| ប្រតិកម្មរបស់អ្នកប្រើប្រាស់អ៊ីនធឺណែតទៅនឹងការបណ្តេញប្រជាពលរដ្ឋនៅតំបន់ដីក្រហម |
| ដោយ ឡូរ៉ង់ ឡឺហ្គូអង់វិក | |
| ៣០-០១-២០០៩ |
 វិបសាយជាច្រើនបានចេញផ្សាយអត្ថបទ រូបភាព វីដេអូ និងបទចម្រៀង ដើម្បីកៀរគរអ្នកប្រើប្រាស់អ៊ីនធឺណែតអោយចាប់អារម្មណ៍ចំពោះវាសនារបស់គ្រួសាររស់នៅតំបន់ដីក្រហម ដែលត្រូវបានបណ្តេញចេញ កាលពីថ្ងៃសៅរ៍ ទី២៤ ខែមករាកន្លងទៅនេះ ប៉ូលីសកម្ពុជាបាញ់ឧស្ម័នបង្ហូរទឹកភ្នែកដាក់អ្នកភូមិ កម្មករក្មេងៗកាន់អាវុធគ្រប់ដៃវាយកំទេចបង្គោលរបងផ្ទះយ៉ាងហិង្សា អែស្កាវ៉ាទ័រវាយបំផ្លាញរបស់របរគ្រប់យ៉ាង ដែលអាចបង្កជារបួសស្នាមដល់ប្រជាពលរដ្ឋ ដែលកំពុងស្រែកយំ និងកំពុងប្រមែប្រមូលទ្រព្យសម្បត្តិផ្សេងៗចេញពីលំនៅដ្ឋាន…។ ទិដ្ឋភាពទាំងនេះគឺជាប្រតិបត្តិការនៃការបណ្តេញប្រជាពលរដ្ឋដីក្រហមចុងក្រោយដ៏ហិង្សាមួយ កាលពីថ្ងៃសៅរ៍ ទី២៤ ខែមករា។ ព្រឹត្តិការណ៍បែបនេះមិនត្រូវបានផ្សព្វផ្សាយនៅតាមស្ថានីយទូរទស្សន៍ CNN រឺក៏តាមស្ថានីយទូរទស្សន៍អន្តរជាតិធំៗនោះទេ។ ប៉ុន្តែ រូបភាពនៃការបណ្តេញចេញដ៏ហិង្សាទាំងនេះត្រូវបានផ្សព្វផ្សាយពាសពេញពិភពលោក តាំងពីប៉ុន្មានថ្ងៃមកនេះ តាមរយៈបណ្តាញអ៊ីនធឺណែត និង«បណ្តាញសង្គម[ កន្លែងជជែកពិភាក្សាគ្នារវាងអ្នកប្រើប្រាស់អ៊ីនធឺណែត]» ដូចជា Facebook- YouTube- Flickr- Blogspot- WordPress។ បន្ទាប់ពីអ្នកប្រើប្រាស់ចេះតែបានបញ្ចេញអារម្មណ៍ប្រតិកម្មបន្តិចម្តងៗ ពួកគេក៏ចាប់ផ្តើមមានកំហឹង និងព្យាយាមផ្សព្វផ្សាយព័ត៌មានប្រាប់សាធារណៈទូទៅអោយកាន់តែទូលំទូលាយតាមដែលអាចធ្វើទៅបាន ជុំវិញព្រឹត្តិការណ៍ទាំងនេះ ទាំងនៅប្រទេសកម្ពុជា និងនៅបរទេស។ សកម្មភាពទីមួយរបស់ពួកគេ គឺធ្វើការអំពាវនាវពេញពិភពលោក ដើម្បីតវ៉ានឹងអាជ្ញាធរកម្ពុជានិងក្រុមហ៊ុន 7NG។ សារមួយផ្ញើផ្ទាល់ទៅកាន់មេដឹកនាំ «លោកនាយករដ្ឋមន្រ្តីហ៊ុន សែន ខ្ញុំសរសេរសារមួយផ្ញើលោក ដើម្បីបង្ហាញអំពីអារម្មណ៍របស់ខ្ញុំ ចំពោះការបណ្តេញចេញដ៏ហិង្សាលើប្រជាពលរដ្ឋរស់នៅតំបន់ដីក្រហម កាលពីថ្ងៃទី២៤ ខែមករា ហើយនិងស្នើសុំអោយគ្រួសារដែលត្រូវបណ្តេញចេញទាំងនោះបានទទួលសំណងដែលសមរម្យទៅនឹងការខូចខាតរបស់ពួកគេ»។ នេះគឺជាសារមួយ ក្នុងចំណោម«សារគំរូពីរច្បាប់» ដែលត្រូវបានចេញផ្សាយនៅលើវិបសាយរបស់អង្គការ"Bridges across borders" ។ អង្គការនេះបានអញ្ជើញអ្នកប្រើប្រាស់អ៊ីនធឺណែតនៅទូទាំងពិភពលោក អោយថតចម្លងសារគំរូទាំងនេះ និងបញ្ជូនតាមរយៈទូរសារអេឡិចត្រូនិច (អ៊ីម៉ែល) រឺទូរសារ ទៅកាន់ប្រមុខរដ្ឋាភិបាលកម្ពុជា ព្រមទាំងលោកសុខ អាន រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី សម្តេចហេង សំរិន ប្រធានរដ្ឋសភា លោកកែប ជុតិមា អភិបាលរាជធានីភ្នំពេញ និងលោក ស្រី សុធា ប្រធានក្រុមហ៊ុន 7NG។ ចំណែកនៅលើទំព័រវិបសាយសង្គម Facebook អ៊ីម៉ែលជាច្រើនក៏បានធ្វើការអំពាវនាវដូចគ្នានេះផងដែរ។
វិបសាយនេះ ត្រូវបានផ្តួចផ្តើមបង្កើតឡើងដោយលោក ចន វីក (Jinja) ហៅលោកតឹកកែ ជាអ្នកបង្កើតវិបប្លកជនជាតិបរទេសដែលបានមករស់នៅប្រទេសកម្ពុជា និងជាអ្នកសកម្មនៅក្នុងពិភពអ៊ីនធឺណែតកម្ពុជា។ លោកក៏ជាអ្នកនិពន្ធអត្ថបទស្តីពីប្រភពព័ត៌មានផ្សេងៗ ជុំវិញជម្លោះដីក្រហមផងដែរ។ មកទល់សព្វថ្ងៃនេះ វិបសាយនេះមានសមាជិកចូលរួមចំនួន៤០០នាក់ ដែលបានផ្លាស់ប្តូរគ្នាទៅវិញទៅមក នូវសេចក្តីប្រកាសព័ត៌មាន អត្ថបទសារព័ត៌មាន រូបថត និងវីដេអូ ទាក់ទងនឹងការដកហូតកម្មសិទ្ធិនៅប្រទេសកម្ពុជា។ សារដែលត្រូវបានផ្សព្វផ្សាយនៅលើបណ្តាញសង្គម Facebookនេះ បានមកពីអ្នករស់នៅទីក្រុងភ្នំពេញ និងមកពីតំបន់ឆ្ងាយៗដូចជារដ្ឋកូឡូរ៉ាដូ (សហរដ្ឋអាមេរិក) ប្រទេសកាណាដា អៀរឡង់ ស្វីស អូស្រ្តាលី ថៃ ហុងកុង ហ្វីលីពីន ឥណ្ឌា ចិន ជាដើម។ អ្នកខ្លះផ្ញើសារធម្មតា ដើម្បីបញ្ចេញកំហឹងរបស់ខ្លួន អ្នកខ្លះទៀតអំពាវនាវអោយមានសកម្មភាពជាក់លាក់ ក្នុងចំណោមនោះ មានការផ្តល់អំណោយជាគ្រឿងសង្ហារឹម រឺទ្រព្យសម្បតិ្តចាំបាច់។
រូបភាពវីដេអូនៃហេតុការណ៍ ក្រុមដែលត្រូវបានបង្កើតឡើងនៅលើវិបសាយសហគមន៍នេះក៏បានផ្តល់អត្ថប្រយោជន៍ ដើម្បីផ្លាស់ប្តូរឯកសារសរសេរ សោតទស្សន៍ និងសម្លេង ដើម្បីប្រមូលផ្តុំទុកជាភស្តុតាង។ ក្រៅអំពីតំណភ្ជាប់ឆ្ពោះទៅកាន់បទយកការណ៍រូបថតជាសម្លេង ហើយនិងអត្ថបទជាបីភាសានៃវិបសាយ កាសែត គេក៏សង្កេតឃើញមានរូបភាពវីដេអូ ស្តីអំពីប្រតិបត្តិការបណ្តេញចេញនេះ នៅលើវិបសាយផ្សេងទៀតផងដែរ ដូចជាវីដេអូដែលធ្វើឡើងរួមគ្នាដោយអង្គការ Platapus និងអង្គការលីកាដូកាណាដា ដាក់បង្ហាញនៅលើ Blip TV ហើយនិងរូបវីដេអូផ្សេងទៀត ដែលផ្សព្វផ្សាយនៅលើ YouTube រឺនៅលើវិបសាយនៃអង្គការសិទ្ធិមនុស្ស The Hube ។
នៅលើវិបសាយទាំងនេះ ក៏មានឯកសារជាច្រើន ស្តីពីជីវិតប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋដីក្រហម មុនការបណ្តេញចេញ រឺស្តីពីករណីនៃការបណ្តេញចេញផ្សេងទៀតកាលពីមុនៗ រឺកំពុងតែដំណើរការ ដូចជាករណី បឹងកក់ ជាដើម។
«ការបណ្តេញមួយចេញអាចលាក់កំបាំងការបណ្តេញចេញមួយផ្សេងទៀត» ទន្ទឹមនឹងរូបវីដេអូ រូបថតដែលថតនៅពេលមុននិងក្រោយការបណ្តេញចេញក៏បានត្រូវបានចរាចរជាលក្ខណៈទ្រង់ទ្រាយធំផងដែរ នៅលើបណ្តាញអ៊ីនធឺណែត ដូចជានៅលើវិបសាយរបស់អ្នកថតរូបអាជីព (Peter Harris John Vink និងអ្នកថតរូបមិនមែនអាជីព ( ជា ផល យុវជនកម្ពុជាបម្រើការនៅអង្គការក្រៅរដ្ឋាភិបាលជប៉ុន ដែលចំណាយពេលទំនេរ ដើម្បីថតរូប) រឺនៅលើវិបសាយចែករំលែករូបភាព Flickr ។ ចំណែក អ្នករៀបចំប្លកម្នាក់នៅលើKhmer បានអំពាវនាវដល់អ្នកប្រើប្រាស់អ៊ីនធឺណែតជួយធ្វើការផ្លាស់ប្តូរ«រូបថតគ្មានប្រយោជន៍»ចេញ។ លោកបានសរសេរថា «ការបណ្តេញចេញ(ការបរបោះបង់) អាចលាក់កំបាំងការបណ្តេញចេញមួយផ្សេងទៀត… កិច្ចការនេះត្រូវបន្តតាមដាន…»។
ដោយឡែក គេក៏អាចធ្វើការបញ្ចេញមតិយោបល់ផ្សេងៗនៅលើវិបសាយ Global Voices (ការបកប្រែជាភាសាបារាំង ដោយលោក Norbert Bousigue) ដែលមានរៀបចំជាទស្សនីយភាព និងអត្ថបទដកស្រង់នៃប្រតិកម្មរបស់អ្នកប្រើប្លក (Blog)។
ប្រតិកម្មដ៏ខ្លាំងក្លា នៅលើវិបសាយផ្ទាល់ខ្លួន កញ្ញាជនជាតិហ្វីលីពីន Jivy ដែលរស់នៅទីក្រុងភ្នំពេញ បានរៀបរាប់ទាំងរន្ធត់ចិត្តនូវព្រឹត្តិការណ៍ដែលកញ្ញាបានឃើញផ្ទាល់ភ្នែក កាលពីព្រឹកថ្ងៃសៅរ៍ ទី២៤ ខែមករា។ «នៅព្រឹកនោះ សន្ធាប់សម្លេងខ្លាំងៗបានដាក់អោយខ្ញុំភ្ញាក់ពីដំណេក (...) ខ្ញុំបានសំឡឹងមើលតាមមាត់បង្អួច និងឃើញបុរសជាង១០០នាក់ ស្លៀកពាក់បៃតង កំពុងវាយកំទេចប្រកបដោយហិង្សាទៅលើផ្ទះសំបែងតូចៗ ដែលស្ថិតនៅទល់មុខអគាររស់នៅរបស់គ្រួសារខ្ញុំ។ នេះគឺជាលើកទីមួយ ដែលខ្ញុំបានឃើញទស្សនីយភាពបែបនេះ ហើយខ្ញុំមានអារម្មណ៍ព្រឺព្រួចជាខ្លាំង។ មានប៉ូលីសជាច្រើននាក់ ដែលនៅយាមការការដ្ឋាននេះ ហើយអ្នកមើលជាង១០០នាក់ បានសំឡឹងមើលពីផ្ទះរបស់ពួកគេទៅ នូវព្រឹត្តិការណ៍ដែលជនរួមជាតិខ្មែររបស់ខ្លួនបានបំផ្លាញផ្ទះសំបែងប្រជាជនខ្មែរផ្សេងទៀត បន្តិចម្តងៗ។ (...)។ ខ្ញុំមិនដឹងរាល់រឿងរ៉ាវពីក្រោយខ្នងនៃព្រឹត្តិការណ៍ដ៏រន្ធត់នេះទាំងអស់នោះទេ ខ្ញុំមិនដឹងថាដីតំបន់នេះជារបស់រដ្ឋ រឺជាកម្មសិទ្ធិឯកជនឡើយ។ អ្វីដែលខ្ញុំបានដឹង គឺថាមានមនុស្សនៅតាមផ្លូវ ស្នើសុំចរចា អំពីបញ្ហានេះ មុនពេលកំទេចចោល។ ប៉ុន្តែ មនុស្សគ្មានបេះដូងមិនត្រូវការស្តាប់អ្វីទាំងអស់»។
ចំណែកអ្នកសរសេរប្លក (Bloguer)ផ្សេងទៀតក៏បានរៀបរាប់នូវរឿងរ៉ាវដែលពួកគេបានឃើញផងដែរ ដូចជា Steve- Wendy- Isacc-Niam (សមាជិកទាំង៤នាក់នៃគ្រួសារប្រូតេស្តង់ ដែលបានមកធ្វើការនៅប្រទេសកម្ពុជា ) ក៏បានបញ្ចេញកំហឹងរបស់ពួកគេ ចំពោះការបណ្តេញអ្នកភូមិដីក្រហមចេញពីលំនៅដ្ឋានរបស់ពួកគេ។
អ្នកសរសេរប្លកខ្មែរមានការចូលរួមតិចតួច យ៉ាងណាមិញ គេសង្កត់សម្គាល់ឃើញថា អ្នកសរសេរនៅលើប្លកខ្មែរគឺកំរចូលរួមបញ្ចេញមតិជុំវិញប្រធានបទនេះណាស់។ ភាគច្រើន រួមទាំងអ្នកដែលតែងតែចូលរួមបញ្ចេញគំនិតលើប្រធានបទរស៊ើបផ្សេងៗ បែរជានៅស្ងៀមស្ងាត់គួរអោយចម្លែក នាឱកាសពិធីបុណ្យចូលឆ្នាំចិននេះ។ ម្យ៉ាងទៀត ប្រធានបទនេះមិនសូវជាធ្វើអោយវេទិកានៃប្រជាជននៅប្រទេសបារាំងឆេះក្តៅរោលរាលឡើយ។ នៅលើបណ្តាញខ្មែរ (Khmer Network) សារមួយស្តីពី «ការរំលោភផ្លូវភេទលើកុមារនៅកម្ពុជា» ដែលមានដាក់ចាប់តាំងពីថ្ងៃទី១៨ ខែមករា បានបង្កើតអោយមានប្រតិកម្មជាង១០០នាក់ និងត្រូវបានគេអានច្រើនជាង៣ពាន់ដង។ ចំណែកសារស្តីអំពី ដីក្រហម រហូតមកទល់ពេលនេះ មានសេចក្តីអធិប្បាយត្រឹមតែ៧នាក់ប៉ុណ្ណោះ និងមានអ្នកអានត្រឹមតែជាង១០០នាក់…។ អ្នកបញ្ចេញគំនិតដ៏កំរម្នាក់ ឈ្មោះBAC បានសរសេរថា «ដីក្រហមគឺជាប្រធានបទដ៏គួរអោយព្រួយបារម្ភ។ ហេតុអ្វី? ព្រោះថានេះមិនមែនជាប្រធានបទនៃការពិភាក្សាមួយឡើយ។ […] នៅពេលប្រធានបទមួយមានលក្ខណៈគួរអោយព្រួយបារម្ភពេក មនុស្សយើងមិនមានអ្វីធំដុំដែលគួរអោយចាប់អារម្មណ៍និយាយនោះទេ។ វាកាន់តែគួរអោយចង់សើច ក្នុងការនិយាយបែបប៉ាតណាប៉ាតណី…»។
អានបន្ថែម «មិនព្រម » ("Do Not Agree") នៅលើវិបសាយ SendSpace បទចម្រៀងមួយច្បាប់ចំណងជើងថា «មិនព្រម»("Do Not Agree") ត្រូវបាននិពន្ធឡើងដោយតំណាងម្នាក់ក្នុងចំណោមតំណាងសហគមន៍ដីក្រហម និងច្រៀងបកស្រាយដោយអ្នកភូមិដីក្រហម នៅប៉ុន្មានថ្ងៃមុនការបណ្តេញចេញ។ បទចម្រៀងនេះក៏ត្រូវបានបកប្រែពីភាសាខ្មែរមកភាសាអង់គ្លេសផងដែរ នៅវិបសាយខាងលើនេះ ជាទម្រង់ PDF ។
-បទយកការណ៍រូបថតនិងសម្លេងៈ ការបណ្តេញចេញនៅដីក្រហម -អ.ស.បៈ ការបណ្តេញគ្រួសារចុងក្រោយនៅដីក្រហមអាចបញ្ចៀសបាន (២៩-០១-២០០៩) -ដីក្រហមៈ គណបក្សប្រឆាំងកម្ពុជាថ្កោលទោសចំពោះឥរិយាបថរបស់សាលាក្រុងភ្នំពេញ (២៨/០១/២០០៩) -សំណងជា ផ្ទះល្វែង មិនមែនជាប្រាក់ៈ សំណងសម្រាប់ប្រជាពលរដ្ឋដីក្រហមដែលត្រូវបានបណ្តេញចេញត្រូវបាន ពិនិត្យនិងកែសម្រួលឡើងវិញ (២៧-០១-២០០៩) -ជម្លោះដីធ្លីនៅកម្ពុជា : តំបន់ដីក្រហមត្រូវបានបោសសម្អាតនៅក្នុងការបណ្តេញដ៏ហិង្សាមួយ ២៤-០១-២០០៩
វីដេអូ ស្តីពីការបណ្តេញចេញប្រជាពលរដ្ឋចេញពីតំបន់ដីក្រហម ផលិតដោយអង្គការលីកាដូ កាណាដា -សំណុំឯកសាររបស់អង្គការលីកាដូ (កម្ពុជា) ស្តីពីដីក្រហម
|