| គណបក្សរបស់លោកកឹម សុខា ចោទប្រកាន់រដ្ឋាភិបាលកម្ពុជាថាកេងចំណេញនយោបាយ លើបញ្ហាព្រះវិហារ |
| ដោយ ដួង សុខា | |
| ០៥-០១-២០០៩ |
គណបក្សសិទ្ធិមនុស្សរបស់លោកកឹម សុខា បានចេញសេចក្តីថ្លែងការណ៍មួយ ចុះថ្ងៃច័ន្ទ ទី៥ ខែមករា ដោយមានប្រតិកម្មទៅនឹងការរារាំងតំណាងរាស្រ្ត៣រូបរបស់ខ្លួន មិនអោយធ្វើដំណើរទៅកាន់ប្រាសាទព្រះវិហារ។ នៅអំឡុងពេលស្នាក់នៅទ្វីបអាមេរិកខាងជើងនាពេលថ្មីៗនេះ លោកកឹម សុខាបានប្រមូលអំណោយមនុស្សធម៌ ក្នុងគោលបំណងជួយដល់ទាហាន ព្រះសង្ឃ និងប្រជាពលរដ្ឋដែលរស់នៅតាមព្រំដែន ការពារទឹកដីពីការឈ្លានពានជាយថាហេតុណាមួយ ពីសំណាក់ប្រទេសថៃ។ លោកមានបំណងប្រគល់អំណោយទាំងនេះជូនពួកគេដោយផ្ទាល់ដៃ កាលពីថ្ងៃទី២ ខែមករា។
សេចក្តីថ្លែងការណ៍បានពន្យល់ថា «សមាជិកសភា៣រូប រួមជាមួយប្រតិភូនិងក្រុមការងាររបស់គណបក្សសិទ្ធិមនុស្ស បានចុះទៅសួរសុខទុក្ខនិងផ្តល់ជំនួយសប្បុរសធម៌ ប៉ុន្តែត្រូវបានរារាំងដោយទាហ៊ានយាមនៅជើងភ្នំប្រាសាទ ទោះបីមានការបង្ហាញលិខិតបេសកកម្មពីអ្នកតំណាងរាស្រ្ត ដែលចុះហត្ថលេខាដោយប្រធានរដ្ឋសភាក៏ដោយ ក៏ពួកគេមិនអោយឡើងទៅកាន់ប្រាសាទព្រះវិហារនោះទេ (ប្រាសាទនេះត្រូវបានដាក់បញ្ជូលទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក កាលពី៦ខែមុន)»។
«នេះសរបញ្ជាក់ថាលិខិតបេសកកម្មរបស់ប្រធានរដ្ឋសភាគ្មានប្រសិទ្ធភាព ព្រោះពួកគេ[ទាហាន] មិនគោរព»។ «គណបក្សប្រឆាំងនេះបានចោទប្រកាន់រាជរដ្ឋាភិបាលថាមានចេតនារារាំងមិនអនុញ្ញាតអោយសមាជិកសភារបស់គណបក្សសិទ្ធិមនុស្ស ចូលសួរសុខទុក្ខយុទ្ធជន និងផ្តល់ជំនួយសប្បុរសធម៌ដល់ពួកគេ ហើយរដ្ឋាភិបាលគ្មានបំណងពិតប្រាកដក្នុងការរកដំណោះស្រាយណាមួយជូនប្រទេសជាតិ ស្របតាមផ្លូវច្បាប់អន្តរជាតិនោះទេ»។ គណបក្សសិទ្ធិមនុស្សបានលើកឡើងថា «នេះគ្រាន់តែជាលេសសម្រាប់បញ្ចេញសកម្មភាពតែបក្សពួកខ្លួន ដើម្បីកេងចំណេញនយោបាយតែប៉ុណ្ណោះ»។ «ទឹកដីខ្មែរ ប្រាសាទខ្មែរ ជារបស់ខ្មែរ មិនមែនជារបស់បុគ្គលណាម្នាក់ទេ ដូច្នេះ មិនថាបុគ្គលណា គណបក្សណា អោយតែមានមនសិការសេ្នហារជាតិពិត ចង់ទៅទីនោះ ត្រូវតែរដ្ឋាភិបាលធានាសុវត្ថិភាព»។
គណបក្សសិទ្ធិមនុស្សបានចោទជាសំណួរថា «នៅក្នុងសភា ទាល់តែមានសមាជិកសភាយ៉ាងតិច១០រូប ទើបមានសិទ្ធិនិយាយ រឺបញ្ចេញមតិ ចុះការឡើងទៅកាន់ប្រាសាទព្រះវិហារ ត្រូវការចំនួនសមាជិកសភាយ៉ាងតិច១០រូបដែររឺ ទើបអាចឡើងបាន?»
លោក ស្រី ឌឹក មេបញ្ជាការកងពលលេខ៣ ដែលនៅប្រចាំការប្រាសាទព្រះវិហារ បានពន្យល់ដោយមានប្រតិកម្មទៅនឹងការចោទប្រកាន់ខាងលើនេះថា បច្ចុប្បន្ននេះ ផ្លូវឆ្ពោះទៅកាន់ប្រាសាទត្រូវបិទ ដោយមូលហេតុថាគេកំពុងធ្វើការជួសជុល។ «សូម្បីតែប្រជាពលរដ្ឋសាមញ្ញក៏មិនត្រូវបានអនុញ្ញាតអោយឡើងដែរ! យើងបានពន្យល់ប្រាប់ពួកគាត់(តំណាងរាស្រ្តគណបក្សសិទ្ធិមនុស្ស) អំពីស្ថានភាពនេះ ប៉ុន្តែ ពួកគេមិនស្តាប់សោះ! ម្យ៉ាងវិញទៀត កំពូលភ្នំត្រូវបានចាត់ទុកជាតំបន់យោធាសម្ងាត់ ដែលលែងមាននរណាម្នាក់អាចមានសិទិ្ធចេញចូលបានដូចមុនទៀតហើយ លើកលែងតែកម្មករសំណង់»។
|