កា​សែត​គឺ​ជា​វ៉ិប​សាយ​ព័ត៌​មាន​ឯក​រាជ្យ​ដែល​ចេញ​ផ្សាយ​ប្រ​ចាំ​ថ្ងៃ​ជា​ភាសាខ្មែរ ​បា​រាំង និងអង់គ្លេស ​ស្តី​អំ​ពី​ប្រទេស​កម្ពុជា​និង​ប្រ​ជា​ជន​កម្ពុជា​នៅ​ក្រៅ​ប្រទេស ។
Installing Khmer Unicode
Bookmark and Share

ទទួល​ព័ត៌​មាន​




 
កម្ពុជា​ត្រូវ​សណ្តំ​ដោយ​​​អ្នក​លក់​ខ្សាច់
ដោយ កូរីន​ កាឡឺបូ និង​រស់​ ឌីណា   
បោះពុម្ភ ផ្ញើអត្ថបទ​តាម​ Email
១៦-០២-២០០៩

ភ្នំពេញ (កម្ពុជា) ថ្ងៃទី​៣០ ធ្នូ ២០០៨៖ បំពង់​ទុយោបូម​ខ្សាច់​​ពី​ទន្លេ​មេគង្គ ដើម្បី​ចាក់​បំពេញ​បឹង​កក់
© ចន វីង​ / Magnum

 
ចាប់​តាំងពី​​ប្រទេស​សឹង្ហបុរី​​ត្រូវ​បាន​​ហាមប្រាម​មិន​អោយ​​​ធ្វើ​អាជីវកម្ម​​នាំ​ខ្សាច់​ចេញពី​​ប្រទេស​ឥណ្ឌូណេ​ស៊ី​​​មក​ ប្រទេសដ៏​តូច​មួយ​នេះ (មាន​​​ក្រឡាផ្ទៃ​ក្រោម​​​៦៥០គីឡូម៉ែត្រ​ការ៉េ)​​ ជួប​ការ​ពិបាក​រក​​ខ្សាច់​ដ៏ច្រើន​សន្ធឹក​សន្ធាប់​ សម្រាប់​ការ​ជួសជុល ​និង​ពង្រីក​ក្រុង​របស់​ខ្លួន​។ ដូច្នេះ ប្រទេស​សឹង្ហ​បុរី​ក៏​​បាន​ងាក​មក​​រក​ប្រទេស​មួយ​ដែល​មិនសូវមាន​ការ​រឹតត្បិត ហើយ​ខ្សាច់​នៅ​មាន​តម្លៃថោក នោះ​គឺ​​​ព្រះ​រាជា​ណា​ចក្រ​​​​កម្ពុជា។ រយៈពេល​១ឆ្នាំ​មកនេះ ខេត្ត​កោះកុង​ និង​ខេត្ត​កណ្តាល​មាន​កប៉ាល់​ចូល​ដង្ហែរគ្នា​ ចួន​កាល​មាន​រហូត​ដល់​១០​គ្រឿង​ ដើម្បី​ជីក​ប្រមូល​យក​ខ្សាច់​អោយ​បាន​​ច្រើន​​បំផុត​ពី​ក្នុង​​​បាត​ទឹក និង​តាម​ច្រាំង​ទន្លេ ​ហើយ​នាំ​ចេញ​ទៅ​​កាន់​ប្រទេស​សឹង្ហបុរី​។ ​បើ​តាម​អង្គការ​ការ​ពារ​បរិស្ថាន​​ Global Witness នៅ​ទីនោះ ក្រុមហ៊ុន​​នឹង​លក់​​​វា​​ក្នុង​តម្លៃ​ខ្ពស់​ជាង​តម្លៃ​ដើម​​៤ដង។ អង្គការ​នេះ​ក៏​បាន​រិះគន់​លើ​ទីផ្សារ​លក់​ខ្សាច់​នេះ​ផងដែរ។សមាគមការ​ពារ​ធន​ធាន​បាត​​សមុទ្រ​ក៏​បាន​សំដែង​ការ​ព្រួយ​បារម្ភ​​ផង​ដែរ អំពីផល​ប៉ះពាល់​នៃ​​ការ​ធ្វើ​អាជីវកម្មខ្សាច់បែប​​​ប្រពលវប្បកម្ម​នេះ​។​ ជាក់​ស្តែង អ្នកភូមិ​​បាន​តវ៉ា​រួច​ទៅ​ហើយ​​ទៅ​កាន់​អាជ្ញាធរ​ បន្ទាប់​ពី​ផ្ទះ​របស់​ពួកគេ​បាក់​ធ្លាក់​ចូល​​ក្នុង​ទន្លេ។

 

មាន​នាវា​​បូមខ្សាច់ជាច្រើន​ ប៉ុន្តែមិនគួរ​អោយ​ចូលចិត្តទេ...
គេ​ស្គាល់​ខេត្ត​កោះកុង​ដោយសារ​ធម្មជាតិ​ដ៏សម្បូរបែប និង​ព្រៃឈើ​ខ្ពស់ទាប ដែល​ធ្វើ​អោយ​ខេត្ត​ជាប់​​ឆ្នេរសមុទ្រមួយ​នេះ​បាន​ក្លាយ​ជា​ឋាន​សួគ៌...​របស់​នាវាបូម​ខ្សាច់។ ​ប៉ុន្តែ​នាវាទាំងនេះ​មិន​គួរ​អោយ​​ចូល​ចិត្ត​ទេ។ តាមពិតទៅ ជាច្រើន​ខែមកនេះ នាវាជាច្រើន​បាន​ចូល​ចត​តាម​ឆ្នេរកោះ​។ ពួកគេ​មក​​ជីក​កកាយក្រោម​បាតទឹក។ គោល​បំណង គឺ​បូម​​​ខ្សាច់​រាប់​ពាន់​តោន​បំពេញ​ក្នុង​កប៉ាល់​។ តើ​នៅកម្ពុជា ខ្សាច់​​​​ទាំងនេះមាន​គុណភាព​អ្វីពិសេស​ដែល​គ្រប់​គ្នា​មិនទាន់ដឹងឬ? តាមពិត វា​គ្មាន​ទេ។ ប៉ុន្តែ​បច្ចុប្បន្ន ដោយសារ​ប្រទេស​សឹង្ហបុរី​មាន​អារម្មណ៍​ថា​ផ្ទៃ​ដី​របស់​ខ្លួន មាន​សភាព​ចង្អៀត​ពេក​ (​ទំហំ​៦៤៧​គីឡូម៉ែត្រការ៉េ) ប្រទេស​នេះ​ក៏​បាន​រក​​ទិញ​ដីខ្សាច់​ក្នុង​បរិមាណ​យ៉ាង​ច្រើន​សន្ធឹក​​សន្ធាប់​ជា​បន្ទាន់​ ព្រោះ​វាជា​គ្រឿង​​ផ្សំ​ដ៏​សំខាន់​សម្រាប់​ចាក់​បេតុង។

សឹង្ហបុរី​ដាស់​ពញ្ញាក់អ្នក​លក់​ខ្សាច់​
ជាច្រើន​ឆ្នាំ​មកហើយ ប្រទេស​តូច​​មួយ​នេះ​​តែង​តែ​ទិញ​ខ្សាច់​ពី​ប្រទេស​ឥណ្ឌូនេស៊ី​ដែល​នៅ​ជិត​ខាង ដោយសារ​ខ្សាច់​នៅ​ក្នុង​ប្រទេស​ខ្លួន​​បាន​អស់​ពីស្តុក​ជាយូរ​មក​ហើយ។ រហូតដល់​ខែកុម្ភៈ ឆ្នាំ​២០០៧ ឥណ្ឌូនេស៊ី​ក៏​បាន​ផ្អាកការ​នាំ​ខ្សាច់​ចេញ​ទៅ​សឹង្ហបុរី។ បម្រាម​នេះ​នៅ​តែត្រូវ​អនុវត្ត​រហូត​មក​​ដល់​ឥឡូវ ដោយសារ​​ទំនាក់​ទំនង​រវាង​សឹង្ហបុរី និង​ឥណ្ឌូនេស៊ី​នៅ​តែមានជម្លោះ។​ ប្រទេស​ឥណ្ឌូនេស៊ី​លើក​ឡើងថា ការ​បូម​ខ្សាច់​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់​​អាច​នឹង​បង្ក​អោយ​បាត់​បង់​កោះ​ជាច្រើន​នៃ​​ប្រជុំ​កោះ​មួយនេះ ដែល​លេប​ត្របាក់​ទាំង​ស្រុង​ដោយ​ម៉ាស៊ីន​បូមខ្សាច់​។ អាជ្ញាធរ​​ឥណ្ឌូនេស៊ី​​ថែមទាំង​​បារម្ភថា ការបាត់​បង់​នេះ​នឹង​ចោទ​ជាបញ្ហា​លើ​​អធិបតេយ្យ​ភាព​ដែន​ដី​របស់​ខ្លួន​​! លោក​ដេស្រា ពែរកាយ៉ា (Desra Percaya) អ្នក​នាំពាក្យ​​របស់​ផ្នែក​ការទូត​ឥណ្ឌូនេស៊ី​ បាន​ប្រកាស​នៅសម័យ​នោះ នៅ​ក្នុង​សារព័ត៌មាន​ប្រចាំថ្ងៃឥណ្ឌូនេស៊ី ឈ្មោះថាJakarta Post ​ថា៖ «អាជីវកម្ម​ខ្សាច់​បាន​បង្ក​ការ​ខូច​ខាត​បរិស្ថានធ្ងន់​ធ្ងរ​នៅ​ឥណ្ឌូនេស៊ី ជាពិសេសកោះ​​នៅ​ Sebayik និង​ Nipah»។

បន្ទាប់​ពី​បាត់បង់​ដៃគូជំនួញ​ដ៏ជិតស្និទ្ធនេះ​ ប្រទេស​សឹង្ហបុរី​មាន​ការ​ព្រួយ​បារម្ភ​​​ពី​ការ​កើន​ឡើង​នៃ​តម្លៃ​នាំ​ចូល​ខ្សាច់​ប្រសិន​បើ​ខ្លួន​ទៅរក​អ្នក​ផ្គត់​ផ្គង់​​នៅ​តំបន់​ផ្សេង។ គេ​ថែម​ទាំង​ប្រមើលមើល​ថា​ តម្លៃ​ខ្សាច់​​អាចកើ​ន​ឡើង​៣%​ធៀប​នឹង​ខ្សាច់​ឥណ្ឌូនេស៊ី​ទៀត​ផង។​ នៅ​ក្នុង​ដំណើរ​ស្វែងរក​ខ្សាច់​តម្លៃ​ថោក កប៉ាល់​របស់​ក្រុមហ៊ុន​ខ្សាច់​​ជាច្រើន​ក៏​សម្រេច​ចិត្ត​ទម្លាក់​យុថ្កា​នៅក្នុង​​សមុទ្រ​កម្ពុជា។ កម្ពុជា​មិន​ត្រឹម​តែ​ផ្តល់​នូវ​តម្លៃទាប​ប៉ុណ្ណោះទេ ប៉ុន្តែ​នៅ​មាន​លក្ខខណ្ឌ​អនុគ្រោះ​ទៀតផង។

ឆ្នេរខ្សាច់​ដ៏វែង​អន្លាយញ័ររញ្ជូយ?
នៅ​ក្នុង​របាយការណ៍មានចំណងជើងថា​«ប្រទេស​សម្រាប់​លក់ » ចេញផ្សាយ​ជា​សាធារណៈ​នៅ​ថ្ងៃ​ព្រហស្បត្តិ៍ ៥ កុម្ភៈ អង្គការ​  [Global Witness http://www.globalwitness.org/] ដែល​មានជំនាញ​នៅ​ក្នុង​ការសង្កេតពី​ការ​គ្រប់​គ្រង​ធនធាន​ធម្មជាតិ និង​ការគោរព​​សិទ្ធិមនុស្ស​នោះ បាន​សរសេរ​ ចំនួន​​៥ទំព័រ ​លើ​ភាព​មិនច្បាស់​លាស់​​ ជុំវិញ​ពាណិជ្ជកម្ម​​ខ្សាច់​នៅកម្ពុជា។ សាក្សី​ជាច្រើន​របស់​អង្គការ​នេះ បាន​រៀប​រាប់​ថា កប៉ាល់​​ជាច្រើន​​របស់​ក្រុមហ៊ុន​ចិន កូរ៉េ ឬតៃវ៉ាន់ បាន​មក​យក​ខ្សាច់​​ពី​ក្នុង​សមុទ្រខេត្ត​កោះកុង ដើម្បី​​នាំ​ចេញ​ទៅ​ប្រទេស​សឹង្ហបុរី។ កម្មករជាច្រើន​ត្រូវ​បានសម្ភាសន៍ ហើយ​ពួកគេ​បាន​អោយ​ដឹង​ថា រាល់​ឯកសារ កិច្ចសន្យា​ និង​ការ​បង់​ប្រាក់​​ គឺត្រូវ​តែឆ្លងតាម​ការិយាល័យ​របស់​លោក​លី យ៉ុង​ផាត់។ លោក​លី យ៉ុងផាត់ ​ជា​ព្រឹទ្ធសមាជិ​ក​ម្នាក់​របស់​គណបក្ស​កាន់អំណាច គឺគណបក្ស​ប្រជាជន​កម្ពុជា ហើយ​លោក​តែង​តែ​ត្រូវ​សមាគម​ការពារ​សិទ្ធិមនុស្ស​នានា​ ​រិះគន់​​ពី​ការលូក​ដៃ​ចូល​​ក្នុង​​រឿង​ជំនួញ​​នៅ​ក្នុង​ខេត្ត និង​ពី​ការ​បណ្តេញ​​អ្នក​រស់នៅ​លើដីដែលលោក​បានទិញ​​ទាំង​បង្ខំ​។

លោក​លី យ៉ុងផាត់ បានឆ្លើយ​​តប​វិញនៅពេលត្រូវ​​កាសែត(Ka-set)សម្ភាសន៍​តាមទូរស័ព្ទ​ថា៖ «ខ្ញុំ​មិន​យល់​ស្រប​នឹងទឡ្ហីករណ៍​របស់​អង្គការ​ Global Witness ទេ។ រដ្ឋ​បាន​ផ្តល់​សម្បទាន​នេះ​មក​អោយ​​ខ្ញុំ​ សម្រាប់​ធ្វើ​អាជីវកម្ម​ខ្សាច់​។ ដូច្នេះ ខ្ញុំ​ជា​អ្នក​ដែល​គេ​ត្រូវ​មក​ទាក់​ទង​អីចឹងឯង វា​ធម្មតា​ទេ​។​ ម្យ៉ាង​វិញទៀត ខ្ញុំ​មិន​មែន​ទទួល​ខុសត្រូវ​រឿង​នេះម្នាក់​ឯង​ទេ គឺ​នៅមាន​មនុស្ស​ម្នាក់​ផ្សេង​ទៀត​​ផង​ដែរ។ ខ្ញុំ​គ្រប់​គ្រង​តំបន់​ទន្លេកោះប៉ៅ និង​ស្វាយអំបិល ហើយ​ចាប់​តាំងពី​ខ្ញុំ​ទទួល​ខុសត្រូវ​មក ក៏​​លែង​មានទឹក​ជំនន់​! ខ្ញុំ​មិនមែន​អ្នក​​បូម​ខ្សាច់​ទេ​ គឺក្រុមហ៊ុន​សឹង្ហបុរី​មួយ​ជាអ្នក​ទទួល​ខុសត្រូវ​។ ខ្ញុំ​ថែម​​ទាំង​បាន​បដិសេធ​​ក្រុមហ៊ុន​ថៃ​​​ទៀត​ផង ដោយសារ​គ្មាន​ខ្សាច់​​គ្រប់​​គ្រាន់​...។ បើ​តាម​ខ្ញុំ​ នៅ​ក្នុង​​ខេត្ត​នេះ ការ​នាំខ្សាច់​ចេញ​គឺ​មិន​លើ​ស​ពី​៤ពាន់​តោន​ទេក្នុង​មួយ​ខែ»។

នៅពេល​ត្រូវ​ទាក់​ទង​សម្ភាសន៍​ដោយកាសែត​ លោក​ពេជ្រ ស៊ីយ៉ុន​ ប្រធាន​ការិយាល័យ​​ឧស្សាហកម្ម​ខេត្តកោះកុង បាន​ប៉ាន់ស្មាន​ពី​បរិមាណ​ខ្សាច់​​ដែល​បូម​​នៅ​ជុំវិញ​ខេត្ត​កោះកុង​​ចំនួន​ពី​៧ពាន់​ទៅ​៨ពាន់​តោន​​ក្នុង​មួយ​សប្តាហ៍។​ លោក​ពន្យល់ថា៖ «ក្រុមហ៊ុន​បីត្រូវ​បាន​គេផ្តល់​ការ​អនុញ្ញាត​​អោយ​នាំខ្សាច់​ចេញ​ ប្រហែល​ជាង​១ឆ្នាំ​មកហើយ គឺក្រុមហ៊ុន​​លី​ យ៉ុងផាត់គ្រុប ក្រុមហ៊ុន​ Odom Cement Company Ltd និង​ក្រុមហ៊ុន​ Dani Trading។​ ក្រុមហ៊ុន​នីមួយៗ​ធ្វើ​អាជីវកម្ម​លើ​តំបន់​ជាក់​​លាក់​មួយ​។​ ក្រៅពី​ក្រុមហ៊ុន​ទាំង​នេះ គ្មាន​ក្រុមហ៊ុន​ណា​ផ្សេង​មាន​សិទ្ធិ​ធ្វើ​អាជីវកម្ម​ខ្សាច់​ទេ។ ឃើញ​​មាន​អ្នកមួយ​ចំនួន​បាន​បូម​ខ្សាច់​ដែរ​ ប៉ុន្តែ​ក្រោម​​ការ​គ្រប់​គ្រង​របស់​ក្រុមហ៊ុន​ទាំង​បីនេះ ដែល​​បាន​ទទួល​ការអនុញ្ញាត​យល់​ព្រម​ជាផ្លូវការ»។

រីឯ​អង្គការ​ Global Witness វិញ​បាន​ប៉ាន់​ស្មា​ន​ថា​​ មាន​ខ្សាច់​នាំចេញ​១៥ ០០០​តោន​ក្នុង​មួយ​សប្តាហ៍... ហើយ​បើ​តាម​អង្គការ​នេះ វា​អាច​នាំ​ចូល​ចំនួន​៨,៦លានដុល្លារ​ដល់​ខេត្ត​កោះ​កុង។

បរិស្ថាន : ​ប្រយ័ត្ន​គ្រោះថ្នាក់?
បន្ថែម​ពីលើ​ភាព​មិន​ច្បាស់​លាស់​ជុំវិញ​ទីផ្សារ​នេះ នៅ​មាន​ក្តី​ព្រួយ​បារម្ភ​​មួយ​ផ្សេងទៀត។ តើ​ឥទ្ធិពល​​នៃ​ការ​បូម​ខ្សាច់​យ៉ាង​សន្ធឹក​សន្ធាប់​បែប​នេះ​មិន​ធ្វើ​អោយ​គ្រោះថ្នាក់​​ដល់​ប្រព័ន្ធ​ធម្មជាតិ​នៅ​បាត​សមុទ្រ​ទេឬ? ដោយ​សារ​​មាន​​គំរូ​នៃ​ការ​បាត់ ​ និង​ការ​បាក់​ស្រុត​កោះ​នៅ​ឥណ្ឌូនេស៊ី ​ ​បច្ចុប្បន្ន​ ប្រទេស​កម្ពុជា​​ក៏​ហាក់​ដូច​ជា​​រង​គ្រោះ​​​ដោយសារ​ការ​បូម​ខ្សាច់​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​​នេះ​ផ​ង​ដែរ​​​។

នៅ​​ឯ​ខាង​ក្នុង​ប្រទេស​វិញ បើ​ទោះ​ជា​មាន​បម្រាម​ពី​ក្រសួង​ឧស្សាហកម្ម​ក៏ដោយ ប៉ុន្តែ​​កប៉ាល់​ជាច្រើន​បាន​មក​បូម​យក​ខ្សាច់​​ពី​ដៃទន្លេ​បាសាក់​ នៅ​បរិវេណ​ក្រុង​តាខ្មៅ ខេត្ត​កណ្តាល។​ អ្នក​ភូមិ​ជាច្រើន​បាន​តវ៉ា​ទៅ​កាន់​អាជ្ញាធរថា ផ្ទះនិង​ដី​របស់​ពួកគេ​​បាក់​ស្រុត ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​។ បើ​តាម​សមាជិកម្នាក់​​របស់​អង្គការ​​​ពាក់​ព័ន្ធ​​នៅ​ក្នុង​បញ្ហា​បរិស្ថាន​នៅ​ទន្លេ​បាសាក់ ដែល​សូម​លាក់​ឈ្មោះនោះ​ បាន​អោយ​ដឹងថា «ការ​បូម​ខ្សាច់​កាន់តែ​មាន​ទ្រង់​ទ្រាយ​ធំ​​មួយ​រយៈពេល​ក្រោយ​នេះ។ វា​​ជាការ​បូម​ខ្សាច់​ចល័ត កប៉ាល់​ជាច្រើន​ផ្លាស់ទី​កន្លែងជាប្រចាំ។ វា​គឺ​ខុស​ច្បាប់​ទាំង​ស្រុង ប៉ុន្តែ​រដ្ឋាភិបាល​ បើ​ទោះ​ជា​បាន​សន្យា​ជាច្រើន​ក៏ដោយ ហាក់​មិន​សកម្ម​​​សោះ​នៅ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​​នឹង​​សកម្មភាពទាំង​នេះ​»។

ចំណែក​អ្នក​ទទួល​ខុស​ត្រូវ​នៅ​អង្គការ​បរិស្ថាន​មួយ​ផ្សេង​ទៀត ដែល​សូមលាក់​ឈ្មោះផង​ដែរនោះ​​ ​ក៏​មាន​ការ​ព្រួយ​បារម្ភ​​ពី​ផល​ប៉ះពាល់​ដែល​អាច​មាន​ដោយសារ​ការ​ប្រមូល​ខ្សាច់​យ៉ាង​សន្ធឹក​សន្ធាប់​​ពី​​ក្រោមបាត​​ទន្លេ​។ «សម្រាប់​ពេលនេះ ពួក​យើង​មិន​សង្កេត​ឃើញពី​ផល​ប៉ះពាល់​ផ្ទាល់​លើ​ប្រព័ន្ធ​ធម្មជាតិក្រោម​ទឹក​ ប៉ុន្តែ​យើង​នៅ​តែ​បារម្ភ​ពី​ផល​វិបាក​ដែល​អាច​មាន​លើ​សត្វ​​ទន់​ខ្សោយ ដូច​ជា​សេះសមុទ្រ​ជាដើម និង​លើ​ពពួក​រុក្ខជាតិ​ដូចជា​ សារាយ​ជាដើម...»។ ជាមួយ​នឹង​អំណះ​អំណាង​នេះ គណៈកម្មការ​ [Ospar] ​បាន​សង្កត់​ធ្ងន់​​លើ​ផល​ប៉ះពាល់​ដែល​អាច​មាន បង្ក​ឡើង​ដោយ​ការ​បូម​ខ្សាច់​​។ «ការ​បូម​យក​អាចម៍ដី​​​មាន​ផល​ប៉ះពាល់​​ផ្នែក​រូបវិទ្យា​យ៉ាង​ខ្លាំង​​លើ​​ការ​លិចទៅ​​​ក្នុង​ទឹក​។ ផល​ប៉ះពាល់​នេះ​សម្គាល់​ដោយ​ការ​កើន​ឡើង​នៃ​ផ្ទៃ​ទឹក​ ក៏ដូចជាការកើន​ឡើង​​នៃ​បំណែក​តូច​នៅ​ក្នុង​ទឹកដែរ​។ […] ក្នុងចំណោម​ផលវិបាក​ផ្នែក​ជីវៈវិទ្យាពី​ផល​ប៉ះ​ពាល់ផ្នែក​រូបវិទ្យា​ទាំងនេះ​ គឺ​​សារពាង្គកាយ​រុក្ខជាតិ​​ក្នុង​តំបន់ទឹកជន់ពន្លិច​​នឹង​ថប់​ដង្ហើម​​»។

ទោះយ៉ាងណា សម្រាប់​អ្នក​ការពារ​​ធម្មជាតិ​រូប​នេះ គឺ​នៅ​មាន​ដំណោះស្រាយ​សម្រាប់​អោយ​កម្ពុជា​បន្ត​​ទាញ​យក​ផល​ចំណេញ​ពី​ការ​បូមខ្សាច់​​ដោយ​ថែរក្សា​ធម្មជាតិ។ «ក្រុមហ៊ុន​នីមួយៗដែល​ពាក់​ព័ន្ធ​​នៅ​ក្នុង​ឧស្សាហកម្ម​បូម​ខ្សាច់​ឬក្រុមហ៊ុន​ដែល​អាច​នឹង​មាន​ផល​ប៉ះពាល់​លើ​បរិស្ថាន​ ត្រូវ​ផ្តល់​ប្រាក់​ជា​របៀប​បង់​ពន្ធ ដើម្បី​ជា​ការប៉ះប៉ូវ​ការ​ខូចខាត។ តាមរយៈ​ការ​ប​​ង់ពន្ធ​នេះ រដ្ឋាភិបាល​អាច​ផ្គត់​ផ្គង់​គម្រោង​នានា និង​ជួយ​ប្រជាពលរដ្ឋ​កម្ពុជា»។ វាជាគម្រោង​​ស្រមើស្រមៃឬ? ប្រហែល​ហើយ ប៉ុន្តែ​យ៉ាង​ហោច​គេ​ក៏មិនត្រូវ​​នៅ​លង់លក់​​ប្រឈមមុខ​នឹង​អ្នក​លក់​ខ្សាច់​​ដែល​ហាក់មក​បោះ​ទី​តាំង​ខ្លួន​បែរមុខ​រកច្រាំង​នៅ​កម្ពុជា​នោះដែរ។



សូមអាន​នៅលើកាសែត


 -ទាំង​អ្នក​វិទ្យាសាស្ត្រ​ទាំង​អ្នកភូមិ​នាំ​គ្នាការ​ពារ​ ធនធាន ​បាតសមុទ្រ​នៅកម្ពុជា (២៨-០៨-២០០៨)
-គំនិតការពារព្រៃ​​កោងកាងកើត​មានឡើងសន្សឹមៗ​នៅ​កម្ពុជា (២៣-០១-២០០៩)
 

 

 


0 អធិប្បាយ
ផ្តល់សេចត្តីអធិប្បាយ
អ៊ីមែល៖
 
ចំណងជើង៖
ឈ្មោះ៖
វ៊ិបសាយ៖
[b] [i] [u] [url] [quote] [code] [img] 
 
សូមបញ្ជូលកូតដែលលោក​អ្នកឃើញនៅក្នុងរូប ។ ចុចលើរូប​ដើម្បី​ប្តូររូ​ប ។

យើង​ខ្ញុំ​សូ​​មអរគុណ​ចំពោះ​អត្ថា​ធិប្បាយ​របស់​អស់​លោក​អ្នក ។ រាល់​អត្ថាធិប្បាយ​ទាំង​អស់​មិន​​ត្រូវ​​សរ​សេរ​អោយ​លើស​ពី​១៦​បន្ទាត់​ទ្បើយ ។ សូម​បញ្ជាក់ថា កាសែត​ មិនទទួលខុសត្រូវរាល់​អត្ថា​ធិប្បាយ​ណា​ដែល​បាន​ផ្សព្វផ្សាយ​នៅ​ក្នុង​​ផ្នែក អត្ថាធិប្បាយ ទ្បើយ។ រាល់អត្ថាធិប្បាយ​ទាំង​អស់​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​អ្នក​អាន មិន​​មែន​ជា​ទស្សនៈ​របស់​ផ្នែក​និពន្ធ​យើង​ទេ។ ចំពោះ​ព័ត៌​មាន​បន្ថែម​សូមទាក់​ទង​យើង​ខ្ញុំ​តាម​រយៈអ៊ីម៉ែល Cet e-mail est protégé contre les robots collecteurs de mails, votre navigateur doit accepter le Javascript pour le voir

3.26 Copyright (C) 2008 Compojoom.com / Copyright (C) 2007 Alain Georgette / Copyright (C) 2006 Frantisek Hliva. All rights reserved."

 
Empower your lifestyle with BlackBerry from Hello
 

 
 
ដំណឹងថ្មីៗ