កា​សែត​គឺ​ជា​វ៉ិប​សាយ​ព័ត៌​មាន​ឯក​រាជ្យ​ដែល​ចេញ​ផ្សាយ​ប្រ​ចាំ​ថ្ងៃ​ជា​ភាសាខ្មែរ ​បា​រាំង និងអង់គ្លេស ​ស្តី​អំ​ពី​ប្រទេស​កម្ពុជា​និង​ប្រ​ជា​ជន​កម្ពុជា​នៅ​ក្រៅ​ប្រទេស ។
Installing Khmer Unicode
Bookmark and Share

ទទួល​ព័ត៌​មាន​




 
ដំណែង​សាធារណៈ​នៅ​កម្ពុជាៈ ចៅក្រមនិងព្រះ​រាជ​អាជ្ញា​ដល់​វ័យ​ ៦០ឆ្នាំ​ព្យាយាម​រត់​ការ​ពន្យា​រអាយុ​ចូលនិវត្តន៍
ដោយ ដួង សុខា   
បោះពុម្ភ ផ្ញើអត្ថបទ​តាម​ Email
១៣-០២-២០០៩

កំពង់សោម (កម្ពុជា) ថ្ងៃទី​២៨ សីហា ២០០៧៖ តុលាការ​ខេត្ត​ព្រះសីហនុ​
© ចន វីង​ / Magnum

ដល់វ័យ ៦០ឆ្នាំ​មន្រ្តី​សាធារណៈ​ត្រូវ​ចូលនិវត្តន៍ ! សារាចរ​ស្តី​ពី​ការ​ដាក់​មន្រ្តី​រាជ​ការ​ស៊ីវិល​​អោយ​ចូល​និវត្តន៍ ចុះ​ហត្ថលេខា​នៅ​ថ្ងៃ​ទី​១២ ខែមករា ឆ្នាំ​២០០៩ ដោយ​សម្តេច​នាយក​រដ្ឋ​មន្រ្តី​ហ៊ុន សែន​ បាន​បញ្ជាក់​ថា​មន្រ្តី​រាជ​ការ​គ្រប់​រូប​ ដែល​ដល់​អាយុ​ចូល​និវត្តន៍ (៦០ឆ្នាំ) ត្រូវ​តែ​ដាក់​អោយ​​ចូល​និវត្តន៍។ ជាគោល​ការណ៍​ វិធានការ​​នេះ​​​សំដៅ​ពង្រឹង«​អភិបាល​កិច្ច​​ល្អ»​ និង «ប្រសិទ្ធភាព​» ក្នុងការ​គ្រប់​គ្រង​ដំណើរ​ការ​នៃការ​ដាក់​មន្រ្តី​រាជ​ការ​ស៊ីវិល​អោយ​ចូល​​និវត្តន៍។ ប៉ុន្តែ មន្រ្តី​ពាក់ព័ន្ធ​មាន​ការ​ព្រួយ​បារម្ភ​អំពីប្រាក់​សោធន​និវត្តន៍​​ ដែល​មិនអាច​ទទួល​​​បាន។ ដើម្បី​ជៀស​វាងការ​ចូល​និវត្តន៍​របស់​ខ្លួន មន្រ្តី​រាជការ​មួយ​ចំនួន​បាន​ស្វែង​រក​អន្តរាគមន៍​តាម​រូប​ភាព​ផ្សេងៗ ដើម្បី​ពន្យារ​ពេល​ចូល​និវត្តន៍ ចំណែក​មន្រ្តី​រាជ​ការ​មួយ​ចំនួនទៀត​បាន​ធ្វើ​​សំ​ណើ​កែអាយុប្រាសចាក​ពី​ឯកសារ និង​សលកប័ត្រ​ឯកត្តជន​ច្បាប់​ដើម ទៅ​ជា​ឆ្នាំ​កំណើត​​ថ្មី។ នៅ​ក្រសួង​យុត្តិធម៌ រដ្ឋបាល​​បាន​សំដែង​ការ​យោគ​យល់​ច្រើន ចំពោះ​ចៅក្រម និង​​ព្រះរាជ​អាជ្ញា​ចំណាស់​ដែល​ត្រូវ​ចូល​វិត្តន៍​ ដោយ​បាន​អនុញ្ញាត​អោយ​ពន្យារ​ពេល​ចូល​និវត្តន៍ ដោយ​សារ​​ការ​ខ្វះខាត​មន្រ្តីចៅក្រម​និង​ព្រះ​រាជ​អាជ្ញា​។

 

ការ​ផ្លាស់ប្តូរ​មានការលំបាក
នៅ​ក្នុង​សារាចរ​ ចុះ​ថ្ងៃទី​១២ ខែមករា ដែល​បានអំពាវ​នាវ​អោយ​គ្រប់​ក្រសួង​​​ទាំង​អស់​ត្រូវ​អនុវត្ត​​ច្បាប់​ស្តីពី​សហលក្ខន្តិកៈ​មន្រ្តី​រាជ​ការ​ស៊ីវិល​ ចុះ​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​១៩៩៤ ។ សម្តេច​ហ៊ុន សែន​បាន​គូស​បញ្ជាក់​ថា​ការ​បន្ថយ​អាយុ និងការ​ពន្យារ​ពេលចូល​និវត្តន៍​នៃ​មន្រ្តី​រាជ​ការ​ស៊ីវិល​​មិន​ត្រូវ​បាន​អនុញ្ញាតឡើយ​។ ប៉ុន្តែ តើ​ការ​អំពាវ​នាវ​នេះ​ពិត​ជា​ត្រូវ​បាន​យ​ក​ចិត្ត​ទុក​ដាក់​ពី​សំណាក់​អំណាច​តុលាការ​ដែរ​រឺទេ? ព្រោះ​ថា​ប្រជាជនតែង​តែ​ចោទ​សួរ​អំពី​អព្យាក្រឹត្យ​ភាព​​នៃ​អំណាច​​មួយ​នេះ។

ដោយ​មិន​និយាយ​ទាក់​ទង​នឹង​មូល​ដ្ឋាន​គ្រឹះ​នៃ​វិធានការ​នេះ លោក​កែវ សុផល អនុរដ្ឋ​លេខាធិការ​ក្រសួង​យុត្តិធម៌ទទួល​បន្ទុក​ផ្នែក​បុគ្គលិក​និ​ងរដ្ឋបាល បានលើកឡើង​ថា​ការ​តែង​តាំង ការ​ដក​ហូត​តំណែង ការ​ដាក់​ទោស​ និង​ការ​ដាក់​អោយ​ចូល​និវត្តន៍​នៃ​មន្រ្តីចៅក្រម និង​ព្រះរាជ​អាជ្ញា​ មិនមែន​ជា​សមត្ថកិច្ច​​របស់​រដ្ឋាភិបាល​នោះ​ទេ ប៉ុន្តែ គឺជា​សមត្ថកិច្ច​របស់​ឧត្តម​ក្រុម​ប្រឹក្សា​នៃ​អង្គ​ចៅក្រម​ ដែល​ជា​ស្ថាប័ន​មួយ មានសមាជិក​៨​រូប ហើយ​មាន​ព្រះ​មហាក្សត្រ​ នរោត្តម សីហមុនី​ ជា​ព្រះ​​ប្រធាន​។​ លោក​បាន​ប្រកាស​ថា «​ចៅក្រម​និង​ព្រះ​រាជ​អាជ្ញា​ ដែល​ដល់​អាយុ​ចូល​និវត្តន៍​មួយ​​ចំនួន​ បាន​ធ្វើ​លិខិត​មួយច្បាប់​ ផ្ញើ​ទៅកាន់​ឧត្តម​ក្រុម​ប្រឹក្សា​នៃ​អង្គ​ចៅ​ក្រម​ ដើម្បី​សុំពន្យារ​ពេល​ចូល​និវត្តន៍​។ ស្ថាប័ន​នេះ​គឺជា​សម្រេច​យល់ព្រម រឺ​មិនយល់ព្រម»។

មន្រ្តី​ជាន់ខ្ពស់​រូប​នេះ​បាន​ចោទ​សួរ​ថា «ប្រសិនជា​ចៅ​ក្រ​មនិង​ព្រះរាជ​អាជ្ញា​​ចាស់ៗ ត្រូវ​ដាក់​​អោយ​​ចូល​និវត្តន៍ តើ​នឹង​មាន​ចៅក្រម និង​ព្រះរាជ​អាជ្ញា​គ្រប់​គ្រាន់ ដើម្បី​ដោះ​ស្រាយ​ជម្លោះ​របស់​ប្រជាពលរដ្ឋ​ដែរ​រឺទេ?» លោក​បាន​បញ្ជាក់​អោយ​ដឹង​ថា​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​សព្វ​ថ្ងៃ​ មាន​ចៅក្រម​​ចំនួន​១៨៨រូប និង​ព្រះរាជ​អាជ្ញា​៩១​រូប សម្រាប់​ដោះ​ស្រាយ​បញ្ហា​ប្រជាជន​​កម្ពុជា​១៣,៤លាន​នាក់​។

ការ​យក​ចិត្ត​ទុក​ដាក់​ស្តាប់​
​​ប្រសិនជា​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គ​ចៅក្រម​គឺជា​អ្នក​សម្រេច​យល់​​​ព្រម​​រឺមិន​យល់​ព្រម​អោយ​ចៅក្រម និង​ព្រះរាជ​អាជ្ញា ដែល​ត្រូវ​ការ​ពន្យារ​ពេលចូល​និវត្តន៍​ ​ជា​ទូទៅ គេតែង​តែ​​កត់​សម្គាល់​ឃើញថា​ឧត្តម​ក្រុមប្រឹក្សា​នេះ​មិន​បដិសេធ​​​​នឹង​សំណើ​នោះទេ​។​ តួយ៉ាង នៅ​ក្នុង​ព្រះរាជ​ក្រឹត្យ​មួយ ចុះ​ថ្ងៃទី​៣១ ខែ​មករា ឆ្នាំ​២០០៩ ដែល​ឡាយ​ព្រះ​ហស្ថលេខា​​ដោយ​ព្រះ​មហាក្សត្រ​សីហមុនី ​ពោល​គឺ​១៩​ថ្ងៃ​ បន្ទាប់​ពី​សេចក្តី​ប្រកាស​សារាចរ​របស់​នាយក​រដ្ឋ​មន្រ្តី​ ឧត្តម​ក្រុម​ប្រឹក្សា​នៃ​អង្គ​ចៅ​ក្រម​​បាន​សម្រេច​អនុញ្ញាត​​អោយ​ចៅក្រម និង​ព្រះរាជ​អាជ្ញា​៤រូប​ ដែល​ដល់​អាយុ​ចូល​និវត្តន៍ នៅ​បន្ត​បម្រើ​ការងារ​មួយ​ឆ្នាំ​។ ដោយ​ត្រូវ​បាន​ទាក់​ទង​តាម​ទូរស័ព្ទ ចៅក្រម​​ពីរ​រូប​ ក្នុង​ចំណោម​ចៅក្រម​និង​ព្រះរាជ​អាជ្ញា​ទាំង​៤រូប​ខាង​លើ​នេះ គឺ​លោក​ថោង អុល អនុ​ប្រធាន​សាលាដំបូង​ខេត្ត​កំពង់​ចាម និង​ជា​​សហចៅក្រម​ស៊ើប​អង្កេត​បម្រុង នៃ​អង្គ​ជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា ​ ហើយ​និង​​លោក​ប៉ុល វន ប្រធាន​សាលា​ដំបូង​ខេត្ត​ពោធិ៍សាត់ បាន​បដិសេធ​​ធ្វើ​អធិប្បាយ​អំពី​​ការ​សម្រេច​​នេះ និង​បដិសេធ​ពន្យល់​អំពី​គោល​ដៅ​របស់​ខ្លួន។​

យ៉ាង​ណា​មិញ លោក​ហង្ស រ៉ូរ៉ាកែន សមាជិក​ឧត្តម​ក្រុម​ប្រឹក្សា​នៃ​អង្គ​ចៅក្រម និងជា​​អគ្គ​ព្រះ​រាជ​អាជ្ញា​សាលា​ឧទ្ធរណ៍​កម្ពុជាបាន​​អះអាង​​​អំពី​ចរិត​នៃការ​សម្រុះ​សម្រួល​របស់​​ឧត្តម​​ក្រុម​​ប្រឹក្សា​នៃ​អង្គ​ចៅក្រម ដោយសារ​មាន​ការ​ខ្វះ​ខាត​ធន​ធាន​មនុស្ស​គ្រប់​គ្រាន់ ដើម្បី​​​យក​មក​ជំនួស​តួនាទី​របស់​ចៅក្រម​និងព្រះរាជ​អាជ្ញា​ដែល​ចូល​​​និវត្តន៍។ បើ​តាម​ប្រសាសន៍​របស់​លោក ឧត្តម​ក្រុម​ប្រឹក្សា​នៃ​អង្គ​ចៅក្រម​ធ្លាប់​​បាន​ដាក់ចៅក្រម​មួយ​រូប​អោយចូល​​និវត្តន៍។ លោក​​បាន​បញ្ជាក់​ថា «ចៅក្រម និង​ព្រះ​រាជ​អាជ្ញា​ដែល​ដាក់​សំណើ​ សុំពន្យារ​ការ​ចូល​និវត្តន ជា​ទូទៅ ឧត្តម​ក្រុម​ប្រឹក្សា​នៃ​អង្គ​ចៅ​ក្រមតែ​ង​តែ​យល់​ព្រម​ជា​និច្ច»។​

ការ​បណ្តុះ​បណ្តាល​ចៅក្រហម តាំង​ពី​ឆ្នាំ​២០០២​
លោក​កែវ​ សុផល ​អនុរដ្ឋ​លេខាធិការ​ក្រសួង​យុត្តិធម៌ បានពន្យល់​ថា ទោះ​បី​ជា​ចៅក្រម​និង​ព្រះរាជ​អាជ្ញា​មានចំនួន​ខ្វះខាត​ក៏​ដោយ ក៏​ការ​បណ្តុះ​បណ្តាល​​មន្រ្តី​តុលាការ​ជំនាន់​ក្រោយ​មាន​ដំណើរការ​យឺត​យ៉ាវ។ នៅ​អាណត្តិ​ទី​២​នៃ​រដ្ឋាភិបាល​កម្ពុជា (១៩៩៨-២០០៣) មិន​មាន​ការ​រៀប​ចំ​​ជ្រើស​រើស​​បេក្ខជន​ចូល​រៀន​​វិជ្ជាជីវៈ​ចៅក្រម​នោះ​ទេ។ មន្រ្តី​ជា​ន់​ខ្ពស់​រូប​នេះ​បាន​រម្លឹក​ថា នៅ​ខែ​កុម្ភៈ ឆ្នាំ​២០០២ វគ្គ​បណ្តុះ​បណ្តាល​ជា​លើក​ដំបូង​មួយ​ត្រូវ​បាន​រៀប​ចំ​ធ្វើ​ឡើង ហើយមាន​​វគ្គ​បណ្តុះ​បណ្តាល​អនាគត​ចៅក្រម​និ​ងព្រះរាជ​អាជ្ញា​​ជា​បន្ត​បន្ទាប់។ វគ្គ​បណ្តុះ​បណ្តាល​​នេះ​រៀប​ចំឡើង​ដោយ​សាលា​ភូមិន្ទ​​​ចៅក្រម​។ អនាគត​ចៅក្រម​និ​ង​ព្រះរាជ​អាជ្ញា​ប្រមាណ​៥០​រូប ដែល​ត្រូវ​បាន​ជ្រើស​រើស​តាមរយៈការ​ប្រឡង​ប្រកួត​ប្រជែងនៅ​ឆ្នាំ​ដំបូង និង​ប្រឡង​​ជា​រៀង​រាល់​ឆ្នាំ ចាប់​​ពី​វគ្គ​ទី​២​ទៅ​ (ឆ្នាំ​២០០៤) ត្រូវ​បន្ត​ការ​សិក្សា​​ជំនាញ​ពិសេស​ រយៈ​ពេល​​២​ឆ្នាំ​បន្ថែម​ទៀត​។ លោក​បាន​មាន​ប្រសាសន៍​លំអិតថា «នៅ​ពេល​បញ្ចប់​​វគ្គ​​បណ្តុះ​បណ្តាល​​ពហុជំនាញ​រួម​មក ពួកគេ​ត្រូវចុះ​កម្ម​សិក្សា​នៅ​ក្នុង​យុត្តាធិការ​មួយ ​រយៈ​ពេល​​យ៉ាង​ហោច​​ណាស់​១​ឆ្នាំ ជាមួយ​ចៅក្រម​និង​ព្រះរាជ​អាជ្ញា​ពេញ​សិទ្ធិ​ មុន​នឹង​មាន​សិទ្ធិ​កាន់​មុខ​តំណែង​​​របស់​ខ្លួន។​​ គិត​មក​ទល់​សព្វ​ថ្ងៃ​នេះ មាន​តែ​សិស្ស​ចៅក្រម ជំនាន់​ទី១ និង​ទី​២​ប៉ុណ្ណោះ ដែល​ក្លាយ​ជា​ចៅក្រម​និង​ព្រះរាជ​អាជ្ញា​ពេញសិទ្ធិ​។ ដូច​នេះ យើង​នៅ​ប្រឈ​ម​នឹង​ការ​​ខ្វះ​ខាត​នៅ​ឡើយ»។

​ដោយ​ឡែក លោក​ហង្ស រ៉ូរ៉ាកែនបាន​បន្ថែម​ថា សព្វ​ថ្ងៃ​នេះ​ ចៅក្រម​និង​ព្រះ​រាជ​អាជ្ញា​ដែល​ទើប​​បញ្ចប់​ការ​សិក្សា​នៅ​មិនទាន់​អាច​ជំនួស​​ចៅក្រម​និង​ព្រះរាជ​អាជ្ញា​ដែល​ត្រូវ​ចូល​និវត្តន៍​បាន​នោះទេ។ អគ្គ​ព្រះរាជ​អាជ្ញា​រូប​នេះ​បាន​ពន្យល់​ថា «ជា​គោល​ការណ៍ ប្រសិនជា​​ប្រទេស​កម្ពុជា​មាន​លក្ខន្តិកៈ​ស្តី​ពី​​ចៅក្រ​មនិង​ព្រះរាជអាជ្ញា​​ ចៅក្រម​និង​ព្រះរាជ​អាជ្ញា​គួរ​តែ​ត្រូវ​​មាន​បទ​ពិសោធន៍​រយៈ​ពេល​១០​ឆ្នាំ​ មុន​នឹង​អាច​ត្រូវ​បាន​តែង​តាំង​ជា​ព្រះរាជ​អាជ្ញា រឺ​ប្រធាន​តុលាការ​​​បាន​។ ជា​អាទិ៍ នៅ​ពេល​បញ្ចប់​ការ​សិក្សា​ ពួកគេ​អាច​ត្រូវ​បាន​តែង​តាំង​ជា​​ចៅក្រម​និង​​ព្រះ​រាជ​អាជ្ញារង»។​

អស់រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ ​សង្គ​ម​ស៊ីវិល​កម្ពុជា​តែង​តែ​ទាម​ទារ​អោយ​មាន​ការ​អនុម័ត​ច្បាប់​​ស្តី​ពី​លក្ខន្តិកៈ​ចៅក្រមនិង​ព្រះ​រាជ​អាជ្ញា ដើម្បី​ធានា​ឯករាជ្យ​​ភាព​នៃ​អំណាច​តុលាការ​។​ ប៉ុន្តែ​ ដោយ​សារ​មិន​ទាន់​មាន​ច្បាប់​ស្តី​ពី​លក្ខន្តិកៈ​ចៅក្រមនិង​ព្រះ​រាជ​អាជ្ញានេះ​ ​​ចៅក្រមនិង​ព្រះ​រាជ​អាជ្ញា​ត្រូវ​​បាន​ដាក់​អោយ​ស្ថិត​នៅ​ក្រោម​ច្បាប់​ស្តី​ពី​សហ​លក្ខន្តិកៈ​មន្រ្តី​រាជ​ការ​ស៊ីវិល​។ ​លោក​ហ៊ី សុភា រដ្ឋ​លេខាធិការ​ក្រសួង​យុត្តិធម៌ បាន​អោយ​ដឹង​ថា បច្ចុប្បន្ន​នេះ​ សេចក្តី​ព្រាង​ច្បាប់​​មួយ​ស្តី​ពីការ​លក្ខន្តិកៈ​ចៅ​ក្រម​និង​ព្រះរាជ​អាជ្ញា​​អាច​​«កំពុង​ត្រូវ​បាន​សិក្សា​»​។​ លោក​មិន​បាន​ផ្តល់​ព័ត៌មាន​លំអិត​បន្ថែម​ទៀត​ឡើយ។​

ចៅក្រមនិងព្រះរាជ​អាជ្ញា​១៣រូប ចូល​និវត្តន៍
ទោះ​យ៉ាង​ណាក៏​ដោយ កង្វះ​ខាត​ធនធាន​មនុស្ស​មិនអាច​បញ្ឈប់​​​ចៅក្រម​និង​ព្រះ​រាជ​អាជ្ញា​ប៉ុន្មាន​រូប​​​ដែល​មាន​អាយុ​ចាប់​ពី​៦០​ឆ្នាំ​ឡើង​ទៅ មិន​អោយ​​ចូល​និវត្តន៍​បាន​នោះ​ទេ ទោះ​ស្ម័គ្រ​ក្តី​ មិន​ស្ម័គ្រ​​ក្តី​។ ប៉ុន្តែ​ ការ​ចូល​និវត្តន៍​នៅ​តែ​កំរ។ ព្រះរាជ​ក្រឹត្យ​មួយ ដែល​ឡាយ​​​ព្រះ​ហត្តលេខា​ដោយ​​ព្រះ​មហាក្សត្រ​នរោត្តម សីហមុនី ចុះ​ថ្ងៃទី​៣ ខែ​កញ្ញា ឆ្នាំ​២០០៥ បាន​បញ្ជា​អោយ​ក្រសួងយុត្តិធម៌​ ដាក់​​ចៅក្រម​និង​ព្រះ​រាជ​អាជ្ញា​​ចំនួន១​៣​រូប (ចៅក្រម​៩រូប និង​ព្រះរាជ​អាជ្ញា​៤រូប) ដែលមាន​​អាយុ​​ចាប់​ពី​​​៦០ឆ្នាំឡើ​ង​ទៅ​ ​​អោយ​ចូល​និវត្តន៍។ នេះ​គឺជា​​​​ក្រុម​ចៅក្រម​​និង​ព្រះ​រាជ​អាជ្ញា​​ដំបូង​គេ​ ដែល​ត្រូវ​បាន​ដាក់​អោយ​ចូល​និវត្តន៍​ ដោយ​ព្រះ​រាជក្រឹត្យ តាម​សំណើ​របស់​​ក្រសួង​យុត្តិធម៌​។ ចៅក្រម​១២​រូប​ត្រូវចូល​និវត្តន៍​​​នៅ​ថ្ងៃទី​១ ខែតុលា ឆ្នាំ​២០០៥ ហើយ​ចៅក្រម​ទី​១៣ ត្រូវ​ចូល​និវត្តន៍​នៅ​ថ្ងៃទី​១ ខែមីនា​ឆ្នាំ​២០០៧។ លិខិត​មួយ​របស់​រដ្ឋ​មន្រ្តី​ក្រសួង​​យុត្តិធម៌ ​អង្គ វង្ស​វឌ្ឍានា ដែល​ផ្ញើ​ជូន​លោក​អ៊ិត សំហេង រដ្ឋ​មន្រ្តី​​ក្រសួង​សង្គម​កិច្ច​ អតីត​យុទ្ធជន និង​យុវនីតិសម្បទាន​ ដើម្បី​ស្នើសុំ​អោយ​លោករដ្ឋ​មន្រ្តី​ ចេញ​សៀវភៅ​សម្រាប់​​​ផ្គត់​ផ្គង់​ជូន​និវត្តជន ចំនួន​១៣រូប ត្រូវ​បាន​ចុះ​កាលបរិច្ឆេទ​នៅ​ថ្ងៃទី​៣១ ខែ​សីហា ឆ្នាំ​២០០៧ ពោល​គឺ​រយៈ​ពេល​២​ឆ្នាំ បន្ទាប់​កា​រ​ឡាយ​ព្រះហត្តលេខា​លើ​ព្រះរាជ​ក្រឹត្យ​ខាង​លើ​នេះ​...។ លោក​រដ្ឋ​មន្រ្តី​ក្រសួង​យុត្តិធម៌​មិនអាច​ទាក់​ទង​បាន​នោះទេ​ ដើម្បី​ពន្យល់​អំពី​កាល​​បរិច្ឆេទ និង​បញ្ជាក់​ជុំវិញ​សំណុំ​ឯកសារ​នេះ។​

ប្រាក់​បៀវត្ស​៨ខែ សម្រាប់​ចៅក្រម​និង​ព្រះរាជ​អាជ្ញា​ចូល​និវត្ថន៍​
បញ្ហា​នៃការ​បើក​ប្រាក់​សោធននិវត្តន៍ គឺជា​ប្រធានបទ​នៃការ​ព្រួយ​បារម្ភ។ រយៈ​ពេល​៨ថ្ងៃ​ មុន​ការ​ចេញ​ប្រកាស​សារាចរ​របស់​រដ្ឋាភិបាល ដែល​បង្គាប់​អោយ​ដាក់​មន្រ្តី​រាជ​ការ​ស៊ីវិល​ ដែលមាន​អាយុ​ចាប់​ពី​៦០​ឆ្នាំ​ អោយ​ចូល​និវត្តន៍ សម្តេច​នាយក​រដ្ឋ​មន្រ្តី​ហ៊ុន សែន បាន​កំណត់ប្រាក់​ឧបត្ថម្ភ​លើក​ដំបូង និង​ប្រាក់​សោធនជូន​ចៅក្រម​និង​ព្រះរាជ​អាជ្ញា​ដែល​ត្រូវ​ចូល​និវត្តន៍​ ​ តាមរយៈ​អនុក្រឹត្យ​មួយ ចុះ​ថ្ងៃទី​៤ ខែមករា ឆ្នាំ​២០០៩។ យោង​តាម​អនុក្រឹត្យ​ខាង​លើ​នេះ ចៅក្រម​និង​ព្រះរាជ​អាជ្ញាដែល​ត្រូវ​ដាក់​អោយ​ចូល​និវត្តន៍ ត្រូវ​គណនា​ប្រាក់​ឧបត្ថម្ភ​លើក​ដំបូង ដោយ​យក​ប្រាក់​បៀវត្ស​សរុប​ប្រចាំ​ខែ​ចុង​ក្រោយ គុណនឹង​៨ខែ។

រហូត​មក​ទល់​បច្ចុប្បន្ន​នេះ ការ​បើក​ប្រាក់​សោធន​វិត្តន៍​ហាក់​បី​ដូច​​ជា​​មិន​សូវ​ច្បាស់​លាស់​។ លោក​ចន្ទ ហួន អាយុ​៦៥ឆ្នាំ អតីត​ចៅក្រម​ខេត្ត​កោះ​កុង ដែល​ត្រូវ​បាន​ដាក់​អោយ​ចូល​និវត្តន៍ ជាមួយ​ក្រុម​​ចៅក្រម​និង​ព្រះរាជ​អាជ្ញា​១២​រូប​ផ្សេង​ទៀត «កាល​ពី​ជាង​៣​ឆ្នាំ​មុន​» បាន​អះអាង​ថា​លោក​មិនដែល​បានទទួល​ប្រាក់​សោធននិវត្តន៍​ពី​ក្រសួង​សង្គមកិច្ច​ និង​មិន​ដឹង​ថា​តើ​លោក​ត្រូវ​ទាម​ទារ​ប្រាក់​ទាំង​នោះ​ពី​ស្ថាប័ន​ណាមួយ​នោះទេ។ នៅ​ពេល​លោក​កាន់​តំណែង​ជា​ចៅក្រម​នៅ​ខេត្ត​កោះ​កុង ពី​ឆ្នាំ​២០០៣ ដល់​ឆ្នាំ​២០០៥ លោក​ទទួល​ប្រាក់​បៀវត្ស​ប្រចាំ​ខែ​ចំនួន​១,៤លាន​រៀល (៣៥០​ដុល្លារ)។ អតីត​ចៅក្រម និង​អតីត​រដ្ឋលេខាធិការ​ក្រសួង​យុត្តិធម៌ នា​អាណត្តិ​ទី​៣ ​រូប​នេះ​បាន​សំដែង​ការ​សោក​ស្តាយ​ថា «​ប្រសិនជា​រដ្ឋ​សុំ​អោយ​​ខ្ញុំ ទៅ​បើក​ប្រាក់[សោធនរបស់​ខ្ញុំ​] ខ្ញុំ​នឹង​ទៅ​បើក។ បើ​មិន​ដូច្នោះ​ទេ ខ្ញុំ​មិនដឹង​ថា​ត្រូវ​ធ្វើយ៉ាងម៉េច​នោះទេ»។ ​ម្យ៉ាង​ទៀត លោក​បាន​បន្ថែម​ថា​រូប​លោក​មិនចង់​ចូល​និវត្តន៍ ជាមួយ​ក្រុម​ ចៅក្រម​និង​ព្រះរាជ​អាជ្ញាទាំង​១៣រូប​នោះទេ ប៉ុន្តែ សំណើ​សុំ​ពន្យារ​ពេល​ចូល​និវត្តន៍​របស់​ខ្ញុំ​​ ដែល​ធ្វើ​ឡើង​តាម​រយៈ​ក្រសួង​យុត្តិធម៌ ផ្ញើ​ទៅ​ឧត្តម​ក្រុម​ប្រឹក្សា​នៃ​អង្គ​ចៅក្រម ត្រូវ​បាន​ច្រាន​ចោល​ ផ្ទុយ​ស្រឡះ​ពី​អ្នក​ដទៃ​ផ្សេង​ទៀត...។


0 អធិប្បាយ
ផ្តល់សេចត្តីអធិប្បាយ
អ៊ីមែល៖
 
ចំណងជើង៖
ឈ្មោះ៖
វ៊ិបសាយ៖
[b] [i] [u] [url] [quote] [code] [img] 
 
សូមបញ្ជូលកូតដែលលោក​អ្នកឃើញនៅក្នុងរូប ។ ចុចលើរូប​ដើម្បី​ប្តូររូ​ប ។

យើង​ខ្ញុំ​សូ​​មអរគុណ​ចំពោះ​អត្ថា​ធិប្បាយ​របស់​អស់​លោក​អ្នក ។ រាល់​អត្ថាធិប្បាយ​ទាំង​អស់​មិន​​ត្រូវ​​សរ​សេរ​អោយ​លើស​ពី​១៦​បន្ទាត់​ទ្បើយ ។ សូម​បញ្ជាក់ថា កាសែត​ មិនទទួលខុសត្រូវរាល់​អត្ថា​ធិប្បាយ​ណា​ដែល​បាន​ផ្សព្វផ្សាយ​នៅ​ក្នុង​​ផ្នែក អត្ថាធិប្បាយ ទ្បើយ។ រាល់អត្ថាធិប្បាយ​ទាំង​អស់​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​អ្នក​អាន មិន​​មែន​ជា​ទស្សនៈ​របស់​ផ្នែក​និពន្ធ​យើង​ទេ។ ចំពោះ​ព័ត៌​មាន​បន្ថែម​សូមទាក់​ទង​យើង​ខ្ញុំ​តាម​រយៈអ៊ីម៉ែល Cet e-mail est protégé contre les robots collecteurs de mails, votre navigateur doit accepter le Javascript pour le voir

3.26 Copyright (C) 2008 Compojoom.com / Copyright (C) 2007 Alain Georgette / Copyright (C) 2006 Frantisek Hliva. All rights reserved."

 
Empower your lifestyle with BlackBerry from Hello
 

 
 
ដំណឹងថ្មីៗ