| ដីក្រហមៈ គណបក្សប្រឆាំងកម្ពុជាថ្កោលទោសចំពោះឥរិយាបថរបស់សាលាក្រុងភ្នំពេញ |
| ដោយ រស់ ឌីណា | |
| ២៨-០១-២០០៩ |
នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយ ចុះថ្ងៃពុធ ទី២៨ ខែមករា ក្រុមអ្នកតំណាងរាស្រ្តគណបក្សសម រង្ស៊ី និងគណបក្សសិទ្ធិមនុស្ស បានធ្វើការថ្កោលទោសចំពោះអាជ្ញាធរក្រុងភ្នំពេញ ដែលបានប្រើអំពើហិង្សា និងបំផ្លាញផ្ទះសំបែងរបស់ប្រជាពលរដ្ឋ ដែលកំពុងរស់នៅដោយស្របច្បាប់ក្នុងតំបន់ដីក្រហម ស្ថិតនៅសង្កាត់ទន្លេបាសាក់ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០០៩ កន្លងទៅនេះ។
នៅក្នុងសេចក្តីថ្លែងការណ៍នេះ ក្រុមតំណាងរាស្រ្តគណបក្សប្រឆាំងទាំងពីរបានអះអាងថាការប្រើអំពើហិង្សាបែបនេះគឺជាអំពើឧក្រិដ្ឋរំលោភបំពានសិទ្ធិមនុស្ស និងសិទ្ធិមានលំនៅដ្ឋានរបស់ប្រជាពលរដ្ឋ។ ក្រុមតំណាងរាស្រ្តបានសរសេរថា «តួនាទីអាជ្ញាធរត្រូវតែការពារច្បាប់ ការពារសុវត្ថិភាព និងផលប្រយោជន៍របស់ប្រជាពលរដ្ឋ។ ផ្ទុយទៅវិញ អាជ្ញាធរសព្វថ្ងៃប្រើប្រាស់តួនាទីនិងអំណាចរបស់ខ្លួន បញ្ជាអោយកងកម្លាំងប្រដាប់អាវុធវាយកំទេចផ្ទះសំបែង និងធ្វើបាបប្រជាពលរដ្ឋ ដើម្បីបម្រើផលប្រយោជន៍ពួកឈ្នួញដោយខុសច្បាប់ទៅវិញ»។
ក្រុមអ្នកតំណាងរាស្រ្តគណបក្សសម រង្ស៊ី និងគណបក្សសិទ្ធិមនុស្សបានអំពាវនាវអោយរដ្ឋាភិបាលចាត់វិធានការជាបន្ទាន់ ដោយបញ្ឈប់«ទង្វើដែលខុសនឹងច្បាប់នេះ» និងក្នុងករណីជម្លោះដីធ្លីដទៃទៀត ព្រមទាំងផ្តន្ទាទោសទៅលើអាជ្ញាធរ ដែលបានបញ្ជាអោយមានការប្រើប្រាស់អំពើហិង្សាលើប្រជាពលរដ្ឋ។
ជាចុងក្រោយ តំណាងរាស្រ្តគណបក្សទាំងពីរ បានស្នើសាលាក្រុងភ្នំពេញ ចាត់វិធានការផ្តល់ស្បៀងអាហារ ទីជម្រក និងសេវាសុខភាព ព្រមទាំងទទួលខុសត្រូវទៅលើការបាត់បង់ការអប់រំនៃកុមារ ដែលកំពុងរងគ្រោះ ដោយសារការបណ្តេញចេញដោយខុសច្បាប់នេះ ហើយប្រគល់ដី និងសងការខូចខាតទាំងឡាយដល់ពលរដ្ឋនៅតំបន់ដីក្រហមនេះជាបន្ទាន់។
|