
ភ្នំពេញ (កម្ពុជា) ថ្ងៃទី៦ កុម្ភៈ ២០០៩៖ លោកវ៉ាន់ ណាត វិចិត្រករនិងអ្នកនៅរស់រានមានជីវិតពីមន្ទីរស-២១ នៅក្នុងពិធីតាំងពិព័រណ៍មួយ នៅមជ្ឈមណ្ឌលបុប្ផាណា។
© ចន វីង / Magnum
លោករីចឆាត រីចម៉ាន់ គឺជាគ្រូពេទ្យជំងឺផ្លូវចិត្ត និងជានរវិទូ។ អស់រយៈពេលជាង២០ឆ្នាំមកហើយ លោកបានផ្តោតការងារមួយផ្នែករបស់លោកនៅប្រទេសបារាំងទៅលើជនភៀសខ្លួនខ្មែរ។ លោកបានធ្វើដំណើរការមកកាន់ទីក្រុងភ្នំពេញជាលើកទី១។ សារមួយក្នុងចំណោមសារជាច្រើនទៀតដែលលោកមានបំណងប្រាប់អោយដឹងនោះគឺ ៖ សូមអោយជនរងគ្រោះពីរបបខ្មែរក្រហមឈប់និយាយអំពីអ្នកស្លាប់។ ហេតុអ្វី? ព្រោះបើតាមរូបលោក វាជាការផ្តល់នូវលក្ខណៈសក្ការៈលើអ្នកស្លាប់ដែលបង្ហាញអោយឃើញពីវោហាស័ព្ទនៃការប្រល័យពូជសាសន៍។ លោកបានបកស្រាយថា វាមានសារសំខាន់ដែលត្រូវធ្វើអោយអ្នកស្លាប់បន្តនៅមានសភាពដូចជារបស់មានជីវិត ហើយផ្តល់នូវអត្តវិស័យភាពឡើងវិញ និងឈប់ធ្វើអោយវាក្លាយជាអ្វីម្យ៉ាងអរូបិយ។ នៅក្នុងបទសម្ភាសន៍មួយជាមួយកាសែត(Ka-set) លោករីចឆាត រីចម៉ាន់ បានធ្វើការពិចារណាពីសក្ខីភាពរបស់ជនរងគ្រោះឬក៏ពីការប្រែប្រួលលក្ខណៈរបស់ជនរងគ្រោះ។ ភាគ២
កាសែត : លោកមានប្រសាសន៍ពីភាពចម្លែករបស់អ្នកនៅរស់រានមានជីវិត។ តើលោកអាចអោយនិយមន័យបានទេ ?
រីចឆាត រីចម៉ាន់ : អ្នកជំងឺខ្ញុំមួយចំនួនជាជនជាតិខ្មែរ[នៅស្រុកបារាំង] គឺជាអ្នកទោសក្រោមអំណាចរបស់អ្នកស្លាប់។ អ្នកស្លាប់រុកកួនពួកគេ ហើយពួកគេមិនអាចចាកចេញពីវាបានឡើយ។ ត្រង់ចំណុចនេះ ខ្ញុំបែងចែកភាពខុសគ្នានៅក្នុងនរវិទ្យារវាងសាកសព និងអ្នកស្លាប់។ ចំពោះអ្នកស្លាប់ អ្នកចងចាំពីពេលដែលពួកគេនៅមានជីវិត។ រីឯសាកសពវិញ អ្នកមានពួកគេក្នុងខួរក្បាលនៅពេលពួកគេស្លាប់! ចំណុចនេះគឺកាន់តែខុសគ្នាខ្លាំងទៅទៀតនៅក្នុងសង្គមខ្មែរ ដែលជឿលើខ្មោច...។ ដូច្នេះ ពួកគេមិនអាចគេចចេញពីអ្នកស្លាប់បានទេ ព្រោះបើសិនជាពួកគេគេចចេញ អ្នកស្លាប់ទាំងនោះនឹងបាត់សាបសូន្យ ដូច្នេះពួកខ្មែរក្រហមនឹងបានជោគជ័យក្នុងការសម្លាប់អ្នកស្លាប់ ហើយអ្នកស្លាប់ទាំងនោះ ពោលគឺព្រលឹងទាំងនោះ ឬខ្ញុំសុំហៅថាអ្នកនៅមានជីវិតទាំងនោះ នឹងលែងមាន។ នេះជាអ្វីដែលអ្នកជំងឺខ្ញុំនិយាយប្រាប់ខ្ញុំ។ ប្រសិនបើអ្នកស្លាប់មិនមានអ្វីបន្សល់ទុក គឺវាបានន័យថាអ្នកស្លាប់នឹងលែងមានជារៀងរហូត! អីចឹងហើយបានជាពួកគេមិនចង់បោះបង់ចោលអ្នកស្លាប់ទាំងនោះ បើពួកគេធ្វើដូច្នេះ ពួកគេនឹងផ្តល់ភាពសមហេតុផលអោយពួកខ្មែរក្រហមមិនខាន។
ក្នុងពេលជាមួយគ្នា ទោះពួកគេមិនបោះបង់ចោលអ្នកស្លាប់ទាំងនោះ ក៏ពួកគេផ្តល់ភាពសមហេតុផលអោយពួកគេខ្មែរក្រហមដែរ ព្រោះពួកគេរស់នៅក្នុងពិភពមួយដូចអ្នកស្លាប់ដែរ...។ សម្រាប់ខ្ញុំ វាជារឿងសំខាន់បំផុតដែលត្រូវយល់។ អ្នកជំងឺរបស់ខ្ញុំប្រាប់ខ្ញុំថា អ្នកស្លាប់មកនៅទីក្រុងប៉ារីសជាមួយពួកគេដែរ។ សម្រាប់ខ្ញុំ នៅពេលនោះហើយដែលនាំអោយលេចចេញនូវភាពចាំបាច់នៃការប្តូរទំនាក់ទំនងមួយនេះទៅនឹងបញ្ហានេះ។ ហើយការងារដែលលោកប៉ាន់ រិទ្ធី និងលោកវ៉ាន់ ណាតបានធ្វើ គឺមានសារសំខាន់ណាស់នៅក្នុងការងារព្យាបាលរបស់ខ្ញុំ។
កាសែត : តើវិធីសាស្រ្តដែលលោកប៉ាន់ រិទ្ធិ ប្រើនៅក្នុងភាពយន្ត«មន្ទីរស-២១ : ម៉ាស៊ីនពិឃាតរបស់ពួកខ្មែរក្រហម» បានធ្វើអោយលោកចាប់អារម្មណ៍លើអ្វី?
រីចឆាត រីចម៉ាន់: រឿងនេះបានធ្វើអោយខ្ញុំកើតមានគំនិតជាច្រើន។ ខ្ញុំបានពិភាក្សាពីចំណុចនេះ ជាមួយលោកប៉ាន់ រិទ្ធី ។ ពួកយើងទាំងពីរសុទ្ធតែខ្វាយខ្វល់ យើងនិយាយថា ៖ យើងធុញទ្រាន់នឹងសក្ខីភាពរបស់ជនរងគ្រោះ។ ខ្ញុំមិនមែនចង់បន្ទោសពីសក្ខីភាពសុទ្ធសាធរបស់ជនរងគ្រោះទេ ប៉ុន្តែគឺពីការដណ្តើមទីតាំងរបស់អ្នកស្លាប់ ដោយជនរងគ្រោះនិយាយតែពីអ្នកស្លាប់។ នៅពេលខ្ញុំមើលរឿង«ស-២១» ខ្ញុំបានយល់រឿងមួយ។ លោកវ៉ាន់ ណាត គឺជាសាក្សីទី១ដែលខ្ញុំបានស្គាល់ដែលមិនផ្តល់សក្ខីកម្មអ្វីទាំងអស់ ប៉ុន្តែតម្រូវអោយអ្នកផ្សេងផ្តល់សក្ខីកម្ម។ អ្វីដែលខ្ញុំមើលឃើញថាអស្ចារ្យនោះគឺផ្តើមចេញពីចំណុចនេះ យើងអាចនិយាយថា : អ្នករួចជីវិតនៅរស់ អ្នកនឹងផ្តល់សក្ខីកម្មពីអ្នកមានជីវិត ហើយដាក់បន្ទុកទៅលើពួកពេជ្ឈឃាតអោយនិយាយពីអ្នកស្លាប់។
កាសែត : តើការផ្តល់សក្ខីភាពអាចជម្រុះចោលការឈឺចាប់ពីក្នុងចិត្តឬ ?
រីចឆាត រីចម៉ាន់ : ខ្ញុំមិនជឿរឿងនេះទាំងស្រុងនោះទេ។ មានសក្ខីភាពជាលក្ខណៈផ្ទាល់ខ្លួន ឬសក្ខីភាពនៅមុខតុលាការ វាគឺជាដំណើរការពីរផ្សេងគ្នា។ ខ្ញុំជឿថា វាពិតជាមានសារសំខាន់ខ្លាំងណាស់ក្នុងការជំរុញមនុស្សអោយផ្តល់សក្ខីភាពនៅមុខតុលាការ មិនថាផលវិបាកផ្នែកផ្លូវចិត្តយ៉ាងណាទេ ព្រោះវាមានមុខងារនយោបាយសំខាន់បំផុត។ ប៉ុន្តែបើថាការផ្តល់សក្ខីភាពអាចជម្រុះការឈឺចាប់បាននោះ គឺខ្ញុំមិនជឿទេ។ ជាបឋម ពីព្រោះគេមិនដែលសុំជនរងគ្រោះអោយរៀបរាប់ពីអ្វីដែលកើតឡើងចំពោះពួកគេទេ ហើយបើនៅក្នុងតុលាការគឺកាន់តែកម្រមានទៅទៀត។ ប៉ុន្តែ គេស្នើសុំអោយរៀបរាប់ពីបរិបទ សុំអោយនិយាយពីអ្នកផ្សេងទៀត...។ បន្ទាប់មកទៀត គេមិនបានគិតដល់ពីអ្វីដែលធ្វើអោយជនរងគ្រោះបាក់ស្បាតនោះទេ។ ខ្ញុំនៅចាំបានពីអ្នកជំងឺម្នាក់ដែលបានប្រាប់ខ្ញុំនៅថ្ងៃមួយថា : «លោកគ្រូពេទ្យដឹងទេ ការឃើញសាកសពរាល់ថ្ងៃអំឡុងពេល៤ឆ្នាំ ខ្ញុំទម្លាប់ទៅហើយ។ វាមិនធ្វើអោយខ្ញុំខ្លាចទេ។ ម្យ៉ាងវិញទៀត គឺរឿងនេះហើយដែលចោទជាបញ្ហាចំពោះខ្ញុំសព្វថ្ងៃ...»។ បញ្ហាគឺមិនមែនដោយសារបានឃើញអ្នកស្លាប់យ៉ាងច្រើននោះទេ ប៉ុន្តែការបានឃើញសាកសពស្លាប់ជាច្រើនហើយតែមិនទទួលរងឥទ្ធិពលអ្វីបន្តិចសោះនោះ គឺជាបញ្ហា។
តើសក្ខីភាពដូចនេះមានតម្លៃដូចម្តេចនៅចំពោះមុខតុលាការ? គឺគ្មានតម្លៃអ្វីទាល់តែសោះ។ ហើយចុះបើវាត្រូវបាននិយាយជាសាធារណៈវិញ? នោះក៏គ្មានតម្លៃដែរ។ ប៉ុន្តែផ្ទុយមកវិញ តើវាមានតម្លៃយ៉ាងណានៅពេលគេនិយាយមកកាន់ខ្ញុំដែលជាពេទ្យម្នាក់? គឺខ្ញុំអាចនិយាយថា : «បាទ! ខ្ញុំយល់ វាពិតជាមានបញ្ហាមែន ...» ហើយចាប់ផ្តើមការងារ។ បញ្ហាគួរអោយខ្លាចបំផុតរបស់ជំងឺបាក់ស្បាតគឺតែងតែជារឿងមើលទៅដូចជាគ្មានគ្រោះថ្នាក់អ្វី។ អ្នកជំងឺបានមើលឃើញរឿងគួរអោយខ្លាចតែព្រមទទួលយកវា ហើយនិងរឿងគ្មានគ្រោះថ្នាក់។ ពួកគេមិននិយាយពីវាទាល់តែសោះ ព្រោះវាមិនអាចនិយាយបាន ព្រោះគេចាត់ទុកវាដូចជារឿងតូចតាចមួយបើធៀបនឹងរឿងផ្សេងទៀត។ អ្វីដែលខ្ញុំចាប់អារម្មណ៍គឺអ្វីដែលគេគិតថាជារឿងតូចតាចនោះឯង ព្រោះវាមិនមែនអីចឹងទេ។ [...] ហើយអ្វីដែលនៅសល់ពីនោះ គឺមានពាក្យសម្រាប់និយាយ (ដូចជាពាក្យ'មិនអាចទ្រាំទ្របានជាដើម') ប៉ុន្តែមិនប្រាកដថារឿងទាំងនោះបង្កជាជំងឺបាក់ស្បាតទេ។ អាជីពរបស់ខ្ញុំគឺព្យាបាលជំងឺបាក់ស្បាត មិនមែនព្យាបាលអ្វីដែលមិនអាចព្យាបាលបាននោះទេ។ ដូច្នេះខ្ញុំមិនគិតថា ការព្រមនិយាយចេញមកក្រៅអាចរំដោះមនុស្សអោយរួចផុតពីវិបត្តិផ្លូវចិត្តមួយនេះឡើយ។
កាសែត : តើតួនាទីរបស់លោកគឺស្តាប់ពួកគេឬ?
រីចឆាត រីចម៉ាន់ : បាទ! ប៉ុន្តែគឺខ្ញុំស្តាប់ហើយ ផ្គុំឡើងវិញនូវរឿងបង្កប់ក្នុងជម្រៅចិត្តពួកគេ។ គេតែងនិយាយថា«ឪពុកម្តាយមិនបានប្រាប់អ្វីសោះដល់កូនៗ» ប៉ុន្តែគ្មានរឿងអីដែលត្រូវប្រាប់រឿងហ្នឹងទេ! គេមិនត្រូវនិយាយពីជំងឺបាក់ស្បាតទេ វាប្រៀបដូចជាការទម្លាយរឿងសម្ងាត់ខ្លួនឯង។ ខ្ញុំធ្វើការប្រៀបធៀបមួយងាយយល់បំផុត គឺបញ្ហាទាក់ទងនឹងផ្លូវភេទសម្រាប់កូនម្នាក់។ កាលណាឪពុកម្តាយចង់និយាយប្រាប់រឿងរបស់ពួកគាត់ទៅកូនៗ ពួកគាត់មិនចាប់ផ្តើមរៀបរាប់ពីយប់ផ្សំដំណេករបស់ខ្លួនទេ តែបើមានអ្នកណានិយាយ គឺពិតជាឆ្កួតហើយ[សើច]។ ជាទូទៅ គេមិនធ្វើអីចឹងទេ...។ ប៉ុន្តែ យើងអាចប្រាប់កូនៗពីប្រវត្តិជីដូនជីតា ដោយមិនចាំបាច់រៀបរាប់ពីរឿងបន្តពូជ!
បញ្ហាគឺដូចគ្នាទេ គ្រាន់តែថាមនុស្សកើតជំងឺបាក់ស្បាតមិនដឹងថាត្រូវចាប់ផ្តើមនិយាយរឿងក្នុងជម្រៅចិត្តរបស់ខ្លួនពីត្រឹមណា ហើយឈប់ត្រឹមណា។ ដូច្នេះគេមិននិយាយពីជីដូនជីតាទេ ព្រោះពួកគេស្លាប់បាត់ហើយ។ នេះហើយជាបញ្ហា...ហើយជាកំហុសឆ្គងមួយ។ ខ្ញុំសុំនិយាយអោយធ្ងន់បន្តិចទៅចុះ ខ្ញុំគិតថា ៨០%នៃវិធីព្យាបាលជំងឺបាក់ស្បាតគឺធ្វើមិនចំទិសទេ ព្រោះពេទ្យចង់អោយមនុស្សឈឺនិយាយតែពីរឿងរន្ធត់ទាំងនោះ! ប៉ុន្តែអ្វីដែលសំខាន់ គឺថាតើអ្នកជំងឺឆ្លងកាត់រឿងនោះយ៉ាងដូចម្តេច ហើយតើវាមានឥទ្ធិពលអ្វីទៅលើជីវិតរបស់គេឯណោះទេ។
បើសិនជាការស្តាប់អាចព្យាបាលបាន គឺគេផ្គុំឡើងវិញនូវផ្នែកស៊ីជម្រៅនៅក្នុងចិត្តរបស់អ្នកជំងឺ ផ្នែកដែលគេអាចនិយាយចេញបាន ផ្នែកដែលអាចនិយាយប្រាប់អ្នកនេះបាន តែមិនអាចប្រាប់អ្នកនោះ។ អ្វីដែលគេនិយាយប្រាប់ពេទ្យផ្លូវចិត្ត មិនដូចអ្វីដែលគេនិយាយប្រាប់កូនៗទេ ហើយអ្វីដែលគេមាននៅក្នុងខួរក្បាលក៏មិនប្រាកដថានិយាយចេញទាំងអស់ដែរ។ ក្នុងរបបខ្មែរក្រហម អ្វីដែលមាននៅក្នុងខួរក្បាលមិនអាចនិយាយចេញមកក្រៅបានឡើយ ហើយពួកខ្មែរក្រហមគិតយ៉ាងអត្តនោម័តថា ពួកគេអាចហាមឃាត់មនុស្សមិនអោយគិតបាន តាមរយៈការហាមមិនអោយ និយាយស្តី។ វាមិនអាចទៅរួចទេ ផ្ទុយទៅវិញ វាអាចមានឥទ្ធិពលទៅពេលក្រោយ។ ក្នុងអំឡុងពេលណាមួយនោះ មនុស្សនៅតែគិត ប៉ុន្តែពួកគេមិនដឹងថាត្រូវនិយាយអ្វី។
កាសែត : បើតុលាការដែលបង្កើតឡើងនៅទីក្រុងភ្នំពេញដើម្បីកាត់ទោសអតីតមេដឹកនាំខ្មែរក្រហម ទទួលបរាជ័យនៅក្នុងការងាររបស់ខ្លួននោះ តើវានឹងជះឥទ្ធិពលធ្ងន់ធ្ងរលើជនរងគ្រោះដែរទេ?
រីចឆាត រីចម៉ាន់ : បើទោះជាតុលាការនេះមិនបរាជ័យ ក៏វាមានផលប៉ះពាល់ផ្នែកផ្លូវចិត្តដូចតែគ្នាដែរ។ កាលណាជនរងគ្រោះមកធ្វើជាសាក្សី គឺវាមានផលប៉ះពាល់ហើយ។ ប៉ុន្តែ វាមិនមែនជាបេសកកម្មរបស់តុលាការទេដែលត្រូវការពារពួកគេពីបញ្ហានេះ។ បើគេចង់អោយជនរងគ្រោះមានសុខភាពផ្លូវចិត្តល្អ គេបង្កើតការិយាល័យចិត្តសាស្រ្តមួយហើយ។ តុលាការមិនមែនបង្កើតឡើងដើម្បីព្យាបាលមនុស្សទេ ប៉ុន្តែគឺដើម្បីផ្តល់យុត្តិធម៌ ហើយមិនមែនផ្តល់យុត្តិធម៌អោយតែមនុស្សប៉ុន្មាននាក់ដែលមកផ្តល់ចម្លើយសាក្សីនោះទេ គឺផ្តល់អោយអ្នកស្លាប់រាប់លាននាក់ អ្នកជំនាន់ក្រោយ និងមនុស្សជាតិដែលត្រូវដឹងពីអ្វីដែលបានកើតឡើងផងដែរ។ គេមិនដែលនិយាយថាមិនផ្តន្ទាទោសអ្នកចាប់រំលោភម្នាក់នេះទេ ព្រោះបើគេហៅជនរងគ្រោះមកសួរ នាងនឹងមានភ័យខ្លាច... អីចឹងមិនទុកអោយជនដៃដល់រួចខ្លួនទៅមិនល្អជាង!? ហើយបើទោះជាតុលាការមិនបរាជ័យក៏ដោយ ក៏រឿងទាំងអស់ហ្នឹងចោទឡើងដែរ។ ជនរងគ្រោះនឹងត្រូវបង្ហាញមុខនៅតុលាការ។ ពិតណាស់ថា បើតុលាការបរាជ័យវានឹងធ្ងន់ធ្ងរ ប៉ុន្តែអ្វីដែលសំខាន់គឺមានតុលាការ!
កាសែត : តើជាច្រើនទសវត្សមកនេះ ស្ថានភាពរបស់ជនរងគ្រោះមានការប្រែប្រួលយ៉ាងដូចម្តេចដែរ?
រីចឆាត រីចម៉ាន់ : បញ្ហានេះគឺជាចំណែកមួយយ៉ាងធំនៃការងារផ្នែកនរវិទ្យារបស់ខ្ញុំ។ នៅក្នុងសៀវភៅដែលខ្ញុំបានសរសេរជាមួយលោកឌីដ្យេ ហ្វាសាំង (Didier Fassin) [L'Empire du traumatisme. Enquête sur la condition de victime, Paris, Flammarion, 2007] យើងចង់លុបបំបាត់គំនិតភាន់ច្រឡំដែលមានចំពោះជនរងគ្រោះ។ យើងបានសួរជាសំណួរលើផ្នែកនរវិទ្យាថាតើតាំងពីពេលណាគេនិយាយពីជនរងគ្រោះ និយាយរបៀបម៉េច ហេតុអ្វី ហើយពេលណាទើបមានការផ្លាស់ប្តូរដ៏គួរកត់សម្គាល់នេះ ដែលមិនមែនលើចំណេះដឹងលើផ្នែកតាមដានស្ថានភាពជំងឺទេ ប៉ុន្តែលើទស្សនៈផ្លូវចិត្ត។
បើសិនយើងយកជំងឺបាក់ស្បាតជាធាតុមួយក្នុងចំណោមធាតុជាច្រើនទៀតដែលបច្ចុប្បន្នជាលក្ខណៈសម្គាល់អោយជនរងគ្រោះនោះ យើងនឹងបានដឹងថា រហូតមកដល់ឆ្នាំ១៩៦០-១៩៧០ ជំងឺបាក់ស្បាតគឺជាសុច្ចនាករណ៍នៃភាពទន់ខ្សោយ និងភាពកំសាក។ កាលនោះ អ្នកកើតជំងឺបាក់ស្បាតអាចជាអ្នកលាក់មនោសញ្ចេតនាខ្លួនឯង ឬអាចជាអ្នកខ្ជិល...។ មានមនុស្សពីរប្រភេទដែលត្រូវគេចាត់ចូលក្នុងក្រុមអ្នកជំងឺនេះ។ ទី១គឺអ្នកធ្វើការដែលធ្លាក់ខ្លួនឈឺបន្ទាប់ពីមានគ្រោះថ្នាក់ ហើយមិនចង់ចូលធ្វើការវិញ តែបានលុយយ៉ាងច្រើនដោយមិនធ្វើអ្វីសោះ។ ទី២គឺពួកទាហានដែលមិនចង់ទៅស្លាប់ក្នុងសមរភូមិ ដូច្នេះពួកគេជាមនុស្សកំសាក។ ដូច្នេះវាមានន័យអវិជ្ជមានខ្លាំងណាស់។ វាគឺជាការចង្អុលបង្ហាញពីលក្ខខណ្ឌសង្គម ពោលគឺលក្ខខណ្ឌសង្គមរបស់មនុស្សនៅក្នុងកងទ័ព និងរបស់កម្មករដែលត្រូវសង្គមមើលរំលង។ សូម្បីនៅក្នុងសង្គ្រាមលោកលើកទី២ អ្នកកើតជំងឺបាក់ស្បាតមិននិយាយពីការពិតនៃសង្គ្រាមជាដាច់ខាត។ គេនិយាយពីភាពទន់ខ្សោយរបស់មនុស្សម្នាក់។ [...] អ្នកត្រឡប់មកពីធ្វើសង្គ្រាម គឺជាវីរបុរស តែបើពួកគេមានបញ្ហាផ្លូវចិត្ត វាគឺជាសញ្ញានៃភាពទន់ខ្សោយ។
គ្រប់យ៉ាងបានផ្លាស់ប្តូរនៅក្នុងសង្គ្រាមវៀតណាម។ ភាពយន្តជាច្រើននិយាយពីសង្គ្រាមនេះ។ តើគេបង្ហាញពីអ្វី? គឺថាសង្គ្រាមបំផ្លាញផ្លូវចិត្ត។ មិនថាអ្នកមើលរឿងរ៉ាំបូ [ភាពយន្តរបស់លោកតែត កូតចេហ្វ (Ted Kotcheff) , ១៩៨៣, សម្តែងដោយលោកស៊ីលវ៉េស្ទើរ ស្តាឡូន(Sylvester Stallone)] ឬក៏រឿង«កើតថ្ងៃ៤កក្កដា» (Né un 4 juillet) [ភាពយន្តរបស់លោកអូលីវើ ស្តូន (Oliver Stone), 1990, សម្តែងដោយថូម គ្រូស (Tom Cruise)]នោះទេ សង្រ្គាមត្រូវបានសម្តែងចេញផ្សេង បានន័យថា ចាប់ពីពេលនោះមក ជំងឺបាក់ស្បាតបានក្លាយជាកន្លែងរន្ធត់នៃសង្គ្រាមតែម្តង។ ប៉ុន្តែហេតុអ្វីរឿងនេះកើតឡើង? គឺដោយសារហេតុផលយ៉ាងសាមញ្ញ ខ្ញុំនឹងបង្ហាញត្រួសៗ។ នៅឆ្នាំ១៩៧០ សម្រាប់ផ្នែកវិកលវិទ្យាអាមេរិក បញ្ហាចម្បងគឺគេចង់ដឹងថាតើភាពម៉ួម៉ៅដោយសារការបាក់ស្បាត និងការបាត់ជំនឿចិត្ត អាចកើតមានលើទាហានទៅធ្វើសង្គ្រាមនៅវៀតណាមដែរឬទេ។ ក្នុងរឿងនេះ គឺមានការសម្រេចផ្នែកនយោបាយពីសំណាក់មនុស្សដែលធ្វើការក្នុងក្រុមនេះ គឺអ្នកជឿនលឿននិយម ចិត្តពេទ្យយោធាដែលមានឆន្ទៈមោះមុតប្រឆាំងនឹងសង្គ្រាមវៀតណាម ហើយមានបំណងធ្វើអោយមានការទទួលស្គាល់ពីជំងឺបាក់ស្បាតដោយសារសង្គ្រាមនៅវៀតណាម ដើម្បីរួមចំណែកអោយមានការបញ្ឈប់សង្គ្រាម និងធ្វើអោយទាហានអាមេរិកទទួលបានឈ្មោះជាជនរងគ្រោះ។ រឿងនេះមិនអាចទៅរួចទេកាលពីមុន។
បញ្ហាតែម្យ៉ាងគត់ គឺថាអ្នកដែលត្រឡប់មកពីប្រទេសវៀតណាម មិនមែនជាវីរបុរសទេ ប៉ុន្តែជាអ្នកប្រព្រឹត្តអំពើឃោរឃៅ។ ចំណុចនេះជាបញ្ហាធំរបស់សង្គម។ អីចឹងហេតុអ្វីរ៉ាំបូកើតជំងឺបាក់ស្បាត? ដោយសារគេបានមើលឃើញរឿងរន្ធត់ ហើយបានប្រព្រឹត្តអំពើឃោរឃៅគួរអោយខ្លាច ដែលយើងប្រហែលជាចាត់ទុកជាឧក្រិដ្ឋកម្មសង្គ្រាម ប្រសិនបើគេមិនមែនជាជនបស្ចឹមប្រទេសទេនោះ...។ ជារួម ចេញពីពួកពេជ្ឈឃាតធម្មតាម្នាក់ គេមកធ្វើជាជនរងគ្រោះដោយសារសង្គ្រាម ហើយត្រង់នេះខ្ញុំមិនធ្វើការវិនិច្ឆ័យផ្នែកផ្លូវចិត្តថាល្អឬមិនល្អនោះទេ ប៉ុន្តែគឺនៅពេលនោះហើយដែលអត្ថន័យរបស់ជំងឺបាក់ស្បាតផ្លាស់ប្តូរ។ វានិយាយពីការពិតនៃភាពរន្ធត់របស់សង្គ្រាម ហើយចំណុចសំខាន់មួយទៀតគឺសង្រ្គាមដែលបរាជ័យ។ ចាប់ពីពេលនោះ ជំងឺបាក់ស្បាតក្លាយជាសក្ខីភាពនៃរឿងរ៉ាវរបស់អ្នកចាញ់។ រហូតមកដល់ពេលនេះ យើងមានតែប្រវត្តិសាស្រ្តដែលត្រូវបានដាក់បញ្ចូលនៅក្នុងសង្គមគឺប្រវត្តិសាស្រ្តរបស់អ្នកឈ្នះ។
តើនិយាយពីអ្នកចាញ់យ៉ាងដូចម្តេច? ជំងឺបាក់ស្បាតបានក្លាយជាគន្លឹះមួយ ជនរងគ្រោះបានក្លាយជាគន្លឹះសម្រាប់ធ្វើប្រវត្តិរឿងអ្នកចាញ់។ អីចឹងហើយបានជាខ្ញុំមិនអាចទទួលយកសង្គមមួយពោរពេញដោយភាពអាណិតអាសូរ ដែលផ្តល់តម្លៃច្រើនជ្រុលពេកដល់ជនរងគ្រោះ វាមិនមែនជាផលតបស្នងត្រឹមត្រូវនោះទេ។ បើនិយាយរបៀបម្យ៉ាងទៀត គេលើកតែជន្ទល់មួយនេះដើម្បីនិយាយពីអ្នកចាញ់។ បន្ទាប់មកទៀត យើងត្រូវមើលថាតើវាត្រូវឬអត់ដែលពាក្យបាក់ស្បាតនេះអាចប្រើបានក្នុងគ្រប់ករណីទាំងអស់ឬយ៉ាងណា។ នេះជាអ្វីដែលយើងបានទៅធ្វើការអង្កេត ហើយយើងក៏ខកចិត្ត ព្រោះវាមិនពិតទេ។ បញ្ហានេះគឺអាស្រ័យលើបរិបទទាំងស្រុង វាមិនមែនជនរងគ្រោះជាអ្នកសម្រេចទេ វាមិនត្រូវទេដែលគេផ្តល់តម្លៃដល់គ្រប់ជនរងគ្រោះទាំងអស់នោះ។ ជនរងគ្រោះមួយចំនួនបម្រើអោយនយោបាយ ឬផលប្រយោជន៍ផ្សេងទៀត រីឯជនរងគ្រោះផ្សេងទៀតយើងភ្លេចពួកគេទាំងស្រុង ហើយយើងមិនដែលចាត់ទុកពួកគេជាជនរងគ្រោះឡើយ។ ហើយនៅពេលណាយើងលើកឡើងពីជនរងគ្រោះទាំងអស់ វាជាវិធីមួយក្នុងការមិននិយាយពីអ្នកផ្សេងទៀត...
ការងារដែលខ្ញុំធ្វើ គឺព្យាយាមមើលអ្វីដែលមិនអាចមើលឃើញបាន។ ខ្ញុំមិនផ្តោតលើអ្វីដែលគ្រប់គ្នានិយាយ និងមើលឃើញនោះទេ។ ផ្អែកលើចំណុចនេះហើយដែលរឿងស២១ ជាមួយនឹងរូបថត និងអំណះអំណាងស្តីពីអ្នកត្រូវគេសម្លាប់ បង្ហាញពីអំពើប្រល័យពូជសាសន៍ ដោយហេតុថា ដូចដែលខ្ញុំបាននិយាយរួចមកហើយ លក្ខណៈពិសេសគឺការលាក់ដាននៃការស្លាប់ ដូចមនុស្សម្នាក់បានសួរខ្ញុំរួចហើយ។ ដំបូង គេត្រូវធ្វើវត្ថុមួយដែលអ្នកដទៃអាចមើលឃើញ ដើម្បីអោយវត្ថុផ្សេងទៀតគេមើលមិនឃើញ។ នៅពេលយើងផ្តោតតែទៅលើរឿងនៅមន្ទីរស២១ (មានមនុស្សស្លាប់១៧ ០០០នាក់ គឺវាពិតមែន) យើងនឹងភ្លេចអ្នកស្លាប់ពីរលាននាក់ផ្សេងទៀត ដែលគ្មានស្លាកស្នាមសូម្បីបន្តិច។
បន្ទាប់មកទៀត ខ្ញុំតែងនិយាយថា ឈ្មោះជាជនរងគ្រោះគឺជាទិដ្ឋភាពគួរអោយអាណិតអាសូរ។ វាគឺជាវិធីមួយក្នុងការនិយាយពីព្រឹត្តិការណ៍ទាំងឡាយ វាជាភាសានយោបាយ។ សម្រាប់អ្នកនយោបាយ វាមានមុខងារទី១ជាអ្នកលាក់បាំងទិដ្ឋភាពមិនស្មើភាពគ្នានៅក្នុងសង្គម និងភាពខុសគ្នារបស់ប្រជាជន។ ជាក់ស្តែង នៅទីក្រុងទូលូស ភាគខាងត្បូងប្រទេសបារាំង នៅក្រោយការផ្ទុះរោងចក្រគីមី AZF [នៅឆ្នាំ២០០១]មួយថ្ងៃ ប្រជាពលរដ្ឋទាំងអស់ចាំបាច់ត្រូវប្រកាសថាខ្លួនកើតជំងឺបាក់ស្បាត ប៉ុន្តែតាមពិតអ្នកស្នើសុំទីជ្រកកោនមានកាន់តែតិចដែលកើតជំងឺបាក់ស្បាត ព្រោះពួកគេត្រូវបង្ហាញភាពជាជន រងគ្រោះនៅលើដងខ្លួនពួកគេ! បើមិនអីចឹងទេ ពួកគេមិនអាចបានឈ្មោះជាជនរងគ្រោះឡើយ!
អានបន្ថែម
នៅក្នុងផ្នែកទី១នៃបទសម្ភាសន៍ដែលត្រូវបានចុះផ្សាយកាសែតនៅថ្ងៃទី៦ កុម្ភៈ ២០០៩ : បទសម្ភាសន៍ជាមួយលោករីចឆាត រីចម៉ាន់ (ភាគ១) : «ជនភៀសខ្លួនខ្មែររុកកួនដោយព្រលឹងអ្នកស្លាប់ »
ជនរងគ្រោះនៃរបបខ្មែរក្រហមភៀសខ្លួននៅប្រទេសបារាំង ឬរស់នៅកម្ពុជា....
រីចឆាត រីចម៉ាន់ : «ខ្ញុំគិតថា វាពិបាកណាស់ក្នុងស្ថានភាពជាជនរងគ្រោះសុំជ្រកកោននៅប្រទេសបារាំង ជាងរស់នៅជាជនជាតិខ្មែរនៅកម្ពុជាបច្ចុប្បន្ន ។ ព្រោះជាដំបូង គេត្រូវដឹងថា នៅបារាំង វាស្មុគស្មាញ ព្រោះវាជាប្រវត្តិសាស្រ្តមួយដែលប្រជាជនគេមិនស្គាល់ទាល់តែសោះ។ វាមិនមែនជារឿងកម្រទេក្នុងការស្តាប់ឮជនជាតិបារាំងច្រឡំ«ខ្មែរ»ជាមួយនឹង«ខ្មែរក្រហម»! ហើយនៅក្នុងសារព័ត៌មាន គេបាននិយាយច្រើនពី«អំពើប្រល័យពូជសាសន៍ខ្លួនឯង»។ វាជាពាក្យមួយគួរអោយរន្ធត់បំផុត ប៉ុន្តែវាត្រូវបានគេប្រើជាញឹកញាប់នៅបារាំង...។ នៅក្នុងបរិបទនេះ ជនភៀសខ្លួនខ្មែរមានអារម្មណ៍ឯកោ និងទទួលរងនូវការមិនយល់ពីអ្នកដទៃ។ ដូច្នេះ ពួកគេកាន់តែឃុំឃាំងខ្លួនឯងនៅក្នុងប្រវត្តិរបស់ខ្លួន។ ហើយបើទោះបីខ្ញុំជាពេទ្យផ្នែកជំងឺផ្លូវចិត្តតែម្នាក់គត់នៅបារាំង ដែលយកចិត្តទុកដាក់នឹងប្រជាជនទាំងនេះក៏ដោយ ក៏ខ្ញុំអាចបញ្ជាក់រឿងនេះបានដែរ...»។
បន្ថែមលើវិបសាយកាសែត
-គ្រូពេទ្យជម្ងឺផ្លូវចិត្តព្យាបាលជម្ងឺតាមរលកធាតុអាកាស ០៧-០៥-២០០៨
-ផ្តើមចេញពីការចងចាំទៅការបង្កើតថ្មី:ជំនួបរវាងសិល្បករកម្ពុជាបីជំនាន់ ៣១-០៧-២០០៨
-បទសម្ភាសន៍ជាមួយ ម៉ី អេលីដា (ភាគពីរ) ៖ការបដិសេធមិនចង់ផ្សារភ្ជាប់រឿងរ៉ាវ ផ្ទាល់ខ្លួនទៅនឹងរឿងរ៉ាវរបស់សង្គមទាំងមូល ០៩-០៥-២០០៨
-បទសម្ភាសន៍ជាមួយ ម៉ី អេលីដា ស្តីពីជនរួមជាតិខ្មែររស់នៅឯនាយសមុទ្រ ០២-០៥-២០០៨
-វ៉ាន់ ណាត អ្នកនៅរស់រានមានជីវិតពីពន្ធនាគារខ្មែរក្រហមជាមួយនឹងការងារចងក្រងឯកសារទុកជា ប្រវត្តិសាស្រ្ត ២៧-០៨-២០០៨