|
អធិប្បាយចុងក្រោយ
|
| សវនាការបឋមឆ្ពោះទៅការកាត់ទោស ឌុច បញ្ចប់ការពិភាក្សាអំពីតួនាទីដើមបណ្តឹងរដ្ឋប្បវេណី |
| ដោយ ស្ទេហ្វានី ហ្សេ | | | ១៩-០២-២០០៩ |  ភ្នំពេញ (កម្ពុជា) ថ្ងៃទី២៥ កុម្ភៈ ២០០៦៖ អ្នកទស្សនាសារមន្ទីរប្រល័យពូជសាសន៍ទួលស្លែង អតីតមន្ទីរធ្វើទារុណកម្មខ្មែរក្រហម ស២១ កំពុងមើលរូបថតសាកសពមួយ ដែលត្រូវបានរកឃើញនៅក្នុងបន្ទប់នេះ នៅពេលកងទ័ពវៀតណាមចូលមកដល់ឆ្នាំ១៩៧៩ ចន វីង / Magnum អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា(អ.វ.ត.ក) គឺជាតុលាការព្រហ្មទណ្ឌជាលក្ខណៈអន្តរជាតិលើកដំបូង ដែលយល់ព្រមអោយជនរងគ្រោះសុំតាំងខ្លួនជាដើមបណ្តឹងរដ្ឋប្បវេណី។ ដំបូងឡើយ ការលើកយកប្រព័ន្ធច្បាប់រ៉ូម៉ាំង-អាល្លឺម៉ង់ (ច្បាប់Civil law) មកអនុវត្តនៅក្នុងយុត្តាធិការកូនកាត់មួយនេះ មិនបានបង្កជាភាពចម្លែកអ្វីឡើយ ដោយសារច្បាប់ប្រទេសកម្ពុជាយកលំនាំតាមប្រព័ន្ធច្បាប់មួយនេះ។ ដូចនេះ ដើម្បីកំណត់តួនាទីរបស់ដើមបណ្តឹងរដ្ឋប្បវេណីទាំងនេះនៅក្នុងច្បាប់ព្រហ្មទណ្ឌនេះ គ្រប់យ៉ាងត្រូវបានច្នៃប្រឌិតឡើង ព្រោះមកទល់សព្វថ្ងៃនេះ តួនាទីដើមបណ្តឹងរដ្ឋប្បវេណីត្រូវបានបង្កើតឡើងដោយយកលំនាំតាមប្រព័ន្ធច្បាប់អង់គ្លេស(ច្បាប់common law) [តួនាទីដើមបណ្តឹងរដ្ឋប្បវេណីមិនមាននៅក្នុងច្បាប់ Civil law នោះទេ]។ ការពិភាក្សាបានចាប់ផ្តើមធ្វើឡើងរវាងអ្នកអនុវត្តតាមប្រព័ន្ធច្បាប់អន្តរជាតិទាំងពីរ នៅ អ.វ.ត.ក នៅថ្ងៃទី២ និងជាថ្ងៃចុងក្រោយនៃសវនាការបឋម សំដៅកំណត់បញ្ហាផ្លូវច្បាប់ជាបឋម និងនីតិវិធីមួយចំនួននៅក្នុងសំណុំរឿងក្តីរបស់ឌុច អតីតប្រធានមន្ទីរឃុំឃាំងនិងសួរចម្លើយស២១ នៃរបបខ្មែរក្រហម និងជាមនុស្សដំបូងគេ ដែលត្រូវឡើងបង្ហាញខ្លួននៅចំពោះមុខតុលាការ ប្រហែលជាចុងខែមីនាក្រោយ។ ភាគីនីមួយៗមានតួនាទីរៀងៗខ្លួន ក្រុមមេធាវីការពារក្តីបានចាប់ផ្តើមការជជែកពិភាក្សាជាថ្មីនៅថ្ងៃទី២ ស្តីពីការចូលរួមរបស់ដើមបណ្តឹងរដ្ឋប្បវេណី ដោយមានប្រតិកម្មទៅនឹងវត្តមានរបស់សាក្សីមួយនាក់ ដែលត្រូវបានបង្ហាញដោយក្រុមមេធាវីដើមបណ្តឹងរដ្ឋប្បវេណីនៅក្នុងបញ្ជីឈ្មោះរបស់ខ្លួន។
លោកហ្រ្វង់ស័រ រ៉ូ សហមេធាវីការពារឌុច បានពន្យល់ថា «តាំងនាមជាមេធាវីអន្តរជាតិ ខ្ញុំបានតស៊ូអស់រយៈពេលជាច្រើនឆ្នាំមកហើយ ដើម្បីអោយជនរងគ្រោះអាចចូលធ្វើអន្តរាគមន៍នៅក្នុងតុលាការអន្តរជាតិ ហើយខ្ញុំរីករាយអោយជនរងគ្រោះអាចធ្វើអន្តរាគមន៍នៅទីនេះបាន ក្នុងនាមជាដើមបណ្តឹងរដ្ឋប្បវេណី មានន័យថាពួកគេអាចហៅសាក្សីមកចូលរួមនៅក្នុងកិច្ចពិភាក្សា ចោទសំណួរតាមរយៈមេធាវី និងប្រកាសអំពីទំហំនៃការទទួលរងគ្រោះរបស់ពួកគេនិងក្រុមគ្រួសាររបស់ខ្លួន។ យើងយល់ស្របចំពោះគំនិតនេះ […] ម្យ៉ាងទៀត តើដើមបណ្តឹងរដ្ឋប្បវេណីអាចទទួលបានតួនាទីអ្វី នៅក្នុងការជំនុំជម្រះមួយនៃច្បាប់រ៉ូម៉ាំង-អាល្លឺម៉ង់ (ច្បាប់Civil law)? យើងមិនត្រូវច្រឡំរវាងដើមបណ្តឹងរដ្ឋប្បវេណី និងព្រះរាជអាជ្ញានោះទេ! នៅទីនេះ ដើមបណ្តឹងរដ្ឋប្បវេណីអាចសំដែងការទទួលរងគ្រោះរបស់ខ្លួន និងទាមទារសំណងនៃការខូចខាត ប៉ុន្តែ អ្នកដែលទទួលបន្ទុកផ្នែកសំណងសង្គមគឺព្រះរាជអាជ្ញា។ ក្នុងនាមសង្គម ព្រះរាជអាជ្ញានឹងទាមទារសេចក្តីវិនិច័្ឆយមួយ។ មិនមានករណីណាមួយ ដែលដើមបណ្តឹងរដ្ឋប្បវេណីអាចទាមទារសេចក្តីវិនិច័្ឆយមួយបាននោះទេ! បើមិនដូច្នោះទេ វាអាចនឹងធ្វើអោយមានការបោះជំហានថយក្រោយដ៏អាក្រក់មួយ នៅក្នុងច្បាប់ព្រហ្មទណ្ឌអន្តរជាតិ ព្រោះវានឹងបង្កអោយមានការសងសឹក! ដើមបណ្តឹងរដ្ឋប្បវេណីមានតួនាទីមួយ គឺប្រាប់ទំហំនៃការឈឺចាប់របស់ខ្លួនដល់ព្រះរាជអាជ្ញា ដើម្បីអោយព្រះរាជអាជ្ញាទាមទារការវិនិច្ឆ័យមួយ។ នេះគឺជាការពិភាក្សាគ្រឹះមួយ សម្រាប់អនាគតតុលាការនេះ និងតុលាការដែលនឹងអាចបង្កើតនៅពេលក្រោយទៀត»។
ភាគីខ្លះយល់ឃើញថាមានការវិវត្តន៍ខ្លាំងពេកនៃសិទ្ធិដើមបណ្តឹងរដ្ឋប្បវេណី មេធាវីជនជាតិបារាំងរូបនេះបានបង្ហាញឆន្ទៈរបស់ខ្លួន ក្នុងការកោះអញ្ជើញលោកសាស្រ្តាចារ្យ Badinter មកកាន់តុលាការ [លោក Badinter គឺជាអតីតរដ្ឋមន្រ្តីក្រសួងយុត្តិធម៌បារាំង និងជាអ្នកតាក់តែងច្បាប់បារាំងស្តីពីការលុបបំបាត់ទោសប្រហារជីវិត ហើយនិងជាអ្នកដែលធ្វើការងារច្រើនបំផុត ដើម្បីណែនាំច្បាប់ថ្មីៗ សម្រាប់ជនរងគ្រោះនៃច្បាប់ព្រហ្មទណ្ឌ]។ លោកបានស្នើថា «ពិតណាស់ បច្ចុប្បន្ននេះ លោកសាស្រ្តាចារ្យបានសំដែងការព្រួយបារម្ភ ជុំវិញការវិវត្តន៍សិទិ្ធដើមបណ្តឹងរដ្ឋប្បវេណីខ្លាំងពេក។ គាត់អាចនឹងដឹកនាំយើង អោយដើរលើផ្លូវដែលយើងត្រូវធ្វើ»។
ដោយឡែក លោក Sur មេធាវីដើមបណ្តឹងរដ្ឋប្បវេណីជនជាតិបារាំង និងជាអ្នកត្រូវបានបណ្តុះបណ្តាលដោយច្បាប់ Civil law បានដើរតាមលំនាំរបស់លោកមេធាវី រ៉ូ ដោយបញ្ជាក់ថា គោលគំនិតរបស់សហភាតារបស់លោក ក៏ជាគោលគំនិតរបស់លោកផងដែរ។ «យើង [មេធាវីដើមបណ្តឹងរដ្ឋប្បវេណី] និយាយ ដើម្បីការឈឺចាប់របស់កូនក្តីរបស់យើង។ ចូរយើងចោទសួរ តាមតូនាទីរបស់យើង»។ លោកមានប្រសាសន៍លំអិតថា តួនាទីរបស់ដើមបណ្តឹងរដ្ឋប្បវេណី ក៏ជា«ការចងគំនុំ»ផងដែរ ពួកគេអាចចូលរួមចោទប្រកាន់ទាក់ទងនឹងធាតុនៃបទល្មើស និង «ទាមទារសំណង មិនមែនជាការដាក់ទណ្ឌកម្ម»។
កាលពីម្សិលមិញ នៅពេលបញ្ចប់សវនាការថ្ងៃទី១ លោកបានពន្យល់ថា «គោលគំនិតរបស់យើងជាជនជាតិបារាំង គឺយើងមិននិយាយអំពីទោសកំហុស។ ហេតុអ្វី? ព្រោះការឈឺចាប់របស់ជនរងគ្រោះ មានដូចជាការកំណត់ទំហំនៃការឈឺចាប់ ការធ្វើអោយការឈឺចាប់បាត់បង់តម្លៃ […]។ យើងមិនសុំអោយដាក់ទោសជាប់ពន្ធនាគាររយៈពេល២០ រឺ៤០ឆ្នាំនោះទេ ព្រោះការកំណត់ចំនួនឆ្នាំអាចធ្វើការបន្ទុកនៃបទឧក្រិដ្ឋត្រូវបានកាត់បន្ថយ»។
ភាគីខ្លះទៀតយល់ឃើញថាជាការកំរិតសិទ្ធិដើមបណ្តឹងរដ្ឋប្បវេណី បន្ទាប់មក លោកស្រី Jacquin មេធាវីដើមបណ្តឹងរដ្ឋប្បវេណីជនជាតិបារាំងមួយរូបផ្សេងទៀត បានលើកអំណះអំណាងថា «ប្រសិនជាដើមបណ្តឹងរដ្ឋប្បវេណីមិនទាមទារអោយមានការដាក់ទោសនោះទេ ពួកគេអាចបញ្ចេញមតិយោបល់ថាទោសកំហុសនេះអាចទទួលយកបាន រឺអត់»។ លោកស្រីបានអំពាវនាវសុំកុំអោយកាត់បន្ថយតួនាទីដើមបណ្តឹងរដ្ឋប្បវេណី។ ដោយឡែក លោកស្រី Studzinsky មេធាវីដើមបណ្តឹងរដ្ឋប្បវេណីជនជាតិអាល្លឺម៉ង់ បានវាយតម្លៃថាសិទ្ធិដើមបណ្តឹងរដ្ឋប្បវេណី «ត្រូវបានកំរិត» ដោយសារពួកគេមិនអាចប្តឹងឧទ្ធរណ៍ជំទាស់ទៅនឹងទោសដែលត្រូវបានប្រកាស។ សម្រាប់លោកស្រីមេធាវី ដើមបណ្តឹង«រដ្ឋប្បវេណីត្រូវអនុញ្ញាតអោយបង្ហាញភស្តុតាងនៅក្នុងនីតិវិធី។ វាជារឿងធម្មតាដែលដើមបណ្តឹងរដ្ឋប្បវេណីអាចត្រូវបានអនុញ្ញាតអោយបញ្ចេញមតិជុំវិញទោសកំហុស»។ លោកស្រីបានសង្កត់ធ្ងន់ថា ក្រមនីតិវិធីនៃប្រទេសកម្ពុជា ដែលត្រូវបានយកមកអនុវត្តនៅអ.វ.ត.ក មិនបានកំណត់សិទ្ធិនេះនោះទេ។ យ៉ាងណាមិញ លោកស្រី ជា លាង សហព្រះរាជអាជ្ញាកម្ពុជាបានសន្និដ្ឋានថា «លទ្ធភាពនៃការបញ្ចេញមតិលើទោសកំហុស ត្រូវតែផ្តល់ជូនដើមបណ្តឹងរដ្ឋប្បវេណី»។
ភាពយន្តថ្មី ដែលថតនៅគុកស២១ គឺជាកម្មវត្ថុនៃការជជែកវែកញែកដ៏តឹងតែងនៅសវនាការ នៅចំណោមធាតុថ្មីៗនៃសំណុំរឿងរបស់ឌុច មានភាពយន្តឯកសារមួយ រយៈពេល១០នាទី ដែលត្រូវបានថតនៅមន្ទីរស២១ ដោយជនជាតិវៀតណាម កាលពីខែមករា ឆ្នាំ១៩៧៩ ពោលគឺ ប៉ុន្មានថ្ងៃក្រោយការរំដោះទីក្រុងភ្នំពេញ។ លោកស្រីជា លាង បានគូសបញ្ជាក់ថា «ភាពយន្តឯកសារនេះត្រូវបានប្រគល់ដោយរដ្ឋាភិបាលវៀតណាម ជូនមជ្ឈមណ្ឌលឯកសារកម្ពុជា ហើយយើងមិនទាន់បានស្វែងយល់ឯកសារនេះនៅឡើយទេ»។
ចំណែក លោកកា សាវុត្ថ សហមេធាវីកម្ពុជារបស់ឌុច បានសុំអោយអង្គជំនុំជម្រះសាលាដំបូង បដិសេធឯកសារថ្មីនេះ «ព្រោះវាត្រូវបានផលិតដោយសាធារណៈរដ្ឋសង្គមនិយមវៀតណាម»។ បើតាមប្រសាសន៍របស់លោក «ភាពយន្តនេះគឺជាឯកសារប្រឌិតបែបនយោបាយ» ដូចនេះ វាមិនអាចប្រើប្រាស់ទុកជាការពិតបានឡើយ។ លោកក៏បានលើកឡើងផងដែរថា ឯកសារនេះមិនស៊ីចង្វាក់នឹងការពិត។ លោកបានរម្លឹកថានួន ជា ហៅបងធំទី២ បានបញ្ជា នៅថ្ងៃទី៣ មករា ១៩៧៩ អោយសម្លាប់អ្នកទោសទាំងអស់នៅមន្ទីរស២១ ហើយគេដឹងត្រឹមតែថាមានមនុស្ស១៥នាក់នៅរស់រានមានជីវិត ដែលអ្នកទាំងនោះមិនមាននៅក្នុងភាពយន្តឯកសារនោះទេ។ លោកមានចម្ងល់ថា «កុមារដែលត្រូវបានរកឃើញថានៅមានជីវិតរស់នៅក្នុងមន្ទីរធ្វើទារុណកម្មនេះ មិនមានសភាពស្គមកំព្រឹងនោះទេ បើតាមរូបភាពឯកសារខាងលើនេះ ខណៈពួកគេអត់អាហារបរិភោគអស់រយៈពេលជាច្រើនថ្ងៃមកហើយ។ កត្តាទាំងនេះបានជម្រុញអោយលោកចោទសួរអំពីពេលវេលាដែលកុមារទាំងនេះត្រូវបានជាប់ឃុំឃាំងនៅមន្ទីរស២១…។ ដូចនេះ មេធាវីរូបនេះបានអំពាវនាវសុំអោយអង្គជំនុំជម្រះផ្ទៀងផ្ទាត់ការពិតនៃឯកសារនេះ ទៅនឹងបញ្ជីឈ្មោះនៃអ្នកទោសនៅមន្ទីរស២១។
បន្ថែមភស្តុតាងនៅក្នុងសំណុំរឿងៈ «តើវានឹងបញ្ចប់នៅពេលណា?» ចំណែកលោកមេធាវី រ៉ូ សហការីរបស់លោកកា សាវុត្ថ បានសំដែងការភ្ញាក់ផ្អើលថាឯកសារ «អាយុ៣០ឆ្នាំ» ទើបតែត្រូវបានផ្សព្វផ្សាយនាពេលនេះ បន្ទាប់ពីការស៊ើបអង្កេតរយៈពេលមួយឆ្នាំរបស់សហព្រះរាជអាជ្ញា និងមួយឆ្នាំកន្លះនៃការស៊ើបអង្កេតរបស់ចៅក្រមស៊ើបអង្កេត។ លោកបានបង្ហាញគោលបំណងជាថ្មីថា លោកមិនចង់«ពន្យឺតការពិភាក្សានេះ» នោះទេ ដោយលោកបានបង្ហាញបញ្ជីឯកសារបន្ថែមចំនួន៥២ច្បាប់ ដែល «សហព្រះរាជអាជ្ញាជឿជាក់ថាត្រូវតែបន្ថែម»។ «មានគោលការណ៍នីតិវធី និងបដិវាទកម្ម។ នៅពេលចុងក្រោយនេះ គឺនៅពេលបើកសវនការ គេបានយកឯកសារ៥២ និងភាពយន្តឯកសារមួយ មកអោយយើង ហើយគេប្រាប់តាមរយៈសារព័ត៌មានថា យោងតាមមជ្ឈមណ្ឌលឯកសារកម្ពុជា មានបញ្ជីឈ្មោះមួយនៃអ្នកនៅរស់រានមានជីវិតពី គុកស២១ ចំនួន១៥២នាក់ ដែលត្រូវស៊ើបអង្កេត។ តើវានឹងបញ្ចប់នៅពេលណា?»
ដោយឡែក លោករ៉ូបែរ ប៉ឺទី មានចម្ងល់ថា «លោកមេធាវី រ៉ូ ធ្លាប់បានស្នើអង្គជំនុំជម្រះ កុំអោយបង្កើតអង្គហេតុ ដោយសារវាត្រូវបានបង្កើតរួចហើយ!» ។ «ប៉ុន្តែ តើការជំនុំជម្រះនេះអាចផ្អែកទៅលើរឿងអ្វីផ្សេងបានយ៉ាងដូចម្តេច? […] យើងនឹងបន្តស្វែងរករាល់អង្គហេតុជាក់លាក់។ ខ្ញុំសូមជំទាស់ថា កត្តាទាំងនេះនឹងពន្យឺតដំណើរការនីតិវិធី ហើយវាមិនមែនជាគោលបំណងរបស់យើងឡើយ។ គោលបំណងគឺស្វែងរកយុត្តិធម៌!»។
សវនាការបានបញ្ចប់នៅពាក់កណ្តាលថ្ងៃត្រង់។ អង្គជំនុំជម្រះបានប្រកាសថា «សេចក្តីសម្រេចលើបញ្ហាដែលត្រូវលើកយកពិភាក្សានៅរយៈពេល២ថ្ងៃនេះ នឹងត្រូវប្រកាសជាមួយនឹងកាលកំណត់ថ្ងៃបើកសវនាការលើអង្គសេចក្តី នៅពេលឆាប់ៗនេះ»។
អានបន្ថែមលើកាសែត -សវនាការបឋមៈ ការជំនុំជម្រះលើកដំបូងនៅចំពោះមុខតុលាការខ្មែរក្រហម (១៨-០២-២០០៩) -បទយកការណ៍រូបថតនិងសម្លេងៈ សវនាការរបស់ឌុច (១៧-០២-២០០៩) -ដំណើរវែងឆ្ងាយឆ្ពោះទៅកាន់ការបង្កើតក្រមនីតិវិធីពិសេសដាច់ដោយឡែកពីតុលាការព្រហ្មទណ្ឌអន្តរជាតិ (២០-០១-២០០៩)
|
|
|