កា​សែត​គឺ​ជា​វ៉ិប​សាយ​ព័ត៌​មាន​ឯក​រាជ្យ​ដែល​ចេញ​ផ្សាយ​ប្រ​ចាំ​ថ្ងៃ​ជា​ភាសាខ្មែរ ​បា​រាំង និងអង់គ្លេស ​ស្តី​អំ​ពី​ប្រទេស​កម្ពុជា​និង​ប្រ​ជា​ជន​កម្ពុជា​នៅ​ក្រៅ​ប្រទេស ។
Installing Khmer Unicode
Bookmark and Share

ទទួល​ព័ត៌​មាន​




 
រូប​ភាព​ព្រមាន​សុខ​ភាព​នឹង​ត្រូវ​បោះពុម្ព​នៅ​លើ​កញ្ចប់​បារី នៅ​កម្ពុជា​
ដោយ ដួង សុខា   
បោះពុម្ភ ផ្ញើអត្ថបទ​តាម​ Email
២៨-០១-២០០៩

ភ្នំពេញ (កម្ពុជា) ថ្ងៃទី​១០ សីហា ២០០២៖ យោង​តាម​អង្គការ​សុខ​ភាព​ពិភព​លោក បុរស​ពេញ​វ័យ​​៤០​% នៅ​កម្ពុជា​ គឺជា​អ្នកជក់​បារី​ជា​ប្រចាំ។
© ចន វីង​ / Magnum
បន្ទាប់​ពី​​​ប្រទេស​កម្ពុជា​បាន​ផ្តល់​សច្ចាប័ន​លើ​អនុសញ្ញា​ស្តី​ពីការ​​ត្រួត​ពិនិត្យ​ថ្នាំ​ជក់​​របស់​​អង្គការ​សុខ​ភាព​ពិភព​លោក​​​​ កាល​ពី​​ថ្ងៃ​​ទី​​​២៥ ខែវិច្ឆិកា ឆ្នាំ​២០០៥ ប្រទេស​​កម្ពុជា​​បាន​សន្យា​ថា​​នឹង​អនុវត្ត​បទ​ប្បញ្ញត្តិ​​មួយ​នេះ នៅ​ក្នុង​ប្រទេស​​​​របស់​ខ្លួន ចាប់​ពី​ថ្ងៃ​​ទី​​១៥ ខែកុម្ភៈ ឆ្នាំ​២០០៩ ខាង​​មុខ​នេះ​តទៅ​។​ ដូច​នេះ ​រាជ​​រដ្ឋាភិបាល​​នៃ​ព្រះរាជា​​ណា​ចក្រ​​កម្ពុជា​មាន​ពេល​វេលា​ត្រឹម​តែ​២​សប្តាហ៍​​ទៀត​ប៉ុណ្ណោះ ដើម្បី​រៀប​ចំ​​កំណែ​ទម្រង់​​​ចាំ​បាច់​មួយ​ចំនួន​ ក្នុង​នោះ​កាតព្វ​កិច្ច​នៃការបោះ​ពុម្ព​ផ្សារ​សារ​រូប​ភាព​ព្រមាន​​អំពី​គ្រោះ​ថ្នាក់​​នៃ​​ការ​ប្រើ​ប្រាស់​ថ្នាំ​ជក់​នៅលើ​កញ្ចប់​បារី​។​ អនុលោម​​តាម​ការ​​បេ្តជ្ញា​ចិត្ត​ខាង​លើ​​ ក្រសួង​សុខាភិបាល​កម្ពុជា​បាន​​រៀប​ចំ​សេចក្តី​​ព្រាង​សារាចរ​​​​មួយ ដែល​តម្រូវ​អោយ​ក្រុម​ហ៊ុន​ផលិត​ថ្នាំ​ជក់​​ទាំង​​​អស់​ មិន​ត្រឹម​តែ​អោយ​​​ដាក់​សារ​​អំពី​​គ្រោះ​ថ្នាក់​នៃការ​ជក់​បារី​នៅ​លើ​​កញ្ចប់​បារី​ប៉ុណ្ណោះ​នោះ​ទេ ប៉ុន្តែ​​​ត្រូវ​មាន​ដាក់​រូប​ភាព​ព្រមាន​សុខភាព​ បង្ហាញពី​ផល​ប៉ះពាល់​នៃ​ការ​​ជក់​បារី​ផង​​ដែរ​​​។ សេចក្តី​ព្រាង​នេះ​នឹង​​ត្រូវ​ចុះ​ហត្ថលេខា​ដោយ​សម្តេច​នាយក​រដ្ឋ​មន្រ្តី​ហ៊ុន សែន។​ ប៉ុន្តែ ​ស្ថាប័ន​របស់​រដ្ឋាភិបាល​ដែល​ពាក់​ព័ន្ធ​មិន​បាន​​​បង្ហើប​អោយ​ដឹង​អំពី​សារាចរ​​​មួយ​​នេះ​ឡើយ​ សូម្បី​តែ​ឧស្សាហកម្ម​​ពាក់​​ព័ន្ធ​មួយចំនួនក៏​មិនបានដឹងដែរ​។

 

សារាចរ​មួយ​របស់​រដ្ឋាភិបាល ​អនុលោម​តាម​មាត្រា​១១នៃ​អនុសញ្ញា​ត្រួត​ពិនិត្យ​​​​ថ្នាំ​ជក់​
មាត្រា​​១១នៃ​អនុសញ្ញា​​ស្តី​ពីការ​ត្រួ​ត​ពិនិត្យ​​​ថ្នាំជក់​ តម្រូវ​អោយ​រដ្ឋ​ទាំង​១៦២ ដែល​​​បាន​ផ្តល់​សច្ចាប័ន​​ (ក្នុង​ចំណោម​១៦៨ហត្ថលេខី) ដាក់​សារ​និង​រូប​ភាព​ព្រមាន​សុខ​ភាព​ស្តី​ពី​គ្រោះ​ថ្នាក់​នៃការ​ប្រើ​ប្រាស់​ថ្នាំ​ជក់​។ រូប​ភាព​ត្រូវ​តែ​បោះ​​ពុម្ព​ជា​ពណ៌​ធម្មជាតិ ជាមួយ​នឹង​សារ​ព្រមាន​សុខភាព​ជាក់លាក់​និង​ច្បាស់​ នៅ​លើ​ផ្ទៃ​​កញ្ចប់​បារី​​៣០%នៃ​ផ្ទៃ​ទាំង​មូល​។ អត្ថបទ​អនុសញ្ញា​នេះ​ក៏​បានតម្រូវ​អោយ​រដ្ឋ​ជា​ហត្ថលេខី បង្ហាញ​វិធានការ​​ជាក់​លាក់​ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ថ្នាំ​ជក់​ប្រកប​ដោយ​​ប្រសិទ្ធភាព ​ទាក់ទិន​នឹង​ការ​កំរិត​​ពន្ធ​អាករ វិធាន​លើ​ផលិត​ផល​ រឺ​ការ​ប្រយុទ្ធ​​​ប្រឆាំង​នឹង​ការ​​ជួញ​ដូរ​បារី​ខុស​ច្បាប់​។​


នៅ​​ខែ​ឧសភា ឆ្នាំ​២០០៨ កិច្ច​ប្រជុំ​អន្តរ​ក្រសួង​​មួយ​ត្រូវ​បាន​រៀប​ចំ​ធ្វើ​ឡើង សហការ​​​ជាមួយ​អង្គការ​សុខភាព​​ពិភព​លោក ​  ដើម្បី​ពិចារណា​អំពី​ខ្លឹមសារ​នៃ​សេចក្តី​​ព្រាង​​សារាចរ​មួយ​​នៅ​លើ​កញ្ចប់​​បារី ដែល​ការ​​តាក់​តែង​សារាចរ​នេះ​ឡើង​ត្រូវ​បាន​សន្មត​ថា​បាន​បញ្ចប់​រួច​​រាល់​​ជា​ស្ថាពរ​ហើយ។ យោង​តាម​​សេចក្តី​ព្រាង​សារាចរ​ដែល​យើង​ទទួល​បាន​​ អត្ថប​ទ​នេះ​​មាន​ខ្លឹម​សារ​​​​ហួស​​​ឆ្ងាយបន្តិច​​ ពី​អ្វីដែល​អនុសញ្ញា​ស្តី​ពីការ​ត្រួត​ពិនិត្យ​​ថ្នាំ​ជក់​បាន​​​ចែង ពោ​លគឺ​​ផលិត​ផល​ថ្នាំ​ជក់​គ្រប់​ប្រភេទ​ដែលចរាចរ​នៅ​ទីផ្សារ​​កម្ពុជា ត្រូវ​​ដាក់​សារ​និង​រូប​ភាព​ព្រមាន​សុខភាព ហើយ​​រូប​ភាព​ទាំង​នោះ ត្រូវ​មាន​ទំហំ​៥០% ត្រូវ​​ស្ថិត​​នៅ​ផ្នែក​ខាង​លើ​នៃ​ផ្ទៃ​ធំ​ជាង​គេ​នីមួយៗ​របស់​​សំបក​វេច​ខ្ចប់​គ្រប់​ប្រភេទ​។​ មិនត្រឹម​តែ​ប៉ុណ្ណោះ​ រូប​ភាព​ចំនួន​៦ខុសៗ​គ្នា ត្រូវ​​បាន​ត្រៀម​​ទុក។ រូប​ភាព​នីមួយៗ បាន​បង្ហាញ​​អំពី​ផល​ប៉ះពាល់​នៃការ​ប្រើ​ប្រាស់​​ថ្នាំ​ជក់ ដូចជា​ជំងឺ​មហារីក​សួត ជំងឺ​ហើម​សួត ជំងឺ​បេះដូង ជំងឺ​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល​ ជំងឺ​ពុក​ធ្មេញ និង​ផល​​ប៉ះពាល់​នៃការ​ជក់​បារី​លើ​សុខភាព​​អ្នក​នៅ​ជុំ​វិញ​។


ស្ថាប័ន​ពាក់​ព័ន្ធ​មិន​បាន​ផ្តល់​ព័ត៌មាន​ជុំវិញ​សេចក្តី​ព្រាង​សារាចរ​នេះ​
តើ​ស្ថាប័ន​ដែល​បរិហារ​​អំពី​ផល​ប៉ះពាល់​ថ្នាំជក់​ មាន​គោល​បំណង​ដូច​ម្តេចជុំវិញ​សេចក្តី​ព្រាង​សារាចរ​នេះ?  ទោះ​បី​ជា​មាន​ការ​ស្នើ​សុំសម្ភាស​​​ជា​ច្រើន​លើក​​​ក៏ដោយ ក៏​ស្ថាប័ន​ពាក់​ព័ន្ធ​​ហាក់​បី​ដូច​ជា​មិន​សូវ​ជា​ចង់​បង្ហាញ​​​​​សេចក្តី​ព្រាង​សារាចរ​នេះ​ឡើយ។ លោក​លឹម ថៃ​ភាង នាយក​​មជ្ឈមណ្ឌល​​​​ជាតិ​​​លើក​កម្ពស់​សុខភាព​​នៃ​ក្រសួង​សុខាភិបាល ទទួល​បន្ទុក​សំណុំ​​ឯកសារ​នេះ បាន​បដិសេធ​​មិន​​ផ្តល់​ព័ត៌មាន​​ទាក់​ទង​នឹង​​សេចក្តី​ព្រាង​សារាចរ​​ខាងលើ​។ លោក​ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​ និង​ជា​រដ្ឋ​លេខាធិការ​ទីស្តីការ​គណៈរដ្ឋ​មន្រ្តី មិន​បាន​ឆ្លើយ​តប​ទៅ​នឹង​សំណួរ​របស់យើង​តាម​រយៈ​លិខិត​ ចុះ​ថ្ងៃទី​២១ ខែមករា ដែល​ផ្ញើ​ជូន​លោក​នោះទេ​ បន្ទាប់​ពី​លោក​បាន​សុំ​​អោយ​យើង​សរសេរ​លិខិត​ទៅកាន់​លោក​។​ ទន្ទឹមនឹង​នេះ អគ្គលេខាធិការ​ដ្ឋាន​នៃ​រាជ​រដ្ឋាភិបាល​​បាន​អះអាង​ថា​មិន​បាន​ដឹង​អំពី​សេចក្តី​ព្រាង​សារាចរ​​​នេះ​ឡើយ ហើយ​​បាន​បង្វែរសំនួររបស់​​​យើង​​​​ទៅ​​ក្រសួង​សុខាភិបាល​។​


​ផ្ទុយ​ទៅ​វិញ នៅ​​តាម​អង្គការក្រៅរដ្ឋាភិបាល​ដែល​អន្តរាគមន៍​នៅ​ក្នុង​វិស័យ​ប្រយុទ្ធ​ប្រឆាំង​ថ្នាំ​ជក់​​ ដូចជា​អង្គការ​ជំនួយ​អភិវឌ្ឍន៍​អាត់វេន​ទីស្ទ​កម្ពុជា (Adra) គេ​បាន​ធ្វើ​ការ​រៀប​រាប់​យ៉ាង​​ក្បោះ​ក្បាល​​​​។​ លោក​កែវ គ្រឹស្នា​ ប្រធាន​គម្រោង​ «ថ្នាំជក់ រឺ​សុខភាព» នៃ​អង្គការ​​នេះ បាន​​វាយ​តម្លៃ​ថា រូប​ភាព​​​ព្រមាន​​​ជា​អាទិ៍ ​ដែល​ត្រៀម​ទុក​នៅ​ក្នុងសេចក្តីព្រាង​សារាចរ​របស់​រដ្ឋាភិបាល​នេះ នឹង​មាន​​ឥទ្ធិពល​​ពិត​ប្រាកដ​មួយ ​ទៅ​​លើ​សាធារណៈ​​​​ជន​ និង​ចូល​រួម​ចំណែក​កាត់​បន្ថយ​ការ​ប្រើ​ប្រាស់​ថ្នាំ​ជក់​។ លោក​កែវ គ្រឹស្នា​​បាន​កត់​សម្គាល់​ថា «ទោះ​បី​ជា​ផលិត​​តាម​របៀបណា​ក៏​ដោយ​ ថ្នាំជក់​ទាំង​អស់​​មាន​ផ្ទុក​សារធាតុ​គីមី​ជាង​​៤ ០០០​ប្រភេទ។ ប៉ុន្តែ បច្ចុប្បន្ន​នេះ យើង​ឃើញ​កញ្ចប់​បារី មាន​សរសេរ​សារ​ព្រមាន​អក្សរ​តូច​ៗ​ថា​ “ជក់​បារី​នាំ​អោយ​មាន​គ្រោះ​ថ្នាក់​ដល់​សុខ​ភាព“​ (តាំង​ពី​ខែ​កក្កដា ឆ្នាំ​១៩៩៨មក)​ ដែល​អ្នក​​ជក់​សឹង​តែ​​មិន​បាន​ចាប់​អារម្មណ៍​​​។ លើស​ពី នេះ ប្រជាពលរដ្ឋ​ខ្លះ​មិនចេះ​អាន​អក្សរ​ គាត់មិន​យល់​​ខ្លឹម​សារ​នៃ​​សារ​ព្រមាន​នោះឡើយ​ ដូចនេះ គាត់មិន​បាន​ដឹង​ថា​ថ្នាំជក់​ផ្ទុក​សារធាតុ​ពុល​ឡើយ»​។​


ចំណែក​​លោក​វេជ្ជបណ្ឌិត យ៉ិល ដារ៉ាវុធ មន្រ្តី​ទទួល​បន្ទុក​​​កម្មវិធី «គំនិ​ត​ផ្តួច​ផ្តើម​គ្មាន​ថ្នាំជក់ និង​លើក​កម្ពស់​សុខភាព» របស់​​អង្គការ​សុខ​ភាព​ពិភព​លោក​ ក៏​បាន​សំដែង​សោមនស្សរីករាយ​ផង​ដែរ​ចំពោះ​ទស្សនៈ​វិស័យ​នៃ​វិធាន​ការ​នេះ។ លោក​បាន​ចាត់​ទុក​វិធានការ​ខាង​លើ​ គឺជា​សញ្ញា​ខ្លាំង​មួយ​របស់​រដ្ឋាភិបាល ដើម្បី​ធ្វើ​អោយ​មាន​ការ​​គោរព​អនុសញ្ញា​​ស្តី​ពីការ​​ត្រួត​ពិនិត្យ​ថ្នាំ​ជក់​។ លោក​ទន្ទឹង​រង់​ចាំ​ការ​អនុម័ត​សេចក្តី​ព្រាង​សារាចរ​នេះ ពី​សំណាក់​រដ្ឋាភិបាល​។​ សកម្មជន​ប្រឆាំង​ថ្នាំ​​ជក់​នៃ​អង្គការ​សុខ​ភាព​ពិភព​លោក​​ប្រចាំ​កម្ពុជា ដែល​ជា​ដៃ​គូ​របស់​ក្រសួង​សុខាភិបាល រូប​នេះ​​បាន​លើកឡើង​ថា​ «ប្រទេស​សិង្ហបុរី និង​ប្រទេស​ថៃ​មាន​សាររូ​ប​ភាព​ព្រមាន​នេះ​រួច​ជា​ស្រេច​ហើយ​នៅ​លើ​កញ្ចប់​បារី។ សារ​នេះ​អាច​ជួយ​ ​ផ្តល់​​ព័ត៌មាន​ដល់​ប្រជាពលរដ្ឋ​របស់​ពួកគេ អោយ​យល់​ដឹង​​​អំពី​ផល​ប៉ះពាល់​អាក្រក់​នៃថ្នាំ​ជក់​ និង​ជម្រុញ​​អោយ​ពួកគេ​កាត់​បន្ថយ​ការ​ប្រើ​ប្រាស់​ថ្នាំ​ជក់»។​


អ្នក​ស្លាប់រាប់ម៉ឺននាក់
វិធានការ​នេះ​អនុញ្ញាត​អោយមាន​ការ​ដឹកនាំ​យុទ្ធនាការ​ដោយ​ផ្ទាល់​មួយ​ នៅ​ចំណោម​​អ្នកជក់​បារី​ប្រហែល​១,៩លាន​នាក់នៅ​ប្រទេស​កម្ពុជា​​ (​បុរស​១,២លាន​នាក់ ស្មើ​នឹង​៤០%​នៃ​ប្រជាជន​ភេទ​ប្រុស​​ពេញ​វ័យសរុប​​) ដោយ​យោង​តាម​ការ​ស្ទង់​​មតិ​​មួយ ដែល​រៀប​ចំ​ធ្វើ​ឡើង​កាលពី​ឆ្នាំ​២០០៥ ដោយ​អង្គការ Adra វិទ្យាស្ថាន​​ជាតិ​ស្ថិតិ និង​សាកលវិទ្យាល័យ​ឡូម៉ា លីនដា (សហរដ្ឋ​អាមេរិក)។ លោក​កែវ គ្រឹស្តា បាន​គូស​បញ្ជាក់​ថា «ថ្នាំ​ជក់​គឺជា​ឃាតក​លាក់​មុខ ផ្ទុយ​ពី​គ្រោះ​ថ្នាក់​​​ចរាចរណ៍​។ យោង​តាម​ការ​សន្និដ្ឋាន​របស់​យើងនៅ​ឆ្នាំ​២០០៧ អ្នក​ជក់​បារី​ចំនួន​​៧៣ ៥០០នាក់​បាន​បាត់​បង់​ជីវិត​នៅ​ប្រទេស​កម្ពុជា​ ​ដោយសារ​ផល​ប៉ះ​ពាល់​​​​​នៃ​​ថ្នាំ​​ជក់​»។ នេះ​គឺជាការ​កត់សម្គាល់​​ប្រកាស​អាសន្ន​មួយ។ ចំណែក​លោកយ៉ិល ដារ៉ាវុធ ក៏​បានយល់​ឃើញ​​ដូច​គ្នា​នេះ​ផង​ដែរ ដោយ​បាន​អះអាង​ថា ៩០%នៃករណី​ជំងឺ​មហារីកសួត បណ្តាល​មក​ពី​បារី។​


លោក​កែវ គ្រឹស្នា បាន​អះអាង​ថា​ ការ​បង្ការ​ចំពោះបញ្ហា​នេះគឺជា​រឿង​ចាំ​បាច់​។ បើ​​​តាម​​ប្រសាសន៍​របស់​លោក វិធានការ​​សំខាន់ៗ ដែល​​អង្គការ​ក្រៅ​រដ្ឋាភិបាល ក៏​​ដូច​ជា​ក្រសួង​នានាបាន​​ណែនាំ​ ដូច​ជា​​ការ​បង្កើត «តំបន់​គ្មាន​ផ្សែង​បារី» នៅ​តាម​គ្រឹះស្ថាន​សាធារណៈ មន្ទីរ​ពេទ្យ វត្ត​អារ៉ាម និង​សាលា​រៀននៅ​តាម​បណ្តា​ខេត្ត​-ក្រុង​ជា​ច្រើន​ បានជួយ​ធ្វើ​អោយ​​​មាន​ការ​កាត់​បន្ថយ​ការ​ប្រើ​ប្រាស់​ថ្នាំជក់។​


ឧស្សាហកម្ម​ថ្នាំជក់​អំពាវ​នាវ​អោយ​មាន​ការ​ចូល​រួម​និង​ត្រៀម​អនុវត្ត​
សេចក្តី​​ព្រាង​​សារាចរ​នេះ​​មិន​បាន​​​ធ្វើ​អោយ​អ្នក​ទទួល​ខុស​ត្រូវ​ក្រុមហ៊ន​​ដែល​ផលិត និង​ធ្វើពាណិជ្ជកម្ម​ថ្នាំជក់​នៅ​លើទីផ្សារកម្ពុជាថ្នាំង​ថ្នាក់​ទេ​​។ អ្នក​ទាំង​នោះ​បាន​និយាយ​ថា​​ត្រៀម​លក្ខណៈ​​អនុវត្ត​​វិធាន​​ការ​ថ្មី​ ស្តីពី​ «ការ​​វេច​ខ្ទប់​» ផលិតផល​របស់​ពួកគេ។ តា​មរយៈ​​នាយក​គ្រប់​គ្រង​ផ្នែក​កិច្ច​ការ​សាជីវកម្ម​និង​ច្បាប់​​នៅ​កម្ពុជា និង​ឡាវ​នៃ​ក្រុមហ៊ុនផលិត​ថ្នាំ​ជក់​​អន្តរ​ជាតិ​ដ៏​​ធំ​ គឺ​ក្រុមហ៊ុន British American Tobacco (BAT) ​ដែល​មាន​វត្តមាន​​នៅ​ប្រទេស​កម្ពុជា​ តាម​រយៈ​ភាគហ៊ុនមួយ​ ជាមួយ​​អតីត​ក្រុមហ៊ុន​របស់​រដ្ឋ​មួយ ចាប់​តាំង​ពី​ឆ្នាំ​១៩៩៦​មក​​ លោក​លីម គុណ មាន​ប្រសាសន៍​គាំទ្រ​​ «ទាំង​ស្រុង» ចំពោះ​ឆន្ទៈ​របស់​រដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​ដាក់​បញ្ជូល​បទ​ប្បញ្ញត្តិ​ទូទៅ​របស់​​​អនុសញ្ញា​ស្តី​ពីការ​​ត្រួត​ពិនិត្យ​ថ្នាំ​ជក់​ ទៅ​ក្នុង​ច្បាប់​និង​វិធាន​ជាតិ។ ប៉ុន្តែ អ្នក​ទទួល​​ខុ​ស​ត្រូវ​រូ​បនេះ​គ្រាន់​​តែ​មាន​បំណង​ទទួល​បាន​ព័ត៌មាន​ពី​​ស្ថាប័ន​ពាក់ព័ន្ធ​ អំពី​សេចក្តី​​ព្រាង​សារាចរ​ខាង​លើ​នេះ ដើម្បី​អនុញ្ញាត​អោយ​តំណាង​ឧស្សាហកម្ម​ថ្នាំជក់​កម្ពុជា​ទាំង​មូល​ចូលរួម​​ផ្តល់​យោបល់​​... ប្រសិន​ជា​មិនទាន់​ហួស​ពេល។ លោក​នាយក​បាន​ស្នើសុំថា ​«​ជំហរ​របស់​ BAT នៅ​លើ​ពិភព​លោកទាំងមូល​ គឺ​មិន​ប្រឆាំង​នឹង​ច្បាប់​របស់​ប្រទេស​ណាមួយ រឺប្រឆាំង​នឹង​​អនុសញ្ញា​ណាមួយ​របស់​​​អង្គការ​សុខភាព​ពិភព​លោក​ឡើយ។ ប៉ុន្តែ ដោយ​សារ​វិធាន​នេះ​ពាក់​ព័ន្ធ​នឹង​​​ឧស្សាហ​កម្ម​​ថ្នាំ​ជក់ ឧស្សាហកម្ម​គួរ​ត្រូវ​បាន​អញ្ជើញ​ចូល​រួម​ផ្តល់​យោបល់»។​ លោក​បានអះអាង​ថា​ក្រុមហ៊ុន​របស់​​លោក​មិន​ត្រូវ​បាន​អញ្ជើញ​ចូល​​​រួមពិភាក្សា​ ជុំវិញ​សេចក្តី​ព្រាង​សារាចរ​​ជាមួយ​​​អង្គការសុខ​ភាព​​ពិភព​លោក​និង​ក្រសួង​​សុខាភិបាល​​នោះទេ។​


លោក​លីម គុណ បាន​សំដែង​នូវ​ការ​ព្រួយបារម្ភ​ចំពោះប្រសិទ្ធភាព​នៃការ​អនុវត្ត​វិធានការ​នេះ ដោយ​សារ​​ការ​ខ្វះខាត​ព័ត៌មាន​ និង​ការ​ពិភាក្សា​​​​។​ លោក​បាន​​អះ​អាង​​ថា «បន្ទាប់​ពី​អត្ថបទ​ច្បាប់​នេះ​ត្រូវ​ចូល​ជា​ធរមាន​ យើង​ត្រូវការ​រយៈ​ពេល​ពី​៦​ខែ​​ទៅ​មួយ​ឆ្នាំ ដើម្បី​អាច​រំដោះ​ផលិត​ផល​របស់​យើង​នៅ​ក្នុង​ទីផ្សារ​ និង​ដើម្បី​បញ្ជា​​ទិញ​ម៉ាស៊ីន​វេច​ខ្ចប់​ពី​ខាង​ក្រៅ​​។ ប៉ុន្តែ ប្រសិនជា​ឧស្សាហកម្ម​ថ្នាំជក់​ទាំង​អស់​​បាន​ចូល​រួមពិភាក្សា​​ ​ ក្រុមហ៊ុន​BAT នឹង​ឈាន​អនុវត្ត​មុន​គេ​​​»។ លោក​បាន​បន្ថែម​​ទៀត​ថា​លោក​មិន​​​មាន​បំណង​ធ្វើ​ការ​រិះគន់​ណាមួយ​ប្រឆាំង​រដ្ឋាភិបាល​ឡើយ។


ចំណែក​​អ្នក​ទទួល​ខុស​ត្រូវ​​របស់​ក្រុមហ៊ុន Texas Tobacco ហាក់​បី​ដូច​ជា​មិន​សូវ​​ព្រួយ​បារម្ភ​​ចំពោះ​វិធាន​ការ​នេះ​ឡើយ។ លោក​គឹម ឈួន អ្នក​​ទទួល​បន្ទុក​រដ្ឋបាល​​នៃ​ក្រុមហ៊ុន​ថ្នាំជក់នេះ​ បាន​បញ្ជាក់​ថា​ «ការ​លក់​របស់យើង​អាច​នឹង​ធ្លាក់​ចុះ​​បន្តិច​បន្តួច ប៉ុន្តែ យើង​មិន​ព្រួយ​បារម្ភ​ចំពោះ​រឿង​នេះ​ឡើយ ព្រោះ​​ទីផ្សារ​សំខាន់​​​ដែល​យើង​ត្រូវ​លក់​ផលិត​ផល​​ គឺ​មិនមែន​ក្នុង​ស្រុក​នោះ​ទេ គឺ​​ប្រទេស​​សិង្ហបុរី ដែល​នៅ​ទីនោះ ការ​នាំ​ចេញ​របស់យើង​ត្រូវ​បោះ​ពុម្ព​រួច​ជា​ស្រេច​ នូវ​រូប​ភាព​​ព្រមាន​សុខភាព​បែប​នេះ​»។​


​ទោះ​បីជា​ក្រោយ​ការ​ចេញ​​​សារាចរ​នេះ​ក៏ដោយ ក៏​គ្មាន​អ្វី​ដែល​នឹង​អាច​បញ្ឈប់​​ក្រុមហ៊ុនទាំង​នេះ​ មិនអោយ​បន្ត​លើក​កម្ពស់​ផលិត​ផល​របស់​ខ្លួន​ឡើយ ដូច​​ជា​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម រឺ​ការ​ផ្សព្វផ្សាយ​ផ្ទាល់​ទៅ​អ្នក​ប្រើ​ប្រាស់​ថ្នាំជក់​កម្ពុជា​ ពី​ព្រោះ​បារី​ជា​ផលិត​ផល​ស្រប​ច្បាប់​។​



ដំបូន្មាន​គន្លឹះ​ដើម្បី​កាត់​ផ្តាច់ចេញពី​ថ្នាំជក់​
នៅ​ក្នុង​ក្រប​ខ័ណ្ឌនៃ​ការងារ​របស់​ខ្លួន អង្គការ​ជំនួយ​អភិវឌ្ឍន៍​អាត់វេន​ទីស្ទ​កម្ពុជា (Adra) បាន​រៀប​ចំ​យុទ្ធនាការ​ផ្សព្វផ្សាយ​មួយ ទៅកាន់​អ្នកដែល​មាន​បំណង​ឈប់​​ជក់​បារី។ លក្ខខណ្ឌ​ចាំបាច់​ គឺការ​បេ្តជ្ញា​ចិត្ត​ឈប់​ជក់​​​។ លោក​កែវ គ្រឹស្នា ​ ប្រធាន​គម្រោង​ «ថ្នាំជក់ រឺ​សុខភាព»​ នៃ​អង្គការ​​​នេះ បាន​ពន្យល់ថា អ្នក​​ជក់​បារី​ត្រូវ​តាំង​ចិត្ត​ថា​ឈប់​ជក់​បារី និ​ង​ពន្យារ​ពេល​នៃការ​ជក់​បារី។ លោក​កែវ​ គ្រឹស្នា បាន​​រៀប​រាប់​លំអិត​ថា​ «ប្រសិន​ជា​ពួក​គាត់​​​​​ទំលាប់​ជក់​បារី​នៅ​ម៉ោង​១០ព្រឹក ពួក​គាត់​​ត្រូវ​​ពន្យារ​ពេល​ជក់​បារី​ដើម​ដំបូង រយៈ​ពេល​១៥​នាទី។ បន្ទាប់​មក ​ពួក​គាត់​នឹង​អាច​កាត់​បន្ថយ​បន្តិច​ម្តងៗ ពីការ​ជក់​​បារី​មួយ​កញ្ចប់​ក្នុង​មួយ​ថ្ងៃ មក​​ត្រឹម​កន្លះ​កញ្ចប់ ក្នុងមួយ​ថ្ងៃ។ ជា​ចុង​ក្រោយ​​ ​ពួក​គាត់​ត្រូវ​​​បោះ​ចោល​​កញ្ចប់​បារីដែល​ធ្លាប់​ជក់ និង​កុំ​នៅ​ជិត​អ្នក​ជក់​បារី ព្រោះ​ផ្សែង​បារី​​​អាច​ជម្រុញ​​ពួក​គាត់​​អោយ​​ចាប់​​ផ្តើម​​ជក់​ឡើង​​វិញ។ ប្រសិនជា​គេ​អោយ​បារីមួយ​ដើម​ដល់​ពួក​គាត់ ​ពួក​គាត់​​​ត្រូវ​អរគុណ​​​អ្នក​នោះ ដោយ​​​និយាយ​ប្រាប់​​​ថា​​​ឈប់​ជក់​បារី​ហើយ​»​។​​ រយៈ​ពេល​នៃ​ការ​អនុវត្ត​វិធានការ​នេះ​មាន​ភាព​ខុស​​គ្នា អ្នក​ខ្លះ​ប្រើ​ពេល​មួយ​សប្តាហ៍ អ្នក​ខ្លះ​ទៀត​ប្រើ​ពេល​៣ខែ ​អាស្រ័យ​លើ​អ្នក​ជក់​។


នៅ​លើ​វិប​សាយ
-អនុសញ្ញា​ស្តីពីការ​ត្រួត​ពិនិត្យ​ថ្នាំជក់ នៅ​លើ​វិប​សាយ​របស់​អង្គការ​សុខ​ភាព​ពិភព​លោក​

-ការ​សិក្សា​លំអិត​របស់​ទីភ្នាក់ងារ​អន្តរ​ជាតិ​សម្រាប់​ការ​ស្រាវជ្រាវ​ស្តី​ពី​ជំងឺ​មហារីក ជុំវិញ​ការ​ប្រើប្រាស់​​ថ្នាំជក់



អាន​បន្ថែមលើវិបសាយកាសែត

-ការឡើង​ទម្ងន់​នៅ​ទីក្រុង​ភ្នំពេញ​ជា​បញ្ហា​មួយ​មិន​អាច​ធ្វេស​ប្រហែស​ឡើយ ២២-១២-២០០៨
-គ្រឿង​ញៀន ការ​រួម​ភេទ និង​ជំងឺ​អេដស៍ អាច​ជា​​បញ្ហា​គំរាម​កំហែង​ប្រទេស​​កម្ពុជា​ដែរ​​រឺ​​ទេ?   ២៥-១១-២០០៨
-ដល់​ពេល​ចាំ​បាច់​ធ្វើ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជម្ងឺ​គ្រុនចាញ់ ២៤-០៤-២០០៨

 


0 អធិប្បាយ
ផ្តល់សេចត្តីអធិប្បាយ
អ៊ីមែល៖
 
ចំណងជើង៖
ឈ្មោះ៖
វ៊ិបសាយ៖
[b] [i] [u] [url] [quote] [code] [img] 
 
សូមបញ្ជូលកូតដែលលោក​អ្នកឃើញនៅក្នុងរូប ។ ចុចលើរូប​ដើម្បី​ប្តូររូ​ប ។

យើង​ខ្ញុំ​សូ​​មអរគុណ​ចំពោះ​អត្ថា​ធិប្បាយ​របស់​អស់​លោក​អ្នក ។ រាល់​អត្ថាធិប្បាយ​ទាំង​អស់​មិន​​ត្រូវ​​សរ​សេរ​អោយ​លើស​ពី​១៦​បន្ទាត់​ទ្បើយ ។ សូម​បញ្ជាក់ថា កាសែត​ មិនទទួលខុសត្រូវរាល់​អត្ថា​ធិប្បាយ​ណា​ដែល​បាន​ផ្សព្វផ្សាយ​នៅ​ក្នុង​​ផ្នែក អត្ថាធិប្បាយ ទ្បើយ។ រាល់អត្ថាធិប្បាយ​ទាំង​អស់​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​អ្នក​អាន មិន​​មែន​ជា​ទស្សនៈ​របស់​ផ្នែក​និពន្ធ​យើង​ទេ។ ចំពោះ​ព័ត៌​មាន​បន្ថែម​សូមទាក់​ទង​យើង​ខ្ញុំ​តាម​រយៈអ៊ីម៉ែល Cet e-mail est protégé contre les robots collecteurs de mails, votre navigateur doit accepter le Javascript pour le voir

3.26 Copyright (C) 2008 Compojoom.com / Copyright (C) 2007 Alain Georgette / Copyright (C) 2006 Frantisek Hliva. All rights reserved."

អត្ថបទបន្ថែម

ដំបូន្មាន​គន្លឹះ​ដើម្បី​កាត់​ផ្តាច់ចេញពី​ថ្នាំជក់​
នៅ​ក្នុង ​ក្រប​ខ័ណ្ឌនៃ​ការងារ​របស់​ខ្លួន អង្គការ​ជំនួយ​អភិវឌ្ឍន៍​អាត់វេន​ទីស្ទ​កម្ពុជា (Adra) បាន​រៀប​ចំ​យុទ្ធនាការ​ផ្សព្វផ្សាយ​មួយ ទៅកាន់​អ្នកដែល​មាន​បំណង​ឈប់​​ជក់​បារី។ លក្ខខណ្ឌ​ចាំបាច់​ គឺការ​បេ្តជ្ញា​ចិត្ត​ឈប់​ជក់​​​។ លោក​កែវ គ្រឹស្នា ​ ប្រធាន​គម្រោង​ «ថ្នាំជក់ រឺ​សុខភាព»​ នៃ​អង្គការ​​​នេះ បាន​ពន្យល់ថា អ្នក​​ជក់​បារី​ត្រូវ​តាំង​ចិត្ត​ថា​ឈប់​ជក់​បារី និ​ង​ពន្យារ​ពេល​នៃការ​ជក់​បារី។ លោក​កែវ​ គ្រឹស្នា បាន​​រៀប​រាប់​លំអិត​ថា​ «ប្រសិន​ជា​ពួក​គាត់​​​​​ទំលាប់​ជក់​បារី​នៅ​ម៉ោង​១០ព្រឹក ពួក​គាត់​​ត្រូវ​​ពន្យារ​ពេល​ជក់​បារី​ដើម​ដំបូង រយៈ​ពេល​១៥​នាទី។ បន្ទាប់​មក ​ពួក​គាត់​នឹង​អាច​កាត់​បន្ថយ​បន្តិច​ម្តងៗ ពីការ​ជក់​​បារី​មួយ​កញ្ចប់​ក្នុង​មួយ​ថ្ងៃ មក​​ត្រឹម​កន្លះ​កញ្ចប់ ក្នុងមួយ​ថ្ងៃ។ ជា​ចុង​ក្រោយ​​ ​ពួក​គាត់​ត្រូវ​​​បោះ​ចោល​​កញ្ចប់​បារីដែល​ធ្លាប់​ជក់ និង​កុំ​នៅ​ជិត​អ្នក​ជក់​បារី ព្រោះ​ផ្សែង​បារី​​​អាច​ជម្រុញ​​ពួក​គាត់​​អោយ​​ចាប់​​ផ្តើម​​ជក់​ឡើង​​វិញ។ ប្រសិនជា​គេ​អោយ​បារីមួយ​ដើម​ដល់​ពួក​គាត់ ​ពួក​គាត់​​​ត្រូវ​អរគុណ​​​អ្នក​នោះ ដោយ​​​និយាយ​ប្រាប់​​​ថា​​​ឈប់​ជក់​បារី​ហើយ​»​។​​ រយៈ​ពេល​នៃ​ការ​អនុវត្ត​វិធានការ​នេះ​មាន​ភាព​ខុស​​គ្នា អ្នក​ខ្លះ​ប្រើ​ពេល​មួយ​សប្តាហ៍ អ្នក​ខ្លះ​ទៀត​ប្រើ​ពេល​៣ខែ ​អាស្រ័យ​លើ​អ្នក​ជក់​។

នៅ​លើ​វិប​សាយ

-អនុសញ្ញា​ស្តីពីការ​ត្រួត​ពិនិត្យ​ថ្នាំជក់ នៅ​លើ​វិប​សាយ​របស់​អង្គការ​សុខ​ភាព​ពិភព​លោក​

-ការ​សិក្សា​លំអិត​របស់​ទីភ្នាក់ងារ​អន្តរ​ជាតិ​សម្រាប់​ការ​ស្រាវជ្រាវ​ស្តី​ពី​ជំងឺ​មហារីក ជុំវិញ​ការ​ប្រើប្រាស់​​ថ្នាំជក់


អាន​បន្ថែមលើវិបសាយកាសែត

-ការឡើង​ទម្ងន់​នៅ​ទីក្រុង​ភ្នំពេញ​ជា​បញ្ហា​មួយ​មិន​អាច​ធ្វេស​ប្រហែស​ឡើយ ២២-១២-២០០៨
-គ្រឿង​ញៀន ការ​រួម​ភេទ និង​ជំងឺ​អេដស៍ អាច​ជា​​បញ្ហា​គំរាម​កំហែង​ប្រទេស​​កម្ពុជា​ដែរ​​រឺ​​ទេ?   ២៥-១១-២០០៨
-ដល់​ពេល​ចាំ​បាច់​ធ្វើ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជម្ងឺ​គ្រុនចាញ់ ២៤-០៤-២០០៨

 

 

 
Empower your lifestyle with BlackBerry from Hello
 

 
 
ដំណឹងថ្មីៗ