|
អធិប្បាយចុងក្រោយ
|
| ក្រុមមេធាវីការពារក្តីនួន ជា ដាក់បណ្តឹងព្រហ្មទណ្ឌទៅកាន់តុលាការក្រុងភ្នំពេញ ទាក់ទងនឹងការចោទប្រកាន់អំពើពុករលួយនៅអ.វ.ត.ក |
| ដោយ ស្ទេហ្វានី ហ្សេ | | | ០៨-០១-២០០៩ |  ភ្នំពេញ (កម្ពុជា) ថ្ងៃទី៨ មករា ២០០៩៖ លោក Michiel Pestman សហមេធាវីការពារក្តីរបស់អតីតមេដឹកនាំខ្មែរក្រហម នួន ជា ©វណ្ណឌី រតនា
ក្រុមមេធាវីការពារក្តីរបស់លោកនួន ជា ដែលត្រូវបានចាត់ទុកជាអ្នកបង្កើតមនោគមវិជ្ជានៅសម័យខ្មែរក្រហម និងត្រូវបានចោទប្រកាន់ដោយអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) បានដាក់ពាក្យបណ្តឹងព្រហ្មទណ្ឌមួយ ទៅកាន់សាលាដំបូងក្រុងភ្នំពេញ ។ តើមានកម្មវត្ថុអ្វី? សំណើសុំអោយតុលាការដោះស្រាយការចោទប្រកាន់អំពើពុករលួយ ដែលកើតមានចំពោះបុគ្គលិកកម្ពុជានៅក្នុងស្ថាប័ន អ.វ.ត.ក ហើយរហូតមកទល់សព្វថ្ងៃនេះ ការចោទប្រកាន់ទាំងនេះនៅមិនទាន់មានដំណោះស្រាយជាក់លាក់ណាមួយឡើយ។ ដំណើរការនីតិវិធីបែបនេះមិនធ្លាប់កើតមានពីមុនមកនោះទេ នៅតាមតុលាការព្រហ្មទណ្ឌអន្តរជាតិ ដែលស្ថិតនៅក្រោមការទទួលខុសត្រូវរបស់អង្គការសហប្រជាជាតិ (អ.ស.ប)។ ក្រុមមេធាវីការពារក្តីនួន ជា បានពន្យល់ថា «ខ្លួនគឺជាជនរងគ្រោះនៃការរំលោភបំពានក្រមព្រហ្មទណ្ឌអ៊ុនតាក់ ឆ្នាំ១៩៩២ និងបទបញ្ញត្តិស្រដៀងគ្នាទាំងឡាយដែលមានចែងនៅក្នុងច្បាប់ព្រហ្មទណ្ឌកម្ពុជាផ្សេងៗទៀត ដែលនៅជាធរមាន»។ ជាពិសេស ដើមបណ្តឹងចោទប្រកាន់ថាអំពើពុករលួយនៅក្នុងស្ថាប័នអង្គជំនុំជម្រះអាចធ្វើអោយអន្តរាយដល់សិទ្ធិជាមូលដ្ឋានក្នុងការទទួលបានការជំនុំជម្រះក្តីប្រកបដោយយុត្តិធម៌»។
បន្ទាប់ពីការព្យាយាមចំនួនពីរលើកប៉ុន្តែមិនបានទទួលជោគជ័យ នៅថ្ងៃព្រហស្បតិ៍ ទី៨ ខែមករានេះ ក្រុមមេធាវីរបស់នួន ជា បានទទួលការណាត់ជួបមួយ ជាមួយលោក អ៊ុក សាវុធ ព្រះរាជអាជ្ញាអមតុលាការក្រុងភ្នំពេញ នៅថ្ងៃស្អែក (ថ្ងៃសុក្រ ទី៩ មករា)។ តុលាការបានទទួលពាក្យបណ្តឹងរបស់មេធាវីនួន ជានេះហើយ ប៉ុន្តែ មិនអាចចុះបញ្ជីជាផ្លូវការបាននោះទេ។ «គេបានពន្យល់ប្រាប់យើងថា បណ្តឹងនេះមានលក្ខណៈ ‘ពិសេស’ ហើយគេចាំបាច់ត្រូវពិភាក្សាជាមួយថ្នាក់លើសិន»។
តើពាក្យបណ្តឹងនេះអាចទទួលយកបានដែររឺទេ? សម្រាប់លោកMichiel Pestman សហមេធាវីរបស់នួន ជា ជនជាតិហូឡង់ តាមផ្លូវច្បាប់ យើងអាចវាយតម្លៃថាពិតជាអាចទទួលយកបាន ព្រោះព្រះរាជអាជ្ញាមានកាតព្វកិច្ចចុះបញ្ជីពាក្យបណ្តឹង ដូចមានចែងនៅក្នុងច្បាប់! បណ្តឹងនេះត្រូវតែទទួលយក ព្រោះអង្គជំនុំជម្រះវិសាមញ្ញពឹងផ្អែកទៅលើក្រមព្រហ្មទណ្ឌនៃប្រទេសកម្ពុជា។ សហព្រះរាជអាជ្ញាមានរយៈពេល២ខែ ដើម្បីសម្រេចចិត្តអំពីដំណាក់កាលបន្តបន្ទាប់នៃបណ្តឹងនេះ។ លោកមេធាវីបានបន្ថែមទៀតថា «ទោះបីជា អ.ស.ប ដឹកនាំការស៊ើបអង្កេតផ្ទៃក្នុងមួយក៏ដោយ ក៏ អ.វ.ត.ក មិនមានយុត្តាធិការដើម្បីស៊ើបអង្កេតលើការចោទប្រកាន់អំពីអំពើពុករលួយនៅក្នុងស្ថាប័នរបស់ខ្លួនបានដែរ»។ លោកមេធាវីបានអោយដឹងថា «រដ្ឋាភិបាលបានទទួលឯកសារចម្លងមួយច្បាប់នៃរបាយការណ៍របស់អ.ស.ប ដែលបានផ្តល់ឈ្មោះបុគ្គលប៉ុន្មាននាក់ ដែលសង្ស័យថាបានប្រព្រឹត្តខុស។ ប៉ុន្តែ អាជ្ញាធរកម្ពុជាមិនបានដោះស្រាយអ្វីទាំងនេះ...។ ជាក់ស្តែង រដ្ឋាភិបាលបានបដិសេធដោះស្រាយបញ្ហានេះ! […]។ រដ្ឋាភិបាលបរាជ័យ ក្នុងការស៊ើបអង្កេតលើករណីទាំងនេះ។ អ្នកដែលប្រព្រឹត្តអំពើសូកប៉ាន់ មិនអាចឯករាជ្យបាននោះទេ ហើយប្រសិនជាអ្នកប្រព្រឹត្តទាំងនោះមានច្រើននៅក្នុងស្ថាប័នអ.វ.ត.ក វានឹងប៉ះពាល់ដល់ដំណើរការរបស់តុលាការ»។ លោកមេធាវីបរទេសរូបនេះបានទទួលស្គាល់ថា នេះគឺជាកិច្ចការជំនួញ ហើយលោកមិនទទួលបានជោគជ័យ ក្នុងការទទួលបានឯកសារថតចម្លងនៃរបាយការណ៍ស៊ើបអង្កេតរបស់អង្គការសហប្រជាជាតិនោះទេ បើទោះបីជាលោកបានសំណូមពរជាច្រើនលើកក៏ដោយ។
ប្រវត្តិអង្គហេតុ ក្រុមមេធាវីការពារក្តីរបស់នួន ជា បានលើកឡើងថា កាលពីខែកុម្ភៈ ឆ្នាំ២០០៧ អង្គការសង្គមយុត្តិធម៌បើកចំហ (ហៅកាត់ថា OSJI) បានចេញសេចក្តីថ្លែងការណ៍មួយដោយបានចោទប្រកាន់បុគ្គលិក រួមទាំងចៅក្រមនៅ អ.វ.ត.ក ថា «បានបង់ចំណែកនៃប្រាក់បៀវត្សរបស់ពួកគេច្រើនគួរសម អោយទៅមន្រ្តីនៃរាជរដ្ឋាភិបាលកម្ពុជា ដើម្បីទទួលបានតួនាទីនៅតុលាការនេះ»។ រយៈពេលបួនខែក្រោយមក កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ ( ហៅកាត់ UNDP) ក៏បានចេញរបាយការណ៍ស្រដៀងគ្នានេះផងដែរ។
ក្រុមមេធាវីការពារក្តីបានបន្ថែមទៀតថា ស្តែងចេញពីការចោទប្រកាន់នេះ គណៈកម្មាធិការសហគមន៍អឺរុបបានស្នើអោយមានការស៊ើបអង្កេតឯករាជ្យមួយ មកលើ អ.វ.ត.ក នៅខែតុលា ឆ្នាំ២០០៧។ ខណៈដែលរដ្ឋាភិបាលកម្ពុជាបដិសេធមិនដំណើរការគម្រោងបែបនេះ UNDPក៏បានបង្កើតក្រុមប្រឹក្សាបរទេសមួយ ដើម្បីពិនិត្យមើលឡើងវិញពីដំណើរការជ្រើសរើសបុគ្គលិករបស់តុលាការនេះ។ ប៉ុន្តែ «សវនកម្មនេះមិនបានលើកឡើងអោយចំៗ ចំពោះការចោទប្រកាន់អំពីការបង់ប្រាក់ សម្រាប់តួនាទីនៅតុលាការនេះឡើយ»។
ពាក្យបណ្តឹងព្រហ្មទណ្ឌរបស់ក្រុមមេធាវីការពារក្តី បានបញ្ជាក់ថា នៅក្នុងខែមិថុនា ឆ្នាំ២០០៨ មន្រ្តី អ.វ.ត.ក បានទទួល «ការចោទប្រកាន់ថ្មីៗអំពីអំពើពុករលួយពាក់ព័ន្ធនឹងការគៃបំបាត់យកប្រាក់បៀវត្ស»។ ពាក្យបណ្តឹងទាំងនេះត្រូវបានបញ្ជូនទៅការិយាល័យត្រួតពិនិត្យសេវាផ្ទៃក្នុងរបស់អង្គការសហប្រជាជាតិ (OIOS) នៅទីក្រុងញូវយ៉ក ហើយថវិកាសម្រាប់ឧបត្ថម្ភខាងភាគីកម្ពុជារបស់តុលាការនេះត្រូវបានរាំងខ្ទប់ ដើម្បីរង់ចាំលទ្ធផលនៃការស៊ើបអង្កេតរបស់ អ.ស.ប។
លោកឧបនាយករដ្ឋមន្រ្តីសុខ អាន ប្រធានក្រុមការងាររដ្ឋាភិបាលកម្ពុជានៃសាលាក្តីខ្មែរក្រហម បានលើកឡើងថាអាជ្ញាធរកម្ពុជាមានមធ្យោបាយ ក៏ដូចជាយុត្តាធិការផ្តាច់មុខ ក្នុងការដោះស្រាយអំពើពុករលួយនេះ។ ក្រោយពីប្រធានបុគ្គលិកនៃ អ.វ.ត.ក ត្រូវបានដកចេញពីតំណែងរួចមក លោកសុខ អាន បានប្រកាសពី «ការបង្កើតគណៈកម្មាធិការប្រឆាំងនឹងអំពើពុករលួយថ្មីមួយ ដើម្បីទទួលពាក្យបណ្តឹងនិងដោះស្រាយរាល់អំពើពុករលួយ ដែលបុគ្គលិកបានលើកឡើង»។ លទ្ធផលនៃការស៊ើបអង្កេតរបស់អ.ស.ប ត្រូវបានបញ្ជូនមកអាជ្ញាធរកម្ពុជា នៅក្នុងខែកញ្ញា ឆ្នាំ២០០៨។
ដំណើរការរបស់ក្រុមមេធាវីការពារក្តី មុននឹងដាក់ពាក្យបណ្តឹងនេះទៅកាន់ការិយាល័យព្រះរាជអាជ្ញានៃតុលាការក្រុងភ្នំពេញ មេធាវីការពារក្តីរបស់នួន ជា បានកត់សម្គាល់លើការចោទប្រកាន់អំពីអំពើពុករលួយនៅ អ.វ.ត.ក ដែលត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយកាលពីពេលថ្មីៗនេះ និងការដែលថារដ្ឋាភិបាលកម្ពុជាទទួលបានការវាយតម្លៃរបស់អង្គការសហប្រជាជាតិលើបញ្ហានេះ។ នៅថ្ងៃទី១៩ ខែកញ្ញា ២០០៨ ក្រុមមេធាវីបានដាក់សំណើទៅកាន់ការិយាល័យរដ្ឋបាលនៃ អ.វ.ត.ក និង Unakrt (ជំនួយការសហប្រជាជាតិប្រចាំសាលាក្តីខ្មែរក្រហម) ក្នុងគោលបំណងធានាដល់កូនក្តីរបស់ពួកគេឡើងវិញថា អ.វ.ត.ក អាចរកយុត្តិធម៌ ស្របតាមបទដ្ឋានយុត្តិធម៌អន្តរជាតិ។ ក្រុមមេធាវីការពារក្តីនេះក៏បានសរសេរលិខិតមួយច្បាប់ជូនលោកឧបនាយករដ្ឋមន្រ្តីសុខ អានផងដែរ កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០០៨។ នៅក្នុងលិខិតនេះ មេធាវីបានសរសេរថាអ្នកសម្របសម្រួលនៃ Unakrt និងប្រធានការិយាល័យរដ្ឋបាលនៃ អ.វ.ត.ក បានជួបពិភាក្សាគ្នា។ អ្នកសម្របសម្រួលនៃUnakrt បានឆ្លើយតបថាអង្គការសហប្រជាជាតិ (អ.ស.ប) មិនជំទាស់នឹងការបង្ហាញប្រាប់ព័ត៌មាននោះទេ ប្រសិនជារដ្ឋាភិបាលកម្ពុជាយល់ព្រមនឹងសំណើរបស់ពួកគេ។ ចំណែកប្រធានការិយាល័យរដ្ឋបាលបានអះអាងថាទាំងលោក ទាំងតំណាងកម្ពុជានៅក្នុងសាលាក្តីផ្សេងទៀត សុទ្ធតែមិនមានព័ត៌មានទាក់ទងនឹងបណ្តឹង «ដែលត្រូវបានផ្ញើទៅកាន់ទីក្រុងញូវយ៉ក ដើម្បីអោយអង្គការសហប្រជាជាតិត្រួតពិនិត្យនោះទេ»។ ក្នុងអំឡុងពេលរង់ចាំ លោកមេធាវី Michiel Pestman បានបន្ថែមថា «លោកសុខ អាន មិនបានឆ្លើយតបមកយើងនោះទេ […] ជាហេតុយើងអាចប៉ាន់ស្មានថា អំពើពុករលួយអាចមានកំរិតខ្លាំងក្លាជាការគិតទុករបស់យើង...»។
តើតុលាការក្រុងភ្នំពេញ នឹងប្រកាសខ្លួនថាមានសមត្ថកិច្ចដោះស្រាយលើសំណុំរឿងនេះដែររឺទេ? ទោះជាយ៉ាងណា ពាក្យបណ្តឹងរបស់ក្រុមមេធាវីការពារក្តីរបស់លោកនួន ជានេះបានទាក់ទាញចំណាប់អារម្មណ៍លើបញ្ហាមួយ ដែលកំពុងចោទជាការព្រួយបារម្ភរួម ពីសំណាក់អ្នកជាប់ពាក់ព័ន្ធនឹងតុលាការ។ លោកមេធាវី Michiel Pestman បានប្រកាសថា «ប្រសិនជាថ្ងៃស្អែក (ថ្ងៃសុក្រ ទី៩ មករា) តុលាការបដិសេធចុះបញ្ជីបណ្តឹងរបស់យើង និងបដិសេធបើកកិច្ចស៊ើបអង្កេតមួយ យើងនឹងដាក់ពាក្យបណ្តឹងនេះទៅកាន់សាលាឧទ្ធរណ៍ភ្លាម!»។ ប្រសិនជាសាលាឧទ្ធរណ៍នៅតែមិនយកចិត្តទុកលើបណ្តឹងនេះ លោកមេធាវីមានប្រសាសន៍ថាលោកនឹងពិចារណាថាលោក«គួរត្រូវបន្តធ្វើការងារ នៅក្នុងប្រព័ន្ធច្បាប់នេះតទៅទៀត រឺយ៉ាងណា»។ ក្រុមមេធាវីការពារក្តីហាក់បីដូចជាខិតខំប្រឹងប្រែងគ្រប់មធ្យោបាយ ទាំងផ្នែករដ្ឋបាល និងផ្នែកច្បាប់ ដើម្បីដាក់អោយសាលាក្តីខ្មែរក្រហម ប្រឈមនឹងទំនួលខុសត្រូវរបស់ខ្លួន។
គ្រប់យ៉ាងមិនមែនសុទ្ធតែខ្មៅងងឹតនោះទេ...? លោកស្រី ហេឡែន ហ្សាវីស (Helen Jarvis) ប្រធានអង្គភាពទំនាក់ទំនងកិច្ចការសាធារណៈនៃអ.វ.ត.ក មានប្រសាសន៍នៅថ្ងៃព្រហស្បតិ៍ ទី៨ ខែមករានេះថាលោកស្រីមិនបានទទួលព័ត៌មានទាក់ទងនឹងពាក្យបណ្តឹងរបស់ក្រុមមេធាវីនោះទេ។ លោកស្រីបានបញ្ជាក់ថាមន្រ្តីតុលាការអាចសម្រេចចិត្តចំពោះអ្វីដែលខ្លួនគិតថាគួរតែត្រូវធ្វើ។ ទាក់ទិននឹងទឡ្ហីករណ៍នៃអំពើពុករលួយ អ្នកស្រីមានសុទិដ្ឋិនិយមចំពោះសេចក្តីប្រកាសព័ត៌មានរួមមួយ កាលពីថ្ងៃទី១០ ខែធ្នូ រវាងអង្គការសហប្រជាជាតិនិងលោកឧបនាយករដ្ឋមន្រ្តីសុខ អាន ក្នុងនោះ ភាគីទាំងពីរបានឯកភាពគ្នា ដើម្បីពង្រឹងការគ្រប់គ្រងធនធានមនុស្សនៅក្នុងតុលាការ រួមទាំងវិធានការប្រឆាំងអំពើពុករលួយផងដែរ។
លោកស្រីបានបន្ថែមទៀតថា លោកស្រីគាំទ្រ«ការរៀបចំកិច្ចប្រជុំរួម រវាងរចនាសម្ព័ន្ធជាតិនិងអន្តរជាតិ ដើម្បីធានាថារាល់កិច្ចការរដ្ឋបាលនៅក្នុងតុលាការដំណើរការប្រកបដោយតម្លាភាព យុត្តិធម៌ និងប្រសិទ្ធភាព»។ ភាគីទាំងពីរបានរំពឹងទុកថាលទ្ធផលនៃកិច្ចប្រជុំទាំងនេះនឹងត្រូវបានផ្សព្វផ្សាយ ប្រាប់ «ក្រុមការងារពិសេស» របស់រាជរដ្ឋាភិបាលកម្ពុជា និង «គណៈកម្មាធិការគ្រប់គ្រង» នៃសាលាក្តី ចាប់ពីពេលនេះ រហូតដល់ចុងខែមករា ឆ្នាំ២០០៩។
ពាក់ព័ន្ធនឹងពាក្យបណ្តឹងរបស់មេធាវីការពារក្តីនួន ជា លោកMarcel Lemonde សហចៅក្រមស៊ើបអង្កេត បានលើកឡើងថា ចៅក្រមបាន «សម្រេចចិត្តមិនចូលរួមការជំនុំជម្រះ ដែលពាក់ព័ន្ធនឹងអំពើពុករលួយនោះទេ។ យើងមានការប្រុងប្រយ័ត្នខ្ពស់។ តុលាការនេះត្រូវតែដំណើរការដោយល្អឥតខ្ចោះ។ យើងតាមដានរាល់ការនិយាយអំពីបញ្ហានេះ»។
បន្ថែម - ប្រវត្តិវិទូ វៀវីយ៉កកា: "យើងសង្ឃឹមរង់ចាំយុត្តិធម៌យូរពេកហើយ" (២៣-១២-២០០៨) - សាលាក្តីខ្មែរក្រហមនៅកម្ពុជាបង្កើតរឿងអាស្រូវថ្មីដ៏ធំមួយ (១៣-០៨-២០០៨)
|
|
|