|
អធិប្បាយចុងក្រោយ
|
| លោកប្រែដលី កុស ផលិតករភាពយន្តអាមេរិកថតភាពយន្តឯកសារស្តីពីលោក ជា វិជ្ជា |
| ដោយ ស្ទេហ្វានី ហ្សេ | | | ១៩-០១-២០០៩ | ភ្នំពេញ(កម្ពុជា) ថ្ងៃទី២៥ មករា ២០០៤៖ ពិធីបុណ្យសពលោកជា វិជ្ជា
ថ្ងៃ២២ មករាខាងមុខនេះ គឺជាខួបគម្រប់៥ឆ្នាំនៃឃាតកម្មមកលើរូបលោកជា វិជ្ជា មេដឹកនាំសហជីពដ៏មានឥទ្ធិពលនិងមានប្រជាប្រិយភាពមួយរូប។ លោកប៊ន សំណាង និងលោកសុក សំអឿន សឹងតែបានផ្លុំទៀនគម្រប់ខួប៥ឆ្នាំនេះ នៅក្នុងបន្ទប់ពន្ធនាគារទៅហើយ។ បណ្តាអង្គការ-សមាគមជាតិនិងអន្តរជាតិនានាមិនជឿជាក់បុរសទាំងពីរដែលត្រូវបានផ្តន្ទាទោសជាប់ពន្ធនាគាររយៈពេល២០ឆ្នាំពីបទឃាតកម្មនេះ ជាពិរុទ្ធជននោះឡើយ ដោយសារភស្តុតាងដាក់បន្ទុកមិនគ្រប់គ្រាន់... នីតិវិធីមានភាពមិនប្រក្រតី។ នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០០៨ តុលាការកំពូលបានសម្រេចដោះលែងអ្នកទាំងពីរអោយនៅក្រៅឃុំបណ្តោះអាសន្ន។ ការសម្រេចនេះធ្វើអោយមតិសាធារណជនមានការភ្ញាក់ផ្អើល។ លោកប្រែដលី កុស (Bradley Cox) សមិទ្ធិករភាពយន្តអាមេរិកមួយរូប បានចាប់អារម្មណ៍នឹងសំណុំរឿងនេះតាំងពីដំបូង ហើយក៏បានធ្វើការស៊ើបអង្កេតមួយផងដែរ។ អំឡុងពេល៤ឆ្នាំនេះ លោកបានតាមសាក្សីនិងដានផ្សេងៗ ហើយបានផ្គុំសំណុំរឿងនេះឡើងវិញនៅក្នុងខ្សែភាពយន្តឯកសារមួយតាមស្ទីលរឿងស៊ើបអង្កេត។ ខ្សែភាពយន្តនេះមានចំណងជើងថា «Who killed Chea Vichea?» (តើអ្នកណាជាឃាតកសម្លាប់លោកជា វិជ្ជា?) ដែលនឹងត្រូវចេញនៅក្នុងឆ្នាំនេះ ហើយលោកកំពុងស្វែងរកថវិកាសម្រាប់ផលិតខ្សែភាពយន្តនេះផងដែរ។ ខាងក្រោមនេះជាបទសម្ភាសន៍ជាមួយលោកប្រែដលី កុស នៅទីក្រុងភ្នំពេញពាក់ព័ន្ធនឹងការងារដ៏វែងឆ្ងាយនេះ។ កាសែត(K7) ៖ តើអ្វីដែលបាននាំរូបលោកអោយមកប្រទេសកម្ពុជា? ប្រែដលី កុស(ប.ក) ៖ ប្រាកដណាស់ ដូចមនុស្សជាច្រើនទៀតអីចឹង ខ្ញុំមកទីនេះដោយចៃដន្យ។ ខ្ញុំបង្រៀនផ្នែកភាពយន្តនៅប៊ូថាន់ (Bhoutan) ហើយនៅពេលខ្ញុំបង្រៀនចប់កម្មវិធី ខ្ញុំគិតទៅមើលតំបន់ព្រំដែនថៃ ប៉ុន្តែគេបានស្នើខ្ញុំអោយមកធ្វើភាពយន្តឯកសារមួយនៅកម្ពុជា។ ខ្ញុំក៏យល់ព្រម។ ដំបូងគិតថាគ្រាន់ជារឿងកំប្លែង ប៉ុន្តែនៅពេលនោះ នៅកម្ពុជា គេកំពុងធ្វើយុទ្ធនាការឃោសនាបោះឆ្នោតតំណាងរាស្រ្តឆ្នាំ២០០៣ ហើយខ្ញុំមើលឃើញថា ការបោះឆ្នោតនេះពិតជាគួរអោយចាប់អារម្មណ៍ចង់តាមដាន គឺគួរអោយចាប់អារម្មណ៍ជាងការបោះឆ្នោតនៅក្នុងប្រទេសខ្ញុំទៅទៀត! ដូច្នេះខ្ញុំក៏សម្រេចផលិតខ្សែភាពយន្តឯកសារមួយស្តីពីការបោះឆ្នោត ហើយខ្ញុំក៏ទទួលបានការឧបត្ថម្ភពីអង្គការ USAid (ទីភ្នាក់ងារអភិវឌ្ឍអន្តរជាតិរបស់សហរដ្ឋអាមេរិក) ។ ខ្ញុំបានមកដល់ទីក្រុងភ្នំពេញមួយសប្តាហ៍មុនបាតុកម្មប្រឆាំងថៃថ្ងៃ២៩ មករា...
K7 ៖ ហេតុអ្វីក្រោយមកលោកចាប់អារម្មណ៍នឹងការស្លាប់របស់លោកជា វិជ្ជា រហូតដល់ចង់ធ្វើភាពយន្តឯកសារមួយអំពីគាត់ថែមទៀត? ប.ក ៖ ខ្ញុំធ្លាប់ជួបលោកជា វិជ្ជា នៅពេលខ្ញុំថតភាពយន្តឯកសារមួយស្តីពីការបោះឆ្នោតនៅឆ្នាំ២០០៣។ គាត់បានទទួលលិខិតគំរាមសម្លាប់មុនពេលបោះឆ្នោត១សប្តាហ៍។ មុននេះ គាត់ធ្លាប់ព្រមានថា ប្រសិនបើគណបក្សប្រឆាំងវាយតម្លៃថា ការបោះឆ្នោតមិនសេរី និងមិនយុត្តិធម៌នោះ គាត់នឹងអំពាវនាវអោយប្រជាជនធ្វើបាតុកម្ម។ ហើយគាត់ជាមនុស្សម្នាក់ដែលមានសមត្ថភាពអាចប្រមូលផ្តុំមនុស្សបានយ៉ាងច្រើន។ ខ្ញុំគិតថា វាជាបទសម្ភាសន៍ចុងក្រោយរបស់គាត់។ គាត់ពិតជាមនុស្សប្រកបដោយសមានចិត្តណាស់។ ដូច្នេះវាពិបាកនឹងមិនគោរពគាត់ណាស់នៅក្នុងប្រទេសមួយដែលយើងអាចអោយតម្លៃយ៉ាងខ្ពស់ចំពោះទង្វើរបស់គាត់។
៦ខែក្រោយកិច្ចសម្ភាសន៍ គាត់ក៏ត្រូវបានគេបាញ់សម្លាប់។ ខ្ញុំបានទៅដល់កន្លែងកើតហេតុយ៉ាងរហ័ស ព្រោះខ្ញុំរស់នៅក្នុងសង្កាត់ដែលហេតុការណ៍កើតឡើង។ ខ្ញុំឥតដឹងថា រឿងនេះនឹងក្លាយជាប្រធានបទនៃខ្សែភាពយន្តក្រោយរបស់ខ្ញុំទេ។ វាផុសឡើងនៅក្នុងខួរក្បាលខ្ញុំ នៅពេលដែលបុរសពីរនាក់ត្រូវបានផ្តន្ទាទោសសម្រាប់បទឧក្រិដ្ឋនេះ ប៉ុន្តែគ្រប់គ្នាដឹងថាពួកគេអត់ដឹងអីសោះ។ ខ្ញុំក៏ចង់ធ្វើខ្សែភាពយន្តមួយ ដើម្បីបង្ហាញថាតើរឿងទាំងនេះអាចកើតឡើងដូចម្តេច។
K7 ៖ តើលោកធ្វើដូចម្តេចដើម្បីប្រមូលព័ត៌មានស្តីពីបញ្ហាដ៏រសើបបែបនេះ? ប.ក ៖ គំនិតរបស់ខ្ញុំគឺថាធ្វើការស៊ើបអង្កេតផ្ទាល់មួយពីអ្វីដែលបានកើតឡើង ថាតើបុរសទាំងពីរ[ប៊ន សំណាង និងសុក សំអឿន]មានទោសមែនឬអត់។ ខ្ញុំបានរកឃើញសំអាងជាក់ស្តែងរបស់ពួកគេ ខ្ញុំបានទៅដល់កន្លែងដែលពួកគេនិយាយថាពួកគេនៅទីនោះ [នៅថ្ងៃឧក្រិដ្ឋកម្មកើតឡើង] ដើម្បីសាកសួរមនុស្សជាច្រើន ប៉ុន្តែភាគច្រើនមានការភ័យខ្លាចមិនហ៊ាននិយាយ... ពួកគេច្រើនណាស់មិនចង់និយាយនៅមុខកាម៉េរ៉ា ដោយមានហេតុផលច្បាស់លាស់។ ខ្ញុំព្យាយាមផ្គុំឡើងវិញរាល់អ្វីដែលបានកើតឡើងពិតប្រាកដ ហើយបានទទួលឯកសារជាច្រើនដែលខ្ញុំមិនដែលគិតថាបានវាសោះ។
ខ្ញុំបានជួបនគរបាលតាមរបៀបផ្លូវការ។ ខ្ញុំបានទៅប្រទេសហ្វាំងឡង់សួរប្រពន្ធលោកជា វិជ្ជា [ប្រពន្ធលោកជា វិជ្ជាត្រូវបានទទួលស្គាល់ជាជនភៀសខ្លួននយោបាយនៅក្នុងប្រទេសនេះក្រោយប្តីគាត់ស្លាប់]។ គាត់បានរៀបរាប់រឿងច្រើនណាស់ពីប្តីគាត់។ គាត់ពន្យល់ប្រាប់ខ្ញុំថាតើពួកគាត់រស់នៅជាមួយនឹងការគំរាមជាប្រចាំយ៉ាងម៉េច។ ពេលគាត់ឃើញប្តីចាកចេញទៅនៅពេលព្រឹក គាត់តែងតែសួរខ្លួនឯងថាតើគាត់នឹងអាចឃើញប្តីមកវិញឬអត់នៅពេលល្ងាច។ គាត់និយាយប្រាប់ខ្ញុំថា គាត់ចង់ឆ្កួតក្នុងការងាកមើលឆ្វេងមើលស្តាំ មិនដែលមានអារម្មណ៍ស្រួលចិត្តម្តងណាឡើយ...។ ខ្ញុំបានទៅប្រទេសបារាំងជួបអតីតប៉ូលិសខ្មែរម្នាក់ ដែលបានពន្យល់ខ្ញុំពីរបៀបប៉ូលីសធ្វើការ គឺគួរអោយចាប់អារម្មណ៍ វានឹងមាននិយាយនៅក្នុងខ្សែភាពយន្ត។
ខ្ញុំក៏បានទៅនិយាយជាមួយចៅក្រមជាច្រើនផងដែរ ប៉ុន្តែខ្ញុំមិនអាចធ្វើអោយពួកគេនិយាយនៅមុខកាម៉េរ៉ាបានទេ! ប៉ុន្តែខ្ញុំចង់បង្ហាញថាតើតុលាការដំណើរការពិតប្រាកដយ៉ាងម៉េចនៅកម្ពុជា។ ខ្ញុំគិតថា មានរឿងច្រើនដែលអ្នកការទូតធ្វើជាមិនដឹង...។ ជាមួយនឹងខ្សែភាពយន្តនេះ វានឹងពិបាកសម្រាប់ពួកគេក្នុងការធ្វើមិនដឹងមិនឮរឿងមួយចំនួន!
ទោះយ៉ាងណា វាគឺជាឃាតកម្មដ៏រសើបបំផុតដែលកើតនៅកម្ពុជាចាប់តាំងពីឃាតកម្មលើអ្នកស្រីពិសិដ្ឋ ពិលិការ [តារាភាពយន្តសំណប់ចិត្តរបស់ខ្មែរដែលត្រូវគេលួចសម្លាប់កាលពីខែកក្កដា ឆ្នាំ១៩៩៩]។ ហេតុនេះហើយ ខ្ញុំបានប្រើពេលវេលាយ៉ាងច្រើនដើម្បីបញ្ចុះបញ្ចូលមនុស្សអោយនិយាយ។ ខ្ញុំដឹងថា ពួកគេចង់និយាយ ពួកគេចង់អោយអ្វីៗត្រូវលាតត្រដាង ប៉ុន្តែពួកគេមិនចង់ធ្វើជាអ្នករងនូវការសងសឹកនោះឡើយ។ យើងយល់បញ្ហានេះ។
K7 ៖ តើខ្សែភាពយន្តឯកសារនេះមានគោលបំណងអ្វី? ប.ក ៖ មូលដ្ឋានគ្រឹះគឺរឿងរបស់លោកជា វិជ្ជា ប៉ុន្តែវាក៏ជាគំនូសបំព្រួញបញ្ហាមួយចំនួនដែលបន្តកើតមាននៅកម្ពុជា ហើយដែលប្រជាជនកំពុងរងគ្រោះផងដែរ។ យើងរំពឹងចង់អោយសហគមន៍អន្តរជាតិមានប្រយោជន៍ជាងនេះ។ អ្នកតំណាងរបស់ពួកគេតែងនិយាយពីលទ្ធិប្រជាធិបតេយ្យ នីតិរដ្ឋ... ប៉ុន្តែខ្ញុំមិនគិតថា ពួកគេធ្វើតាមសម្តីនោះឡើយ។ ពួកគេគឺប្រៀបដូចជាអ្នកផ្សំគំនិតទាំងបិទភ្នែកក្នុងការធ្វើអោយមាននិទណ្ឌភាព និងអំពើពុករលួយនៅទីនេះ។ ត្រង់ចំណុចនេះ ប្រហែលជាសារដ៏សំខាន់...
សម្រាប់ខ្ញុំ វាជារឿងសំខាន់ដែលត្រូវបង្ហាញថា ប៊ន សំណាង និងសុក សំអឿន គ្មានទោសពៃរ៍ ហើយសម្ពាធថ្នាក់ជាតិមួយត្រូវបានដាក់ឡើងទៅលើរដ្ឋាភិបាលខ្មែរ ដើម្បីអោយពួកគេទាំងពីរត្រូវដោះលែងមានសេរីភាពឡើងវិញ ប៉ុន្តែឥឡូវនេះ ពួកគេត្រូវបានដោះលែងបាត់ទៅហើយ។ ហើយតើអ្នកណាទៅដឹងថាហេតុអ្វីតុលាការកំពូលចេញសេចក្តីសម្រេចបែបនេះ? គឺមិនមែនដោយសារបញ្ហាភស្តុតាងទេ ព្រោះភស្តុតាងទាំងនោះវាដូចតែមុនហ្នឹង ជាភស្តុតាងដែលគេធ្វើមិនដឹងមិនឮរហូតមក...។ នេះគឺជាផ្នែកអាថ៌កំបាំងមួយដែលធ្វើអោយខ្ញុំសួរខ្លួនឯងថាប្រហែលវាអាចមានទំនាក់ទំនងជាមួយនឹងការស្លាប់របស់លោកហុក ឡង់ឌី។ យើងត្រូវតែទទួលស្គាល់ថា សម្ពាធលើករណីនេះគឺធំសម្បើមណាស់។ ខ្ញុំគិតថាអង្គការដូចជាលីកាដូជាដើម មិនទុកអោយករណីនេះចប់ទាំងអញ្ជឹងនោះទេ... ។ មិនថាយ៉ាងណាទេ ខ្ញុំភ្ញាក់ផ្អើលនឹងសេចក្តីសម្រេចនេះដូចគ្រប់គ្នាដែរ។ ថ្ងៃទី៣១ ខែធ្នូ ខ្ញុំមិនបានជួបនរណាម្នាក់ដែលជឿថាពួកគេទាំងពីរអាចត្រូវដោះលែងនោះទេ ហើយពួកគេត្រូវដោះលែងនៅថ្ងៃនោះតែម្តង!
K7 ៖ តើឥឡូវ លោកត្រូវកែប្រែចុងបញ្ចប់នៃខ្សែភាពយន្តលោកឡើងវិញមែនទេ? ប.ក ៖ បាទ! បច្ចុប្បន្នខ្សែភាពយន្តនេះត្រូវធ្វើបែបផ្សេងមួយទៀត ពីព្រោះថាវាលែងមានអ្វីត្រូវបង្ហាញថា បុរសទាំងពីរគួរតែត្រូវគេដោះលែងអោយមានសេរីភាពទៀតហើយ។ នៅពេលត្រឡប់ទៅទីក្រុងញូវយ៉កវិញ ខ្ញុំត្រូវគិតពីរបៀបធ្វើខ្សែភាពយន្តនេះឡើងវិញ។ វានឹងមិនមានការបន្ទាន់ដូចគ្នានេះទេ នៅពេលប៊ន សំណាង និងសុក សំអឿន នៅជាប់ពន្ធនាគារនៅឡើយ។ រឿងថតចប់ហើយ ប៉ុន្តែនៅក្នុងភាពយន្តនេះនៅតែជាតារាងទូទៅមួយនៃអ្វីដែលបន្តកើតមាននៅកម្ពុជា។ ហេតុនេះហើយ ខ្ញុំគិតថារឿងនេះនៅតែមានលក្ខណៈជាក់លាក់!
K7 ៖ ក្នុងអំឡុងពេលរង់ចាំការចេញរឿង« Who killed Chea Vichea ?» នេះ លោកបានចេញផ្សាយរឿង« The plastic killers» លើប្រធានបទដូចគ្នារួចហើយ។ តើខ្សែភាពយន្តទាំងពីរខុសគ្នាដូចម្តេច? ប.ក ៖ រឿង «The plastic killers » គឺជាការសម្រាំងសាច់រឿងពីរឿង« Who killed Chea Vichea ?» ដោយគ្មានរាល់សេចក្តីពន្យល់យោងអ្វីទាំងអស់ ព្រោះវាធ្វើឡើងសម្រាប់តែជនជាតិខ្មែរដែលស្គាល់ថាលោកជា វិជ្ជា ជាអ្នកណា ហើយគាត់តំណាងអោយអ្វី។ ខ្ញុំចង់អោយពួកគេដឹងពីរឿងនេះ និងលក្ខណៈរបស់គាត់។ ខ្ញុំចង់ចេញរឿងនេះនៅខែកក្កដា ឆ្នាំ២០០៧ គឺមួយថ្ងៃមុនសវនាការបណ្តឹងឧទ្ធរណ៍របស់ប៊ន សំណាង និងសុក សំអឿន។ ប៉ុន្តែនៅថ្ងៃបន្ទាប់ ខ្សែភាពយន្តខ្ញុំក៏ត្រូវបានអាជ្ញាធរហាមឃាត់! ប៉ូលិសបានចុះតាមផ្សារ ហើយបានរឹបអូស VCD រឿងនេះទាំងអស់មុនពេលដែលវារីកសាយភាយ។ ខ្ញុំពិតជាសោកស្តាយណាស់។ ខ្សែភាពយន្តនេះមាននៅក្នុងអ៊ីនធឺណែត (ជាពីរភាសាគឺអង់គ្លេស និងខ្មែរ)។ ប៉ុន្តែខ្មែរភាគច្រើនមិនអាចមើលវាបានតាមអ៊ីនធឺណែត។ ដូច្នេះហើយបានជាការថតចម្លងដាក់នៅលើ VCD មានន័យរបស់វា ព្រោះវាមិនអាចត្រូវចាក់ផ្សាយតាមទូរទស្សន៍ឡើយ! [សើច] ដូច្នេះជនជាតិខ្មែរគ្មានឱកាសមើលវាទេ។ ខ្ញុំមិនជឿថា យើងអាចរក VCD ទាំងនោះបាននៅកម្ពុជាទៀតឡើយ។
K7 ៖ តើលោកបានទទួលការគាបសង្កត់ពីអាជ្ញាធរកម្ពុជាដែរទេ? ប.ក ៖ ទេ! ប៉ុន្តែគេដឹងពីអ្វីដែលខ្ញុំធ្វើ។ ខ្ញុំធ្លាប់ទាក់ទងលោកហុក ឡង់ឌី [អតីតអគ្គស្នងការនគរបាលជាតិ ដែលបានបាត់បង់ជីវិតនៅក្នុងគ្រោះថ្នាក់កាលពីខែវិច្ឆិកា ឆ្នាំ២០០៨] ដើម្បីសម្ភាសពីរឿងរបស់លោកជា វិជ្ជា។ ម្យ៉ាងវិញទៀត ខ្ញុំជឿថា គាត់ធ្លាប់សើចនឹងសំណួររបស់ខ្ញុំ... ការអង្កេតដែលខ្ញុំបានធ្វើ គឺមិនលាក់បាំងពីអ្នកណាទេ ប៉ុន្តែខ្ញុំមិនជឿថា គាត់យកចិត្តទុកដាក់នឹងវាទេ។ លោកហុក ឡង់ឌី បានអនុញ្ញាតអោយខ្ញុំសម្ភាសមន្ត្រីជាន់ខ្ពស់នៃនគរបាលជាតិ ប៉ុន្តែពួកគេតែងតែតម្រង់ជាជួរ!
បើទោះជាខ្ញុំមិនបានទទួលការគំរាមកំហែងក៏ដោយ ក៏ខ្ញុំជួបប្រទះការប៉ុនប៉ងប្លន់ពីរលើកដែរនៅផ្ទះរបស់ខ្ញុំ។ ខ្ញុំក៏យកខ្សែអាត់ទាំងអស់ដែលខ្ញុំបានធ្វើចាកចេញពីកម្ពុជា។ ប្រសិនបើវាត្រូវគេលួចអស់ ខ្ញុំប្រហែលជាបាត់បង់កុនទាំងមូល! [...] ខ្ញុំបានជ្រើសរើសផ្លូវវែងឆ្ងាយមួយតាមដែលអាចធ្វើបាន ដើម្បីចាកចេញពីកម្ពុជា។ ខ្ញុំក្រពុលមុខ ខ្ញុំមានកាសែតវីដេអូ៥០០ដុំជាប់ខ្លួន។ ប្រសិនបើពួកគយធ្វើការផ្ទៀងផ្ទាត់ខ្លឹមសារវានោះ ខ្ញុំជឿថា ពួកគេនឹងរឹបអូសយកអស់មិនខាន! ដូច្នេះខ្ញុំសម្រេចចិត្តទៅតាមច្រកផ្លូវព្រំដែនដែលមានការចេញចូលច្រើនបំផុតនៅកម្ពុជា គឺខេត្តកោះកុង។ ខ្ញុំមិនដែលហ៊ានប្រថុយទៅព្រលានយន្តហោះទេ។
K7 ៖ តើមិនខ្លាចមនុស្សដែលលោកសម្ភាសនៅក្នុងខ្សែភាពយន្តជួបបញ្ហានៅពេលខ្សែភាពយន្តលោកចេញផ្សាយទេឬ? ប.ក ៖ វាគឺជាការព្រួយបារម្ភរបស់ខ្ញុំ ដែលថាខ្ញុំអាចធ្វើអោយមនុស្សមួយចំនួនជួបគ្រោះថ្នាក់។ ហេតុនេះហើយ ខ្ញុំក៏បានលាក់អត្តសញ្ញាណរបស់ពួកគេ តាមរយៈការកែសំឡេង ការបិទមុខ ឬក៏ការបង្ហាញត្រឹមតែស្រមោលឬដៃរបស់ពួកគេជាដើម ដើម្បីកុំអោយពួកគេត្រូវអ្នកផ្សេងចំណាំបាន។ ប៉ុន្តែអ្នកដែលបង្ហាញរឿងសំខាន់មិនរស់នៅកម្ពុជាទេ ដូចជាសាក្សីដែលបានឃើញហេតុការណ៍ផ្ទាល់ភ្នែក[សាក្សីដែលឃើញអំពើឃាតកម្មលើលោកជា វិជ្ជា បានចេញទៅរស់នៅសហរដ្ឋអាមេរិក]។
K7 ៖ តើលោកគិតថាខ្សែភាពយន្តលោកត្រូវគេហាមឃាត់នៅកម្ពុជាទេ? ប.ក ៖ ខ្ញុំមានអារម្មណ៍ថា ខ្សែភាពយន្តនេះនឹងមិនធ្វើអោយអាជ្ញាធរកម្ពុជាពេញចិត្តឡើយ។ ច្បាស់ណាស់ វានឹងត្រូវហាមឃាត់។ ប៉ុន្តែខ្ញុំចង់ផ្តល់ខ្សែភាពយន្តនេះជាកាដូអោយច្រើនបំផុតតាមដែលអាច។ ប៉ុន្តែ លើកចុងក្រោយដែលយើងបានព្យាយាមផ្សាយឯកសារបែបនេះនៅទីផ្សារកម្ពុជា វាមិនជាដំណើរការល្អទេ!
K7 ៖ តើលោកបានបង្ហាញរឿង« Who killed Chea Vichea ?» មុននឹងចេញជាសាធារណៈហើយឬនៅ? ប.ក ៖ បាទ! ខ្ញុំបានបង្ហាញជាលើកដំបូងកាលពីខែវិច្ឆិកាកន្លងទៅ នៅក្នុងមហោស្រពអន្តរជាតិខ្សែភាពយន្តឯកសារនៅ Amsterdam ។ ខ្ញុំមានការភ្ញាក់ផ្អើលនៅពេលឃើញថា ទស្សនិកជនហាក់ចាប់អារម្មណ៍នឹងរឿងនេះ ខណៈពេលដែលគ្មានជនជាតិអាស៊ីសោះនៅក្នុងសាល។ ពួកគេចាប់អារម្មណ៍នឹងទិដ្ឋភាពសិទ្ធិមនុស្ស និងបញ្ហានិទណ្ឌភាព។
K7 ៖ តើលោកគិតថាមានការទម្លាក់កំហុសនៅក្នុងករណីសំណុំរឿងនេះទេ? ប.ក ៖ សូមរម្លឹកថា សំណុំរឿងនេះគឺដូចគ្នាណាស់នឹងសំណុំរឿងរបស់លោករស់ សុវណ្ណរិទ្ធ ដែលជាសមាជិកគណៈកម្មការនាយករបស់សហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជាដែលលោកជា វិជ្ជា ធ្វើជាមេដឹកនាំ និងដែលត្រូវគេលួចសម្លាប់កាលពីឆ្នាំ២០០៤។ មនុស្សម្នាក់ត្រូវបានគេកាត់ទោសនៅក្នុងឃាតកម្មនេះ ហើយមានចំណុចស្របគ្នាជាច្រើនដែលយើងអាចប្រៀបធៀបនឹងករណីរបស់លោកជា វិជ្ជា។ ឧទាហរណ៍គេត្រូវបានឃាត់ខ្លួនដោយប៉ូលិសនៅខណ្ឌទួលគោកដូចប៊ន សំណាង និងសុក សំអឿន ហើយមើលទៅ គឺមានភស្តុតាងគ្រប់គ្រាន់បង្ហាញថាគេនៅឯខេត្តសៀមរាបនៅថ្ងៃឃាតកម្មកើតឡើង។ ជាអកុសល បុរសម្នាក់នេះមិនបានទទួលការជួយសម្របសម្រួលដូចប៊ន សំណាង និងសុក សំអឿនទេ ហើយក៏ត្រូវជាប់គុករហូតមក...។ ខ្ញុំជឿថា សំណុំរឿងរបស់គាត់ត្រូវបានប្តឹងឧទ្ធរណ៍ដែរ តែគ្មានអ្នកណានិយាយនឹកនាដល់!
ខ្ញុំបានសួរត្រង់ៗទៅកាន់ប៉ូលិសម្នាក់ថា ៖ «នៅពេលលោកដោះស្រាយករណីឃាតកម្មមួយ តើលោកទៅរកឃាតករនៅឯណា?» គាត់បានឆ្លើយប្រាប់ខ្ញុំជារួមថា ពួកគេអាចទៅចាប់អ្នកដែលបានប្រព្រឹត្តអំពើឃាតកម្ម វាជាការងាយស្រួល ប៉ុន្តែគ្រប់គ្នាដឹងថាអ្នកទាំងនោះមិននៅអោយចាប់ទេ។ មួយទៀតគឺ ពួកគេអាចទៅរកមនុស្សមិនបានរៀនសូត្រ ក្រីក្រ ហើយនិងធ្លាប់មានបញ្ហាពីមុនមក។ ចំណុចចុងក្រោយនេះជាលក្ខណៈសម្គាល់សំខាន់បំផុត។ ក្នុងសំណុំរឿងរបស់លោកជា វិជ្ជា មនុស្សម្នាក់ក្នុងចំណោមជនដែលគេចោទទាំងពីរធ្លាប់ត្រូវគេបណ្តេញចេញពីការងារដោយសារគាត់លួចលុយ។ អ្នកដែលត្រូវគេចាប់ខ្លួនក្នុងករណីឃាតកម្មលើលោករស់ សុវណ្ណរិទ្ធ ខ្ញុំជឿថា គេជាអ្នកញៀនថ្នាំ។ មនុស្សដែលមានបញ្ហាជាមួយគ្រួសារពួកគេថែមទៀតនោះ គឺចូលក្នុងលក្ខណៈវិនិច្ឆ័យដ៏ល្អឥតខ្ចោះ!
ការចេញផ្សាយជាអន្តរជាតិនៃរឿង"Who killed Chea Vichea ?" ត្រូវបានគ្រោងទុកថានឹងចាក់ផ្សាយនៅលើទូរទស្សន៍រដ្ឋអាមេរិក PBS (Public Broadcasting Service) នៅក្នុងឆមាសទី២នៃឆ្នាំ២០០៩។
|
|
|