ភ្នំពេញ (កម្ពុជា) ថ្ងៃទី១៦ សីហា ២០០៨៖ ការតាំងពិព័រណ៍រថយន្តភីកអាប់ 4X4
© ចន វីង / Magnum
មិនថានៅក្នុងទីក្រុងឬនៅជាយក្រុង នៅក្នុងមជ្ឈមណ្ឌលពាណិជ្ជកម្មឬនៅតាមតូបលក់ដូរទំនិញនៅផ្សារទេ អាជីវករនៅក្រុងភ្នំពេញទាំងអស់សុទ្ធតែកត់សម្គាល់ឃើញដូចៗគ្នា គឺថាការលក់ដូររបស់ពួកគេមិនសូវល្អទេជាច្រើនខែមកនេះ។ បន្ថែមពីលើវិបត្តិសេដ្ឋកិច្ចពិភពលោក នៅមានឥទ្ធិពលបង្កឡើងដោយសារការទិញដីទុកលក់នៅកម្ពុជាថែមទៀត។ អ្នកប្រើប្រាស់ជាច្រើននៅក្នុងចំណោមអ្នកមានជីវភាពធូរធារជួបប្រទះនូវការស្ទះលុយទៅលើដីធ្លីដែលបច្ចុប្បន្នមានតម្លៃនៅនឹងថ្កល់។ ដូច្នេះវាជារឿងសត្យានុម័តដែលនាំអោយមានការធ្លាក់ចុះនៃការប្រើប្រាស់ រាប់តាំងពីអ្នកលក់គ្រឿងអលង្ការរហូតដល់អ្នកលក់ដូរតូចតាចនៅតាមផ្លូវ។
កញ្ញាដារី អ្នកលក់គ្រឿងក្រឡៃនៅក្នុងហាង "shopping mall" នៅជាន់ទី៣ក្នុងផ្សារសុវណ្ណាដែលជាមជ្ឈមណ្ឌលពាណិជ្ជកម្មទើបនឹងកើតចុងក្រោយគេបំផុតនោះ សោកស្តាយថា៖ «ឥឡូវ ថ្ងៃអាទិត្យក៏ដូចថ្ងៃច័ន្ទដែរ»។ សភាពមានមនុស្សម្នាច្រើនសន្ធឹកសន្ធាប់នៅថ្ងៃដំបូងៗនៃការបើកសម្ពោធនៅដើមឆ្នាំ២០០៨ គឺលែងមានទៀតហើយ ឥឡូវនេះ«សូម្បីតែថ្ងៃអាទិត្យ»ដែលជាថ្ងៃដើរទិញឥវ៉ាន់ និងថ្ងៃដើរកម្សាន្តរបស់អ្នកនៅភ្នំពេញក៏មិនសូវមានមនុស្សមកផ្សារដែរ។ នៅពីមុខទូតាំងខ្សែកនិងខ្សែដៃក្រឡៃ នារីវ័យក្មេងរូបនេះបន្ថែមទៀតថា៖ «សព្វថ្ងៃ គឺពិតជាពិបាកណាស់ក្នុងការរកប្រាក់។ អតិថិជនកាន់តែតិចទៅៗ។ មនុស្សលែងមកផ្សារទៀតហើយ»។
ធម្មតាម៉ោង១១ថ្ងៃត្រង់គឺជាម៉ោងមានអ្នកដើរផ្សារច្រើន តែថ្ងៃនេះនៅតាមផ្លូវដើរក្នុងផ្សារសុវណ្ណាបែរជាស្ងាត់ខុសធម្មតាទៅវិញ។ អ្នកលក់ទាំងឡាយរកនេះរកនោះធ្វើកែអផ្សុក អ្នកខ្លះអង្គុយអានកាសែតនិងទស្សនាវដ្តីនៅមុខតូបដើម្បីរង់ចាំភ្ញៀវ។ អ្នកខ្លះទៀតជូតសម្អាតឥវ៉ាន់មិនដឹងជាប៉ុន្មានដងទេក្នុងមួយថ្ងៃ...
គ្រប់យ៉ាងសុទ្ធតែល្អទាំងអស់ ដូច្នេះដើម្បីអូសទាញអតិថិជន គឺមានតែការផ្សព្វផ្សាយគួរអោយទាក់ទាញបំផុត ដូចជាការបិទលក់បញ្ចុះតម្លៃពី៥ទៅ៣០%ជាដើម។ ទីចាត់ការរបស់មជ្ឈមណ្ឌលពាណិជ្ជកម្មក៏ចូលរួមយកចិត្តទុកដាក់ដែរ តាមរយៈការរៀបចំចាប់ឆ្នោតផ្សងសំណាងយករង្វាន់ធំ ដើម្បីទាក់ទាញអតិថិជន ដែលជាទូទៅចូលចិត្តនឹងល្បែងប្រភេទនេះ។ ប៉ុន្តែអ្នកប្រើប្រាស់ជាច្រើននៅតែមិនប្រជ្រៀតគ្នាចូលទិញដដែល។ មនុស្សភាគច្រើនដែលមកតាមទីកន្លែងនេះញឹកញាប់ គឺជាសិស្សសាលា។ ពួកគេមកគ្នាបីឬបួននាក់ ហើយចូលចិត្តកន្លែងលេងហ្គែមស្ថិតនៅជាន់ទី៣ជាងទូតាំងឥវ៉ាន់លក់...
តើអតិថិជនទៅណាអស់ហើយ?
ដារីរអ៊ូរទាំថា៖ «សិស្សសាលាមិនប្រាកដថាជាអតិថិជនល្អទេ។ អតិថិជនល្អបំផុតរបស់ខ្ញុំគឺកូនអ្នកស្និទ្ធនឹងអ្នកមានអំណាច អ្នកមានឬខ្មែរនៅប្រទេសក្រៅ...។ ប៉ុន្តែសព្វថ្ងៃ ខ្ញុំមិនដឹងថាតើពួកគេទៅណាអស់ទេ។ ប្រហែលពួកគេចាកចេញទៅបរទេសវិញទេដឹង?»។ ពីមុន នៅពេលផ្សារសុវណ្ណាបើកដំបូង អាជីវករវ័យក្មេងរូបនេះធ្លាប់លក់បានប្រហែល៣០០ដុល្លារក្នុងមួយថ្ងៃ ប៉ុន្តែឥឡូវនាងរកមិនចង់បាន៥០ដុល្លារផងក្នុងមួយថ្ងៃ។
អតិថិជនកាន់តែពូកែតថ្លៃ
សុខ ឡុង យុវជនខ្មែរកាត់ចិនជាម្ចាស់ហាងលក់ទូរស័ព្ទដៃធំមួយ នៅមិនឆ្ងាយប៉ុន្មានពីហាងលក់គ្រឿងអលង្ការរបស់ដារី ក៏ជួបសំណាងមិនល្អដូចដារីដែរ។ នៅចំពោះមុខការទាមទាររបស់អតិថិជនដែលកាន់តែចូលចិត្តតថ្លៃ យុវជនរូបនេះកាន់តែអស់សង្ឃឹម។ លោកឡុងរៀបរាប់ថា៖ «សូម្បីខ្ញុំព្រមបញ្ចុះថ្លៃប៉ុន្មានដុល្លារទាបជាងតម្លៃទិញចូលហើយ ក៏អតិថិជនមិនចង់ទិញដែរ...។ បើទូរស័ព្ទដៃមួយថ្លៃ១២០ដុល្លារ ពួកគេអោយខ្ញុំតែ៥០ដុល្លារ! ខ្ញុំមិនអាចបញ្ចុះថ្លៃច្រើនទេ...។ សម្រាប់ទូរស័ព្ទថ្មីមួយគ្រឿង ខ្ញុំចំណេញបានត្រឹមតែពីរឬបីដុល្លារប៉ុណ្ណោះ»។ លោកនឹកឃើញពីពេលកន្លងទៅថ្មីៗដែលមន្ត្រីជាន់ខ្ពស់ និងកូនៗមកទិញទូរស័ព្ទពីរឬបីគ្រឿងក្នុងពេលតែមួយ ដោយមិនទាំងតថ្លៃមួយម៉ាត់...
អាជីវករពិបាកក្នុងការបង់ថ្លៃជួលតូប
ផលវិបាកនៃការលក់ខាត គឺសព្វថ្ងៃអាជីវករពិបាករកលុយអោយថ្លៃឈ្នួលតូបប្រចាំខែ។ លោកសុខ ឡុង បានប្រមែប្រមូលលុយដើមបន្តិចម្តងៗដើម្បីដោះស្រាយថ្លៃជួលតូបពីរក្នុងមួយខែ៨៧៥ដុល្លារ។ លោកមិនមែនជាមនុស្សតែម្នាក់ដែលជួបនឹងបញ្ហាលំបាកបែបនេះទេ។ ហេតុនេះហើយបានជានៅថ្ងៃទី១១ ធ្នូ ២០០៨ អាជីវករនៅមជ្ឈមណ្ឌលពាណិជ្ជកម្មសុវណ្ណាក៏បាននាំគ្នាធ្វើកូដកម្មអស់៤ថ្ងៃ ដើម្បីអោយទីចាត់ការផ្សារយល់ព្រមបញ្ចុះតម្លៃជួលតូប៣០% អំឡុងពេល៩ខែ ដោយសារលក់មិនដាច់។ ប្រឈមមុខនឹងការខឹងសម្បារបស់អាជីវករ លោកអគ្គនាយកក៏បានយល់ព្រមបញ្ចុះតម្លៃ១០% រយៈពេល៦ខែដោយលោកអះអាងថាចេញលុយពីហោប៉ៅរបស់លោកសម្រាប់ការខាតបង់។
តាំងពីទូរស័ព្ទដៃរហូតដល់ផ្លែឈើនិងបន្លែគឺប៉ះទង្គិចដូចគ្នា
បើទោះជាហាងទូរស័ព្ទដៃនិងហាងគ្រឿងអលង្ការនៅតាមផ្សារទំនើបគឺជាអ្នករងគ្រោះមុនគេដោយសារការធ្លាក់ចុះនៃការប្រើប្រាស់ក៏ដោយ ក៏វិបត្តិនេះប៉ះពាល់ផងដែរដល់អ្នកលក់ផលិតផលប្រើប្រាស់ប្រចាំថ្ងៃ។ លោករ័ត្នគឺជាអ្នកលក់បន្លែបោះដុំនិងរាយនៅផ្សារអូរឫស្សី កណ្តាលក្រុងភ្នំពេញ។ សម្រាប់ពេលនេះ លោកមិនឃើញមានការផ្លាស់ប្តូរទេសម្រាប់ការលក់រាយ។ លោកពន្យល់បណ្តើររៀបចំតូបបណ្តើរដោយមានប្រពន្ធជាអ្នកជួយ។ ផ្ទុយមកវិញ ការលក់ដុំមានការធ្លាក់ចុះយ៉ាងខ្លាំង។ អតិថិជនធំៗទាំង៨របស់លោកដែលសុទ្ធសឹងជាភោជនីយដ្ឋាន បានបន្ថយការកុម្ម៉ង់ពីមួយថ្ងៃទៅមួយថ្ងៃ ព្រោះភ្ញៀវរបស់ពួកគេក៏មិនសូវមកដូចមុនដែរ។ «ពីមុន សម្រាប់ការកុម្ម៉ង់ចុងសប្តាហ៍ ខ្ញុំលក់បន្លែអោយតាមភោជនីយដ្ឋានបានពី៨០០ទៅ១ ០០០ដុល្លារក្នុងមួយថ្ងៃ។ បច្ចុប្បន្ន ខ្ញុំលក់បានតែពី៣០០ទៅ៥០០ដុល្លារប៉ុណ្ណោះ។ ឧទាហរណ៍ ភោជនីយដ្ឋានលក់ស៊ុបឆ្នាំងដីទិញបន្លែខ្ញុំមិនលើសពី១០ដុល្លារទេក្នុងមួយថ្ងៃ កាលពីមួយរយៈមុនគេទិញរហូតដល់៨០ដុល្លារ»។ ប៉ុន្មានខែមកនេះ លោករ័ត្នប៉ាន់ប្រមាណថា ប្រាក់ចំណូលរបស់លោកថយចុះ៣០%ក្នុងមួយថ្ងៃ។
ស្ត្រីមេផ្ទះបង្ខំចិត្តរឹតត្បិតការចំណាយ
អ្នកស្រីងួន ចាន់ថន អ្នកលក់សម្លៀកបំពាក់នៅផ្សារចោមចៅ ជាយក្រុងភ្នំពេញ ខាងលិចព្រលានយន្តហោះ ក៏ប្រឈមមុខនឹងស្ថានភាពនេះដែរ គឺដូចអាជីវករផ្សេងទៀតនៅក្នុងផ្សារនោះដែរ។ ប្រាក់ចំណូលដែលគាត់រកសល់មិនគ្រប់នឹងទប់ទល់ជីវភាពទេ។ អ្នកលក់រូបនេះធ្វើការគណនាថា៖ «ប្រឈមមុខនឹងស្ថានភាពលំបាកនេះ ខ្ញុំត្រូវបន្ថយការចំណាយលើអាហារប្រចាំថ្ងៃមកនៅត្រឹម៣ ០០០រៀល (ប្រហែល០,៧៥ដុល្លារ) ខណៈពេលដែលធម្មតាខ្ញុំចំណាយដល់១៥ ០០០រៀល (៣,៧៥ដុល្លារ)។ បច្ចុប្បន្ន ខ្ញុំរកចំណូលចូលផ្ទះបានតែ៣០ ០០០ ទៅ៤០ ០០០ រៀលប៉ុណ្ណោះ (៧,៥ទៅ១០ដុល្លារ)ប៉ុណ្ណោះក្នុងមួយថ្ងៃ គឺបានតិចជាងមុន១០ដង។ ដូច្នេះ ឥឡូវ ខ្ញុំចំណាយតែលើរបស់សំខាន់ប៉ុណ្ណោះ»។
ឮនៅក្បែរផ្សារអូឡាំពិច ចំកណ្តាលក្រុង អ្នកលក់បបរម្នាក់អង្គុយសម្លឹងអ្នកដំណើរឆ្លងកាត់ ដោយសារតែគាត់គ្មានភ្ញៀវ។ ប៉ុន្មានសប្តាហ៍មកនេះ អ្នកស្រីបានកាត់បន្ថយបរិមាណបបរពាក់កណ្តាល។ អ្នកស្រីកត់សម្គាល់ថា៖ «មនុស្សតិចណាស់មកញ៉ាំអាហារពេលព្រឹកនៅក្រៅផ្ទះនៅពេលនេះ។ ពីមុន ខ្ញុំមិនមានកន្លែងគ្រប់គ្រាន់សម្រាប់ទទួលភ្ញៀវទេ។ សព្វថ្ងៃ នៅផ្ទះខ្ញុំស្ងាត់ណាស់ ប៉ុន្តែកន្លែងផ្សេងក៏កាន់តែស្ងាត់ទៅទៀត!»។ ចំណែកឯកូនស្រីគាត់ដែលកំពុងលាងចាន ក៏បន្ថែមថា៖ «គឺច្បាស់ជាដោយសារពួកគេបានកប់លុយទៅលើដីធ្លី ហើយពួកគេលក់មិនចេញ ដោយសារតែវិបត្តិសេដ្ឋកិច្ច។ នៅពេលពួកគេមកញ៉ាំបបរនៅផ្ទះយើង ពួកគេជជែកគ្នាតែពីតម្លៃដី និងប្រាក់ចំណេញ»...។
ប្រាក់ស្ទះទៅលើដីធ្លី
ការវិភាគនេះត្រូវគ្នាជាមួយនឹងការវិភាគរបស់លោកប្រធានសមាគមសេដ្ឋកិច្ចកម្ពុជា (AEC) ចាន់ សុផល។ សេដ្ឋវិទូរូបនេះលើកឡើងថា៖ «ខ្ញុំជឿថា មូលហេតុសំខាន់នៃការធ្លាក់ចុះការប្រើប្រាស់នេះគឺទាក់ទងនឹងការលក់ដីមិនចេញ»។ «កាលពីឆ្នាំមុន ក្នុងពេលកំណើនសេដ្ឋកិច្ចខ្លាំង អ្នកភ្នំពេញភាគច្រើនបានវិនិយោគទៅលើដីធ្លី ដើម្បីទុកលក់យកចំណេញ។ ប៉ុន្តែសព្វថ្ងៃ ប្រាក់នេះស្ទះ»។ លោកអះអាងថា ប្រាក់ចំណូលមានការធ្លាក់ចុះ ហើយអ្នកប្រើប្រាស់ខ្វះទំនុកចិត្តនៅក្នុងបរិបទសេដ្ឋកិច្ចគួរអោយព្រួយបារម្ភបែបនេះ។
លោកចាន់ សុផល គូសបញ្ជាក់ថា ជនរងគ្រោះទី១នៃស្ថានភាពនេះគឺអាជីវករដែលមិនអាចលក់ឥវ៉ាន់ទៅអោយអ្នកប្រើប្រាស់ដែលព្យាយាមកាត់បន្ថយការចំណាយអោយបានច្រើនបំផុតរង់ចាំថ្ងៃល្អមកដល់។ នៅចុងបញ្ចប់ បញ្ហានេះនឹងប៉ះពាល់លើសេដ្ឋកិច្ចទាំងមូល ដោយសារអ្នកលក់ខ្លួនឯងក៏ជាអ្នកប្រើប្រាស់ដែរ...។ «កាលណាអ្នកលក់ខោអាវលក់បានតិច ពួកគេក៏កាត់បន្ថយចំណាយរបស់ពួកគេដែរ។ ដូចគ្នាដែរចំពោះអ្នកលក់សាច់ជ្រូក ពួកគេគ្មានលុយគ្រប់គ្រាន់ដើម្បីទិញសម្លៀកបំពាក់ទេ...»។
ទោះយ៉ាងណាលោកប្រធាន AEC មានជំនឿថា ស្ថានភាពនេះគឺមិនអស់សង្ឃឹមទេ។ លោកវាយតម្លៃថា គេត្រូវរង់ចាំពេលជិត១ឆ្នាំដើម្បីអោយស្ថានការណ៍ត្រឡប់មកដូចធម្មតាវិញ។
អត្ថបទបន្ថែមៈ
-តើដំណាំកៅស៊ូនៅប្រទេសកម្ពុជានឹងធ្លាក់ចូលទៅក្នុងវិបត្តិដែររឺទេ? (១៨-១២-២០០៨)
-ប្រឈមមុខនឹងវិបត្តិ កម្ពុជាត្រូវបង្កើតសមត្ថភាពប្រកួតប្រជែង និងបរិយាកាសវិនិយោគទុន (១១-១២-២០០៨)
-រៀល រឺ ដុល្លារៈ តើរូបិយវត្ថុមួយណា សម្រាប់កម្ពុជា នៅពេលមានវិបត្តិពិភពលោក? (០៩-១២-២០០៨)
-លោកនីកូឡា ដឺវីឡេ អគ្គនាយកក្រុមហ៊ុនសម្បទានព្រលានយន្តហោះ : "កម្ពុជាអាចដកខ្លួនចេញផុតពីស្ថានភាពលំបាក" (០៣-១២-២០០៨)
-នៅភ្នំពេញ អាជីវករអស់សង្ឃឹម (១១-១១-២០០៨)
-ដំណើរបញ្ច្រាសទិស និងភាពស្រពិចស្រពិលនៃវិស័យអចលនទ្រព្យនៅកម្ពុជា (០៣-១១-២០០៨)