កា​សែត​គឺ​ជា​វ៉ិប​សាយ​ព័ត៌​មាន​ឯក​រាជ្យ​ដែល​ចេញ​ផ្សាយ​ប្រ​ចាំ​ថ្ងៃ​ជា​ភាសាខ្មែរ ​បា​រាំង និងអង់គ្លេស ​ស្តី​អំ​ពី​ប្រទេស​កម្ពុជា​និង​ប្រ​ជា​ជន​កម្ពុជា​នៅ​ក្រៅ​ប្រទេស ។
Installing Khmer Unicode
Bookmark and Share

ទទួល​ព័ត៌​មាន​




 
ការ​អង្កេតៈ ប្រជាជន​កម្ពុជា​មាន​ចំណេះ​ដឹង​តិច​តួច​អំពី​សាលាក្តី​ខ្មែរ​ក្រហម​
ដោយ ស្ទេហ្វានី ហ្សេ   
បោះពុម្ភ ផ្ញើអត្ថបទ​តាម​ Email
២១-០១-២០០៩
(© ចន វីង​ / Magnum )
កំពង់​ចាម (កម្ពុជា) ថ្ងៃទី​១០ តុលា ២០០៦៖ អង្គការ​ក្រៅ​រដ្ឋាភិបាល​ ដូច​ជា​វិទ្យាស្ថាន​ខ្មែរ​ប្រជាធិបតេយ្យ បានចុះ​ទៅតាម​ភូមិ ដើម្បី​ផ្សព្វផ្សាយ​ព័ត៌មាន​ដោយ​ផ្ទាល់​អំពី​សាលាក្តី​ខ្មែរក្រហម​
© ចន វីង​ / Magnum


អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​ (អ.វ.ត.ក) គឺជា​ក្តី​សង្ឃឹម​​ចុង​ក្រោយ សម្រាប់​ជន​រង​គ្រោះ​នៃ​របប​ខ្មែរក្រហម ក្នុងការ​មើល​ឃើញ​អំពើអយុត្តិធម៌​ និង​ការ​​​បាត់​បង់​ដែលពួកគេ​ធ្លាប់​​បាន​ទទួល​រង​គ្រោះ ត្រូវ​បាន​ទទួល​ស្គាល់​ជា​ផ្លូវការ​។ ការ​បង្កើត​តុលាការ​កូន​កាត់​កាល​ពី​ឆ្នាំ​២០០៦ បាន​បណ្តាល​អោយ​ប្រជាពល​រដ្ឋ​​កម្ពុជា​​​មាន​ការ​ទន្ទឹម​រង់​ចាំ​គួរ​អោយ​កត់​សម្គាល់​​...។  ក្រុម​អ្នកស្រាវ​ជ្រាវ​គម្រោង​​​សម្រាប់​ប្រជាជន​ក្រីក្រ​នៃ​មជ្ឈមណ្ឌល​​សិទ្ធិ​មនុស្ស​នៅ​សាកល​វិទ្យាល័យ​​​អាមេរិក Berkeley (រដ្ឋ​កាលី​ហ្វ័រនី) បាន​ធ្វើ​ដំណើរ​មកកាន់​ប្រទេស​កម្ពុជា កាល​ពី​ខែ​កញ្ញា ឆ្នាំ​២០០៨ ដើម្បី​​ស្ទង់​ចំណេះ​ដឹង​របស់​ប្រជាពលរដ្ឋ​​អំពី​សាលាក្តី​​ខ្មែរ​ក្រហម កំរិត​នៃការ​ទទួលបាន​ព័ត៌មាន​ និងសេចក្តី​ត្រូវ​ការ​យុត្តិធម៌​ហើយ​និង​​​សំណង​​។​ របាយ​ការណ៍​​នៃការ​ស្ទង់​មតិ​​​នេះ​ត្រូវ​បាន​បង្ហាញ​ជា​ផ្លូវការ​នៅ​​ថ្ងៃ​ពុធ ទី​២១ នៅ​ទីក្រុង​ភ្នំពេញ ក្រោម​ចំណង​ជើង​ថា  «So we will never forget (ដើម្បីការចងចាំ​ជា​រៀង​រហូត)»។

 

តុលាការ​​​ត្រូវ​ធ្វើអោយ​គេ​ស្គាល់​អំពី​សកម្មភាព​របស់​ខ្លួន​
នៅ​ក្នុង​ចំណោម​ប្រជាជន​​ពេញ​វ័យ​១០០០នាក់ ដែល​ត្រូវ​បានជ្រើស​រើស​ដោយ​ចៃដន្យ​នៅ​តាម​បណ្តា​ឃុំ​ចំនួន​១២៥​នៅ​ទូទាំង​ប្រទេស​កម្ពុជា ៣៩%​មិន​បាន​ស្គាល់​​​អង្គជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​​កម្ពុជា​ (អ.វ.ត.ក)នោះទេ​ ចំណែក​ «៤៦% ​ចំណេះ​នៅ​មាន​កំរិត​​» ហើយ​១៥% មាន​​ចំណេះ​ដឹង​តិច​រឺ​ច្រើន​ អំពី​សាលា​ក្តី​​កាត់​ទោស​ខ្មែរ​ក្រហម​​​នេះ។​ នៅ​ពេល​គេ​សាក​សួរ​ថា​តើ​មាន​មនុស្ស​ប៉ុន្មាន​​នាក់​ដែល​ត្រូវ​បាន​ចាប់​ខ្លួន ហើយ​និង​កំពុង​រង់​ចាំការ​កាត់ទោស​ ​​ប្រជាជន​ត្រឹម​តែ​១០%​ប៉ុណ្ណោះ ដែល​អាច​ឆ្លើយត្រូវ​ ថាមាន​ចំនួន​​ប្រាំ​នាក់​។ ម្យ៉ាង​វិញ​ទៀត នៅ​ពេល​គេ​សួរ​ពួកគាត់​អោយ​ប្រាប់​ឈ្មោះ​ជន​ត្រូវ​ចោទ​ទាំង​ប្រាំ​នាក់នោះ​ (មាន​ខៀវ សំផន -ឌុច-​នួន ជា- អៀង​ សារី​ និង​អៀង ធីរិទ្ធិ) មាន​អ្នក​ឆ្លើយ​ត្រូវ​តែ​៣%​ប៉ុណ្ណោះ ដែល​អាច​និយាយ​ពី​ឈ្មោះ​ជន​ទាំង​នោះ​បាន​។​ ទោះ​ជា​យ៉ាង​ណា អ្នក​ត្រូវ​បាន​សម្ភាស​ទាំង​នោះចំនួន​ជាង​ពាក់កណ្តាល​អាច​កំណត់​បាន​ថា​សាលាក្តី​​នេះ​គឺជា«​តុលាការ​ចម្រុះ​រវាង​ជាតិ​​និង​អន្តរ​ជាតិ»។​

បន្ទាប់​ពី​ការ​ស្ទាប​ស្ទង់​​ចំណេះ​ដឹង​អំពី​អ.វ.ត.ក  ក្រុម​អ្នក​ស្រាវ​ជ្រាវ​​ទាំង​នោះ​ក៏​បាន​ស្ទង់​​ចំណេះ​​អំពី​​​របប​ខ្មែរក្រហម ជា​ពិសេស​ប្រជាជន​ដែល​កើត​ក្រោយ​របប​ខ្មែរ​ក្រហម​​។ បច្ចុប្បន្ន​នេះ ពោលគឺ​រយៈ​ពេល​៣០​ឆ្នាំ​ក្រោយ​ការ​ដួល​រលំ​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ​ ​ពីរ​ភាគបី (៦៨%)នៃ​​ប្រជាពលរដ្ឋ មាន​អាយុ​ក្រោម​​៣០​​ឆ្នាំ និង​មាន​ចំណេះ​ដឹង​តិច​តួច​ណាស់​អំពី​​​​ប្រវត្តិសាស្រ្ត​ដ៏​សែន​ខ្មៅ​ងងឹត​នៃ​ប្រទេស​​ជាតិ​​មួយ​នេះ​។ អ្នក​ផ្តល់​ព័ត៌មាន​ភាគ​ច្រើន​ (៨៤%) បាន​ប្រាប់​ថា​ប្រភព​ព័ត៌មាន​សំខាន់​​អំពី​ខ្មែរក្រហម ពួកគេ​បាន​ទទួល​ពីគ្រួសារ​និង​មិត្ត​ភក្តិ​របស់​ខ្លួន ហើយ​មាន​​តែ​៦%​ប៉ុណ្ណោះ បាន​និយាយ​ថា​ពួកគេ​បាន​ទទួលព័ត៌មាន​​នេះ​នៅ​សាលា​រៀន​​​។​ ៧៧%​នៃ​អ្នក​ផ្តល់​ចម្លើយ​ទាំង​អស់​បាន​ប្រាប់​ថា​ពួកគេ​ចង់​ដឹង​ច្រើន​​អំពី​អ្វី​ដែល​បាន​កើត​ឡើង​នៅ​អំឡុង​របប​ខ្មែរក្រហម រីឯ​៨៥%​នៃ​អ្នក​ផ្តល់​ចម្លើយ​ដែល​មិន​បាន​រស់​នៅ​ក្រោម​របប​គ្រប់​គ្រង​នេះ ក៏​ចង់​ដឹង​អំពី​រឿង​នេះ​អោយ​​បាន​ច្រើន​ផង​ដែរ។​ ភាគច្រើន​បាន​វាយ​តម្លៃ​ថា​វាមិន​ទាន់​ហួស​ពេល​នោះ​ទេ ក្នុងការ​ស្វែង​យល់អំពី​របប​នេះ​។

ផ្សព្វផ្សាយ​​ព័ត៌មាន​គួរ​ត្រូវ​ពង្រឹង​
ការ​យល់​ដឹង​ថ្នាក់​ជាតិ អំពី​អ.វ.ត.ក នៅ​ត្រង់​ចំណុចននេះ គួរ​អោយ​មាន​កំរិត​ខ្ពស់​និង​ទាន់​ពេល​ ដោយ​ហេតុ​ថា​វា​បាន​ចាប់​ផ្តើម​ដំណើរ​ការ​នៅ​ក្នុង​ឆ្នាំ​២០០៦។ មនុស្ស​តិច​ជាង​១%​នៃ​អ្នក​ដែល​បាន​រស់​នៅ​ក្រោម​របប​ខ្មែរក្រហម (ចំនួន​បួន​នាក់​ក្នុង​ចំណោម​ប្រជាជនកម្ពុជា​​ដែល​ត្រូវ​បាន​សម្ភាស​ទាំង​​១០០០នាក់) បាន​ចូល​រួម​នៅក្នុង​សកម្មភាព​ផ្សព្វផ្សាយ​​​មួយ ទាក់​ទិន​នឹង​​ ​អ.វ.ត.ក ​ក្នុង​រយៈ​ពេល​១២​ខែ​មុន​ពេល​ធ្វើការ​ស្ទង់មតិ​ ​ស្រប​ពេល​៦៤%​បាន​និយាយ​ថា​ មិន​ធ្លាប់​បាន​លឺ​ទាល់​តែ​សោះ​អំពី​សាលាក្តី​នេះ កាលពី​មុនធ្វើការ​ស្ទង់​មតិ​​​នេះ​។​ ចាប់​តាំង​ពី​ឆ្នាំ​២០០៧មក អង្គការ​មួយ​ចំនួន​បាន​ដឹក​នាំ​យុទ្ធនាការ​ផ្សព្វផ្សាយ​ព័ត៌មាន​​ដល់​ប្រជាពលរដ្ឋ​ ទាក់​ទង​នឹង​សាលាក្តី​ខ្មែរក្រហម​ នៅ​ទូទាំង​​ប្រទេស​ ហើយ​បាន​លើក​​ទឹក​ចិត្ត​ជនរ​ងគ្រោះ​ពី​របប​វាល​ពិឃាដ​នេះ​ អោយ​ចូល​រួម​នៅ​ក្នុងការ​កាត់​ទោស​​​លើក​នេះ​។​ កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០០៨ ​អង្គភាព​ជន​រ​ងគ្រោះ​នៃ​អ.វ.ត.ក បាន​ចុះ​ពាក្យ​បណ្តឹងនិង​​​ពាក្យ​ស្នើ​សុំ​តាំង​ខ្លួន​ជា​ដើម​បណ្តឹង​រដ្ឋ​ប្បវេណី ចំនួន​២៥០០​នាក់​​។​

លោក​អេរីក ស្តូវើ អ្នក​ស្រាវ​ជ្រាវ​ម្នាក់​ក្នុង​ចំណោម​អ្នក​ស្រាវ​ជ្រាវ​ជា​ច្រើន​​ផ្សេង​ទៀត​ បាន​មាន​ប្រសាសន៍​ថា «អ្វី​ដែល​បាន​កើត​នៅ​ជា​ញឹក​ញាប់​នៅ​ក្នុង​ក្រប​ខ័ណ្ឌ​តុលាការ​កាត់ទោស​ឧក្រិដ្ឋ​កម្មអន្តរ​ជាតិ​នេះ គឺ​ថវិកា​ ក្នុងការ​ចុះ​ទៅ​ផ្សព្វផ្សាយ​​ព័ត៌មាន​​ដល់​ប្រជា​ពល​រដ្ឋ។ វា​គឺជា​រឿង​ចាំ​បាច់​ដែល​ប្រជាពលរដ្ឋ​ត្រូវ​យល់​ដឹង​អំពី​អ្វីដែល​បាន​កើត​ឡើង ខណៈ​ពេល​​​ការ​រង់ចាំ​របស់​ពួកគាត់​មានទំហំ​ធំ​​។ គេ​ត្រូវ​អប់​រំ​ពួកគាត់​បន្ថែម​ទៀត​ តាម​ដែល​អាច​ធ្វើ​ទៅ​បាន​»។​

ទស្សនៈវិស័យ​វិជ្ជមាន​លើ​អ.វ.ត.ក
ជា​ទូទៅ​ អ្នក​ផ្តល់​ចម្លើយ​ដែល​បាន​យល់​ដឹង​អំពី​អ.វ.ត.ក បាន​ផ្តល់​តម្លៃ​ខ្ពស់​ចំពោះ​​តុលាការ​កូន​កាត់​មួយ​នេះ។ តួ​យ៉ាង ប្រហែល​ជា​ពីរភាគ​បី បានជឿជាក់​ថា​ចៅក្រម​អង្គ​ជំនុំជម្រះ​នឹង​មាន​យុត្តិធម៌ និង​អព្យាក្រឹត្យ​។ ប្រជាជនជិត​៣ភាគ​៤​ ​បានជឿ​ថា​សាលាក្តី​នឹង​ផ្តល់​យុត្តិធម៌​​ជូន​​​ជន​រង​គ្រោះ​​​ដោយ​ខ្មែរក្រហម និង​គ្រួសារ​របស់​ពួកគេ​។ ៧១%​បាន​វាយ​តម្លៃ​ថា​អ.វ.ត.ក នឹង​ជួយ​កសាង​ទំនុកចិត្ត​មក​អោយ​ប្រទេស​កម្ពុជា ហើយ​៦៧%​ជឿ​ជាក់ថា​តុលាការ​នឹង​ចូល​រួម​លើក​កម្ពស់​​ការ​ផ្សះ​ផ្សា​ជាតិ​។​

ភាគ​ច្រើន​បំផុត​នៃ​អ្នកផ្តល់​ចម្លើយ​បាន​ប្រាប់​ថា​ពួក​គេ​នៅ​តែ​មាន​អារម្មណ៍​មិន​ចូល​​​ចិត្ត​សមាជិក​ខ្មែរ​ក្រហម​ទាំង​នោះ ដែល​ជា​អ្នក​ទទួល​ខុស​ត្រូវ​ចំពោះ​អំពើ​ដ៏​សាហាវ​​​ឃោរឃៅ​​នោះ​ដដែល​។​ ​ពួកគេ​មាន​ការ​លំបាក​ក្នុងការ​រស់​នៅ​រួម​គ្នា​ជា​មួយអតីត​ខ្មែរក្រហម​​នៅ​ក្នុង​សហគមន៍​តែ​មួយ រឺ​នៅ​ក្រោម​ដំបូង​ផ្ទះតែ​មួយ។ អ្នក​ផ្តល់​ចម្លើយ​៤ភាគ​៥ បាន​សារភាព​ថា​ពួកគេ​ចិញ្ចឹម​ចិត្ត​​​ចង​កំហឹង​ចំពោះ​ពួក​ខ្មែ​រ​ក្រហម ដែល​បានប្រព្រឹត្ត​អំពើ​ហឹង្សា​មក​លើ​ពួក​គេ។​ អ្នក​ត្រូវ​បាន​សម្ភាស​ជាង​​៧០% បាននិយាយ​ថា​ពួកគេ​ចង់​ឃើញ​ខ្មែរក្រហម​រង​ទុក្ខ​តាម​មធ្យោបាយ​ណា​​មួយ​។ មួយភាគ​បី​ប្រាថ្នា​ចង់​អោយ​ខ្លួន​អាច​ធ្វើការ​សង​សឹង ចំពោះ​អតីត​ខ្មែរ​ក្រហម។ ទោះ​ជា​យ៉ាង​ណា មួយភាគបី​នៃ​អ្នក​ផ្តល់​ចម្លើយ​បានប្រាប់​ថា​ពួកគេ​បាន​លើក​លែង​ទោស​អោយ​ខ្មែរ​ក្រហម​។​ លោក​ប៉ាទ្រិក វាំងក៍ (Patrick Vinck) អ្នក​និពន្ធ​របាយ​ការណ៍​ម្នាក់ បាន​សង្កត់​ធ្ងន់​ថា «អតីត​កាល​ត្រូវ​បាន​ជីក​លប់​ចូល​ទៅ​​ក្នុង​ដី​»។

ដោយ​ឡែក ក្នុង​ចំណោមអ្នក​ដែល​ត្រូវ​បាន​សម្ភាស ភាគ​ច្រើន​មិនសូវ​មានទំនុក​ចិត្ត​ទៅ​លើ​​ប្រព័ន្ធ​តុលាការ​ជាតិ​​​នោះ​ទេ​ ដោយលើកឡើង​ថា​ការ​​ទៅពឹង​ពាក់​តុលាការ​ មាន​តម្លៃ​ថ្លៃណាស់ និង​តម្រូវ​សូក​ប៉ាន់​ដល់​ចៅក្រម​។

អាទិភាព​រួម​
អ្នក​ផ្តល់​ចម្លើយ​បាន​ប្រាប់​ថា​អាទិភាព​របស់​ពួកគេ​គឺមុខ​របរ (៨៣%) និង​សេវា​នានា​​ ដើម្បី​បំពេញ​តម្រូវ​ការ​មូល​ដ្ឋាន ក្នុង​នោះមាន​សុខភាព និង​អាហារ។ នៅ​ពេល​​សួរ​ថា​តើ​រដ្ឋាភិបាល​គួរ​មានអាទិភាព​ណា​ខ្លះ ពួកគេ​កំរ​ឆ្លើយ​ថា​យុត្តិធម៌ (២%) ហើយ​ចម្លើយ​ដែល​ពួកគេ​ឆ្លើយ​ញឹក​ញាប់​ជាង​គេ គឺ​សេដ្ឋកិច្ច (៥៦%) និង​ការ​​កសាង​ហេដ្ឋារចនាសម្ព័ន្ធ (៤៨%)។ នៅ​ពេល​ផ្តល់​ជម្រើស​ជាក់​លាក់​របស់​ខ្លួន​ចំពោះ​អាទិភាព​ ៣ភាគ៤ បាន​ប្រកាស​ថា​គេ​គួរ​ចាំបាច់​ផ្តោត​ការ​​យក​ចិត្ត​ទុក​ដាក់​លើ​​បញ្ហា​ប្រឈម​មុខ​​ប្រចាំ​ថ្ងៃ​របស់​ប្រជាពល​រដ្ឋ​ ជាជាង​ចាប់​អារម្មណ៍​​​ដោះ​ស្រាយ​​ឧក្រិដ្ឋ​កម្ម​ដែល​បាន​ប្រព្រឹត្ត​នៅ​អំឡុង​របប​ខ្មែរ​ក្រហម​។​

សំណង​សម្រាប់​គ្រប់​គ្នា​
ចៅក្រម​​នៃ​អង្គ​ជំនុំជម្រះ​វិសាមញ្ញក្នុង​តុលាការ​កម្ពុជា​មានអំណាច​គ្រប់​គ្រង​សំណង​​ជា​សមូហភាព ជានិមិត្តរូប និង​ផ្លូវ​ចិត្ត តែមិនមែន​ជា​ប្រាក់​កាស​ សម្រាប់​ផ្តល់​​អោយ​ក្រុម​ខ្លះ​នៃ​ជន​រង​គ្រោះ​ (ដូចជា​ដើម​បណ្តឹង​រដ្ឋប្បវេណី​ជា​ដើម)។ សំណង​​បែប​នេះ​អាច​មាន​ជា​ការ​កសាង​រូប​ចម្លាក់ សង់​សំណង់​អនុស្សាវរីយ៍ ដាក់​ឈ្មោះ​ថ្មី​អោយ​ទីកន្លែង​សាធារណៈ រៀបចំ​ទិវា​រំលឹក​ លុប​បំបាត់​កំណត់​ត្រា​អំពី​​ឧក្រិដ្ឋកម្ម​​ ចេញ​សេចក្តី​ប្រកាស​អំពី​មរណភាព គាស់យក​ឆ្អឹង​សាក​សព​ពី​ក្នុង​ដី និង​រៀប​ចំ​កប់​ឆ្អឹង​ខ្មោច​សា​ជា​ថ្មី។​ លើស​ពីពាក់​កណ្តាល​នៃ​អ្នក​ផ្តល់​ចម្លើយ​ (៥៣%) បាន​និយាយថា​សំណង​គួរ​ជា​ប្រភេទ​ណា​ដែលមាន​ឥទ្ធិពល​ដល់​ជីវភាពប្រចាំ​ថ្ងៃ​របស់​ប្រជាពលរដ្ឋ​កម្ពុជា រួម​មាន​សេវាសង្គម (២៣%) ការ​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ (១៥%) កម្មវិធី​អភិវឌ្ឍន៍​សេដ្ឋកិច្ច (១២%) ផ្ទះ​សម្បែង​​និង​ដីធ្លី (៥%) និង​ការផ្តល់​សត្វ​ចិញ្ចឹម​ អាហារ និង​ឧបករណ៍​កសិកម្ម។ ភាគច្រើន​បាន​លើកឡើង​ថា​សំណង​គួរ​ផ្តល់​ជូន​ជន​រង​គ្រោះ​ដោយ​ខ្មែរក្រហម ហើយ​​សំណង​នេះ​គួរ​ផ្តល់​អោយ​សហគមន៍​ទាំង​មូល។​ តើ​នរណា​ជា​អ្នក​ចំណាយ​​? ៦៤%​ឆ្លើយ​ថា​រដ្ឋាភិបាល​កម្ពុជា ២២%​ឆ្លើយ​ថា​មេដឹក​នាំ​ខ្មែរ​ក្រហម និង​១០% ឆ្លើយ​ថា​សហគមន៍​អន្តរ​ជាតិ។​

អនុសាសន៍​ចំពោះអង្គ​ជំនុំជម្រះ​
អ្នក​ផ្តល់ចម្លើយដែល​មាន​ការ​យល់ដឹង​​យ៉ាង​ហោច​ណាស់​បានខ្លះៗ​អំពី​តុលាកា​រ​នេះ មានឱកាស​នឹងផ្តល់​​អនុសាសន៍​មួយ​ចំពោះ​អ.វ.ត.ក។ សម​ស្រប​នឹង​ការ​យល់​​​ដឹង​និង​ការ​​រំពឹង​ទុក​របស់​ពួកគេ អ្នក​ត្រូវ​បាន​សម្ភាស​ចង់អោយ​តុលាការ​កាត់​ក្តី​អោយ​បាន​ឆាប់​រហ័ស (៣០%) ហើយ​អោយ​តុលាការ​នេះ​មាន​យុត្តិធម៌​និងឯករាជ្យ (២២%)។ ១៧%បាន​ប្រាប់​ថា​ពួកគេ​មិន​ដឹង​ថា​តើ​ត្រូវ​ផ្តល់​អនុសាសន៍​​យ៉ាង​ដូចម្តេច​នោះ​ទេ។​

យ៉ាង​ណាមិញ អ្នកសរសេររបាយការណ៍​ក៏​បាន​អំពាវ​នាវ​​ដល់​អ.វ.ត.ក អោយ​ដោះ​ស្រាយ​ជា​បន្ទាន់ និង​ប្រកប​ដោយ​ប្រសិទ្ធភាព ចំពោះការ​ចោទ​ប្រកាន់​អំពីអំពើ​ពុក​រលួយ និង​កង្វះ​តម្លាភាព​នៅក្នុង​តុលាការ​ -ផ្សព្វផ្សាយ​អោយ​បាន​ទូលាយ​និង​បង្កើន​កិច្ច​ប្រឹង​ប្រែង​ផ្សព្វផ្សាយ​របស់​អ.វ.ត.ក -ធ្វើការ​ងារ​ជាមួយ​ក្រសួង​អប់​រំ​ ដើម្បី​បង្កើត​សម្ភារៈ​សិក្សា​លើ​ប្រធាន​បទ​នេះ ដែល​អាច​​ត្រូវ​បាន​ប្រើ​ប្រាស់​​នៅ​ក្នុង​បឋម​សិក្សា និ​ងមធ្យម​សិក្សា​។ ​អ្នក​សរសេរ​របាយការណ៍​បាន​ស្នើ​​​ម្ចាស់​​ជំនួយ​និង​អង្គការ​ក្រៅ​រដ្ឋាភិបាល អោយ​ស្វែង​រក​មធ្យោបាយ​ជួយ​អ.វ.ត.ក ដើម្បី​ផ្តល់​ព័ត៌មាន​ជូន​ប្រជាពលរដ្ឋ​អំពី​អាណត្តិ​និង​សកម្មភាព​របស់​តុលាការ​ បន្ត​គាំទ្រ​ដល់​អង្គ​ជំនុំជម្រះ​ នៅក្នុងការ​កំណត់​ថា​តើ​សំណង​ណា​ខ្លះ​ដែល​ធ្វើ​បាន​​នៅ​ក្នុង​បរិបទ​ប្រទេស​កម្ពុជា​ និង​លើក​កម្ពស់​កិច្ច​ពិភាក្សា​នៅ​ក្នុង​សហគមន៍ ដែល​គេ​ដឹង​ថា​មាន​ភាព​តាន​តឹង​ខ្លាំង​រវាង​សមាជិក​អតីត​ខ្មែរ​ក្រហម​ និង​ប្រជាពល​រដ្ឋ​ទូទៅ។ ជា​ចុ​ងក្រោយ អ្នកសរសេររបាយការណ៍បាន​ជម្រុញ​រាជ​រដ្ឋាភិបាល​កម្ពុជា រៀប​ចំ​ពិនិត្យ​សា​ឡើងវិញ​អោយ​បាន​ទូលំទូលាយ​និងកែលំអ​ប្រព័ន្ធ​​តុលាការ​ព្រហ្មទណ្ឌ​​​ជាតិ​ ដើម្បី​ដាក់​បញ្ជូល​នូវ​កេរ្តិ៍​តំណែល​នៃការ​វិនិច្ឆ័យ​របស់​អ.វ.ត.ក និង​បំបាត់​អំពើ​ពុក​រលួយ ហើយបន្ត​ធ្វើការ​ជាមួយ​សង្គម​ស៊ីវិល ដើម្បី​បញ្ជូល​នូវ​ទំព័រ​ប្រវត្តិសាស្រ្ត​ដ៏សែន​ជូរ​ចត់​នេះ​ទៅ​ក្នុង​​កម្ម​វិធី​សិក្សា​ផ្នែក​ប្រវត្តិវិទ្យា​ នៅ​តាម​សាលា​រៀន​។​



ការ​សិក្សា​នឹង​បន្ត​ដឹកនាំ​
អ្នកសរសេរ​​​របាយការណ៍ខាង​លើ​នេះ​រួម​មាន​​លោក​ភួង ផាម -ប៉ាទ្រិក វាំងក៍ - មីសែល បាល់ថាហ្សាដ៍ -ហៀន សុខុម និ​ងអេរីក ស្តូវើ។​ ប្រសិនជា​មាន​ជំនួយ​គាំទ្រ​ថ្មី ពួកគេ​អាច​នឹង​ធ្វើការងារ​នេះ​ម្តង​ទៀត យ៉ាង​ហោច​ណាស់ ក្រោយ​ការ​ជំនុំជម្រះ​សវនាការ​បឋម និង​មុន​បញ្ចប់​ដំណើរការ​របស់តុលាការ។ គោល​បំណង​ គឺ​ផ្តល់​សម្លេង​ដល់​អ្នក​​នៅ​រស់​រាន​មាន​ជីវិត​ពី​ឧក្រិដ្ឋ​កម្ម​កាប់​សម្លាប់​នេះ និង​សិក្សា​អំពីអត្តចរិករបស់​ប្រជាជន​ចំពោះ​សន្តិភាព យុត្តិធម៌ និង​ការ​កសាង​សង្គម ព្រមទាំង​ណែនាំ​អ្នក​ដែល​ពាក់ព័ន្ធ​សំខាន់​ៗ អំពី​ដំណើរ​ការ​នីតិវិធី​តុលាការ ដោយ​បង្ហាញ​ពួកគេ​អំពី​តម្រូវការ​របស់​ប្រជាពលរដ្ឋទូទៅ​ ទៅតាម​សម័យ​​កាល​​ខុស​ៗគ្នា ព្រោះ​គំនិត​របស់ពួកគេមានការ​​វិវត្ត​ទៅមុខ​​។



អាន​បន្ថែម​នៅ​លើ​កាសែត

-សាលាក្តី​​ខ្មែរ​​ក្រហមៈ កំហឹង​របស់​ជន​រង​​គ្រោះ​កាន់​តែ​ខ្លាំង​ឡើង តាម​រយៈ​ជម្លោះ​​មួយ​​ជាមួយ​​មេធាវី​ការពារក្តី (០៥-១២-២០០៨)

-របប​ខ្មែរក្រហម​នៅ​កម្ពុជាៈ យុវជន​ខ្មែរ​ជឿ​ត្រឹម​តែ​៥០%​រឺ?​ (០៤-១១-២០០៨)
-សា​លា​ក្តី​ខ្មែរ​ក្រហមៈ វិធាន​ការ​សំណង​ជម្ងឺ​ចិត្ត​សម្រាប់​ជន​រង​គ្រោះ​ស្ថិត​នៅ​សភាព​ស្រពិច​ស្រពិល (១៥-១០-២០០៨)


2 អធិប្បាយ
ដោយ អនាមិក 2009-01-26 14:27:22
ជាការពឹតណាស់​ចំពោះអ្នករងគ្រោះដោយរបបខ្មែរក្រហម ។ គេ​មិន​អាច​ជឿ​ជាក់​បាន​ថា​​មាន​សេចក្តីយុត្តធម៍ ១០០% ចេញពី អ.វ.ត.ក នេះ​បាន​ឡើយ ។ បើ​ចង់​អោយ​មាន​យុត្តិធម៍​វា​ទាល់​តែ​ធ្វើ​នៅ​ក្រុង​ឡាអេ ដូច​អង្គ​ជុំនុំ​ជំរះ​ពី​រឿង​កាប់​សំឡាប់​នៅ​ប្រទេស ហ្វ្រង់​ដា(អាហ្វ្រីក) ។ រឿង​ដែល​សំខាន់​បំផុតគឺរឿង​អ្នក​ទទួល​ខុសត្រូវ​មិនមែន​កាត់​សេចក្តី​ត្រឹម​តែ​អ្នក ២ឬ៣ នាក់​នេះ​ទេ ។
ដោយ chao tooch 2009-01-27 10:16:05
*About khmer rouge regime [1975-79]
-When viet-cong vietnam Hanoi occupied my village near border Takeo province my family escaped to Phnom -penh town....since year 1970.
*When khmer rouge toke over Phnom-penh city from Mr Lon nol regime ...I was a student and I am an 18-19 years old.
*Afer khmer rouge soldiers Pushing khmer Phnom-penh by forces [April-17-75]from town to county....my family had unlucky and changed Life to living in Battembang province.
*Since year 1975....in Polpot regime...under communist rules...khmer nation changed from Good to so bad and ugly...special khmer Farmers=khmer rouge soldiers.
*In year 1979 [jan-7-79]...viet-cong-viet-nam Hanoi Army APPEARED in Cambodia again....but they came with uniforms soldiers Troops diifferent year 1970.They betrayed Promises...when they says...in that year [1970]...they Appeared in Cambodia for help king Sihanouk by put Mr Hun sen,chea sim,Heng samrin in POWER.[Jan-7-79]
*King Sihanouk so upset and Mad with his former friend[Viet-cong].So the revolution and Petriots WAR started again under foreigners country control and supported [china, viet-nam Hanoi and CIA].
*After over 10 years the WAR is the end and khmer Peoples DIE alot.
* After Over 30 years the KHMER Rouge TRIAL Begin. **** you...when you say...The khmer rouge Trial is FAIR.
*THE CONSEQUENCES and killing Field from khmer rouge regime cause from:
-CHINA 20 %.[Mistaked]
-VIET-CONG HANOI 20%.[ Set up PLANS and blamed Plans to khmer rouge regime].
-KING SIHANOUK 20%
-Crazy ideas from Polpot and his Teamates 20% [Mistaked]
-The revenge from khmer Poor peoples 20%.
***so the Lucky guys are Mr Hun sen,chea sim,heng samrin ect....The unlucky guys are me......My family and khmer Peoples living in Phnom-penh Town since year 1970-75.
CHAO TOOCH
ផ្តល់សេចត្តីអធិប្បាយ
អ៊ីមែល៖
 
ចំណងជើង៖
ឈ្មោះ៖
វ៊ិបសាយ៖
[b] [i] [u] [url] [quote] [code] [img] 
 
សូមបញ្ជូលកូតដែលលោក​អ្នកឃើញនៅក្នុងរូប ។ ចុចលើរូប​ដើម្បី​ប្តូររូ​ប ។

យើង​ខ្ញុំ​សូ​​មអរគុណ​ចំពោះ​អត្ថា​ធិប្បាយ​របស់​អស់​លោក​អ្នក ។ រាល់​អត្ថាធិប្បាយ​ទាំង​អស់​មិន​​ត្រូវ​​សរ​សេរ​អោយ​លើស​ពី​១៦​បន្ទាត់​ទ្បើយ ។ សូម​បញ្ជាក់ថា កាសែត​ មិនទទួលខុសត្រូវរាល់​អត្ថា​ធិប្បាយ​ណា​ដែល​បាន​ផ្សព្វផ្សាយ​នៅ​ក្នុង​​ផ្នែក អត្ថាធិប្បាយ ទ្បើយ។ រាល់អត្ថាធិប្បាយ​ទាំង​អស់​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​អ្នក​អាន មិន​​មែន​ជា​ទស្សនៈ​របស់​ផ្នែក​និពន្ធ​យើង​ទេ។ ចំពោះ​ព័ត៌​មាន​បន្ថែម​សូមទាក់​ទង​យើង​ខ្ញុំ​តាម​រយៈអ៊ីម៉ែល Cet e-mail est protégé contre les robots collecteurs de mails, votre navigateur doit accepter le Javascript pour le voir

3.26 Copyright (C) 2008 Compojoom.com / Copyright (C) 2007 Alain Georgette / Copyright (C) 2006 Frantisek Hliva. All rights reserved."

អត្ថបទបន្ថែម

ការ​សិក្សា​នឹង​បន្ត​ដឹកនាំ​
អ្នកសរសេរ​​​របាយការណ៍ខាង​លើ​នេះ​រួម​មាន​​លោក​ភួង ផាម -ប៉ាទ្រិក វាំងក៍ - មីសែល បាល់ថាហ្សាដ៍ -ហៀន សុខុម និ​ងអេរីក ស្តូវើ។​ ប្រសិនជា​មាន​ជំនួយ​គាំទ្រ​ថ្មី ពួកគេ​អាច​នឹង​ធ្វើការងារ​នេះ​ម្តង​ទៀត យ៉ាង​ហោច​ណាស់ ក្រោយ​ការ​ជំនុំជម្រះ​សវនាការ​បឋម និង​មុន​បញ្ចប់​ដំណើរការ​របស់តុលាការ។ គោល​បំណង​ គឺ​ផ្តល់​សម្លេង​ដល់​អ្នក​​នៅ​រស់​រាន​មាន​ជីវិត​ពី​ឧក្រិដ្ឋ​កម្ម​កាប់​ សម្លាប់​នេះ និង​សិក្សា​អំពីអត្តចរិករបស់​ប្រជាជន​ចំពោះ​សន្តិភាព យុត្តិធម៌ និង​ការ​កសាង​សង្គម ព្រមទាំង​ណែនាំ​អ្នក​ដែល​ពាក់ព័ន្ធ​សំខាន់​ៗ អំពី​ដំណើរ​ការ​នីតិវិធី​តុលាការ ដោយ​បង្ហាញ​ពួកគេ​អំពី​តម្រូវការ​របស់​ប្រជាពលរដ្ឋទូទៅ​ ទៅតាម​សម័យ​​កាល​​ខុស​ៗគ្នា ព្រោះ​គំនិត​របស់ពួកគេមានការ​​វិវត្ត​ទៅមុខ​​។


អាន​បន្ថែម​នៅ​លើ​កាសែត

-សាលាក្តី​​ខ្មែរ​​ក្រហមៈ កំហឹង​របស់​ជន​រង​​គ្រោះ​កាន់​តែ​ខ្លាំង​ឡើង តាម​រយៈ​ជម្លោះ​​មួយ​​ជាមួយ​​មេធាវី​ការពារក្តី (០៥-១២-២០០៨)

-របប​ខ្មែរក្រហម​នៅ​កម្ពុជាៈ យុវជន​ខ្មែរ​ជឿ​ត្រឹម​តែ​៥០%​រឺ?​ (០៤-១១-២០០៨)
-សា​លា​ក្តី​ខ្មែរ​ក្រហមៈ វិធាន​ការ​សំណង​ជម្ងឺ​ចិត្ត​សម្រាប់​ជន​រង​គ្រោះ​ស្ថិត​នៅ​សភាព​ស្រពិច​ស្រពិល (១៥-១០-២០០៨)

 
Empower your lifestyle with BlackBerry from Hello
 

 
 
ដំណឹងថ្មីៗ