| សវនាការលើអង្គសេចក្តីនៃអតីតមេគុកធ្វើទារុណកម្ម ឌុច នឹងចាប់ផ្តើមនៅថ្ងៃទី៣០ មីនា |
| ដោយ ស្ទេហ្វានី ហ្សេ -រស់ ឌីណា និង ដួង សុខា | |
| ២៤-០២-២០០៩ |
កំបូល (កម្ពុជា ភ្នំពេញ) ថ្ងៃទី១៧ កុម្ភៈ ២០០៩៖ លោកវ៉ាន់ ណាត អ្នករួចពីស្លាប់នៅគុកស២១ ព្យាយាមលាក់ខ្លួនពីក្រុមអ្នកសារព័ត៌មាន នៅពេលសវនាការបឋម របស់កាំង ហ្គេចអ៊ាវ ហៅឌុច វណ្ឌី រតនាគេធ្លាប់ទន្ទឹងរង់ចាំម្តងរួចមកហើយថាអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) នឹងបើកសវនាការលើកដំបូង នាទីក្រុងភ្នំពេញ នៅខែកញ្ញា-តុលា ឆ្នាំ២០០៨ ប៉ុន្តែ កាលបរិច្ឆេទនេះត្រូវបានកែប្រែ បន្ទាប់ពីសហព្រះរាជអាជ្ញាបានដាក់ពាក្យបណ្តឹងប្រឆាំងនឹងដីកាដំណោះស្រាយរបស់សហចៅក្រមស៊ើបអង្កេត នៅក្នុងសំណុំរឿងក្តីរបស់ឌុច អតីតប្រធានមន្ទីរឃុំឃាំង និងធ្វើទារុណកម្ម ស-២១ ដែលបានសម្លាប់មនុស្សអស់ប្រមាណ១៤០០០នាក់។ ក្រោយមក គេបានរំពឹងទុកថាការបើកសវនាការនេះ នឹងប្រព្រឹត្តធ្វើឡើងនៅពាក់កណ្តាលសប្តាហ៍ទី២ នៃខែមីនា។ នៅថ្ងៃច័ន្ទ ទី២៣ ខែកុម្ភៈ អង្គជំនុំជម្រះសាលាដំបូងបានប្រកាសយ៉ាងស្ងាត់ៗថា សវនាការលើអង្គសេចក្តីរបស់ឌុច នឹងធ្វើឡើងនៅថ្ងៃទី៣០ ខែមីនា។ កាលពីសប្តាហ៍កន្លងទៅ អង្គជំនុំជម្រះសាលាដំបូងបានបើកសវនាការបឋមមួយ ជាមួយនឹងភាគីផ្សេងៗ ដើម្បី «កំណត់បញ្ហាផ្លូវច្បាប់ជាបឋម និងនីតិវិធីមួយចំនួន»។ ការប្រកាសបើកសវនាការខាងលើនេះបានផ្តល់កម្លាំងចិត្តដល់ជនរងគ្រោះពីរបបខ្មែរក្រហម ដែលរង់ចាំការកាត់ទោសនេះអស់រយៈពេល៣០ឆ្នាំមកហើយ។ កាលបរិច្ឆេទនៃសវនាការ យោងតាមកាលបរិច្ឆេទសវនាការរបស់អង្គជំនុំជម្រះសាលាដំបូងនៃអ.វ.ត.ក សម្រាប់ការជំនុំជម្រះរយៈពេល៣ខែដំបូង សវនាការលើអង្គសេចក្តីចំពោះសំណុំរឿងលេខ០០១ (ករណីឌុច) នឹងចាប់ផ្តើមនៅថ្ងៃច័ន្ទ ទី៣០ ខែមីនា ឆ្នាំ២០០៩ នៅម៉ោង១០ព្រឹក និងបើកសវនាការបន្តបន្ទាប់រហូតដល់ថ្ងៃទី១ ខែមេសា។ បន្ទាប់មក តុលាការនឹងបើកសវនាការរៀងរាល់សប្តាហ៍ ចាប់ពីថ្ងៃទី៦ ខែមេសា ដល់ថ្ងៃទី២ ខែកក្កដា ចាប់ពីថ្ងៃច័ន្ទ ដល់ថ្ងៃព្រហស្បតិ៍ លើកលែងតែមានការសម្រេចផ្សេងពីនេះដោយអង្គជំនុំជម្រះសាលាដំបូង និងលើកលែងថ្ងៃឈប់សម្រាកជាតិ (ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ថ្ងៃទី១ និងទី៨ ឧសភា ថ្ងៃទី១២ ដល់ថ្ងៃទី១៥ ឧសភា និងថ្ងៃទី១៨ មិថុនា)។ តុលាការនឹងកំណត់រយៈពេលឈប់សម្រាកធ្វើសវនាការចំនួនពីរលើក គឺចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ មេសា និងចាប់ពីថ្ងៃទី១ ឧសភា ដល់ថ្ងៃទី១៥ ខែឧសភា។ សេចក្តីប្រកាសព័ត៌មានរបស់អង្គជំនុំជម្រះបានបញ្ជាក់ថា នៅអំឡុងរយៈពេលទាំងពីរនេះ ផ្នែកគ្រប់គ្រងតុលាការនឹងមិនទទួលយកឯកសារណាមួយសម្រាប់សំណុំរឿងលេខ០០១ឡើយ។ តុលាការបានបន្ថែមទៀតថា ដីកាសម្រេចស្តីពីការកំណត់លំដាប់លំដោយនៃការកោះហៅសាក្សី និងដើមបណ្តឹងរដ្ឋប្បវេណីនឹងត្រូវចេញរៀងរាល់សប្តាហ៍ទី៣ នៃខែបន្ទាប់។
ការរង់ចាំសំណងអស់រយៈពេលជាយូរឆ្នាំ លោកជុំ ម៉ី អ្នករួចរស់ពីគុកស២១ ដែលបច្ចុប្បន្ន ត្រូវបានប្រែក្លាយជាសារមន្ទីរប្រល័យពូជសាសន៍ទួលស្លែង ធ្លាប់បានបញ្ជាក់ប្រាប់តាំងពីថ្ងៃបើកសវនាការបឋម ដោយមិនបានបញ្ចេញអារម្មណ៍សប្បាយរីករាយ ថាលោកបានធូរស្រាលចិត្តពី «ការទន្ទឹងរង់ចាំអស់រយៈពេលជាច្រើនឆ្នាំមកនេះ»។ ដោយនៅស្ងៀមស្ងាត់ពេលដឹងព័ត៌មាននេះ លោកបានមានប្រសាសន៍ថា «កាលពីមុន តុលាការមិនដំណើរការអោយបានស៊ីចង្វាក់សោះ...»។ តើមានការព្រួយបារម្ភ មុនបើកសវនាការដែររឺទេ? បុរសចំណាស់រូបនេះមានប្រសាសន៍ថាលោកគ្មានការព្រួយបារម្ភអ្វីទាល់តែសោះ។ «ខ្ញុំជឿជាក់។ ខ្ញុំចង់អោយពួកគេ [អតីតមេដឹកនាំខ្មែរក្រហមទាំង៥ ដែលត្រូវបានចោទប្រកាន់ដោយអ.វ.ត.ក] ត្រូវបានផ្តន្ទាទោសអោយបានឆាប់រហ័សបំផុត។ ខ្ញុំកាន់តែចាស់ ហើយពួកគេក៏ដូចគ្នាដែរ។ ប្រសិនជាពួកគេស្លាប់នៅក្នុងគុក មានន័យថាគេអាចកាត់ទោសបានត្រឹមតែសាកសពប៉ុណ្ណោះ!»។
ចំណែកលោកវ៉ាន់ ណាត ជាងគំនូរ និងជាអ្នកទោសមួយនាក់ ក្នុងចំណោមអ្នកទោសដ៏កំរ ដែលអាចនៅរស់រានមានជីវិតពីមន្ទីរស២១ បានប្រកាសក្ដែងៗថា «ថ្ងៃដែលយើងរង់ចាំបានមកដល់ហើយ!»។ បន្ទាប់មក លោកនិយាយថាលោកមានគំនិតរវើរវាយមួយ ចំពោះមិត្តភក្តិក្នុងគុករបស់លោក ដែលមិនមានឱកាសចូលរួមនៅក្នុងសវនាការនេះ។ «ខ្ញុំសង្ឃឹមថានឹងអាចស្គាល់ និងយល់ពីអ្វីដែលបានកើតឡើង នៅក្រោមរបបខ្មែរក្រហម។ ខ្ញុំមិនបារម្ភនោះទេ។ តុលាការធ្វើការយូរមកហើយ មុននឹងកំណត់កាលបរិច្ឆេទនេះ។ ខ្ញុំសង្ឃឹមថានឹងអាចទៅទស្សនាការជំនុំជម្រះនេះដោយផ្ទាល់ភ្នែករបស់ខ្ញុំ»។
ផ្តល់សក្ខីកម្ម ក្នុងនាមជាដើមបណ្តឹងរដ្ឋប្បវេណី លោក «ក» [សុំមិនបញ្ចេញឈ្មោះ បើទោះបីជាអ្នកថតរូបបានថតរូបគាត់ជាច្រើនលើកមកហើយក៏ដោយ] បានដាក់ពាក្យសុំតាំងខ្លួនជាដើមបណ្តឹងរដ្ឋប្បវេណី កាលពីខែតុលា ឆ្នាំ២០០៨ នៅក្នុងសំណុំរឿងលេខ០០១ របស់ឌុច។ ទោះបីជាគាត់មិនបញ្ចេញឈ្មោះក៏ដោយ ក៏គាត់មានប្រសាសន៍ថាគាត់មិនភ័យខ្លាចនោះទេ គាត់ចង់និយាយតែ«ការពិត»ប៉ុណ្ណោះ។ បើតាមសំដីរបស់គាត់ គាត់គឺជាអតីតទាហានរបស់ប៉ុល ពត។ គាត់ត្រូវបានចាប់ឃុំខ្លួន នៅទួលស្លែង នាពាក់កណ្តាលឆ្នាំ១៩៧៨ ដោយមិនយល់អំពីមូលហេតុ សូម្បីថ្ងៃនេះ ក៏គាត់មិនទាន់យល់ដែរ។ «ខ្ញុំត្រូវបានជួយសង្គ្រោះដោយទាហានវៀតណាម ពេលពួកគេមកដល់ទីក្រុងភ្នំពេញ ...»។ ប៉ុន្តែ ភរិយារបស់ខ្ញុំបានស្លាប់នៅគុកស២១ ទាំងមានផ្ទៃពោះ។
នៅពេលសមាគមអាដហុក ដែលជាសមាគមការពារសិទ្ធិមនុស្ស បានមកជួបគាត់ ដើម្បីពន្យល់ប្រាប់គាត់អំពីរបៀបបែបបទនៃការចូលរួមរបស់ជនរងគ្រោះនៅក្នុងតុលាការកូនកាត់មួយនេះ គាត់មិនរារែកចិត្តមួយវិនាទីណាឡើយ ក្នុងការដាក់ពាក្យសុំតាំងខ្លួនជាដើមបណ្តឹងរដ្ឋប្បវេណី។ «កូនៗរបស់ខ្ញុំមិនជឿរឿងសោកនាដកម្មដ៏សែនភ័យរន្ធត់នៅក្រោមរបបខ្មែរក្រហមនោះទេ ហើយក៏មិនជឿរឿងរ៉ាវ ដែលខ្ញុំបានរៀបរាប់ប្រាប់ពួកគេ អំពីរបបគ្រប់គ្រងនេះផងដែរ។ ហេតុដូច្នេះហើយទើបបានជាខ្ញុំសម្រេចចិត្តនៅស្ងៀមស្ងាត់រហូតមក។ នៅពេលពួកគេដឹងរឿងនេះ ពួកគេគោរពតាមការសម្រេចចិត្តរបស់ខ្ញុំ។ ហើយចាប់តាំងពីពួកគេបានឃើញឯកសារមួយ ស្តីពីរបបនេះ ដែលបង្ហាញដោយសមាគមអាដហុក ពួកគេចាប់ផ្តើមទទួលអារម្មណ៍ និងគាំទ្រខ្ញុំ…»។
ប្រឈមមុខនឹងឌុច លោក «ក» នៅចងចាំមេគុក ស-២១ ប្រៀបដូចជាមនុស្សសាហាវបំផុតមួយរូប។ «ខ្ញុំមិនធ្លាប់គិតថាមានមនុស្សកាចសហាវបែបនេះឡើយ។ ខ្ញុំមិនដឹងថាតើចរិតរបស់គាត់ គឺជាទង្វើផ្ទាល់របស់គាត់ រឺត្រូវបានបញ្ជាពីថ្នាក់លើមក…។ ខ្ញុំនៅចាំរូបភាពមនុស្សម្នាក់ ដែលបានចូលរួមការសួរចម្លើយដោយបង្ខំ។ នៅពេលពួកគេបង្ខំអោយខ្ញុំសារភាព ប្រសិនជាខ្ញុំមិនឆ្លើយសំណួរពួកគេទេ ឌុច ដែលស្ថិតនៅទីនោះដែរ ហើយអង្គុយលើកៅអី បានបញ្ជាអោយឆ្មាំគុកវាយដុំខ្ញុំ ដើម្បីអោយខ្ញុំនិយាយ។ ពួកគេបានច្រានខ្ញុំផ្ទប់មុខទៅនឹងដី ជាមួយមនុស្សមួយចំនួនទៀត។
គាត់បានពន្យល់ថា ការជួប «ឌុច» ប្រៀបដូចជាការដាស់ភាពឈឺចាប់អោយកន្ត្រាក់ឡើងវិញ … ហើយគាត់ភ័យខ្លាចមិនអាចគ្រប់គ្រងអារម្មណ៍ខ្លួនបាន ខ្លាចនឹងប្រព្រឹត្តអំពើហិង្សាលើឌុច ។ «ខ្ញុំដោះស្រាយបញ្ហាដោយខ្លួនឯង ដើម្បីកុំអោយប្រឈមមុខនឹងគាត់ នៅក្នុងសវនាការ។ ប្រសិនជាខ្ញុំឃើញក្រសែភ្នែករបស់គាត់ ខ្ញុំមិនដឹងថានឹងមានអ្វីកើតឡើងនោះទេ។ ខ្ញុំអាចទៅជេរគាត៉ រឺវាយគាត់… ខ្ញុំមានការព្រួយបារម្ភចំពោះសុខភាពខ្ញុំ ហើយខ្លាចក្រែងរកពាក្យនិយាយមិនចេញ នៅពេលខ្ញុំត្រូវឡើងធ្វើសាក្សី…»។
អានបន្ថែមនៅលើកាសែតៈ -សវនាការបឋមឆ្ពោះទៅការកាត់ទោស ឌុច បញ្ចប់ការពិភាក្សាអំពីតួនាទីដើមបណ្តឹងរដ្ឋប្បវេណី (១៩-០២-២០០៩) -សវនាការបឋមៈ ការជំនុំជម្រះលើកដំបូងនៅចំពោះមុខតុលាការខ្មែរក្រហម (១៨-០២-២០០៩)
|