| បទសម្ភាសន៍ជាមួយលោករីចឆាត រីចម៉ាន់ ស្តីពីជនភៀសខ្លួនកម្ពុជាដែលត្រូវបានរុកកួនដោយព្រលឹងអ្នកស្លាប់ (ភាគ១) |
| ដោយ ស្ទេហ្វានី ហ្សេ | |
| ០៦-០២-២០០៩ |
ភ្នំពេញ (កម្ពុជា) ថ្ងៃទី៥ កុម្ភៈ ២០០៩៖ លោករីចឆាត រីចម៉ាន់ គ្រូពេទ្យផ្នែកវិកលចរិត និង Soko Phay-Vakalis នៅក្នុងសន្និសីទមួយ នៅមជ្ឈមណ្ឌលសោតទស្សន៍បុប្ផាណា © ចន វីង/ Magnum វេជ្ជបណ្ឌិតផ្នែកជំងឺផ្លូវចិត្ត រីចឆាត រីចម៉ាន់ (Richard Rechtman) មិនធ្លាប់ស្រមៃថាលោកនឹងមានឱកាសបានធ្វើការងារជាមួយជនភៀសកម្ពុជានៅប្រទេសបារាំងនោះទេ។ ចាប់តាំងពីឆ្នាំ១៩៨៦ លោករីចឆាត រីចម៉ាន់ គឺជាគ្រូពេទ្យជំងឺផ្លូវចិត្ត ជានរវិទូ និងប្រធានគ្រូពេទ្យនៃវិទ្យាស្ថានម៉ាសែលរីវីយែរ (Marchel Rivière)។ ម្យ៉ាងវិញទៀត លោកក៏ជាអ្នកស្រាវជ្រាវនៅវិទ្យាស្ថានស្រាវជ្រាវអន្តរមុខវិជ្ជាស្តីពីបញ្ហាសង្គម IRIS នៃសាលាជាន់ខ្ពស់សិក្សាវិទ្យាសាស្រ្តសង្គម) និងជានិពន្ធនាយកទស្សនាវដ្តី l’Evolution psychiatrique។ លោកធ្លាប់បានស្តាប់ ព្យាបាល និងដឹកនាំការស្រាវជ្រាវ ទាក់ទងនឹងប្រជាជនខ្មែររស់នៅប្រទេសបារាំង ប្រមាណជាង៤០ ០០០នាក់។ លោកបានធ្វើដំណើរមកកាន់ប្រទេសកម្ពុជាជាលើកទីមួយ តាមការអញ្ជើញអោយចូលរួមសន្និសីទមួយស្តីពី “សក្ខីភាពរបស់ជនភៀសខ្លួនកម្ពុជា និងចេតនាប្រល័យពូជ សាសន៍របស់ខ្មែរក្រហម” ដែលរៀបចំឡើងដោយមជ្ឈមណ្ឌលសោតទស្សន៍បុប្ផាណា នាទីក្រុងភ្នំពេញ។ ខាងក្រោមនេះ គឺជាបទសម្ភាសមួយលោករីចឆាត រីចម៉ាន់ ទាក់ទងនឹងដំណើរជីវិត ការងារ គោលជំហរ និងទ្រឹស្តីរបស់លោក (ភាគទី១)។ កាសែតៈ លោកបានចាប់ផ្តើមធ្វើការជាមួយជនភៀសខ្លួនកម្ពុជានៅប្រទេសបារាំងតាំងពីឆ្នាំ១៩៨៦។ តើហេតុអ្វីលោករង់ចាំរយៈពេល២២ឆ្នាំទើបលោកមកប្រទេសកម្ពុជា? រីចឆាត រីចម៉ាន់ៈ ដំបូងឡើយ ខ្ញុំតែងតែមានបំណងផ្តោតជំនាញទៅលើបញ្ហាការភៀសខ្លួន និងវិសមភាពសង្គមពាក់ព័ន្ធនឹងការភៀសខ្លួន។ មុនពេលធ្វើការជាមួយជនជាតិខ្មែរ ខ្ញុំបានចាប់អារម្មណ៍នឹងអ្នកស្នើសុំសិទ្ធិជ្រកកោន ជនភៀសខ្លួននយោបាយ និងជនអន្តោប្រវេសន៍រួចទៅហើយ។
ពេលនោះ យើងកំពុងស្ថិតក្នុងសម័យកាលដែលចាប់ផ្តើមមានការសម្របសម្រួលច្រើនលើផ្នែកវេជ្ជសាស្រ្តមនុស្សធម៌ ជំនួយមនុស្សធម៌ផ្នែករោគវិកលចរិត [...] ខ្ញុំចង់ធ្វើការងារជាប់លាប់មួយនៅក្នុងសហគមន៍មួយ ដែលត្រូវបានផ្សាំគំនិតនៅក្នុងប្រទេសកម្ពុជា ជាមួយនឹងភាពស្មុគស្មាញផ្សេង។ គោលដៅនៃការចាប់អារម្មណ៍របស់ខ្ញុំមិនមែនប្រទេសកម្ពុជានោះទេ គឺជនជាតិខ្មែររស់នៅប្រទេសបារាំង។ ឥឡូវនេះ ពេលខ្ញុំមកទីនេះ ទើបខ្ញុំដឹងថា មានរឿងរ៉ាវជាច្រើនដែលខ្ញុំប្រហែលជាអាចយល់ឆាប់ជាងនេះ បើសិនជាពីមុន ខ្ញុំមកទីនេះ។ នេះគឺជាការពិត។ ប៉ុន្តែ ខ្ញុំក៏គិតដែរថា មានរឿងច្រើនណាស់ដែលខ្ញុំប្រហែលជាមិនអាចយល់ទេ ប្រសិនបើខ្ញុំមកលឿនជាងនេះ ជាពិសេសទាក់ទងនឹងលក្ខណៈពិសេសនៃការផ្លាស់ប្តូរកន្លែងរស់នៅថ្មី និងលក្ខណៈពិសេសនៃការរៀបរាប់អំពីអតីតកាល ហើយជាពិសេសគឺទាក់ទងនឹងសេចក្តីស្លាប់។ ខ្ញុំប្រហែលជាមិនអាចបកស្រាយបញ្ហាទាំងនេះដូចដែលខ្ញុំបានធ្វើទេ ពីព្រោះវាចាំបាច់ត្រូវហែលឆ្លង នៅក្នុងវប្បធម៌ទាំងពីរនេះ។
ខ្ញុំបានដឹងថា ជនភៀសខ្លួនកម្ពុជាមិនគិតពីការស្លាប់ទេ ប៉ុន្តែពួកគេត្រូវរុកកួនដោយសេចក្តីស្លាប់។ ពួកគេមិនមែនកំពុងតែរំលឹកឡើងវិញនោះទេ... វាគឺជាការរុកកួនផ្នែកផ្លូវកាយ និងផ្លូវចិត្ត ជារៀងរាល់ប្រចាំថ្ងៃ។ នៅប្រទេសបារាំង ខ្ញុំគិតថាខ្ញុំអាចយល់បញ្ហាការប៉ះទង្គិចផ្លូវចិត្តនេះបាន ដោយសារតែបញ្ហាគម្លាត និងរស់នៅមជ្ឈដ្ឋានខាងក្រៅពីកន្លែងដែលពួកគេមក។ អ្នកនឹងនិយាយប្រាប់ខ្ញុំថា នោះហើយជាហេតុផល។ ពិតណាស់វាអាចមានហេតុផលផ្សេងៗទៀត...។ ទោះយ៉ាងណា ខ្ញុំមិនអាចខ្វះវាបានឡើយ ហើយខ្ញុំមិនចង់មកទីនេះជាលក្ខណៈទេសចរទេ។
កាសែតៈ ដូច្នេះតើអ្វីដែលធ្វើអោយលោកសម្រេចចិត្តមកទីនេះ? រីចឆាត រីចម៉ាន់ៈ ខ្ញុំមានហេតុផលពីរ។ ទី១ គឺមិត្តភាពដែលខ្ញុំមានចំពោះលោកប៉ាន់ រិទ្ធី [សមិទ្ធិករភាពយន្តម្នាក់ និងជាសហស្ថាបនិករបស់មជ្ឈមណ្ឌលបុប្ផាណា]។ គាត់ប្រាប់ខ្ញុំថា «ថ្ងៃណាមួយ ខ្ញុំនឹងនាំឯងមកកម្ពុជា!»។ [សើច] ហើយមជ្ឈមណ្ឌលបុប្ផាណាបានដាក់សំណើមួយដែលខ្ញុំមិនអាចប្រកែកបាន។ គេបានស្នើសុំអោយជួប និងធ្វើការជាមួយលោកវ៉ាន់ ណាត [វិចិត្រករម្នាក់ និងជាអ្នកដែលនៅរស់រានមានជីវិតរស់ពីមន្ទីរស-២១] !
បន្ទាប់មកទៀត កាលពី១ឆ្នាំមុន គេបានសុំខ្ញុំអោយជួយក្រុមការងារអ្នកចិត្តសាស្រ្តនៅអង្គការដើម្បីភាពញញឹមនៃកុមារ (PSE)។ ខ្ញុំបានផ្តល់សំណើគួរអោយអស់សំណើចមួយទៅពួកគេ គឺធ្វើការពិគ្រោះតាមប្រព័ន្ធអ៊ីនធឺណែតរាល់១៥ថ្ងៃម្តង ហើយវាដំណើរការល្អខ្លាំងណាស់! អំឡុងពេលនៃការពិគ្រោះពីរដងក្នុងខែនេះ ខ្ញុំទាក់ទងមកពួកគេ១ម៉ោង តាមរយៈ Skype។ ពួកគេប្រាប់ខ្ញុំពីអ្នកជំងឺរបស់ពួកគេ។ [...] ប៉ុន្តែ លក្ខខណ្ឌធ្វើការមានភាពស្មុគស្មាញ : ការពិគ្រោះធ្វើឡើងជាភាសាអង់គ្លេស វាជាអ្វីដែលខ្ញុំចង់បាន។ គ្មានអ្នកបកប្រែសម្រាប់ពួកយើង ដើម្បីអោយពួកគេមានភាពស្មើគ្នានៅក្នុងបញ្ហាលំបាកផ្នែកភាសា ហើយកត្តានេះបានបង្កើតទំនាក់ទំនងមួយ។ ដូច្នេះ ខ្ញុំក៏ចង់មកជួបពួកគេ។
កាសែតៈ តើលោកធ្វើការជាមួយជនភៀសខ្លួនកម្ពុជាយ៉ាងដូចម្តេច? រីចឆាត រីចម៉ាន់: ជាបឋម ខ្ញុំធ្វើការនៅតែមណ្ឌលឆ្លងកាត់នៅក្រេតែល (Créteil) ប៉ុណ្ណោះ។ វាជាកន្លែងទទួលជនភៀសខ្លួនទាំងឡាយដែលមកពីអាស៊ីអាគ្នេយ៍។ ពេលនោះ គេមានបំណងចង់បើកមជ្ឈមណ្ឌលព្យាបាលរោគវិកលចរិតមួយ ព្រោះមនុស្សទាំងនោះបានមកដល់ប្រទេសបារាំងជាមួយនឹងបញ្ហាច្រើន។ ដោយសារនៅសម័យនោះ គ្មានអ្នកណាធ្លាប់ធ្វើការពីតំបន់អាស៊ីអាគ្នេយ៍ក្នុងនាមជាពេទ្យខាងរោគវិកលចរិត ខ្ញុំក៏ត្រូវបានគេស្នើ ព្រោះខ្ញុំក៏ជានិស្សិតផ្នែកនរវិទ្យាផងដែរ ហើយខ្ញុំក៏ចាប់ផ្តើមចាប់អារម្មណ៍នឹងតំបន់មួយនេះរបស់ពិភពលោក។ ពេលនោះ ខ្ញុំទើបចាប់ផ្តើមក្នុងការបណ្តុះបណ្តាលពីនរវិទ្យា និងពេទ្យខាងវិកលចរិត ។ ខ្ញុំបានឃើញជនជាតិខ្មែរយ៉ាងច្រើន និងអ្នកជំងឺផ្លូវចិត្តច្រើនផងដែរ។
ក្រោយមកទៀត ប្រទេសជាច្រើនដូចជាប្រទេសបារាំងជាដើម បានយល់ព្រមទទួលជនភៀសខ្លួនដែលធ្លាប់រស់នៅអស់រយៈពេលយូរឆ្នាំនៅក្នុងជំរំជនភៀសខ្លួន និងមានបញ្ហាវិបត្តិផ្លូវចិត្តធ្ងន់... និយាយស្មោះត្រង់ទៅ ខ្ញុំមិនយល់ថាវាជាគំនិតល្អទេ។ កាលនោះ ខ្ញុំមានការព្រួយបារម្ភជាខ្លាំង ហើយខ្ញុំបានធ្វើរបាយការណ៍មួយទាក់ទងនឹងប្រធានបទដែលខ្ញុំបានតាមដានកាលសម័យនោះ។ ខ្ញុំនៅក្មេងខ្ចីនៅឡើយ...។
នៅពេលខ្ញុំបញ្ចប់កម្មសិក្សា ខ្ញុំមានបំណងផ្តល់ការប្រឹក្សាមួយដល់ប្រជាជនកម្ពុជា នៅក្នុងមន្ទីរចែកឱសថមួយកន្លែង នៅខ័ណ្ឌទី១៣ នាទីក្រុងប៉ារីស។ ខ្ញុំចង់ធ្វើជាគ្រូពេទ្យរោគជំងឺផ្លូវចិត្តសាធារណៈ ពិនិត្យអ្នកជំងឺមកពីទ្វីបអាស៊ីដោយឥតគិតថ្លៃ។ ខ្ញុំបានបង្កើតអ្វីម្យ៉ាងដ៏អស្ចារ្យ។ នៅទីនោះ យើងមានអ្នកបកប្រែផ្ទាល់មាត់បីនាក់ (ជនជាតិខ្មែរ វៀតណាម និងឡាវ) ប៉ុន្តែ ជនជាតិកម្ពុជាគឺជាអ្នកជំងឺដ៏ច្រើនជាងគេបំផុត ហើយខ្ញុំមានការចាប់អារម្មណ៍ជនជាតិនេះជាខ្លាំង។
[…] ខ្ញុំមានសំណាងច្រើន ព្រោះ ទីចាត់ការមន្ទីរពេទ្យនេះបានតាមដានសកម្មភាពរបស់ខ្ញុំ ហើយបានជួយផ្តល់មធ្យោបាយផ្សេងៗសម្រាប់ខ្ញុំ។ គម្រោងរបស់ខ្ញុំក៏ចាប់ផ្តើមមានឡើងនៅពេលនោះដែរ។ បន្ទាប់មក ខ្ញុំបានពង្រីកការងាររបស់ខ្លួន ព្រោះទន្ទឹមនឹងការព្យាបាល ខ្ញុំបានដឹកនាំការសង្កេតការណ៍មួយនៅក្នុងសហគមន៍កម្ពុជា ដើម្បីដឹងថាតើសហគមន៍នេះកសាងជីវិតរស់ឡើងវិញយ៉ាងដូចម្តេច ហើយប្រធានផ្នែកជាតិពន្ធុវិទ្យារបស់ខ្ញុំ គឺលោក Charles Meyer បានជួយត្រួតត្រាយផ្លូវចូលសហគមន៍នៅស្រុកបារាំងនេះ […] ក្រោយមក បណ្តាញប្រជាជនបានចាប់ផ្តើមបញ្ជូនអ្នកជំងឺមកខ្ញុំ។
នៅពេលខ្ញុំជួបប្រជាជនកម្ពុជា ឧទាហរណ៍នៅតាមទីវត្តអារ៉ាម ពួកគេនិយាយប្រាប់ខ្ញុំថា «លោកដឹងទេថា ពួកយើងមិនមែនកើតជំងឺសរសៃប្រសាទនោះទេ។ នេះគឺជាការកសាងជីវិតរស់នៅឡើងវិញតាមបែបអឺរុបមួយ»។ ថ្ងៃមួយ នៅវត្ត បុរសម្នាក់ដែលខ្ញុំបានជួបជាច្រើនលើក ហើយតែងតែនិយាយដដែលៗប្រាប់ខ្ញុំថាសហគមន៍របស់គាត់មិនមែនកើតជំងឺផ្លូវចិត្តនោះទេ ស្រាប់តែនិយាយប្រាប់ខ្ញុំថា «តើលោកគឺជាគ្រូពេទ្យរោគវិកលចរិតរឺ? ខ្ញុំស្គាល់មនុស្សម្នាក់ មិនមែនជាអ្នកជំងឺផ្លូវចិត្តនោះទេ ប៉ុន្តែ ប្រសិនជាលោកទៅជួបគេម្នាក់នោះ វាប្រហែលជារឿងល្អប្រសើរ! កាលនោះ ខ្ញុំគិតថាប្រហែលជាគ្មានសហគមន៍ណាទាក់ទងអោយខ្ញុំជួយព្យាបាលអ្នកជំងឺផ្លូវចិត្តនៅក្នុងសហគមន៍ពួកគេនោះទេ។ ការពិត យើងអាចនិយាយបានថាពួកគេមិនមែនដូច្នោះនោះទេ ពួកគេបានមកជួបខ្ញុំ ព្រោះខ្ញុំជាមនុស្សរួសរាយរាក់ទាក់ ហើយខ្ញុំចាប់អារម្មណ៍លើប្រជាជនកម្ពុជា ។ អតិថិជនរបស់ខ្ញុំក៏ចាប់ផ្តើមមានចំនួនកាន់តែច្រើនឡើង។ ខ្ញុំក៏អាចចូលរួមនៅក្នុងសហគមន៍កម្ពុជា គឺមិនមែនជាសមាជិកនោះទេ ប៉ុន្តែ ប្រៀបដូចជាមនុស្សម្នាក់ ដែលចាំជួយផ្តល់សេវាកម្មយ៉ាងយកចិត្តទុកដាក់សម្រាប់ពួកគេ។ ខ្ញុំបាននិយាយថាមិនមានអ្នកកើតឆ្កួតនៅសហគមន៍នោះឡើយ។
បន្ថែម -គ្រូពេទ្យជម្ងឺផ្លូវចិត្តព្យាបាលជម្ងឺតាមរលកធាតុអាកាស ០៧-០៥-២០០៨ -ផ្តើមចេញពីការចងចាំទៅការបង្កើតថ្មី:ជំនួបរវាងសិល្បករកម្ពុជាបីជំនាន់ ៣១-០៧-២០០៨ -បទសម្ភាសន៍ជាមួយ ម៉ី អេលីដា (ភាគពីរ) ៖ការបដិសេធមិនចង់ផ្សារភ្ជាប់រឿងរ៉ាវ ផ្ទាល់ខ្លួនទៅនឹងរឿងរ៉ាវរបស់សង្គមទាំងមូល ០៩-០៥-២០០៨ -បទសម្ភាសន៍ជាមួយ ម៉ី អេលីដា ស្តីពីជនរួមជាតិខ្មែររស់នៅឯនាយសមុទ្រ ០២-០៥-២០០៨ -វ៉ាន់ ណាត អ្នកនៅរស់រានមានជីវិតពីពន្ធនាគារខ្មែរក្រហមជាមួយនឹងការងារចងក្រងឯកសារទុកជា ប្រវត្តិសាស្រ្ត ២៧-០៨-២០០៨
|