|
អធិប្បាយចុងក្រោយ
|
| តុលាការនៅកម្ពុជាៈ តើរឿងក្តីប្រហាក់ប្រហែលនឹងករណីឃាតកម្មលើរូបលោកជា វិជ្ជា នឹងបញ្ចប់ដូចគ្នាដែររឺទេ? |
| ដោយ ដួង សុខា | | | ១១-០២-២០០៩ |  ភ្នំពេញ (កម្ពុជា) ថ្ងៃទី១១ កុម្ភៈ ២០០៩៖ ចាន់ សុភ័ក្រ្ត ហៅថាច សាវ៉េត នៅក្នុងរថយន្តដឹកអ្នកទោស ទៅកាន់ពន្ធនាគារ © ចន វីង / Magnum កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០០៨ លោកប៊ន សំណាង និងលោកសុខ សំអឿន ត្រូវបានតុលាការដោះលែងអោយនៅក្រៅឃុំបណ្តោះអាសន្ន បន្ទាប់ពីជាប់ឃុំឃាំងនៅក្នុងពន្ធនាគារអស់រយៈពេលជិត៥ឆ្នាំ ពីបទប្រព្រឹត្តអំពើឃាតកម្មលើរូបលោកជា វិជ្ជា ប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា (ស.ស.ក.ព.ក)។ ដោយឡែក សំណុំរឿងក្តីរបស់ថាច សាវ៉េត ដែលត្រូវបានចាប់ខ្លួនពីបទឃាតកម្មលើសមាជិកគណៈកម្មាធិការនាយកមួយរូបនៃ ស.ស.ក.ព.ក គឺលោករស់ សុវណ្ណារ៉េត មានលក្ខណៈប្រហាក់ប្រហែលទៅនឹងរឿងក្តីរបស់ប៊ន សំណាងនិងសុខ សំអឿនដែរ។ លោកថាច សាវ៉េត បានឡើងមកបង្ហាញខ្លួននៅចំពោះមុខសាលាឧទ្ធរណ៍ នៅថ្ងៃពុធ ទី១១ ខែកុម្ភៈនេះ ហើយតុលាការនឹងប្រកាសសាលដីកា នៅថ្ងៃទី១៨ ខែកុម្ភៈខាងមុខនេះ។ ម្តងនេះ សង្គមស៊ីវិលក៏បានអំពាវនាវអោយតុលាការលើកលែងការចោទប្រកាន់ផងដែរ ដោយវាយតម្លៃថាភស្តុតាងដាក់បន្ទុកលើទាហានលោតឆ័ត្រយោង វ័យ២៧ឆ្នាំរូបនេះ មិនស៊ីសង្វាក់ទាល់តែសោះ។ នីតិវិធីមានរយៈពេលយូរ និងគួរអោយសង្ស័យ សហជីព និងតំណាងក្រុមការពារសិទ្ធិមនុស្សប៉ុន្មាននាក់ បានមកគាំទ្រលោកចាន់ សុភ័ក្រ្ត ដែលមានឈ្មោះនៅក្នុងជួរកងទ័ពថា ថាច សាវ៉េត។ លោកត្រូវចាប់ខ្លួនតាំងពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០០៤ ហើយនៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០០៥ លោកត្រូវបានចោទប្រកាន់ពីបទ «មនុស្សឃាតគិតទុកជាមុន» និងត្រូវបានផ្តន្ទាទោសរយៈពេល១៥ឆ្នាំ។ បន្ទាប់មក លោកត្រូវបានបញ្ជូនទៅកាន់ពន្ធនាគារខេត្តកំពង់ចាម។ ជនរងគ្រោះ គឺលោក រស់ សុវណ្ណារ៉េត ដែលត្រូវបានជនមិនស្គាល់មុខពីរនាក់ជិះម៉ូតូ បាញ់សម្លាប់ចំនួន៤គ្រាប់ កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០០៤ នាទីក្រុងភ្នំពេញ។
នៅក្នុងចម្លើយសារភាពរបស់លោកប្រាប់ដល់នគរបាល អតីតសមាជិកអង្គភាព៩១១ នៃកងពលតូចឆ័ត្រយោងរូបនេះ បានអះអាងថា នៅថ្ងៃទី៧ ខែឧសភា លោកស្ថិតនៅអន្លុងវែង ហើយលោកបានធ្វើដំណើរទៅខេត្តកំពស់ស្ពឺ ដើម្បីចូលរួមអាពាហ៍ពិពាហ៍របស់សាច់ញាតិរបស់លោកម្នាក់។ បើតាមការប្រកាសរបស់លោក នៅល្ងាចថ្ងៃកើតហេតុ លោកធ្វើដំណើរទៅខេត្តសៀមរាប ។ នៅចំពោះមុខតុលាការនៃសាលាឧទ្ធរណ៍ លោកថាច សារ៉េតមិនសូវមានការចងចាំជាក់លាក់ ដូចមុននោះទេ។ មេធាវីរបស់លោកបានអោយដឹងថា «រឿងនេះបានកើតឡើងកន្លងយូរមកហើយ គាត់អាចភ្លេចខ្លះ»។
នេះគឺជាលើកទីពីរ ដែលសាលាឧទ្ធរណ៍ពិនិត្យសំណុំរឿងក្តីនេះ។ លើកទី១ គឺនៅធ្វើឡើងកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០០៧ សាលាឧទ្ធរណ៍បានសម្រេចតម្កល់សាលក្រមរបស់តុលាការក្រុងភ្នំពេញ។ កាលនោះ លោកថាច សារ៉េត ត្រូវបានកាត់ទោសកំបាំងមុខ ព្រោះតុលាការបានអះអាងថា គាត់ជាប់ឃុំឃាំង នៅឆ្ងាយពីទីក្រុងភ្នំពេញពេក ប៉ុន្តែលោកថាច សារ៉េត បានធ្វើការតវ៉ា ដោយស្នើសុំសាលាឧទ្ធរណ៍ធ្វើការវិនិច្ឆ័យទោសជាថ្មី។ នៅមុនពេលរឿងក្តីនេះបានមកដល់សាលាឧទ្ធរណ៍ តុលាការក្រុងភ្នំពេញបានដឹកនាំការជំនុំជម្រះដ៏ឆាប់រហ័សមួយ (រយៈពេលជិតមួយម៉ោង ពោលគឺរយៈពេលខ្លីជាង សវនាការនៅចំពោះមុខសាលាឧទ្ធរណ៍ នាថ្ងៃពុធ ទី១១ ខែកុម្ភៈនេះ)។ យ៉ាងណាមិញ តំណាងពិសេសរបស់អគ្គលេខាធិការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា បានចាត់ទុកថាជាការជំនុំជម្រះនេះ ខ្វះខាតនីតិវិធីតុលាការ និងមិនមានបទដ្ឋាននៃការជំនុំជម្រះប្រកបដោយយុត្តិធម៌»។ «ចៅក្រមបានអោយជនជាប់ចោទ ឆ្លើយដោះបន្ទុកថាគាត់មិនស្ថិតនៅទីក្រុងភ្នំពេញ នៅខណៈពេលកើតហេតុការណ៍ ហើយបានច្រានចោលសក្ខីកម្មរបស់សាក្សីបីរូប ដែលបានផ្តល់សំអាងជាក់ស្តែង»។
ចំណុចរួម ជាមួយរឿងក្តីរបស់លោកជា វិជ្ជា ជាមួយនឹងសម្លេងតិចៗ ជនជាប់ចោទបាននិយាយពាក្យដដែលប្រាប់ចៅក្រម នៅថ្ងៃពុធនេះ ថា «ខ្ញុំមិនធ្លាប់ប្រព្រឹត្តបទល្មើសឡើយ។ ខ្ញុំមិនស្គាល់ទាំងជនរងគ្រោះផង! ដោយសារខ្ញុំជាទាហានលោតឆ័ត្រយោង ខ្ញុំមិនមានសិទ្ធិប្រើប្រាស់អាវុធនោះទេ...»។ ដោយឡែក អង្គការការពារសិទ្ធិមនុស្សក្នុងស្រុក លីកាដូ បានលើកឡើងថា «លោកថាច សាវ៉េត ត្រូវបានចាប់ខ្លួន ដោយគ្មានដីកាចាប់ខ្លួន»។ «ប៉ូលីសបានចាប់ខ្ញុំ ដោយគ្មានពន្យល់មូលហេតុច្បាស់លាស់ប្រាប់ខ្ញុំឡើយ។ ប៉ូលីសបានគំរាមសម្លាប់ខ្ញុំ ដើម្បីបង្ខំអោយខ្ញុំទទួលស្គាល់ទោសកំហុសរបស់ខ្ញុំ ប៉ុន្តែ ខ្ញុំមិនព្រមឆ្លើយ។ ក្រោយមក នៅតុលាការក្រុងភ្នំពេញ គេបានបង្ហាញខ្ញុំនូវរូបថតមនុស្ស៤នាក់ ដោយសួរថាតើខ្ញុំស្គាល់រូបទាំងនោះដែររឺទេ។ ពិតណាស់ ខ្ញុំស្គាល់រូបរបស់ខ្ញុំ ពួកគេបានយករូបនេះ នៅពេលចាប់ខ្លួនខ្ញុំ។ ប៉ុន្តែ មនុស្សផ្សេងទៀត ខ្ញុំមិនធ្លាប់បានឃើញពីមុនទាល់តែសោះ!»។ លោកថាច សាវ៉េតទំនងជាត្រូវបានចាប់ខ្លួន ដោយសារទំលាប់ប្រើប្រាស់ថ្នាំញៀនរបស់គាត់ ហើយត្រូវបានចាប់ខ្លួនដោយប៉ូលីសប៉ុស្តិ៍ទួលគោកតែមួយ ដែលបានសួរចម្លើយលោកប៊ន សំណាង និងលោកសុខ សំអឿន។ ក្រោយមក មន្រ្តីប៉ូលីសទាំងនេះត្រូវបានដកចេញពីតំណែង។
បន្ទាប់មក ក្រុមមេធាវីបានអញ្ជើញសាក្សីម្នាក់ឡើងមកតុលាការ ដើម្បីដោះបន្ទុក។ នៅពេលសាក្សីម្នាក់នោះដើរមកជិត លោកថាច សាវ៉េតលាន់មាត់ថា «ខ្ញុំមិនស្គាល់គាត់ទេ! » ស្របពេលដែលម្តាយរបស់គាត់ ដែលមានវត្តមានចូលរួមនៅទីនោះដែរ ខំប្រឹងនិយាយថា «នេះជាសាក្សីហើយ»។ ក្រោយមក ចៅក្រមបានស្នើអោយបុរសម្នាក់នោះធ្វើការណែនាំខ្លួន។ «ខ្ញុំឈ្មោះចិត្រ!» -«តើលោកមាននាមត្រកូលអ្វីដែរ?» -«ចិត្រ»- ចៅក្រមបានសង្កត់ធ្ងន់ថា «ប៉ុន្តែ នៅពេលលោកធ្វើការ តើលោកប្រើឈ្មោះអ្វី? «ចិត្រ»។ សំណើចក៏ផ្ទុះឡើងនៅក្នុងបន្ទប់សវនាការ ហើយតុលាការសម្រេចបញ្ជូនសាក្សីរូបនោះត្រឡប់ទៅវិញ។ ចៅក្រមបានប្រាប់ទៅមេធាវីថា «ថ្ងៃក្រោយ សូមរៀបចំសំណើមួយ ដើម្បីនាំសាក្សីឡើងតុលាការ»។
សាក្សីដាក់បន្ទុក ក្រុមមេធាវីរបស់លោកថាច សាវ៉េតបានសុំតុលាការអោយសួរដេញដោលលើកំណត់ហេតុនៃចម្លើយរបស់សាក្សីដាក់បន្ទុកឡើងវិញ។ សាក្សីទាំងនេះឆ្លើយប្រាប់តែប៉ូលីស ហើយមិនដែលមានវត្តមាននៅចំពោះមុខតុលាការទេ ដែលនេះ គឺជាការរំលោភលើគោលការណ៍បដិវាទកម្ម។ ចម្លើយរបស់សាក្សីមិនស្របគ្នា សាក្សីខ្លះថាលោកថាច សាវ៉េត គឺជាឃាតក សាក្សីខ្លះទៀតថាជាអ្នកផ្សំគំនិត ដែលជាអ្នកបើកម៉ូតូ។ ចៅក្រមសាលាឧទ្ធរណ៍បដិសេធសំណើនេះ ដោយពន្យល់ថាតុលាការមានសិទ្ធិត្រឹមតែធ្វើការពិនិត្យសំណុំរឿងដែលត្រូវបានបញ្ជូលមកពីតុលាការក្រុងភ្នំពេញ និងប៉ូលីសតែប៉ុណ្ណោះ ហើយតុលាការមិនមានសិទ្ធិសួរចម្លើយសាក្សីនោះទេ...
ចំណែកព្រះរាជអាជ្ញាវិញ បានអំពាវនាវសុំអោយតម្កល់សាលក្រម ផ្អែកលើមូលដ្ឋាននៃចម្លើយរបស់សាក្សីដាក់បន្ទុកបួននាក់ ហើយមេធាវីមិនមានភស្តុតាងដោះបន្ទុក។ ដោយឡែក មេធាវីការពារក្តីបានទាមទារអោយលើកលែងការចោទប្រកាន់៖ «កូនក្តីរបស់យើងមិនមានវត្តមាននៅទីក្រុងភ្នំពេញ នៅថ្ងៃកើតហេតុនោះទេ។ គាត់គ្មានប្រើអាវុធ ម្យ៉ាងវិញទៀត អាវុធធ្វើឃាតមិនត្រូវបានរកឃើញ សាក្សីដាក់បន្ទុកនិយាយកុហស ហើយពួកគេមិនបានស្បថ តាមនីតិវិធីតុលាការនោះទេ»។ «សរុបមក មិនមានភស្តុតាងណាមួយ ដាក់បន្ទុកឡើយ។ នេះគឺជាសំណុំរឿងប្រឌិតមួយ!»។ ជាចុងក្រោយ ជនជាប់ចោទបានប្រកាសអំពីភាពស្លូតត្រង់របស់ខ្លួន ដោយសំណូមពរអោយតុលាការផ្តល់យុត្តិធម៌ជូនគាត់។
អ្នកទទួលខុសត្រូវសហជីពមួយផ្សេងទៀត ជាប់សង្ស័យ លោក ជា មុនី ប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា (ស.ស.ក.ព.ក) បានអះអាងតាមទូរស័ព្ទថា លោកមិនជឿថាមនុស្សដែលត្រូវចាប់ខ្លួនបាន គឺជាឃាតកពិតប្រាកដនោះទេ ដូចជានៅក្នុងករណីឃាតកម្មរបស់បងប្រុសរបស់លោក គឺលោក ជា វិជ្ជា ដែរ។ «នៅក្នុងពាក្យបណ្តឹងរបស់ភរិយាលោករស់ សុវណ្ណារ៉េត (សព្វថ្ងៃ បានរត់ភៀសខ្លួនទៅរស់នៅបរទេស) គាត់មានការសង្ស័យទៅលើអ្នកទទួលខុសត្រូវម្នាក់នៃសហព័ន្ធសហជីពកម្ពុជា (ស.ស.ក) ដែលជាសហជីពមួយគាំទ្ររដ្ឋាភិបាល និងដែលមានជម្លោះជាមួយ ស.ស.ក.ព.ក នៅក្នុងរោងចក្រ [Trinuggal Komara] ដែលជារោងចក្រធ្វើការរបស់លោកសុវណ្ណារ៉េត។ ប៉ុន្តែ បន្ទាប់ពីឃាតកម្មលើរូបលោកសុវណ្ណារ៉េតបានបន្តិច បុរសជាប់សង្ស័យម្នាក់នោះ បានឈប់ធ្វើការ...»។ លោកសុវណ្ណារ៉េត និងសមាជិក ស.ស.ក.ព.កផ្សេងទៀត ធ្លាប់បានដាក់ពាក្យបណ្តឹង ថាបានទទួលការគំរាមកំហែងពីអ្នកទទួលខុសត្រូវ ស.ស.ក រូបនេះ។ បន្ទាប់ពីឃាតកម្មលើរូបលោកសុវណ្ណារ៉េតបានបន្តិច មេប៉ូលីសព្រហ្មទណ្ឌភ្នំពេញបានប្រកាសថាឃាតកម្មនេះជាប់ពាក់ព័ន្ធជាមួយនឹងជម្លោះរវាងសហជីពពីរ នៅក្នុងរោងចក្រនេះ។ ប៉ុន្តែ ការអះអាងនេះមិនត្រូវបានតុលាការប្រើជាសំអាងឡើយ។
ការអំពាវនាវអោយដើរតាមគំរូរបស់តុលាការកំពូល អង្គការពលកម្មអន្តរជាតិ បានចេញសេចក្តីប្រកាសព័ត៌មានមួយ កាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០០៩ ដើម្បីអបអរសាទរការដោះលែងប៊ន សំណាង និងសុខ សំអឿន អោយនៅក្រៅឃុំ ហើយនៅក្នុងសេចក្តីប្រកាសព័ត៌មានតែមួយនេះ អង្គការក៏បានជម្រុញរាជរដ្ឋាភិបាលដើរតាមគំរូរបស់តុលាការកំពូល» ដោយបើកការស៊ើបអង្កេតជាពិសេស លើរឿងក្តីឃាតកម្មលើរូបលោករស់ សុវណ្ណារ៉េត។
លោកស្រី ពុង ឈីវកេក ប្រធានអង្គការលីកាដូ បានប្រកាសនៅថ្ងៃពុធ ទី១១ ខែកុម្ភះនេះថា «សាលាឧទ្ធរណ៍មានឱកាសបង្ហាញថាប្រព័ន្ធតុលាការនៅកម្ពុជាមិនមែនដើរទៅមុខមួយជំហាន រួចដើរថយក្រោយពីរជំហាននោះទេ»។ លោកស្រីបានអំពាវនាវអោយតុលាការ «ចេញសេចក្តីសម្រេចមួយ ផ្អែកលើការពិនិត្យភស្តុតាងទាំងអស់នៅក្នុងរឿងក្តីនេះ ប្រកបដោយសត្យានុម័ត និងមិនលំអៀង»។ នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយ អង្គការរបស់លោកស្រីមានប្រតិកម្មទៅនឹងចរិតរបស់តុលាការ ដែលមិនគោរពសច្ចាធារណ៍និរទោស ដែលជនជាប់ចោទត្រូវទទួលបាន នៅពេលមុខចេញសេចក្តីសម្រេចរបស់តុលាការ។
អានបន្ថែមលើកាសែត
-បទយកការណ៍រូបថតនិងសម្លេង ស្តីពីពិធីរំលឹកខួបគម្រប់៥ឆ្នាំ នៃឃាតកម្មលើរូបលោក ជា វិជ្ជា -ពិធីរំលឹកខួបឃាតកម្មលើរូបលោកជា វិជ្ជាៈ លោកហុក ឡងឌី ត្រូវបានអ្នកចូលរួមមួយចំនួនចោទប្រកាន់ ២២-០១-២០០៩ -គណបក្សសម រង្ស៊ី និងគណបក្សសិទ្ធិមនុស្សទាមទារយុត្តិធម៌ជូនសពលោកជា វិជ្ជា និងទូលថ្វាយជាថ្មីម្តងទៀតដល់ព្រះមហាក្សត្រកម្ពុជា ប្រទាននូវគោរមងារ «វីរជនកម្មករ» ២០-០១-២០០៩
|
|
|