កា​សែត​គឺ​ជា​វ៉ិប​សាយ​ព័ត៌​មាន​ឯក​រាជ្យ​ដែល​ចេញ​ផ្សាយ​ប្រ​ចាំ​ថ្ងៃ​ជា​ភាសាខ្មែរ ​បា​រាំង និងអង់គ្លេស ​ស្តី​អំ​ពី​ប្រទេស​កម្ពុជា​និង​ប្រ​ជា​ជន​កម្ពុជា​នៅ​ក្រៅ​ប្រទេស ។
Installing Khmer Unicode
Bookmark and Share

ទទួល​ព័ត៌​មាន​




 
សវនាការ​បឋមៈ ការ​ជំនុំជម្រះ​លើក​ដំបូង​នៅចំពោះ​មុខ​តុលាការ​ខ្មែរក្រហម​
ដោយ ស្ទេហ្វានី ហ្សេ   
បោះពុម្ភ ផ្ញើអត្ថបទ​តាម​ Email
១៨-០២-២០០៩

 

 

 កំបូល (ភ្នំពេញ កម្ពុជា) ថ្ងៃទី​១៧ កុម្ភៈ ២០០៩៖ កាំង ហ្គេច​អ៊ាវ ហៅ​ឌុច នៅ​ចំពោះមុ​ខ​ចៅ​ក្រម​អ.វ.ត.ក នៅពេល​បើក​សវនាការ​បឋម​

ចន វីង​ / Magnum

សវនាការ​បឋម ដែល​ត្រូវ​ប្រព្រឹត្ត​ធ្វើឡើង​នៅ​មុន​​សវនាការ​លើ​អង្គ​សេចក្តី​​នៃ ​សំណុំ​រឿង​​របស់​កាំង ហ្គេច​អ៊ាវ​ ហៅឌុច បាន​ចាប់​ផ្តើម​នៅថ្ងៃ​អង្គារ ទី​១៧ ខែ​កុម្ភៈ ដោយ​មាន​វត្តមាន​ចូលរួម​ពី​សំណាក់​តំណាង​សារព័ត៌មាន​អន្តរ​ជាតិ​ជា​ច្រើន​។ គោល​បំណង? ​លោក​​ម៉ាសែល ឡឺម៉ុង (Marcel Lemonde) សហចៅ​ក្រម​ស៊ើប​អង្កេត​បានពន្យល់​នៅ​ពេល​ឈប់​សំរាក​ថា គោល​បំណង​គឺ​ «កំណត់​​បញ្ហា​ផ្លូវ​ច្បាប់​ជា​បឋម និង​នីតិវិធី​មួយ​ចំនួន»​។ សវនាការ​បឋម​នេះ​​​នឹង​ពិចារណា​​​ទៅ​លើ​ពាក្យ​សុំ​តាំង​ខ្លួន​ជា​ដើម​បណ្តឹង​រដ្ឋ​ប្បវេណី​ និង​វិធាន​​​​ការ​ការ​ពារ​​មួយ​ចំនួន​សម្រាប់​ជន​រង​គ្រោះ ហើយ​​​នឹងបញ្ជី​​ឈ្មោះ​​​សាក្សី និង​អ្នក​ជំនាញ​ការ​ដែល​តំណាង​ដោយ​ភាគី​ផ្សេងៗ។ សវនាការ​ថ្ងៃ​នេះ គឺជា​សវនាការ​ជំនុំជម្រះ​​លើក​ដំបូងនៅចំពោះ​មុខ​អង្គ​ជំនុំ​ជម្រះ​សាលា​​​ដំបូង​នៃ​សាលាក្តីខ្មែរក្រហម ដែល​ត្រូវ​បាន​បង្កើត​ឡើង​កាល​ពី​ឆ្នាំ​២០០៦ ដើម្បី​កាត់​ទោស​​អតីត​មេដឹកនាំ​ជាន់ខ្ពស់ និង​ឧក្រិដ្ឋ​ជន​សំខាន់​ៗ​នៃ​របប​ប្រល័យ​ពូជ​សាសន៍​មួយ​នេះ។​

 

បញ្ហា​បច្ចេក​ទេស​ត្រូវ​បាន​លើក​ឡើង​ម្តង​ម្នាក់ៗ នៅ​ក្នុង​សវនាការ​មួយ ដែល​រួម​មាន​មេធាវី​ការ​ពារ​ក្តី ​និង​​សហ​ព្រះរាជ​អាជ្ញា​អន្តរ​ជាតិ។ គេ​កត់​សម្គាល់​ឃើញ​ថា​​​​មេធាវី​ដើម​បណ្តឹង​​រដ្ឋ​ប្បវេណី​ហាក់​​ដូច​ជា​មាន​សភាព​បែក​ខ្ញែកគ្នា។​
 
ការ​កត់​សម្គាល់​ជា​ជំហាន​ដំបូង​
នៅ​ពេល​ចាប់​ផ្តើមសវនាការ លោក​រ៉ូប៊ែរ​ ប៉ឺត​ទី សហព្រះរាជ​អាជ្ញា​ បានត្រឡប់​មក​និយាយ​អំពី​​គោល​គំនិត​នៃ​សហកម្ម​ឧក្រិដ្ឋ​កម្ម​រួម ដែល​លោក​ចង់​អោយ​ដាក់​បញ្ចូល​ទៅក្នុង​បទ​ចោទ​ប្រកាន់​​នៅ​​ក្នុង​សំណុំ​រឿង​​របស់​ឌុច អតីត​ប្រធាន​មន្ទីរ​ស-២១​នៃ​របប​ខ្មែរ​ក្រហម ដែលបាន​សម្លាប់​​មនុស្ស​ប្រមាណ​​ជាង​១៤០០នាក់​​។ លោក​បាន​ដាក់​សំណើ​នេះ នៅ​ក្នុង​បណ្តឹង​ឧទ្ធរណ៍​មួយ ប្រឆាំង​​នឹង​ដីកាដំណោះស្រាយ​ចោទ​ប្រកាន់​ឌុច របស់​សហចៅ​ក្រម​ស៊ើប​អង្កេត ប៉ុន្តែ ត្រូវ​បាន​បដិសេធ​ដោយ​អង្គ​បុរេ​ជំនុំជម្រះ​។ ហេតុ​ដូច្នេះ នៅថ្ងៃ​អង្គារ លោក​បាន​ស្នើ​អង្គ​ជំនុំជម្រះ​សាលា​​ដំបូង​អោយពិនិត្យ​លើ​បញ្ហា​នេះ ដោយ​វាយ​តម្លៃ​ថា​ការ​កំណត់​គតិយុត្តិ​ពិត​ជា​មាន​សារៈ​សំខាន់ ដើម្បី​កំណត់​​​ប្រភេទ​នៃ​ពិរុទ្ធ​ភាព​​​របស់​ជន​ជាប់ចោទ​​អោយ​បាន​ពេញ​លេញ​។​ ​
ដោយ​ឡែក សហមេធាវី​ការ​ពារ​ឌុច លោក​ហ្រ្វង់ស័រ រ៉ូ បាន​លើកឡើង​អំពី​បញ្ហា​នៃ​ការ​ឃុំ​ខ្លួន​បណ្តោះអាសន្ន​លើកូន​ក្តី​របស់​លោក​​អស់​រយៈ​ពេល​​៩​ឆ្នាំ ៩ខែ និង​៧​ថ្ងៃ​​។ លោក​មិន​អាច​ទទួល​យក​ស្ថានភាព​បែប​នេះ​បាន​ឡើយ។ លោក​សន្យា​ថា​នឹង​លើក​យក​ចំណុច​នេះ​មក​និយាយ នៅ​សវនាការ​លើ​អង្គ​សេចក្តី​។​
 
ការ​វែក​ញែក​លើ​ការ​បន្ថែម​ដើម​បណ្តឹង​រដ្ឋ​ប្បវេណី​ម្នាក់​
លោកមេធាវី ខាន់ ការីម  ដែលតំណាងអោយដើមបណ្តឹងរដ្ឋប្បវេណី​មួយ​ក្រុម ប្រមាណ​ជាង​៤០%នៃដើមបណ្តឹងរដ្ឋប្បវេណីទាំងអស់ នៅក្នុងរឿងក្តីរបស់​ឌុច បាន​ទាម​ទារ​សិទ្ធិរបស់​លោក​នង ចាន់ផល ដែល​គួរ​តែ​ត្រូវ​បាន​ចុះ​បញ្ជីជា​ដើម​បណ្តឹង​រដ្ឋប្បវេណី បើទោះបី​ជា​គាត់​បាន​ដាក់​ពាក្យ​ស្នើ​សុំ​យឺត​ពេល​ចំនួន​២​ថ្ងៃ​ក៏​ដោយ​។ លោកមេធាវីបានលើកឡើងថាសក្ខីកម្មរបស់គាត់ «ពិត​ជា​ចាំ​បាច់​បំផុត» ព្រោះ​បុរសជ​នជាតិ​កម្ពុជារូប​នេះ​គឺ​ជា​អតីត​កុមារ​ដែល​ជាប់​ឃុំឃាំង​នៅ​មន្ទីរ​ស២១។
 
លោក​មេធាវី រ៉ូ បាន​វាយ​តម្លៃ​ថា​សំណើ​ខាង​លើ​នេះ «មានលក្ខណៈទន់ខ្សោយ​»។ «អស់​លោក​បាន​ដឹង​ហើយ​ថា​ជនជាប់​ចោទ​បានទទួល​ស្គាល់​ទោស​កំហុស​របស់​ខ្លួន។ គាត់​​បាន​​ទទួល​ស្គាល់​​​​​ជា​​​ច្រើន​​លើ​ក​មកហើយ។ ប៉ុន្តែ តាំង​ពី​ប៉ុន្មាន​សប្តាហ៍​មក​នេះ​ ​យើង​ឃើញ​មាន​​ព័ត៌មាន​ជា​ច្រើន​ផ្សព្វផ្សាយ​នៅ​តាម​សារព័ត៌មាន អំពី​សក្ខីកម្ម​ថ្មី​ៗ​​​ និង​ឯកសារ​ថ្មី (ភាព​យន្ត​​ឯកសារ​ដែល​ថត​ដោយ​ជនជាតិ​វៀតណាម​ បាន​ប្រគល់​អោយ​សាលាក្តី​ខ្មែរ​ក្រហម កាលពីចុង​ខែ​មករា ទាក់​ទង​នឹង​​សំណុំ​រឿង​​របស់​​ឌុច)។ នៅ​ត្រង់​ចំណុច​នេះ មេធាវី​​​ការ​ពារ​ក្តី​មាន​ប្រសាសន៍ថា គ្រប់​គ្រាន់​ល្មម! យើង​កំពុង​ស្ថិត​នៅ​ក្នុង​នីតិវិធី​តុលាការ ហើយ​ខ្ញុំ​មាន​បំណង​អោយ​គ្រប់គ្នា​​គោរព​នីតិវិធី​នេះ! មាន​គោលការណ៍ច្បាប់​មួយ​​បាន​លើក​ឡើង​​ថា «ការ​ជំនុំជម្រះ​ប្រកប​ដោយ​យុត្តិធម៌ គឺជា​ការ​ជំនុំជម្រះ​ដែល​គោរព​​ទម្រង់​​បែប​​នេះ​​ជាអាទិភាព»។​
 
ម្យ៉ាង​វិញទៀត លោកមេធាវីក៏​បាន​ចំអក​ដាក់ការ​ប្រកាស​ដែល​​ផុត​រលត់ទាំង​នេះ និង​ត្រូវ​បាន​ផ្សព្វផ្សាយ​តាម​បណ្តាញ​សារព័ត៌មាន​។ «គេ​បាន​រកឃើញ​កុមារ​ ដែល​ធ្លាប់​ស្ថិតនៅ​គុក​ស២១ ដោយ​​ចៃដន្យ ពោ​ល​គឺ​នៅ​ប៉ុន្មាន​ថ្ងៃ​មុន​បើក​សវនាការ​ជំនុំជម្រះ […]។ ថ្ងៃ​ស្អែក តើ​ពួកគេ​នឹង​មាន​គ្នា​ប៉ុន្មាន​នាក់ [ដែល​ដាក់​ពាក្យ​ស្នើ​សុំតាំង​ខ្លួនជា​ដើម​បណ្តឹង​រដ្ឋ​ប្បវេណី]?
 
លោក​ខាន់ ការីម​បានគូស​បញ្ជាក់​ថា​លោក​នង ចាន់​ផល គឺជា​ដើម​បណ្តឹង​រដ្ឋ​ប្បវេណី មិន​មែន​ជា​សាក្សី​ធម្មតា​នោះទេ។ លោក​បាន​បញ្ជាក់​ជា​ថ្មី​ម្តង​ទៀត​ថា​ «សក្ខីកម្ម» របស់​គាត់ គឺជា​សក្ខីកម្ម​​ដ៏​កំរមួយ។ «ការ​បដិសេធ​​ពាក្យ​ស្នើ​សុំ​នេះ​ ដោយ​សារ​​យឺត​ពេល​២​ថ្ងៃ គឺ​ជា​រឿង​​អយុត្តិធម៌​​សម្រាប់​​គាត់!»។ ចំណែក​លោករ៉ូប៊ែរ ប៉ឺតទី បាន​បញ្ជាក់​ថា «សាលា​ក្តី​​​នេះ​មិន​មែន​ត្រូវ​​ធ្វើ​ការ​ជំនុំជម្រះ​តែលើ​​ពិរុទ្ធ​ភាព​មួយគត់នោះ​ទេ ប៉ុន្តែ តុលាការ​ត្រូវ​និយាយ​​ពី​ប្រវត្តិសាស្រ្ត​ដែល​​ធ្លាប់​បាន​កើត​មាន​ឡើង​នៅក្នុង​ប្រទេស​នេះ»។ លោក​មេធាវី រ៉ូ បាន​ឆ្លើយ​បក​វិញ​ថា ​មេធាវី​​ដើម​បណ្តឹង​រដ្ឋ​ប្បវេណី​ និង​ការិយាល័យ​សហ​ព្រះរាជ​​​អាជ្ញា បាន​ទទួល​សំណុំរឿង​របស់​បុគ្គល​​ម្នាក់​នេះ ប៉ុន្តែ មេធាវី​ការ​ពារ​ក្តី មិន​បាន​ទទួល​​។ «ប្រសិនជា​បញ្ហា​នេះ​មិន​មែន​ជា​ការ​រំលោភ​សិទ្ធិ​ជន​ជាប់​ចោទ​នោះទេ ខ្ញុំ​មិន​យល់​​​​ថា​​​គេ​​​កំពុង​​​និយាយ​​​ពី​​​អ្វី​​នោះ​​ទេ!»។
 
បញ្ជី​ឈ្មោះ​សាក្សី និង​អ្នកជំនាញ​ការ​
សហព្រះ​រាជ​អាជ្ញា​បាន​បង្ហាញ​​បញ្ជី​​ឈ្មោះសាក្សី​និង​អ្នកជំនាញ​ការ​៣៥រូប (រួមមាន David Chandler – Craig Etchson- Nic Dunlop…) ដែល​នៅ​ចំណោមអ្នក​ទាំង​នោះ ពួកគេ​ក៏​​​ជា​ដើម​បណ្តឹង​រដ្ឋ​ប្បវេណី​ផ​ងដែរ​។ ដើម​បណ្តឹង​រដ្ឋ​ប្បវេណី​មិន​អាច​ត្រូវ​បាន​កោះ​អញ្ជើញ​ឡើងមក​បង្ហាញខ្លួន​នៅ​ចំពោះមុខ​តុលាការ​ ក្នុង​នាម​ជា​សាក្សី​បាន​​នោះទេ ប្រសិនជា​ពួកគេ​មិន​លះបង់​ឋានៈ​ជា​ដើម​បណ្តឹង​រដ្ឋ​ប្បវេណី។ លោកស្រី​ Silke Studzinsky មេធាវីដើម​បណ្តឹង​រដ្ឋ​ប្បវេណី​មួ​យ​រូប​នៃ​ក្រុម២ បាន​បញ្ជាក់​ថា កូន​ក្តី​របស់​លោក​ដែល​ពាក់​​ព័ន្ធ មិនមាន​បំណង​ធ្វើដូច្នោះ​នោះទេ។
 
យ៉ាង​ណា​មិញ លោក​មេធាវី រ៉ូ បាន​តវ៉ា​វត្តមាន​របស់​សាក្សី​បីនាក់ នៅក្នុង​បញ្ជី​ឈ្មោះ​របស់​សហ​ព្រះរាជ​អាជ្ញា ដែល​ជាប់​ពាក់​ព័ន្ធ​នឹង​ពន្ធនាគារ ម១៣ ព្រោះ​ថា​ពន្ធនាគារ​នេះ​ «មិន​ជាប់​ទាក់​ទង​នឹង​អង្គហេតុ ដែល​ស្ថិត​នៅ​​ក្រោម​សមត្ថកិច្ច​របស់​អង្គ​ជំនុំជម្រះ​នោះ​ទេ ដោយ​​ហេតុ​​ថា​ នៅ​ឆ្នាំ​១៩៧៥​​ គុក ​ម២៣ លែង​មាន​ទៀត​ហើយ (អង្គជំនុំជម្រះ​មាន​សមត្ថកិច្ច​ជំនុំជម្រះឧក្រិដ្ឋ​ដែល​កើត​មាន​តែ​ចន្លោះ​ឆ្នាំ​១៩៧៥ ដល់​ឆ្នាំ​១៩៧៩ប៉ុណ្ណោះ​)។​»​។​ លោក​បាន​វាយ​តម្លៃ​ថា​ «ចាក​ប្រធាន» ហើយ​បាន​ស្នើ​សុំ​អោយដក​​សាក្សី​ទាំង​បី​​ចេញ​។​ លើស​ពីនេះ លោក​មេធាវី​បាន​អំពាវ​នាវ​ដល់​អ្នក​ជំនាញ​រោគ​សរសៃ​ប្រសាទ​ពីរ​រូប ដែល​​ធ្លាប់បានពិនិត្យ​សុខភាពឌុច កាលពីជាង​១​ឆ្នាំមុន ហើយ​ដែល​នឹង​ត្រូវ​ហៅ​មក​ធ្វើ​ជា​សាក្សី​​នៅ​ចំពោះ​មុខ​តុលាការ អោយ​ពិនិត្យ​សុខភាព​កូន​កី្ត​របស់​លោក​ជា​ថ្មី​ម្តង​ទៀត ដើម្បី​ធ្វើ​បច្ចុប្បន្នភាព​​​របាយការណ៍​សាជាថ្មី​។​
 

 

កំបូល (ភ្នំពេញ កម្ពុជា) ថ្ងៃទី​១៧ កុម្ភៈ ២០០៩៖ លោក​វ៉ាន់ ណាត ជាង​គំនូរ និង​ជា​អ្នក​នៅ​រស់​រាន​មានជីវិត​ពី​គុក​ទួល​ស្លែង ដែល​គ្រប់​គ្រង​ដោយឌុច នៅ​ក្នុង​សវនាការ​បឋម។
ចន វីង​ / Magnum

 
ឈ្មោះ​សាក្សី​និង​អ្នក​ជំនាញការ​ចំនួន​១៥នាក់  ត្រូវ​បាន​ប្រកាស​ដោយ​មេធាវី​ដើម​បណ្តឹង​​រដ្ឋ​ប្បវេណី ហើយ​ឈ្មោះ​ថ្មី​​មួយ​ចំនួន​ទៀត​អាច​នឹង​ត្រូវ​បន្ថែម​នៅ​ក្នុង​បញ្ជី​ឈ្មោះ​នោះ។ លោក​មេធាវី Pierre Olivier Sur ដែល​តំណាង​អោយ​ដើម​បណ្តឹង​រដ្ឋ​ប្បវេណី​ក្រុម​​ទី​៤ មិនបាន​រៀប​ចំ​បញ្ជី​ឈ្មោះបែប​នេះ​ឡើយ។ លោក​បាន​អះអាង​ថា​ «ដោយសារ​ឌុច សារភាព​ទោស​កំហុស ខ្ញុំមិនចង់​ហៅ​សាក្សី​មក​បំភ្លឺ​នោះទេ»។​
 
ចំណែក​មេធាវី​ការ​ពារ​ក្តី បាន​បង្ហាញ​បញ្ជី​ឈ្មោះចំនួន​១៣នាក់ ដែលក្នុង​នោះ ៥នាក់ គឺ​ជា​​អ្នក​ជំនាញ​ការ។ លោក​រ៉ូប៊ែរ ប៉ឺតទី ដែល​ត្រូវ​បាន​លោក​មេធាវី រ៉ូ ហៅ​ថា «ឯកឧត្តម បដិវាទករ​» បានសួរ​​អង្គជំនុំជម្រះ​​ថា​តើ​អង្គជំនុំជម្រះ​អាច​យល់ព្រម​ទទួល​សាក្សីទាំង​នោះ​ដែរ​រឺទេ ជា​ពិសេស​ លោក​បាន​ចាត់​ទុក​​ថា​​​​មនុស្ស​មួយ​ចំនួន​​​ត្រូវ​បាន​​​កោះ​ហៅ​​ចូល​​មកបំភ្លឺ​​​​តុលាការ ដើម្បី​ទទូច​​សុំ​ត្រឹម​​អោយមាន​ការ​ផ្សះផ្សាជាតិ​ប៉ុណ្ណោះ​»​។​
 
លោកមេធាវី រ៉ូ បាន​ជំទាស់ទៅនឹង​អំណះ​អំណាង​​ខាង​លើ​នេះ​ ដោយ​​បាន​លើក​ឡើងថា​​​«ស្ថាន​សំរាល​ទោស» អាច​មាននៅក្នុង​ករណី​ខ្លះ ដើម្បី​កាត់​បន្ថយ​ទោស​កំហុស​របស់​ជន​​ជាប់​ចោទ។ លោក​បានពន្យល់​ថា​តួនាទី​នៃ​តុលាការ​​អន្តរ​កាលនេះ​ គឺ​ត្រូវ​ដឹក​នាំ​​​កសាង​​ទំនាក់​​ទំនង​សង្គម និង​​​សង្គមនយោបាយ​ឡើង​វិញ។​ «ខ្ញុំមិនគិត​ថា​មេធាវី​ការ​ពារ​ក្តី​បានរំលោភ​បំពាន​ ដោយសារ​បាន​​បង្ហាញ​សមតុល្យនៃរយៈពេល​៤ថ្ងៃ​នៃ​សវនាការ​របស់​​សាក្សី ធៀប​នឹង​៤០​ថ្ងៃ​នៃ​សវនាការ​សាក្សី សម្រាប់​ព្រះរាជ​អាជ្ញា!»។ លោក​មេធាវី​ជន​ជាតិ​បារាំង​រូប​នេះ​បាន​សង្កត់​ធ្ងន់​បន្ថែម ដោយ​លាត​ត្រដាង​ឈ្មោះ​ «អ្នកជំនាញ​ការ​របស់​​លោក» ដែល​នៅចំណោម​អ្នកទាំងនោះ មាន​អតីត​​រដ្ឋ​អាជ្ញា​នៃ​តុលាការ​ នុយរ៉ង់​ប៊ែរ (Nuremberg) រឺ​អតីត​អ្នក​តាក់​តែង​សេចក្តី​ថ្លែង​ការ​សិទ្ធិ​មនុស្ស​។ ជា​ចុង​ក្រោយ លោក​​មេធាវី​បាន​ថ្លែង​ទៅកាន់​សហព្រះរាជអាជ្ញា​ថា «តើ​អស់​លោក​ធ្លាប់​ឃើញ​មាន​កុមារ​​ម្នាក់ ដែល​ស្រមៃ​ចង់​ក្លាយ​ជា​ពេជ្ឈឃាត​ដែរ​រឺទេ? ការ​ពិភាក្សា​នេះ​មិន​ធ្វើ​អោយ​អស់​​លោក​​ចាប់​អារម្មណ៍​ទេ​រឺ?»។
 
ជំហាន​ដំបូង​ដ៏សំខាន់
នៅ​ចុង​បញ្ចប់​​ថ្ងៃ​ទី១​នៃ​សវនាការ​បឋម ភាគីនីមួយៗ​ត្រូវ​បាន​អញ្ជើញ​អោយធ្វើ​សេចក្តី​ប្រកាស​ជា​សាធារណៈ​មួយ នៅចំពោះ​មុខ​សារព័ត៌មាន​។ លោក​រ៉ូប៊ែរ ប៉ឺតទី សហ​ព្រះ​រាជ​​អាជ្ញា​ បាន​សំដែង​សោមនស្សរីក​រាយ​ថា « សវនាការ​ថ្ងៃ​នេះ​ពិត​ជា​មាន​លក្ខណៈ​ពិសេស​ ហើយ​នៅ​តែ​ជា​ថ្ងៃ​ដ៏​សំខាន់​សម្រាប់​ប្រទេស​កម្ពុជា យុត្តិធម៌ និង​មនុស្ស​ធម៌។ ការ​ជំនុំជម្រះ​ថ្ងៃ​នេះ គឺជា​និមិត្ត​រូប​នៃ​ឆន្ទៈរបស់​ប្រទេស​កម្ពុជា និង​សហគមន៍​អន្តរ​ជាតិ ក្នុង​ការ​ផ្តល់​យុត្តិធម៌​ជូន​ប្រជាជន​ប្រុស ស្រី និង​កុមារ​ដែល​ត្រូវ​បាន​សម្លាប់​ក្រោម​របប​កម្ពុជា​ប្រជាធិបតេយ្យ ប្រមាណ​ជាង​១លាន​៥សែននាក់»។​
 
«​សូមកុំ​​ច្រឡំ​​សវនាការ​ជំនុំជម្រះ​»
ដោយឡែក​​ លោកមេធាវី រ៉ូ បាន​អំពាវ​ជា​ថ្មី​ម្ត​ងទៀតថា «សូមកុំ​ច្រឡំ​សវនាការ​ជំនុំ​ជម្រះ​​​អោយ​សោះ»។ «ឌុច ទទួល​ស្គាល់​ហេតុ​ការណ៍​ដែលបាន​កើត​ឡើង។ គាត់​គឺ​ជា​ជន​​ជាប់​ចោទ...។ គាត់​មាន​បំណង​សុំ​ទោស​ជន​រង​គ្រោះ ជា​ពិសេស​ ប្រជាពលរដ្ឋ​កម្ពុជា […]។ ដូច្នេះ គាត់​នឹង​ធ្វើ​ការ​សុំ​ទោស​ជា​សាធារណៈ និង​​សុំ​ទោស​ម្តង​ទៀត ចំពោះ​​​ជន​រង​គ្រោះ។​ […] ហេតុ​ដូច្នេះ សូម​យើង​កុំ​​បាត់​បង់​ពេល​វេលា​ជាមួយ​ទង្វើ​ទាំង​​នោះ​​ ប៉ុន្តែ សូមយើងព្យាយាម​ស្វែង​យល់​រឿង​រ៉ា​វ​អតីត​កាល។ ខ្ញុំ​ជឿ​ជាក់​ថា​គឺ​យើង​ជំពាក់​ជន​រង​គ្រោះ[…]។ ​ឌុច ព្យាយាម​ពន្យល់​រឿង​រ៉ាវ​អ្វីម្យ៉ាង ប៉ុន្តែ គាត់​នឹង​មិន​អាច​ពន្យល់​​បាន​ទាំង​អស់​នោះ​ទេ។ តើ​គេ​អាច​ពន្យល់​រឿង​អមនុស្សធម៌​បាន​ដែរ​រឺទេ?»  នៅ​ពេល​ផ្គុំ​​ហេតុ​ការណ៍ឡើង​វិញ បន្ទាប់​ពីឌុច​បាន​សុំទោស​ជន​រង​គ្រោះ [ដែលមាន​វត្តមាន​នៅទីនោះ] ជន​រងគ្រោះ​ពីរ​នាក់បាន​​និយាយ​ប្រាប់​ចៅក្រមស៊ើប​អង្កេត​ថា​នេះ​គឺជា​ពាក្យ​សំដី ដែល​ពួកគាត់​រង់​ចាំ​អស់រយៈ​ពេល​៣០​ឆ្នាំ​មក​ហើយ និង​និយាយ​ថា​ពួកគាត់​កំពុង​រស់​នៅ​ដោយ​មាន​សុខ​សន្តិភាព​។ ខ្ញុំមាន​ក្តី​ស្រមៃ​មួយ គឺ​នៅ​ពេល​ចុង​បញ្ចប់​នីតិវិធី​តុលាការ​​នេះ ជន​រង​គ្រោះ និង​មតិ​សាធារណៈ​ជន​កម្ពុជា អាច​និយាយ​បាន​យ៉ាង​ហោច​ណាស់​ថា ‘គេ​មាន​អារម្មណ៍ធូរ​ស្រាល​​ជាងមុន’។ ហេតុ​ដូចនេះ យើង​នឹង​អាច​និយាយ​ថា​​យុត្តិធម៌​ត្រូវ​បាន​ផ្តល់​ជូនប្រជាជន​​​!»។​
 

* ដើម​បណ្តឹង​រដ្ឋ​ប្បវេណី​ត្រូវ​បាន​បែក​ចែក​ជា​៤​ក្រុម ដែល​មួយ​​ក្រុមៗ តំណាង​ដោយមេធាវី​ខុស​ៗ​គ្នា។​


0 អធិប្បាយ
ផ្តល់សេចត្តីអធិប្បាយ
អ៊ីមែល៖
 
ចំណងជើង៖
ឈ្មោះ៖
វ៊ិបសាយ៖
[b] [i] [u] [url] [quote] [code] [img] 
 
សូមបញ្ជូលកូតដែលលោក​អ្នកឃើញនៅក្នុងរូប ។ ចុចលើរូប​ដើម្បី​ប្តូររូ​ប ។

យើង​ខ្ញុំ​សូ​​មអរគុណ​ចំពោះ​អត្ថា​ធិប្បាយ​របស់​អស់​លោក​អ្នក ។ រាល់​អត្ថាធិប្បាយ​ទាំង​អស់​មិន​​ត្រូវ​​សរ​សេរ​អោយ​លើស​ពី​១៦​បន្ទាត់​ទ្បើយ ។ សូម​បញ្ជាក់ថា កាសែត​ មិនទទួលខុសត្រូវរាល់​អត្ថា​ធិប្បាយ​ណា​ដែល​បាន​ផ្សព្វផ្សាយ​នៅ​ក្នុង​​ផ្នែក អត្ថាធិប្បាយ ទ្បើយ។ រាល់អត្ថាធិប្បាយ​ទាំង​អស់​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​អ្នក​អាន មិន​​មែន​ជា​ទស្សនៈ​របស់​ផ្នែក​និពន្ធ​យើង​ទេ។ ចំពោះ​ព័ត៌​មាន​បន្ថែម​សូមទាក់​ទង​យើង​ខ្ញុំ​តាម​រយៈអ៊ីម៉ែល Cet e-mail est protégé contre les robots collecteurs de mails, votre navigateur doit accepter le Javascript pour le voir

3.26 Copyright (C) 2008 Compojoom.com / Copyright (C) 2007 Alain Georgette / Copyright (C) 2006 Frantisek Hliva. All rights reserved."

 
Empower your lifestyle with BlackBerry from Hello
 

 
 
ដំណឹងថ្មីៗ