|
អធិប្បាយចុងក្រោយ
|
| យុវជនសួរឪពុកម្តាយដើម្បីទទួលបានចំណេះដឹងស៊ីជម្រៅពីរបបខ្មែរក្រហម |
| ដោយ ឈាង បុប្ផា | | | ១៤-០៥-២០០៨ | នៅកំពង់ត្រឡាចខេត្តកំពង់ឆ្នាំងថៃ្ងទី១៧ ខែឧសភា។ យាយស្លេះ រូពះអាយុ៥១ ឆ្នាំដែលមានបងប្អូនប្រុស៤នាក់ត្រូវពួកខែ្មរក្រហមសម្លាប់នៅចំពោះមុខរបស់គាត់ កំពុងរៀបរាប់ប្រាប់រឿងសោកនាដកម្មដល់ក្មេងប្រុសម្នាក់ © John Vink / Magnum នៅកម្ពុជា ប្រជាជនចំនួន៦០%កើតក្រោយរបបខ្មែរក្រហម។ ពួកគេគឺជាយុវជនដែលធំដឹងក្តីនៅក្នុងភាពស្រពិចស្រពិលទាក់ទងនឹងសោកនាដកម្មនៅក្នុងរបបនោះ ព្រោះវាគ្មានបញ្ចូលក្នុងសៀវភៅសិក្សា ហើយឪពុកម្តាយរៀបរាប់ប្រាប់ដោយចន្លោះៗដែលធ្វើអោយពួកគេពិបាកនឹងជឿ។ ចំពោះមុខការមិនមិនយល់ដឹងរបស់សំណាក់មនុស្សជំនាន់នេះ អំពីជំពូកប្រវត្តិសាស្រ្តដែលកត់ត្រាជាប់នៅក្នុងសង្គមខ្មែរ មជ្ឈមណ្ឌលឯកសារកម្ពុជា (DC-Cam) ក៏មានគំនិតបំផុសយុវជនទាំងនេះអោយក្លាយជាអ្នកប្រមូលនូវការចងចាំ។ ប៉ុន្តែមិនមែនចេះតែប្រមូលនោះទេ គឺគេប្រមូលតែការចងចាំពីឪពុកម្តាយពួកគេដែលនៅរស់ប៉ុណ្ណោះ។ សិក្សាពីប្រវត្តិសាស្រ្តតាមរយៈដំណើររឿងគ្រួសារ សុត ណាស៊ាត ជនជាតិចាមអាយុ២៥ឆ្នាំ មានអារម្មណ៍យ៉ាងក្តុកក្តួលទៅលើរឿងម្តាយរបស់ខ្លួនដែលគេបានសរសេរនៅលើក្រដាសក្នុងក្របខ័ណ្ឌនៃការប្រលងប្រជែងមួយរៀបចំឡើងកាលពីឆ្នាំមុន ដោយ DC-Cam ។ វាគឺជាឯកសារកម្រាស់១០ទំព័រសរសេរយ៉ាងផ្ចិតផ្ចង់អមដោយបុព្វកថា វែងគួរសមមួយ : «ជនជាតិកម្ពុជាមិនអាចលុបចេញពីការចងចាំរបស់ខ្លួននូវរបបកាប់សម្លាប់មួយដែលរំលោភសេរីភាពពួកគេបានសោះឡើយ។ ហូប ដេក...គ្រប់យ៉ាងប្រព្រឹត្តិទៅក្រោមការឃ្លាំមើលដ៏តឹងតែងពីអង្គការ»។ យុវអ្នកនិពន្ធឥតព្រាងទុករូបនេះបានសង្កត់ធ្ងន់ទៅលើការជន្លៀសគ្រួសារ និងគ្រោះទុរ្ភិក្សដែលក្រុមគ្រួសាររបស់គេបានឆ្លងកាត់។ បងស្រីម្នាក់របស់គេបានដាច់ពោះស្លាប់។ យុវជនជាសាសនិកដ៏ខ្លាំងក្លារូបនេះរៀបរាប់ថា៖ «មុនពេលដាច់ខ្យល់ បងស្រីខ្ញុំបានសុំបាយពីម្តាយខ្ញុំដើម្បីបំពេញក្រពះដែលគ្មានអ្វីមួយគ្រាប់សោះនោះ។ ម្តាយខ្ញុំមិនអាចរកបាយអោយគាត់ហូបបានទេ។ ពេញទៅដោយទុក្ខព្រួយ ម្តាយខ្ញុំមិនទាំងអាចបញ្ចេញការឈឺចាប់បានផងនៅចំពោះមុខការស្លាប់កូនស្រីរបស់គាត់។ ពួកខ្មែរក្រហមហាមមិនអោយមានមនោសញ្ចេតនាទេ ហើយគាត់ត្រូវបង្ខំចិត្តទៅធ្វើការក្នុងថ្ងៃដដែលនោះថែមទៀត»។ ណាស៊ាតមិនអាចបំភ្លេចសម្តីរបស់ម្តាយគេបានឡើយ។ «គាត់ប្រាប់ខ្ញុំថា គាត់មិនដែលជួបប្រទះរបបណាដែលសាហាវព្រៃផ្សៃដូច្នេះទេ។ ការភ័យខ្លាចតាមជាប់ប្រកិតយើងជានិច្ច។ នេះគឺជាលើកទី១ដែលខ្ញុំបានឮគាត់និយាយរៀបរាប់រឿងរបស់គាត់តាំងពីដើមរហូតដល់ចប់។ តាំងពីពេលដើមមក គាត់និយាយពីរឿងខ្មែរក្រហមពេលគាត់ខឹងពួកយើង រឺខឹងពួកក្មេងៗតែប៉ុណ្ណោះ»។
បង្កើតកិច្ចសន្ទនារវាងឪពុកម្តាយ និងកូនៗ ណាស៊ាតបានស្គាល់ DC-Cam តាមរយៈអាចារ្យម្នាក់នៅព្រះវិហារឥស្លាមក្នុងក្រុងភ្នំពេញ។ DC-Cam គឺជាអង្គការមួយដែលចងក្រងឯកសារពីរបបកម្ពុជាប្រជាធិបតេយ្យដ៏មហាសែនវេទនា អស់រយៈពេល១១ឆ្នាំមកហើយ។ អង្គការនេះបានអញ្ជើញណាស៊ាតអោយមកទស្សនាសារមន្ទីរប្រល័យពូជសាសន៍ ទួលស្លែង និងអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាទទួលបន្ទុកកាត់ទោសអតីតមេដឹកនាំខ្មែរក្រហម ។ អង្គការនេះបានអញ្ជើញណាស៊ាតរួមជាមួយយុវជនជនជាតិចាម ១០០នាក់ផ្សេងទៀតអោយប្រមូលយកការរៀបរាប់របស់ឪពុកម្តាយ ក្នុងគោលបំណងបង្កើតទំនាក់ទំនងជិតស្និទ្ធិរវាយុវជនទាំងនេះនឹងឪពុកម្តាយរបស់ពួកគេ។ ពីដំបូង ណាស៊ាតជឿជាក់ថា បេសកកម្មនេះគឺមិនអាចទៅរួចទេ ព្រោះម្តាយគេនៅតែមានៈមិនព្រមនិយាយអ្វី។ យុវជនម្នាក់នេះរម្លឹកឡើងវិញថា៖ «គាត់ប្រាប់ខ្ញុំថា គាត់គ្មានពេល ហើយថាវាគ្មានបានការអ្វីដែលត្រូវឆ្កឹះកកាយអតីតកាលដ៏ឈឺចាប់នេះឡើងវិញទេ»។ ប៉ុន្តែកញ្ញាសូ ហ្វារីណា អ្នកទទួលខុសត្រូវគម្រោងនេះនៅ DC-Cam បានជួយលើកទឹកចិត្តយុវជនរូបនេះ : «វាមានសារសំខាន់ខ្លាំងណាស់ដែលយុវជនជំនាន់ក្រោយស្គាល់ប្រវត្តិអ្នកជំនាន់មុន»។ ដោយសារអំណះអំណាងដ៏ខ្លាំងនេះ ណាស៊ាតបានព្យាយាមនិយាយបញ្ចុះបញ្ចូលម្តាយគេម្តងទៀត ហើយក៏បានយកឈ្នះភាពមានៈរបស់គាត់។ ដូច្នេះ គេបានចំណាយពេលមួយសប្តាហ៍ដើម្បីស្តាប់ និងកត់សម្តីម្តាយបញ្ចូលក្នុងកូនសៀវភៅ។
យល់ពីឪពុកម្តាយកាន់តែច្បាស់ នៅពេលបានដឹងរឿងអតីតកាលដ៏ខ្មៅងងឹតរបស់ម្តាយ ទើបណាស៊ាតបានដឹងថាហេតុអ្វីគ្រួសារគេមិនចង់រំលឹករឿងរបបខ្មែរក្រហម ហេតុអ្វីសុខភាពម្តាយគេទន់ខ្សោយយ៉ាងនេះ។ យុវកម្លោះស្លៀកសារុងចាមរូបនេះនិយាយសន្យាដោយបើកចំហថា «តាំងពីតូចរហូតមក ខ្ញុំស្រឡាញ់ម្តាយខ្ញុំណាស់។ នៅពេលនេះខ្ញុំបានដឹងរឿងរ៉ាវដែលគាត់បានឆ្លងកាត់ ខ្ញុំកាន់តែគោរពស្រឡាញ់គាត់ថែមទៀត។ ខ្ញុំមិនអាចបំភ្លេចរឿងសោកនាកម្មដែលធ្វើអោយគាត់រងរបួសឥតទីបំផុតនេះបានទេ។ រឿងតែមួយគត់ដែលខ្ញុំអាចធ្វើបានសម្រាប់គាត់ គឺខ្ញុំនឹងថែទាំគាត់អោយបានល្អ និងខំយល់ពីគាត់អោយបានកាន់តែច្រើន» ។ ការបានដឹងរឿងប្រវត្តិសាស្រ្តតាមរយៈច្រកដ៏តូចមួយធ្វើអោយណាស៊ាតចង់ដឹងច្រើនថែមទៀត។ ណាស៊ាតជឿជាក់ថា៖ «សម្រាប់យើងជាក្មេងជំនាន់ក្រោយយើងដឹងត្រឹមថា ពួកខ្មែរក្រហម មានឈ្មោះតែប៉ុន្មាននាក់ប៉ុណ្ណោះ គឺប៉ុល ពត អៀង សារី និងខៀវ សំផន ។ ប៉ុន្តែដោយសារសាលាក្តីខ្មែរក្រហម ខ្ញុំបានដឹងថា អ្នកទទួលខុសត្រូវធំៗមិនមែនមានតែពួកគេប៉ុន្មាននាក់នេះទេ ហើយដោយសារតែសាលាក្តី នៅចុងបញ្ចប់យើងនឹងអាចដឹងពីប្រវត្តិសាស្រ្តដ៏សំខាន់មួយនេះ»។
ស្រាយបំភ្លឺទេវកថា ទុំ ជ័យនុប អាយុ២០ឆ្នាំ តែងតែគិតថាពួកខ្មែរក្រហមគឺជាតួអង្គនៃរឿងព្រេងនិទាន។ វាគឺជារឿងប្រឌិតផុសចេញពីគំនិតឪពុកម្តាយដែលទទួលបានការអប់រំមិនបានជ្រៅជ្រះសុទ្ធសាធ ។ នៅពេល DC-Cam សុំអោយរូបនាងចូលរួមកម្មវិធីសរសេររឿងគ្រួសារ ជ័យនុបមិនគិតសោះឡើយថា គំនិតរបស់នាងកាលពីមុនជុំវិញបញ្ហាខ្មែរក្រហមត្រូវផ្លាស់ប្តូរនោះ។ «តើអោយជឿម្តេចកើតថាមានរបបមួយដែលក្មេងៗបានបញ្ជាមនុស្សចាស់អោយធ្វើការដូចសត្វធាតុ?»។ ប៉ុន្តែដោយកម្លាំងនៃការកត់ត្រាសេចក្តីលម្អិតនៃប្រចាំជីវភាព ជីវិតអមនុស្សថ្ងៃពីឪពុកម្តាយ នៅទីបំផុតនាងក៏ជឿថាមានខ្មែរក្រហមមែន។ នារីវ័យក្មេងរូបនេះសារភាពថា៖ «វាគួរអោយចាប់អារម្មណ៍ណាស់។ ខ្ញុំមានអារម្មណ៍ថា ហាក់ដូចជាខ្ញុំស្ថិតនៅក្នុងរឿងនោះដែរតាមរយៈការស្តាប់ឪពុកម្តាយខ្ញុំ។ បច្ចុប្បន្ន ខ្ញុំយល់ហើយ បើទោះជាខ្ញុំមិនបានឆ្លងកាត់រឿងភ័យរន្ធត់ដូចពួកគាត់ក៏ដោយ»។ នាពេលនេះ ជ័យនុបមិនធុញទ្រាន់នឹងនិយាយពីបញ្ហាខ្មែរក្រហមនៅក្នុងគ្រួសារ និងជាមួយមិត្តភក្តិទៀតឡើយ។
និយាយចេញដើម្បីជម្រុះការឈឺចាប់ អ៊ិត ទីម៉ាស់ ម្តាយរបស់ណាស៊ាត ប្រឹងតាំងចិត្តសម្បើមណាស់ទម្រាំអាចបញ្ចេញពីការចងចាំរបស់គាត់នូវជីវិតប្រចាំថ្ងៃក្រោមសម័យមួយដែលបានឆក់យកជីវិតស្វាមី និងកូនម្នាក់របស់គាត់ទៅ។ ការលើកយកភាពសាហាវឃោឃៅរបស់ពួកខ្មែរក្រហមមកស្តីប្រដៅកូនៗនៅពេលពួកគេបង្ហាញអាកប្បកិរិយាមិនសមរម្យ គឺជាអ្វីដែលគាត់គិតថាគាត់អាចធ្វើបាន។ ស្រ្តីអាយុ៦០ឆ្នាំរូបនេះពន្យល់ដោយកែវភ្នែកភ្លឺថ្លាថា៖ «ពីមុន ខ្ញុំលាក់ទុករឿងគ្រប់យ៉ាងតែម្នាក់ឯង គឺបិទជិតឈឹង។ ឥឡូវនេះ ចាប់តាំងពីខ្ញុំនិយាយប្រាប់កូនប្រុសខ្ញុំមក ខ្ញុំមានអារម្មណ៍ធូរស្រាល។ ខ្ញុំមានចិត្តស្ងប់ឡើងវិញ»។ សព្វថ្ងៃ គាត់សង្ឃឹមថា កូនៗគាត់ដឹងពីការលំបាករបស់គាត់កាលពីអតីតកាល ហើយពួកគេនឹងចេះតស៊ូនៅក្នុងជីវិត។ «ពួកគេសុទ្ធតែកើតក្នុងពេលមានសន្តិភាព ហើយមិនដែលស្គាល់អ្វីលំបាកទេ។ ដូច្នេះ អតីតកាលរបស់ខ្ញុំអាចជួយពួកគេអោយគិតពិចារណាអំពីជីវិត»។
ដកស្រង់បទពិសោធន៍ពីរឿងអតីតកាល តាមរយៈការស្តាប់រឿងរបស់ឪពុកម្តាយ យុវជនអាចមានការតក់ស្លុត រំជួលចិត្ត ប៉ុន្តែតាមរយៈលំហាត់មួយនេះ ពួកគេនឹងចោទសួរខ្លួងឯងច្រើនឡើងអំពីប្រវត្តិសាស្រ្តរបស់ខ្លួន ហើយចែករំលែកចំណេះដឹងរបស់ខ្លួនជាមួយមិត្តរួមថ្នាក់ និងបង្ការកុំអោយមានរបបបែបនេះនៅក្នុងប្រទេសទៀត។ នេះជាការពន្យល់របស់ហ្វារីណា។ កញ្ញាលើកឡើងទៀតថា៖ «វាគឺវិធីសាស្រ្តនៃការពិចារណាមួយដែលតម្រូវអោយពួកគេប្រៀបធៀបពួកមេដឹកនាំខ្មែរក្រហមជាមួយនឹងមេដឹកនាំសព្វថ្ងៃ ហើយរួមចំណែកបង្ការកុំអោយសោកនាដកម្មប្រភេទនេះកើតឡើងម្តងទៀតនៅកម្ពុជា»។ គេត្រូវធ្វើអ្វីគ្រប់បែបយ៉ាងដើម្បីអោយជនរងគ្រោះច្រើនឥតគណនាមិនត្រូវគេបំភ្លេចចោល។
|
|
|