កា​សែត​គឺ​ជា​វ៉ិប​សាយ​ព័ត៌​មាន​ឯក​រាជ្យ​ដែល​ចេញ​ផ្សាយ​ប្រ​ចាំ​ថ្ងៃ​ជា​ភាសាខ្មែរ ​បា​រាំង និងអង់គ្លេស ​ស្តី​អំ​ពី​ប្រទេស​កម្ពុជា​និង​ប្រ​ជា​ជន​កម្ពុជា​នៅ​ក្រៅ​ប្រទេស ។
Installing Khmer Unicode
Bookmark and Share

ទទួល​ព័ត៌​មាន​




 
ប្រជាពលរដ្ឋ​ដីក្រហម​៣នាក់ឡើង​តុលាការ តាម​ការ​ប្តឹង​របស់​​​ក្រុមហ៊ុន 7NG
ដោយ រស់ ឌីណា   
បោះពុម្ភ ផ្ញើអត្ថបទ​តាម​ Email
១២-០២-២០០៩

ភ្នំពេញ (កម្ពុជា) ថ្ងៃទី​១១ កុម្ភៈ ២០០៩៖ អតីត​អ្នក​ភូមិ​ដីក្រហម ឈរ​ចាំ​ចូល​បន្ទប់​សវនាការ​នៃ​តុលាការ​ក្រុងភ្នំពេញ ដើម្បី​ចូលរួម​ការ​ជំនុំជម្រះ​លើ​អ្នក​ភូមិ​របស់​ពួកគេ​បីនាក់។
© ចន វីង​ / Magnum

បន្ទាប់​​ពី​លំនៅដ្ឋាន​របស់​អ្នក​ភូមិ​ដី​ក្រហម​ត្រូវ​បាន​បំផ្លាញ​ចោល​អស់ កាល​ពី​ថ្ងៃទី​២៤ ខែ​មករា​ ដោយ​ក្រុមហ៊ុន​សម្បទាន​7NG ប្រជាពលរដ្ឋ​នៃ​សហគមន៍​នេះ​ចំនួន​៣នាក់ ត្រូវ​ឡើង​​បង្ហាញ​​ខ្លួន​ នៅ​ថ្ងៃ​ពុធ ទី​១១ ខែកុម្ភៈ​នេះ នៅចំពោះ​មុខ​តុលាការ​ក្រុង​ភ្នំពេញ​ ពី​បទ​​បំផ្លាញ​​​​ទ្រព្យ​​​សម្បត្តិ​​ និង​បង្ក​របួស​ស្នាម។​ លោក​ច័ន្ទ វិចិត្រ លោក​ខៀវ ប៊ុន​ធឿន និង​អ្នក​ស្រី​លី​ យូឡេង ត្រូវ​បាន​ចោទ​ប្រកាន់​ដោយ​ក្រុមហ៊ុន ពីបទ​ដុត​បំផ្លាញ​អែស្កាវ៉ាទ័រ​មួយ​គ្រឿង និង​​ចោល​ដុំ​ថ្ម​ និង​ដប​សាំង​មក​លើ​បុគ្គលិក​ក្រុមហ៊ុន​7NG​ចំនួន​៣នាក់ កាលពីយប់​ ​ថ្ងៃទី​៣ ខែ​ធ្នូ ឆ្នាំ​២០០៧។ កាល​នោះ ជម្លោះ​រវាង​ភាគី​ទាំង​ពីរ​មាន​សភាព​ធ្ងន់​ធ្ងរ ក្រុ​ម​យុវជន​​ដែល​ត្រូវ​​បានបញ្ជូល​ដោយ​ក្រុមហ៊ុន7NG បាន​មក​បង្ក​ជម្លោះ និង​គំរាម​កំហែង​គ្រួសារ​ដែល​នៅ​មិន​ទាន់​យល់​ព្រម​ចាក​ចេញ។

 

ចម្លើយ​សាក្សី​​​ដាក់​បន្ទុក​ដូច​គ្នា មានភាព​គួរ​អោយឆ្ងល់​...
ភាគីខាង​ប្រជាពលរដ្ឋ​ដី​ក្រហម​​ ដែលមាន​សាក្សី​ដោះ​បន្ទុកចំនួន​​៧នាក់ បាន​អះអាង​ថា​អ្នក​ភូមិ​​ជាប់​ចោទ​ទាំង​៣ មិន​បាន​ប្រព្រឹត្ត​អំពើហិង្សា​នោះទេ ផ្ទុយ​ទៅវិញ​​ ចំពោះ​លោក​ច័ន្ទ វិចិត្រ​ នៅពេល​បាន​លឺ​​​​សម្លេង​ស្រែក និង​ឃើញ​អ្នកភូមិកំពុង​​ចោល​របស់​របរ​លើ​បុគ្គលិក​ក្រុមហ៊ុន​7NG លោក​ប្រញាប់​ប្រញាល់​ស្វែង​រក​មេក្រូ ដើម្បី​ស្រែក​ប្រកាស​ប្រាប់​អោយ​អ្នក​ភូមិ​​របស់​គាត់ នៅ​ស្ងៀម​ស្ងាត់ និង​ឈប់​ប្រើ​ប្រាស់​អំពើ​ហិង្សា​លើ​ពួកគេ​ទៀត។ ចំណែក​ភាគី​​ម្យ៉ាង​ទៀត ចម្លើយ​សាក្សី​ដាក់​បន្ទុក​​​​​របស់​បុគ្គលិក​ក្រុម​ហ៊ុន​ចំនួន​១៧​នាក់ ដែល​ក្នុង​នោះ​​មាន​ជន​រង​គ្រោះ​៣នាក់​ផង​​ដែរ បាន​ចោទ​ប្រកាន់​អ្នក​ភូមិ​ដីក្រហមទាំង​បីនាក់​នោះ ថា​ជា​​ដើម​ហេតុ​នៃ​​អំពើ​ហិង្សា​ទាំង​​នេះ។ ចម្លើយ​សាក្សី​​ទាំង​នេះ​ត្រូវ​បាន​អាន​ម្តង​មួយៗដោយ​​​ក្រឡាបញ្ជី ហើយ​ក្រឡា​បញ្ជី​បាន​ឈប់​អានចម្លើយទី៧។ មេធាវី​ការពារ​ក្តី​ម្នាក់​បាន​កត់​ចំណាំ​​​ចំនួន ឃ្លា របស់​​ចម្លើយ​សាក្សី​ទាំង​នេះ​ម្តង​មួយៗ...។ លោក​មាន​ប្រសាសន៍ថា «សូម​មើល​ចុះ ពួកគេ​មាន​​ភស្តុតាង​តិច​តួច ដាក់​បន្ទុក​លើ​​កូន​ក្តី​របស់​ខ្ញុំ ពួកគេ​មាន​ចម្លើយ​ដូច​ៗ​គ្នា​ ដូច​ព្រាង​ទុក​ជា​មុន​!»។

នៅ​​ក្នុង​​ពាក្យ​បណ្តឹង​របស់​មេធាវី​ក្រុមហ៊ុន​7NG មេធាវី​បាន​ទាមទារ​អោយ​ធ្វើ​ការ​ចោទ​ប្រកាន់​​​មនុស្ស​ទាំង​បីនាក់នោះ​ ​រឺ​មួយ​ក៏​អោយ​ពួកគេ​សង​ថ្លៃ​ខូច​ខាត​ជា​ទឹក​ប្រាក់​មួយ​ម៉ឺន​ដុល្លារ។​ ចំណែក​របាយ​ការណ៍​របស់​ចៅ​សង្កាត់ ដែល​ត្រូវ​បាន​ផ្ញើ​ជូន​​​​អាជ្ញាធរ​ខ័ណ្ឌ​ចំការ​មន ចៅ​សង្កាត់​បានលើក​ឡើង​អំពី​​​រថយន្ត​កាមីញុង​មួយ​គ្រឿង​ ​ដឹកអែស្កាវ៉ាទ័រ ដែល​បើក​​ច្រឡំ​ផ្លូវ ហើយ​ឈប់នៅក្បែរ​របង​ស្ថានទូត​រុស្ស៊ី ជិត​នឹង​តំបន់​ដីក្រហម ហើយ​ប្រជាពលរដ្ឋ​បាន​ចាប់​យក​រថយន្ត​នោះ​ជាគោលដៅ។ ទាំង​មេធាវីដើម​បណ្តឹង​ ទាំង​ជនរង​គ្រោះ ទាំង​សាក្សី​​ដាក់​បន្ទុក សុទ្ធ​​​​​​តែ​​មិនមាន​វត្តមាន​នៅ​​ក្នុង​អង្គ​សវនាការ។

សម្រាប់​​ព្រះរាជ​អាជ្ញា ​ដែល​ជឿ​លើ​អង្គហេតុ​ដែល​ផ្តល់ដោយ​បុគ្គលិក​ក្រុមហ៊ុន​7NG យល់​ឃើញ​ថា​​អ្នក​​ទាំង​បី​​​ពិត​ជា​មានវត្តមាន​កន្លែង​កើត​ហេតុ។ សម្រាប់​ព្រះរាជ​អាជ្ញា សាក្សី​ដោះ​បន្ទុក​មិន​គួរ​​អោយ​ទុក​ចិត្ត​បាន ព្រោះ​ពួកគេ​ស្ថិត​នៅ​ឆ្ងាយ​ពី​ហេតុការណ៍។ ប៉ុន្តែ សាក្សី​ដោះ​បន្ទុក​ទាំង​​អស់​សុទ្ធ​តែ​អះ​​អាង​ថា​បាន​លឺ​សម្លេង​របស់​លោក​ច័ន្ទ វិចិត្រ​ តាម​រយៈ​មេក្រូ​ ដែល​ព្យាយាម​​ធ្វើអោយ​ប្រជាពលរដ្ឋរំសាយ​កំហឹង​។ មិនជា​សំខាន់ សម្រាប់​ព្រះរាជ​អាជ្ញា អ្នក​ទាំង​​​​បី​បាន​ចូល​រួម​​ប្រព្រឹត្ត​កំហុស ហើយ​ជា​លទ្ធផល​ ព្រះ​រាជ​អាជ្ញា​រូប​នេះ​​​ត្រូវ​រក្សា​បទ​​​​ចោទ​ប្រកាន់​​​លើ​ពួក​គេ។​

មេធាវីការ​ពារ​ក្តី​បរិហារ​ថា ភស្តុតាងមាន​លក្ខណៈ​​ទន់​ខ្សោយពេក​
លោកមេធាវី ហូម ប៊ុនរិទ្ធិ បានទទួល​ស្គាល់​ថា​បញ្ហា​ពិត​ជា​បានកើត​ឡើង​នៅ​ល្ងាច​ថ្ងៃនោះ​ប្រាកដ​មែន ប៉ុន្តែ លោកពន្យល់ថា​​កូន​ក្តី​របស់គាត់​ស្ថិត​នៅ​ក្នុង​ផ្ទះ​របស់​ពួកគេ រឺ​បាន​ចេញ​មក​​​ក្រៅផ្ទះ នៅពេលលឺ​សម្លេង​ស្រែក​ខាង​ក្រៅ​​ប៉ុណ្ណោះ។ ​លោក​បាន​ស្នើអោយ​គេ​បង្ហាញ​ភស្តុតាង​បញ្ជាក់អំពីការ​ចូលរួម​របស់កូន​ក្តី​លោក​​​ នៅ​ក្នុ​ងអំពើហិង្សា​ទាំងនេះ​។ លោក​​បាន​កត់​សម្គាល់​ថា «ចុះ​យ៉ាង​ម៉េច​ទៀត ហេតុ​អ្វី​បានជា​ពួកគេ​លឺ​សម្លេង​របស់​លោក​ច័ន្ទ វិចិត្រ​ ដែល​ព្យាយាម​អន្តរាគមន៍អោយ​មានភាព​ស្ងប់​ស្ងាត់​?»។ លោក​ក៏​បាន​សំដែង​ការ​សោក​ស្តាយ​ផង​ដែរ​ថា មិនមាន​​ការ​វាយ​តម្លៃ​ជាក់​លាក់​ណាមួយ អំពី​ការ​ខូច​ខាត​នោះទេ។ «នៅ​​ក្នុង​សវនាការ​ថ្ងៃ​នេះ  គឺ​យើង​ហាក់​ដូច​ជា​អង្គុយ​នាំ​គ្នា​ស្រមៃ​ គ្មាន​ឃើញ​កំណត់​ហេតុ​​នៅ​កន្លែង​កើត​ហេតុទាល់​តែ​សោះ​។​ ចម្លើយ​​របស់​ជន​រង​គ្រោះ និង​ប្រជាពលរដ្ឋ​ដីក្រហម​ខុស​គ្នា គ្រប់​ចំណុច!»។

នៅ​ក្នុង​សវនាការ​លើ​កមុន មេធាវី​មាន​ឱកាស​សាក​សួរ​ជន​រង​គ្រោះ និង​បាន​លើក​ឡើង​អំពី​ភាព​​មិន​ប្រក្រតី។​ តួ​យ៉ាង សាក្សី​មួយរូប​បាន​និយាយ​ថា​គាត់​ស្គាល់មុខ​លោកច័ន្ទ វិចិត្រ ដោយ​សារ​ពន្លឺ​ភ្លើង​របស់​អែស្កាវ៉ាទ័រ (ភ្លើង​ដាច់ នៅ​ក្នុង​សង្កាត់ ពេល​យប់​​នោះ​) ស្រប​ពេល​ដែល​សាក្សី​មួយ​រូប​ផ្សេង​ទៀត​ ដែល​ជា​អ្នកបើក​អែស្កាវ៉ាទ័រ បានអះអា​ង​ថា​រថយន្ត​របស់​លោក​គ្មាន​ភ្លើង​ទេ​...។ សាក្សី​ផ្សេងទៀត​អះអាង​ថា​ស្គាល់​អត្តសញ្ញាណ​លោកច័ន្ទ វិចិត្រ ប៉ុន្តែ មិន​អាច​លើកឡើង​បាន​ថា​តើ​គាត់​ស្លៀក​ពាក់​អ្វី នៅ​ពេល​នោះ​...។ លោក​មេធាវី ហម ប៊ុនរិទ្ធិ បាន​មាន​ប្រសាសន៍​ថា «​យើង​អាច​សន្និដ្ឋាន​បាន​ថា​ចម្លើយ​សារភាព​របស់​បុគ្គលិក​ក្រុមហ៊ុន​7NG ទាំង​១៧នាក់នោះ​ត្រូវ​បាន​ប្រឌិត​ឡើង​​ទាំង​អស់​ ព្រោះ​ចម្លើយ​ទាំង​នោះ​មាន​លក្ខណៈដូច​គ្នា​ពេក​!»។

លោក​បានវាយ​តម្លៃ​ថា​ កូនក្តី​របស់​គាត់​​សុទ្ធ​តែ​ព្រួយ​បារម្ភ​អំពី​សំណង​ដែល​បាន​ទាមទារ​។ «ជន​រង​គ្រោះ​ម្នាក់​ ក្នុង​ចំណោម​ជន​រ​ងគ្រោះ​ទាំង​នោះ​បាន​ទាម​ទារ​សង​ជំងឺ​ចិត្ត​៥ពាន់ដុល្លារ ប៉ុន្តែ វិក្កយបត្រ​​ពេទ្យ​មានចំនួន​ត្រឹមតែ​៣ម៉ឺន​រៀល​ (៧,៥ដុល្លារ)?» មេធាវី​បាន​សន្និដ្ឋាន​ថា​មាន​​ចំណុច​មិនច្បាស់​លាស់​ជា​ច្រើន​នៅ​ក្នុងឯកសារ​របស់​ភាគី​ដើម​បណ្តឹង។

បន្ទាប់​មក លោកមេធាវី កែ ចំណាន​ បានចោទ​សួរ​ដូច​ឆោត​ ថា​ដុំ​ថ្ម​ទាំង​អស់​ដែល​ចោល​ដោយ​អ្នកភូមិ​ប្រហែល​២០០នាក់ មាន​តែ​ដុំ​ថ្ម​មួយតែ​​ប៉ុណ្ណោះ ដែល​ត្រូវ​ចំ​អ្នក​យាម​របស់​ក្រុម​ហ៊ុន​​7NG ដែល​អះអាង​ថា​នៅ​ជិត​អែស្កាវ៉ាទ័រ​ ដែល​ជា​គោល​ដៅ​របស់​ប្រជាជន។ «តើ​វា​អាច​ទៅរួច​បាន​យ៉ាង​ដូច​ម្តេច?» មេធាវីទី​បី គឺ​ អ្នក​ស្រី​ សាន សុគន្ធា បាន​គូស​បញ្ជាក់​ថា​វា​ជា​រឿង​​ធម្មតា ដែល​ជន​រង​គ្រោះ​កាន់​ជើង​​និយោជក​របស់ពួកគេ។ មេធាវីទាំង​ពីរ​បានអំពាវ​នាវ​អោយ​​លើក​លែង​ការ​ចោទ​ប្រកាន់​មក​លើកូន​ក្តី​របស់​ខ្លួន។​

ជន​ជាប់​ចោទ​ទាំង​៣ ដែល​មក​បង្ហាញ​ខ្លួន​នៅចំពោះ​មុខ​តុលាការ​ បាន​ចាកចេញ​យ៉ាង​ស្ងៀម​​ស្ងាត់​ពី​បន្ទប់​សវនាការ​ ដែល​​ពោរ​ពេញ​ទៅដោយ​អ្នក​សង្កេតការណ៍​និង​សកម្ម​ជន​សិទ្ធិ​មនុស្ស​។ នៅ​ពេល​ចេញ​ពី​សវនាការ អ្នក​ស្រី លី យូឡេង បានអុជ​ធូប​ និង​ធ្វើ​ការ​បន់​ស្រន់ នៅមុខ​ខ្ទម​អ្នកតា​មួយ​ នៅ​ក្នុង​តុលាការ​ក្រុង​ភ្នំពេញ​។​

តុលាការ​នឹង​ចេញសាល​ក្រម​​​ នៅ​ថ្ងៃច័ន្ទ ទី​១៦ ខែកុម្ភៈ​ខាង​មុខ​​នេះ។​



អានបន្ថែមលើកាសែត
 -បទ​យក​ការណ៍​រូប​ថត​និង​សម្លេងៈ ​ការ​បណ្តេញ​ចេញ​នៅ​ដី​ក្រហម
-ការ​បណ្តេញចេញដោយ​បង្ខំៈ គ្រួសារ​ក្រុម​៧៨ អ្នកភូមិ​ជិត​ខាង​​​ភូមិ​​​ដីក្រហម រស់​នៅ​​ជាមួយ​​នឹង​អារម្មណ៍​​​​​ភិត​ភ័យ ​(០៥-០២-២០០៩)
-ការ​បណ្តេញ​ចេញ​នៅ​តំបន់​ដីក្រហមៈ ប្រជាពលរដ្ឋ​៥៣​គ្រួសារ​នៅ​​តែ​បន្ត​ទាម​ទារ​សំណង​ជា​​ប្រាក់ (០៤-០២-២០០៩)
-ក្រុម​អ្ន​កការ​ពារ​សិទ្ធិ​មនុស្ស​បដិសេធ​ការ​ចោទ​ប្រកាន់​ថា​បាន​ញុះ​ញង់​ប្រជាពល​រដ្ឋ​ (០៣-០២-២០០៩)
-ប្រតិកម្ម​របស់​អ្នក​ប្រើ​ប្រាស់​អ៊ីន​ធឺណែត​ទៅ​នឹង​ការ​បណ្តេញ​​ប្រជាពល​រដ្ឋ​នៅ​តំបន់​ដី​ក្រហម (៣០-០១-២០០៩)
 


0 អធិប្បាយ
ផ្តល់សេចត្តីអធិប្បាយ
អ៊ីមែល៖
 
ចំណងជើង៖
ឈ្មោះ៖
វ៊ិបសាយ៖
[b] [i] [u] [url] [quote] [code] [img] 
 
សូមបញ្ជូលកូតដែលលោក​អ្នកឃើញនៅក្នុងរូប ។ ចុចលើរូប​ដើម្បី​ប្តូររូ​ប ។

យើង​ខ្ញុំ​សូ​​មអរគុណ​ចំពោះ​អត្ថា​ធិប្បាយ​របស់​អស់​លោក​អ្នក ។ រាល់​អត្ថាធិប្បាយ​ទាំង​អស់​មិន​​ត្រូវ​​សរ​សេរ​អោយ​លើស​ពី​១៦​បន្ទាត់​ទ្បើយ ។ សូម​បញ្ជាក់ថា កាសែត​ មិនទទួលខុសត្រូវរាល់​អត្ថា​ធិប្បាយ​ណា​ដែល​បាន​ផ្សព្វផ្សាយ​នៅ​ក្នុង​​ផ្នែក អត្ថាធិប្បាយ ទ្បើយ។ រាល់អត្ថាធិប្បាយ​ទាំង​អស់​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​អ្នក​អាន មិន​​មែន​ជា​ទស្សនៈ​របស់​ផ្នែក​និពន្ធ​យើង​ទេ។ ចំពោះ​ព័ត៌​មាន​បន្ថែម​សូមទាក់​ទង​យើង​ខ្ញុំ​តាម​រយៈអ៊ីម៉ែល Cet e-mail est protégé contre les robots collecteurs de mails, votre navigateur doit accepter le Javascript pour le voir

3.26 Copyright (C) 2008 Compojoom.com / Copyright (C) 2007 Alain Georgette / Copyright (C) 2006 Frantisek Hliva. All rights reserved."

 
Empower your lifestyle with BlackBerry from Hello
 

 
 
ដំណឹងថ្មីៗ