កា​សែត​គឺ​ជា​វ៉ិប​សាយ​ព័ត៌​មាន​ឯក​រាជ្យ​ដែល​ចេញ​ផ្សាយ​ប្រ​ចាំ​ថ្ងៃ​ជា​ភាសាខ្មែរ ​បា​រាំង និងអង់គ្លេស ​ស្តី​អំ​ពី​ប្រទេស​កម្ពុជា​និង​ប្រ​ជា​ជន​កម្ពុជា​នៅ​ក្រៅ​ប្រទេស ។
Installing Khmer Unicode
Bookmark and Share

ទទួល​ព័ត៌​មាន​




 
អតីត​រដ្ឋ​មន្រ្តីសង្គមកិច្ច​សម័យ​ប៉ុល ពត ចោទ​ប្រកាន់​នួន ជា បង​ធំទី២ នៅ​កណ្តាលសវនាការ​
ដោយ ស្ទេហ្វានី ហ្សេ   
បោះពុម្ភ ផ្ញើអត្ថបទ​តាម​ Email
២៥-០២-២០០៩

កំបូល (ភ្នំពេញ កម្ពុជា) ថ្ងៃទី​២៤ កុម្ភៈ ២០០៩៖ អៀង ធីរិទ្ធិ នៅចំពោះមុខ​ចៅ​ក្រម​នៃ​អង្គបុរេ​ជំនុំជម្រះ​
© ចន វីង​ / Magnum
អង្គបុរេ​ជំនុំជម្រះ​នៃ​សាលាក្តី​ខ្មែរ​ក្រហម​បាន​​បើក​សវនាការ​ នា​​​ថ្ងៃ​អង្គារ ទី​២៤ ខែ​កុម្ភៈ​ លើ​បណ្តឹង​ឧទ្ធរណ៍​​របស់​អៀង ធីរិទ្ធិ​ ប្រឆាំង​នឹង​ដីកា​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​របស់​គាត់​​​។ ការ​ជជែក​​​ពិភាក្សា​ក្រៅ​​របៀប​វារៈ​នៃ​សវនាការ​ត្រូវ​បាន​ធ្វើឡើង​ដោយមិន​បានព្រាង​ទុក ខណៈ​ពេល​ អ្នកស្រី​អៀង ធីរិទ្ធិ ភរិយា​របស់​លោក​​អៀង សារី [អតីត​រដ្ឋ​មន្រ្តី​ការ​បរទេស​នៃ​របប​កម្ពុជា​ប្រជា​ធិប​តេយ្យ ដែល​ត្រូវ​ជាប់​ឃុំ​ឃាំង​​បណ្តោះ​អាសន្ន និង​ទើប​តែ​ចូលមន្ទីរ​ពេទ្យ​សា​ជា​ថ្មី​] បាន​ជជែក​​តវ៉ា​​​អំពី​ភាព​គ្មាន​ទោស​ពៃរ៍​​​របស់ខ្លួន នៅ​ពេល​ចុងសវនាការ។​ អ្នក​ស្រី​បាន​ឆ្លៀត​ឱកាស​នោះ​ ដើម្បីទម្លាក់កំហុស​ទៅលើ​នួន ជា អោយ​​ទទួល​ខុស​ត្រូវ​លើ​ឧក្រិដ្ឋ​កម្ម ដែល​ត្រូវ​បាន​​កើត​ឡើង​​ចាប់ពីឆ្នាំ​១៩៧៥ ដល់​ឆ្នាំ​១៩៧៩ ​និងបាន​​និយាយ​ប៉ះពាល់​​ដល់​ឌុច។

 

អៀង ធីរិទ្ធិ និង​មន្ទីរ​ស២១
លោក Belge Vincent De Wilde ព្រះ​រាជ​អាជ្ញា​ជំនួស បាន​បញ្ជេះ​​កំហឹង​របស់អៀង​ ធីរិទ្ធិ។ លោក​​បាន​​​លើកឡើង​​អំពី​សារៈ​សំខាន់​នៃសក្ខីកម្ម​ដោះ​បន្ទុក​របស់ឌុច ដែល​​ជា​អតីត​ប្រធាន​មន្ទីរ​​ឃុំ​ឃាំង​ស-២១។ បើ​​តាម​ចម្លើយ​ដោះ​បន្ទុក​នេះ​​ សមាជិក​ក្រសួង​សង្គម​កិច្ច​ប្រមាណ​ជាង​១០០នាក់ ដែល​​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​របស់​អៀង ធីរិទ្ធិ ត្រូវ​បាន​បញ្ជូន​ទៅ​ក្នុង​មន្ទីរ​សួរ​​ចម្លើយ​ដ៏​ព្រៃ​ផ្សៃ​​មួយ​នេះ ដូច​មាន​បញ្ជាក់​នៅ​​ក្នុង​បញ្ជី​ឈ្មោះជន​រងគ្រោះ​​ដែល​ប្រមូល​បាន​នៅ​មន្ទីរ​ស-២១។ ម្យ៉ាង​ទៀត សក្ខីកម្ម​មួយដែល​បាន​ទទួល​បាន​បញ្ជាក់​ថា​​ការ​សារភាព​របស់​ពួកគេ​ត្រូវ​បាន​ធ្វើ​ឡើង​​ក្រោម​ការ​ធ្វើ​ទារុណកម្ម​ ហើយ​ត្រូវ​បានផ្តល់​ព័ត៌មាន​​ប្រាប់​​អៀង ធីរិទ្ធិ មានន័យ​ថា​គាត់​មិន​មែនមិនដឹង​ពីអ្វី​ដែល​បាន​កើត​ឡើង​នៅ​ក្នុង​ពន្ធនាគារ​ ដែល​មាន​អ្នក​ទោស​​ត្រឹម​តែ​ប៉ុន្មាន​នាក់​ប៉ុណ្ណោះ ដែលអាច​រត់​គេច​ផុត​ពី​សេចក្តី​ស្លាប់​បាន​នោះទេ​។

បន្ទាប់​មក លោក​ព្រះរាជ​អាជ្ញា​បាន​បើករង្វង់​ក្រចក​អំពី​បុគ្គលិក​លក្ខណៈ​របស់​អៀង ធីរិទ្ធិ​ ដោយ​​បញ្ជាក់​ថា នៅក្នុង​​សវនការ​អសាធារណៈ​មួយ នៅចំពោះ​មុខ​អង្គ​បុរេ​ជំនុំជម្រះ​ កាល​ពី​​ខែ​ឧសភា ឆ្នាំ​២០០៨ គាត់​បាន​ទទួល​ការ​ព្រមាន​មួយ​ពី​ចៅក្រម ពីបទ​រំខាន​សវនាការ​ជា​ច្រើន​​លើក​ និង​បាន​និយាយ​បែប​គំរាម​កំហែង ទៅកាន់​អយ្យការ និង​ដើម​បណ្តឹង​រដ្ឋ​ប្បវេណី​។​ «គាត់​មិនអាច​ទ្រាំ​ប្រឈម​មុខ​នឹង​អតីតកាល​របស់គាត់ ហើយ​បាន​បង្ហាញ​ឆន្ទៈ​ដាក់​គំនាប​ទៅ​​លើ​អយ្យការ និង​ដើម​បណ្តឹង​រដ្ឋ​ប្បវេណី។ នេះ​គឺជា​ចរិត​ដើម​របស់​គាត់!»។ សំដីទាំង​នេះ​​គ្រប់​គ្រាន់​ដុត​កំហឹង​អៀង ធីរិទ្ធិ។ គាត់​ក៏បាន​​ឈប់​ស្តាំ​ការ​ពិភាក្សា​ ដោយ​យក​កាស​សម្រាប់​​​ស្តាប់​ការ​សន្ទនា​ជា​ភាសា​ខ្មែរ ​ចេញ​ពី​ត្រចៀក​របស់​គាត់។

«ខ្ញុំដឹង​អ្នក​ណា​​សម្លាប់​មនុស្ស​!»
ដោយ​​ខឹង​ច្រឡោត​ គាត់​ក៏បាន​​ឡើង​និយាយ​ ជា​ភាសា​ខ្មែរ ដើម្បី​ប្រកាស​ថា គាត់​មិនមាន​ទំនាក់​ទំនង​ណាមួយ ជាមួយ​ឌុចឡើយ​ [គាត់​មិនប្រើ​ឈ្មោះឌុច ទេ គាត់​ប្រើ​តែ​ឈ្មោះ​ពិត​ប្រាកដ​របស់​ឌុច គឺកាំង ហ្គិច​អ៊ាវ​]។ បើ​តាម​អតីត​រដ្ឋ​មន្រ្តី​ខ្មែរ​ក្រហម​រូបនេះ ការ​អះអាង​ខុស​ពីការ​ពិត គឺជា «រឿង​ខុស​ច្បាប់»។ «ខ្ញុំ​ដឹង​ច្បាស់​ថា​មាន​មនុស្ស​ត្រូវ​គេ​សម្លាប់ ហើយ​ខ្ញុំ​ដឹង​​អ្នក​ដែល​បាន​សម្លាប់​មនុស្ស​!»។ បន្ទាប់​មក គាត់​ក៏បាន​រម្លឹកថា​ ពេល​គាត់​ត្រឡប់​​មកដល់​ប្រទេស​​កម្ពុជា​វិញ ជាមួយសិស្ស​និស្សិត​​មួយ​ចំនួន​ ពោល​​គឺ​ក្រោយពេល​ខ្មែរក្រហម​ឡើង​កាន់​​អំណាច និស្សិត​​​ទាំងនោះ​ត្រូវ​បានខ្មែរ​ក្រហម​​ «ចាប់ខ្លួន និង​សម្លាប់​ចោល» ក្រោម​ការ​បញ្ជា​​របស់​នួន ជា»។ អ្នក​​ស្រី​បាន​បរិហារទៀត​ថា ​ក្រោយមក​ និស្សិត​ទាំង​នោះ​ត្រូវ​បាន​​​​​ «បញ្ជូន​» ទៅ​អោយ​​ឌុច។

«ខ្ញុំមក​​ពីត្រកូល​ត្រឹម​ត្រូវ។ ខ្ញុំ​ខឹងណាស់​​ ព្រោះ​ខ្ញុំ​ធ្វើគ្រប់​យ៉ាង​តាមលទ្ធភាព​របស់​ខ្ញុំ ដើម្បី​បម្រើ​ជាតិ។ អ្វីគ្រប់​យ៉ាង​គឺជា​កំហុស​របស់​នួន ជា។ មិនត្រូវ​ចោទ​ប្រកាន់​​​ខ្ញុំ​​អោយ​ជាប់​ពាក់​​ព័ន្ធ​​ជាមួយ​​​ប្រវត្តិសាស្រ្ត​នេះ​​ជាដាច់​ខាត​! វា​អយុត្តិធម៌! គឺ​ គាត់ ដែល​បាន​ប្រព្រឹត្ត​កំហុស​​​គ្រប់​បែប​យ៉ាង!»។ អ្នក​ស្រី​បានអោយ​ដឹង​ថា​ រថយន្ត​មួយ​គ្រឿង​បាន​មក​ដឹក​និស្សិត​ គឺ​​​នៅ​ពេល​​នោះ​ហើយ ដែល​គាត់​ដឹង​ថា​ វា​​មិនមែនជា​ប្រតិភូ​មួយក្រុម ដែល​មកទទួល​​​ពួកគេ​នោះ​​ទេ ប៉ុន្តែ គេ​មក​យកនិស្សិត​ទាំង​នោះទៅសម្លាប់​ចោទ។ «កុំ​ចោទ​ប្រកាន់ខ្ញុំ​ផ្តេស​ផ្តាស​ បើ​មិន​ដូច្នោះ​ទេ ប្រយ័ត្ន​ធ្លាក់នរក​៧ជាន់!»។ 

លោក​ស្រី Katinka Lahuis ចៅក្រម​អន្តរ​ជាតិ​បានជម្រុញអោយអ្នក​ស្រី​អៀង ធីរិទ្ធិ​​​និយាយ​បន្ត​​ទៀត។ លោក​ស្រី​ចៅក្រម​​បាន​សុំ​អោយ​​គេ​បើក​សម្លេង​មីក្រូហ្វូន។ អៀង​ ធីរិទ្ធិ​ មាន​បំណង​​ធ្វើការ​បរិហារ​ទៀត តែម្តង​នេះ គាត់និយាយ​ជា​ភាសា​អង់គ្លេស បែប​ច្របូក​ច្របល់​។ «មូល​ហេតុ​ដែល​ខ្ញុំ​ស្ថិត​នៅ​ទីនេះ គឺដើម្បីនិយាយ​ការ​ពិត ព្រោះ​ខ្ញុំ​រង់ចាំ​អស់រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មកហើយ ហើយ​ក៏​ព្រោះ​ខ្ញុំ​ត្រូវ​បាន​ចោទ​ប្រកាន់​ បើទោះ​បីជា​ខ្ញុំមិន​​បានធ្វើ...[…]។ ខ្ញុំ​មិន​ធ្លាប់​ស្គាល់​កាំង ហ្គេចអ៊ាវ​ ពីមុនមក​ទេ ហើយខ្ញុំ​ក៏​មិនដែល​​​បាននិយាយ​ជា​មួយ​គាត់​ដែរ​...»​។

«ខ្ញុំមិនមែនជាឃាតក​​ទេ»
ដោយ​បានធ្វើការ​ប្រឆាំង​ទៅនឹង​ការ​ចោទ​ប្រកាន់​មក​លើ​រូបគាត់​ អ្នកស្រី​បាន​​ព្យាយាម​បង្ហាញ​ភាព​សុចរិត​របស់ខ្លួន ដោយ​គូស​បញ្ជាក់​បន្ថែម​​ទៀត​ថា​​ នៅ​សម័យ​កាល​នោះ មាន​តែ​ «គាត់ម្នាក់គត់» ដែល​ធ្វើ​ដំណើរ​នៅទីក្រុង​ភ្នំពេញ «ដោយ​ជិះកង់​ដ៏កញ្ចាស់» មួយ ខណៈ​ពេល​ដែល​គាត់​គឺជា​រដ្ឋ​មន្រ្តី។ «ខ្ញុំពិត​ជា​មិន​អាច​​អត់ធ្មត់​បាន​ឡើយ។ ខ្ញុំ​ត្រូវ​បាន​គេ​ចោទ​ប្រកាន់​យ៉ាង​អយុត្តិធម៌។ ខ្ញុំ​សោកស្តាយ​ដែល​ខ្ញុំ​ជ្រុល​​និយម ប៉ុន្តែ ខ្ញុំ​ជា​មនុស្ស​មានការអប់រំ ខ្ញុំ​មិន​ធ្លាប់​ធ្វើអាក្រក់​ ខ្ញុំមិនបានប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​​នោះទេ! ឧក្រិដ្ឋ​ជន​ពិត​ប្រាកដ គឺ​ជា​អ្នក​ដែល​បាន​សម្លាប់​មនុស្ស តើ​គេ​មាន​ឈ្មោះ​អ្វី​ទៅ​? ... បុរស​​​ដែល​បាន​សម្លាប់​មនុស្ស និង​កំពុង​​​ជាប់ឃុំឃាំង... ខ្ញុំ​ភ្លេច​ឈ្មោះ​របស់​គេ​ម្នាក់​នោះ​... អ្នក​ដែល​សម្លាប់​មនុស្ស និងជា​អ្នក​ទោស ...គឺ​កាំង ហ្គិច​អ៊ាវ! ខ្ញុំមិនត្រូវ​ជួប​ជាមួយ​គាត់​​ឡើយ!​ គាត់​ និង​នួន ជា គឺដូច​តែគ្នា! នួន ជា​ ជាអ្នក​បញ្ជា​ទៅកាំង ហ្គិចអ៊ាវ អោយ​សម្លាប់​មនុស្ស​។ ខ្ញុំ​និយាយ​ការ​ពិត​។ ខ្ញុំចង់​អោយ​តុលាការ​ផ្តល់​យុត្តិធម៌! […] ខ្ញុំ​ប្រាប់​​អស់​លោក​ម្តង​ទៀត​​​​ថា​ខ្ញុំមិន​មែនជា​ឃាតក​​ទេ!»។ អ្នក​ស្រី​ក៏​បាន​លើក​ឡើង​អំពី​ពូជ​ពង្ស​វង្ស​ត្រកូល​ដ៏​ថ្លៃ​ថ្នូរ​​របស់ខ្លួន​ថា ជីតា​ គឺជា​នាយក​សាលា ហើយ​ឪពុក​គឺជា​សាស្រ្តាចារ្យ។ «គ្រួសារ​របស់​ខ្ញុំ​មាន​ការ​អប់​រំ​ត្រឹម​ត្រូវ ហើយ​​មិន​ដែល​សម្លាប់​មនុស្ស​ទេ ប៉ុន្តែ ​ព្យាយាម​​បង្ហាត់​បង្រៀន​និស្សិត​​​អោយ​បាន​ល្អ​ប្រសើរ​បំផុត...»។ ជា​ចុង​ក្រោយ អ្នក​ស្រី​អៀង ធីរិទ្ធិ បានសន្និដ្ឋាន​ថា «ខ្ញុំ​​មិនស្គាល់​កាំង ហ្គិច​អ៊ាវ ប៉ុន្តែ ខ្ញុំ​ស្អប់​គាត់​ជា​​ខ្លាំង!» «ប្រសិនជា​មាន​មនុស្ស​សាហាវ​ឃោរឃៅ​នៅ​ប្រទេស​កម្ពុជា ពួកគេ​ត្រូវ​តែ​ទទួល​រង​ការ​កាត់​ទោស​​»...
 


0 អធិប្បាយ
ផ្តល់សេចត្តីអធិប្បាយ
អ៊ីមែល៖
 
ចំណងជើង៖
ឈ្មោះ៖
វ៊ិបសាយ៖
[b] [i] [u] [url] [quote] [code] [img] 
 
សូមបញ្ជូលកូតដែលលោក​អ្នកឃើញនៅក្នុងរូប ។ ចុចលើរូប​ដើម្បី​ប្តូររូ​ប ។

យើង​ខ្ញុំ​សូ​​មអរគុណ​ចំពោះ​អត្ថា​ធិប្បាយ​របស់​អស់​លោក​អ្នក ។ រាល់​អត្ថាធិប្បាយ​ទាំង​អស់​មិន​​ត្រូវ​​សរ​សេរ​អោយ​លើស​ពី​១៦​បន្ទាត់​ទ្បើយ ។ សូម​បញ្ជាក់ថា កាសែត​ មិនទទួលខុសត្រូវរាល់​អត្ថា​ធិប្បាយ​ណា​ដែល​បាន​ផ្សព្វផ្សាយ​នៅ​ក្នុង​​ផ្នែក អត្ថាធិប្បាយ ទ្បើយ។ រាល់អត្ថាធិប្បាយ​ទាំង​អស់​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​អ្នក​អាន មិន​​មែន​ជា​ទស្សនៈ​របស់​ផ្នែក​និពន្ធ​យើង​ទេ។ ចំពោះ​ព័ត៌​មាន​បន្ថែម​សូមទាក់​ទង​យើង​ខ្ញុំ​តាម​រយៈអ៊ីម៉ែល Cet e-mail est protégé contre les robots collecteurs de mails, votre navigateur doit accepter le Javascript pour le voir

3.26 Copyright (C) 2008 Compojoom.com / Copyright (C) 2007 Alain Georgette / Copyright (C) 2006 Frantisek Hliva. All rights reserved."

 
Empower your lifestyle with BlackBerry from Hello
 

 
 
ដំណឹងថ្មីៗ