កា​សែត​គឺ​ជា​វ៉ិប​សាយ​ព័ត៌​មាន​ឯក​រាជ្យ​ដែល​ចេញ​ផ្សាយ​ប្រ​ចាំ​ថ្ងៃ​ជា​ភាសាខ្មែរ ​បា​រាំង និងអង់គ្លេស ​ស្តី​អំ​ពី​ប្រទេស​កម្ពុជា​និង​ប្រ​ជា​ជន​កម្ពុជា​នៅ​ក្រៅ​ប្រទេស ។
Installing Khmer Unicode
Bookmark and Share

ទទួល​ព័ត៌​មាន​




 
គណ​បក្ស​សម រង្ស៊ី​រៀប​ចំ​សមាជ​ ដើម្បីត្រៀម​លក្ខណៈ​ចូលរួមការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​មូល​ដ្ឋាន​ នា​ខែឧសភា
ដោយ ដួង សុខា   
បោះពុម្ភ ផ្ញើអត្ថបទ​តាម​ Email
៣១-០១-២០០៩
 លោកសម រង្ស៊ី ©ចន វីង/ Magnum
ភ្នំពេញ (កម្ពុជា) ថ្ងៃទី​៣១ ខែមករា ២០០៩៖ លោក​សម រង្ស៊ី មេដឹកនាំ​គណបក្ស​សម រង្ស៊ី ជួប​សមាជិក​គណបក្ស​របស់​លោក នៅ​ក្នុង​សមាជ សម្រាប់​ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ថ្មី ដែល​គ្រោង​នឹង​រៀប​ចំធ្វើឡើង​នៅ​ខែ​ឧសភា​ ឆ្នាំ​២០០៩
©ចន វីង/ Magnum

គណបក្ស​សម រង្ស៊ីបាន​​​រៀប​ចំ​សមាជ​វិសាមញ្ញ​មួយ​ នៅទីស្នាក់​ការ​បក្ស នា​ទីក្រុង​ភ្នំពេញ នៅ​​ថ្ងៃ​សៅរ៍ ទី​៣១ ខែមករា ដែលមាន​សមាជិកចូល​រួមប្រមាណ​ជាង​២ពាន់​នាក់ ដើម្បី​ត្រៀម​​លក្ខណៈ​​ចូល​រួម​ការ​បោះឆ្នោត​ក្រុមប្រឹក្សា​រាជ​ធានី ខេត្ត ក្រុង ស្រុក និង​ខ័ណ្ឌ​ នៅ​ទូទាំង​ប្រទេស​កម្ពុជា​ នា​ពេល​ខាង​មុខ​នេះ ។ សមាជិក​ចូល​រួម​​សុទ្ធសឹង​ជា​ក្រុម​ប្រឹក្សា​ឃុំ-​សង្កាត់​​របស់​គណបក្ស​ ដែល​ជា​អ្នក​​​ត្រូវ​​​បោះឆ្នោត​ជ្រើ​ស​រើស​ក្រុម​ប្រឹក្សា​ថ្មី​ នា​ខាង​ឧសភា​នេះ​​។​ នេះ​គឺជា​ឱកាស​មួយ សម្រាប់​គណបក្ស​ប្រឆាំង ក្នុងការ​បញ្ជាក់​អំពី​គោល​ជំហរ​ជា​ថ្មី... និង​​ភាព​រឹង​មាំ​នៃ​ចលនា​ប្រជាធិបតេយ្យ​ដើម្បី​ការ​ផ្លាស់​ប្តូរ។

 

ការណែនាំ​​​របស់​លោក សម រង្ស៊ី
លោកសម រង្ស៊ី បាន​ចាប់​ផ្តើម​ឡើង​ថ្លែង​សុន្ទរកថា ដោយ​ជា​បឋម លោក​បាន​សំដែង​ភាវរភក្តី​​ចំពោះ​សមាជិក​គណបក្ស​សម រង្ស៊ី ដែល​ធ្វើការ​ងារ​ នៅ​កំរិត​មូល​ដ្ឋាន។ «​អស់​លោក​​គឺ​ជា​​ភ្នែក ត្រចៀក ខួរ​ក្បាល និង​បេះដូង​របស់​ខ្ញុំ! ខ្ញុំ​ត្រូវ​ការ​ព័ត៌មាន​របស់​អស់​លោក​ ដើម្បី​ដឹង​ថា​​តើ​ប្រជាជន​រស់​នៅ​យ៉ាង​ដូចម្តេច»។ លោក​សម រង្ស៊ី​បាន​លើក​ទឹក​ចិត្ត​សមាជិក​ទាំង​​នោះ «អោយ​ផ្តល់​ព័ត៌មាន និង​សហការ​យ៉ាង​ជិត​ស្និទ្ធិ» និង​បាន​ប្រកាស​ថា លោក​បាន​ស្នើ​អគ្គ​​លេខាធិការ​ដ្ឋាន​គណបក្ស​សម រង្ស៊ី ​ ​អោយបង្កើត​​នូវ​មធ្យោបាយ​​ដែលអនុញ្ញាត​អោយ​សមាជិក​​បក្ស «ទំនាក់​ទំនង​អ្នក​ទទួល​ខុស​ត្រូវ​បក្ស​ដោយ​ផ្ទាល់​» ​ក្នុងនោះ​រួម​ទាំង​លោក​ផង​ដែរ​​។

យោង​តាម​លោកស្រី​​កែ សុវណ្ណរ័ត្ន អគ្គលេខាធិការ​ស្តី​ទី​គណបក្សសម រង្ស៊ី រហូត​ដល់​​​ថ្ងៃ​ទី​៣១ ខែធ្នូ ២០០៨ គណបក្ស​​មាន​សមាជិក​ចំនួន​៧៤៧ ១៣១នាក់ ហើយ​គណបក្ស​​​បាន​ចូល​​ធ្វើអន្តរា​គមន៍ កាល​​ពី​អំឡុង​ឆ្នាំ​កន្លង​ទៅ​ នៅក្នុង​ការ​រំលោភ​សិទ្ធិ​មនុស្ស​​ចំនួន​៤៨ករណី (​ឃាតកម្ម ការ​ចាប់​​ខ្លួន​ខុ​ស​ច្បាប់ ​ការ​បំភិត​បំភ័យការ​ចែក​ខិត្តប័ណ្ណ​) មកលើ​សមាជិក​បក្ស​សម រង្ស៊ី។​

បន្ទាប់ពី​ការ​អំពាវ​នាវ​អោយ​រួប​​រួម​កម្លាំងគ្នា​​នេះ មេដឹកនាំ​បក្ស​ក៏​បានបង្ហាញ​​ព្រឹត្តិបត្រ​ព័ត៌មាន​​ប្រចាំ​ខែ​​មួយ ​ស្តី​អំពី​​​​វិមជ្ឈការ​ ដែល​ពាក់​ព័ន្ធ​នឹង​​​ដំណើរ​ការ​​​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ថ្មី ដែល​ «ត្រូវ​ស្វែង​យល់ និង​ផ្សព្វផ្សាយ​ប្រាប់​ប្រជាពល​រដ្ឋ​»។​ ព្រឹត្តិបត្រ​នេះ​ត្រូវ​បាន​រៀប​ចំ​ដោយ​​សមាគម​វិមជ្ឈការ​នៅ​កម្ពុជា​ ដែល​ត្រូវ​បង្កើត​ឡើង​និង​ដឹក​នាំ​ដោយ​សមាជិក​គណបក្ស​​​សម រង្ស៊ីមួយ​រូប ដែលជា​ថៅសង្កាត់​នៅ​ខ័ណ្ឌ​​​ឫស្សីកែវ​ រាជ​ធានី​ភ្នំពេញ។ លោក​សម រង្ស៊ី​បាន​គូស​បញ្ជាក់​ថា «បច្ចុប្បន្ននេះ ខ្ញុំ​ចង់​បង្ហាញ​ថា​មាន​អ្នក​ស្មោះ​ត្រង់​នឹង​គណបក្ស​សម រង្ស៊ី​ជា​យូ​រ​ឆ្នាំមក​ហើយ ដែល​មិនបាន​ចូលរួម​ជាមួយ​គណបក្ស​ផ្សេង បើ​ទោះ​បី​ជា​គណបក្ស​ផ្សេង​បាន​ព្យាយាម​​ទិញ​ទឹក​ចិត្តពួកគេ​ នៅ​មុន​បោះ​ឆ្នោត​តំណាង​រាស្រ្ត កាលពី​ខែ​កក្កដា ឆ្នាំ​២០០៨​ក៏​ដោយ​»។ ក្រោយ​មក លោក​ក៏​បាន​រិះគន់​​​ស្ថានីយ​ទូរទស្សន៍​ជាតិ​កម្ពុជា (ទ.ទ.ក) ផង​ដែរ​ ដែល​បាន​ផ្សព្វផ្សាយព័ត៌មាន​អំពីការ​ចាក​ចេញ​សមាជិក​នៅ​ក្នុង​បក្ស​សម រង្ស៊ី​​។​ «ខ្ញុំសោក​ស្តាយ​ដែល​គេ​និយាយ​អំពីការ​ចាកចេញ​ ប៉ុន្តែ​មិនបាន​​​និយាយ​អំពីអ្នកស្មោះ​ត្រង់​​នឹង​​បក្ស!»។​

កំណែ​ទម្រង់​បក្ស
គណបក្ស​សម រង្ស៊ី ក៏​បាន​ប្រកាស​អំពីការ​ធ្វើកំណែ​ទម្រង់​ផង​ដែរ។ លោកសម រង្ស៊ី​បាន​ពន្យល់​​យ៉ាង​ខ្លី​ថា​លក្ខន្តិកៈបក្ស ក៏​ដូច​ជា​បទ​បញ្ជា​ផ្ទៃ​ក្នុង​បក្ស​​ត្រូវ​​​ធ្វើ​វិសោធនកម្ម​ «ដើម្បី​ពង្រឹង​​​បក្ស​ ទប់​ស្កាត់​រាល់​ការប៉ុន​ប៉ង​​​ពីខាង​ក្រៅ​ ដែល​ព្យាយាម​​​ធ្វើ​អោយ​សមាជិក​ក្នុង​បក្ស​​បែក​បាក់​​សាមគ្គី»។​

បន្តិច​ក្រោយ​មក លោក​អេង ឆៃអ៊ាង តំណាង​រាស្រ្ត​គណបក្ស​សម រង្ស៊ី ប្រចាំ​មណ្ឌល​បាត់​ដំបង​ បាន​រៀប​រាប់​លំអិតជុំវិញ​ទិដ្ឋភាព​មួយ​នៃកំណែ​ទម្រង់​នេះ ទាក់ទង​នឹង​ការ​តែង​តាំង​អគ្គលេខាធិការ​។ មកទល់​សព្វ​ថ្ងៃ​នេះ អគ្គលេខាធិការ​បក្ស​​​ត្រូវ​បាន​ជ្រើស​តាំង​ដោយ​សមាជិក​​គណៈកម្មាធិការ​នាយក​។ ប៉ុន្តែ ចាប់​ពី​ពេល​នេះ​ទៅ ប្រធាន​គណបក្ស​សម រង្ស៊ី គឺ​ជា​​អ្នក​​ជ្រើស​តាំង​អគ្គលេខាធិការ​ បន្ទាប់​ពី​មាន​ការ​ប្រឹក្សា​ជាមួយ​គណៈកម្មាធិការ​នាយក។ «ម្យ៉ាង​ទៀត បន្ទាប់​កាន់តំណែង​នេះ​រយៈ​ពេលបីខែមក​ ប្រសិនជា​អគ្គលេខាធិការ​មិន​ធ្វើការ​ត្រឹម​​ត្រូវ​ តាម​ការ​យល់ឃើញ​របស់​គណៈកម្មាធិការ​នាយក គណៈកម្មាធិការ​នាយកនឹង​អាច​ទម្លាក់​​គេ​ចេញ​ពី​តំណែង​នេះ​ តាម​រយៈការ​រៀប​ចំ​ញត្តិ​មួយ»។ «មិន​មាន​អ្វី​ផ្សេង​ត្រូវ​បាន​លើក​​ឡើង​ ទាក់​ទិន​នឹង​វិសោធនកម្ម​នោះទេ​»។

ចលនា​ប្រជាធិបតេយ្យ​ដើម្បី​ការ​ផ្លាស់​ប្តូរ ឆ្លើយ​តប​ទៅ​នឹង​​​សម្តេចហ៊ុន សែន
កាលពី​ថ្ងៃ​ទី​២០ ខែមករា ពោល​គឺ​ប្រាំ​ថ្ងៃ​ ក្រោយ​ការ​បង្កើត​ចលនា​ប្រជាធិបតេយ្យ​ដើម្បី​ការ​ផ្លាស់​ប្តូរ ដោយ​គណបក្ស​សម រង្ស៊ី និង​គណបក្ស​សិទ្ធិ​មនុស្ស​ សម្តេច​នាយក​រដ្ឋ​មន្រ្តី​ហ៊ុន សែន បាន​មាន​ប្រសាសន៍​នៅ​​ខេត្ត​ឧត្តរ​មានជ័យ​ថា សម្តេច​អាចបំបែក​​​ចលនា​នេះ​បាន​ នៅ​ពេល​​ណា​ដែល​សម្តេច​​ចង់​​។​ ម្យ៉ាង​វិញទៀត កាល​នោះ ប្រមុខ​រដ្ឋាភិបាល​​ បាន​លើក​ឡើង​​ទាំង​រីករាយ អំពីការ​ចាក​ចេញ​សមាជិក​គណបក្ស​សម រង្ស៊ី យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់ ដើម្បី​ចូលរួម​ជាមួយ​គណបក្ស​របស់​សម្តេច គឺ​គណបក្ស​ប្រជាជន​កម្ពុជា​ នៅមុន​ពេល​បោះ​ឆ្នោត​​ជ្រើស​តាំង​តំណង​រាស្រ្ត​អាណត្តិទី​៤...»។ សម្តេច​បាន​សង្កត់ធ្ងន់​ថា «​មិន​ចាំ​​បាច់​ខំ​ប្រឹង​យក​ ​ឈ្នះ​​គណបក្ស​ប្រជាជន​ឡើយ!»។​

សមាជ​គណបក្ស​សម រង្ស៊ី​នេះ​បាន​ផ្តល់ឱកាស​ដល់​មេដឹកនាំ​គណបក្ស​ប្រឆាំង​ទាំង​ពីរ​ធ្វើ​ការ​​វាយ​បក​ទៅ​លើ​សម្តេច​ហ៊ុន សែន​វិញ។ លោក​គង់ គាំ អនុ​ប្រធាន​គណបក្ស​សម រង្ស៊ី បាន​​រិះគន់​ថា «កាល​ពី​ប៉ុន្មាន​ថ្ងៃ​នេះ គេ​ប្រើ​ពាក្យ​សំដី​ ចង់​បំបែក​​​ចលនា​ប្រជាធិបតេយ្យ​ដើម្បី​​កា​រ​ផ្លាស់​ប្តូរ។ នោះគឺជា​សំដី​របស់​លោក​​ហ៊ុន សែន។ ប៉ុន្តែ គេ​មិនអាច​សម្រេច​គោល​បំណង​​នេះ​ឡើយ ព្រោះ​ប្រជាពលរដ្ឋ​-អ្នក​បោះ​ឆ្នោតតាម​​ពួក​យើង អ្នក​ស្មោះត្រង់​របស់​យើង​​ស្ថិត​នៅ​ក្បែរ​យើង​ជា​និច្ច។ នៅ​ក្នុង​របប​នេះ គេ​​ប្រើ​អំណាច​តុលាការ ដើម្បី​ចាប់​ខ្លួន​យើង​...»។

បន្ទាប់​មក លោកកឹម សុខា ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស​ ដែល​ត្រូវ​បាន​អញ្ជើញ​ចូល​រួម​សមាជ​​របស់​គណបក្ស​​សម រង្ស៊ី បាន​សង្កត់ធ្ងន់​នូវ​សាមគ្គី​ភាព​​នៃ​ទំនាក់ទំនង​រវាង​គណបក្ស​សម រង្ស៊ី និង​គណបក្ស​សិទ្ធិ​មនុស្ស នៅក្នុង​ចលនា​ប្រជាធិបតេយ្យ​ដើម្បី​ការ​ផ្លាស់​ប្តូរ។ «យើង​​មិ​ន​ខ្លាច​ឡើយ! គ្មាន​នរណា​ម្នាក់​អាច​​ទិញ​ទឹក​ចិត្ត​របស់យើង រឺ​បរិហារ​កេរ្តិ៍​ឈ្មោះ​យើង​ឡើយ​។ យើង​បន្ត​ធ្វើ​ការ​រួម​គ្នា។ ចាប់​តាំង​ពី​ឆ្នាំ​​១៩៩៣មក ខ្ញុំ​ធ្លាប់​ចាប់អារម្មណ៍​ចំពោះ​គោល​​ជំហរ​ដ៏​រឹង​មាំ​របស់​លោក​សម រង្ស៊ី។​ ឥឡូវ​នេះ ដល់​ពេល​យើង​ត្រូវ​​ធ្វើ​ការ​រួមគ្នា​ហើយ​»​។​​



អានបន្ថែមលើកាសែត

 

-គណបក្ស​ប្រឆាំង​នៅកម្ពុជា​បង្កើត​ចលនា​នយោបាយ​ប្រជាធិបតេយ្យ​ដើម្បីការ​ផ្លាស់​ប្តូរ (១៥-០១-២០០៩)
-ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​រាជ​ធានី​ ខេត្ត​ ក្រុង​ ស្រុក ខ័ណ្ឌ​ នៅកម្ពុជា៖​ គ.ជ.ប​ ​បង្ហាញចំនួន​សមាជិក​ក្រុម​ប្រឹក្សាទាំងអស់​សរុប៣ ២៣៥នាក់ (១៩-០១-២០០៩)
-គណបក្ស​ប្រឆាំង សម រង្ស៊ី រៀប​ចំ​សមាជ​វិសាមញ្ញ​នៅ​ចុង​ខែ​មករា ដើម្បី​ត្រៀម​ខ្លួន​ចូល​រួម​​ការ​​បោះ​​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​រាជ ​ធានី​ ខេត្តក្រុង ស្រុក ខ័ណ្ឌ​ (១៣-០១-២០០៩)

 


0 អធិប្បាយ
ផ្តល់សេចត្តីអធិប្បាយ
អ៊ីមែល៖
 
ចំណងជើង៖
ឈ្មោះ៖
វ៊ិបសាយ៖
[b] [i] [u] [url] [quote] [code] [img] 
 
សូមបញ្ជូលកូតដែលលោក​អ្នកឃើញនៅក្នុងរូប ។ ចុចលើរូប​ដើម្បី​ប្តូររូ​ប ។

យើង​ខ្ញុំ​សូ​​មអរគុណ​ចំពោះ​អត្ថា​ធិប្បាយ​របស់​អស់​លោក​អ្នក ។ រាល់​អត្ថាធិប្បាយ​ទាំង​អស់​មិន​​ត្រូវ​​សរ​សេរ​អោយ​លើស​ពី​១៦​បន្ទាត់​ទ្បើយ ។ សូម​បញ្ជាក់ថា កាសែត​ មិនទទួលខុសត្រូវរាល់​អត្ថា​ធិប្បាយ​ណា​ដែល​បាន​ផ្សព្វផ្សាយ​នៅ​ក្នុង​​ផ្នែក អត្ថាធិប្បាយ ទ្បើយ។ រាល់អត្ថាធិប្បាយ​ទាំង​អស់​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​អ្នក​អាន មិន​​មែន​ជា​ទស្សនៈ​របស់​ផ្នែក​និពន្ធ​យើង​ទេ។ ចំពោះ​ព័ត៌​មាន​បន្ថែម​សូមទាក់​ទង​យើង​ខ្ញុំ​តាម​រយៈអ៊ីម៉ែល Cet e-mail est protégé contre les robots collecteurs de mails, votre navigateur doit accepter le Javascript pour le voir

3.26 Copyright (C) 2008 Compojoom.com / Copyright (C) 2007 Alain Georgette / Copyright (C) 2006 Frantisek Hliva. All rights reserved."

 
Empower your lifestyle with BlackBerry from Hello
 

 
 
ដំណឹងថ្មីៗ