| គណបក្សសម រង្ស៊ី និងគណបក្សសិទ្ធិមនុស្សទាមទារយុត្តិធម៌ជូនសពលោកជា វិជ្ជា និងទូលថ្វាយជាថ្មីម្តងទៀតដល់ព្រះមហាក្សត្រកម្ពុជា ប្រទាននូវគោរមងារ «វីរជនកម្មករ» ដល់លោក |
| ដោយ កាសែត | |
| ២០-០១-២០០៩ |
នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០០៩ខាងមុខ ដែលជាឱកាសខួបលើកទី៥ នៃឃាតកម្មលើលោកជា វិជ្ជា មេដឹកនាំសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា លេខាធិការដ្ឋានចលនាអ្នកប្រជាធិបតេយ្យដើម្បីការផ្លាស់ប្តូរ ដែលទើបបង្កើតកាលពីសប្តាហ៏មុន រវាងគណបក្សសម រង្ស៊ី និងគណបក្សសិទ្ធិមនុស្ស បានអំពាវនាវយ៉ាងទទូចជាថ្មីម្តងទៀតដល់រដ្ឋាភិបាលអោយបើកការស៊ើបអង្កេតករណីឃាតកម្មនេះ ដោយយកចិត្តទុកដាក់បំផុតទៅលើព័ត៌មានដែលទទួលបានពីសំណាក់សាក្សីផ្ទាល់ភ្នែកទាំងឡាយនៅកន្លែងកើតហេតុ។
តាមរយៈសេចក្តីថ្លែងការណ៏រួមចុះថ្ងៃទី២០ មករានេះ អ្នកតំណាងរាស្រ្តគណបក្សប្រឆាំងទាំងពីរបានសំដែងការសោកស្តាយថា «រយៈពេល៥ឆ្នាំបានកន្លងផុតទៅហើយ ប៉ុន្តែយុត្តិធម៌នៅតែមិនបានផ្តល់ជូនលោកជា វិជ្ជា និងគ្រួសារ ព្រមទាំងកម្មករខ្មែររាប់ម៉ឺន រាប់សែននាក់ ដែលកំពុងតែបន្តទាមទារអោយរដ្ឋាភិបាលបង្ហាញនូវការពិតនៃករណីឃាតកម្មដែលគ្រោងទុកជាមុន ដោយភាពហ្មត់ចត់បំផុត។»
គណបក្សទាំងពីរបានសង្កត់ធ្ងន់ថា ការដោះលែងលោកសុខ សំអឿន និងលោកប៊ន សំណាង អោយនៅក្រៅឃុំបណ្តោះអាសន្នដោយតុលាការកំពូល កាលពីថ្ងៃទី៣១ ធ្នូ ២០០៨ កន្លងមករឹតតែបង្ហាញយ៉ាងច្បាស់ទៀតថា រដ្ឋាភិបាលកម្ពុជាដឹងថាអ្នកទាំងពីររូបនេះជាឧបករណ៍ និងជាអ្នករងគ្រោះនៃប្រព័ន្ធតុលាការក្លែងក្លាយបច្ចុប្បន្ន។
ចលនាអ្នកប្រជាធិបតេយ្យដើម្បីការផ្លាស់ប្តូរ ក៏បានក្រាបបង្គំទូលថ្វាយជាថ្មីម្តងទៀត ដល់ព្រះមហាក្សត្រកម្ពុជា ព្រះបាទបរមនាថ នរោត្តម សីហមុនី ក្នុងគោលបំណងសូមព្រះរាជានុញ្ញាតប្រទាននូវគោរមងារ «វីរជនកម្មករ» ដើម្បីជាការរំលឹកដល់គុណូបការៈដ៏ថ្លៃថ្លា ដែលមិនអាចបំភ្លេចបាននៃលោក ជា វិជ្ជា ដែលបានបូជាជីវិត ដើម្បីផលប្រយោជន៍កម្មករ ព្រមទាំងបានលើកស្ទួយគោលការណ៍យុត្តិធម៌ និងប្រជាធិបតេយ្យ។ ។ អានបន្ថែមលើវិបសាយកាសែត- លោកប្រែដលី កុស ផលិតករភាពយន្តអាមេរិកថតភាពយន្តឯកសារស្តីពីលោក ជា វិជ្ជា (១៩-០១-២០០៩) - សហភាពសហជីពកម្ពុជារៀបចំពិធីដង្ហែកម្រងផ្កា ដើម្បីគោរពវិញ្ញាណក្ខន្ធវីវជន ជា វិជ្ជា (១៩-០១-២០០៩) - ប៊ន សំណាងនិងសុខ សំអឿនត្រូវបានដោះលែងបណ្តោះអាសន្នៈ ជោគជ័យនៃប្រព័ន្ធយុត្តិធម៌នៅកម្ពុជា (៣១-១២-២០០៨)
|