ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជាបាននិយាយអំពី «ការដើរថយក្រោយសម្រាប់នីតិរដ្ឋ» នៅក្នុងសេចក្តីថ្លែងការណ៍មួយ ចេញផ្សាយកាលពីថ្ងៃពុធ ទី២៨ ខែមករា ពោលគឺរយៈពេល៤ថ្ងៃ ក្រោយការបណ្តេញភ្លាមៗ និងប្រកបដោយហិង្សាមួយ ទៅលើសហគមន៍ដីក្រហម ជាប់នឹងអគារប៊ូឌីង ស្ថិតនៅកណ្តាលទីក្រុងភ្នំពេញ។ តំណាងការិយាល័យឧត្តមស្នងការសហប្រជាជាតិបានចូលរួមឃ្លាំមើលដោយរន្ធត់នូវព្រឹត្តិការណ៍ថ្មីបំផុតនៃការបណ្តេញចេញប្រកបដោយអំពើហិង្សា ក្នុងចំណោមករណីជាច្រើនដែលបានកើតមានជាបន្តបន្ទាប់អស់រយៈពេលជាយូរមកហើយនៅទីក្រុងភ្នំពេញ ក្នុងរូបភាពនៃការអភិវឌ្ឍន៍ទីក្រុង និង«ការកែលម្អសោភ័ណភាពទីក្រុង»។
«ការបណ្តេញចេញនេះ គេអាចបញ្ចៀសបាន»។ ស្ថាប័នសហប្រជាជាតិនេះបានថ្កោលទោសសាលាក្រុងថា «បានទទួលបរាជ័យដើម្បីលើកកម្ពស់ច្បាប់ និងការពារសិទ្ធិអ្នកភូមិដីក្រហមរបស់ខ្លួន» ខណៈអ្នកភូមិទាំងនេះបំពេញបាននូវលក្ខខណ្ឌសម្រាប់ទទួលសិទ្ធិភោគៈ ក្រោមច្បាប់ភូមិបាលឆ្នាំ២០០១ និងបានមករស់នៅទីនោះ តាំងពីដើមឆ្នាំ១៩៨០មកម្ល៉េះ។
ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជាបានសង្ខេបថា «នៅឆ្នាំ២០០៣ រាជរដ្ឋាភិបាលកម្ពុជាបានផ្តល់អោយសហគមន៍នេះនូវដីសម្បទានសង្គមនៅនឹងកន្លែង គឺជាការរៀបចំមួយ ដែលនៅក្រោមច្បាប់ភូមិបាលត្រូវគេសន្មត់ថា ត្រូវការពារសិទ្ធិរបស់សហគមន៍ក្រីក្រចំពោះដីធ្លីរបស់គេ។ តាមកិច្ចព្រមព្រៀងនេះ ការបណ្តេញចេញនេះ គឺជាការរំលោភសិទ្ធិដីធ្លីរបស់ពួកគេ និងរំលោភច្បាប់ភូមិបាលដែលការពារទ្រព្យសម្បត្តិឯកជនរបស់ប្រជាពលរដ្ឋកម្ពុជា»។ «ទាំងរដ្ឋធម្មនុញ្ញ និងច្បាប់ភូមិបាលបានចែងថា គ្មាននរណាម្នាក់អាចដកហូតដីធ្លីរបស់ពួកគេដោយទំនើងចិត្ត ដោយគ្មានការផ្តល់នូវសំណងត្រឹមត្រូវឡើយ»។
ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជាបានរម្លឹកថា «កាលពីជាង៣ឆ្នាំមុន ការចរចាត្រូវបានផ្តួចផ្តើមគំនិតរវាងក្រុមហ៊ុន7NG ដែលទទួលបានសម្បទានដីតំបន់នេះកាលពីឆ្នាំ២០០៦ និងអ្នកភូមិ។ ក្រុមហ៊ុនបានស្នើជម្រើសសាងសង់ផ្ទះ នៅតំបន់លំនៅដ្ឋានបង្កើតថ្មី គឺភូមិដំណាក់ត្រយឹង ខ័ណ្ឌដង្កោ ស្ថិតនៅជាយក្រុងភ្នំពេញ។ ក្រុមហ៊ុនបានរៀបចំប្រព័ន្ធទឹក និងភ្លើងអគ្គិសនីនៅតំបន់នោះ សាងសង់ផ្ទះល្វែង និងផ្សារស្ថិតនៅក្បែររោងចក្រកាត់ដេរ ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនមានកម្មករចំនួន ២០០០នាក់កំពុងបំរើការងារ។ ក្នុងការប្រៀបធៀបនឹងការអនុវត្តន៍កាលពីមុន ដំណើរការនេះជាដំណើរការគួរអោយស្វាគមន៍ ដោយមានសំណងសមរម្យជាងមុន»។ ការិយាល័យសហប្រជាជាតិនេះបានបន្តទៀតថា «ចាប់តាំងពីពេលនោះមកតម្លៃដីចេះតែកើនឡើងយ៉ាងសន្ធឹកសន្ធាប់ ហើយដោយសារតែបញ្ហាការកើនឡើងតម្លៃដីនេះ ហើយការទាមទាររបស់អ្នកភូមិ ដែលនៅសេសសល់សម្រាប់ធ្វើការពិចារណាសំណងសមល្មមនឹងតម្លៃទីផ្សារ។ នេះគឺជាការទាមទារស្របច្បាប់»។
នៅខណៈដែលអ្នកភូមិចំនួន១៣០០គ្រួសារបានព្រមព្រៀងផ្លាស់ប្តូរទីកន្លែងទៅកាន់តំបន់ដំណាក់ត្រយឹង ហើយក្រុមដែលនៅសេសសល់ចំនួន១៥០គ្រួសារ ដោយរួមទាំងយ៉ាងហោចណាស់៩០គ្រួសារទាមទារសិទ្ធិកាន់កាប់ដីធ្លីស្របច្បាប់ ហើយមិនព្រមទទួលយកសំណើរបស់ក្រុមហ៊ុន ដែលគេគិតថា ទាបជាងតម្លៃទីផ្សារឆ្ងាយ។ «ពួកគេបានប្រឆាំងនឹងសម្ពាធ ការគំរាមគំហែង ការបំភិតបំភ័យ និងចំណាត់ការផ្លូវច្បាប់របស់ក្រុមហ៊ុនប្រឆាំងនឹងសមាជិក៩នាក់របស់ខ្លួន ដោយមានគោលបំណងដាក់ការបង្ខិតបង្ខំលើការទាមទាររបស់ប្រជាពលរដ្ឋ។ ក្នុងដំណើរការនេះ អ្នកភូមិក្នុងសហគមន៍ត្រូវបានគេលាបពណ៌យ៉ាងអយុត្តិធម៌ថាជា “ ក្រុមអនាធិបតេយ្យ និងឱកាសនិយម” ហើយថាតំបន់នេះជា កន្លែងហិង្សា លួច ប្លន់ គ្រឿងញៀន និងពេស្យាចារ្យ»។ អង្គការសង្គមស៊ីវិលបានធ្វើការងារនេះអស់រយៈពេលជាច្រើនឆ្នាំ ជាមួយសហគមន៍ ដោយធ្វើការអំពាវនាវអោយអនុវត្តច្បាប់ភូមិបាល និងផ្តល់សំណងសមរម្យ។
ការិយាល័យសហប្រជាជាតិបានផ្តល់អនុសាសថា សំណើចុងក្រោយដែលផ្តល់ដោយក្រុមហ៊ុន7NG នូវសំណងជាមធ្យមចំនួន២០០០០ ដុល្លារអាមេរិក ដល់អ្នកភូមិត្រូវតែគិតគូ។ ការផ្តល់ផ្ទះណាមួយជាផ្នែកនៃសំណងនេះត្រូវបំពេញអោយបាននូវបទដ្ឋាន ជាមូលដ្ឋាន ក្នុងក្របខ័ណ្ឌទទួលបានសេវាប្រើប្រាស់ទឹក អនាម័យ ភ្លើងអគ្គិសនី ការថែរក្សាសុខភាព និងការអប់រំ។
ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជាបានគូសបញ្ជាក់ថា បើច្បាប់ត្រូវបានគេអនុវត្តតាំងពីដំណាក់កាលដំបូងបំផុតនៃដំណើរការនេះ នោះដំណោះស្រាយតាមផ្លូវច្បាប់ និងសន្តិវិធីត្រូវសម្រេចបាន។ «ទោះជាយ៉ាងណាក៏ដោយ ក៏វាមិនទាន់ហួសពេលទេសម្រាប់សាលាក្រុង រដ្ឋាភិបាល និងក្រុមហ៊ុនដែលត្រូវបង្ហាញថាច្បាប់ភូមិបាលអាចលើកកំពស់ និងអនុវត្តដើម្បីការពារសិទ្ធិរបស់ប្រជាពលរដ្ឋទាំងអស់ ដោយមិនគិតពីអ្នកមាន អ្នកក្រ រឺឋានៈសង្គមរបស់ពួកគេឡើយ»។
បន្ថែមលើវិបសាយកាសែត
-បទយកការណ៍រូបថតនិងសម្លេងៈ ការបណ្តេញចេញនៅដីក្រហម
-ដីក្រហមៈ គណបក្សប្រឆាំងកម្ពុជាថ្កោលទោសចំពោះឥរិយាបថរបស់សាលាក្រុងភ្នំពេញ (២៨/០១/២០០៩)
-សំណងជា ផ្ទះល្វែង មិនមែនជាប្រាក់ៈ សំណងសម្រាប់ប្រជាពលរដ្ឋដីក្រហមដែលត្រូវបានបណ្តេញចេញត្រូវបាន ពិនិត្យនិងកែសម្រួលឡើងវិញ (២៧-០១-២០០៩)
-ជម្លោះដីធ្លីនៅកម្ពុជា : តំបន់ដីក្រហមត្រូវបានបោសសម្អាតនៅក្នុងការបណ្តេញដ៏ហិង្សាមួយ (២៤-០១-២០០៩)
នៅលើវិបសាយផ្សេងទៀត
វីដេអូ ស្តីពីការបណ្តេញចេញប្រជាពលរដ្ឋចេញពីតំបន់ដីក្រហម ផលិតដោយអង្គការលីកាដូ កាណាដា
-សំណុំឯកសាររបស់អង្គការលីកាដូ (កម្ពុជា) ស្តីពីដីក្រហម