កា​សែត​គឺ​ជា​វ៉ិប​សាយ​ព័ត៌​មាន​ឯក​រាជ្យ​ដែល​ចេញ​ផ្សាយ​ប្រ​ចាំ​ថ្ងៃ​ជា​ភាសាខ្មែរ ​បា​រាំង និងអង់គ្លេស ​ស្តី​អំ​ពី​ប្រទេស​កម្ពុជា​និង​ប្រ​ជា​ជន​កម្ពុជា​នៅ​ក្រៅ​ប្រទេស ។
Installing Khmer Unicode
Bookmark and Share

ទទួល​ព័ត៌​មាន​




 
ក្រសួង​ព័ត៌មាន​មាន​បំណង​ធ្វើ​និយ័តកម្ម​លើ​​ការផ្សព្វ​ផ្សាយ​តាម​ប្រព័ន្ធ​អ៊ីនធឺណែត
ដោយ ដួង សុខា   
បោះពុម្ភ ផ្ញើអត្ថបទ​តាម​ Email
០៥-០១-២០០៩

 ហាង​អ៊ិន​ធឺណែត​ ​©ចន វីង

បាត់​ដំបង ថ្ងៃ១១ ធ្នូ ២០០៦ : ហាង​អ៊ីនធឺណែត​

©ចន វីង / Magnum

ចាប់​តាំង​ពី​ការ​មក​ដល់​​​​​ប្រព័ន្ធ​អ៊ីនធឺណែត​នៅ​កម្ពុជា​​នា​ឆ្នាំ​១៩៩៧មក (ជាឆ្នាំ​ដែលប្រទេសកម្ពុជាមានជាផ្លូវការនូវបណ្តាញអ៊ីនធឺណែតដែលភ្ជាប់២៤ម៉ោងជា​លើកដំបូង​) ការទំនាក់ទំនង​ និងការ​ផ្សព្វ​​ផ្សាយ​ព័ត៌មាន​​តាម​របៀប​​នេះ​កាន់​តែ​មាន​ប្រជា​ប្រិយ​ភាព​ឡើង​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា។ ស្រប​ពេល​ជាមួយ​គ្នា​នេះ ការផ្សព្វ​ផ្សាយ​តាម​វិទ្យុ ​ទូរទស្សន៍​ខ្សែ កាប​ និង​ប្រព័ន្ធ​ផ្កាយ​រណប​ក៏មាន​សន្ទុះ​​កើន​ឡើង​ដែរ។ ការ​រីក​ចម្រើន​ជាង​មួយ​ទសវត្ស​មក​នេះបាន​ធ្វើ​អោយ​ក្រសួង​ព័ត៌មាន​ចាប់​ផ្តើម​ខ្វាយ​ខ្វល់​​ពី​​ផល​​​ប៉ះពាល់​ជាយថាហេតុ​បង្ក​ឡើង​​ដោយ​បច្ចេក​វិទ្យា​​ថ្មីៗ​ទាំងនេះ​ទៅ​លើ​សង្គម​ខ្មែរ​។ ដូច្នេះ​ក្រសួង​​មាន​បំណង​ដាក់​​«សេវា​​កម្ម​ផ្សាយ​​តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច​» អោយ​ស្ថិត​នៅ​ក្រោមការ​គ្រប់​គ្រង​របស់​​ច្បាប់​មួយ ដែល​បច្ចុប្បន្ន​​កំពុង​ស្ថិត​ក្នុង​ដំណាក់​ការ​រៀប​រៀង។ ក្រសួង​ព័ត៌មាន​បាន​​អះអាង​ថា សារព័ត៌មាន​អេឡិចត្រូនិច​ (ដូចជា​កាសែត​«Kaset»​ជាដើម) នឹង​មិន​​ពាក់​ព័ន្ធ​​​វិធាន​ច្បាប់​ថ្មីនេះ​ទេ ដោយហេតុថា​គោល​បំណង​សំខាន់​របស់​ច្បាប់​នេះ​​ គឺគ្រប់​គ្រង​​​​ការផ្សព្វ​ផ្សាយ​ទិន្នន័យ​ផ្នែកសោត​ទស្សន៍ ល្បែងហ្គែម នាទី​កម្សាន្ត និង​ការផ្សព្វផ្សាយ​ពាណិជ្ជកម្ម​តាម​អ៊ីនធឺណែត ដើម្បី​ធានា​អោយ​មានការ​គោរព​សីលធម៌...។​

 

ច្បាប់​ដែល​ឆ្លើយ​តប​នឹង​ការ​រីក​ចម្រើន​ផ្នែក​បច្ចេកវិទ្យា​
លោក​នូវ សុវត្ថិរ៉ូ រដ្ឋលេខា​ធិការ​ក្រសួង​ព័ត៌មាន​ ទទួល​បន្ទុក​រៀប​រៀង​សេចក្តី​ព្រាង​ច្បាប់ខាងលើ​​បាន​ពន្យល់​ថា​ ដោយសារ​ការ​រីក​ចម្រើន​ផ្នែក​បច្ចេកវិទ្យា​​ថ្មីៗ ក្រសួង​ព័ត៌មាន ​​មើល​ឃើញថា​ទំហំ​ទំនួល​​ខុសត្រូវ​របស់​ខ្លួន​មាន​ការ​កើន​ឡើង​គួរ​អោយ​កត់សម្គាល់​អំឡុង​ពេល​ជាច្រើន​ឆ្នាំ​មក​នេះ។ បន្ថែម​ពី​លើ​ការគ្រប់​គ្រង​​​លើ​​​ផ្នែកសោតទស្សន៍​ចាស់​ជាប្រភេទខ្សែអាត់ ពោលគឺ​ការ​គ្រប់​គ្រង​លើ​​​ស្ថានីយ​​វិទ្យុ​ចំនួន​២៥ និង​ទូរទស្សន៍​៧ប៉ុស្តិ៍ដែលធ្វើការ​ចាក់​ផ្សាយ​នៅ​ទីក្រុង​ភ្នំពេញ​និង​នៅ​តាម​ខេត្ត​ ទំហំ​ការងារ​របស់​ក្រសួង​ព័ត៌មាន​បាន​រីក​ធំឡើង​ឈាន​ទៅដល់ការ​​គ្រប់​គ្រង​វិទ្យុ និង​ទូរទស្សន៍​​ដែល​​ធ្វើ​ការ​ចាក់​ផ្សាយ​តាម​ប្រព័ន្ធ​ផ្កាយ​រណប បន្ទាប់​មក​តាម​អ៊ីនធឺណែតថែម​ទៀត។ នៅ​ក្នុង​សេចក្តី​ព្រាង​ច្បាប់​នេះនឹង​មាន​១២​​ជំពូក​ និង​៦៧​មាត្រា។

លោក​នូវ សុវត្ថិរ៉ូ អះអាងថា៖ «វិទ្យុ​ និង​ទូរទស្សន៍​មាន​ឥទ្ធិពល​ខ្លាំង​​ទៅ​លើ​អ្នក​ស្តាប់​ និង​អ្នក​ទស្សនា។ ដូច្នេះ​ច្បាប់នេះ​មាន​គោល​បំណង​​គ្រប់​គ្រង​​​​រាល់​សកម្ម​ភាព​​​នៃ​ការ​ផ្សព្វផ្សាយ​​ទាំង​អស់​តាម​ប្រព័ន្ធអេឡិចត្រូនិច ក៏ដូច​ជា​ការចាក់​ផ្សាយ​នូវ​ការ​​​សំដែង​​​​ទស្សនីយភាព​ជា​សាធារណៈ​ដែរ»។

ដូច្នេះ​ច្បាប់​ថ្មី​នេះ​នឹង​ពាក់​ព័ន្ធ​លើ​ការ​ផ្សព្វផ្សាយ​ផ្នែក​សោតទស្សន៍តាម​អ៊ីនធឺណែត និងតាម​ទូរស័ព្ទ​​ដៃ​ផងដែរ។ ប៉ុន្មាន​​ឆ្នាំ​មក​នេះ ទូរស័ព្ទ​ដៃ​ត្រូវ​បាន​​ប្រើ​ប្រាស់​​ជា​ទូទៅ ហើយបច្ចុប្បន្ន​​គេ​​អាច​​បើកស្តាប់​វិទ្យុ​ ​មើល​ទូរទស្សន៍ និង​បញ្ជូន​អត្ថបទ សំឡេង និង​រូបភាព​តាម​ទូរស័ព្ទ​ដៃ​ទៀត​ផង​​។

ដោយសារ​តែ​ទំនួល​ខុស​ត្រូវ​របស់ក្រសួង​មាន​វិសាលភាព​ធំជាង​មុន លោក​រដ្ឋ​លេខា​ធិការ​អះអាង​ថា ក្រសួង​ព័ត៌មានមិនមាន​បំណង​អ្វីផ្សេង​ក្រៅពី​​ការពារ​អោយ​​មាន​​​ការគោរព​ទំនៀម​ទម្លាប់​និង​សីលធម៌នោះ​ទេ។ លោក​នូវ សុវត្ថិរ៉ូ ផ្តល់​ជា​​អំណះអំណាង​ថា៖ «ឧទាហរណ៍​ប្រសិនបើ​យើង​ដឹងថា ហ្គែម​តាម​អ៊ីនធឺណែត​​មួយ​ចំនួន​មាន​ឥទ្ធិ​ពល​មិន​ល្អ​លើកុមារ ​យុវវ័យ ឬក៏​សង្គម​ខ្មែរ​ទាំង​មូល ក្រសួងព័ត៌មាន​នឹង​ផ្តល់​ការ​ព្រមាន​​ដល់​​អាជ្ញាប័ណ្ណ​​ករផ្សព្វផ្សាយ​ ឬ​ដក​អាជ្ញាប័ណ្ណ​​តែ​ម្តង ដោយសហការ​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ។ យើង​ក៏​ត្រួតពិនិត្យ​គុណ​ភាព​​នៃការ​ផ្សាយ​ពាណិជ្ជកម្ម​​​ផងដែរ ធ្វើ​យ៉ាងណា​​មិន​អោយ​មាន​ការ​ផ្សាយ​​បំភ្លើស​គុណភាព​ផលិត​ផល​»។​
 ​
​ក្រុម​ហ៊ុន​ផ្គត់​ផ្គង់​សេវា​អ៊ិន​ធឺណែត​ក្នុងស្រុកនឹងត្រូវ​សុំ​អាជ្ញាប័ណ្ណ​ពីរ
សេចក្តី​ព្រាង​ច្បាប់​នេះ​នឹង​ផ្តល់​នូវ​ក្រប​ខ័ណ្ឌ​ច្បាប់​​មួយ​ទាំង​សម្រាប់​​អ្នក​កែ​សម្រួល​​​ខ្លឹម​សារ​ឯកសារ​សោតទស្សន៍​​អេឡិចត្រូនិច​ ទាំង​សម្រាប់​ក្រុមហ៊ុន​ឬ​បុគ្គល​​ជា​អ្នក​ផ្គត់​ផ្គង់​សេវា​អ៊ីនធឺណែត​​ ដែល​មាន​ទំនួល​ខុសត្រូវ​សំខាន់​លើ​ផ្នែក​បច្ចេក​ទេស។ ដូច្នេះ​​ក្រុមហ៊ុន​​​ផ្គត់​ផ្គង់​សេវា​អ៊ីនធឺណែត​ទាំងអស់​ដែលសព្វ​ថ្ងៃ​​ត្រូវ​ស្នើ​​សុំ​​អាជ្ញាប័ណ្ណ​​ពី​ក្រសួងប្រៃសណីយ៍​​និង​​​ទូរ​គមនាគមន៍ ​ មុន​​នឹង​​​បើក​​សេវាកម្ម​របស់​ខ្លួន​នោះ នឹង​ត្រូវ​ស្នើ​សុំ​អាជ្ញាប័ណ្ណ​ទី២​​ពី​ក្រសួង​ព័ត៌មាន​ថែម​ទៀត ប្រសិន​បើ​ច្បាប់​​​​នេះ​ត្រូវ​បាន​អនុម័ត។ ដោយ​ហេតុថា​​ក្រុម​ហ៊ុន​​​ទាំងនេះ​​ជា​អ្នក​អនុញ្ញាត​​អោយ​​អ្នក​ប្រើ​អ៊ិនធឺណែត​​ធ្វើ​ការ​តភ្ជាប់​បណ្តាញ និង​ចូល​ប្រើ​ប្រាស់​ទិន្នន័យ​ក្នុង​បណ្តាញ​។​ ដូច្នេះ​អ្នក​តាក់​តែង​​​សេចក្តី​ព្រាង​ច្បាប់​រូប​នេះ​​​វាយ​តម្លៃ​ថា​ ​ពួកគេក៏​​ត្រូវ​ផ្តល់​ព័ត៌មាន​​មក​ក្រសួង​ព័ត៌មាន​ដែរ ក្នុង​នាម​ជា​អ្នក​ផ្សព្វផ្សាយ អមជាមួយ​នឹង​អ្នក​ផលិត​ទិន្នន័យ​ទាំងនេះ។ ត្រង់​ចំណុច​នេះ គោល​បំណង​ ​គឺ​​​ដើម្បី​ទប់​​ស្កាត់​​ការផ្សព្វផ្សាយ​រូបភាព និង​សំឡេង​អាសគ្រាម​...។

លោក​នូវ​ សុវត្ថិរ៉ូ បាន​លើក​ឧទាហរណ៍​ពី​រូបភាពដែល​ត្រូវ​បានផ្សព្វ​ផ្សាយ​តាម​អ៊ីនធឺណែត​ផ្ទាល់​ខ្លួន ​បង្ហាញ​ពី​រូប​អប្សរា​ សុដន់​នៅ​កណ្តាល​វាល ក្នុង​ឥរិយាបថ​គួរ​អោយ​ស្រើបស្រាល។ បើ​តាម​រូប​លោក រូបភាព​បែបនេះ​អាច​​ជម្រុញ​អោយ​មាន​អារម្មណ៍​ផ្លូវ​ភេទ​ដល់​អ្ន​ក​មើល​។​ ដូច្នេះ​លោក​ជឿ​ជាក់​​ថា ច្បាប់​នេះ​នឹង​អាច​​គ្រប់​គ្រង​​​​ការ​ផ្សព្វផ្សាយ​រូប​ភាព​ប្រភេទ​នេះ​បាន។ ឧទាហរណ៍​មួយ​ទៀត​ដែល​លោក​រដ្ឋលេខាធិការ​លើ​កឡើង គឺ : «ប្រសិនបើ​គេ​ហទំព័រ​មួយ​ផ្សព្វ​ផ្សាយ​រូប​ថត​​ដែល​មានរង្វង់​មុខ​ដ៏ស្រស់​ស្អាត​របស់សិល្បការិនី​​​ខ្មែរ តែត្រូវ​គេ​យក​ទៅ​កាត់​ត​ដាក់​ដង​ខ្លួន​អ្នក​ផ្សេង​​ស្រាត​ននោល​គកនោះ តើសព្វ​ថ្ងៃ​​ក្រសួង​ណា​​ជា​អ្នក​ទទួល​ខុស​ត្រូវ​​​រឿង​នេះ​​? ក្រសួង​វប្បធម៌​ឬ​ក្រសួង​​មហាផ្ទៃ? បើ​តាមសេចក្តីព្រាង​ច្បាប់​ថ្មី​​នេះ គឺ​ក្រសួង​ព័ត៌មាន​​​ដែល​ជាអ្នក​ទទួល​ខុស​ត្រូវ​មុន​គេ​ ដោយ​ហេតុថា​ខ្លួន​ជាអ្នក​ទទួល​ខុសត្រូវ​​គ្រប់​គ្រង​​​​រាល់​ការ​​ផ្សព្វ​ផ្សាយ​​ឯក​សារសោតទស្សន៍»។

ការ​បង្រៀន​ពី​សីល​ធម៌​​​សម្រាប់​ពិធីករ
នៅ​ក្នុង​ស្មារតី​ដូចគ្នា​ដែរ​ សេចក្តី​ព្រាង​ច្បាប់​​ខាង​លើ​ក៏​មាន​ចែង​ផងដែរអោយ​ពិធីករ​នៅ​តាម​​វិទ្យុ និង​ទូរទស្សន៍​ចូល​រួម​ការ​បណ្តុះ​បណ្តាល​​សីល​ធម៌​ និង​សិល្បៈ​​​នៃការ​និយាយ​អោយ​បាន​ត្រឹម​ត្រូវ​តាម​ភាសា​ខ្មែរ​នៅ​ក្នុង​មជ្ឈមណ្ឌល​មួយ ហើយ​ការ​បង្កើត​មជ្ឈ​មណ្ឌល​​នេះ​​មាន​ចែង​នៅ​ក្នុង​សេចក្តី​ព្រាង​ច្បាប់​។

លោក​នូវ សុវត្ថិរ៉ូ សោក​ស្តាយថា៖ «ពិធីករ​ភាគ​ច្រើន​មិនមាន​ការ​បណ្តុះ​បណ្តាល​ផ្នែក​ផ្សព្វផ្សាយ​ ហើយ​មិន​ត្រូវ​បាន​​ទទួល​ស្គាល់​ពី​ក្រសួងយើង​ទេ​។ អ្នក​មួយ​ចំនួន​​និយាយ​​ខ្មែរ​​​ច្បាស់​ តែ​ខំ​និយាយ​ដូច​បរទេស​!​ នេះ​ជា​រឿង​មួយ​ដែល​យើង​ព្រួយ​បារម្ភ។ ជាមួយ​នឹង​ច្បាប់​ថ្មី​នេះ ពិធីករ​​ត្រូវ​មាន​ដើម​កំណើត​ខ្មែរ ចេះ​​អាន​ និង​​​អាច​និយាយ​ត្រូវ​តាម​ក្បួន​វេយ្យាករណ៍​ខ្មែរ។ ពិធីករ​បរទេស​​ដែល​អាច​និយាយ​​​ខ្មែរ​បាន​ នឹង​លែង​ត្រូវ​អនុញ្ញាត​អោយ​ធ្វើ​ពិធីករ​ទៀត​ហើយ ដោយសារ​ការ​បញ្ចេញ​​សំឡេង​ពួកគេ​មិន​ច្បាស់​»។ លោក​គូសបញ្ជាក់​​ទៀតថា ការ​ធ្វើ​ដូច្នេះ​គឺ​​ដើម្បី​​​ធ្វើ​អោយ​មាន​ការ​គោរព​«សីលធម៌»​​នៅ​ក្នុង​កម្មវិធីផ្សាយ​នៅ​កម្ពុជា...។​

ច្បាប់​ដែល​​រំពឹងថា​នឹង​ត្រូវ​បាន​​អនុម័ត​នៅ​ដំណាច់​ឆ្នាំ​២០០៩
សេចក្តី​ព្រាង​ច្បាប់​​នេះត្រូវ​បាន​សរសេរ​ចប់​ហើយ​បច្ចុប្បន្ន ហើយ​ត្រូវ​បញ្ជូនទៅ​លោក​​អគ្គ​នាយក​​នៃ​អគ្គនាយក​ដ្ឋាន​ព័ត៌មាន​ និង​​សោតទស្សន៍​របស់​ក្រសួង​ព័ត៌មាន​​​រួច​ហើយ​ដើម្បី​​ពិនិត្យ​។ ច្បាប់​នេះនឹង​ត្រូវ​ពិនិត្យ​​ដោយ​គណៈកម្មការ​ពិសេស​មួយ​ដឹកនាំ​ដោយ​លោក​រដ្ឋ​មន្ត្រី​​ក្រសួង​ព័ត៌មាន​។ បន្ទាប់​មក​ទៀត មុននឹង​ត្រូវ​ដាក់​ជូន​ទៅ​​ទី​ស្តីការ​គណៈរដ្ឋ​មន្រ្តី​ ច្បាប់នេះ​នឹង​«ត្រូវ​ពិនិត្យ​​ដោយ​ហ្មត់​ចត់​»​ ពី​អ្នកពាក់​ព័ន្ធទាំងអស់។ លោក​នូវ​ សុវត្ថិរ៉ូ លម្អិត​ថា​ អ្នក​ពាក់​ព័ន្ធ​ទាំង​​នោះ​​មាន​ដូច​ជា ​អាជ្ញាប័ណ្ណ​ករ​ផ្សព្វផ្សាយ​ឯកសារសោតទស្សន៍ អ្នក​ទទួល​ខុសត្រូ​វ​វិទ្យុ​ ទូរទស្សន៍ ទូរទស្សន៍ខ្សែកាប និង​ក្រុមហ៊ុន​ផ្គត់​ផ្គង់​សេវា​អ៊ីនធឺណែត​។

អ្នក​រៀប​រៀង​សេចក្តីព្រាង​ច្បាប់​នេះ​អះអាង​ផងដែរ​ថាបាន​ស្នើ​សុំ​ជំនួយ​ថវិកា​ និង​បច្ចេកទេស​ពី​អង្គការ​មិន​មែន​រដ្ឋាភិបាល​គាំទ្រ​ផ្នែកប្រព័ន្ធ​ផ្សព្វផ្សាយមួយ ឈ្មោះ Internews ដែល​មាន​មូល​ដ្ឋាន​នៅ​ប្រទេស​បារាំង​ ដើម្បី​រៀប​ចំ​សិក្ខា​សាលា​​​​យ៉ាង​តិច​៣ដង​​ ក្នុង​គោល​បំណង​ប្រមូល​មតិ​យោបល់​ផ្សេងៗ​ពី​អ្នក​ពាក់ព័ន្ធ​លើ​សេចក្តី​ព្រាង​ច្បាប់​នេះ​ មុន​នឹង​ដាក់​ទៅ​ក្រុម​អ្នក​ច្បាប់​របស់​​ទីស្តីការ​គណៈរដ្ឋមន្ត្រី​។ លោក​រដ្ឋលេខាធិការ​សង្កត់​ធ្ងន់​ថា៖ «យើង​បាន​ទទួល​ការ​ឆ្លើយ​តប​វិជ្ជមាន​ពី​ខាង​អង្គការ​នោះ។ គោល​បំណង​របស់​យើង​គឺ​ធ្វើ​យ៉ាងណា​អោយ​អ្នក​ពាក់​ព័ន្ធ​ទាំងឡាយ​អាច​ចូល​រួម​ក្នុង​នីតិវិធីនេះ​ ដើម្បី​អោយ​ច្បាប់​នេះ​មាន​ប្រសិទ្ធភាព និង​ទទួល​យក​បាន​សម្រាប់​ទាំង​អស់​គ្នា»។ លោក​បានបន្ថែម​ទៀតថា ប្រសិនបើ​គ្រប់​យ៉ាង​វិវត្ត​ទៅមុខ​ដូច​ការគ្រោង​ទុក សេចក្តី​​ព្រាង​ច្បាប់​នេះ​នឹង​ត្រូវ​ដាក់ជូនអ្នក​​តំណាង​រាស្រ្តបោះ​ឆ្នោត​អនុម័ត​នៅ​ដំណាច់​ឆ្នាំ​២០០៩។


លោក​នូវ សុវត្ថិរ៉ូ វាយ​តម្លៃថា ច្បាប់នេះគ្រាន់​តែ​ជាការ​បំពេញ​បន្ថែ​មលើ​ចន្លោះ​ប្រហោង​មួយ​ប៉ុណ្ណោះ ខណៈពេល​ដែល​មធ្យោបាយ​ថ្មី​ៗ​នៅ​ក្នុងការ​ផ្សព្វផ្សាយ​ទិន្នន័យ​សោតទស្សន៍​មាន​អ្នក​ទស្សនា​​កើន​ឡើង​។ បើ​តាម​លោកសរ​ រតនា ​ប្រធាន​​នាយកដ្ឋាន​និយ័តកម្ម​របស់​ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍ ក្រុម​ហ៊ុន​ផ្គត់​ផ្គង់​សេវា​​អ៊ិន​ធឺណែត​ជាង​៣០​បាន​ចុះ​បញ្ជី​ជា​ផ្លូវការ​នៅ​កម្ពុជា ប៉ុន្តែ​មាន​មិន​ដល់​១២​ក្រុមហ៊ុន​ទេ​ដែល​ដំណើរការ។ ម្យ៉ាង​វិញ​ទៀត ក្រសួង​​បាន​ចុះ​បញ្ជី​​​ហាង​អ៊ីនធឺណែត​​ប្រមាណ​២០០ ប៉ុន្តែ​តួលេខ​នេះទាប​ជាង​ចំនួន​ពិត​​ព្រោះ​ហាង​មួយ​ចំនួន​មិន​បាន​បំពេញ​បែបបទ​​ត្រឹម​ត្រូវដើម្បី​ទទួល​បាន​អាជ្ញាប័ណ្ណឡើយ។ បើ​តាម​ប្រភព​ដដែល​នេះ ចំនួន​អ្នក​​ប្រើ​ប្រាស់​ប្រព័ន្ធអ៊ីនធឺណែត​ផ្លូវការ​​​គឺ​ជាង​​​១៨ ០០០នាក់​នៅកម្ពុជា។​ នេះ​ជា​​​តួលេ​ខដែល​ចេញ​ផ្សាយ​ជា​សាធារណៈ​នៅ​ចុង​ខែ​តុលា​ ឆ្នាំ​២០០៨ ក្នុង​​សិក្ខា​សាលា​មួយ​ស្តីពី​បច្ចេកវិទ្យាព័ត៌មាន​ និង​ទំនាក់​​​ទំនង​។ ត្រង់​ចំណុចនេះ ចំនួន​​ពិតហាក់​ខ្ពស់​ជាង​តួលេខ​ផ្លូវការ​ឆ្ងាយ​ណាស់​។ ការសិក្សា​ឯកជនមួយ​ធ្វើ​ឡើង​នៅ​ឆ្នាំ​២០០៨​សម្រាប់​ក្រុម​ Miniwatts Marketing ស្តីពី​ការ​ប្រើប្រាស់​អ៊ីនធឺណែត​នៅ​លើ​ពិភពលោក​ និង​ផ្សព្វផ្សាយ​នៅ​ក្នុងគេហទំព័រ​«Internet World Stats »​ ដែល​យោង​តាម​​ការ​វាយ​តម្លៃ​​របស់​សហព័ន្ធ​ទូរគមនាគមន៍​អន្តរ​ជាតិ បាន​ប៉ាន់​ប្រមាណ​ថា ចំនួន​អ្នក​ប្រើ​ប្រាស់​អ៊ីនធឺណែត​ជាប្រចាំ​នៅ​កម្ពុជា​គឺមាន​​យ៉ាងតិច​៧០ ០០០​​នាក់​។ រីឯ​ការធ្វើ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អ៊ីនធឺណែត​​ក៏​មាន​កើន​ឡើង​គួរ​អោយ​កត់សម្គាល់ដែរ​អំឡុង​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ដូចករណី​នៅ​ក្នុង​ប្រទេស​​អាស៊ី​ជា​ច្រើន​ទៀត​ដែរ។

តាមរយៈការ​បង្កើត​ច្បាប់ស្តី​ពីសេវាកម្ម​​ផ្សាយ​តាមប្រព័ន្ធ​អេឡិច​ត្រូនិច​​ ក្រសួង​ព័ត៌មាន​សង្ឃឹម​ថា​នឹង​ដើរ​តាម​ការ​វិវត្តន៍​របស់​បច្ចេកវិទ្យា​។ នៅ​ក្នុង​វិស័យ​អ៊ីនធឺណែតនេះ​ មាន​គម្រោងជា​ច្រើន​ផ្សេង​ទៀត​ដែល​គេ​ទន្ទឹង​រង់ចាំ​ ដោយ​ចាប់ផ្តើម​ដំបូង​ដោយ​ច្បាប់ស្តីពី​ពាណិជ្ជកម្ម​​តាមប្រព័ន្ធ​អេឡិចត្រូនិច។


2 អធិប្បាយ
ដោយ សីហា 2009-01-05 15:27:42
សីល​ធម៌​របស់​ពិធីករៈ ខ្ញុំ​គាំទ្រ​អោយ​មាន​ការ​បណ្តុះ​បណ្តាល​​ពិធិករ​វិទ្យុ​និង​ទូរទស្សន៍ ព្រោះ​ខ្ញុំយល់​ឃើញ​ថា​ពិធីករ​មួយ​ចំនួន​មិន​ទាន់​មាន​ចំណេះ​ដឹង​ភាសា​ខ្មែរ​គ្រប់​គ្រាន់​នៅ​ឡើយ​ទេ​​ ជួន​កាល​គេ​ប្រើ​ពាក្យមិនត្រឹម​ត្រូវ​។
ដោយ ពោធិ​ពេជ្រ 2009-01-27 10:24:41
​ខ្ញុំមានការគាំទ្រនូវច្រើនចំនុចដូចដែលបានលើកឡើង​ពិត​ជា​មាន​ប្រយោជន៍​សម្រាប់​កម្ពុជា​​តែ​នៅត្រង់ចំនុច​ថាមិនអោយមានពិធីករជាជនជាតិបរទេស​ឬ​ខ្មែរ​និយាយ​មិន​សូវច្បាស់វាហាក់ដូចជារឹងបន្តិច​ព្រោះវាមិន​ទូលាយ​ហើយ​វា​អាច​បាត់​បង់​ប្រយោជន៍​ច្រើន​យ៉ាង​សម្រាប់ជាតិយើង​ឧទាហរណ៍​កម្មវិធី​ទូរទស្សន៍​បារាំង​​អាមេរិកាំង​​កាណាដា​ជប៉ុន​កូរ៉េ​ចិន​សៀម​យួន។ល។​មាន​ពិធីករ​ជា​ច្រើន​ជា​ជនបរទេស​​វា​មាន​ភាព​ទាក់ទាញ​​និង​​លើក​តម្កើង​នូវវប្បធម៌​និង​អក្សរ​សាស្ត្រ​ជាតិ​ទៅ​វិញ​ទេ​ព្រោះ​តែ​គេ​ស្រលាញ់​​គេចូលចិត្ត​គេចាប់អារម្មណ៍ទើបបានជាគេរៀន​គេសិក្សាស្រាវជ្រាវ​ម្យ៉ាងទៀតជនបរទេសជាអ្នក​ផ្សព្វ​ផ្សាយវប្បធម៌​និង​ជា​ឧបករណ៍​ទីផ្សារទេសចរណ៍មិនគិត​ថ្លៃ​​ដោយប្រយោល។​
សូម​មើល​​http://www.youtube.com/watch?v=PV5BEA0PA2k&feature=relatedដូចគ្នាត្រង់ចំនុចនេះសម្រាប់ប្រជា​ពលរដ្ធខ្មែរដែរ​អ្នក​ដែល​រស់​នៅ​ប្រដាក​​ស្រុកពួក​អ្នកបន្ទាយមានជ័យ​កំពត​និងអ្នករស់នៅក្រៅស្រុក​មួយចំនួនដែលមិនអាចនិយាយខ្មែរច្បាស់​តែគេមាន​ចំណេះ​ទេពកោសល្យ​និង​សមត្ថភាព​​ដូចនេះតើត្រូវ​គិតដូចម្តេចចំពោះពួកគាត់​ម្យ៉ាងទៀតតើមានអ្នកប្រាជ្ញ​អក្សរសាស្ត្ររូបណា​ដែលអះអាងថាអ្នកភ្នំពេញនិយាយ​ច្បាស់​អ្នកសៀមរាប​និយាយ​មិនច្បាស់​អ្នកបាត់ដំបង​និយាយដូចម្តេច​តាម​ពិត​សុទ្ធ​តែ​ភាសាខ្មែរ​តែ​ទាំង​អស់​ទេតើ​ភាសានិយាយតាមពិតមិនចាំបាច់ទាល់តែត្រឹមត្រូវ [...]
យើង​ត្រូវ​រកផ្លូវដែល​ល្អព្រោះថាពង្រៀងច្បាប់​គួរគប្បីធ្វើអោយអស់លទ្ធភាព​ព្រោះសភាមានកិច្ចការច្រើន​ដែលត្រូវធ្វើទៀត​កុំឲ្យ​រាស្ត្រ​ថា​សភាត្រូវ​គ្នា​ជជែក​យក​តែលុយម៉ោង។​ត្រង់ចំនុចនេះ​ខ្ញុំ​ក៏​មិន​គាំ​ទ្រ​ដែរ​ចំពោះ​អ្នកផ្សាយ​ពត៌​មាន​ជា​ភាសារ​​អង់គ្លេស​ដូច​ដែល​ទទក​បានធ្វើរួចមកហើយវាអាក្រក់​ណាស់​គាត់​និយាយ​អង់គ្លេស​មិន​ច្បាស់​ទាល់តែសោះ​ម្យ៉ាង​បរទេស​គេ​ច្រលំ​ថា​ខ្មែរ​និយាយ​អង់គ្លេស​របៀបដូចគាត់​នោះ​គឺវាមិនពិត​ហើយតើសម័យនេះខ្មែរខ្វះ​មនុស្ស​ចេះ​អង់គ្លេស​សម្រាប់ផ្សាយព័ត៌មានមែនទេ?​
ផ្តល់សេចត្តីអធិប្បាយ
អ៊ីមែល៖
 
ចំណងជើង៖
ឈ្មោះ៖
វ៊ិបសាយ៖
[b] [i] [u] [url] [quote] [code] [img] 
 
សូមបញ្ជូលកូតដែលលោក​អ្នកឃើញនៅក្នុងរូប ។ ចុចលើរូប​ដើម្បី​ប្តូររូ​ប ។

យើង​ខ្ញុំ​សូ​​មអរគុណ​ចំពោះ​អត្ថា​ធិប្បាយ​របស់​អស់​លោក​អ្នក ។ រាល់​អត្ថាធិប្បាយ​ទាំង​អស់​មិន​​ត្រូវ​​សរ​សេរ​អោយ​លើស​ពី​១៦​បន្ទាត់​ទ្បើយ ។ សូម​បញ្ជាក់ថា កាសែត​ មិនទទួលខុសត្រូវរាល់​អត្ថា​ធិប្បាយ​ណា​ដែល​បាន​ផ្សព្វផ្សាយ​នៅ​ក្នុង​​ផ្នែក អត្ថាធិប្បាយ ទ្បើយ។ រាល់អត្ថាធិប្បាយ​ទាំង​អស់​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​អ្នក​អាន មិន​​មែន​ជា​ទស្សនៈ​របស់​ផ្នែក​និពន្ធ​យើង​ទេ។ ចំពោះ​ព័ត៌​មាន​បន្ថែម​សូមទាក់​ទង​យើង​ខ្ញុំ​តាម​រយៈអ៊ីម៉ែល Cet e-mail est protégé contre les robots collecteurs de mails, votre navigateur doit accepter le Javascript pour le voir

3.26 Copyright (C) 2008 Compojoom.com / Copyright (C) 2007 Alain Georgette / Copyright (C) 2006 Frantisek Hliva. All rights reserved."

អត្ថបទបន្ថែម

សារព័ត៌មាន​អេឡិចត្រូនិចមិនពាក់​ព័ន្ធ​ច្បាប់​នេះ​ទេ​
បើតាម​ប្រសាសន៍​របស់​លោក​នូវ សុវត្ថិរ៉ូ អ្នក​យកព័ត៌មាន​របស់​សារព័ត៌មាន​អេឡិច​ត្រូនិច​​នឹង​មិន​ពាក់ព័ន្ធ​នៅ​ក្នុង​ច្បាប់​ស្តីពី«សេវាកម្ម​ផ្សាយតាម​ប្រព័ន្ធ​អេឡិចត្រូនិច​»នេះទេ ប៉ុន្តែនឹង​ត្រូវ​គេ​ដាក់​បន្តអោយ​​ស្ថិត​ក្រោមច្បាប់​ស្តីពី​​របប​សារព័ត៌មាន​ដែល​អនុម័ត​នៅ​ឆ្នាំ​១៩៩៥ដដែល។ លោក​រដ្ឋ​លេខាធិការ​ក្រសួង​ព័ត៌មាន​វាយ​តម្លៃ​ថា៖ «ច្បាប់ថ្មី​​មិន​មែនសម្រាប់​គ្រប់គ្រងលើ​អ្នក​​សារព័តមាន​ទេ​ ប៉ុន្តែគឺដើម្បីគ្រប់គ្រង​ការ​ផ្សព្វផ្សាយ​ទូទៅ​តាម​ប្រព័ន្ធអេឡិច​ត្រូនិច»។ មន្ត្រី​ជាន់​ខ្ពស់​ដែល​​ជា​អតីត​អ្នក​សារព័ត៌មាន​ម្នាក់​ដែរនោះ បាន​រម្លឹក​ដោយ​ប្រយ័ត្ន​ប្រយែង​ថា ប្រសិន​បើ​អ្នក​យកព័ត៌មាន​របស់​សារព័ត៌មានអេឡិចត្រូនិច​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត ក្រសួង​ព័ត៌មាន​នឹង​ទទួល​ខុសត្រូវ​ចាត់​វិធានការ។ ចាប់​ពេល​នេះ​​ទៅ អ្នកយក​ព័ត៌មាន​ទាំងឡាយ​ដែល​ធ្វើ​ការ​អោយ​តែ​ប្រព័ន្ធ​ផ្សព្វផ្សាយ​អេឡិចត្រូនិច មិន​មានចេញជា​សារព័ត៌មាននៅ​លើ​ក្រដាស់ គឺ​មាន​សិទ្ធិ​ទទួល​​បាន​​ប័ណ្ណអ្នកសារព័ត៌មាន​នៅ​កម្ពុជា។ លោក​ប្រធាន​​មណ្ឌល​​ព័ត៌មាន​​របស់​ក្រសួង​​​​ព័ត៌មាន​​ គូស​បញ្ជាក់ថា នៅ​ឆ្នាំ​២០០៨ ប័ណ្ណ​អ្នក​សារព័ត៌មាន​ត្រូវ​បាន​ចេញ​​ជូន​​អ្នក​សារព័ត៌មាន​ខ្មែរចំនួន​ជាង​​​១ ៨០០នាក់ និង​​អ្នក​សារព័ត៌មាន​បរទេស​​ប្រមាណ​​៥០០នាក់​ មិនថា​ជាកាសែត​សរសេរ​ឬ​កាសែត​អេឡិច​ត្រូនិច​ទេ​។

លើ​វិបសាយក្រសួងព័តមាន​
-ច្បាប់ស្តីពីរបប​សារព័ត៌មាន

 

 
Empower your lifestyle with BlackBerry from Hello
 

 
 
ដំណឹងថ្មីៗ