។ កីឡាប្រដាល់បានធ្វើអោយសមាជិកគ្រួសារស្រីទូច ទទួលរងគ្រោះចំនួនពីរនាក់រួចមកហើយ។ នៅត្រង់ចំណុចនេះ យើងអាចគិតថាកីឡាប្រភេទនេះ គឺជាកីឡាគ្រោះថ្នាក់ ប៉ុន្តែ ស្រីទូចមិនយល់ឃើញដូច្នោះទេ។ នាងឆ្លើយតបវិញយ៉ាងខ្លីថា «ទេ» មួយម៉ាត់យ៉ាងខ្លី ដោយមិនបញ្ជាក់ហេតុផលអ្វីទាំងអស់។ យើងបានសង្កត់ធ្ងន់សួរថា «តើនាងធ្លាប់រងរបួសដែររឺទេ? ស្រីទូចក៏បានបង្ហាញសម្លាកនៅត្រង់ថ្ងាស ដែលបន្សល់ទុកពីការប្រកួតមួយ។ ស្រីទូចបានរៀបរាប់ថា «នាងមានស្នាមដេររបួសជាច្រើនកន្លែង»។ នាងមិនមែនចាត់ទុកសម្លាកនេះ ដូចជាជ័យជំនះនោះទេ ប៉ុន្តែ វាគ្រាន់តែជាភាគល្អិតតូចមួយ ដែលបន្ថែមនៅលើផ្ទៃមុខរបស់នាងប៉ុណ្ណោះ។
គោលដៅ គឺប្រាក់កំរៃ ការឡើងប្រកួតនៅលើសង្វៀនប្រដាល់របស់កូនៗត្រកូលសុខ បានទទួលការគាំទ្រនិងលើកទឹកចិត្តយ៉ាងពេញទំហឹងពីសំណាក់ម្តាយរបស់ពួកគេ។ នៅក្នុងគ្រួសារក្រីក្រមួយនេះ កីឡាប្រដាល់គឺជាជម្រើសមួយដ៏ល្អប្រសើរ។ ប្រដាល់អាចផ្តល់នូវប្រាក់ចំណូល ដើម្បីជួយសម្រួលដល់ជីវភាពប្រចាំថ្ងៃ ទោះបីជាប្រកួតចាញ់ រឺឈ្នះក៏ដោយ ក៏គេអាចទទួលបានប្រាក់កំរៃខុសៗគ្នា ប្រសិនជាការប្រកួតនោះ លក់សំបុត្រចូលទស្សនា។ ប្រាក់ចំណូលបន្ថែមនេះបានជម្រុញអោយស្រីទូច ចាប់យកអាជីពជាកីឡាការិនីប្រដាល់ និងបានក្លាយជាជើងឯកកីឡាការិនីប្រដាល់ថ្នាក់ជាតិ។
ការរើសអើងស្រ្តី នៅក្នុងវិស័យកីឡា នៅល្ងាច ថ្ងៃច័ន្ទ នៅពហុកីឡាដ្ឋានជាតិអូឡាំពិច កីឡាការិនីវ័យក្មេងរូបនេះត្រូវប្រកួតជាមួយកីឡាការិនីបារាំង ឈ្មោះ ឡេឡូ ប៉ាហ្ស៍ (Lelo Page)។ តាំងពីទឹកទីមួយ កីឡាការិនីបារាំងបានវាយសន្ធាប់លើស្រីទូច និងបានផ្តួលនាង ក្នុងរយៈពេលមិនលើសពី១០នាទី។ ប៉ុន្តែ មិនមានន័យថាស្រីទូច ខ្វះភាពក្លាហានសេចក្តីក្លៀវក្លានោះទេ ប៉ុន្តែ គឺខ្វះការហ្វឹកហាត់ និងខ្វះការឧបត្ថម្ភ។ ការហ្វឹកហាត់ប្រដាល់គឺជាការងារបន្ថែម ពីការងារប្រចាំថ្ងៃរបស់ស្រីទូច។ ចាប់ពីម៉ោង៧ព្រឹក មកទល់ម៉ោង៤រសៀល ក្មេងស្រីជាអ្នកកីឡារូបនេះត្រូវធ្វើការងារយ៉ាងមមាញឹកនៅក្នុងរោងចក្រកាត់ដេរមួយកន្លែង។ ការងារនេះធ្វើអោយនាងហត់នឿយ ប៉ុន្តែ នាងមិនត្អូញត្អែរចំពោះវាសនារបស់ខ្លួនឡើយ។
នៅក្នុងពិភពកីឡាមួយ ដែលគ្របដណ្តប់ទៅដោយបុរស គេមិនសូវជាយកចិត្តទុកដាក់អំពីសារៈសំខាន់នៃការរៀបចំខ្លួនរបស់ស្រ្តីនោះទេ ពោលគឺ កីឡាការិនីត្រូវចូលផ្លាស់សំលៀកបំពាក់នៅក្នុងបន្ទប់រួម ជាមួយមិត្តភក្តិកីឡាករ ដែលជាភេទផ្ទុយគ្នា។
លោកហ្វីលីព សេបៀ គ្រូបង្វឹក និងជាអ្នកការពារគុនខ្មែរ នៅទីក្រុងប៉ារីស ដែលបានធ្វើដំណើរមកកាន់ប្រទេសកម្ពុជា អមដំណើរគណៈប្រតិភូកីឡាករប្រដាល់បារាំងបានអធិប្បាយថា«គេទស្សន៍ទាញបានថានាងមិនបានហ្វឹកហាត់គ្រប់គ្រាន់ មិនមានគ្រូបង្វឹកពិតប្រាកដ ព្រមទាំងមិនមានកម្មវិធីហ្វឹកហាត់ច្បាស់លាស់»។ លោកបានបន្ថែមថា «មិនមានសមភាពរវាងបុរសនិងស្រ្តីនោះទេ»។ លោកបានវាយតម្លៃថា «ឧទាហរណ៍ នៅប្រទេសបារាំង ស្រ្តីម្នាក់ត្រូវហ្វឹកហាត់ជាមួយបុរស ត្រូវប្រយុទ្ធសាកថ្វីដៃជាមួយបុរស…។ នៅទីនេះ ពិតជាមិនអាចគិតទៅរួចនោះទេ។ ប្រទេសកម្ពុជានៅមិនទាន់ត្រៀមលក្ខណៈនៅឡើយ សម្រាប់ការប្រកួតកីឡាប្រដាល់ស្រ្តី»។ លោកមានបំណងអញ្ជើញស្រីទូច ទៅប្រទេសបារាំង ដើម្បីចុះកម្មសិក្សា និងដើម្បីទទួលខុសត្រូវលើរូបនាង។
ស្រីទូចមានបំណងប្រាថ្នាចង់អោយស្រ្តីនឹងឡើងប្រកួតនៅលើសង្វៀនប្រដាល់។ ប៉ុន្តែ ជាបឋម គេត្រូវបណ្តុះផ្នត់គំនិតជាមុនសិន។ «នារីភេទមិនមែនពិបាកក្នុងការបញ្ចុះបញ្ជូលនោះទេ ព្រោះ ខ្ញុំជួបនារីជាច្រើន ដែលចង់ធ្វើដូចរូបខ្ញុំ ប៉ុន្តែ គឺឪពុកម្តាយរបស់ពួកគេទៅវិញទេ»។ ទោះជាយ៉ាងណាក៏ដោយ នៅអំឡុងពេលរង់ចាំ មិត្តភក្តិរួមការងារនៅរោងចក្ររបស់ស្រីទូច បានក្លាយជាអ្នកគាំទ្រដ៏សំខាន់សម្រាប់រូបនាង។
|
|
|