|
អធិប្បាយចុងក្រោយ
|
| ភាពយន្តរឿង ទំនប់ការពារមហាសមុទ្រប៉ាស៊ីហ្វិករបស់លោក ប៉ាន់ រិទ្ធី ត្រូវដាក់បញ្ចាំងនៅប្រទេសបារាំង |
| ដោយ ស្ទេហ្វានី ហ្សេ | | | ០៦-០១-២០០៩ |
រាម (កំពង់សោម កម្ពុជា) ថ្ងៃទី១៧ វិច្ឆិកា ២០០៧៖ លោកប៉ាន់ រិទ្ធី ផលិតករខ្មែរ ដឹកនាំរឿង "ទំនប់ការពារមហាសមុទ្រប៉ាស៊ីហ្វិក" © ចន វីង/ Magnum
បន្ទាប់ពីផលិតករភាពយន្តជនជាតិបារាំង លោក រឺណេ ក្លេម៉ង់ (René Clément) ដឹកនាំរឿងនៅឆ្នាំ១៩៥៨ លោករិទ្ធី ប៉ាន់ ផលិតករជនជាតិខ្មែរ ក៏បានយកស្នាដៃប្រលោមលោកបារាំងរបស់អ្នកស្រីម៉ាហ្គឺរីត ឌុយរ៉ាស់ (Marguerite Duras) មកថតជាខ្សែភាពយន្ត ដោយមាន អ៊ីហ្សាប៊ែល អ៊ុយពែរ (Isabelle Huppert) ដែល ត្រូវបានតែងតាំងជាប្រធានគណៈមេប្រយោគនៃពិធីបុណ្យ កាន លើកក្រោយ(១៣-២៤ ឧសភា) សំដែងជាតួម្តាយនិង ហ្គាស់ស្ប៉ា អ៊ូលីយែល(Gaspard Ulliel) និងAstrid Berges-Fisbey សំដែងជាតួកូនទាំងពីរ ព្រមទាំងតួរាយរងជាច្រើនរូបទៀត ដែលសំដែងដោយប្រជាជនខ្មែរ និងជនជាតិបារាំង។ ភាពយន្តនេះនឹងចាក់បញ្ចាំងនៅថ្ងៃពុធ ទី៧ ខែមករា នៅប្រទេសបារាំង។
លោកប៉ាន់ រិទ្ធី បានពន្យល់នៅក្នុងភាពយន្តឯកសាររបស់លោកស្រី Jean-Marie Barbe ចំណងជើង «ពូរិទ្ធី» (ឆ្នាំ២០០៩) ថា លោកមានការចាប់អារម្មណ៍ចំពោះស្នាដៃប្រលោមលោករបស់អ្នកស្រីម៉ាហ្គឺរីត ឌុយរ៉ាស់ ជាពិសេស។ លោកមានក្តីកង្វល់មួយ គឺ៖ តើផលិតករភាពយន្តខ្មែរអាចបន្ថែមអ្វី ទៅលើស្នាដៃនេះបាន? តើត្រូវដឹកនាំសំដែងសាច់រឿងនេះ ដោយផ្សារភ្ជាប់ជាមួយនឹងបទពិសោធន៍ជីវិតផ្ទាល់របស់លោកយ៉ាងដូចម្តេច? លោកគឺជាប្រជាជនកម្ពុជាម្នាក់ ដែលបានរួចផុតពីរបបខ្មែរក្រហម និងបានរត់ភៀសខ្លួនមកកាន់ប្រទេសបារាំង ក្រោយមក ក៏សិក្សាទទួលបានសញ្ញាបត្រនៅវិទ្យាស្ថានសិក្សាភាពយន្ត នៅទីក្រុងប៉ារីស។
លោកប៉ាន់ រិទ្ធី ជាផលិតករមួយរូប ដែលចូលចិត្តដឹកនាំរឿង ដែលពាក់ព័ន្ធនឹងរឿងរ៉ាវអតីតកាលរបស់ប្រជារាស្រ្តកម្ពុជា។ នៅអំឡុងប៉ុន្មានឆ្នាំចុងក្រោយនេះ លោកបានថតខ្សែភាពយន្តឯកសារជាច្រើន ដូចជា រឿង «មន្ទីរស-២១ គុកសម្លាប់របស់ខ្មែរក្រហម(ឆ្នាំ២០០៤» «សិល្បៈករនៃមហោស្រពដែលត្រូវភ្លើងឆេះ (២០០៥)» និង «ក្រដាសមិនអាចខ្ចប់ភ្លើង (២០០៧)»។ តាមរយៈការថតរឿងចុងក្រោយនេះ ផលិតកររូបនេះបានត្រឡប់ចូលទៅក្នុងពិភពមនោគតិថ្មីមួយ។
ខ្សែភាពយន្តរឿង« ទំនប់ការពារមហាសមុទ្រប៉ាស៊ីហ្វិក» ត្រូវបានថតនៅឧទ្យានជាតិរាម ភាគខាងត្បូងនៃប្រទេសកម្ពុជា ដោយមានការតុបតែងតាមបែបធម្មជាតិជាពិសេស។ ភាពយន្តនេះបានដកស្រង់នូវប្រវត្តិរបស់អ្នកនិពន្ធប្រលោមលោកបារាំងនេះ ពេលគាត់នៅយុវវ័យ។ រឿងនេះបានរៀបរាប់អំពីការតស៊ូព្យាយាមរបស់ស្រ្តីជាម្តាយមួយរូប រស់នៅភាគខាងត្បូងឥណ្ឌូចិនបារាំង នាដើមឆ្នាំ១៩៣០ ដែលយកលំនាំតាមតួអង្គម្តាយរបស់អ្នកស្រី ឌុយរ៉ាស់។ តួអង្គជាម្តាយបានធ្វើការតស៊ូប្រឆាំងនឹងកម្លាំងធម្មជាតិ និងមន្រ្តីសុរិយោដី ដែលប្រព្រឹត្តអំពើពុករលួយ និងបោកប្រាស់រូបគាត់។ តួអង្គម្តាយ ដែលសំដែងដោយ អ៊ីហ្សាប៊ែល អ៊ុយពែរ គឺជាតួអង្គដ៏សំខាន់បំផុតនៅក្នុងខ្សែភាពយន្តនេះ ដែលបានតស៊ូពុះពារជំនះគ្រប់ឧបសគ្គទាំងពួង។ តួអង្គជាម្តាយត្រូវបានរដ្ឋបាលអាណានិគមបោកប្រាស់ តាមរយៈការប្រគល់សម្បទានដីមួយកន្លែងដល់គាត់ នៅមាត់ឈូងសមុទ្រសៀម។ ការពិត ដីនោះជាដីលិចទឹក ដែលគេមិនអាចដាំដុះអ្វីបានឡើយ។ ដោយមានភាពធុញទ្រាន់ និងកំហឹងផងនោះ គាត់ក៏ចាប់ផ្តើមមានអារម្មណ៍មួម៉ៅ រវើរវាយដូចមនុស្សឆ្កួត ។ ដោយសារភាពអស់សង្ឃឹម គាត់ក៏បានចាប់ផ្តើមធ្វើការប្រយុទ្ធប្រឆាំងដែលមិនអាចទៅរួចមួយ គឺតស៊ូជាមួយសមុទ្រ។ ប្រាក់សន្សំរបស់គាត់ត្រូវបានយកទៅចំណាយលើការទិញដីមិនបានការមួយនេះ ប៉ុន្តែស្រ្តីមេម៉ាយដ៏ម៉ឺងម៉ាត់រូបនេះព្យាយាមជួយសង្គ្រោះដីរបស់គាត់និងដីរបស់កសិករកម្ពុជាផ្សេងទៀត នៅក្នុងភូមិ ពីគ្រោះថ្នាក់ទឹកជំនន់សមុទ្រ តាមរយៈការសាងសង់ទំនប់មួយ។
ក្រោយសម័យអាណានិគម ស្រ្តីជាម្តាយកូនពីរនាក់ ( ចូសេហ្វ អាយុ២០ឆ្នាំ និង ហ្សុយហ្សាន អាយុ១៦) បានយល់ព្រមអោយកូនប្រុសអ្នកជំនួញចិនដ៏ស្តុកស្តម្ភម្នាក់ ឈ្មោះ ចូ (Jo) ចែចូវកូនស្រីជាទីស្រឡាញ់របស់គាត់។ ការយល់យល់ព្រមនេះ ក៏ដោយសារតែគាត់សំឡឹងឃើញមាសប្រាក់របស់គ្រួសារខាងប្រុស ដើម្បីជួយសង្គ្រោះគ្រួសាររបស់គាត់ដែលកំពុងជួបការលំបាក។
ពីខែតុលាដល់ខែកុម្ភៈ ជាអំឡុងពេលទឹកជំនោរ ដីត្រូវលិចជន់ដោយទឹកសមុទ្រ ជាហេតុធ្វើអោយដីនៅទីនោះមានជាតិប្រៃ។ ការតស៊ូលើកទំនប់ការពារទឹកសមុទ្ររបស់អ្នកស្រី Donnadieu (តួអង្គម្តាយរបស់អ្នកស្រី ម៉ាហ្គឺរីត ឌុយរ៉ាស់) តែងតែជួបបរាជ័យ ដោយសារខ្វះខាតបច្ចេកទេស និងធនធានហិរញ្ញវត្ថុគ្រប់គ្រាន់។ ប៉ុន្តែ នៅអំឡុងឆ្នាំ១៩៣០ វិស្វករនៃអាណាព្យាបាលបារាំង និងនៅពេលបច្ចុប្បន្ន ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង ព្រមទាំងដៃគូសហការរបស់ខ្លួន បានសម្រេចជោគជ័យលើការងារសាងសង់ទំនប់នេះ។
ស្ថានទូតបារាំងប្រចាំនៅកម្ពុជា បានគូសបញ្ជាក់នៅលើវិបសាយស្ថានទូតថា ទំនប់ប៉ុលឌែរព្រៃនប់ចំនួន៦ (ទំនប់ការពារទឹកប្រៃ) ស្ថិតនៅក្នុងភូមិសាស្រ្តទឹកដីក្រុងព្រះសីហនុ ត្រូវបានជួសជុលឡើងវិញនៅឆ្នាំ១៩៩៨ និងបញ្ចប់នៅឆ្នាំ២០០៦ (រយៈពេល៨ឆ្នាំ)។ ការសាងសង់នេះបានទទួលជំនួយហិរញ្ញប្បទានចំនួនបីពីទីភ្នាក់ងារអភិវឌ្ឍន៍បារាំង។ បច្ចុប្បន្ននេះ ដោយសារមានទំបន់ជួសជុលថ្មី ប្រវែង៨៩គីឡូម៉ែត្រ និងប្រឡាយទឹក ប្រវែង១៣០គីឡូម៉ែត្រ ប្រជាពលរដ្ឋជិត១ម៉ឺនគ្រួសារអាចទទួលអត្ថប្រយោជន៍ពីដីស្រែដាំដុះប្រហែល១ម៉ឺនហិចតា។ ការផលិតស្រូវកើនឡើងពី១,៥តោន ទៅ២,៧តោនក្នុងមួយហិចតា។ សហគមន៍អ្នកប្រើប្រាស់ទំនប់ការពារទឹកប្រៃ ជាអ្នកគ្រប់គ្រងទំនប់ប៉ុលឌែរ និងធានាលើការជួសជុលថែទាំហេដ្ឋារចនាសម្ព័ន្ធតូចៗផ្សេងទៀត។
នៅទីបំផុត ក្តីស្រមៃរបស់តួអង្គម្តាយក៏បានសម្រេចដូចបំណង។
-បទយកការណ៍រូបថតនិងសម្លេង ស្តីពីការដឹកនាំរឿង -អៀវ បណ្ណការ ជនគំរូមួយរូបរបស់រដ្ឋាភិបាល
|
|
|