|
អធិប្បាយចុងក្រោយ
|
| អង្គការឃ្លាំមើលសិទ្ធិមនុស្សបរិហារអំពីការរំលោភសិទ្ធិប្រជាពលរដ្ឋនៅកម្ពុជាក្រោម |
| ដោយ ស្ទេហ្វានី ហ្សេ | | | ២២-០១-២០០៩ | ភ្នំពេញ (កម្ពុជា) ថ្ងៃទី៤ មិថុនា ២០០៣៖ លោកថាច សេដ្ឋា សមាជិកគណបក្សសម រង្ស៊ី នៅក្នុងពិធីមួយ ដែលឧបត្ថម្ភគាំទ្រដោយសម្តេចនរោត្តម សីហនុ ដើម្បីរំលឹកអំពីការបាត់បង់កម្ពុជាក្រោម អោយទៅប្រទេសវៀតណាម ©ចន វីង / Magnum នៅក្នុងរបាយការណ៍មួយដែលមានចំណងជើង «ការរំលោភសិទ្ធិជាតិពន្ធុខ្មែរនៅតំបន់ដីសណ្តទន្លេមេគង្គនៃប្រទេសវៀតណាម» អង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch) បានធ្វើការបរិហារថាខ្មែរក្រោម ដែលជាប្រជាជនកម្ពុជាកើតនៅតំបន់ដីសណ្តទន្លេមេគង្គនៅកម្ពុជាក្រោមនៃប្រទេសវៀតណាម ដែលកាលពីមុន ជាទឹកដីរបស់ប្រទេសកម្ពុជា តែងតែទទួលរងនូវការគាបសង្កត់ឥតឈប់ឈរពីសំណាក់អាជ្ញាធរវៀតណាម ដូចជាការចាប់ខ្លួន ចាប់ឃុំឃាំង រឺចាប់បង្ខាំងនៅក្នុងផ្ទះជាដើម ចាប់តាំងពួកគេព្យាយាមបញ្ចេញមតិដោយសន្តិវិធីខាងជំនឿសាសនា និងនយោបាយ។ ព្រះសង្ឃខ្មែរក្រោម គឺជាគោលដៅទីមួយ របស់អាជ្ញាធរវៀតណាម «ដំបូង ប៉ូលីសចោទសួរខ្ញុំជារៀងរាល់ថ្ងៃ បន្ទាប់មក ពីរបីលើកក្នុងមួយសប្តាហ៍។ ជួនកាល គេសួរខ្ញុំ តាំងពីព្រឹក រហូតដល់ម៉ោង១០យប់។ គេមិនអនុញ្ញាតអោយខ្ញុំមកផ្ទះវិញទេ […]។ ពួកគេយកបាតដៃរបស់គេមកទះផ្នែកខាងក្រោយក្បាលខ្ញុំ ហើយវាយខ្ញុំជាមួយដុំរមូរក្រដាស។ ពួកគេសួរសំណួរមកខ្ញុំជាច្រើន និងព្យាយាមបំភ័យខ្ញុំដោយការបង្ហាញខ្នោះដៃ[…]។ ពួកគេបានសរសេរលិខិតឆ្លើយសារភាពទុកជាស្រេច។ ពួកគេបង្ខំខ្ញុំអោយឆ្លើយតាមអ្វីដែលពួកគេបានសរសេរ។ បើមិនអញ្ជឹងទេ ពួកគេមិនអនុញ្ញាតអោយខ្ញុំហូបអាហារ រឺត្រឡប់ទៅផ្ទះទេ។ ខ្ញុំមិនប្រឆាំងរដ្ឋាភិបាលវៀតណាមទេ។ ខ្ញុំគោរពតាមច្បាប់វៀតណាម។ ប៉ុន្តែ ពួកគេនិយាយថាខ្ញុំមិនស្មោះត្រង់នឹងជាតិ»។
នេះជាសំដីរបស់ភិក្ខុខ្មែរក្រោមមួយអង្គ ដែលត្រូវបានដកស្រង់ដោយអង្គការឃ្លាំមើលសិទ្ធិមនុស្ស។ ព្រះសង្ឃអង្គនេះត្រូវបានចាប់ផឹក និងចាប់ដាក់ឃុំក្នុងផ្ទះ បន្ទាប់ពីចូលរួមតវ៉ាដោយសន្តិវិធី នៅខេត្តឃ្លាំង កាលពីឆ្នាំ២០០៧។ តើព្រះសង្ឃទាំងនោះទាមទារអ្វី? របាយការណ៍បានរៀបរាប់ថា «អ្នកតវ៉ាបានទាមទារសុំអោយមានសេរីភាពខាងសាសនាទូលំទូលាយជាងមុន និងអោយមានការអប់រំភាសាខ្មែរថែមទៀត»។ ទោះបីជាការតវ៉ាធ្វើឡើងដោយសន្តិវិធី និងមានរយៈពេលត្រឹមតែពីរបីម៉ោងក៍ដោយ ក៏រដ្ឋាភិបាលវៀតណាមបានប្រតិកម្មយ៉ាងខ្លាំង។ របាយការណ៍បានបន្ថែមទៀតថា «ប៉ូលីសបានឡោមព័ន្ធវត្តរបស់ព្រះសង្ឃដែលគេសង្ស័យថាបានដឹកនាំការតវ៉ានេះ។ អាជ្ញាធរមូលដ្ឋាននិងមន្រ្តី សង្ឃដែលតែងតាំងដោយរដ្ឋាភិបាល បានចាប់ផ្សឹកព្រះសង្ឃជាបន្តបន្ទាប់ យ៉ាងហោចណាស់២០អង្គដែរ និងបានបណ្តេញព្រះសង្ឃ២៥អង្គផ្សេងទៀតចេញពីសាលាបាលីក្នុងខេត្តឃ្លាំង។ អាជ្ញាធរបានបញ្ជូនព្រះសង្ឃត្រឡប់ទៅភូមិកំណើតវិញ និងដាក់ឃុំនៅក្នុងផ្ទះ រឺស្ថិតក្រោមការឃុំឃាំងរបស់ប៉ូលីស ដោយគ្មានដីកាចាប់ខ្លួន រឺដោយគ្មានការបញ្ជាក់ពីបទចោទប្រកាន់ប្រឆាំងនឹងព្រះសង្ឃទាំងនោះឡើយ។ នៅអំឡុងពេលសាកសួរ ប៉ូលីសបានវាយព្រះសង្ឃមួយចំនួន»។ អង្គការការពារសិទ្ធិមនុស្សនេះបានគូសបញ្ជាក់ថា «នៅខែឧសភា ឆ្នាំ២០០៧ តុលាការខេត្តឃ្លាំង បានកាត់ទោសព្រះសង្ឃប្រាំអង្គ ពីបទធ្វើអោយខូចសណ្តាប់ធ្នាប់ចរាចរណ៍ និងវិនិច្ឆ័យទោសព្រះអង្គទាំងនោះអោយជាប់ពន្ធនាគាររយៈពេលពី២ ទៅ៤ឆ្នាំ»។
នយោបាយមួយ ដែលកើតចេញពីគណបក្សកុម្មុយនីស្ត អង្គការដែលមានទីស្នាក់ការនៅទីក្រុងញូយ៉កនេះបានអំពាវនាវដល់រដ្ឋាភិបាលវៀតណាម អោយ«ដោះលែងជាបន្ទាន់ នូវព្រះសង្ឃនិងសកម្មជនសិទ្ធិដីធ្លីខ្មែរក្រោម ដែលស្ថិតនៅក្នុងពន្ធនាគារ រឺស្ថិតក្រោមការឃុំឃាំងនៅក្នុងផ្ទះនៅក្នុងប្រទេសវៀតណាម ដោយសារការបញ្ចេញមតិដោយសន្តិវិធី»។ អង្គការក៏បានសំដែងការសោកស្តាយផងដែរថារដ្ឋាភិបាលក្រុងហាណូយត្រួតត្រាយ៉ាងតឹងរឹងលើព្រះពុទ្ធសាសនានិយមទេវតាដែលប្រតិបត្តិដោយខ្មែរក្រោម និងជាមូលដ្ឋានគ្រឹះនៃអត្តសញ្ញាណនៃជាតិពន្ធុរបស់ពួកគេ»។
លោកប្រាដ អាដាំ (Brad Adams) នាយកអង្គការសិទ្ធិមនុស្ស ប្រចាំទ្វីបអាស៊ីមានប្រសាសន៍ណែនាំថា «ប្រតិកម្មរបស់រដ្ឋាភិបាលវៀតណាម ចំពោះការតវ៉ាដោយសន្តិវិធីរបស់ខ្មែរក្រោម បង្ហាញនូវវិធីសាស្រ្តតឹងរឹង និងមិនផ្សាយអោយដឹងជាញឹកញយ ដែលប្រទេសនេះប្រើ ដើម្បីបំបិទម៉ាត់អ្នកខ្វែងគំនិត។ រដ្ឋាភិបាលគួរតែព្យាយាមជជែកសន្ទនាជាមួយខ្មែរក្រោម ជាជាងចាប់ព្រះសង្ឃទាំងនោះដាក់ពន្ធនាគារ»។
ខ្មែរក្រោមក៏ជាកម្មវត្ថុនៃការគាបសង្កត់នៅកម្ពុជាផងដែរ អ្នកសង្កេតការណ៍នៃអង្គការឃ្លាំមើលសិទ្ធិមនុស្សបានសរសេរ[របាយការណ៍មួយ http://www.hrw.org/en/news/2009/01/21/vietnam-halt-abuses-ethnic-khmer-mekong-delta (ភាសាអង់គ្លេស)] ចំនួន១២៥ទំព័រ ស្តីពីការរំលោភសិទ្ធិជាតិពន្ធុខ្មែរក្រោម នៅប្រទេសវៀតណាមខាងត្បូង និងការរំលោភបំពានសិទ្ធិនៅប្រទេសកម្ពុជា ប្រឆាំងនឹងខ្មែរក្រោម ដែលបានរត់ភៀសខ្លួនចូលមកកាន់ប្រទេសនេះ។ ទោះបីជារដ្ឋាភិបាលកម្ពុជាបានថ្លែងម្តងហើយម្តងទៀតដោយចាត់ទុកខ្មែរក្រោមជាប្រជាពលរដ្ឋកម្ពុជាក៏ដោយ ក៏អាជ្ញាធរកម្ពុជា «តែងតែប្រតិកម្មយ៉ាងខ្លាំង នៅខណៈពេលដែលខ្មែរក្រោម ក្លាយជាគ្រឿងដ៏គ្រោះរបស់រដ្ឋាភិបាលវៀតណាម ដែលជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធិរបស់ខ្លួន»។ របាយការណ៍បានគូសបញ្ជាក់ថា «នៅឆ្នាំ២០០៧ ប៉ូលីសកម្ពុជាប្រើកម្លាំងបំបែកដោយបង្ខំលើការតវ៉ាបន្តបន្ទាប់នៅក្នុងរាជធានីភ្នំពេញ ដែលធ្វើឡើងដោយព្រះសង្ឃខ្មែរក្រោម ដែលបានបរិហារអំពីការរំលោភសិទ្ធិពួកគេនៅប្រទេសវៀតណាម»។
របាយការណ៍ក៏បានរៀបរាប់ហេតុការណ៍ផ្សេងទៀត ដែលឆ្លុះបង្ហាញអោយឃើញអំពីគោលជំហររដ្ឋាភិបាលកម្ពុជា ចំពោះខ្មែរក្រោម ដោយផ្តោតការយកចិត្តទុកដាក់រក្សាទំនាក់ទំនងល្អជាមួយដៃគូវៀតណាម។ «នៅខែកុម្ភៈ ឆ្នាំ២០០៧ ព្រះសង្ឃខ្មែរក្រោម ព្រះនាម អៀង សុខធឿន ត្រូវបានគេធ្វើគត់ ក្នុងកាលៈទេសៈគួរអោយសង្ស័យ បន្ទាប់ព្រះតេជគុណបានចូលរួមក្នុងការតវ៉ាមួយ នៅរាជធានីភ្នំពេញ។ នៅខែមិថុនា ឆ្នាំ២០០៧ អាជ្ញាធរកម្ពុជាបានចាប់ផ្សឹក និងនិរទេសសកម្មជនព្រះសង្ឃខ្មែរក្រោមមួយអង្គ ព្រះនាមទឹម សាខន ដែលត្រូវបានគេវិនិច្ឆ័យទោស ដាក់គុករយៈពេលមួយឆ្នាំនៅក្នុងប្រទេសវៀតណាម។
របាយការណ៍បានបន្ថែមទៀតថា «ប្រជាពលរដ្ឋកម្ពុជាបានចាត់ទុកពួកគេជាជាតិពន្ធុវៀតណាម នាំអោយខ្មែរក្រោមជាច្រើននៅកម្ពុជាប្រឈមមុខនឹងការរើសអើងខាងសេដ្ឋកិច្ច និងសង្គម និងឧបសគ្គមិនចាំបាច់ ក្នុងការដាក់ពួកគេអោយមានឋានៈត្រឹមត្រូវតាមច្បាប់។
អង្គការឃ្លាំមើលសិទ្ធិមនុស្សបានបញ្ជាក់ថា «ចាប់តាំងពីកើតមានបាតុកម្មរបស់ព្រះសង្ឃនិងកសិករខ្មែរក្រោម កាលពីឆ្នាំ២០០៧-២០០៨មក នៅតំបន់ដីសណ្តរទន្លេមេគង្គ បរិយាកាសកាន់តែតានតឹង ការបង្រ្កាបត្រូវបានពង្រឹងបន្ថែមទៀត។ លោកប្រាដអាដាំបានគូសបញ្ជាក់ថា «ការកាប់សម្លាប់ ការដាក់គុក និងការផ្សឹកព្រះសង្ឃខ្មែរក្រោម បញ្ជូននូវសារដ៏រន្ធត់មួយទៅសកម្មជនខ្មែរក្រោម ទាំងនៅក្នុងប្រទេសកម្ពុជា និងប្រទេសវៀតណាម។ ក្រុមជាតិពន្ធុមួយ ដែលស្ថិតនៅក្រោមការការពាររបស់ប្រទេសពីរ តាមពិតទៅបែរជាអត់បានទទួលការការពារពីប្រទេសទាំងពីរទៅវិញ»។
អានបន្ថែមលើវិបសាយកាសែត
-ការប្រារព្ធខួបថ្ងៃ៤-៥មិថុនា គឺជាការរក្សារឿង ប្រឌិតមួយ (០៤-០៦-២០០៨) -អង្គការឃ្លាំមើលសិទ្ធិមនុស្សៈ តើព្រះសង្ឃខ្មែរក្រោម ទឹម សាខន គង់នៅឯណា? (០៣-០៧-២០០៨)
|
|
|