កា​សែត​គឺ​ជា​វ៉ិប​សាយ​ព័ត៌​មាន​ឯក​រាជ្យ​ដែល​ចេញ​ផ្សាយ​ប្រ​ចាំ​ថ្ងៃ​ជា​ភាសាខ្មែរ ​បា​រាំង និងអង់គ្លេស ​ស្តី​អំ​ពី​ប្រទេស​កម្ពុជា​និង​ប្រ​ជា​ជន​កម្ពុជា​នៅ​ក្រៅ​ប្រទេស ។
Installing Khmer Unicode
Bookmark and Share

ទទួល​ព័ត៌​មាន​




 
ពិធី​រំលឹក​ខួបឃាតកម្ម​លើ​រូប​លោក​ជា វិជ្ជាៈ លោក​ហុក ឡងឌី ត្រូវ​បាន​អ្នក​ចូល​រួម​មួយ​ចំនួន​ចោទ​ប្រកាន់
ដោយ ដួង សុខា   
បោះពុម្ភ ផ្ញើអត្ថបទ​តាម​ Email
២២-០១-២០០៩

ភ្នំពេញ (កម្ពុជា) ថ្ងៃទី​២២ មករា ២០០៩៖ លោក​ជា​ មុនី មេដឹកនាំ​សហជីព នៅក្នុង​ពិធី​គោរព​វិញ្ញាណក្ខន្ធ​លោក​ជា វិជ្ជា
© ចន វីង / Magnum


កម្មករ សហជីព សកម្ម​ជន​​ការពារ​សិទ្ធិមនុស្ស តំណាង​រាស្រ្ត​គណបក្ស​ប្រឆាំង ប្រមាណ​ជាង​២០០នាក់ បាន​ជួប​ជុំ​គ្នា​នៅថ្ងៃ​ព្រហស្បតិ៍ ទី​២២ ខែមករា នៅ​ទីស្នាក់ការ​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នាទីក្រុង​ភ្នំពេញ ដើម្បី​ប្រារព្ធ​ខួប​គម្រប់​៥​ឆ្នាំ នៃ​ឃាតកម្ម​លើ​រូប​លោក​ជា វិជ្ជា អតីត​មេដឹក​នាំ​សហជីពនិងជា​វីរជន​ដ៏​​អង់​អាច​ក្លាហាន​ក្នុងការ​ទាម​ទារ​សិទ្ធិ​​សេរីភាព និង​លក្ខខណ្ឌ​ការងារ​ជូន​កម្មករ។​ ​ជាពិសេស​លោក​បាន​ចូល​រួម​យ៉ាង​សកម្ម​ក្នុង​ការ​​ជម្រុញ​អោយ​មានការ​គោរព​សិទ្ធិ​មនុស្ស​ និង​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។​ នៅ​ក្នុង​ពិធី​​គោរព​វិញ្ញាណក្ខន្ធ​នេះ មាន​វត្តមាន​របស់​លោក​ប៊ន សំណាង​ ដែល​ជា​មនុស្ស​ម្នាក់​ក្នុង​ចំណោម​ជន​ជាប់​ចោទ​​ពី​រ​នាក់​ពីបទ​ឃាតកម្មលើ​រូប​លោក​ជា វិជ្ជា ដែល​ត្រូវ​បាន​ដោះលែង​នៅក្រៅ​ឃុំ​បណ្តោះអាសន្ន​កាល​ពី​ថ្ងៃទី​៣១ ខែធ្នូ បន្ទាប់​ពី​​បាន​ជាប់​ពន្ធនាគារ​​អស់​រយៈ​ពេល​ជិត​៥​ឆ្នាំ​មក។​ នៅ​ក្នុង​សុន្ទរកថា​​ផ្សេងៗ ​អ្នក​ចូល​រួម​​បាន​អំពាវ​នាវ​សុំអោយ​វែក​មុខ​និង​ផ្តន្ទាទោស​ឃាតក​ពិត​ប្រាកដ​ ​ហើយ​ប្រកាស​​​ចោទ​ប្រកាន់​​​លោក​ហុក ឡងឌី អតីត​មេនគរបាល​​​​កម្ពុជា ដែល​បានបាត់​បង់​ជីវិត​នៅ​ក្នុង​គ្រោះថ្នាក់​ធ្លាក់​ឧទ្ធម្ភាគចក្រ​​មួយ កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០០៨។

 

ស្នើសុំ​គោរម​ងារ​ជា «វីរជន​កម្មករ» ដល់​លោ​ក​ ជា វិជ្ជា​
លោក​ជា មុនី ប្អូន​ប្រុស​របស់​លោក​ជា វិជ្ជា និងជា​​​មេដឹកនាំ​សហជីព​បន្ត​ពី​បង​ប្រុស លោក​រ៉ុង ឈុន មិត្ត​ភក្តិ​របស់​លោក​ជា វិជ្ជា និង​ជា​ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ លោក​សម រង្ស៊ី និង​លោក​កឹម សុខា មេដឹក​នាំ​គណបក្ស​ប្រឆាំង​កម្ពុជា ព្រម​ទាំង​តំណាងរាស្រ្ត​គណបក្ស​ប្រឆាំង​ បាន​ដើរ​នាំ​មុខ​ក្បួន​ដង្ហែ ដែលដើរ​រហូត​ដល់​ម្តុំ​តូប​លក់​កាសែត ក្បែរ​វត្ត​លង្កា ដែល​ជា​កន្លែង​ «វីរជន»​របស់​ពួកគេ ត្រូវ​បាន​ជន​​​មិន​ស្គាល់​មុខ​​បាញ់​​សម្លាប់​ កាល​ពី​ថ្ងៃទី​២២ ខែមករា ឆ្នាំ​២០០៤។ នៅ​ទីនោះ បន្ទាប់​ពី​បាន​ដាក់​​កម្រង​ផ្កា​នៅលើ​ដី អ្នក​ចូល​រួមទាំង​អស់​​បាន​​នាំ​គ្នា​អុជ​ធូប​​គោរព​វិញ្ញាណ​ក្ខន្ធ​​សព​លោក​ជា វិជ្ជា​។​ ចាប់​តាំង​ពី​ឆ្នាំ​២០០៥​មក ការ​រៀប​ចំ​ពិធី​ដាក់​កម្រងផ្កា​គោរព​វិញ្ញាណក្ខន្ធ​នេះ​តែង​តែ​ត្រូវ​បាន​រៀប​ចំ​ធ្វើ​ជា​រៀង​រាល់​ឆ្នាំ តាម​គំនិត​ផ្តួច​ផ្តើម​​របស់​លោកជា​ មុនី និង​លោក​រ៉ុង ឈុន ​ដោយ​ទទួល​បាន​​​​ការ​អនុញ្ញាត​ពី​អាជ្ញាធរ​ក្រុង​។​

អ្នក​ចូល​រួម​បាន​ធ្វើការ​ស្នើសុំ​ជា​ថ្មី​ម្តង​ទៀត ទៅកាន់​រដ្ឋាភិបាល​កម្ពុជា និង​ព្រះមហាក្សត្រ​នរោត្តម សីហមុនី សូម​ព្រះរាជានុញ្ញាត​ប្រទាន​នូវ​គោរម​ងារ​ជា «វីរជន​កម្មករ» ដើម្បី​ជាការ​រំលឹក​​ដល់​គុណូបការៈដ៏​ថ្លៃថ្លា​ដែល​មិន​អាច​បំភ្លេច​បាន​ចំពោះ​លោក​ជា វិជ្ជា។​ អ្នក​ចូល​រួម​ទាំង​​នោះ​បាន​ផ្តល់គោរម​ងារ​ជា​វីរជន​កម្មករ​ដល់​លោក​ជា វិជ្ជា រួច​ទៅហើយ តាម​រយៈ​ការ​សរសេរ​អក្សរ​នៅ​ក្រោម​រូប​ថត​របស់​លោក​ជា វិជ្ជា បោះ​ពុម្ព​នៅ​ខាង​ក្រោយ​ខ្នង​អាវ​យឺត​ ដែល​​ពួកគេ​បាន​ពាក់​ចូល​រួម​ពិធី​នេះ។​ លោក​រ៉ុង ឈុន អ្នក​រៀប​ចំពិធី​​បាន​ធ្វើ​ការ​ស្នើ​សុំ​ជា​ថ្មី​ថា រូ​ប​សំណាក​​របស់​លោក​ជា វិជ្ជា ​ត្រូវតែ​​សាង​សង់​នៅ​ចំណុច​ផ្លូវ​ប្រសព្វ​​រវាង​ផ្លូវ​ប៉ាស្ទ័រ និង​មហាវិថីព្រះ​សីហនុ ពោល​គឺ​នៅ​ចម្ងាយ​ពី​កន្លែង​កើត​ហេតុការណ៍​ឃាតកម្ម​នេះ។​

វែក​មុខ «ឃាតកពិត​ប្រាកដ»
លោក​ប៊ន សំណាង​ គឺជា​អ្នក​ថ្លែង​សុន្ទរកថា​មុន​គេ​បង្អស់​។ លោក​មាន​សភាព​ស្រងូត​​ស្រងាត់ និង​ភិត​ភ័យ​បន្តិច​បន្តួច ដោយ​ស្ថិត​នៅ​មិន​ឆ្ងាយ​​ពី​ម្តាយ​របស់​គាត់​ ទោះ​បី​ជា​គាត់​អះអាង​ថា​មិន​ខ្លាច​ក៏​​ដោយ។ លោក​បាន​ប្រកាស​ថា «​ថ្ងៃ​នេះ ខ្ញុំ​ចង់​បង្ហាញ​ខ្លួន​អោយ​បង​ប្អូន​ដឹង​ថា​ខ្ញុំ​នៅ​ក្រៅ​ឃុំ​ហើយ។ ខ្ញុំ​សង្ឃឹម​ថា​នៅ​ថ្ងៃ​ខាង​មុខ តុលាការ​នឹង​លើក​លែង​ការ​ចោទ​ប្រកាន់​មក​លើ​ខ្ញុំ​ទាំង​ស្រុង ព្រោះ​ខ្ញុំ​មិន​បាន​សម្លាប់​លោក​ជា វិជ្ជា ទេ។ ខ្ញុំ​ជា​មនុស្ស​បរិសុទ្ធ។ លោក​ក៏​បាន​ថ្លែង​អំណរគុណ​យ៉ាង​ជ្រាល​ជ្រៅ​ដល់​គ្រួសារ​របស់​លោក​ជា វិជ្ជា ជា​ពិសេស​ប្អូន​ និង​ប្រពន្ធ​គាត់ (ជា វិជ្ជា)​ ដែល​តែង​តែ​ទាម​ទារ​អោយ​ដោះ​លែងរូប​គាត់​។  ចំណែក​​​ឪពុក​របស់​​លោ​ក​សុខ សំអឿន(​ជនជាប់​ចោទ​មួយ​រូប​ទៀត) បាន​អោយ​ដឹង​ថា​កូន​ប្រុស​របស់​គាត់​​មិន​មាន​វត្តមានចូល​រួម​​នៅ​ថ្ងៃនេះ​​ទេ ព្រោះ​គេ​​​បាន​បួស​​ជា​ព្រះសង្ឃ​ទៅ​ហើយ​​។ ឪពុក​លោក​សុខ​​ សំអឿន បាន​មាន​ប្រសាសន៍​យ៉ាង​ខ្លី​ ដើម្បី​ថ្លែង​អំណរគុណ​ចំពោះ​​តុលាការ​កំពូល ដែល​បាន​ផ្តល់​យុត្តិធម៌​ជូន​លោក​ប៊ន សំណាង និង​កូន​ប្រុស​របស់​គាត់​។

ដោយ​ឡែក លោក​អ៊ូ វីរៈ ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា បានគូស​បញ្ជាក់​ថា «ឃាតកម្ម​នេះ​មិនទាន់​បាន​រក​យុត្តិធម៌​ជូន​ដល់​ក្រុម​គ្រួសារ​សព​ និង​​ កម្មករ​ កម្មការិនី​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ទេ។ ខ្ញុំ​អំពាវ​នាវ​ដល់​រដ្ឋាភិបាល​សុំ​វែក​មុខ​រក​ឃាតក​ពិត​ប្រាកដ​អោយ​បាន ដើម្បី​ផ្ញើ​សារដល់​ប្រទេស​ទាំង​មូល​ថា​ប្រទេស​កម្ពុជា​មិន​អនុញ្ញាត​អោយ​មាន​ការ​សម្លាប់​​​អ្នក​ដឹក​នាំ​កម្មករ​បែប​នេះ​ និ​ងនិទណ្ឌភាព​ទេ»។​ ចំណែក​លោក​ជា​ មុនី លោក​កឹម សុខា និង​លោក​សម រង្ស៊ី​ ក៏បាន​ធ្វើការ​​អំពាវ​នាវ​បែប​នេះ​ផង​ដែរ។​

អ្នក​ចូល​រួម​សំខាន់ៗ៖ លោក​ «ហុក ឡងឌី» និង​ «អ្នក​នៅ​ពីលើគាត់»
លោក​ជា មុនី បាន​ឡើង​ឈរ​លើកៅអី ដោយ​ប្រកាស​​ក្តែង​ៗថា «លោក​ហេង ពៅ កាល​នៅ​ជា​​​ស្នង​ការរង​​នគរបាលរាជធានី​ភ្នំពេញ​​ ទទួល​បន្ទុក​ស៊ើប​អង្កេត​​​​សំណុំ​រឿង​​ក្តី​លោក​ជា វិជ្ជា បាន​ឆ្លើយ​បំភ្លឺនៅ​ចំពោះ​មុខ​តុលាការ​ក្រុងភ្នំពេញ​ថា ប៊ន សំណាង និង​សុខ សំអឿន មិន​មែន​​ជា​ឃាតក​ទេ ហើយ​អ្នក​ដែល​នៅ​ពី​ក្រោយ​ខ្នង​គឺ​លោក​ហុក ឡងឌី។ ឥឡូវ​លោក​ហុក ឡង​ឌី​ស្លាប់​ទៅហើយ។ រដ្ឋាភិបាល​បាន​ផ្លាស់​ប្តូរ​បន្តិច​ ជាក់​ស្តែង បុរស​ទាំង​ពីរ​នេះ​ត្រូវ​បាន​ដោះ​លែង​អោយ​នៅ​​ក្រៅ​ឃុំ​បណ្តោះ​អាសន្ន​ និង​សំណុំ​រឿងក្តី​នេះ​ត្រូវ​បាន​បង្វិល​មក​សាលា​​ឧទ្ធរណ៍ […]។ បច្ចុប្ប​ន្ន ដោយ​សារ​ប្រព័ន្ធ​យុត្តិធម៌នៅ​ស្រុក​យើង​មិន​ឯករាជ្យ ធ្វើ​អោយ​ប៉ូលីស ទាហាន​ ​មិនអាច​​ប្រើ​សិទ្ធិ​និង​វិជ្ជាជីវៈ​របស់​ខ្លួន ​ក្នុងការ​ស្វែង​រក​​ឃាតក​​ពិត​បាន»។​

សម្រាប់​លោក​សម រង្ស៊ី «អស់រយៈ​ពេល​៥​ឆ្នាំ​​ហើយ ដែល​រដ្ឋាភិបាល​នៅ​តែ​មិន​បង្ហាញ​ឆន្ទៈ​ធ្វើ​ការ​ផ្តន្ទាទោស​ឃាតក​ពិតប្រាដក»។ «ខ្ញុំ​សង្ឃឹម​ថា​ឆ្នាំ​ក្រោយ ថ្ងៃទី​២២ មករា ២០១០ នៅ​ពេល​យើង​មក​ទីនេះ​ម្តង​ទៀត ពេល​នោះ​សភាការណ៍​នឹង​ប្រែ​ប្រួល។ ពេល​នោះ​​ឧក្រិដ្ឋជន​​​និង​បក្ស​ពួក ច្បាស់​ជា​ត្រូវ​បាន​វែក​មុខ និង​ផ្តន្ទាទោស​​​តាម​ច្បាប់​។​ យើង​រីករាយ​ពេល​ដែល​ប៊ន សំណាង​ និង​សុខ​ សំអឿន​ត្រូវ​បាន​ដោះ​លែង នេះ​ជា​ជំហាន​ទី​១»។ ដោយឡើង​ឈរ​​លើកៅអីដែរ​នោះ​ មេដឹកនាំ​គណបក្ស​ប្រឆាំង​រូប​នេះ​បាន​ប្រកាស​ថា «ហុក ឡង​ឌី ស្លាប់​ មិន​គ្រប់​គ្រាន់​ទេ ត្រូវ​តែ​វែក​មុខ​អ្នក​នៅ​ពី​លើ​គាត់​ កុំ​ឆ្លើយ​ដាក់​លោក​ហុក ឡងឌី តែ​ម្នាក់​ឯង។ រឿង​នេះ​​ធំណាស់ សម្លាប់​លោកជា វិជ្ជា ម្នាក់​ឯង​មិន​មែន​ហុក ឡង​ឌី​ម្នាក់​ឯង​ផ្តួច​ផ្តើម​គំនិត​ទេ បើ​​គ្មាន​អ្នក​នៅ​ពីលើគាត់​»។​

ចំណែក​លោក​កៀត ច័ន្ទ​ថារិទ្ធិ អ្នក​នាំ​ពាក្យ​នគរបាល​ជាតិ មិន​ពេញចិត្ត​ចំពោះ​ការ​វាយ​ប្រហារ​ទាំង​នេះ​ឡើយ។ ដោយ​មាន​ប្រតិកម្ម លោក​បាន​ពន្យល់​តាម​ទូរស័ព្ទ​ថា «​ការ​ចោទ​ប្រកាន់​បែបនេះ ​​ត្រូវ​មាន​ភស្តុតាង! គេ​មិនអាច​ចោទ​ប្រកាន់​ផ្តេស​ផ្តាស​បានឡើយ ព្រោះ​វា​ធ្វើ​អោយ​ប៉ះពាល់​កិត្តិយស និង​សិទ្ធិ​របស់​អ្នក​ដទៃ»។​



អានបន្ថែមលើកាសែត

-គណបក្ស ​សម​ រង្ស៊ី​ និង​គណបក្ស​សិទ្ធិ​មនុស្សទាម​ទារយុត្តិធម៌​ជូនសពលោក​ជា វិជ្ជា និង​ទូល​​ថ្វាយ​ជា​​ថ្មី​​ម្តង​​ទៀត​ដល់​ព្រះ​មហាក្សត្រ​​កម្ពុជាប្រទាន​នូវ​គោរមងារ «វីរជន​កម្មករ»​ ដល់លោក (២០-០១-២០០៩)
-លោក​ប្រែដលី កុស ផលិតករ​ភាព​យន្ត​អាមេរិក​ថត​ភាព​យន្ត​ឯកសារ​ស្តីពី​លោក ជា វិជ្ជា​ (១៩-០១-២០០៩)
-ប៊ន សំណាង​និង​សុខ សំអឿន​ត្រូវ​បាន​​ដោះ​លែង​បណ្តោះអាសន្នៈ ជោគ​ជ័យ​នៃប្រព័ន្ធ​​យុត្តិធម៌​នៅ​កម្ពុជា​ (៣១-១២-២០០៨)
-លោកហុក ឡងឌី អគ្គ​ស្នង​ការ​នគរបាល​ជាតិ​ បាន​បាត់​បង់​ជីវិត​នៅ​ក្នុង​គ្រោះ​ថ្នាក់​ឧទ្ធម្ភាគចក្រ​ (១០-១១-២០០៨)
 

 


0 អធិប្បាយ
ផ្តល់សេចត្តីអធិប្បាយ
អ៊ីមែល៖
 
ចំណងជើង៖
ឈ្មោះ៖
វ៊ិបសាយ៖
[b] [i] [u] [url] [quote] [code] [img] 
 
សូមបញ្ជូលកូតដែលលោក​អ្នកឃើញនៅក្នុងរូប ។ ចុចលើរូប​ដើម្បី​ប្តូររូ​ប ។

យើង​ខ្ញុំ​សូ​​មអរគុណ​ចំពោះ​អត្ថា​ធិប្បាយ​របស់​អស់​លោក​អ្នក ។ រាល់​អត្ថាធិប្បាយ​ទាំង​អស់​មិន​​ត្រូវ​​សរ​សេរ​អោយ​លើស​ពី​១៦​បន្ទាត់​ទ្បើយ ។ សូម​បញ្ជាក់ថា កាសែត​ មិនទទួលខុសត្រូវរាល់​អត្ថា​ធិប្បាយ​ណា​ដែល​បាន​ផ្សព្វផ្សាយ​នៅ​ក្នុង​​ផ្នែក អត្ថាធិប្បាយ ទ្បើយ។ រាល់អត្ថាធិប្បាយ​ទាំង​អស់​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​អ្នក​អាន មិន​​មែន​ជា​ទស្សនៈ​របស់​ផ្នែក​និពន្ធ​យើង​ទេ។ ចំពោះ​ព័ត៌​មាន​បន្ថែម​សូមទាក់​ទង​យើង​ខ្ញុំ​តាម​រយៈអ៊ីម៉ែល Cet e-mail est protégé contre les robots collecteurs de mails, votre navigateur doit accepter le Javascript pour le voir

3.26 Copyright (C) 2008 Compojoom.com / Copyright (C) 2007 Alain Georgette / Copyright (C) 2006 Frantisek Hliva. All rights reserved."

 
Empower your lifestyle with BlackBerry from Hello
 

 
 
ដំណឹងថ្មីៗ