|
អធិប្បាយចុងក្រោយ
|
| ដំណើរវែងឆ្ងាយឆ្ពោះទៅកាន់ការបង្កើតក្រមនីតិវិធីពិសេសដាច់ដោយឡែកពីតុលាការព្រហ្មទណ្ឌអន្តរជាតិ |
| ដោយ ស្ទេហ្វានី ហ្សេ | | | ២០-០១-២០០៩ | កំបូល (ភ្នំពេញ កម្ពុជា) ថ្ងៃទី១១ វិច្ឆិកា ២០០៨៖ សវនាការជំនុំជម្រះប្រឌិតមួយ ដែលរៀបចំឡើងដោយក្រុមមេធាវីការពារក្តី នៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ទទួលបន្ទុកកាត់ទោសអតីតមេដឹកនាំខ្មែរក្រហម © ចន វីង/ Magnumបុរសម្នាក់ គឺលោកបណ្ឌិតសាស្រ្តាចារ្យអក្សរសាស្រ្តបារាំង ហ្សង់ហ្សាក ហ្គានឌីនី (Jean-Jacques Gandini) បានបង្ហាញវត្តមាននៅបន្ទប់សវនាការជំនុំជម្រះខ្មែរក្រហម កាលពីថ្ងៃទី២៦ ខែវិច្ឆិកាកន្លងមកនេះ ដើម្បីឆ្លើយបំភ្លឺអំពីរឿងក្តីជេរប្រមាថទៅលើប៉ូលីសបារាំង នៅពេលប៉ូលីសកំពុងអនុវត្តតួនាទីរបស់ពួកគេ។ តាមពិត នេះគឺជាសវនាការជំនុំជម្រះប្រឌិតមួយ ដើម្បីត្រៀមកាត់ទោសអតីតមេដឹកនាំខ្មែរក្រហមនិងឧក្រិដ្ឋជនសំខាន់ៗនៃរបបប្រល័យពូជសាសន៍ប៉ុល ពត ។ ការសំដែងឈុតសវនាការក្លែងក្លាយនេះត្រូវបានសំដែងដោយក្រុមមេធាវីនៃវិទ្យាស្ថានសិទ្ធិមនុស្សនៃគណៈមេធាវី ម៉ុងពើល្យ៉េ (ស្ថិតនៅភាគខាងត្បូងប្រទេសបារាំង)។ ការសំដែងនេះប្រើជាការធ្វើតេស្តសាកល្បងប្រកបដោយជោគជ័យ នូវសម្ភារៈនៅក្នុងសាលសវនាការ ជាពិសេស ការសំដែងខាងលើបានផ្តល់នូវគំរូយុត្តិធម៌បារាំងមួយដែលប្រើប្រាស់ច្បាប់រ៉ូម៉ាំង-អាល្លឺម៉ង (ប្រព័ន្ធច្បាប់ Civil law) ក៏ដូចជាប្រព័ន្ធកម្ពុជា ដែលត្រូវបានយកទៅអនុវត្តនៅក្នុងអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) ជាមួយនឹងច្បាប់អន្តរជាតិនៃប្រព័ន្ធច្បាប់អង់គ្លេស ហៅថា Common law។ ប្រព័ន្ធច្បាប់ពីរនៅក្នុងតុលាការតែមួយ បានបង្កើតជាការស្មុគស្មាញ សម្រាប់តួសំដែង។ សវនាការជំនុំជម្រះប្រឌិតមួយ រឿងក្តីរបស់លោកហ្គានឌីនី ផ្អែកទៅលើសំណុំរឿងក្តីព្រហ្មទណ្ឌពិតប្រាកដមួយ ដែលត្រូវបានជំនុំជម្រះ កាលពីប៉ុន្មានឆ្នាំមុននេះ ដោយអង្គជំនុំជម្រះបទមជ្ឈិមម៉ុងពើល្យ៉េ ...។ លោកហ្រ្វង់ស័រ រូ សហមេធាវីការពារក្តីអោយឌុច (អតីតប្រធានមន្ទីរធ្វើទារុណកម្មស-២១ ដែលនឹងត្រូវចូលបង្ហាញខ្លួនមុនគេនៅចំពោះមុខចៅក្រមអ.វ.ត.ក ) ដើរតួធ្វើជាមេធាវីការពារក្តី។ សវនាការមានបន្ថែមសាក្សីម្នាក់ «ដែលត្រូវបានការពារ» ហើយអត្តសញ្ញាណសាក្សីរូបនោះត្រូវលាក់ជាអាថ៌កំបាំង។ ការបន្ថែមសាក្សីដោយលាក់អត្តសញ្ញាណបែបនេះមិនមាននៅក្នុងប្រព័ន្ធច្បាប់បារាំងនោះទេ។ ក្រុមមេធាវីបារាំងពេញចិត្តដើរតួសំដែងជាភាគីផ្សេងៗនៅក្នុងសវនាការ ដែលសុទ្ធសឹងតែជាមិត្តភក្តិរបស់លោកមេធាវីហ្រ្វង់ស័រ រូ នៅគណៈមេធាវីតែមួយ។
រឿងក្តីនោះគឺ សាស្រ្តាចារ្យឈាមត្រជាក់និងប្រកបដោយវោហាស័ព្ទម្នាក់ បានធ្វើអន្តរាគមន៍និងជជែកការពារនូវភាពស្របច្បាប់នៃការបះបោររបស់ប្រជាពលរដ្ឋ នៅក្នុងកិច្ចសាកសួរដេញដោលមួយរបស់ក្រុមប៉ូលីស នៅល្ងាចមួយ នៅតាមផ្លូវនៃទីក្រុង ដែលសាស្ត្រាចារ្យរូបនេះវិនិច្ឆ័យថាជាទង្វើមិនត្រឹមត្រូវ។ លោកបានបដិសេធនូវអ្វីដែលប៉ូលីសទាំងបីនាក់នោះបានចោទគាត់ ថាបានជេរប្រមាថប៉ូលីស។ ក្រោយមក លោកក៏បានទទួលការដោះលែង។ បន្ទាប់ពីការសំដែងឈុតសវនាការត្រូវបានបញ្ចប់ «តួសំដែង» បានចូលរួមនៅក្នុងវេទិកាមួយ ដែលរួមមាននិស្សិតច្បាប់កម្ពុជា និងសមាជិកបុគ្គលិកអ.វ.ត.ក។ បន្ទាប់ពីអនុវត្តរួចមក ដល់ពេលជជែកពិភាក្សាម្តង។ ពួកគេពន្យល់ថា គោលបំណងគឺមិនមែនចង់ «ផ្តល់មេរៀន»នោះទេ ប៉ុន្តែ «គឺចូលរួមពិចារណារួមគ្នា តើថាតើប្រព័ន្ធច្បាប់ផ្សេងៗគ្នា អាចធ្វើការរួមគ្នាបានដែររឺទេ? រវាងប្រព័ន្ធច្បាប់ Civil law និងប្រព័ន្ធច្បាប់common law ប្រព័ន្ធច្បាប់មួយមានតម្លៃស្មើនឹងប្រព័ន្ធច្បាប់មួយផ្សេងទៀត ហើយអ.វ.ត.ក ដែលប្រជុំដោយប្រព័ន្ធច្បាប់ទាំងពីរនេះ ត្រូវ «ច្នៃប្រឌិតនូវអ្វីម្យ៉ាងរួមគ្នា»។
«មើលអ្វីដែលដំណើរការល្អប្រសើរ» លោករីឆាត រូជើ ប្រធានអង្គភាពគាំពារការការពារក្តី បានបញ្ចេញយោបល់ទាក់ទងនឹងគំនិតផ្តួចផ្តើមនេះ។ តុលាការកូនកាត់ ដែលត្រូវបានបង្កើតឡើងនៅទីក្រុងភ្នំពេញនេះ ចាប់ផ្តើមដំណើរការតាំងពីឆ្នាំ២០០៦មក ប៉ុន្តែ បញ្ហាខ្លះៗត្រូវបានលើកឡើង ចេញពីការច្របាច់បញ្ជូលគ្នារវាងប្រព័ន្ធច្បាប់ទាំងពីរនេះ។
លោករីឆាត រូជើ បានពន្យល់ថា «ក្រមព្រហ្មទណ្ឌថ្មីដែលត្រូវបានចូលជាធរមាននៅប្រទេសកម្ពុជា កាលពីរដូវក្តៅ ឆ្នាំ២០០៧ ពឹងផ្អែកទៅលើក្រមព្រហ្មទណ្ឌបារាំង ហើយគំនិតរៀបចំសវនាការជំនុំជម្រះប្រឌិតមួយ តាមប្រព័ន្ធច្បាប់Civil law កើតចេញពីក្រមព្រហ្មទណ្ឌបារាំងមួយនេះ»។ លោកបានគូសបញ្ជាក់ថា ប្រព័ន្ធច្បាប់ Civil law នៅក្នុងអ.វ.ត.ក នឹងត្រូវដាក់បញ្ជូលធាតុនៃច្បាប់អន្តរជាតិ ដូចជាការការពារសាក្សីជាដើម។ សម្រាប់រូបលោក «មិនមានការទាស់ទែងគ្នា» រវាងអ្នកអនុវត្តប្រព័ន្ធច្បាប់ Civil law និងCommon law នោះទេ ព្រោះវាគ្រាន់តែជាក្រុមការងារមួយ «មកពីតំបន់ខុសៗគ្នា ធ្វើការរួមគ្នា ដើម្បីមើលនូវអ្វីដែលដំណើរការល្អប្រសើរ ក្នុងគោលបំណងកាត់ទោសបទឧក្រិដ្ឋកម្មអន្តរជាតិធ្ងន់ធ្ងរ និងនៅក្នុងបរិបទកម្ពុជា»។
ការច្របាច់បញ្ជូលគ្នានៃប្រព័ន្ធច្បាប់ ដើម្បីកាត់បន្ថយថេរៈវេលាជំនុំជម្រះអោយកាន់តែល្អប្រសើរ លោកមេធាវី រូ បានអោយដឹងថា «អ្នកច្បាប់មួយចំនួននៃប្រព័ន្ធច្បាប់ Common law ដែលមកទីនេះ មិនស្គាល់ប្រព័ន្ធច្បាប់ Civil law នោះទេ។ អ្នកច្បាប់ខ្លះផ្តើមជជែកអំពីប្រព័ន្ធច្បាប់នេះ ប្រកបដោយលក្ខណៈវិជ្ជមាន អ្នកផ្សេងទៀតប្រកបដោយលក្ខណៈតឹងសរសៃក។ ហេតុដូច្នេះហើយទើបបានជាយើងនិយាយថានេះគឺជាឱកាសមួយ ក្នុងការដឹកនាំការជំនុំជម្រះមួយ តាមប្រព័ន្ធCivil law។ មានក្រម មានច្បាប់ ដែលអនុញ្ញាតអោយមនុស្សម្នាក់ៗ បញ្ចេញមតិយោបល់ ដោយយោងតាមនីតិវិធីផ្សេងៗនៃប្រព័ន្ធច្បាប់ Common law ប៉ុន្តែ ក្រមនិងច្បាប់ទាំងនេះសំដៅនាំមកនូវលទ្ធផលតែមួយ គឺការបង្ហាញអំពីការពិត និងយុត្តិធម៌។ នេះហើយគឺជាអ្វីដែលយើងស្វែងរក។ ផ្អែកលើមូលដ្ឋាន ខ្ញុំនៅតែជឿជាក់ថាមិនមានភាពខុសគ្នាធំដុំអ្វីនោះទេ...»។
មេធាវីការពារក្តីអោយឌុច រូបនេះបានវាយតម្លៃថា «តុលាការព្រហ្មទណ្ឌអន្តរជាតិគួរតែបើកការជំនុំជម្រះ «នៅក្នុងថេរៈវេលាដ៏សមស្រប»មួយ។ «នៅទីនេះ យើងមានឱកាសសាកល្បងប្រព័ន្ធច្បាប់មួយផ្សេងទៀត ដែលកំពុងអនុវត្តនៅក្នុងតុលាការព្រហ្មទណ្ឌអន្តរជាតិផ្សេងទៀត។ សូមយើងធ្វើតេស្តសាក លមើល! យើងនឹងបានដឹងថាតើជាប្រព័ន្ធច្បាប់ល្អប្រសើរ រឺមិនល្អប្រសើរ រឺមួយអាក្រក់បំផុត! ប៉ុន្តែប្រសិនជាយើងយល់ឃើញថា តាមរយៈការសម្របទៅនឹងប្រព័ន្ធទាំងពីរ យើងអាចសម្រេចកែសម្រួលថេរៈវេលានៃការជំនុំជម្រះទាំងនេះបានយ៉ាងល្អប្រសើរ ដូច្នេះ ខ្ញុំជឿជាក់ថាយើងគ្រប់គ្នាសុទ្ធតែឈ្នះ»។ លោកមេធាវីបានសង្ខេបថា «នេះជាការភ្នាល់មួយដែលគួរអោយគាំទ្រ គឺថា តើបច្ចុប្បន្ននេះ យើងអាចបង្កើតប្រព័ន្ធច្បាប់ព្រហ្មទណ្ឌអន្តរជាតិថ្មីមួយ ដើម្បីធ្វើអោយការជំនុំជម្រះប្រព្រឹត្តទៅក្នុងថេរៈវេលាមួយសមស្របបានយ៉ាងដូចម្តេច? មានន័យថាជាសវនាការជំនុំជម្រះមួយ ដែលដើមបណ្តឹងរដ្ឋប្បវេណីអាចចូលរួមបាន ហើយជនជាប់ចោទនឹងមានជានិច្ច។ នេះហើយគឺជាបំណងប្រាថ្នារបស់ខ្ញុំ នេះគឺជាប្រយោគចុងក្រោយរបស់ខ្ញុំ»។
តើច្បាប់កម្ពុជាត្រូវមានពាក្យចុងក្រោយដែររឺទេ? លទ្ធផលនៃកិច្ចចរចារវាងអង្គការសហប្រជាជាតិនិងរដ្ឋាភិបាលកម្ពុជាគឺការបង្កើតអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក)។ អង្គជំនុំជម្រះនេះ មិនមែនជាការណ៍មិនធ្លាប់មានពីមុន នៅក្នុងប្រវត្តិសាស្រ្តនៃច្បាប់ព្រហ្មទណ្ឌអន្តរជាតិដ៏ក្មេងខ្ចីនេះឡើយ។ អ្វីដែលកើតចេញពីតុលាការនេះ នឹងត្រូវបានតាមដានយ៉ាងយកចិត្តទុកដាក់បំផុត។ លោកស្រី Silke Studzinsky មេធាវីតំណាងដើមបណ្តឹងរដ្ឋប្បវេណីនៅ អ.វ.ត.ក មានប្រសាសន៍ថា «យើងរង់ចាំអោយចៅក្រមមានស្មារតីច្នៃប្រឌិត ព្រោះនេះគឺជាលើកទីមួយ ដែលដើមបណ្តឹងរដ្ឋប្បវេណីត្រូវចូលរួមជាមួយជនរងគ្រោះ។ ទោះយ៉ាងជា ដំណោះស្រាយគឺមិនមែនកាត់បន្ថយសិទ្ធិរបស់ពួកគេនោះទេ ប៉ុន្តែធ្វើអោយសិទ្ធិរបស់ពួកគេត្រូវបានគោរព ហើយកត្តាទាំងនេះនឹងអាចយកទៅប្រើប្រាស់ជាគំរូ សម្រាប់តុលាការអន្តរជាតិលើកក្រោយ»។
លោកស្រីមេធាវីជនជាតិអាល្លឺម៉ង់រូបនេះក៏បានវាយតម្លៃទៀតថា ក្រមព្រហ្មទណ្ឌកម្ពុជាគួរត្រូវបានអនុវត្ត អនុលោមតាមកិច្ចព្រមព្រៀងរវាងអង្គការសហប្រជាជាតិ និងប្រទេសកម្ពុជា ហើយនិងច្បាប់ស្តីពីការបង្កើតអ.វ.ត.ក ។ ប្រសិនជាក្រមនីតិវិធីនៃប្រទេសកម្ពុជាមិនអនុវត្តចំណុចមួយ រឺប្រសិនជាមានភាពមិនច្បាស់លាស់មួយ ទាក់ទងនឹងការបកស្រាយ ច្បាប់អន្តរជាតិអាចនឹងត្រូវប្រើប្រាស់ជាឯកសារពិគ្រោះ។ លោកស្រីបានចោទសួរអំពីភាពស្របច្បាប់នៃវិធានផ្ទៃក្នុងរបស់ អ.វ.ត.ក ដែលត្រូវបានតាក់តែងឡើងយ៉ាងយកចិត្តទុកដាក់ពីសំណាក់មន្រ្តីតុលាការ ដែលមិនត្រូវបានបោះឆ្នោតជ្រើសតាំងដោយរដ្ឋសភាកម្ពុជា។ លោកស្រីលើកសំណើថា បញ្ហាឋានានុក្រមនៃវិធាន និងច្បាប់នៅក្នុងតុលាការកូនកាត់នេះ គួរត្រូវពិនិត្យឡើងវិញគ្រប់ចំណុចទាំងអស់។
នៅបុព្វកថានៃវិធានផ្ទៃក្នុង អ.វ.ត.ក បានពន្យល់ថា គោលបំណងរបស់តុលាការគឺធ្វើការចងក្រងនូវនីតិវិធីជាធរមាននៅប្រទេសកម្ពុជា សម្រាប់អនុវត្តនៅក្នុងកិច្ចដំណើរការនីតិវិធីនៅចំពោះមុខអ.វ.ត.ក […] អនុម័តវិធានមួយចំនួនបន្ថែមទៀត នៅពេលណាដែលច្បាប់កម្ពុជាជាធរមានពុំអាចដោះស្រាយបានចំពោះករណីពិសេសណាមួយ រឺប្រសិនជាមានភាពមិនច្បាស់លាស់ ទាក់ទងនឹងការបកស្រាយ រឺការអនុវត្ត រឺក៏ប្រសិនជាមានបញ្ហាពាក់ព័ន្ធនឹងភាពសមស្របគ្នារវាងបទប្បញ្ញត្តិនៅក្នុងច្បាប់កម្ពុជា ទៅនឹងនិយាមអន្តរជាតិ។
ការពិភាក្សាបែបនេះក៏ធ្លាប់ត្រូវបានរៀបចំធ្វើឡើងនៅចំពោះមុខតុលាការអន្តរជាតិនៃអង្គការសហប្រជាជាតិ ហើយអាចនឹងរៀបចំធ្វើឡើងនៅចំពោះមុខអនាគតតុលាការសម្រាប់ប្រទេសលីបង់ ដែលត្រូវចាប់ផ្តើមការងាររបស់ខ្លួនជាផ្លូវការ នៅថ្ងៃទី១ ខែមីនាខាងមុខ។ តុលាការនេះក៏ជាគំរូតុលាការកូនកាត់មួយ ដែលត្រូវបានអនុវត្តនៅក្នុងប្រទេសមួយ គឺប្រទេសលីបង់ ដែលមានប្រព័ន្ធច្បាប់យកលំនាំតាមប្រព័ន្ធបារាំង។ អស់រយៈពេល១៥ឆ្នាំមកហើយ និងចាប់តាំងពីការបង្កើតយុត្តាធិការអន្តរជាតិមក ប្រព័ន្ធតុលាការព្រហ្មទណ្ឌអន្តរជាតិបន្តស្វែងរកផ្លូវដើរមួយ នៅក្នុងការបង្កើតក្រមនីតិវិធីកាត់ដោយឡែកមួយ ពីតុលាការព្រហ្មទណ្ឌអន្តរជាតិ។ ប៉ុន្តែ សម្រាប់ពេលនេះ តុលាការទាំងនេះមិនបានរកឃើញដំណោះស្រាយ ដើម្បីរៀបចំការជំនុំជម្រះ នៅក្នុង«ថេរៈវេលាសមស្រប» នោះទេ។
បន្ថែម -ក្រុមមេធាវីការពារក្តីនួន ជា ដាក់បណ្តឹងព្រហ្មទណ្ឌទៅកាន់តុលាការក្រុងភ្នំពេញ ទាក់ទងនឹងការចោទប្រកាន់អំពើពុករលួយនៅអ.វ.ត.ក -ប្រវត្តិវិទូ វៀវីយ៉កកា: "យើងសង្ឃឹមរង់ចាំយុត្តិធម៌យូរពេកហើយ"
|
|
|