
ភ្នំពេញ (កម្ពុជា) ថ្ងៃទី៤ កុម្ភៈ ២០០៩៖ គ្រួសារជាច្រើនដែលត្រូវបណ្តេញចេញពីតំបន់ដីក្រហម គ្មានផ្ទះសំបែង និងបានមកធ្វើការតវ៉ាជាថ្មី នៅមុខទីស្នាក់ការក្រុមហ៊ុន 7NG។
©ចន វីង / Magnum
ប្រជាពលរដ្ឋចំនួន៥៣គ្រួសារនៃតំបន់ដីក្រហមនៅតែបន្តតស៊ូ ដើម្បីទទួលបានសំណងជាប្រាក់ពីក្រុមហ៊ុន 7NG ដោយមិនព្រមទទួលយកសំណងជាផ្ទះល្វែងនៅភូមិដំណាក់ត្រយឹង ស្ថិតនៅសង្កាត់ចោមចៅ ភាគខាងលិច ចម្ងាយប្រមាណ២០គីឡូម៉ែត្រពីទីក្រុងភ្នំពេញ។ នៅថ្ងៃពុធ ទី៤ ខែកុម្ភៈ អ្នកភូមិទាំងនោះបានប្រមូលផ្តុំគ្នានៅមុខការិយាល័យក្រុមហ៊ុន ស្ថិតនៅជាប់អគារប៊ូឌីង និងមកជួបជុំគ្នានៅសួនច្បារ ក្បែរអតីតកន្លែងរស់នៅរបស់ពួកគេ មុនការបំផ្លាញចោល កាលពីថ្ងៃសៅរ៍ ទី២៤ ខែមករា។
នៅក្នុងចំណោមប្រជាពលរដ្ឋដែលចចេសមិនព្រមចាកចេញទាំងនោះ ប្រជាពលរដ្ឋ១៥គ្រួសារ មានឈ្មោះនៅក្នុងបញ្ជីផ្លូវការរបស់ក្រុមហ៊ុន 7NG ចំណែកគ្រួសារផ្សេងៗនៅក្នុងបញ្ជីនេះបានយល់យល់ព្រមទទួលយកផ្ទះល្វែងមួយខ្នងនៅក្នុងសង្កាត់ចោមចៅរួចទៅហើយ។ អ្នកភូមិទាមទារសំណងជាទឹកប្រាក់ក្នុងមួយគ្រួសារចំនួន២ម៉ឺនដុល្លារ ដោយមានសរសេរចំនួនទឹកប្រាក់នេះនៅលើបដាទាមទាររបស់ពួកគេទៀតផង។ គ្រួសារទាំងនេះបានពន្យល់ថា «យើងមិនចង់ផ្លាស់ទីលំនៅទៅកាន់ជាយក្រុងនោះទេ ព្រោះវាស្ថិតនៅឆ្ងាយពីកន្លែងធ្វើការ និងសាលារៀនរបស់កូនៗយើង។ តើយើងនឹងធ្វើអ្វីនៅទីនោះ? តើយើងនឹងក្លាយទៅជាយ៉ាងណា?»។
ប្រជាពលរដ្ឋទាំង៥៣គ្រួសារក៏បានលើកឡើងផងដែរនូវរបាយការណ៍មួយ ចុះថ្ងៃទី១២ ខែមករា ចុះហត្ថលេខាដោយលោកអភិបាលក្រុង កែប ជុតិមា ផ្ញើជូនសម្តេចហ៊ុនសែន ដែលនៅក្នុងនោះ ក្រុមហ៊ុន 7NG បានស្នើនូវជម្រើសពីរជាថ្លៃសងការខូចខាតដល់អ្នកភូមិ មានសំណងជាផ្ទះល្វែងនៅភូមិដំណាក់ត្រយឹង រឺសំណងជាប្រាក់ចំនួន១ ៥០០០ដុល្លារ បូកបន្ថែមនឹងថ្លៃរុះរើផ្ទះ។ គ្រួសារទាំងនោះបានអោយដឹងថា អាជ្ញាធរនិងក្រុមហ៊ុន 7NG មិនអាចក្បត់ពាក្យសំដីរបស់ខ្លួនបាននោះទេ។
មិនមានអ្នកទទួលខុសត្រូវក្រុមហ៊ុនណាម្នាក់បានចេញមកជួបគ្រួសារទាំងនោះឡើយ។ នៅមុនពេលការប្រមូលផ្តុំរបស់ប្រជាពលរដ្ឋ អ្នកយកព័ត៌មានម្នាក់បានចូលយកព័ត៌មាននៅ ក្នុងការិយាល័យ 7NG ហើយ គេបានពន្យល់ប្រាប់គាត់ថា ទីនេះគឺជាការិយាល័យលក់និងជួលដីនិងផ្ទះ មិនមែនជាទីស្នាក់ការក្រុមហ៊ុននោះទេ។