| អ្នករស់នៅប៊ូឌីង (៨) : ជាងចម្លាក់សុខជា និងជម្លោះចម្រឹងរបង |
| ដោយ ស្ទេហ្វានី ហ្សេ និងអឹម លឹម | |
| ៣០-០១-២០០៩ |
 ភ្នំពេញ (កម្ពុជា) ថ្ងៃទី២៨ មករា ២០០៩៖ លោកឃុន សុខជា ជាងចម្លាក់ល្បីឈ្មោះ និងជាតំណាងប្រជាជនរស់នៅអគារប៊ូឌីង © ស្ទេហ្វានី ហ្សេ នៅថ្ងៃពុធ ទី២៨ ខែមករា បរិយាកាសនៅប៊ូឌីងមិនស្រស់បស់នោះទេ។ ប្រជាពលរដ្ឋក្រុមតូចៗផ្តុំគ្នាគ្រប់ទីកន្លែង ខ្លះនៅតាមជណ្តើរ ខ្លះនៅតាមផ្លូវដើរនៃអគារ ដែលស្ថិតនៅសង្កាត់ទន្លេបាសាក់ នាទីក្រុងភ្នំពេញនេះ។ ពួកគេមានទឹកមុខព្រួយបារម្ភយ៉ាងខ្លាំង។ កាលពី៤ថ្ងៃមុន គ្រួសារចុងក្រោយដែលរស់នៅតំបន់ដីក្រហមត្រូវបានគេបណ្តេញចេញយ៉ាងហិង្សា នៅនឹងមុខពួកគេ។ រយៈពេលតែប៉ុន្មានម៉ោង រាល់ដានរបស់សហគមន៍មួយនេះត្រូវបានលុបបំបាត់អស់ នៅសល់តែដីទំនេរធំល្វឹងល្វើយ។ នៅលើដីនោះ ពួកកម្មករបានចាប់ផ្តើមធ្វើការយ៉ាងប្រញាប់ប្រញាល់ ហើយចម្រឹងរបងបណ្តសារមួយឈរសម្ញែងនៅជាប់ខាងក្រោយអគារប៊ូឌីង។ នោះគឺជាសញ្ញាប្រាប់ទុកជាមុនពីវាសនារបស់ពួកគេនៅពេលខាងមុខ។ ក្នុងមួយពព្រិចភ្នែក ពួកយើងក៏បានមកដល់ផ្ទះមួយនៅជាន់ផ្ទាល់ដី។ នោះគឺជាផ្ទះរបស់លោកឃុន សុខជា ជាងចម្លាក់មានឈ្មោះល្បីម្នាក់ ដែលទើបត្រូវបានគេជ្រើសរើសជាអ្នកតំណាងរបស់អ្នករស់នៅក្នុងអគារប៊ូឌីង។ ជាងចម្លាក់ អ្នកចម្រៀង និងទាហាន គ្រាន់តែពួកយើងដាក់ខ្លួនអង្គុយនៅលើសាឡុងភ្លាម លោកសុខជាដកដង្ហើមធំភ្លាមដែរ : «ពួកយើងពិតជាតឹងទ្រូងណាស់ចាប់តាំងពីគេដាក់ចម្រឹងរបងនេះមក!»។ ពួកយើងក្រោកឡើង ហើយក៏ដើរមើលបន្តិច។ ឥឡូវនេះ ទ្វារក្រោយផ្ទះរបស់គាត់មើលទៅឃើញការដ្ឋាន គឺមិនមែនផ្លូវតូចមួយដែលគាត់ធ្លាប់យកខ្យល់អាកាស និងធ្វើដំណើរទៀតទេ។ ចៅសង្កាត់«ខ្វាក់ភ្នែក»(គ្មានប្រសិទ្ធភាព)។ ដូច្នេះ ប្រជាពលរដ្ឋមិនរង់ចាំ ដើម្បីធ្វើសកម្មភាពឡើយ។ ដំបូង ពួកគេជ្រើសរើសអ្នកនាំពាក្យបីរូប ពីក្នុងចំណោមពួកគេ គឺជាងចម្លាក់សុខជាម្នាក់ អ្នកចម្រៀងហ៊ុន សារ៉ាត់ម្នាក់(១) និងទាហានម្នាក់។ បន្ទាប់មក ពួកគេចែកចាយញត្តិមួយដែលប្រមូលបានហត្ថលេខាចំនួន២០២ពីប្រជាពលរដ្ឋចំនួន៣៦០គ្រួសារនៅប៊ូឌីងដើម្បីសុំយក«ទ្រព្យសម្បតិ្ត»របស់ពួកគេមកវិញ គឺផ្លូវតូចមួយនៅខាងកើតអគារ។ ចុងក្រោយ គឺពួកគេនាំយកញត្តិនេះទៅការិយាល័យរបស់អាជ្ញាធរសង្កាត់ ខ័ណ្ឌ និងសាលាក្រុង។
ពីការបណ្តេញចេញរហូតដល់ចម្រឹងរបងៈ ក្រពះលែងឃ្លានអាហារ អ្នកស្រីហ៊ុន សារ៉ាត់ ដែលនៅតែស្រស់ស្អាតនោះ បានមកចូលរួមជាមួយលោកសុខជា។ ពួកយើងនិយាយរម្លឹកពីការបណ្តេញចេញកាលពីថ្ងៃសៅរ៍។ នៅក្រោមក្រសែភ្នែកឥតខ្វល់របស់អប្សរាឈើពីរ ដែលកាច់ចង្កេះយ៉ាងសមសួននៅខាងក្រោយខ្នងរបស់លោក លោកសុខជា បានរៀបរាប់ថា«ខ្ញុំពិតជាភ្ញាក់ផ្អើលណាស់! មានតែសត្វព្រៃប៉ុណ្ណោះធ្វើដូច្នេះបាន!»។ ជាងចម្លាក់រូបនេះនៅមិនចង់ជឿនៅឡើយពីអ្វីដែលកើតឡើង ។ លោករៀបរាប់ថា លោកមានក្មួយស្រីម្នាក់រស់នៅក្នុងខ្ទមមួយនៅតំបន់ដីក្រហម ដែលលោកបានទិញកាលឆ្នាំ២០០៤។ «នាងមានពេលយកតែខោអាវប៉ុន្មានសំរាប់ ហើយខ្ញុំមិនបានទទួលសំណងអ្វីទេ ព្រោះផ្ទះនោះគ្មានលេខ។ គេបន្ទោសខ្ញុំអីចឹង!»។
យើងនៅតែនិយាយរម្លឹកពីចម្រឹងរបង។ ក្រពះរបស់អ្នកតំណាងទាំងពីរលែងឃ្លានអាហារ។ អ្នកស្រីសារ៉ាត់និយាយពន្យល់លាយឡំនឹងកាយវិការផងថា៖ «យើងលែងឃ្លានអាហារ...។ សង្កាត់គឺដូចជាឪពុកម្តាយយើង។ បើពួកគេលែងរវល់នឹងយើង គឺចប់ហើយ! ទាំងអស់ហ្នឹងគឺដោយសារតែអំពើពុករលួយ...»។ អ្នកស្រីបន្ថែមថា៖ «គឺនឿយហត់ណាស់ក្នុងការខំតស៊ូ!»។
ការដ្ឋានធ្វើអោយពួកគេភ័យ។ ជាងចម្លាក់មាឌក្រអាញម្នាក់នេះមានមន្ទិលថា៖ «ពេលណាពួកគេចាប់ផ្តើមបុកគ្រឹះសាងសង់អគារខ្ពស់ៗនាពេលឆាប់ៗនេះ វានឹងខ្ទរដល់ប៊ូឌីងរបស់យើងមិនខាន ស្នាមប្រែះនឹងលេចចេញ ប្រហែលការខូចខាតអាចច្រើនជាងនេះ...»។ លោកបង្ហើរឃ្លាមួយដែលលោកតែងតែនិយាយរហូត : «ខ្ញុំតឹងទ្រូង!»។ លោករស់នៅទីនោះតាំងពីឆ្នាំ១៩៨៥-៨៦។
«តើត្រូវបន់ព្រះណា?» គ្រប់គ្នានិយាយថា ថ្ងៃណាមួយ ពេលវេលាចុងក្រោយរបស់ប៊ូឌីងនេះនឹងមកដល់។ តើអ្នកទាំងពីរខ្លាចត្រូវគេបណ្តេញចេញដែរទេ? អ្នកចម្រៀងយើងក៏ឆ្លើយឡើងថា៖ «អូហ៍អត់ទេ!»។ ចំណែកលោកសុខជាវិញបន្ទរពីក្រោយថា៖ «គ្មានអ្វីត្រូវខ្លាចទេ។ យើងរស់នៅទីនេះស្របច្បាប់!»។ «ផ្ទះទាំងនេះគឺរដ្ឋបានប្រគល់មកអោយពួកយើង។ យើងគ្មានប័ណ្ណកម្មសិទ្ធិ ប៉ុន្តែយើងមានសៀវភៅគ្រួសារ និងលិខិតស្នាក់នៅ!»។ លោកប្រកាសយ៉ាងដាច់អហង្ការថា៖ «យើងចចេសគឺមែនហើយ...។ យើងនឹងចាកចេញ ប៉ុន្តែក្នុងលក្ខខណ្ឌថាគេផ្តល់អោយយើងនូវសំណងដែលវាមិនតិចពេកដូចនៅដីក្រហម... ហើយគេត្រូវគិតទៅតាមទំហំផ្ទះនីមួយៗ»។
ប៉ុន្តែការគិតទៅដល់ការចរចាដែលពួកគេនឹងក្លាយជាអ្នកខាតបង់ធំនោះ ធ្វើអោយពួកគេភ័យ និងព្រួយបារម្ភ។ បុរសជាជាងចម្លាក់រូបនេះបង្ហើបអោយដឹងថា៖ «តើធ្វើយ៉ាងម៉េច? តើទៅបន់ព្រះណា?»។ «យើងចង់ចាកចេញ ប៉ុន្តែយើងរកមនុស្សមកទិញផ្ទះយើងមិនបាន!»។
អាជីពជាអ្នកសិល្បៈពេលវ័យចំណាស់ទៅហើយ បន្ទាប់មក ដោយសារយើងនៅជាមួយលោកសុខជាម្នាក់ឯង យើងក៏សួរគាត់ក្នុងនាមជាសិល្បករ លែងជាអ្នកតំណាងទៀតហើយ។ រង្វង់មុខរបស់គាត់ត្រឡប់មកមានភាពរីករាយឡើងវិញ។ គាត់បានរៀបរាប់ថា គាត់មកកាន់អាជីពជាជាងចម្លាក់នៅពេលគាត់មានអាយុច្រើនទៅហើយ ដោយបន្តពីបងថ្លៃ។ ក្នុងអាយុ៥២ឆ្នាំ លោកប្រកបអាជីពជាជាងចម្លាក់នេះបានជាង១០ឆ្នាំប៉ុណ្ណោះ។ ចុះកាលពីមុន? «ខ្ញុំជាអ្នករត់កង់ឌុប បន្ទាប់មកអ្នកធាក់ស៊ីក្លូ ហើយក្រោយមកទៀត...»។ ភ្លាមនោះ គាត់អាក់សម្តី ហើយអង្អែលដៃក្នុងកាយវិការនឿយហត់ : «មិនបាច់និយាយពីពេលវេលាក្រខ្សត់របស់ខ្ញុំទេ!»។ យើងក៏ឈប់សួរទៀត។
នៅពេលរៀនចេះកាន់ពន្លាកហើយ បុរសជាឳពុកកូន៦នាក់ និងមានចៅ៥នាក់រូបនេះ ក៏ចាប់រកស៊ីខ្លួនឯង ហើយចាប់ផ្តើមធ្វើការដោយលាក់មុខហើយ...ភាពក្រខ្សត់។ នៅឆ្នាំ២០០១ គាត់បានធ្វើរូបចម្លាក់កម្ពស់៣,៥ម៉ែត្រសម្រាប់វត្តព្រះកែវមរកតនៅក្នុងបរិវេណព្រះបរមរាជវាំង។ គាត់គិតចង់បោះបង់មុខរបរនេះចោលទៅហើយ តែនៅឆ្នាំ២០០៣ គាត់ក៏ទទួលបានពានរង្វាន់ចម្លាក់លេខ១នៅក្នុងការប្រឡងថ្នាក់ជាតិលើកទី២ ដែលរៀបចំឡើងដោយក្រសួងវប្បធម៌។ ពេលនោះគាត់គិតថា គាត់ល្បីឈ្មោះហើយទើបបានទទួលរង្វាន់។ នៅពេលលើកឡើងពីរឿងនេះ គាត់ហាក់នៅភ្ញាក់ផ្អើលប្រៀបដូចជាគាត់ទើបដឹងថាគាត់ជាអ្នកទទួលរង្វាន់អីចឹង។ គាត់រក្សាពានរង្វាន់ជ័យភ័ណ្ឌមាសរូបគ្រុឌបីជាប់គ្នានេះនៅក្នុងស្បោងផ្លាស្ទិកថ្លាការពារយ៉ាងផ្ចិតផ្ចង់ប្រៀបដូចជាកំណប់ដ៏មានតម្លៃ។
ពានរង្វាន់នេះបានជួយលោកអោយជោគជ័យ។ ការកុម្ម៉ង់ពីលោកឧកញ៉ា និងឯកឧត្តមផ្សេងៗទៀតចាប់ផ្តើមបន្តកន្ទុយគ្នា។ ចម្លាក់លើជញ្ជាំងប្រវែង៣ទៅ៤ម៉ែត្រ ចម្លាក់បុរាណទំហំប៉ុនខ្លួនមនុស្ស... ត្រូវបានធ្វើឡើងជាមួយនឹងការលម្អិតរបស់អ្នកជំនាញរូបនេះ។ លោកសុខជាតែងតែធ្វើស្នាដៃបែបបុរាណសមនឹងចំណូលចិត្តរបស់អតិថិជន ដោយឆ្លាក់លើឈើមានតម្លៃនាំចូលពីខេត្តនៅភាគខាងជើងនៃប្រទេសកម្ពុជា។ លោកសុខជាពន្យល់ថា៖ «នៅក្នុងទីធ្លាតូចមួយបិទជិត វាងាយស្រួលឆ្លាក់នៅលើឈើជាងលើថ្ម»។ ក្នុងចំណោមសិស្សជាង១០នាក់របស់លោក លោកប្រាប់អោយដឹងថា៖ «ភាគច្រើនគឺអត់បានការ»។ លោកបានប្រាប់ថា ពេលនេះនៅសល់តែសិស្សពីរនាក់ប៉ុណ្ណោះធ្វើការជាមួយលោក។
ដើមដំបូងនៃបញ្ហា? ការនិយាយរឿងដ៏ភ្លឺថ្លានេះក៏ត្រឡប់ទៅជាស្រអាប់វិញ ដោយសារស្រមោលនៃចម្រឹងរបង។ នៅពេលប្រជាពលរដ្ឋជាច្រើនបានមករកគាត់ ដំបូងគាត់បានបដិសេធដាច់ខាត។ «បន្ទាប់ពីគិតពិចារណា ខ្ញុំក៏និយាយនឹងខ្លួនឯងថា យើងត្រូវសាមគ្គីគ្នា។ ខ្ញុំក៏បានយល់ព្រមធ្វើជាអ្នកតំណាង។ ខ្ញុំថែមទាំងចំណាយប្រាក់ពីក្នុងហោប៉ៅសម្រាប់ថ្លៃឯកសារធ្វើញត្តិទៀតផង...»។ ពិតណាស់ ការតស៊ូទើបតែចាប់ផ្តើមប៉ុណ្ណោះ។
នៅថ្ងៃសុក្រនេះ ជាងចម្លាក់រូបនេះរៀបរាប់តាមទូរស័ព្ទថា កាលពីថ្ងៃព្រហស្បតិ៍ អ្នកទទួលខុសត្រូវសង្កាត់បានទៅជួបក្រុមហ៊ុនសម្បទាន 7NG (2) ដែលជាអ្នកទទួលខុសត្រូវការដ្ឋាននៅតំបន់ដីក្រហម ដើម្បីសុំទុកផ្លូវទទឹង១ម៉ែត្រខាងក្រោយប៊ូឌីង។ បន្ទាប់ពីពង្វាងយ៉ាងយូរ ក្រុមហ៊ុនក៏យល់ព្រមបន្ទន់ឥរិយាបថ ដោយព្រមទុកផ្លូវទទឹងប្រវែង៧០ស.ម។ «វាមិនល្មមទេ»។ គាត់នៅតែនិយាយថា «តឹងទ្រូង!»។
(១) សូមមើលជីវពណ៌នារបស់អ្នកស្រីហ៊ុន សារ៉ាត់ អ្នករស់នៅប៊ូឌីង (៦) : ហ៊ុន សារ៉ាត់ សំឡេងមាសនៃអគារប៊ូឌីង (២៨-១១-២០០៨) (២) បើទោះជាយើងព្យាយាមទាក់ទងតាមទូរស័ព្ទឥតឈប់ក្តី ក៏យើងមិនអាចសុំការអធិប្បាយពីថ្នាក់គ្រប់គ្រងរបស់ក្រុមហ៊ុន7NG លើបញ្ហានេះដែរ។
អានបន្ថែមលើកាសែត
-អ្នករស់នៅបូឌីង (៧) : វិឆាត កើតនៅបូឌីង និងមានមោទនភាពចំពោះជីវិតរបស់ខ្លួន ២៦-១២-២០០៨ -ប្រតិកម្មរបស់អ្នកប្រើប្រាស់អ៊ីនធឺណែតទៅនឹងការបណ្តេញប្រជាពលរដ្ឋនៅតំបន់ដីក្រហម ៣០-០១-២០០៩ -សំណងជា ផ្ទះល្វែង មិនមែនជាប្រាក់ៈ សំណងសម្រាប់ប្រជាពលរដ្ឋដីក្រហមដែលត្រូវបានបណ្តេញចេញត្រូវបាន ពិនិត្យនិងកែសម្រួលឡើងវិញ ២៧-០១-២០០៩
|