|
អធិប្បាយចុងក្រោយ
|
| គណបក្សប្រឆាំងនៅកម្ពុជាបង្កើតចលនានយោបាយប្រជាធិបតេយ្យដើម្បីការផ្លាស់ប្តូរ |
| ដោយ ដួង សុខា | | | ១៥-០១-២០០៩ | ភ្នំពេញ (កម្ពុជា) ថ្ងៃទី១៥ មករា ២០០៩៖ លោកកឹម សុខា ប្រធានគណបក្សសិទ្ធិមនុស្ស និងលោកសម រង្ស៊ី ប្រធានគណបក្សសម រង្ស៊ី នៅក្នុងសន្និសីទសារព័ត៌មាន ដែលប្រកាសអំពីការបង្កើតចលនានយោបាយប្រជាធិបតេយ្យដើម្បីការផ្លាស់ប្តូរ © វណ្ឌី រតនា គំនិតបង្កើតសម្ព័ន្ធភាពមួយរវាងគណបក្សសម រង្ស៊ី និងគណបក្សសិទ្ធិមនុស្ស បានលេចចេញជារូបរាងឡើងសន្សឹមៗ ប៉ុន្តែជាក់លាក់។ លោកសម រង្ស៊ី និងលោកកឹម សុខា ប្រធានគណបក្សប្រឆាំងទាំងពីរនៅកម្ពុជា បានចុះហត្ថលេខា នៅថ្ងៃព្រហស្បតិ៍ ទី១៥ ខែមករានេះ លើសេចក្តីថ្លែងការណ៍រួមមួយ ដោយបង្កើត «ចលនានយោបាយប្រជាធិបតេយ្យដើម្បីការផ្លាស់ប្តូរ»មួយ។ មេដឹកនាំទាំងពីរបានចាប់ដៃគ្នា ជាមួយនឹងស្នាមញញឹមដ៏ស្រស់ប្រិមប្រិយ។ លោកកឹម សុខា បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃព្រហស្បតិ៍ ទី១៥ ខែមករា ថា «ថ្ងៃនេះ(ថ្ងៃព្រហស្បតិ៍) ជាថ្ងៃប្រវត្តិសាស្រ្តសម្រាប់ពលរដ្ឋខ្មែរ»។ ពិធីចុះហត្ថលេខានេះត្រូវបានស្វាគមន៍ដោយស្នូរទះដៃរបស់តំណាងរាស្រ្ត និងសកម្មជននៃគណបក្សទាំងពីរ ដែលបានមានវត្តមាននៅទីស្នាក់ការគណបក្សសម រង្ស៊ី។ ទោះបីជាគណបក្សទាំងពីររៀបចំបញ្ជីបេក្ខជនតែមួយ នៅពេលបោះឆ្នោតលើកក្រោយក៏ដោយ ក៏គណបក្សប្រឆាំងទាំងពីរបានបញ្ជាក់ថាចលនានេះមិនមែនជាការច្របាច់បញ្ជូលរវាងគណបក្សទាំងពីរនោះទេ។
ចលនាដ៏យូរអង្វែង កាលពីមុនចុះបេក្ខភាពគណបក្សនៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នៅពេលបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត គណបក្សទាំងពីរធ្លាប់បានពិភាក្សាអំពីការបង្កើតចលនានេះ។ ប៉ុន្តែ នៅក្រោយការបោះឆ្នោត ថ្ងៃទី២៧ កក្កដា ២០០៨ ដែលលទ្ធផលគណបក្សប្រជាជនកម្ពុជាទទួលបានអាសនៈយ៉ាងច្រើនលើសលុប ហើយសម្តេចហ៊ុន សែនត្រូវបានតែងតាំងជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា មេដឹកនាំគណបក្សសម រង្ស៊ី និងគណបក្សសិទ្ធិមនុស្ស រួមទាំងតំណាងគណបក្សហ៊្វុនស៊ិនប៉ិច និងគណបក្សនរោត្តម រណឫទ្ធិ បានប្រកាសអំពីការរួបរួមមួយ ប្រឆាំងទៅនឹងលទ្ធផលនៃការបោះឆ្នោត។ កាលនោះ បូជនីយកិច្ចតវ៉ាលទ្ធផលបោះឆ្នោតក៏បានចាប់ផ្តើម តែក្រោយមក នៅសល់ត្រឹមតែលោកសម រង្ស៊ី និងលោកកឹម សុខា ដែលបន្តពួតដៃគ្នា ជំទាស់ភាពមិនប្រក្រតីនៃការបោះឆ្នោត។ ចាប់តាំងពីពេលនោះមក អ្នកទាំងពីរបានប្រកាន់គោលជំហរដូចគ្នា តែមិនធ្លាប់បានប្រកាសអំពីការរួបរួមកម្លាំងរវាងគណបក្សទាំងពីរនោះទេ។ នៅថ្ងៃទី១៨ ខែធ្នូ នៅពេលលោកកឹម សុខា វិលត្រឡប់មកពីទ្វីបអាមេរិកខាងជើងវិញ លោកបានចាប់ដៃជាមួយគណបក្សសម រង្ស៊ី ដោយមានប្រសាសន៍ជាច្រើនលើកច្រើនសាថា «ឥឡូវពេលវេលាមកដល់ហើយ ដែលត្រូវប្រមូលកម្លាំងអ្នកប្រជាធិបតេយ្យ»។ សេចក្តីប្រកាសនេះទំនងជាអាចទទួលយកបាន ដោយសារនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០០៨ គណបក្សទាំងពីរបានបង្កើតគណៈកម្មការបច្ចេកទេសមួយ ទទួលបន្ទុករៀបចំមូលដ្ឋានគ្រឹះនៃសម្ព័ន្ធភាព ដោយមានសមាសភាពចូលរួមពីតំណាងរាស្រ្តនៃគណបក្សទាំងពីរ។ ការផ្លាស់ប្តូររបៀបដឹកនាំដើម្បីសេដ្ឋកិច្ច សង្គម និងនយោបាយ លោកកឹម សុខា បានពន្យល់ថា «ចលនានយោបាយប្រជាធិបតេយ្យ គឺជាការប្រមូលផ្តុំកម្លាំងអ្នកប្រជាធិបតេយ្យពិតប្រាកដ និងអ្នកជាតិនិយមអោយបានរឹងមាំ ដើម្បីធ្វើយ៉ាងណាឈានទៅរកការផ្លាស់ប្តូរ ក្នុងសង្គមកម្ពុជា»។ លោកបានបន្ថែមទៀតថា «ចលនានេះអនុញ្ញាតអោយប្រជាពលរដ្ឋមានជម្រើសកាន់តែងាយស្រួល ក្នុងការធ្វើការសម្រេចចិត្តជ្រើសរើសនូវរបៀបដឹកនាំប្រទេស ដើម្បីទទួលបានផលប្រយោជន៍សេដ្ឋកិច្ច និងជាការឆ្លើយតបទៅនឹងប្រជាពលរដ្ឋដែលចង់ឃើញការរួបរួមកម្លាំងរបស់បក្សទាំងពីរ»។ ឆ្លើយតបទៅនឹងសំណួររបស់លោកម៉ម សូណង់ដូរ នាយកវិទ្យុសំបុកឃ្មុំ (F M១០៥) ក្នុងចំណោមបណ្តាអ្នកយកព័ត៌មានជាច្រើននាក់ លោកសម រង្ស៊ីបានថ្លែងអំណរគុណលោកម៉ម សូណង់ដូ ដែលបានជម្រុញអោយគណបក្សសម រង្ស៊ី និងគណបក្សសិទ្ធិមនុស្ស រួបរួមកម្លាំងគ្នា។ ឆ្លើយតបទៅនឹងសំណួររបស់លោកម៉ម សូណង់ដូ ដែលចោទសួរថាតើគណបក្សទាំងពីរបានពិចារណាអំពីលក្ខខណ្ឌនៃសម្ព័ន្ធភាពនេះ ដើម្បីបង្ការរាល់ការបែងបាក់ជាយថាហេតុណាមួយ លោកសម រង្ស៊ី បានលើកឡើងថា គណបក្សទាំងពីរបានចាប់ផ្តើមជជែកគ្នាតាំងពីមុនបោះឆ្នោតមកម្ល៉េះ។ លោកសំដែងភាពជឿជាក់ថា «ក្រោយបោះឆ្នោត យើងយល់ឃើញថាដើម្បីនាំមកនូវការផ្លាស់ប្តូរ ដែលពលរដ្ឋខ្មែរចង់បាន ស្របទៅនឹងនិន្នាការពិភពលោកនៃប្រទេសលទ្ធិប្រជាធិបតេយ្យ។ ពេលវេលាមកដល់ហើយ យើងនឹងរៀបចំបញ្ជីបេក្ខជនតែមួយ នៅក្នុងការបោះឆ្នោតខាងមុខ គឺចាប់ពីឃុំ-សង្កាត់ ២០១២ និងការបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០១៣។ ខ្ញុំជឿជាក់ថា នឹងមានកម្លាំងគណបក្សនយោបាយដទៃទៀតចូលរួម»។ គណបក្សសម រង្ស៊ី និងគណបក្សសិទ្ធិមនុស្ស តើបក្សណាជាមេដឹកនាំចលនានេះ? ទាក់ទងនឹងការបែងចែកអំណាច លោកសម រង្ស៊ីបានសង្កត់ធ្ងន់ថា «អំណាចមិនមែនសំខាន់ចំពោះយើងនោះទេ។ អ្វីដែលសំខាន់បំផុត ចំពោះយើង គឺការផ្លាស់ប្តូរ»។ លោកបានអះអាងថា «ប្រទេសកម្ពុជា និងប្រជារាស្រ្តខ្មែរ ត្រូវការការផ្លាស់ប្តូរ។ ដើម្បីនាំការផ្លាស់ប្តូរនេះបាន ទាល់តែប្រជារាស្រ្តខ្មែរ មានជម្រើសថ្មីមួយ គឺមហាចលនាប្រជាធិបតេយ្យនេះ»។ តួយ៉ាង ថ្នាក់ដឹកនាំគណបក្សទាំងពីរមិនបានកំហិតលក្ខខណ្ឌណាមួយ ដើម្បីបែងចែកអំណាចនោះទេ។ «យើងមិនមែនចង់បានអំណាចនោះទេ រឺចង់មានឥទ្ធិពលលើដៃគូយើងទេ គឺយើងប្រកួតប្រជែងជាមួយភាគីមួយទៀត ធ្វើម៉េច អោយមានឥទ្ធិពលខ្លាំងជាងភាគីមួយទៀត»។ លោកកឹម សុខា បានគាំទ្រប្រសាសន៍របស់ដៃគូលោក។ «យើងមិនយកអំណាចបុគ្គលជាធំទេ! ព្រោះដើម្បីបម្រើប្រយោជន៍ជាតិ និងពលរដ្ឋខ្មែរ។ ប្រសិនជាយើងត្រូវការអំណាច នោះគឺជាអំណាចប្រជាធិបតេយ្យ! ចលនារបស់យើងគឺរឹងមាំ យើងមិនដែលមានជំហរទន់ជ្រាយទេ យើងមិនរណបគណបក្សណាមួយ រឺបរទេសទេ។ យើងមិនអាចបែកបាក់ទេ ព្រោះយើងយកឆន្ទៈនយោបាយរបស់ពលរដ្ឋជាធំ យកអំណាចពលរដ្ឋជាធំ យើងមិនត្រូវការដណ្តើមអំណាចគ្នាទេ»។ ទស្សនវិស័យរយៈពេលវែង លោកសម រង្ស៊ីជឿជាក់ថា «ចលនានេះនឹងដំណើរការរហូតដល់សម្រេចគោលដៅ គឺនាំមកនូវការផ្លាស់នៅកម្ពុជា»។ លោកបានសន្យាថា ចលនានយោបាយប្រជាធិបតេយ្យដើម្បីការផ្លាស់ប្តូរនេះនឹងមិនឃ្លីងឃ្លោង ដូចដៃគូខ្លះ ក្នុងឆ្នាំ១៩៩៨ និង២០០៣ នោះទេ។ ប្រសាសន៍របស់លោកគឺចង់សំដៅទៅគណបក្សរាជានិយមហ៊្វុនស៊ិនប៉ិច ដែលធ្លាប់មានសម្ព័ន្ធភាពជាមួយគណបក្សប្រជាជនកម្ពុជា។ លោកបានលើកឡើងថា «អ្នកខ្លះរត់ចូលបក្សកាន់អំណាច (គណបក្សប្រជាជនកម្ពុជា) ដើម្បីបានលុយកាក់ និងបុណ្យសក្ដិ»។ ការពិភាក្សានឹងបន្តរៀបចំទៀតរវាងគណបក្សទាំងពីរ ដើម្បីបញ្ជាក់លំអិតអំពីរចនាសម្ព័ន្ធថ្មី។ លោកសម រង្ស៊ីសំឡឹងឃើញថាចលនានេះនឹងទទួលបានសម្លេងច្រើននៅពេលបោះឆ្នោតខាងមុខនេះ ព្រោះ «ឧទាហរណ៍នៅសហរដ្ឋអាមេរិក ប្រជាពលរដ្ឋនៅតែត្រូវការការផ្លាស់ប្តូរ»។ ចំណែកលោកកឹម សុខា ក៏មាន «ក្តីសង្ឃឹមដ៏ធំ» ផងដែរ សម្រាប់ការបោះឆ្នោតខាងមុខនេះ។ កាលពីបោះឆ្នោតថ្នាក់ជាតិលើកចុងក្រោយនេះ គណបក្សសម រង្ស៊ីទទួលបានអាសនៈសភា២៦ គណបក្សសិទ្ធិមនុស្សទទួលបាន៣អាសនៈ ក្នុងចំណោម១២៣អាសនៈ។ លោកបានប្រកាសថា «យើងបានប្រមូលផ្តុំកម្លាំងរបស់យើង និងបានឆ្លើយតបទៅនឹងបំណងប្រាថ្នារបស់ប្រជាពលរដ្ឋ។ ឥឡូវនេះ យើងនៅសល់តែការតស៊ូ ដើម្បីធ្វើអោយការបោះឆ្នោតមានលក្ខណៈយុត្តិធម៌ និងត្រឹមត្រូវ»។ លោកបានអំពាវនាវអោយសកម្មជននៅមូលដ្ឋានរបស់គណបក្សទាំងពីរធ្វើការរួមគ្នា ចាប់ពីថ្ងៃនេះតទៅ»។ ឆ្លើយតបទៅនឹងសំណួរទាក់ទិននឹងភាពស្របច្បាប់នៃការរួបរួមនេះ មេដឹកនាំទាំងពីរបានបញ្ជាក់ថា «ចលនាដំណើរការនៅក្នុងក្របខ័ណ្ឌស្របច្បាប់ អហឹង្សា និងប្រជាធិបតេយ្យ»។ មេដឹកនាំគណបក្សប្រឆាំងក៏បានអំពាវនាវដល់បញ្ញវ័ន្ត ប្រជាពលរដ្ឋខ្មែរនៅកម្ពុជា និងនៅបរទេស ក៏ដូចជាសកម្មជនគណបក្សដទៃទៀត ដែលចង់ចូលរួមជាមួយចលនានេះ អោយចូលរួមជាមួយចលនានយោបាយប្រជាធិបតេយ្យនេះ «ព្រោះនេះគឺជាពេលវេលានិយាយអំពីការរួបរួម»។
|
|
|