កា​សែត​គឺ​ជា​វ៉ិប​សាយ​ព័ត៌​មាន​ឯក​រាជ្យ​ដែល​ចេញ​ផ្សាយ​ប្រ​ចាំ​ថ្ងៃ​ជា​ភាសាខ្មែរ ​បា​រាំង និងអង់គ្លេស ​ស្តី​អំ​ពី​ប្រទេស​កម្ពុជា​និង​ប្រ​ជា​ជន​កម្ពុជា​នៅ​ក្រៅ​ប្រទេស ។
Installing Khmer Unicode
Bookmark and Share

ទទួល​ព័ត៌​មាន​




 
ការ​ប្រារព្ធ​ពិធី​ខួប​លើក​ទី​៣០​ឆ្នាំ​​នៃ​ទិវា​​ជ័យ​ជំនះ​ ៧ មករា នៅ​ប្រទេស​កម្ពុជា ក្រោម​ការ​រៀប​ចំ​របស់​គណបក្ស​ប្រជាជន​​កម្ពុជា​
ដោយ ដួង សុខា   
បោះពុម្ភ ផ្ញើអត្ថបទ​តាម​ Email
០៧-០១-២០០៩

ភ្នំពេញ ៧មករា

ភ្នំពេញ (កម្ពុជា) ថ្ងៃទី​៧ មករា ២០០៩៖ មហាជន​ប្រមូល​ផ្តុំ​នៅ​ពហុ​កីឡាដ្ឋាន​ជាតិ​អូឡាំពិក ដើម្បី​ចូល​រួម​ពិធី​រំលឹក​ខួប​អនុស្សាវរីយ៍ទី​៣០ នៃការ​រំដោះប្រទេស​ជាតិ​ពី​ពួក​ខ្មែរក្រហម​
© វណ្ណឌី រតនា

ប្រទេស​កម្ពុជា​បាន​ប្រារព្ធ​ខួបទី​៣០​ឆ្នាំ​នៃ​ទិវា​ជ័យ​ជំនះ​៧ មករា នៅ​​ពហុ​កីឡា​ដ្ឋាន​​ជាតិ​អូឡាំពិក (មាន​មហាជន​ចូលរួម​ប្រមាណ​៥ម៉ឺន​នាក់)​ ក្រោម​ការ​រៀប​ចំ​​របស់​​គណបក្ស​​កាន់​អំណាច​ គឺ​គណបក្ស​ប្រជាជន​កម្ពុជា​។ ពាក្យ​ស្លោក​លើក​សរសើរ​​អំពី​ទិវា​ជ័យ​ជំនះ​៧ មករា និង​គណបក្ស​ប្រជាជន​កម្ពុជា​ ត្រូវ​បាន​ស្រែក​ជយ​ឃោស​​ឡើង​ជា​បន្ត​បន្ទាប់ ​ពីសំណាក់​មហាជន​​ ដែល​រួមមាន​​មន្រ្តី​រាជ​ការ​ កង​កម្លាំង​ប្រដាប់​អាវុធ ព្រះ​សង្ឃ សិស្សានុសិស្ស​ ​ហើយ​និង​​តំណាង​​ប្រជា​ពល​រដ្ឋ​​នៅ​តាម​ខ័ណ្ឌ​​នានា​នៃ​​រាជ​ធានី​ភ្នំពេញ និង​​ខេត្ត​ក្រុង​ទាំង​​២៤​ទូទាំង​​ប្រទេស​។ ​ជានិច្ច​កាល ថ្ងៃ​៧មករា ​តែង​តែ​បង្កើត​ជា​ជម្លោះ​​ស្លាប​​ប៉ាកកា​ ក្នុង​ចំណោម​​​អ្នក​នយោបាយ​កម្ពុជា ដោយ​សារ​អ្នក​ខ្លះ​ ចាត់​ទុក​​ថ្ងៃ​នេះគឺជា​ថ្ងៃ​រំដោះប្រទេស​ជាតិ​ពី​ពួក​ចោរ​ព្រៃ​​ខ្មែរក្រហម ហើយ​សម្រាប់​​អ្នក​​ផ្សេង​ទៀត ចាត់ទុក​ថ្ងៃ​នេះ គឺជា​​ពេល​​ចាប់ផ្តើម​ការចូល​​ឈ្លាន​ពាន​របស់​ប្រទេស​​​​វៀត​ណាម។

 

ពិធី​រំលឹក​ខួប​ដ៏​អធឹក​អធម​
សម្តេច​ទាំង​បី (សម្តេច​ជា ស៊ីម ប្រធាន​​ព្រឹទ្ធស​ភា- សម្តេច​ហេង សំរិន ប្រធាន​រដ្ឋ​សភា -​សម្តេច​​ហ៊ុន សែន នាយក​រដ្ឋ​មន្រ្តី) បាន​ជិះ​​លើ​រថយន្ត​បើក​ដំបូល​​មួយ​គ្រឿង ​​ជុំវិញ​តារាង​បាល់ទាត់​មួយ​ជុំ ដើម្បី​ស្វាគមន៍​ដល់មហាជន​ ​រួច​ក៏​បាន​ឡើង​លើ​វេទិកា​កិត្តិយស​។ នៅ​​ចំ​​កណ្តាល​បរិវេណ​ស្តាត រូប​ទេវតា​ដ៏​ធំ​មួយ កំពុងបាច​ផ្កា​ ដែល​ជា​រូប​តំណាង​អោយ​គណបក្ស​ប្រជាជន​កម្ពុជា​។ ក្បួន​ព្យុហយាត្រា​​ដ៏ធំ​មួយ ដែល​រៀប​ចំ​ឡើង​ដោយ​​​ខេត្តក្រុងទាំង​២៤ បាន​បង្ហាញ​សក្កានុពល​របស់​ខ្លួន​​​​និង​សមិទ្ធិផល​នានា​​របស់គណបក្ស​ប្រជាជន​កម្ពុជា​ (សម្រាប់​​រាជ​ធានី​ភ្នំពេញ មាន​រូប​វិមាន​ឯករាជ្យ​​សម្បៈនិម្មិត​​ រំលេច​ទៅ​ដោយ​រូប​សំណង់​​អគារ​​​ដ៏​​ខ្ពស់​ស្កឹម​ស្កៃ សម្រាប់​​ខេត្ត​សៀម​រាប មាន​រូប​ថត​សម្តេច​នាយករដ្ឋ​​មន្រ្តី​ហ៊ុន សែន កំពុងវាយ​កូន​ហ្គូល -ល-) ព្រម​ទាំង​មាន​របាំ​ និង​ចម្រៀង​​កំដរ​អារម្មណ៍​ផង​ដែរ។

ហេតុ​អ្វី​ប្រារព្ធ​ទិវា ៧ មករា?
លោក​ខៀវ កាញ៉ារីទ្ធ ​​រដ្ឋ​មន្រ្តី​ក្រសួង​ព័ត៌មាន​​និង​ជា​អ្ន​កនាំ​ពាក្យ​រដ្ឋាភិបាល​កម្ពុជា​ បាន​ពន្យល់​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ កាលពី​​ព្រឹក​ថ្ងៃ​អាទិត្យ ទី​៤ ខែ​មករា​ថា ​​ការ​ប្រារព្ធ​ពិធី​​រំលឹក​ខួប​បែប​នេះ​មាន​ភាព​ចាំ​បាច់​ណាស់​​ ព្រោះ​នេះ​​គឺ​ជា​​«មេរៀន​ប្រវត្តិសាស្រ្ត» ដែលមិន​ត្រូវ​​បំភ្លេច​ចោល គឺជា​មេរៀន​នៃការ​សម្រេច​ចិត្ត​​ដ៏អាក្រក់មួយ​នៃ​មេដឹកនាំ​ប្រទេស​ជាតិ​ ដែល​​​បានបំផ្លាញ​ប្រទេស​ទាំង​ស្រុង និង​​​ជា​មេរៀន​នៃការបែក​បាក់​ ដែល​ត្រូវ​ជំនះ​អោយ​​បាន​​​។ «យើង​​ត្រូវ​ចំណាយ​​​ពេល​​​៣០​ឆ្នាំ ដើម្បី​កសាង​ប្រទេស​ជាតិ​ឡើង​វិញ!»។

លោក​រដ្ឋ​មន្រ្តី​​បាន​ប្រឆាំង​ទៅ​នឹង​អ្នក​ដែលចង់​​ប្រារព្ធ​ទិវា​២៣ តុលា ១៩៩១ ជាង​​ថ្ងៃ​៧ មករា ដោយ​លើក​ហេតុ​ផលមក​សំអាង​ថា «គ្មាន​ថ្ងៃ​៧ មករា ក៏​​​គ្មាន​ថ្ងៃ​២៣ តុលា​នោះទេ»។ ថ្ងៃទី​២៣ តុលា ១៩៩១ គឺជា​​ថ្ងៃ​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​​​​សន្តិ​ភាព​ទីក្រុង​ប៉ារីស ដែល​​លែង​ជា​ថ្ងៃ​ឈប់​សម្រាក​ផ្លូវ​ការ​នៅ​ប្រទេស​​កម្ពុជា​ ហើយ​​​ជា​ថ្ងៃ​ដែល​ភាគី​តស៊ូ​ខ្មែរ​ទាំង​អស់​យល់​ព្រម​អង្គុយ​ចរចា​លើ​​តុ​​តែ​មួយ​។​ ម្យ៉ាង​វិញ​ទៀត បើ​តាម​លោក​រដ្ឋ​មន្រ្តី កិច្ច​ព្រម​ព្រៀង​​នេះ​ត្រូវ​​បាន​​ស្លាប់​​​ ក្រោយ​ពេល​ដែល​ខ្មែរក្រហម​ផ្លាស់ប្តូរ​គំនិត​ និង​សម្រេច​ចិត្ត​​ដក​ខ្លួន​ចេញពី​ដំណើ​រ​​​ការ​បោះឆ្នោត​ ​ក្រោម​ការ​គ្រប់​គ្រង​របស់​​អ៊ុន​តាក់​ (​អាជ្ញាធរ​​​បណ្តោះ​អាសន្ន​​​នៃ​អង្គការ​សហ​ប្រជាជាតិ​ប្រចាំ​​ប្រទេស​​កម្ពុជា)។ លោក​ខៀវ កាញ៉ារីទ្ធ​​បាន​លើកឡើង​ម្តង​ទៀត​ថា «យើង​ត្រូវ​រង់​ចាំ​រហូត​ដល់​ឆ្នាំ​១៩៩៨ ទើប​​សង្គ្រាម​បញ្ចប់​» គឺនៅ​ពេល​ចលនា​តស៊ូ​ខ្មែរក្រហម​​បាន​ចុះ​ចូល​ជា​​ស្ថាពរ។

លោក​បាន​លំអិត​ថា នៅ​ថ្ងៃ​៧ មករា ខ្មែ​រក្រហម​ត្រូវ​បាន​បណ្តេញ​ចេញដោយ​កម្លាំង​របស់​​​​​​កង​ទ័ព​រណសិរ្យ​សាមគ្គី​សង្រ្គោះ​ជាតិ​កម្ពុជា​ ដែល​ដឹក​នាំ​ដោយ​សម្តេច​ហេង សំរិន ដោយ​មានការ​​ជួយ​គាំទ្រ​ពី​សំណាក់​​កង​ទ័ព​វៀតណាម​។

ប្រសិន​ជា​មនុស្ស​មួយ​ចំនួន​ស្តី​បន្ទោស​គណបក្ស​ប្រជាជន​កម្ពុជា​ថា​មិន​ទទួល​ស្គាល់​សមិទ្ធិ​ផល​របស់​​អ៊ុនតាក់ ក៏​ដោយ​សារ «អ៊ុន​តាក់​បាន​ចំណាយ​ថវិកា​ជាង​២ពាន់​លាន​ដុល្លារ​សម្រាប់​កម្ពុជា ប៉ុន្តែ​ ​​៨០%​នៃ​ថវិកា​នេះ​ មិនបាន​ចូល​ក្នុង​ហោប៉ៅ​របស់ប្រជាជន​កម្ពុជា​ ប៉ុន្តែ ត្រូវ​បាន​ប្រើប្រាស់​ដើម្បី​​ទិញ​សម្ភារៈ​នៅ​​​​បរទេស [...]។ ម្យ៉ាង​វិញ​ទៀត អ៊ុន​តាក់​មិន​បាន​ជួយ​យើង​កសាង​សាលា​រៀន និង​មន្ទីរ​ពេទ្យ​ និង​មិន​បាន​ជួយ​​បើក​ប្រាក់​បៀវត្ស​ជូន​គ្រូបង្រៀន​...នោះទេ។ គ្មាន​នរណា​​ជួយ​យើង​ឡើយ!»។

លោកខៀវ កាញ៉ារីទ្ធៈ ​ព្រឹត្តិការណ៍​នេះ​មិនមែន​ជា​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ទេ
ដើម្បី​ពន្យល់​ប្រាប់​អ្នក​សារព័ត៌មាន​ អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​រូប​នេះ​បាន​បញ្ជាក់​ថា គណបក្ស​ប្រជាជ​ន​កម្ពុជា​មិន​បាន​ដណ្តើម​យកមុខ​មាត់​តែ​ម្នាក់​ឯង​នោះទេ។ លោក​បាន​បង្ហាញ​ថា រូប​សញ្ញា​ផ្លូវការ​នៃ​ពិធិ​ ៧មករា នឹង​មិន​មាន​រំលេច​រូប​គណបក្ស​ឡើយ ហើយ​«គ្រប់​គណបក្ស​ទាំង​អស់» ត្រូវ​បាន​អញ្ជើញ​ចូលរួម​​នៅ​ក្នុង​ពិធី​នេះ​។

លោក​ខៀវ កាញ៉ារីទ្ធ​បាន​បក​ស្រាយ​បំភ្លឺ​ថា «កន្លង​មក​ គណបក្ស​ប្រឆាំង​បាន​ចោទ​ប្រកាន់​រដ្ឋាភិបាល​​​ថា​បាន​ចំណាយ​ថវិកា​រដ្ឋ​ខ្ជះ​ខ្ជាយ​ ដើម្បី​រៀប​ចំ​ពិធី​នេះ​ ដោយ​មិន​គិត​ទុក​ថវិកា​នេះ​ដើម្បី​អភិវឌ្ឍ​ប្រទេស​ជាតិ​។ នៅ​ត្រង់​ចំណុច​នេះ ខ្ញុំសូមបញ្ជាក់​ថា​ពិធី​នេះ​ត្រូវ​បានចំណាយ​ដោយ​​ថវិកា​ផ្ទាល់​ខ្លួន​របស់​សមាជិក​គណបក្ស​​ប្រជាជន​»។

លោក​រដ្ឋ​មន្រ្តី​មាន​ប្រតិកម្ម​ទៅ​នឹង​អ្នក​ដែល​​ថា​គណបក្ស​​ប្រជាជន​ «បង្ខំ» ប្រជាពលរដ្ឋ​អោយ​​ទទួល​ស្គាល់​​​ទិវា​ជ័យជំនះ​៧ មករា។ លោក​មាន​ប្រសាសន៍​ការ​ពារ​ខ្លួន​ថា «ប្រសិនជា​ពិត​មែន​នោះ គណបក្ស​ប្រជាជន​កម្ពុជា​នឹង​​ប្រមូល​​​ប្រជា​ពល​រដ្ឋ​​អោយ​បាន​ច្រើន​ជាង​នេះ ពីរ​ដង!»។ ​អ្នក​ដែល​ធ្វើ​ដំណើ​រ​មក​ចូល​រួម ​ទាំង​អស់​សុទ្ធ​តែ​ស្ម័គ្រ​ចិត្ត​»។​

ជា​ចុង​ក្រោយ លោក​ខៀវ កាញ៉ារីទ្ធ​បាន​សន្និដ្ឋាន​ថា​អ្នក​ដែល​ច្រានចោល​និមិត្ត​រូប​ថ្ងៃ​៧ មករា សុទ្ធ​សឹង​ជា​ប្រជាពល​រដ្ឋ​កម្ពុជា រស់នៅ​បរទេស​។ «ពួកគេ​រស់​នៅ​ ដោយ​មាន​អារម្មណ៍​អាម៉ាស់​។​ ពួកគេ​ដឹង​ថា​នៅ​ពេល​ជន​រួម​ជាតិ​របស់​ខ្លួន​ទទួល​រង​នូវការ​ឈឺចាប់ ពួកគេ​អសមត្ថភាព​និង​មិន​អាច​ចែក​រំលែក​ក្តី​ទុក្ខ​វេទនា​​ជន​រួម​ជាតិ​របស់​ខ្លួន​​បាន​។​ ពួកគេ​ស្គាល់​ច្បាស់ ថ្ងៃ​៧ មករា។ ការ​រិះ​គន់​ទាំងនោះ​គ្រាន់​តែ​ជា​រឿង​នយោបាយ​ប៉ុណ្ណោះ!»។

សមិទ្ធិផល​គណបក្ស​ប្រជាជនកម្ពុជា
សម្តេច​ជា ស៊ីម ប្រធាន​ព្រឹទ្ធសភា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​ថ្លែង​សុន្ទរកថា​​ជា​ផ្លូវការ​នៅក្នុង​អង្គ​ពិធី នៅពហុកីឡាដ្ឋា​ន​ជាតិអូឡាំពិក​នេះ​ថា «ការ​​រៀប​ចំខួប​អនុស្សាវរីយ៍​លើកទី​៣០ឆ្នាំ​ ថ្ងៃ៧ មករា​នេះ មាន​គោល​បំណង​រំលឹក​ដល់​វិញ្ញាណក្ខន្ធ​ទាហាន​ និង​​បង​ប្អូន​ជន​រួម​ជាតិ​​យើង​នៅទូទាំង​ប្រទេស​ ដែល​តស៊ូ​យ៉ាង​អង់​អាច​ក្លាហាន​ ដើម្បី​ជួយ​សង្គ្រោះ​ប្រទេស​ជាតិ​ពី​របប​ប្រល័យ​ពូជ​សាសន៍​»។ សម្តេច​ក៏​បាន​លើក​សរសើរ​កង​ទ័ព​រំដោះ​រណសិរ្យ​ និង​សូម​សំដែង​សេចក្តី​ដឹង​គុណ ក្នុង​នាម​ជា​ប្រជារាស្រ្ត​កម្ពុជា ចំពោះ​ប្រទេស​វៀតណាម​ ដែល​បាន​មក​ជួយ​សង្គ្រោះ​​ប្រទេស​កម្ពុជា ក្នុង​អំឡុង​ពេល​កើត​មាន​កលិយុគ​។

បន្ទាប់មក សម្តេច​ជា ស៊ីម​ក៏​បាន​លើក​ឡើង​​ពី​សមិទ្ធិផល​​រីកចម្រើន​​ជា​ច្រើន​​ដែល​​កើត​ចេញ​ពី​ស្នាដៃ​​​​របស់​គណបក្ស​សម្តេច​ និង​នយោបាយ​ «ឈ្នះ ឈ្នះ» ដែល​ជួយ​ធ្វើអោយ​មាន «​ការ​រួបរួម​ និង​ផ្សះ​ផ្សា​ជាតិ»។ សម្តេច​ក៏​បាន​លើក​ឡើង​ផង​ដែរ​អំពីចំណុច​រីក​ចម្រើន​មួយ​ចំនួន ដូចជា​​ស្ថេរ​ភាព​ម៉ាក្រូសេដ្ឋកិច្ច​ នៅ​អំឡុង​​ប៉ុន្មាន​ទសវត្សរ៍​ចុង​ក្រោយ​នេះ ការ​កាត់​បន្ថយភាព​ក្រីក្រ​( ពី​៤៧%​នៅឆ្នាំ​១៩៩៤ មក​៣០%នៅ​ឆ្នាំ​២០០៧) ការ​រីក​ចម្រើន​​​លទ្ធិ​ប្រជាធិបតេយ្យ​ សេរី​ពហុបក្ស -ល-។ សម្តេច​ក៏​មិន​បាន​ភ្លេច​លើកឡើងអំពី​មហា​ជោគជ័យ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ដែល​បានទទួល​ជំនួយ​ជិត​១ពាន់​លាន​ដុល្លារ សម្រាប់​ឆ្នាំ​២០០៩នេះ។

ទោះ​​ជា​យ៉ាង​ណា សម្តេច​មាន​ប្រសាសន៍​ថា បញ្ហា​នៅ​តែ​មាន​ ដូចជា​ជំងឺ​បាក់​ស្បាត​ដែល​បន្សល់​ទុក​ពី​របប​ខ្មែរក្រហម​ រឺ​វប្បធម៌​អហឹង្សា​ដែល​ត្រូវ​បន្ត​បណ្តុះ​គំនិត​​​ឡើង​។ ហេតុ​ដូច្នេះ​ហើយ​​ទើប​បាន​​ជា​ សម្តេច​បាន​លើកឡើង​ពីមេរៀន​អតីត​កាល​​ថា «ប្រជា​រាស្រ្ត​គឺជា​អ្នក​បង្កើត​ប្រវត្តិសាស្រ្ត» «សាមគ្គីភាព​គឺជា​កត្តា​ដ៏​សំខាន់​នៃ​​រាល់​ជោគជ័យ​» «សន្តិភាព​ដើរ​ទន្ទឹម​នឹង​ការ​ផ្សះ​ផ្សា​ជាតិ» «ការ​ពារ​ឯករាជ្យ​ភាព អធិបតេយ្យភាព និង​បូរណភាព​ទឹក​ដី​ត្រូវ​ធានា​គ្រប់​កាលៈទេសៈ​​» «សាមគ្គីភាព​និង​សហ​ប្រតិបត្តិការ​ជាមួយ​ប្រទេស​ដទៃ ជាពិសេស​ប្រទេស​ជិត​ខាង គឺជា​រឿង​ចាំ​បាច់ ដើម្បីការ​ពារ​សន្តិសុខ ស្ថេរភាព​និង​ការ​រីក​ចម្រើន​»។ ទាក់​ទង​នឹង​​​កិច្ច​សហ​ប្រតិបត្តិការ​ជាមួយ​ប្រទេស​ជិត​ខាង សម្តេច​បាន​គាំទ្រ​រដ្ឋាភិបាល​ ដែល​«បង្កើន​កិច្ច​ខិត​ខំ​ប្រឹង​​ប្រែង​ ដើម្បីដោះ​ស្រាយ​ជម្លោះព្រំដែន​ជាមួយ​ប្រទេស​ថៃ» ក្នុង​គោល​បំណង​ធ្វើ​អោយ​មាន​សន្តិភាព ស្ថេរភាព និង​ការ​អភិវឌ្ឍន៍​នៅ​ព្រំដែន​ ឡើង​វិញ។

សម្តេច​បាន​បញ្ចប់​សុន្ទរកថា​ ដោយ​ប្រកាស​ថា «រយៈ​ពេល​៣០​ឆ្នាំ​នេះ​បាន​បង្ហាញ​អោយ​ឃើញ​ថា​ គណបក្ស​ប្រជាជន​កម្ពុជា​គឺជាគណបក្ស​របស់ប្រជាជន​ បង្កើត​ដោយ​ប្រជាជន និង​ដើម្បី​ប្រជាជន»។

ភ្នំពេញ ៧មករា
ភ្នំពេញ (កម្ពុជា) ថ្ងៃទី​៧ មករា ២០០៩៖ ស្តាត​អូឡាំពិក ក្រោយ​ពេល​រៀប​ចំ​​ពិធី​រំលឹក​ខួប​អនុស្សាវរីយ ៧ មករា​
© វណ្ណ​ឌី រតនា

 


0 អធិប្បាយ
ផ្តល់សេចត្តីអធិប្បាយ
អ៊ីមែល៖
 
ចំណងជើង៖
ឈ្មោះ៖
វ៊ិបសាយ៖
[b] [i] [u] [url] [quote] [code] [img] 
 
សូមបញ្ជូលកូតដែលលោក​អ្នកឃើញនៅក្នុងរូប ។ ចុចលើរូប​ដើម្បី​ប្តូររូ​ប ។

យើង​ខ្ញុំ​សូ​​មអរគុណ​ចំពោះ​អត្ថា​ធិប្បាយ​របស់​អស់​លោក​អ្នក ។ រាល់​អត្ថាធិប្បាយ​ទាំង​អស់​មិន​​ត្រូវ​​សរ​សេរ​អោយ​លើស​ពី​១៦​បន្ទាត់​ទ្បើយ ។ សូម​បញ្ជាក់ថា កាសែត​ មិនទទួលខុសត្រូវរាល់​អត្ថា​ធិប្បាយ​ណា​ដែល​បាន​ផ្សព្វផ្សាយ​នៅ​ក្នុង​​ផ្នែក អត្ថាធិប្បាយ ទ្បើយ។ រាល់អត្ថាធិប្បាយ​ទាំង​អស់​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​អ្នក​អាន មិន​​មែន​ជា​ទស្សនៈ​របស់​ផ្នែក​និពន្ធ​យើង​ទេ។ ចំពោះ​ព័ត៌​មាន​បន្ថែម​សូមទាក់​ទង​យើង​ខ្ញុំ​តាម​រយៈអ៊ីម៉ែល Cet e-mail est protégé contre les robots collecteurs de mails, votre navigateur doit accepter le Javascript pour le voir

3.26 Copyright (C) 2008 Compojoom.com / Copyright (C) 2007 Alain Georgette / Copyright (C) 2006 Frantisek Hliva. All rights reserved."

 
Empower your lifestyle with BlackBerry from Hello
 

 
 
ដំណឹងថ្មីៗ