កា​សែត​គឺ​ជា​វ៉ិប​សាយ​ព័ត៌​មាន​ឯក​រាជ្យ​ដែល​ចេញ​ផ្សាយ​ប្រ​ចាំ​ថ្ងៃ​ជា​ភាសាខ្មែរ ​បា​រាំង និងអង់គ្លេស ​ស្តី​អំ​ពី​ប្រទេស​កម្ពុជា​និង​ប្រ​ជា​ជន​កម្ពុជា​នៅ​ក្រៅ​ប្រទេស ។
Installing Khmer Unicode
Bookmark and Share

ទទួល​ព័ត៌​មាន​




 
ជម្លោះ​ដីធ្លី​នៅ​កម្ពុជា : តំបន់​ដី​ក្រហម​ត្រូវបានបោសសម្អាត​នៅក្នុងការ​បណ្តេញ​​ដ៏​ហិង្សាមួយ
ដោយ រស់ ឌីណា   
បោះពុម្ភ ផ្ញើអត្ថបទ​តាម​ Email
២៤-០១-២០០៩
 (ដីក្រហម ការ​បណ្តេញ​ចេញ)
ភ្នំពេញ (កម្ពុជា) ថ្ងៃទី​២៤ មករា ២០០៩៖ ប៉ូលីស​ប្រើ​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក​បាញ់​លើ​ប្រជាពលរដ្ឋ​ដីក្រហម នៅពេល​ប្រតិបត្តិការ​បណ្តេញ​​ពួកគេ​ចេញ​ពី​លំនៅដ្ឋាន​​
©ចន វីង/ Magnum

ការគំរាមកំហែង​បណ្តេញ​ចេញ​បានគ្រប​សង្កត់​មក​លើ​ពួកគេ​តាំង​ពីឆ្នាំ​២០០៦​ម្ល៉េះ។ នេះ​ស​រ​បញ្ជាក់​​អោយ​ឃើញថា ការ​តស៊ូ​របស់​ប្រជាជន​១០គ្រួសារ​​ដែល​បន្តតាំង​លំនៅ​ក្នុង​តំបន់ដីក្រហម​ សង្កាត់​ទន្លេបាសាក់ នាទីក្រុងភ្នំពេញ គឺ​ជា​រឿង​រ៉ាវ​ដីធ្លី​​ដ៏ខ្លោចផ្សារ​អូស​បន្លាយ​ពេល​យូរ​ជាងគេ​នៅកម្ពុជា ចាប់តាំងពី​ពីរ​ទសវត្ស​មកនេះ។ ពីឱសានវាទមួយ​ទៅមួយ ការ​បង្រ្កាប​ចុង​ក្រោយ​ត្រូវ​គេ​រំពឹង​ថា​នឹង​​ធ្វើឡើង​ជាច្រើន​ថ្ងៃ​មកហើយ។ ការ​បង្រ្កាបបានកើត​ឡើង​តាំង​ពី​ព្រឹក​ព្រហាម​​នៃ​ថ្ងៃសៅរ៍ ទី​២៤​ មករា។​ គ្មាន​នរណា​នឹក​ស្មាន​ថា ការ​បណ្តេញ​​នេះ​មាន​​ទំហំធំ និង​​ប្រើ​ហិង្សាថ្នាក់​នេះឡើយ។ ក្រុមហ៊ុន 7NG ដែល​អាជ្ញា​ធរបាន​យល់​​ព្រម​​ផ្តល់​ដីតំបន់​នេះជា​សម្បទាន​សម្រាប់​សាង​សង់សំណង់​អគារ​ផ្ទះ​ល្វែង​ខ្ពស់​ៗ និងមជ្ឈមណ្ឌល​ពាណិជ្ជកម្ម​​នោះ ឥតសន្សំ​សំចៃ​នឹង​ការ​ប្រើ​លុយ​នោះ​ទេ​។

 

ការ​បំផ្លាញ​ប្រកប​ដោយវិធីសាស្រ្ត​
​កម្លាំង​​​ជាង​៦០០នាក់​បាន​ចុះ​ដល់​កន្លែង​​មុន​ថ្ងៃ​រះ អម​ដោយ​កម្លាំង​នគរបាល​ប្រដាប់​​ដោយ​ខែលនិង​ដំបង រួម​ជាមួយ​តំណាង​អាជ្ញាធរ​ផងដែរ។ ការ​បែង​​ចែក​ការងារ​​ត្រូវ​បាន​អនុវត្ត​យ៉ាង​ហ្មត់​ចត់​នៅក្នុង​ប្រតិបត្តិការ​បណ្តេញ​នេះ។ ពួក​គេ​បែង​ចែកគ្នា​ជា​ក្រុម​​សម្គាល់​ដោយ​ពណ៌​អាវ​យឺតផ្សេងៗ ដូច​ជាក្រហម ខៀវ លឿង បៃតង ខ្មៅ និងស ហើយ​ចាប់​ផ្តើម​ដំណើរការ​បោស​សម្អាត​ទីកន្លែង​ប្រកប​ដោយ​វិធីសាស្រ្ត​។ នៅពេល​បាន​សញ្ញា​​​បញ្ជា​ នៅ​ម៉ោង​៦ព្រឹក ក្រុម​ខ្លះចាប់​ដំឡើង​របង​​ព័ទ្ធ​ព្រំដី​​ដែល​គេ​​រៀប​ចំ​​ទុក​ជាមុន​ជាស្រេច​​​ ជុំ​វិញ​តំបន់​នោះ​យ៉ាង​​លឿន​បំផុត។ ក្រុម​ផ្សេង​ទៀត​ជ្រើ​ស​រើស​ដីឡូត៍​​ក្នុង​តំបន់​នេះ​​ដែល​ពួកគេ​បាន​ទទួល​បញ្ជា​​អោយ​រុះ​រើ​ចោល​ទាំង​អស់​។ ប្រហែល​បី​ម៉ោង​ក្រោយ​មក តំបន់​នេះ​ត្រូវ​បាន​បំផ្លាញ​ទាំង​ស្រុងរាប​ដល់​ដី​ សូម្បី​ដើម​ឈើ​ក៏ដោយ គឺ​ត្រូវ​រំលំ​ដល់​ដី​ទាំង​អស់​​។
 
កម្មករ​​រាប់​រយ​​នាក់​នាំគ្នា​​ផ្តួលរំលំផ្ទះពីមួយ​ទៅ​មួយ​ ដូច​ហ្វូង​កណ្តូប​បំផ្លាញ​ស្រូវ​ ដោយ​ប្រើ​ញញួរ​ និង​ពូថៅ​វាយ​មិន​ឈប់​​ដើម្បី​បំផ្លាញ​​គ្រប់​យ៉ាង​​ដែល​នៅ​ពី​មុខ​ពួក​គេ​។ សកម្មភាព​ទី​១​​ត្រូវ​ធ្វើ ​គឺ​បំ​ផ្លាញ​អោយ​អស់​​ផ្ទះ​ខ្ទម​របស់​ប្រជាជន ដើម្បី​កុំ​​អោយ​ពួកគេ​នៅ​រឹង​រូស​ទៀត​។ មើល​ចុះ​​គ្រឿង​ចក្រ​អែស្កា​វ៉ាទ័រ​អាប៊ុល​​​​ដី​កំពុង​ធ្វើ​​ការ​​ ដោយ​​គ្មាន​ទុក​ពេល​​អោយ​ម្ចាស់​ផ្ទះ​​រើអីវ៉ាន់​ចេញ​ឡើយ​។ សូម្បី​តែ​ម៉ូតូចត​នៅ​ខាងក្នុង​ផ្ទះក៏​អាច​ត្រូវ​​គេ​កិន​កម្ទេច​ដែរ​បើ​មិន​យក​ចេញ​។ គ្មាន​មេត្តា​សោះ​ឡើយ!​ ផ្ទះ​ជា​ច្រើន​​​ក៏​ដួល​រលំ​អស់តែក្នុង​​មួយ​ប៉ប្រិចភ្នែក ​សំឡេង​ចាន​បែក​ខ្ចាយ​ ​​ប្រ៉ាវ​។​ ​​ក្មេង​ស្រី​ម្នាក់​​ព្យាយាម​​យក​ទ្រព្យ​សម្បត្តិ​ដ៏​តិច​តួច​របស់​នាង​ចេញ តែ​​ក៏​​ត្រូវ​​ដួល​ធ្លាក់​មក​​​ជាមួយ​នឹង​ផ្ទះ នៅ​ពេល​អែស្កាវ៉ា​ទ័រ​អាប៊ុល​​​ពង្រាប​ផ្ទះ​របស់​នាង​។ ក្មេង​ស្រី​រូប​នេះ​​​នៅ​មាន​​ជីវិត​ចេញ​ពី​គំនរបាក់​បែក​ ប៉ុន្តែ​នាង​មាន​របួស​ជាច្រើន​កន្លែង។
 
ការប្រើ​ឧស្ម័ន​

ដើម្បី​កុំ​អោយ​​មានការ​ប្រឆាំងតប​ត​​ពី​សំណាក់​ប្រជាពលរដ្ឋ អ្ន​ក​បោសសម្អាត​​ដែល​​ទទួលបាន​ការ​ការពារ​ពី​ក្រុម​នគរបាល​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​នោះ បាន​បាញ់​ឧស្ម័ន​ចេញ​ទឹក​ភ្នែក​​​នៅ​ក្នុង​សង្កាត់​នោះ​។ ចំពោះ​អ្នក​​ដែល​មិន​ព្រម​ចាក​ចេញ​​ពីផ្ទះ ពួកគេ​បាន​ប្រើ​ប្រដាប់​ពន្លត់​អគ្គិភ័យ ​ ដោយ​​បាញ់​ល្បាយ​សារធាតុ​គីមី​​ពណ៌​ស​​​រហូត​ទាល់​តែ​ពួកគេ​ព្រម​​ចេញ​។ ទីនោះ​ក៏​មាន​ប្រដាប់​ពន្លត់​អគ្គិភ័យ​ជាច្រើន​​​ដែរ គឺ​ប្រើ​សម្រាប់​ពន្លត់​រាល់​ការ​ប៉ុន​ប៉ង​របស់​ប្រជាជន​ក្នុង​ការ​ដុត​ភ្លើង​។
 
ស្រ្តី​​វ័យ​ចំណាស់​ម្នាក់អង្គុយ​​ត្អូញត្អែរនៅលើ​​​គ្រែ​ឫស្សី​កណ្តាល​វាល​ និយាយ​ថា​ «ពួកគេ​បាញ់​​ឧស្ម័ន​លើ​យើង។ វា​មិន​អាច​អោយ​យើង​ដក​ដង្ហើម​បានទេ ហើយ​វា​ធ្វើ​អោយ​​យើង​ចេញ​ទឹក​ភ្នែក​។ ទាំង​អស់​នេះ​គឺ​ដើម្បី​អោយ​ពួកយើង​រត់​ចេញ! ខ្ញុំ​មិន​ដឹង​​ទៅ​រស់​នៅ​ឯណា​ទេ​ជាមួយ​ចៅ​ៗ​របស់​ខ្ញុំ​។ ទីនេះ យើង​​​បាន​ចំណូល​ ​១០០​​ដុល្លារ​​ក្នុង​មួយ​ខែ​ពី​ការ​ជួល​ផ្ទះ!»។ កូនស្រី​ម្នាក់​របស់គាត់បាន​មក​ដល់​ ហើយ​​និយាយ​ទាំង​ខឹង​សម្បាថា ៖ «ប្រសិន​បើ​ខ្ញុំ​ដឹងថា ពួកគេ​អាច​ធ្វើ​ដូច្នេះ គ្រួសារ​​​ខ្ញុំ​​មិន​បោះ​ឆ្នោត​អោយ​ពួកគេ​ទេ!»។

ការ​រុះ​រើ​ធ្វើ​ឡើង​ដោយ​ហិង្សា
ផ្ទះមួ​យ​ក្នុង​ចំណោម​ផ្ទះ​ជាច្រើន​ទៀត​ដែល​ជា​គោល​ដៅ​របស់​កម្មករ​ស៊ីឈ្នួល គឺ​ផ្ទះ​​របស់​ស្រ្តី​វ័យ​ក្មេង​ម្នាក់​ដែល​យំ​ស្រែក​អំពាវ​នាវ​មិន​ព្រម​ចាក​ចេញ​ពី​ផ្ទះ​ជា​ដាច់​ខាត។ គាត់​ត្រូវ​ក្រុម​ប្រដាប់​អាវុធអូស​​ចេញ​ពី​ក្នុង​ផ្ទះ​ ហើយ​នាំ​ចេញ​ទៅ​ឆ្ងាយ​។ រាល់​​ការ​បណ្តេញ​ចេញ​ពី​ផ្ទះ​នីមួយៗ​តែង​តែ​មាន​ការ​ប្រើ​ប្រាស់​​​​អំពើ​​ហិង្សា​ ឬ​រហូត​ដល់​​ការ​ប្រឈម​មុខ​ដាក់​គ្នា​រវាង​ប្រជាពលរដ្ឋ​និង​អ្នក​ស៊ី​ឈ្នួល​រុះ​រើ​។ អ្នក​ស៊ី​ឈ្នួល​រុះ​រើ​ទាំង​នេះ​បាន​បង្ហាញ​ភាព​ហិង្សា និង​កំហឹង​ហួស​ប្រមាណ​គួរ​អោយ​ឆ្ងល់​​។ គួរ​កត់សម្គាល់​​ថា​ ក្រុម​នីមួយៗ​គឺ​ដឹក​នាំ​ដោយ​មេ​​ក្រុម​ម្នាក់​ដែល​ស្រែក​ខ្លាំង​ៗ​ជំរុញ​ពួក​គេ​កុំ​អោយ​បង្អង់​ល្បឿន​ កុំ​អោយ​ទន់​ចិត្ត។ គ្មាន​នរណា​ម្នាក់​ក្នុង​ចំណោម​​​ពួកគេ​ព្រម​បង្ហើប​ប្រាប់​ពី​ប្រាក់​ឈ្នួល​សម្រាប់​ធ្វើ​ការងារ​នេះ​ទេ។


ភ្នំពេញ (កម្ពុជា) ថ្ងៃទី​២៤ មករា ២០០៩៖ គ្រឿង​ចក្រ​កំពុង​បំផ្លាញ​លំនៅ​ដ្ឋាន​ប្រជាពលរដ្ឋ​ដីក្រហម។
©ចន វីង/ Magnum


នៅ​ក្នុង​ផ្ទះ​ខ្ទម​មួយ​ក្នុង​ចំណោម​ខ្ទម​ជាច្រើន​ទៀត បុរស​ម្នាក់​ព្យាយាម​ចាក់​សាំង​សម្លាប់​ខ្លួន​ក្នុង​ផ្ទះ​ ​រីឯ​សាច់​ញាតិ​ម្នាក់​ទៀត​គំរាម​គប់​ដុំ​ឥដ្ឋ​ទៅ​លើ​អ្នក​បំផ្លាញ​ផ្ទះ​របស់​ពួកគេ​។ ប៉ុន្តែ​​បន្ទាប់​ពី​អាក់​ខាន​មួយ​ភ្លែត អ្នក​ស៊ី​ឈ្នួល​រុះ​រើ​ទាំង​នោះ​ក៏​ត្រូវ​មេ​ការ​បញ្ជា​​ហៅ​អោយ​បន្ត​​ការ​បំផ្លាញ​ត​ទៅ​ទៀត ដោយ​គ្មាន​បង្អង់​ដៃ​​។ នៅ​ពី​ក្រោយ​ ក្រុម​នគរបាល​ស្លៀក​ពាក់​ឯក​សណ្ឋាន​ក៏​ជំរុញ​ពួកគេ​ណាស់​ដែរ : «ចាំ​អី​ទៀត​ កម្ទេចទៅ! ពួក​យើង​មិន​អាច​ធ្វើ​អីចឹង​បាន​ ពីព្រោះ​​មាន​អ្នក​កាសែត និង​អ្នក​ថត​រូប​បរទេស​ច្រើន​ពេក​!»។
 
នៅ​ពេល​ចប់​ប្រតិបត្តិការ​ គេ​និយាយ​ថា មាន​ប្រជាជន​របួស​៤​នាក់ ក្នុងនោះ​ពីរ​នាក់​​របួស​ធ្ងន់ កម្មករ​របួស​១០​នាក់​ ហើយនិង​ការ​ចាប់​ឃាត់​ខ្លួន​ជាច្រើន​ទៀត​ធ្វើ​ឡើង​ដោយ​កម្លាំង​នគរបាល...។ ស្រ្តី​ម្នាក់​បាន​សន្លប់​បាត់​ស្មារតី ហើយ​ត្រូវ​គេ​នាំ​ទៅ​​កាន់​មន្ទីរ​ពេទ្យ​ ដោយសារ​គាត់​មើល​ឃើញ​គេ​កម្ទេច​ផ្ទះ ​បើ​ទោះ​ជា​គាត់​អង្វរ​សុំ​​ទុក​ពេល​អោយ​គាត់​រើ​អីវ៉ាន់​ចេញ​សិន​ក៏ដោយ។ ប្តី​របស់​ស្រ្តី​សន្លប់បាត់ស្មារតី​​នេះ​​បាន​រៀប​រាប់​ថា៖ «យើង​មាន​តូប​លក់​ចាប់​ហួយ​តូច​មួយ ហើយ​យើង​មាន​វត្ថុ​ជាច្រើន​​ត្រូវ​យក​ចេញ​។ តែ​ពួកគេ​មិន​ចង់​ស្តាប់​អ្វី​ទាំង​អស់​។ ខ្ញុំ​ថែម​ទាំង​សាក​ល្បង​​និយាយ​បន្ទន់​ចិត្ត​ចៅ​សង្កាត់​ទៀត តែ​គាត់​ឆ្លើយ​តប​មក​ខ្ញុំ​វិញ​ថា គេ​បាន​ទុក​​​ពេល​អោយ​ពីរ​បី​ថ្ងៃ​ហើយ​ ដើម្បី​រើ​អីវ៉ាន់ ហេតុ​អី​មិន​ព្រម​រើ? ពួកយើង​បាន​បាត់​​បង់​របស់​របរ​អស់​ពាក់​កណ្តាល...»។

ប្រជាជន​ស្ថិត​ក្រោម​ការ​រន្ធត់​
នៅ​ឆ្ងាយ​ពី​នោះ​បន្តិច ​បុរស​​ម្នាក់​មាន​ភ្នែក​ឡើង​ក្រហម​ដោយសារ​យំ និង​សំ​ឡេង​​​ឡើង​ញ័រ​ដោយ​សារ​ខឹង​ខ្លាំង​ពេក។ គាត់​ក៏​ជា​មន្ត្រី​នគរបាល​ ក្នុង​ឯក​សណ្ឋាន​​បាន​ត្រឹម​តែ​រន្ធត់​និង​ឈឺចាប់​​ក្នុង​ចិត្ត​ សំឡឹង​មើល​ផ្ទះ​របស់​ខ្លួន ត្រូវ​គេ​កំទេច​ចោល​​។ មិត្ត​រួម​ការងារ​ម្នាក់​នៅ​ក្បែរ​គាត់​បាន​ដាស់​តឿន​​គាត់​ថា៖ «ឯង​មាន​តែ​ម្នាក់​ឯង​ប្រឆាំង​នឹង​ពួកគេ។ ឯង​មិន​អាច​ធ្វើ​អ្វី​បាន​ទេ! នៅ​អោយ​ស្ងៀម​ទៅ!»។ មន្ត្រី​នគរបាល​ម្នាក់​នេះ​រស់​នៅ​តំបន់​ដីក្រហម​តាំង​ពី​ឆ្នាំ​១៩៩៣ ហើយ​នៅ​ចាំ​ពាក្យ​សន្យា​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ដូច​អ្នក​ផ្សេង​ទៀត​ដែរ។ នៅ​ពេល​នោះ សម្តេច​សន្យា​ថា ប្រជាពលរដ្ឋ​នៅ​ក្នុង​សង្កាត់​នេះ​​អាច​ក្លាយ​ជា​ម្ចាស់​ពិត​ប្រាកដ​លើ​ដី​ដែល​ពួកគេ​រស់​នៅ...។
 
អ្នក​​ជិត​ខាង​ម្នាក់​ ដែល​ផ្ទះ​របស់​អ្នក​ស្រី​ក៏​ជួប​វាសនា​អាណោច​អាធម​ដែរ​នោះ នៅ​​តែ​ភ្ញាក់​ផ្អើល​ពី​ការ​ប្រើ​អំពើ​ហិង្សា​។ អ្នក​ស្រី​ក៏​ដូច​ជា​គ្រួសារ​ផ្សេង​ទៀតដែរ​ ​ត្រូវ​​បាន​ក្រុមហ៊ុន​7NG ​ទទួល​ស្គាល់​ជា​ផ្លូវ​ការ​ ហើយ​ផ្តល់​ជម្រក​ថ្មី​នៅ​ជាយ​ក្រុង​ភ្នំពេញ នៅ​ក្នុង​សង្កាត់​ចោម​ចៅ ឬ​ផ្តល់​សំណង​ចំនួន​២ម៉ឺន​ដុល្លារ (ការ​ផ្តល់​ចុង​ក្រោយ​ធ្វើ​ឡើង​ដោយ​ក្រុមហ៊ុន​7NG )។ ទឹក​ប្រាក់​នេះ អ្នក​ស្រី​វាយ​តម្លៃ​ថា​មិន​គ្រប់​​គ្រាន់​ទេ។ អ្នក​ស្រី​រម្លឹក​ថា អ្នក​បាន​រស់​នៅ​ទីនេះ​តាំង​ពី​ឆ្នាំ​១៩៨៧​មក​ម្ល៉េះ។ «ពួកគេ​ប្រើ​អំពើ​ហិង្សា ហើយ​កាច​ជាង​ក្រោម​របប​ប៉ុល ពត​ទៀត! ប៉ុន្តែ​​បច្ចុប្បន្ន​កម្ពុជា​ជា​សមាជិក​អាស៊ាន ហើយ​មាន​មុខ​មាត់​នៅ​លើ​ឆាក​អន្តរជាតិ​ ពួកគេ​មិន​គួរ​​​​ធ្វើ​បែប​នេះ​​​ទេ! រដ្ឋាភិបាល​រំលោភ​បំពាន​លើ​ប្រជាជន​ដើម្បី​បម្រើ​ផល​ប្រយោជន៍​​ក្រុមហ៊ុន​មួយ!»។ សាស្ត្រាចា​រ្យ​​វ័យ​ក្មេង​ម្នាក់​ដែល​អង្គុយ​ក្បែរ​នោះ បាន​​បន្ថែម​ថា ៖ «គេ​ចាត់​ទុក​អ្នក​ក្រ​ដូច​ទាសករ។ ពួកគេ​មាន​សិទ្ធិ​អោយ​រស់​គឺ​រស់​ អោយ​ស្លាប់​គឺ​ស្លាប់​»។


ភ្នំពេញ (កម្ពុជា) ថ្ងៃទី​២៤ មករា ២០០៩៖ គ្រួសារ​យំ​ស្រែក​ នៅ​ពេល​បាត់​បង់​​ទ្រព្យ​សម្បត្តិ​និង​​ផ្ទះ​សំបែង​ ដែល​ពួកគេ​រស់​នៅ​​តំបន់​ដី​ក្រហម​នេះ តាំង​ពី​ជាង​១០​មក​ម្ល៉េះ។​
©ចន វីង​​/ Magnum


អ្នក​កាសែត និង​អ្នក​សង្កេត​ការណ៍​ត្រូវ​គេ​ប្រមាថ

គ្មាន​នរណា​ម្នាក់​ត្រូវ​គេ​អនុញ្ញាត​អោយ​ចូល​ក្នុង​តំបន់​ដី​ក្រហម​ទេ ហើយ​អ្នក​ដែល​ខំ​ប្រឹង​ឆ្លង​​របង​ ត្រូវ​បាន​គេ​ហៅ​អោយ​រក្សា​សណ្តាប់​ឆ្នាប់ និង​ច្រាន​ទទឹង​ទទែង​តិច​ឬ​ខ្លាំង។ ពាក្យ​បញ្ជា : ចេញ​អោយ​ឆ្ងាយ​អ្នក​សង្កេត​ការណ៍។ ទុយោ​បាញ់​​ទឹក​ពន្លត់​អគ្គិភ័យ​គឺ​មាន​ចេតនា​តម្រង់​មក​រក​អ្នក​ថត​រូប​។
 
«វា​គឺ​មិន​ល្អ​ទេ​សម្រាប់​អ្នក ពួកបារាំង​នៅ​ទីនេះ គឺគ្រោះ​ថ្នាក់​ណាស់!» នេះ​ជា​ពាក្យ​ណែនាំ​ដោយ​ទទូច​ពី​​មេធាវីរបស់ក្រុមហ៊ុន​7NG។ បន្ទាប់​​មក​មាន​បារាំង​ម្នាក់​ឆ្លើយ​ទៅ​វិញ​ដោយ​ចំអក​ថា ៖ «ប៉ុន្តែ​ទី​នេះ​មាន​ប៉ូលិស​ សម្រាប់​ការពារ​សន្តិសុខ​ មិន​អីចឹងហ្អី?»។ ចំណែក​ឯលោក​ផៃ ស៊ីផាន ​អ្នក​នាំ​ពាក្យ​​របស់​ទីស្តី​ការ​គណៈរដ្ឋមន្ត្រី ស៊ើប​សួរ​ពីអ្នក​សង្កេត​ការណ៍​ពី​ស្ថាន​ភាព​របស់​ពួកគេ​ : «តើ​គេ​ទទួល​ពួក​លោក​បាន​ល្អ​ទេ?»។
 
អាជ្ញាធរ​ព្យាយាម​បង្កើត​រូបភាពល្អ​
លោក​ម៉ាន់ ឈឿន អភិបាល​រង​ក្រុង​ភ្នំពេញ ធ្វើ​ជា​មើល​មិន​ឃើញ​ឈុត​ឆាក​នេះ​ ហើយ​បាន​មក​ដល់​កន្លែង​កើតហេតុ​នៅ​ម៉ោង​៨​ព្រឹក​ ដោយ​លោក​មាន​បំណង​ធ្វើ​អោយ​គ្រប់​គ្នា​ស្ងប់​ចិត្ត។ «យើង​នាំ​ប្រជាពលរដ្ឋ​​ទៅ​តំបន់​រស់នៅ​ថ្មី [​នៅ​ភូមិ​ដំណាក់​​ត្រយឹង សង្កាត់ចោមចៅ ចម្ងាយ​២០គីឡូម៉ែត្រ​ភាគ​ខាង​លិច​ក្រុង​ភ្នំពេញ]​។ ត្រូវ​គោរព​អ្វី​ដែល​សរសេរ​នៅ​ទីនេះ!»។ លោក​ម៉ាន់ ឈឿន​ បាន​ពន្យល់​​ដូច្នេះដោយ​គ្រវី​សេចក្តី​ប្រកាស​មួយ​សន្លឹក​របស់​សាលាក្រុង​ភ្នំពេញ​ស្តី​ពី​តំបន់​ដីក្រហម ដែល​នៅ​ខាងខ្នង​​មាន​បង្ហាញ​​ពី​សំណើធ្វើ​ឡើង​ដោយ​ក្រុមហ៊ុន​7NG ទៅ​កាន់​ប្រជាជន : ផ្ទះ​ទំហំ​៤ x ១២ ម៉ែត្រ​សង់​ដោយ​ក្រុមហ៊ុន​7NG នៅ​ក្នុង​ភូមិ​ដំណាក់ត្រយឹង ឬក៏​ទឹក​ប្រាក់​ចំនួន​១៥ ០០០ ដុល្លារ ហើយ​សំណើ​​នីមួយៗ​​នឹង​បំពេញ​បន្ថែម​ដោយ​ទឹក​ប្រាក់​ចំនួន​៧៧០ ០០០​រៀល (១៩២,៥​ដុល្លារ) ​អង្ករ​៣០គីឡូ និង​មី​ជាច្រើន​កញ្ចប់ទៀត​។
 
លោក​អភិបាល​រងនិយាយការពារ​អន្តរាគមន៍​ព្រឹកនេះ​ថា ៖ «យើង​មិន​បោះ​ចោល​​ពួកគេ​តាម​ចិញ្ចើម​ថ្នល់​ទេ យើង​មាន​ផ្ទះ​សម្រាប់​ពួកគេ​!»។ ក្រុមហ៊ុន​7NG បាន​យល់​ព្រម​ផ្តល់​សំណង​ដល់​ប្រជាជន​នៅ​តំបន់ដីក្រហម​៩១​គ្រួសារ​ ប៉ុន្តែ​នៅ​ទីនោះ​មាន​ប្រជាជន​រស់នៅ​រហូត​ដល់​១៥០​គ្រួសារ ដោយសារ​អ្នក​មួយ​ចំនួន​បាន​មក​តាំង​លំនៅ​ថ្មី​​។ ក្រុមហ៊ុន​នឹង​ពិនិត្យ​សំណុំឯកសារ​ម្តង​មួយ​ៗ ហើយ​គឺក្រុមហ៊ុន​ជា​អ្នក​សម្រេច​ថាតើ​គេ​មាន​លក្ខណៈ​សម្បត្តិ​គ្រប់​គ្រាន់​រឺ​អត់​។​ នេះ​ជាការ​បញ្ជាក់​របស់​លោក​ម៉ាន់ ឈឿន។ លោក​គូសប​ញ្ជាក់​ទៀតថា ប្រជាជន​ចំនួន​៨គ្រួសារ​ក្នុង​ចំណោម​៩១​គ្រួសារ​បាន​យល់​ព្រម​ទទួល​យក​សំណើ​របស់​ក្រុមហ៊ុន​7NG កាល​ពីពេល​ថ្មីៗនេះ។
 
តំបន់​រស់នៅថ្មី​ឃោសនា​ដោយ​អាជ្ញាធរ និង​ក្រុមហ៊ុន​7NG
«គ្រួសារ​ណា​ដែល​មិន​ព្រម​ទទួល​យក​សំណើ​របស់​ក្រុមហ៊ុន​7NG [​ទឹក​ប្រាក់​សំណង​​​ចុងក្រោយ​ឡើង​ដល់​២ម៉ឺន​ដុល្លារ​ តែបើ​តាម​នាយក​ក្រុមហ៊ុន​7NG  ​វាលែង​យក​ជាការ​ហើយ​នៅ​ថ្ងៃនេះ] គឺ​ពួកគេ​ទាមទារ​ពី​៥ម៉ឺន​ដល់​១២​ម៉ឺន​ដុល្លារ។ ការស្នើ​សុំ​ខ្ពស់​ជាង​គេ​គឺ​ធ្វើ​ឡើង​ដោយ​គ្រួសារ​មួយ​។ ប៉ុន្តែ​ការ​ចរចា​បាន​ដល់​ទី​បញ្ចប់​...»។ លោក​អភិបាល​រង​​​បាន​បង្ហាញ​តារាង​ដ៏​ល្អ​ឥត​ខ្ចោះ​នៃ​តំបន់​រស់នៅ​ថ្មី​ «តភ្ជាប់ដោយ​​បណ្តាញ​ទឹក​ស្អាត» ហើយ​ប្រជាពលរដ្ឋ​នឹង​អាច​ទទួល​បានផល​ប្រយោជន៍​ពី​​«មូល​និធិ​ឥណទាន​​ចំនួន​៧០០លាន​រៀល​ [១៧៥ ០០០ដុល្លារ]​ ​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​អោយ​ពួកគេ​ទទួល​បាន​កម្ចី»។ «ហើយ​បន្ទាប់មក​ទៀត អាជ្ញាធរ​ទទួល​បន្ទុក​សាង​សង់​សាលា​រៀន​នៅ​ទីនោះ​ទៀត​ផង »។
 
លោក​ស្រី ចន្ធូ នាយកក្រុមហុន​7NG ក៏​បង្ហាញ​អំណះអំណាង​ដូច​គ្នា​នេះដែរ។ លោក​មាន​វត្តមាន​នៅ​នឹង​កន្លែង​នោះ​ដោយ​ពាក់​អាវ​មាន​ស្លាកយីហោ​ក្រុមហ៊ុន​ និង​ម៉ាស់​ការពារ​ដី។​ «ប្រជាពលរដ្ឋ​ជាង​១ ៣០០គ្រួសារ​​នៅតំបន់​ដីក្រហម​បាន​យល់​ព្រម​ចាក​ចេញ​ទៅ​រស់នៅ​ទីនោះ ហេតុអ្វី​អ្នក​ផ្សេង​មាន​បញ្ហា​? ពួកគេ​នឹង​រស់នៅ​ទីនោះ​យ៉ាង​ស្រួល!...»។ លោក​បាន​បន្ថែម​ទៀតថា ចំណុច​ល្អ​នៅ​ភូមិ​ដំណាក់​ត្រយឹង គឺ​​មានផ្សារ និង​រោង​ចក្រ​។​
 
 
ខណៈពេល​ដែល​អង្គការ​ការពារ​សិទ្ធិមនុស្ស​ និង​សិទ្ធិ​លំនៅ​ដ្ឋាន​​ បង្កើន​ការ​ប្រជុំ​​ចាប់​តាំងពី​មានព្រឹត្តិការណ៍​កាល​ពី​ព្រឹក​ថ្ងៃ​សៅរ៍ ប្រជា​ពលរដ្ឋ​២០គ្រួសារ​ដែល​ត្រូវ​គេ​បណ្តេញ​ចេញ​​ បាន​រត់​ភៀសខ្លួន​ទៅ​ទីស្នាក់ការ​អង្គការ​លីកាដូ។
 
បន្ទាប់​មកទៀត​ដល់​វេន​អ្នកណា?
ប្រជាពលរដ្ឋ​នៅ​ប៊ូឌីងជាប់របង​​នឹង​តំបន់​ដីក្រហម​សុទ្ធ​តែ​បាន​មើល​ឃើញ​ប្រតិបត្តិការ​នេះ។ ពួកគេ​និយាយ​ដោយ​រន្ធត់​ពី​ការ​ប្រើ​អំពើហិង្សា​។ សំណង់​អនាធិបតេយ្យ និង​ភូមិកន្ទ្រេក​កន្ត្រាក​​ដែល​នៅ​ព័ទ្ធជុំវិញ​ពួកគេ​ពីមុនមក ឥឡូវ​នេះ​បាន​រលាយ​​បាត់​រូប​អស់​​ហើយ ដើម្បី​​ទុក​កន្លែង​អោយ​អគារធំៗ។ ពួកគេ​ដឹង​ថា ពួកគេ​គឺ​ជា​អ្នក​ស្ថិត​នៅ​លើ​បញ្ជី​បណ្តេញ​ចេញ​ពី​ទីក្រុង​ភ្នំពេញ​លើក​ក្រោយ។



អានបន្ថែមលើកាសែត
-ដីក្រហមៈ ប្រជា​ជន​រួប​រួម​កម្លាំង​តែមួយ ប្រឈម​មុខ​​នឹង​ការ​បណ្តេញ​ចេញ​លើក​ក្រោយ ១៣-០១-២០០៩
-តើ​​​​នេះ​​គឺ​ជា​ពេល​​​ចុង​ក្រោយ​​ មុន​ការ​បណ្តេញ​ចេញ​​​​​នៃ​គ្រួសារ​​ក្នុង​តំបន់​ដី​ក្រហម? ១៤-០១-២០០៩
-អង្គការ​មាន​ប្រតិកម្ម​ប្រឆាំង​នឹង​ការ​បណ្តេញ​ដោយ​ប្រើ​កម្លំាង ១៩-០២-២០០៨
-ស្ថាន​ភាព​មិន​អំណោយ​ផល​សម្រាប់​ដំណោះ​ស្រាយ​បញ្ហា​ដី​ធ្លី​អោយ​បាន​ឆាប់​រហ័ស ១៩-០២-២០០៨
-កាល​ប្រវត្តិ​កម្មសិទ្ធិ​ដី​ធ្លី​នៅ​កម្ពុជា ១៩-០២-២០០៨


1 អធិប្បាយ
ដោយ អនាមិក 2009-02-03 15:44:07
I just want to know that"why the campany do like that to the same nation; or they are not Cambodia?" Why the government doesn't care on that? Do they think that what will happen to them? What will effect to their health, living particularly the kids. Their studying will be negative.
So I want the government to re-think about our citizens and should do what the government have to do for them.
Government have to obey their promise.
ផ្តល់សេចត្តីអធិប្បាយ
អ៊ីមែល៖
 
ចំណងជើង៖
ឈ្មោះ៖
វ៊ិបសាយ៖
[b] [i] [u] [url] [quote] [code] [img] 
 
សូមបញ្ជូលកូតដែលលោក​អ្នកឃើញនៅក្នុងរូប ។ ចុចលើរូប​ដើម្បី​ប្តូររូ​ប ។

យើង​ខ្ញុំ​សូ​​មអរគុណ​ចំពោះ​អត្ថា​ធិប្បាយ​របស់​អស់​លោក​អ្នក ។ រាល់​អត្ថាធិប្បាយ​ទាំង​អស់​មិន​​ត្រូវ​​សរ​សេរ​អោយ​លើស​ពី​១៦​បន្ទាត់​ទ្បើយ ។ សូម​បញ្ជាក់ថា កាសែត​ មិនទទួលខុសត្រូវរាល់​អត្ថា​ធិប្បាយ​ណា​ដែល​បាន​ផ្សព្វផ្សាយ​នៅ​ក្នុង​​ផ្នែក អត្ថាធិប្បាយ ទ្បើយ។ រាល់អត្ថាធិប្បាយ​ទាំង​អស់​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​អ្នក​អាន មិន​​មែន​ជា​ទស្សនៈ​របស់​ផ្នែក​និពន្ធ​យើង​ទេ។ ចំពោះ​ព័ត៌​មាន​បន្ថែម​សូមទាក់​ទង​យើង​ខ្ញុំ​តាម​រយៈអ៊ីម៉ែល Cet e-mail est protégé contre les robots collecteurs de mails, votre navigateur doit accepter le Javascript pour le voir

3.26 Copyright (C) 2008 Compojoom.com / Copyright (C) 2007 Alain Georgette / Copyright (C) 2006 Frantisek Hliva. All rights reserved."

 
Empower your lifestyle with BlackBerry from Hello
 

 
 
ដំណឹងថ្មីៗ