កា​សែត​គឺ​ជា​វ៉ិប​សាយ​ព័ត៌​មាន​ឯក​រាជ្យ​ដែល​ចេញ​ផ្សាយ​ប្រ​ចាំ​ថ្ងៃ​ជា​ភាសាខ្មែរ ​បា​រាំង និងអង់គ្លេស ​ស្តី​អំ​ពី​ប្រទេស​កម្ពុជា​និង​ប្រ​ជា​ជន​កម្ពុជា​នៅ​ក្រៅ​ប្រទេស ។
Installing Khmer Unicode
Bookmark and Share

ទទួល​ព័ត៌​មាន​




 
ឱសថ​ក្លែងក្លាយ​នៅកម្ពុជា : ស្លាកសញ្ញា​​​ធ្វើ​អោយ​​មាន​ការ​មិន​ទុកចិត្ត
ដោយ កូរីន កាឡឺបូ   
បោះពុម្ភ ផ្ញើអត្ថបទ​តាម​ Email
២៣-០២-២០០៩

ប៉ៃលិលន (កម្ពុជា) ថ្ងៃទី​៦ មីនា ២០០២៖ អាជីវករ​លក់​ថ្នាំ​ពេទ្យ​ព្យាបាល​ជំងឺ​​គ្រុន​ចាញ់ នៅក្នុង​ដេប៉ូ​លក់​ថ្នាំ​ពេទ្យ​មួយ​កន្លែង​ ដែល​មិនមាន​កា​រត្រួត​ពិនិត្យ​
© ចន វីង​ / Magnum


នៅ​​ប្រទេស​កម្ពុជា​ ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ឱសថក្លែង​ក្លាយ​​នៅ​តែ​ជា​ប្រធាន​បទ​មួយ​ដ៏​រសើប​ និង​មិន​​អាច​និយាយ​ចេញ​បាន​ឡើយ​​។ ​បើ​តាម​​ការសង្កេត​របស់​​អ្នក​​​ពាក់​​ព័ន្ធនៅ​​​ក្នុង​វិស័យ​នេះ​ ព័ត៌មាន​​​​​ផ្សេង​ៗ​ទាក់ទិន​នឹង​ថ្នាំពេទ្យ​ក្លែង​ក្លាយ​ពិបាកនឹង​ធ្លាយ​​​ចេញ​​ណាស់។ ​គេ​សង្កេត​ឃើញ​ថា ព្រះរាជាណាចក្រ​កម្ពុជា​នៅ​តែ​​បន្ត​រង​គ្រោះ​យ៉ាង​ធ្ងន់​ធ្ងរ​ពី​ផលិត​ផល​ឱសថក្លែងក្លាយ ឬ​​មិនសូវ​មានគុណភាព​​ ហើយ​ប្រជាជន​​គឺ​ជា​ជន​រងគ្រោះ​​ទី​១​។​ ដើម្បី​ប្រយុទ្ធ​​ប្រឆាំង​នឹង​បញ្ហា​នេះ ជា​ពិសេស​​ចំពោះ​​ថ្នាំ​អង់ទីប៊ីយ៉ូទិក(ថ្នាំផ្សះ) និង​ថ្នាំ​ប្រឆាំង​គ្រុន​ចាញ់​ ក្រុម​ប្រយុទ្ធ​ប្រឆាំង​នឹង​​ឱសថ​ក្លែង​ក្លាយ​​ត្រូវ​បានបង្កើ​តឡើង​នៅ​ក្នុង​ក្រសួង​​សុខាភិបាល ​ដោយមាន​​ជំនួយ​ឯកជន​​ពី​ខាង​ក្រៅ​​ជា​ច្រើន​។ ប៉ុន្តែ​គួរ​អោយ​សោក​ស្តាយ​ វា​ហាក់​ដូច​​ជា​​គ្មាន​វិធី​ណាមួយ​ត្រូវ​បាន​រក​ឃើញ ដើម្បី​ផ្លាស់​​ប្តូរ​បណ្តាញ​ឱសថស្ថាន​​​នៅ​កម្ពុជា​អោយ​ល្អ​ប្រសើរ​​នោះ​​ទេ។

 

ការ​រាប់ចំនួន​ឱសថស្ថាន​ពិតប្រាកដ គឺពិបាក
អ្នក​ណា​ក៏ដោយអោយ​តែ​ដើ​រ​កម្សាន្ត​ក្នុង​ទី​ក្រុង​ភ្នំពេញ​ ពិត​ជា​មិន​អាច​ថា​​មិន​ភ្ញាក់​ផ្អើល​​​នឹង​កន្លែង​លក់​​​ថ្នាំ​​ពេទ្យ​ដ៏​ច្រើន​ដូច​ផ្សិត​​​នៅ​ក្នុង​ទី​ក្រុង​មួយ​នេះ​​​ ​នោះ​ទេ។ ទោះ​​អ្នក​រកស៊ី​​ទាំងនេះ​មាន​ចំនួន​ច្រើន​ ប៉ុន្តែ​គេ​ពិបាក​បែង​ចែក​ថា​ឱសថស្ថានមួយ​ណា​ត្រឹម​ត្រូវ​ ​មួយ​ណា​ក្លែង​បន្លំ​ណាស់។ បើ​តាម​លោក​​ច្រឹង សុខន អនុប្រធាន​នាយកដ្ឋាន​ឱសថ និង​ចំណីអាហារ​នៅ​ក្រសួង​សុខាភិបាល ទទួល​ខុស​ត្រូវ​ប្រយុទ្ធ​ប្រឆាំង​​នឹង​ឱសថ​ក្លែងក្លាយ មាន​ឱសថស្ថាន​ត្រឹម​ត្រូវ​តាម​ច្បាប់​ចំនួន​មួយ​ពាន់​កន្លែង​​​ទូទាំង​ប្រទេស​កម្ពុជា ឃ្លាំង​ឱសថ៥០០កន្លែង និង​ឱសថស្ថាន​គ្មានវិញ្ញាបនបត្រ​ បាន​ន័យ​ថា​ជា​​ឱសថ​ស្ថាន​ខុស​ច្បាប់​ចំនួន​២ ៥០០​កន្លែង​។ ប៉ុន្តែ​ តួលេខ​​របស់​ក្រសួង​សុខាភិបាល​​គឺ​មិន​អាច​ទុក​​ចិត្ត​បាន​ទេ។ តាម​ពិតទៅ តួលេខនេះ​មិន​ត្រូវ​បាន​ធ្វើ​ការ​កែ​ប្រែ​ទេ​ ចាប់​តាំង​ពីដើម​ឆ្នាំ​២០០០​មក​។ ជាងនេះ​​ទៅ​ទៀត ឱសថស្ថាន​ដែល​ចាត់​​ទុកថា​«ត្រឹមត្រូវ​» គឺ​ជា​កន្លែង​​ដែល​អាច​បញ្ជាក់​​​ថា​ស្ថិត​ក្រោម​ការ​កាន់​កាប់​​របស់​​ឱសថការីមាន​សញ្ញាប័ត្រ​ពី​រដ្ឋ។ ប៉ុន្តែ​ឱសថស្ថាន​ជាច្រើន​បាន​​ «ទិញ» សញ្ញា​បត្រ​ពី​​ឱសថការីដែល​មិន​ទៀងត្រង់ជា​ថ្នូរ​នឹង​ប្រាក់​យ៉ាង​ច្រើន ហើយ​យក​ឈ្មោះ​​ទៅ​ដាក់​​ថា​ជា​ឱសថ​ស្ថាន​​​ដោយ​​អ្នក​ដែល​ទទួល​បាន​សញ្ញា​បត្រ​ពិត​នោះ​មិន​ទាំង​ដែល​ទៅ​រវីរ​វល់​​ផង។ ក្នុង​ស្ថានភាព​ពិត​ជាក់​ស្តែង​ ឱសថស្ថាន​​គួរ​អោយ​ជឿ​ទុក​ចិត្ត ​​មាន​មិន​ច្រើន​ទេ​នៅ​ទីក្រុង​​ភ្នំពេញ ហើយ​សឹង​តែ​គ្មាន​សោះ​នៅ​​តាម​បណ្តា​ខេត្ត។

ឱសថការីក្លែង​ក្លាយបង្ក​អោយ​មានកំហុសផ្នែក​​វេជ្ជសាស្រ្ត
ឱសថការី​ភាគច្រើន​មិន​មែន​ជា​អ្នក​មានអាជីព​ផ្នែក​សុខភាព​ទេ ប៉ុន្តែ​ពួកគេ​គឺជា​អ្នក​លក់​ដូរ​ធម្មតា​។ ការ​ផ្គត់​ផ្គង់​ឱសថ​ធ្វើ​ឡើង​ដោយ​មាន​ការ​ត្រួត​ពិនិត្យ​តិច​តួច​​បំផុត។ មនុស្ស​ជា​ច្រើន​ទិញ​​ថ្នាំ​មាន​តម្លៃ​​ថោក ដោយ​មិន​ខ្វល់​ពី​ប្រភព​មក​ពីណា...មិន​ខ្វល់​ទាំង​គុណភាព​​របស់​វា។ «ដើម្បី​តម្រូវ​តាម​ការ​​ចង់បាននេះ​ ពួក​ឈ្មូញ​យក​ថ្នាំ​​​តម្លៃ​ថោក​ៗចូល​ពីប្រទេស​ចិន​ ឥណ្ឌា ថៃ និង​វៀតណាម ដោយ​​មិន​គិត​ពី​គុណភាព​ទេ» នេះ​ជា​ការ​ពន្យល់​របស់​លោក​រ៉ូម៉ាំង កាស្តែលប៊ូ នៅ​ក្នុង​សារណា​របស់គាត់ មាន​ចំណង​ជើង​ថា«ឱសថ​ក្លែង​ក្លាយ​នៅ​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍ - ឧទាហរណ៍ពី​ប្រទេស​​កម្ពុជា» ចេញ​ផ្សាយ​នៅ​ក្នុង​ឆ្នាំ​២០០៥ នៅមហាវិទ្យាល័យ​ទូលូស៍ (ប្រទេស​បារាំង)។ «ដើម្បី​ស្នើ​​​​តម្លៃ​ដែល​ទី​ផ្សារ​កម្ពុជា​អាច​ទទួល​យក​បាន ក្រុមហ៊ុន​ឱសថ​មួយ​ចំនួន​របស់​ប្រទេស​​ខាង​​​លើ​ទាំងនេះ​ ផលិត​ឱសថ​សម្រាប់​នាំ​ចេញ​មានគុណភាព​ទាប​ជាង​ឱសថ​សម្រាប់​លក់​នៅ​ទីផ្សារ​​ក្នុង​ប្រទេសរបស់​ពួកគេ​»។ ក្នុង​ចំណោម​ឱសថ​ទាំងនោះ មានមួយ​ចំនួន​អាច​មាន​ប្រសិទ្ធភាព មួយ​ចំនួន​ទៀត​អត់មាន  ហើយ​ឱសថខ្លះទៀត​កំណត់​បរិមាណ​ប្រើ​ច្រើន​ពេក​ឬតិច​ពេក​។

យោង​តាម​ការ​អោយ​និយម​ន័យ​ជា​ផ្លូវ​ការ​របស់​​អាជ្ញាធរកម្ពុជា ដោយ​យកតាម​និយម​ន័យ​របស់​[អង្គការ​សុខភាព​ពិភពលោក​(WHO )  ឱសថក្លែងក្លាយ​គឺ«រាល់​ឱសថ​ទាំង​ឡាយ​ណា​ដែល​ផលិត​​​ឡើង​ ជាមួយ​នឹង​គោលការណ៍សកម្ម​​​មិន​សម​ស្របឬ​មានគុណភាព​មិនល្អ , រាល់​ឱសថ​ទាំង​ឡាយ​​​ណា​ដែល​មិន​មាន​គោលការណ៍​សកម្ម ឬមាន​សមាសធាតុ​ក្នុង​គោល​ការណ៍​​សកម្ម​ខុស​ពី​កម្រិត​​កំណត់​ដោយ​ក្បួន​ផ្សំឱសថ , រាល់​ឱសថទាំង​ឡាយ​ណា​ដែល​មាន​ស្លាកសញ្ញា​ឬ​សម្បក​វេច​ខ្ចប់​​ចម្លង​ដោយ​ចេតនា​​​តាម​​ឱសថដែលមានរួច​ហើយ , រាល់​ឱសថ​ទាំង​ឡាយ​​ណា​​ដែល​ផលិត​​​ដោយ​អ្នក​គ្មាន​ការ​អនុញ្ញាត»។ ជាផ្លូវការ​ បើតាម​តួលេខ​របស់ក្រសួង​សុខាភិបាល ឱសថ​ក្លែង​​ក្លាយ​១៣% (តួលេខ​នេះ​មិន​មាន​ការកែ​ប្រែ​ទេ​ តាំង​ពី​ដើម​ឆ្នាំ​២០០០​មក) កំពុង​​ចរាចរណ៍​នៅ​កម្ពុជា​​នា​ពេល​បច្ចុប្បន្ន ប៉ុន្តែ​បើ​តាម​ការ​វាយ​តម្លៃ​របស់សភា​ពាណិជ្ជកម្ម​បារាំង-កម្ពុជា   ចេញ​ផ្សាយ​​នៅ​ឆ្នាំ​២០០៧ តួលេខ​នេះ​គឺ​មាន​ពី​៣០%​ទៅ​៤០%។ ឱសថការី​ដែល​មាន​បរិញ្ញា​បត្រ​ម្នាក់ ​នៅ​​ក្នុង​ក្រុង​ភ្នំពេញ ​បាន​អះអាង​ដោយ​សុំ​មិន​បញ្ចេញ​ឈ្មោះថា ៖ «រយៈពេល​៥ឆ្នាំដែល​ខ្ញុំ​បាន​ធ្វើ​ការ​ងារនេះ និង​តាម​ដែល​ខ្ញុំ​សង្កេត​ឃើញ គឺថា​មាន​ថ្នាំក្លែង​ក្លាយ​កាន់​តែ​ច្រើន​ឡើង​ចរាចរណ៍​លើ​ទីផ្សារ​។ ខ្ញុំ​មើល​ឃើញថា ថ្នាំ​ទាំងនោះ​គឺ​បន្លំ​កាន់តែ​ដូច​ឡើងៗ ជាពិសេស​សម្បក។ ចួន​កាល សូម្បី​​ខ្ញុំ​ផ្ទាល់​ ខ្ញុំ​មិន​ទាំង​អាច​បែង​ចែក​ថា​មួយណា​ពិត​មួយណា​ក្លែងក្លាយ​ផង»។

រឿង​សោកសៅ​មួយសម្រាប់ជនជាតិ​ខ្មែរ
គួរ​អោយ​សោក​ស្តាយ​ ជន​ជាតិ​ខ្មែរ​តិច​តួច​ណាស់​ដែលមាន​ចំណូល​គ្រប់គ្រាន់​ដើម្បីទិញ​ថ្នាំ​​នៅ​ក្នុង​​ឱសថស្ថាន​ដែល​ជា​​សាខារបស់​ឱសថស្ថាន​មានការ​​ត្រួត​ពិនិត្យ​ត្រឹមត្រូវ ជាពិសេស​ពីអឺរ៉ុប ព្រោះ​​វា​មាន​តម្លៃ​​ខ្ពស់ជាង​ថ្នាំ​លក់​នៅ​តាម​ផ្លូវដែល​មានតម្លៃថោក ប៉ុន្តែ​គុណភាព​មិន​ប្រាកដ។ ប៉ុន្តែ​ ​ការ​លេប​ថ្នាំ​មិន​ល្អ​ អាច​មាន​ឥទ្ធិពល​អាក្រក់​លើ​អ្នក​ជំងឺ។

នៅឆ្នាំ​១៩៩៩ ការ​ស្លាប់​របស់​ជនជាតិ​ខ្មែរ​ចំនួន​៣០​នាក់​បាន​ធ្វើ​អោយ​​បញ្ហា​នេះត្រូវ​គេ​មើល​ឃើញ​ច្បាស់​។ ពួកគេ​ស្លាប់​ដោយសារ​ពុំ​មាន​ការព្យាបាល​ត្រឹមត្រូវ។ ពួកគេ​​បាន​លេប​ថ្នាំ​ប្រឆាំង​គ្រុន​ចាញ់​​​ក្លែង​ក្លាយ ដែល​មាន​ផ្ទុកសារធាតុ ​sulfadoxine-pyriméthamine ខណៈដែលនៅ​លើ​សម្បកថ្នាំ​ដាក់​​​ថា​មានសារធាតុ​ artésunate ​។ វាគ្មាន​ប្រសិទ្ធ​ភាព​លើ​ទម្រង់​​​គ្រុន​ចាញ់​​ដែល​ពួកគេមាននោះ​​ទេ​ តែ​បើ​សិន​ជា​ artésunate គឺ​វាអាច​ជួយ​ពួកគេ​បាន​។ ១០​ឆ្នាំ​ក្រោយ​មក​ទៀត ស្ថានភាព​បែបនេះ​ហាក់​​គ្មាន​ការ​ផ្លាស់​ប្តូរ​សោះ។ លោក​វេជ្ជបណ្ឌិត​អ៊ឹងភូ ភូរិ គ្រូពេទ្យ​​ផ្នែក​ជំងឺ​ទូទៅ​នៅ​ទីក្រុង​ភ្នំពេញ លើក​​ឡើង​ថា៖ «ឧប្បត្តិហេតុ​ទាំងនេះ​កើត​មាន​កាន់តែ​ញឹកញាប់​ឡើង បើ​តាម​អ្វី​ដែល​ខ្ញុំ​សង្កេត​ឃើញ​។ អ្នក​ជំងឺ​ជាច្រើន​មាន​ស្ថានភាព​កាន់​តែ​ធ្ងន់​ឡើង អាច​ព្រោះ​ថ្នាំ​គ្មាន​ប្រសិទ្ធ​ភាពលើ​ពួកគេ អាច​​ព្រោះ​វា​មាន​ផ្ទុក​សមាសធាតុ​ខុស​ពី​អ្វី​ដែល​មានសរសេរ​នៅ​លើ​សម្បក។ ចួន​កាល ជាទូទៅ​ថ្នាំ​​​អាច​ព្យាបាល​ពួកគេ​ប្រកប​ដោយ​ប្រសិទ្ធភាព ប៉ុន្តែ​ដោយសារ​ការ​ប្រើ​ប្រាស់​មិន​បាន​​ត្រឹមត្រូវ​ ធ្វើ​​អោយ​មេរោគ​អាច​ធន់​នឹង​ថ្នាំនោះ។ ទីបំផុត ពួកគេ​ត្រូវ​មក​មន្ទីរពេទ្យ ហើយ​ជំពាក់​បំណុល​ច្រើន​​ថែម​ទៀត​​ដើម្បី​ព្យាបាល​ជំងឺ។ វា​ប្រៀប​ដូច​ជា​រង្វង់​មួយ​រក​ផ្លូវ​ចេញ​មិន​ឃើញ»។ បើ​តាម​តួលេខ​របស់​អង្គការ​អុកស្វាម នៅ​ឆ្នាំ​២០០៥ បំណុល​២៥%​របស់​ជនជាតិ​ខ្មែរ​ គឺ​ពាក់​ព័ន្ធ​នឹង​ចំណាយ​​លើ​ផ្នែកសុខភាព ​ជាពិសេស​​លើ​ការ​ទិញ​ថ្នាំ។ នៅ​តាម​ខេត្ត កសិករ​ជាច្រើន​ត្រូវ​ធនាគារ​រឹប​​​អូស​ទ្រព្យ​សម្បត្តិ​ ដោយសារ​មិន​អាច​សង​ប្រាក់​កម្ចី​​វិញ​បាន បន្ទាប់​ពី​មាន​បញ្ហា​សុខភាព​ធ្ងន់​ធ្ងរ​។​

ការ​ប្រយុទ្ធប្រឆាំង​របស់​​រដ្ឋាភិបាល​មិន​មាន​ប្រសិទ្ធភាព
ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ជួញ​ដូរ​ឱសថក្លែង​ក្លាយ រដ្ឋាភិបាល​បាន​បង្កើត​ក្រុម​ការងារ​ពិសេស​មួយ​​នៅ​ក្នុង​នាយកដ្ឋាន​ឱសថ និង​ចំណីអាហារ​នៃ​ក្រសួង​សុខាភិបាល។ មាន​តែ​លោក​អនុ​ប្រធាន​​​​នៃក្រុម​ការងារ​នេះ គឺ​លោក​បណ្ឌិតវិទ្យាសាស្រ្ត​ ច្រឹង សុខន​ ម្នាក់គត់​ដែល​យល់​ព្រម​និយាយ​ពី​រឿង​នេះ​​។ «ពួកយើង​ទទួល​ខុសត្រូវ​​តាម​ដាន​ការ​ជួញ​ដូរ​ទាំងនេះ ប៉ុន្តែ​យើង​មាន​មធ្យោបាយ​តិច​តួច​ណាស់​​។ អធិការ​១៦នាក់​ត្រូវ​ដើរ​ត្រួត​ពិនិត្យ​ឱសថស្ថានពេញ​ផ្ទៃ​ប្រទេស​ ប៉ុន្តែ​យើង​​ធ្វើ​នីតិវិធី​ឃាត់​​ខ្លួន​តិច​ណាស់​ ព្រោះ​វា​ពិបាក​ក្នុងការ​ផ្ទៀង​ផ្ទាត់​ថាតើ​ថ្នាំ​ទាំងនោះ​ល្អ ឬមិន​ល្អ ក្លែងក្លាយ​ឬ​មិន​ក្លែង​ក្លាយ​ ហើយ​ពេល​យើង​ព្យាយាម​ស្រាវជ្រាវ​ដល់​សាខាផ្គត់​ផ្គង់​ ហើយ​ចោទ​​អ្នក​ផលិត​ណា​មួយ អ្នក​នោះ​​ឆ្លើយ​មក​យើងវិញ​ថា ថ្នាំនោះ​មិន​មែន​ជា​ផលិតផល​របស់​គេ​ទេ ហើយ​គេ​ក៏​ជា​ជន​រង​គ្រោះ​​​ដោយសារ​ការ​ក្លែង​បន្លំ​នេះ​​ដែរ...។ សព្វថ្ងៃ ថ្នាំ​ទាំងនេះ​គឺបន្លំ​បាន​យ៉ាងល្អ ធ្វើ​អោយ​យើ​ង​ពិបាក​​ឆ្លើយតប​នឹង​​អំណះ​អំណាង​​​នេះណាស់។ សំណាងល្អ យើង​ទទួល​បាន​ជំនួយ​ឯកជន ដូច​ជា​​ពី មូល​និធិ​ពិភព​លោក (​Fonds global )  និង USP (United States Phamacopeia)​ ដែល​បាន​ឧបត្ថម្ភ​​​ក្នុង​ការ​ទិញ​«mini-lab» ដែល​ជា​ប្រអប់​តូចៗ​អាច​អោយ​យើង​វិភាគ​ថ្នាំ​យ៉ាង​ងាយ​ស្រួល​។ ប៉ុន្តែ​ ​វា​មិន​ទាន់​គ្រប់​គ្រាន់​ទេ...»។ លោកវេជ្ជបណ្ឌិត​​ច្រឹង សុខន ហាក់​ខំប្រឹង​អស់​ពី​សមត្ថភាព​ដើម្បី​​ប្រយុទ្ធ​ប្រឆាំង​នឹង​ថ្នាំ​ក្លែង​ក្លាយ​។ ប៉ុន្តែ​ សង្គ្រាម​នេះ​ហាក់​ដូច​ជា​ពិបាក​នឹង​ដឹកនាំ​ណាស់។ ម្យ៉ាង​​ទៀត ក្រសួង​សុខាភិបាល​គ្មាន​អំណាច​ដាក់​សម្ពាធដោយ​ផ្ទាល់ទេ។ ក្រសួង​មិន​អាច​​រឹប​អូស​​ថ្នាំ​​ក្លែង​ក្លាយ ហើយ​ក៏​មិន​​អាច​ដាក់​ទោស​អ្នក​ជួញដូរបានដែរ។

ការជួញដូរ​ដែល​ស៊ីរូង​គ្រប់​ជាន់​ថ្នាក់​នៅ​ក្នុងវិស័យ​នេះ
នៅក្នុងសារណារបស់ខ្លួន លោក​រ៉ូម៉ាំង កាស្តែលប៊ូ លើក​ឡើង​ពី​កត្តា​ជាច្រើន​​ដែ​ល​ធ្វើអោយ​​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ឱសថក្លែង​ក្លាយ​មាន​ការពិបាក។ «អំណាចហិរញ្ញវត្ថុ​នៃ​បណ្តាញម៉ាហ្វីយ៉ា​របស់​អ្នក​ផលិត​ឱសថក្លែង​ក្លាយ​អាចរារាំង​យ៉ាង​ងាយស្រួល​ រាល់​សកម្មភាព​ជាក់​ស្តែង​នៃការ​ប្រយុទ្ធ​ប្រឆាំង​​នឹង​ការជួញដូរ​ឱសថ»។ លោក​ក៏​បាន​រិះគន់ដែរ​ពី​អំពើ​ពុករលួយ និង​ចំណូល​តិច​តួច​របស់​បុគ្គលិក​រដ្ឋ។ «ប្រាក់​កម្រៃ​​តិច​តួច​​របស់​មន្ត្រីរាជការ ជាពិសេស​មន្ត្រី​នៅក្រសួង​សុខាភិបាល​ (១៥ដុល្លារ​ដល់​៤០ដុល្លារ​ក្នុងមួយខែ) ជំរុញ​អោយ​អ្នក​មួយ​ចំនួន​​ធ្វើ​សកម្មភាព​ទី២​ ដែល​យក​​សមត្ថភាព​​វិទ្យាសាស្ត្រ​ បច្ចេកទេស ឬច្បាប់​​​របស់ខ្លួន​​ ទៅ​បម្រើ​រោង​ចក្រឱសថ​ក្នុង​ស្រុក​ដែល​មាន​​គុណភាព​មិនល្អ ឬ​ក្រុមហ៊ុន​នាំ​ចូល​ឱសថ​​​ដែល​មិន​ខ្វល់​ពី​ប្រភព និង​គុណភាព​ផលិតផល​។ ម្យ៉ាង​វិញទៀត ប្រាក់ខែ​ទាប​មិន​ធ្វើ​អោយ​មន្ត្រី​រាជការ​មាន​ឆន្ទៈ​បំពេញ​មុខ​ងារ​របស់​ពួកគេ​អោយ​បាន​​​ត្រឹម​ត្រូវ​ ហើយ​ធ្វើ​ការ​ងារ​ដើម្បី​អភិវឌ្ឍវិស័យ​​សុខភាពសាធារណៈនោះ​ទេ។ «ជាចុងក្រោយ លោក​​បាន​កត់សម្គាល់​ថា ការ​ត្រួ​តពិនិត្យ​នៅ​តាម​ព្រំដែនគ្មាន​ប្រសិទ្ធភាព ព្រោះ​វា​ធ្វើ​ឡើង​ដោយ​គយ​​នៅ​ក្រសួង​ពាណិជ្ជកម្ម​ គឺមិន​មែន​ក្រសួង​សុខាភិបាលដែល​មាន​​ជំនាញ ​​ស្គាល់​ឱសថ​ពិត​ប្រាកដ​​ទេ។ ម្យ៉ាងវិញទៀត ទីផ្សារគឺ​ជោគជាំ​ដោយ​ឯកទេសសម្រាប់​ធ្វើ​ផលិតផល​អោយ​ដូចគ្នា គឺ​​មិន​អាច​ត្រួត​ពិនិត្យ​បាន​ឡើយ​។ ស្ថានភាពនេះ​គឺពិបាកទ្រាំទ្រ និង​គួរ​អោយ​បារម្ភ​ខ្លាំង​ណាស់។ សុខភាព​​ប្រជាជន​ខ្មែរ​១៣,៥លាននាក់​​កំពុង​ចោទ​ជា​បញ្ហា។  ​​



អានបន្ថែម
ការប្រយុទ្ធប្រឆាំង​ទូទាំង​ពិភពលោក​
ថ្ងៃទី១១ វិច្ឆិកា ២០០៨ ប៉ូលិស​​អន្តរជាតិ​បានរឹបអូស​ថ្នាំ​ក្លែងក្លាយប្រឆាំង​នឹង​ជំងឺ​គ្រុន​ចាញ់​ ជំងឺ​អេដស៍ និង​របេង​នៅ​អាស៊ី​អាគ្នេយ៍ ​គិត​ជា​ទឹក​ប្រាក់​ជាង​៦,៦៥​លាន​ដុល្លារ​ ហើយ​បានធ្វើ​នីតិវិធី​ចាប់​​ខ្លួន​ចំនួន​២៧ករណី។ បើទោះ​ជា​ការ​រឹបអូស​ថ្នាំ​ប្រភេទនេះ​កើត​ឡើង​ញឹក​ញាប់​មែន ប៉ុន្តែ​វា​កម្រ​​នឹង​មាន​ទំហំ​ទឹក​ប្រាក់​ដល់​កម្រិតនេះណាស់។​ ប្រតិបត្តិការនេះ​មាន​ឈ្មោះជា​ភាសា​អង់​គ្លេស​ថា​ ​«Storm»​។ វា​ជា​ប្រតិបត្តិការ​ទី១​ធ្វើ​ឡើង​រួម​គ្នា​ដោយ​ប៉ូលិសអន្តរជាតិ-​ WHO និង​អង្គការ​គយ​ពិភពលោក ពីទីក្រុង​​លីយ៉ុង​នៃ​ប្រទេស​បារាំង​​​។

យោង​តាម​ WHO ទីផ្សារ​ថ្នាំ​ក្លែង​ក្លាយ​នៅ​ក្នុង​ពិភពលោក អាច​មាន​តម្លៃ​ដល់​​​៧៥​ពាន់​លាន​ដុល្លារ​នៅឆ្នាំ​២០១០ ពោលគឺ​កើន​ឡើង​៩០%​ ចាប់​តាំង​ពីឆ្នាំ​២០០៥។ ម្យ៉ាង​វិញ​ទៀត ជាង​​៤០%​នៃការ​ចាប់​ខ្លួន​ចំនួន​១ ០៤៧​ករណី​​នៅ​ទូទាំង​ពិភពលោក​ ពាក់ព័ន្ធ​នឹង​ថ្នាំ​ក្លែង​ក្លាយ គឺ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​អាស៊ី។ ដើម្បីប្រយុទ្ធ​ប្រឆាំង​នឹង​បាតុភាពនេះ អង្គការ​ WHO ​បាន​បង្កើត​ក្រុមការងារ​មួយ​ឈ្មោះ​​ថា "Impact "  ដែល​ចូល​រួម​ដោយ​ស្ថាប័ន​គយ នគរបាល និង​អ្នក​តំណាង​មន្ទីរពិសោធន៍​ឱសថ ដើម្បីរួម​គ្នា​​ពិចារណា​​ពី​វិធី​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ជួញ​ដូរ។ ប៉ុន្តែ​ ស្ថាប័ន​នេះត្រូវ​បាន​រង​ការ​រិះ​គន់ពី​អ្នក​សង្កេតការណ៍នានា ដោយ​សារ​ការ​ចូល​រួម​របស់​មន្ទីរពិសោធន៍។ មន្ទីរពិសោធន៍​ឱសថ​​ត្រូវ​បាន​គេ​ចោទប្រកាន់ថា​ចូលរួម​ក្នុងក្រុម​ការងារ​នេះ​ ដើម្បី​ការពារ​​អាជ្ញាប័ណ្ណ​របស់​ពួកគេ​ច្រើន​ជាង​ការ​បារម្ភ​ពី​សុខភាព​សាធារណៈ។ អ្នក​សង្កេត​ការណ៍​ទាំងនេះ​​ទិតៀន​​ជាពិសេស​​ពី​ការ​ដែល​​​មន្ទីរពិសោធន៍​ឱសថ​មួយ​ចំនួន​​ដែល​ចូល​រួម​ក្នុង​"Impact " ថា​ក៏​ពាក់ព័ន្ធ​នឹង​ការ​ជួញដូរ​ដែរ តាម​រយៈ​ការ​នាំ​ចេញ​ថ្នាំ​ខុសច្បាប់​ ​ ថ្នាំ​គេលែងប្រើ ឬ​មិន​​​អាច​លក់​បាន​នៅក្នុង​ប្រទេស​ខ្លួន យក​​ទៅ​លក់​នៅ​ក្នុង​ប្រទេ​សកំពុង​រីក​ចម្រើន​។ ជាភស្តុតាង ពួកគេ​​អះអាងថា ៖ «មាន​មន្ទីរពិសោធន៍​ទាំងនោះ​តិច​ណាស់​ដែល​ចុះ​មក​ដល់​កន្លែង​ផ្ទាល់​ ដើម្បី​ជួយ​​ប្រយុទ្ធ​​​ប្រឆាំង​នឹង​បញ្ហា​នេះ»។



អាន​បន្ថែម​នៅលើ​ កាសែត
 -គ្រឿង​ញៀន ការ​រួមភេទ និង​ជំងឺ​អេដស៍ អាច​ជា​បញ្ហា​គំរាម​កំហែង​ប្រទេស​កម្ពុជា​ដែរ​រឺ​ទេ? (២៥-១១-២០០៨)
-ដល់​ពេល​ចាំ​បាច់​ធ្វើ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជម្ងឺ​គ្រុនចាញ់  (២៤-០៤-២០០៨)
-វេជ្ជ​សាស្ត្រ​បុរាណ​ធ្វើ​អោយ​សត្វ​និង​រុក្ខជាតិ​ទទួល​រង​នូវ​ការ​គំរាម​កំហែង (១៨-០៧-២០០៨)
-អតិ​សុខុម​ប្រាណ​ដ៏​មាន​ប្រសិទ្ធិភាព: ជី​ធម្ម​ជាតិ​ដែល​កសិករ​ស្រមៃ​ចង់​បាន (២៦-០៣-២០០៨)

 


0 អធិប្បាយ
ផ្តល់សេចត្តីអធិប្បាយ
អ៊ីមែល៖
 
ចំណងជើង៖
ឈ្មោះ៖
វ៊ិបសាយ៖
[b] [i] [u] [url] [quote] [code] [img] 
 
សូមបញ្ជូលកូតដែលលោក​អ្នកឃើញនៅក្នុងរូប ។ ចុចលើរូប​ដើម្បី​ប្តូររូ​ប ។

យើង​ខ្ញុំ​សូ​​មអរគុណ​ចំពោះ​អត្ថា​ធិប្បាយ​របស់​អស់​លោក​អ្នក ។ រាល់​អត្ថាធិប្បាយ​ទាំង​អស់​មិន​​ត្រូវ​​សរ​សេរ​អោយ​លើស​ពី​១៦​បន្ទាត់​ទ្បើយ ។ សូម​បញ្ជាក់ថា កាសែត​ មិនទទួលខុសត្រូវរាល់​អត្ថា​ធិប្បាយ​ណា​ដែល​បាន​ផ្សព្វផ្សាយ​នៅ​ក្នុង​​ផ្នែក អត្ថាធិប្បាយ ទ្បើយ។ រាល់អត្ថាធិប្បាយ​ទាំង​អស់​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​អ្នក​អាន មិន​​មែន​ជា​ទស្សនៈ​របស់​ផ្នែក​និពន្ធ​យើង​ទេ។ ចំពោះ​ព័ត៌​មាន​បន្ថែម​សូមទាក់​ទង​យើង​ខ្ញុំ​តាម​រយៈអ៊ីម៉ែល Cet e-mail est protégé contre les robots collecteurs de mails, votre navigateur doit accepter le Javascript pour le voir

3.26 Copyright (C) 2008 Compojoom.com / Copyright (C) 2007 Alain Georgette / Copyright (C) 2006 Frantisek Hliva. All rights reserved."

 
Empower your lifestyle with BlackBerry from Hello
 

 
 
ដំណឹងថ្មីៗ