| តើនេះគឺជាពេលចុងក្រោយ មុនការបណ្តេញចេញនៃគ្រួសារក្នុងតំបន់ដីក្រហម? |
| ដោយ រស់ ឌីណា | |
| ១៤-០១-២០០៩ |
រហូតមកទល់ថ្ងៃពុធ ទី១៤ខែមករានេះ ប្រជាជនទាំង៩១គ្រួសារ ដែលបន្តរស់នៅតំបន់ដីក្រហម ស្ថិតនៅសង្កាត់ទន្លេបាសាក់នៃរាជធានីភ្នំពេញ នៅមិនទាន់មានការឯកភាពជាឯកច្ឆន្ទណាមួយ តាមសំណើរបស់ក្រុមហ៊ុន 7NG នោះទេ។ បើតាមលោកច័ន្ទ វិចិត្រ តំណាងគ្រួសារទាំងនោះ «យើងមិនទាន់ស្រុះស្រួលគ្នាលើតម្លៃមធ្យមណាមួយ ដែលអាចបំពេញតាមតម្រូវការគ្រប់គ្នាបានឡើយ។ ម្ចាស់ផ្ទះតូច ទាមទារ៣ម៉ឺនដុល្លារ ចំណែកម្ចាស់ផ្ទះធំ ទាមទារ៥ម៉ឺនដុល្លារ»។
ទោះជាយ៉ាងណា ប្រជាពលរដ្ឋ៩គ្រួសារ បានយល់ព្រមតាមសំណើចុងក្រោយរបស់ក្រុមហ៊ុន ជាទឹកប្រាក់២ម៉ឺនដុល្លារ ពោលគឺ បន្ថែម៥ពាន់ដុល្លារ លើសពីមុន។ យ៉ាងណាមិញ អ្នកភូមិទាំងនោះបានស្នើសុំអោយលើកពេលឱសានវាទនៃការបណ្តេញចេញ ដែលគ្រោងនឹងធ្វើនៅថ្ងៃស្អែកនេះ (ថ្ងៃព្រហស្បតិ៍ ទី១៥) ប៉ុន្តែ ពួកគេមិនបានទទួលចម្លើយណាឆ្លើយតបណាមួយឡើយ។ ពួកគេមានការព្រួយបារម្ភនៅថ្ងៃព្រហស្បតិ៍នេះ។ យោងតាមសកម្មជនសិទ្ធិមនុស្ស «កម្មករជាច្រើននាក់» ត្រូវបានគេជួលមកពីភូមិអណ្តូង (ភូមិដែលអតីតអ្នកភូមិទន្លេបាសាក់ មកតាំងទីលំនៅថ្មី) ដើម្បីមករុះរើផ្ទះសំបែងប្រជាជនដែលចចេសមិនព្រមចាកចេញ នៅថ្ងៃព្រហស្បតិ៍នេះ។
លោកម៉ាន់ ឈឿន អភិបាលរងក្រុងភ្នំពេញ មានប្រសាសន៍នៅថ្ងៃពុធ ទី១៤ មករានេះថា ជាចុងក្រោយ គ្រួសារមួយចំនួន ជាបន្តបន្ទាប់ បានយល់ព្រមទទួលសំណើរបស់ក្រុមហ៊ុន7NG។ លោកបានពន្យល់ថាការផ្លាស់ប្តូរនេះកើតឡើងដោយសារសន្និសីទសារព័ត៌មានរបស់លោកកាលពីម្សិលមិញនេះ។ បើតាមប្រសាសន៍របស់លោកអភិបាលរង សន្និសីទកាសែតនេះ «បានបំភ្លឺដំណើការ និងធ្វើអោយអ្នកភូមិយល់ច្បាស់អំពីច្បាប់»។ អ្នកភូមិដែលស្ម័គ្រចិត្តចាកចេញតម្រូវអោយមានបែបបទផ្លូវច្បាប់មួយ ត្រូវបង្ហាញថាផ្ទះរបស់ពួកគេ ត្រូវបានរុះរើជាមុន ទើបអាចទទួលបានសំណងហិរញ្ញវត្ថុរបស់ក្រុមហ៊ុន7NG។ លោកអភិបាលរងបានពន្យល់ថា «នេះគឺជាវិធីសម្រួលទីតាំងចាស់អោយស្អាត ដោយសន្តិវិធី»។ «ទោះបីជាអ្នកភូមិភាគតិចយល់ព្រមតាមការផ្តល់ជូននេះក៏ដោយ ក៏វាប្រសើរជាងអត់សោះដែរ។ លោកជឿជាក់ថាគ្រួសារផ្សេងទៀតនៅចាំមើលគ្នា…»។
ចំណែក លោក ស្រី ចន្ធូ នាយកក្រុមហ៊ុន7NG ដែលត្រូវបានសាកសួរនៅថ្ងៃពុធនេះ លោកបង្ហាញនូវការយោគយល់ច្រើនជាងកាលពីថ្ងៃម្សិលមិញ ដោយបានអំពាវនាវប្រជាជនអោយមានការឯកភាពជាឯកច្ឆន្ទ។ «ជាការពិតណាស់ កាលពីមុននេះ យើងព្រមផ្តល់ប្រាក់សំណង២ម៉ឺនដុល្លារ ដោយមានលក្ខខណ្ឌថាគ្រួសារទាំងអស់ដាច់ខាតត្រូវតែយល់ព្រមចាកចេញព្រមគ្នា ប៉ុន្តែ ដោយសារគ្រួសារខ្លះបានមកសុំសាលាក្រុង ដោយលើកឡើងអំពីការលំបាករបស់ពួកគេ សាលាក្រុងក៏បានយល់ព្រមតាមសំណើរបស់គ្រួសារខ្លះ! ចំណែកគ្រួសារផ្សេងទៀត គេដឹងថាប្រាក់២ម៉ឺនដុល្លារគឺជាតម្លៃចុងក្រោយរបស់យើង យើងមិនអាចផ្តល់អោយច្រើនជាងនេះឡើយ!»។
នៅល្ងាចថ្ងៃនេះ សម្ព័ន្ធអង្គការក្រៅរដ្ឋាភិបាល Housing Rights Task Force បានចេញសេចក្តីប្រកាសព័ត៌មានមួយ ដើម្បីដាក់គំនាបលើសាលាក្រុងភ្នំពេញ កុំអោយប្រើប្រាស់កម្លាំងបណ្តេញប្រជាពលរដ្ឋចេញពីលំនៅដ្ឋាន ដើម្បីដោះស្រាយជម្លោះដីនៅតំបន់ដីក្រហមនេះ ប៉ុន្តែ ត្រូវចរចា ដោយទុកពេលវេលាអោយអ្នកភូមិច្រើនជាងនេះ។ អង្គការបានព្រមានថា អង្គការនឹងចាត់ទុកការប្រើប្រាស់កម្លាំងនេះគឺជាទង្វើ «ខុសច្បាប់» បើសិនជាករណីនេះមានកើតឡើងមែន។
|