|
អធិប្បាយចុងក្រោយ
|
| សំណងជាផ្ទះល្វែង មិនមែនជាប្រាក់ៈ សំណងសម្រាប់ប្រជាពលរដ្ឋដីក្រហមដែលត្រូវបានបណ្តេញចេញត្រូវបានពិនិត្យនិងកែសម្រួលឡើងវិញ |
| ដោយ រស់ ឌីណា | | | ២៧-០១-២០០៩ |  ដំណាក់ត្រយឹង (កម្ពុជា ភ្នំពេញ) ថ្ងៃទី២៥ មករា ២០០៩៖ ប្រជាជនដីក្រហមរង់ចាំទទួលសំណងជាផ្ទះល្វែងដែលក្រុមហ៊ុន 7NG សន្យាផ្តល់ដល់ពួកគេ បន្ទាប់ពីផ្ទះសំបែងរបស់ខ្លួនត្រូវបានកំទេចចោលកាលពីថ្ងៃសៅរ៍ ទី២៤។ ©ចន វីង / Magnum ក្រុមហ៊ុន 7NG បានបង្កើត«បុរីសន្តិភាព ២» ក្នុងរូបភាពជាសំណង់ផ្ទះល្វែង នៅសង្កាត់ចោមចៅដែលជាសង្កាត់មួយសំបូរទៅដោយកម្មករ-កម្មការិនីរោងចក្រកាត់ដេររស់នៅ។ សំណង់ផ្ទះល្វែងសាមញ្ញ សង់ទន្ទឹមគ្នាជាជួរៗ មានទំហំ១២ម៉ែត្រគុណ៤ម៉ែត្រ។ នៅផ្នែកខាងមុខ អគារធ្វើអំពីឥដ្ឋកំពុងត្រូវបានសាងសង់ឡើង ដើម្បីទុកលក់ ចំណែកនៅផ្នែកខាងក្នុង អគារដែលត្រូវបានសាងសង់រួចរាល់ ពណ៌ស ទុកសម្រាប់ប្រគល់ជូនគ្រួសារដែលចចេសរឹងរូសមិនព្រមចាកចេញពីតំបន់ដីក្រហម នាសង្កាត់ទន្លេបាសាក់ រាជធានីភ្នំពេញ ចាប់តាំងពីឆ្នាំ២០០៦មកម្ល៉េះ។ ប្រជាពលរដ្ឋទាំងនេះត្រូវបានបណ្តេញចេញដ៏ហឹង្សាមួយ តាំងពីព្រលឹមស្រាងៗ នាថ្ងៃសៅរ៍ ទី២៤ ខែមករាកន្លងទៅនេះ។ ការពិពណ៌នាអំពីស្ថានភាពរបស់ប្រជាជនដីក្រហម… ការចែកស្បៀងអាហារបែបអនាធិបតេយ្យ នៅថ្ងៃច័ន្ទ ទី២៦ ខែមករា នៅបុរីសន្តិភាព២៖ ការចែកអង្ករនិងមី ដល់គ្រួសារដែលត្រូវបានបណ្តេញចេញពីតំបន់ដីក្រហម ត្រូវបានរៀបចំឡើងជាលក្ខណៈផ្លូវការភ្លាមៗ ដោយតំណាងក្រុមហ៊ុន 7NG ដោយមានវត្តមានចូលរួមពីសំណាក់អ្នកទទួលខុសត្រូវសាលាក្រុងភ្នំពេញ ស្ថិតក្រោមកាម៉េរ៉ារបស់ក្រុមការងារទូរទស្សន៍សាធារណៈ។ នៅក្រៅជំរំ៖ ស្រ្តីមួយចំនួនបានស្រែកយំ មិនយល់ថាហេតុអ្វីបានជាពួកគាត់មិនមានសិទ្ធិទទួលបានអំណោយជាថ្លៃសំណង ដែលក្រុមហ៊ុនសម្បទានសន្យាផ្តល់ជូនពួកគាត់។ ពួកគាត់ស្រែកយំទាំងភាពស្រេកឃ្លាន។ ស្រ្តីម្នាក់ ក្នុងសភាពស្រពាប់ស្រពោន និងហត់អស់កម្លាំង បានមានប្រសាសន៍ថា «យើងមិនមានអ្វីញ៉ាំបន្តិចសោះ អស់រយៈពេល២ថ្ងៃមកហើយ។ ពួកគេរស់នៅតំបន់ដីក្រហម យើងក៏ដូចគ្នាដែរ ហេតុអីយើងមិនបានទទួល...»។
យើងបានធ្វើដំណើរចាកចេញឆ្ងាយអំពីទិដ្ឋភាពទាំងនេះ ទៅកាន់កន្លែងចែកចាយ «ប័ណ្ណ» បើកស្បៀងអាហារ។ សាលាក្រុងភ្នំពេញបានតម្រូវប្រជាពលរដ្ឋតំបន់ដីក្រហមទាំង១៥០គ្រួសារចុងក្រោយ (៩១គ្រួសារ ត្រូវបានទទួលស្គាល់ដោយក្រុមហ៊ុន7NG និងមានសិទ្ធិទទួលបានផ្ទះមួយខ្នង រឺជាថវិកា និង៥៩គ្រួសារមិនត្រូវបានទទួលស្គាល់) អោយទៅទទួលយកប័ណ្ណទាំងនេះដើម្បីបើកស្បៀង។ បុរសម្នាក់ ដែលបង្ហាញខ្លួន ត្រូវគេស្គាល់ថាជាអតីតប្រធានភូមិដីក្រហម គឺជាអ្នកសម្រេចប្រគល់ប័ណ្ណនេះអោយទៅប្រជាជន ពោលគឺមិនមានជាបញ្ជីឈ្មោះច្បាស់លាក់នៃប្រជាជនដែលអាចទទួលបានស្បៀងអាហារនេះឡើយ។ មនុស្សឈរតំរង់ជួរចូលយកប័ណ្ណម្តងម្នាក់ ហើយបុរសរូបនេះសំឡឹងមើលមុខ រួចសម្រេច ពោលគឺបើគាត់ឆ្លើយថាមិនស្គាល់ អ្នកនោះមិនបានទទួលប័ណ្ណឡើយ…។ ភ្លាមៗនោះ ការតវ៉ាក៏ចាប់ផ្តើមផ្ទុះឡើង។ អ្នកខ្លះតវ៉ាថា «លោកមិនអាចស្គាល់មុខពួកយើងទាំងអស់នោះទេ!»។ ក្រោយមក ការឈ្លោះប្រកែកតវ៉ាក៏បានបញ្ចប់។
ការរង់ចាំ… គ្រួសារដែលត្រូវបានបណ្តេញចេញពីតំបន់ដីក្រហមទាំងនេះត្រូវរស់នៅក្នុងតង់ដ៏សែនកំសត់ ដែលផ្សែផ្សំឡើងពីរបស់របរចម្រុះលាយឡំគ្នាយ៉ាងរយ៉េរយ៉ៃ។ គ្រួសារមួយចំនួនដែលមិនត្រូវបានទទួលស្គាល់ដោយក្រុមហ៊ុន7NG មានបំណងទទួលបានផ្ទះមួយខ្នងនៅទីនេះ។ ចំណែកអ្នកផ្សេងទៀតដែលមានឈ្មោះនៅក្នុងបញ្ជីក្រុមហ៊ុន នៅបន្តទាមទារសំណងជាទឹកប្រាក់ពីក្រុមហ៊ុន ដោយមិនព្រមទទួលយកផ្ទះមួយខ្នងនៅសង្កាត់ជាយក្រុងនេះឡើយ។ ពួកគេប្រើប្រាស់ទឹកប្រឡាយដ៏កខ្វក់មួយនៅក្បែរនោះ សម្រាប់ជីវភាពប្រចាំថ្ងៃ ជាមួយនឹងវាលស្រែដ៏ធំល្វឹងល្វើយ…។ បន្ទាប់ពីរស់នៅក្នុងតង់រយៈពេលពីរយប់មក ស្រ្តីម្នាក់ដែលធ្លាប់រស់នៅដីក្រហម និងប្រកបរបររកស៊ីជាអ្នកលក់ពងទាកូន នៅសួនច្បារសម្តេចហ៊ុន សែន បានអោយដឹងថា «នៅទីនេះ គ្មានអ្វីទាល់តែសោះ លើកលែងមូសចេញ! កំដៅថ្ងៃក៏ក្តៅ សាសារៀនរបស់កូនៗយើង ស្ថិតនៅចម្ងាយពីទីនេះ៤ ទៅ៥គីឡូម៉ែត្រ ហើយសន្តិសុខក៏មិនល្អទៀតផង! យប់ម្សិលមិញ កើតមានជម្លោះមួយ គឺស្រ្តីម្នាក់ហៅអោយគេជួយ ប៉ុន្តែ គ្មានអ្នកណាម្នាក់មកជួយឡើយ…»។
ជាការពិត គ្រួសារមួយចំនួនបានទទួលផ្ទះល្វែងមួយខ្នងនៅទីនេះ ពោលគឺមានលក្ខណៈប្រសើរជាងខ្ទមធ្វើអំពីឈើដែលអ្នកភូមិភាគច្រើនធ្លាប់រស់នៅ នាតំបន់ដីក្រហម។ គ្រាន់តែថា គ្រួសារទាំងនោះរើមកតាំងទីលំនៅថ្មី នៅតំបន់ថ្មីដែលមិនទាន់ធ្វើហើយជាស្ថាពរ គឺនៅមុនបុណ្យចូលឆ្នាំចិន ហើយនិងស្ថិតនៅឆ្ងាយពីទីប្រជុំជននៅទីក្រុងភ្នំពេញ ដែលជាកន្លែងពួកគេធ្វើការ។
តើភូមិនេះបំពេញតាមតម្រូវការចង់បានរបស់ពួកគេដែររឺទេ? នៅពេលបណ្តេញចេញ កាលពីថ្ងៃសៅរ៍ ទី២៤ ខែមករា លោក ស្រី ចន្ធូ នាយកក្រុមហ៊ុន7NG និងលោកម៉ាន់ ឈឿន អភិបាលរងរាជធានីភ្នំពេញ បានបង្ហាញចំពោះមុខអ្នកសារព័ត៌មាន នូវតារាងគោលនយោបាយដោះស្រាយបញ្ហារបស់ប្រជាជនផ្លាស់ទីលំនៅនៅបុរីសន្តិភាព ដែលនៅទីនោះ គ្រប់យ៉ាងត្រូវបានសន្មតថាបានត្រៀមលក្ខណៈដើម្បីទទួលស្វាគមន៍អ្នកភូមិទាំងនោះ…។ ជាបឋម តំបន់នេះពិតជាមានតភ្ជាប់បណ្តាញអគ្គិសនី និងទឹកស្អាត… ប៉ុន្តែ មិនទាន់តចូលផ្ទះនោះទេ។ ប៉ុន្តែ រាល់ការតភ្ជាប់ចូលផ្ទះនីមួយៗ ត្រូវចំណាយប្រាក់អស់១៤០ដុល្លារ សម្រាប់តភ្ជាប់ភ្លើង និង១៥០ដុល្លារ សម្រាប់តបណ្តាញទឹក។ ក្រោយមក បន្ទាប់ពីការចុះអង្កេត យើងសង្កេតឃើញថាហាក់បីដូចជាមិនមានផ្ទះគ្រប់គ្រាន់នោះទេ។ កម្មករសំណង់នៅតែបន្តធ្វើការងារ។ ម្យ៉ាងវិញទៀត គេបានពន្យល់យើងថា «ដោយសារពេលនេះជាពេលបុណ្យចូលឆ្នាំចិន» ប្រជាជនដីក្រហមត្រឹមតែជាង១០គ្រួសារប៉ុណ្ណោះ ដែលបានទទួលកូនសោផ្ទះល្វែងថ្មី។
ទោះជាយ៉ាងណា សម្រាប់លោកម៉ាន់ ឈឿន ប្រជាជនមួយចំនួនមានសុភមង្គលនៅទីនេះ៖ «ពីមុន ប្រជាជនបដិសេធមកមើលសង្កាត់នេះ ព្រោះពួកគេគិតថាជាសង្កាត់ឋាននរក។ នៅពេលពួកគេបានឃើញជាក់ស្តែង ពួកគេផ្លាស់ប្តូរគំនិត! នៅទីនេះ មិនមានគ្រោះថ្នាក់អគ្គីភ័យ ដូចនៅដីក្រហម ហើយមានភ្នាក់ងារមីក្រូឥណទានរបស់ក្រុមហ៊ុន 7NG នៅទីនោះ ដើម្បីជួយអ្នកភូមិ ទិញមធ្យោបាយធ្វើដំណើរ និងបើកមុខរបររកស៊ី។ នៅថ្ងៃច័ន្ទ ទី២៦ ខែមករាក្រុមហ៊ុន7NG បានចំណាយថវិកា១០០លាន ក្នុងចំណោមប្រាក់៧០០លានរៀលនៃគម្រោងសម្រាប់ផ្តល់ប្រាក់កំចីដល់ពួកគេ»។
នៅអំឡុងពេលផ្លាស់ប្តូរទីលំនៅថ្មីនេះ គេត្រូវប្រុងប្រយ័ត្នរាល់ពាក្យសំដី។ យើងបានសាកសួរព័ត៌មានប្រជាជនដីក្រហមម្នាក់ ដែលទើបតែមករស់នៅផ្ទះថ្មី។ បុរសនោះបានពន្យល់ថា «ខ្ញុំមិនមានជម្រើសអ្វីផ្សេង ក្រៅពីយល់ព្រមឡើយ»។ បានត្រឹមហ្នឹង ស្រាប់តែមានបុរសពីរនាក់ដែលជាអតីតអ្នកទទួលខុសត្រូវសហគមន៍ដីក្រហមនិងដែលបានចាកចេញពីទីនោះ កាលពី៣ឆ្នាំមុន បានជិះម៉ូតូមកដល់ ហើយបានមកឈប់នៅក្រោយពួកយើង ដើម្បីតាមដានការសន្ទនាដោយបើកចំហរ។ ភ្លាមនោះ ដៃគូសន្ទនារបស់យើងលែងហ៊ាននិយាយ ភ័យខ្លាចចំពោះការគាមសង្កត់នេះ ដោយមិនហ៊ានប្រាប់ឈ្មោះរបស់ខ្លួន ហើយសុខចិត្តនៅស្ងៀមស្ងាត់។
ការចរចាត្រូវបានបញ្ចប់ ការទទួលបាននូវតួលេខច្បាស់ការ គឺជារឿងលំបាក។ លោក ស្រី ចន្ធូ នាយកក្រុមហ៊ុន7NG បានអះអាងថាក្រៅអំពីប្រជាពលរដ្ឋ៨ គ្រួសារដែលបានយល់ពេលទទួលសំណើថវិកា២ម៉ឺនដុល្លារ នៅមុនថ្ងៃឱសានវាទ «មានគ្រួសារ៥០% ក្នុងចំណោម៨៣គ្រួសារដែលនៅសល់ បានយល់ព្រមទទួលយកផ្ទះល្វែងមួយខ្នងនៅបុរីសន្តិភាព២ យោងតាមលក្ខន្តិករបស់ក្រុមហ៊ុន»។ «ការដោះស្រាយសំណុំឯកសារកំពុងតែដំណើរការ»។ «ចំណែកអ្នកផ្សេងទៀត ពួកគេតស៊ូ ដើម្បីទទួលបានសំណងហិរញ្ញវត្ថុ ប៉ុន្តែ ការផ្តល់ជូនបែបនេះលែងមានទៀតហើយ។ លោក ស្រី ចន្ធូ បានប្រកាសថា «ក្រុមហ៊ុនលែងផ្តល់ប្រាក់ទៀតហើយ គឺផ្តល់ត្រឹមតែផ្ទះប៉ុណ្ណោះ»។ ប៉ុន្តែ នៅថ្ងៃបណ្តេញចេញ លោកម៉ាន់ ឈឿន អភិបាលរងក្រុងភ្នំពេញ ធ្លាប់បានប្រកាសថាក្រុមហ៊ុន7NGមានគោលនយោបាយផ្តល់ផ្ទះមួយខ្នង ឬផ្តល់ប្រាក់...។ នៅថ្ងៃច័ន្ទ លោកអភិបាលរងបានមានប្រសាសន៍ការពារខ្លួនថាលោកគ្រាន់តែជា «អ្នកសម្របសម្រួល» នៅក្នុងកិច្ចការនេះប៉ុណ្ណោះ ហើយថា ឱសាទវាទបានបញ្ចប់ទៅហើយ។ លោក ស្រី ចន្ធូ មានប្រសាសន៍បញ្ជាក់ថា «ហួសពេលហើយ!។ ឥឡូវនេះ ប្រជាជនត្រូវបានបណ្តេញចេញ លែងមានការចរចាដូចមុនទៀតហើយ!»។
កាលពីប៉ុន្មានថ្ងៃមុនពេលបណ្តេញចេញ ភាគីប្រជាពលរដ្ឋបានព្យាយាម ដើម្បីទទួលបានប្រាក់២ម៉ឺនដុល្លារ ជាថ្លៃសំណង ហើយពួកគេបានទទួលការឆ្លើយតបថាពួកគេត្រូវរុះរើផ្ទះរបស់ពួកគេ មុននឹងទទួលប្រាក់ពាក់កណ្តាល ប៉ុន្តែមិនបានដឹងថាតើពេលណា ពួកគេនឹងទទួលប្រាក់នៅសល់នោះទេ...។
ពាក់ព័ន្ធនឹងប្រជាពលរដ្ឋ៥៩គ្រួសារ ដែលមិនមានឈ្មោះនៅក្នុងបញ្ជីរបស់ក្រុមហ៊ុន7NG លោក ស្រី ចន្ធូ បានពន្យល់ថាវាសនារបស់ពួកគេមិនមែនជាទំនួសខុសត្រូវរបស់លោកឡើយ។ ផ្ទុយទៅវិញ លោកបានបញ្ជាក់ថា ប្រជាពលរដ្ឋជាង៥០គ្រួសារ ដែលត្រូវបានចុះបញ្ជី ជាអាជីវករនៅតំបន់ដីក្រហម នឹងអាចទទួលបានតូបមួយ នៅផ្សារតូចមួយ នៅក្នុងសង្កាត់នេះ។
នៅថ្ងៃច័ន្ទ ទី២៦ ខែមករា ជំនួបមួយនៅសាលាក្រុងភ្នំពេញ រវាងលោកម៉ាន់ ឈឿន និងតំណាងគ្រួសារប្រមាណជាង១០នាក់ មិនបានផ្តល់ជាលទ្ធផលផ្លែផ្កាណាមួយឡើយ។ ខាងប្រជាពលរដ្ឋ អស់សង្ឃឹម ក៏សម្រេចចិត្តធ្វើដំណើរទៅកាន់រដ្ឋសភា ជាមួយប្រជាពលរដ្ឋជាង៤០ទៀតផ្សេងទៀត ដើម្បីអំពាវនាវសុំអោយតំណាងរាស្រ្ត គាំទ្រការទាមទាររបស់ខ្លួន គឺទាមទារសំណងជាប្រាក់ មិនមែនជាផ្ទះល្វែងឡើង។ លោកច័ន្ទ វិចិត្រ តំណាងគ្រួសារទាំងនោះ ក៏បានធ្វើជាអ្នកនាំពាក្យរបស់ប្រជាជន៥៩គ្រួសារផ្សេងទៀត ដែលមិនត្រូវបានទទួលស្គាល់ដោយក្រុមហ៊ុនផងដែរ។ បើតាមប្រសាសន៍របស់គាត់ គ្រួសារទាំងនោះត្រូវបានចុះឈ្មោះនៅក្នុងបញ្ជីដោយអាជ្ញាធរមូលដ្ឋាន កាលពីឆ្នាំ២០០៦ នៅពេលសហគមន៍ដីក្រហមត្រូវបានបង្កើតឡើង ដោយមាន១៤៦៥គ្រួសារ។ «មិនដឹងថាតើក្រុមហ៊ុនទទួលបានបញ្ជីនោះយ៉ាងដូចម្តេចទេ?»។
រដ្ឋសភា គឺជាជម្រើសចុងក្រោយ ក្រោយបញ្ចប់យុទ្ធនាការតស៊ូទាមទារដ៏យូរមក តំណាងគ្រួសារម្នាក់ដែលមានភាពអស់សង្ឃឹម បានព្យាយាមនិយាយនៅចំពោះមុខប្រជាពលរដ្ឋជាង៦០នាក់ ដែលប្រមូលផ្តុំគ្នានៅមុខវិមានរដ្ឋសភា នៅថ្ងៃអង្គារ ទី២៧ ខែមករា។ លោកច័ន្ទ វិចិត្រ បានពន្យល់ថា «ក្តីសង្ឃឹមគ្រប់យ៉ាងហាក់ដូចជារលាយសាបសូន្យអស់ទៅហើយ។ នៅសល់ត្រឹមតែរសជាតិល្វីងជូរចត់មួយប៉ុណ្ណោះ គឺការសើចចំអកមើលងាយពីសំណាក់សាលាក្រុងនិងក្រុមហ៊ុន7NG ។ ពួកគេបំផ្លាញយើង»។ ទោះជាយ៉ាងណា គ្រួសារនៅសល់ទាំងនេះនឹងមិនព្រមចុះចាញ់ឡើយ។ ពួកគេបានមកប្រមូលផ្តុំគ្នានៅមុខវិមានរដ្ឋសភា នៅល្ងាចថ្ងៃអង្គារ ទី២៧ ខែមករានេះ ប៉ុន្តែ មិនមានតំណាងរដ្ឋសភាណាម្នាក់ មកជួបពួកគេឡើយ។
ក្នុងចំណោមតំណាងអង្គការសិទ្ធិមនុស្ស ដែលមកជួយធ្វើអន្តរាគមន៍ លោកយ៉េង វីរៈ ប្រធានមជ្ឈមណ្ឌលអប់រំច្បាប់សហគមន៍ (Clec) បានលើកឡើងអំពីការរំលោភបំពានជាច្រើន នៅក្នុងវិវាទដីធ្លីនេះ។ «ទីមួយ គឺការសម្រេចចិត្តរបស់សម្តេចនាយករដ្ឋមន្រ្តីហ៊ុន សែន ក្នុងការផ្លាស់ប្តូរតំបន់ដីក្រហម ទៅជាតំបន់សម្បទានសង្គមកិច្ច ប្រជាពលរដ្ឋគួរត្រូវក្លាយជាកម្មសិទ្ធិករលើដីធ្លីរបស់ពួកគេ។ ទីពីរ កិច្ចសន្យាដែលចុះហត្ថលេខារវាងក្រុមហ៊ុន7NG និងតំណាងប្រជាពលរដ្ឋ គឺជាឯកសារមិនស្របច្បាប់ ព្រោះពួកគេមិនតំណាងអោយប្រជាពលរដ្ឋឡើយ។ ទីបី ក្រុមហ៊ុនមិនអាចបណ្តេញអ្នកភូមិបានឡើយ ដរាបណាតុលាការមិនទាន់បានកាត់សេចក្តីលើបញ្ហានេះនៅឡើយ។ ទីបួន ការបំផ្លាញទ្រព្យសម្បត្តិបុគ្គលរបស់ប្រជាពលរដ្ឋ នៅក្នុងប្រតិបត្តិការបណ្តេញចេញមួយ ត្រូវបានថ្កោលទោស និងត្រូវមានសំណងជាថ្លៃខូចខាត។ ជាចុងក្រោយ ទង្វើបែបនេះគឺជាការរំលោភបំពានលើអនុសញ្ញាអន្តរជាតិស្តីពីសិទ្ធិសង្គម សេដ្ឋកិច្ច និងវប្បធម៌ ដែលប្រទេសកម្ពុជា គឺជាហត្ថលេខី»។
មកទល់ថ្ងៃនេះ ការបណ្តេញចេញដោយបង្ខំលើប្រជាពលរដ្ឋដីក្រហម ត្រូវបានថ្កោលទោសពីសំណាក់អង្គការក្នុងស្រុកសំខាន់ៗ (Housing Rights Task Force, អាដហុក លីកាដូ, , Clec, CCDH, Bridges Across Borders South East Asia et Cohre) ព្រមទាំងអង្គការលើកលែងទោសអន្តរជាតិផងដែរ។ អង្គការការពារសិទ្ធិមនុស្សទាំងនេះបានអំពាវនាវជាពិសេសដល់រាជរដ្ឋាភិបាលកម្ពុជា អោយជួយដល់គ្រួសាររងគ្រោះទាំងនេះ ហើយទទួលស្តាប់ការទាមទាររបស់ពួកគេ ជាពិសេសសំណើសុំសំណងជាថវិកា។
បន្ថែម
-បទយកការណ៍រូបថតនិងសម្លេងៈ ការបណ្តេញចេញនៅដីក្រហម -ជម្លោះដីធ្លីនៅកម្ពុជា : តំបន់ដីក្រហមត្រូវបានបោសសម្អាតនៅក្នុងការបណ្តេញដ៏ហិង្សាមួយ ២៤-០១-២០០៩
វីដេអូ ស្តីពីការបណ្តេញចេញប្រជាពលរដ្ឋចេញពីតំបន់ដីក្រហម ផលិតដោយអង្គការលីកាដូ កាណាដា -សំណុំឯកសាររបស់អង្គការលីកាដូ (កម្ពុជា) ស្តីពីដីក្រហម
|
|
|