|
អធិប្បាយចុងក្រោយ
|
| លោកប្រ៊ុយណូ ការ៉ែតៈ គេត្រូវនិយាយអំពីសោកនាដកម្មសម័យខ្មែរក្រហមឡើងវិញ នៅក្នុងបរិបទជាប្រវត្តិសាស្រ្តមួយ |
| ដោយ ស្ទេហ្វានី ហ្សេ | | | ១៩-០២-២០០៩ |  ភ្នំពេញ (កម្ពុជា) ថ្ងៃទី១៥ កុម្ភៈ ២០០៩៖ លោកប្រ៊ុយណូ ការ៉ែត សមិទ្ធិករភាពយន្តឯកសារ នៅសារៈមន្ទីរប្រល័យពូជសាសន៍ទួលស្លែង © ចន វីង / Magnum «ជាមួយនឹងទឹកមុខមាំ និងរាក់ទាក់ អតីតមេដឹកនាំជាន់ខ្ពស់ខ្មែរក្រហម បានមកជួបជុំគ្នានៅក្រុងប៉ៃលិន កាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០០៣ ដើម្បីចូលរួមពិធីបុណ្យសពរបស់អ្នកស្រី ខៀវ ប៉ុណ្ណារី ភរិយាទី១របស់ប៉ុល ពត។ មេដឹកនាំជាន់ខ្ពស់មានវត្តមាននៅទីនោះ រួមមាន នួន ជា លោកអៀង សារី និងភរិយា និងខៀវ សំផន [មេដឹកនាំខ្មែរក្រហមទាំងអស់នេះ ត្រូវបានចាប់ខ្លួន រយៈពេល៤ឆ្នាំក្រោយមក ពីបទឧក្រិដ្ឋកម្មប្រល័យពូជសាសន៍លើប្រជាជនកម្ពុជា»]។ ទាំងនេះគឺជាទិដ្ឋភាពនៃសាច់រឿងផ្តើមដំបូងនៃភាពយន្តឯកសារមួយ ចំណងជើងថា «ខ្មែរក្រហមដ៏ល្វីងជូរចត់» (Khmers rouges amers) ដែលដឹកនាំដោយលោកប្រ៊ុយណូ ការ៉េត និងលោកសៀន មេត្តា បន្ទាប់ពីសមិទ្ធិករទាំងពីរបានសម្រេចធ្វើអង្កេតការណ៍អំពីខ្មែរក្រហម ដើម្បីសិក្សាអំពីសម័យកាលដ៏សែនខ្មៅងងឹតនៃប្រវត្តិសាស្រ្តកម្ពុជាមួយនេះឡើងវិញ។ តួអង្គដែលចូលរួមនៅក្នុងភាពយន្តនេះ មានតាំងពីទាហានខ្មែរក្រហមសាមញ្ញ រហូតដល់មេដឹកនាំជាន់ខ្ពស់។ ភាពយន្តឯកសារនេះគឺជាបទសម្ភាសន៍ជាមួយខ្មែរក្រហម ទាក់ទងនឹងការនិយាយអំពីព្រឹត្តិការណ៍ទាំងនេះឡើងវិញនៅក្នុងបរិបទជាប្រវត្តិសាស្រ្តមួយ។ «ខ្មែរក្រហមដ៏ល្វីងជូរចត់» នឹងត្រូវដាក់បញ្ចាំងនៅថ្ងៃសៅរ៍ ទី២១ ខែកុម្ភៈ នាទីក្រុងភ្នំពេញ នៅមជ្ឈមណ្ឌលបុប្ផាណា។ ភាពយន្តឯកសារនេះនឹងរៀបចំជាភាសាខ្មែរ ទុកជាឯកសារប្រវត្តិសាស្រ្ត ប៉ុន្តែ មិនទាន់ស្វែងរកបានអ្នកបោះពុម្ពផ្សាយនៅឡើយនោះទេ។ ជួបជាមួយសមិទ្ធិករប្រ៊ុយណូ ការ៉ែត ស្តីពីការងាររបស់លោកទាក់ទងនឹងខ្មែរក្រហម ចាប់តាំងពីឆ្នាំ១៩៩៣។ កាសែតៈ «ខ្មែរក្រហមដ៏ល្វីងជូរចត់» ផ្តល់ឱកាសដល់អតីតខ្មែរក្រហមចាប់ពីទាហានធម្មតា រហូតដល់ថ្នាក់ដឹកនាំជាន់ខ្ពស់ មានមតិយោបល់ ទាក់ទងនឹងរយៈកាលដ៏ខ្មៅងងឹងនៃប្រវត្តិសាស្រ្តកម្ពុជា។ ហេតុអ្វីបានជាលោកជ្រើសរើសមុំនេះ? ប្រ៊ុយណូ ការ៉ែតៈ ការពិត ការងារនេះគឺជាការងារទី២របស់ខ្ញុំ។ ខ្ញុំធ្លាប់បានដឹកនាំផលិតភាពយន្តឯកសារប្រវត្តិសាស្រ្តលើកដំបូង ដែលមានចំណងជើងថា «កម្ពុជា កាលប្បវត្តិក្រហម-ល្វីងជូរចត់» ("Kampuchéa, chroniques rouge-amer") ដែលត្រូវបានផ្សព្វផ្សាយកាលពីឆ្នាំ២០០០ នៅស្ថានីយទូរទស្សន៍បារាំង ប៉ុស្តិ៍លេខ៥ ។ នៅក្នុងភាពយន្តនោះ ខ្ញុំបានទទួលសក្ខីកម្មជាច្រើនពីជនរងគ្រោះ។ ការងារនេះបានទទួលការស្វាគមន៍ពីមហាជន ហើយ ដោយសារខ្ញុំធ្លាប់រស់នៅប្រទេសកម្ពុជា ខ្ញុំបាននិយាយប្រាប់ខ្លួនឯង ថាការធ្វើការងារបែបនេះម្តងទៀតគឺជារឿងដ៏គួរអោយចាប់អារម្មណ៍ ប៉ុន្តែ ម្តងនេះ គឺជាការបញ្ចេញទស្សនៈរបស់ពួកខ្មែរក្រហម ដោយផ្តោតលើបញ្ហាតែមួយ គឺការនិយាយអំពីព្រឹត្តិការណ៍ទាំងនេះឡើងវិញ នៅក្នុងបរិបទប្រវត្តិសាស្រ្តរបស់ពួកគេ។
កាសែតៈ ហេតុអ្វី លោកប្រើពាក្យ «ក្រហម» និង«ល្វីងជូរចត់» ដដែលនៅក្នុងចំណងជើងថ្មី ដូចនឹងចំណងជើងភាពយន្តឯកសារទី១? ប្រ៊ុយណូ ការ៉ែតៈ គឺដើម្បីបង្ហាញអោយឃើញថានេះគឺជាការអង្កេតការណ៍ជំហានទី២។ ទន្ទឹមនឹងនេះ ក៏ដើម្បីបញ្ជាក់ការពិតថាខ្មែរក្រហមដែលយើងអាចជួប ជាមួយលោកមេត្តា មិនមានមោទនភាពចំពោះព្រឹត្តិការណ៍កើតឡើងកាលពីអតីតកាលឡើយ។ យើងអាចបានដឹងថាសំដីរបស់ពួកគេប្រកបដោយរសជាតិល្វីងជូរចត់ ជាពិសេស សំដីរបស់លោកខៀវសំផន [អតីតប្រមុខរដ្ឋកម្ពុជាប្រជាធិបតេយ្យ]។
ខ្ញុំដឹងយ៉ាងច្បាស់ថាការនិយាយអំពីសោកនាដកម្មខ្មែរក្រហមឡើងវិញ នៅក្នុងបរិបទជាប្រវត្តិសាស្រ្តមួយ គឺជាអំណះអំណាងមួយ ក្នុងចំណោមអំណះអំណាងនៃការការពារខ្លួន ដែលត្រូវបានប្រើប្រាស់ដោយលោកខៀវ សំផន ប៉ុន្តែ ខ្ញុំក៏យល់ឃើញថានេះជាដំណើរការស្របច្បាប់ ព្រោះបើតាមទស្សនៈរបស់ខ្ញុំ វាមិនមែនជាការបញ្ជាក់អំពីការស្លាប់ប្រជាជនជាង១ភាគបួននោះទេ [១,៧លាននាក់]។ ខ្ញុំមិនមែនអោយប្រាក់ដល់អ្នកដែលបាននិយាយប្រាប់ខ្ញុំនោះទេ ប៉ុន្តែ វាគឺជាការយល់ស្របរបស់យើង។ សម្រាប់គាត់ [ខៀវ សំផន] ការពន្យល់រឿងសោកនាដកម្មនេះពិតជាមិនអាចទៅរួចបាន ដោយមិនមានការនិយាយនៅក្នុងបរិបទប្រវត្តិសាស្រ្តទូទៅមួយនោះ។
កាសែតៈ តើការទំនាក់ទំនងជាមួយអតីតខ្មែរក្រហម មានលក្ខណៈងាយស្រួលដែររឺទេ? ប្រ៊ុយណូ ការ៉ែតៈ មិនជាងាយស្រួលប៉ុន្មាននោះទេ! ខ្ញុំតាមស្វែងរកពួកខ្មែរក្រហមតាំងពីឆ្នាំ១៩៩៣មកម្ល៉េះ! ឆ្នាំនោះ គឺជាលើកដំបូង ដែលខ្ញុំបានធ្វើដំណើរមកកាន់ប្រទេសកម្ពុជា ដោយសារខ្ញុំចង់បានឯកសារមួយពីអ៊ុនតាក់ (អាជ្ញាធរបណ្តោះអាសន្ននៃអង្គការសហប្រជាជាតិប្រចាំប្រទេសកម្ពុជា) ដើម្បីធ្វើរបាយការណ៍មួយ [អង្គការនេះបានមកកម្ពុជានៅឆ្នាំ១៩៩១ និងចេញទៅវិញនៅឆ្នាំ១៩៩៣] ។ កាលនោះ ខ្មែរក្រហមមានតំណាងមួយនៅរាជធានី ក្រោយព្រះបរមរាជវាំង ដោយសារពួកគេបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១ ជាមួយអង្គការសហប្រជាជាតិ។ ម្យ៉ាងវិញទៀត រៀងរាល់ព្រឹកព្រលឹម ខ្ញុំតែងតែទៅគោះទ្វារផ្ទះរបស់ពួកគេ រាល់ពេលដែលខ្ញុំស្ថិតនៅទីក្រុងភ្នំពេញ។ សំណូមពររបស់ខ្ញុំមិនដែលបានសម្រេចជោគជ័យឡើយ។ រាល់ពេលដែលខ្ញុំត្រឡប់មកកាន់ប្រទេសកម្ពុជាវិញ ខ្ញុំព្យាយាមទាក់ទងជាមួយពួកខ្មែរក្រហម ប៉ុន្តែមិនបានសម្រេច។ បញ្ហាបានចាប់ផ្តើមធូរស្រាល នៅពេលខៀវ សំផន ចេញផ្សាយសៀវភៅរបស់គាត់ [ប្រវត្តិសាស្រ្តថ្មីៗនៃប្រទេសកម្ពុជា និងគោលជំហររបស់ខ្ញុំ (ឆ្នាំ២០០៤)]។ គាត់បានវាយតម្លៃថាគាត់ចាប់អារម្មណ៍ជួបជាមួយអ្នកយកព័ត៌មាន ដើម្បីធ្វើការផ្សព្វផ្សាយសៀវភៅនេះ។ ចំណែកអតីតខ្មែរក្រហមថ្នាក់ក្រោម និងប្រជាកសិករ ខ្ញុំអាចជួបជាមួយពួកគេបាន ដោយសារខ្ញុំនិយាយភាសាខ្មែរបានតិចតួច និងខ្ញុំមានអ្នកអមដំណើរដោយលោក មេត្តា ជនជាតិខ្មែរ ដែលស្គាល់ប្រវត្តិសាស្រ្តនេះយ៉ាងច្បាស់ ហើយបើសិនជាគ្មានគាត់ទេ ក៏យើងមិនអាចទទួលបានទំនុកចិត្តពីពួកគេបានដែរ។
កាសែតៈ នៅក្នុងភាពយន្តឯកសារ គេឃើញលោកសួរសំណួរលោកខៀវ សំផន «ថាតើគាត់នឹងសុំទោសនៅចំពោះមុខតុលាការដែររឺទេ ហើយគាត់ថាការសុំទោសមិនមានន័យអ្វីទាំងអស់នៅក្នុងច្បាប់»។ តើវាមានអត្ថន័យមួយនៅក្នុងវប្បធម៌កម្ពុជាដែររឺទេ? ប្រ៊ុយណូ ការ៉ែតៈ មុននឹងសួរសំណួរនេះទៅលោកខៀវ សំផន ខ្ញុំបាននិយាយប្រាប់គាត់ថា៖ «លោកបានសុំទោសចុងៗមាត់ នៅក្នុងសៀវភៅរបស់លោក»។ នៅទំព័រខ្លះ យើងអាចស្គាល់រសជាតិល្វីងជូរចត់របស់គាត់។ ជាការពិត ការសុំទោសមិនមែនជាទ្រឹស្តីព្រះពុទ្ធសាសនានោះទេ ហើយសង្គមកម្ពុជាគឺជាសង្គមមួយ ដែលចាក់ស្រេះលើព្រះពុទ្ធសាសនា។ ការសុំទោសគឺជាសញ្ញាណបស្ចឹមប្រទេស។ តើឌុច បាននិយាយសុំទោស ព្រោះតែគាត់ប្រែទៅកាន់គ្រឹស្តសាសនារឺ?
កាសែតៈ រាល់អ្នកដែលលោកបានសួរ បានកែតម្រូវភាពទទួលខុសត្រូវជាយថាហេតុណាមួយរបស់ខ្លួន។ អតីតខ្មែរក្រហមថ្នាក់ក្រោម បានទម្លាក់កំហុសទៅលើមេដឹកនាំរបស់ខ្លួន ហើយបើតាមអ្នកទាំងនោះ មេដឹកនាំបានបោកប្រាស់ពួកគេ។ ចំណែកអតីតមេដឹកនាំខ្មែរក្រហមបានចង្អុលដាក់ប្រទេសវៀតណាម ដែលជាអ្នកវាតទីនិយម និងមេខ្មែរក្រហមតូចតាច ដែលបានរំលោភលើអំណាចរបស់ខ្លួន។ តើពិតជាគ្មាននរណាម្នាក់ចង់ទទួលខុសត្រូវមែនរឺ? ប្រ៊ុយណូ ការ៉ែតៈ តើវាមិនមែនបញ្ជាក់អំពីជាតិសន្តានខ្មែរទេរឺ? គេត្រូវសំឡឹងមើលពីអ្វីដែលបានកើតឡើងនៅក្នុងវណ្ណៈនយោបាយសព្វថ្ងៃនេះ។ តើវាជាលក្ខណៈបុគ្គលរបស់ខ្មែរក្រហមផ្ទាល់រឺ? ជាការពិត លោកខៀវ សំផនបានវាយតម្លៃថាខ្មែរក្រហមដើរទៅលឿនពេក ហើយបានផ្តល់អំណាចច្រើនពេក ដល់មេកង ជាពិសេសសហករណ៍។ តើគេអាចដឹងបានយ៉ាងដូចម្តេចថានៅក្នុងសង្គមមួយ មានតែការបញ្ជាដោយផ្ទាល់មាត់តែមួយគត់នោះ? នៅចំពោះមុខភាពបរាជ័យនៃនយោបាយរបស់ខ្លួន ខ្មែរក្រហមអាចទម្លាក់កំហុស រឺនិយាយថានេះគឺជាលទ្ធផលនៃនយោបាយរបស់ជនក្បត់ជាតិ។ ពួកគេបានពន្យល់ហេតុផលទី២។ តើមាននរណាហ៊ានជំទាស់ទៅនឹងនយោបាយផ្ទាល់ខ្លួនដែរឬទេ? ជាការពិត គេមានការភ័យខ្លាចនឹងអំណាចកណ្តាល និងការសងសឹង...... គេក៏អាចចោទសួរបានថាតើពិតជាមានឆន្ទៈមួយ ក្នុងការស្វែងយល់រឿងរ៉ាវដែររឺទេ? ដូចជាសំដីរបស់ជាងជួសជុលម៉ាស៊ីនសាមញ្ញម្នាក់នៅប៉ៃលិន ដែលបាននិយាយថា នៅទីបំផុត តើនេះគឺជារឿងធម្មតាមួយ ដូចជាការកសាងប្រាសាទអង្គរ ដែលចាំបាច់តម្រូវអោយមានអ្នកស្លាប់ជាច្រើនដែរឬ? ហេតុដូច្នេះហើយទើបបានជាខ្ញុំព្យាយាមរក្សាតុល្យភាពរវាងការសម្ភាសន៍មេដឹកនាំ និងមេកងថ្នាក់ក្រោមឱវាទ ប្រជាជនសាមញ្ញ និងបុគ្គលមួយចំនួន ដូចជាអ្នកស្រី Laurence Picq ដែលជាស្រ្តីជនជាតិបារាំង រៀបការជាមួយបុរសកម្ពុជា និងធ្លាប់រស់នៅក្រោមរបបខ្មែរក្រហម ហើយនិងបានចូលរួមចំណែកបញ្ចេញមនោគមវិជ្ជា។
កាសែតៈ ឧទ្ទាមខ្មែរក្រហមបានព្យាយាមកាន់កាប់ភាគពាយ័ព្យនៃប្រទេសកម្ពុជា បន្ទាប់ពីការដួលរលំរបបគ្រប់គ្រងរបស់ខ្លួន នៅឆ្នាំ១៩៧៩។ តើខ្មែរក្រហមណាខ្លះ ដែលនៅសេសសល់នៅតំបន់នោះ? ប្រ៊ុយណូ ការ៉ែតៈ មិនមានអ្វីធំដុំនោះទេនៅត្រង់តំបន់នោះ ប៉ុន្តែ ទីនោះគឺជាតំបន់អ្នកមានមួយនៅក្នុងប្រទេស ជាពិសេស ជាតំបន់រ៉ែមាសនិងព្រៃឈើ។ ព្រៃឈើត្រូវបានកាប់បំផ្លាញ ព្រំដែនត្រូវបានកេងប្រវ័ញ្ចដោយក្រុមហ៊ុនថៃ ហើយក្រោមដីខ្សោះរ៉ែ...។ ប្រជាពលរដ្ឋរស់នៅក្នុងភាពក្រីក្របំផុត។ លទ្ធផលគឺផ្ទុយស្រឡះពីអ្វីដែលខ្មែរក្រហមធ្លាប់បានប្រកាសពីមុន ដែលថានឹងធ្វើអោយប្រទេសកម្ពុជាក្លាយជាប្រទេសមួយ ដែលប្រជាកសិករអាចទាញយកផលប្រយោជន៍ និងលែងទទួលរងនូវការកេងប្រវ័ញ្ចពីវណ្ណៈជាន់ខ្ពស់។ ម្យ៉ាងវិញទៀត តំបន់នេះក៏ពោរពេញទៅដោយបរិយាកាសដ៏អាក្រក់ផងដែរ។ ចាប់តាំងពីមានការផ្សះផ្សាជាតិ គេមានអារម្មណ៍ថាអតីតមេខ្មែរក្រហមបានផ្លាស់ប្តូរជីវីតរស់នៅនិងការគិតទាំងស្រុង! ពួកគេបានកសាងកាស៊ីណូ ប៊នពេស្យាចារ ...និងកេងប្រវ័ញ្ចប្រជាពលរដ្ឋវិញម្តង។
កាសែតៈ តើអតីតខ្មែរក្រហមស្វាគមន៍តុលាការដែលមានលក្ខណៈអន្តរជាតិ ដែលត្រូវបានបង្កើតឡើងនាទីក្រុងភ្នំពេញ ដើម្បីកាត់ទោសអតីតមេដឹកនាំជាន់ខ្ពស់ និងឧក្រិដ្ឋជនសំខាន់ៗនៃរបបនេះ បានយ៉ាងដូចម្តេច? ប្រ៊ុយណូ ការ៉ែតៈ រហូតដល់ពេលចាប់ខ្លួនមេដឹកនាំខ្មែរក្រហម [តុលាការបានចោទប្រកាន់មេដឹកនាំខ្មែរក្រហមប្រាំរូប ដែលក្នុងនោះមានខៀវ សំផន នួន ជា (អ្នកបង្កើតមនោគមវិជ្ជារបបកម្ពុជាប្រជាធិបតេយ្យ) និងអៀង សារី អតីតរដ្ឋមន្រ្តីការបរទេសខ្មែរក្រហម] ពាក្យសំដីរបស់កសិករ ខ្មែរក្រហមនៅប៉ៃលិន និងអន្លង់វែង គឺនៅតែរក្សាភាពស្មោះត្រង់ជាមួយមេ។ វាប្រៀបដូចជាប្រពៃណីខ្មែរ ដែលគេគោរពតាមមេ។ ដូចនេះ រហូតដល់ពេលចាប់ខ្លួនមេខ្មែរក្រហម ពួកគេមិនមានឆន្ទៈណាមួយចង់ឃើញតុលាការនេះមានដំណើរការនោះទេ ប៉ុន្តែបើតាមសំដីរបស់ពួកគេ ពួកគេមានឆន្ទៈបង្ហាញពីសកម្មភាពរបស់មេពួកគេ ដែលការពារទ្រព្យសម្បត្តិជាតិ។ ក្រោយមក សំដីនេះបានផ្លាស់ប្តូរបន្តិច។ តើដោយសារមានការភ័យខ្លាចនឹងរដ្ឋអំណាច រឺភ័យខ្លាចតុលាការធ្វើការចោទប្រកាន់មេដឹកនាំថ្នាក់ក្រោមផ្សេងទៀតរឺ? ប្រហែលជាអញ្ជឹង។ ខ្ញុំយល់ឃើញថា មានវគ្គមួយនៅក្នុងភាពយន្ត ដែលគួរអោយចាប់អារម្មណ៍។ វគ្គនោះបានបង្ហាញអំពីភាពងាយជឿរបស់កសិករកម្ពុជា ដែលរស់នៅអតីតតំបន់ខ្មែរក្រហម។ លោកសម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំងកម្ពុជា តែងតែចង់អោយមានតុលាការកាត់ទោសមួយ។ នៅពេលបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តឆ្នាំ២០០៣ គាត់បានដាក់ក្មួយស្រីរបស់តាម៉ុក ដែលជាមេសង្គ្រាមរបស់ប៉ុល ពត ជាបេក្ខជនឈរឈ្មោះលើគេនៅក្នុងបញ្ជីឈ្មោះបេក្ខជនមណ្ឌលប៉ៃលិន។ នៅពេលលោកសម រង្ស៊ី មកបង្ហាញខ្លួនក្មួយស្រីតាម៉ុក អ្វីដែលធ្វើអោយខ្ញុំមានការភ្ញាក់ផ្អើល គឺពេលឃើញក្មួយស្រីរបស់តាម៉ុកនិយាយទៅកាន់អ្នកគាំទ្ររបស់ខ្លួនថា គាត់គាំទ្រតម្លៃជនរួមជាតិខ្មែរក្រហម ដែលបានការពារជាតិ និង គាំទ្រការជំនុំជម្រះមួយ ដើម្បីផ្តល់យុត្តិធម៌ជូនខ្មែរក្រហម! តើនេះគឺជាភាពងាយជឿ រឺការឃោសនា? ខ្ញុំមិនច្បាស់នោះទេ។
កាសែតៈ អង្គការជាច្រើនព្រួយបារម្ភចំពោះការចោទប្រកាន់អំពីអំពើពុករលួយនៅក្នុងសាលាក្តីខ្មែរក្រហម? តើលោកយល់ដូចម្តេចដែរ? ប្រ៊ុយណូ ការ៉ែតៈ ខ្ញុំកត់សម្គាល់ថាអង្គការសហប្រជាជាតិបានដឹកនាំការស៊ើបអង្កេតមួយ ស្តីពីការចោទប្រកាន់ទាំងនេះ ប៉ុន្តែមិនបានផ្សព្វផ្សាយរបាយការណ៍របស់ខ្លួនជាសាធារណៈនោះទេ! ហេតុអ្វី? នៅទីបំផុត យើងមានអារម្មណ៍ថាមនុស្សគ្រប់រូបបានចាប់ផ្តើមផ្សងព្រេងនៅក្នុងប្រវត្តិសាស្រ្តមួយ ដែលគ្មាននរណាម្នាក់ត្រូវការ។ ភាគីអង្គការសហប្រជាជាតិយកចិត្តទុកដាក់ក្នុងការធ្វើនីតិសម្បទាភាពខ្វះខាតរបស់អង្គការអ៊ុនតាក់ ចំណែករដ្ឋាភិបាលកម្ពុជាបានកសាងសន្តិភាពប្រទេសជាតិឡើងវិញ ប៉ុន្តែ មិនចង់លាតត្រដាងអតីតកាលរបស់សមាជិករដ្ឋាភិបាលមួយចំនួននោះទេ...
ដោយឡែក ដោយសារតុលាការខ្មែរក្រហមកំរិតទោសឧក្រិដ្ឋកម្ម ត្រឹមចន្លោះឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ តុលាការកូនកាត់មួយនេះនឹងមិនអាចដាក់សោកនាដកម្មខ្មែរក្រហមឡើងវិញ នៅក្នុងបរិបទជាប្រវត្តិសាស្រ្តមួយបាននោះទេ ហើយក៏មិនអាចធ្វើអោយមានការយល់ពេញលេញអំពីព្រឹត្តិការណ៍ទាំងដែរ។ […] ខ្ញុំខ្លាចក្រែងគេនិយាយសង្ខេបព្រឹត្តិការណ៍ដ៏គួរអោយភ្ញាក់ផ្អើល។ តើគេនឹងនិយាយអំពីការទម្លាក់គ្រាប់បែករបស់សហរដ្ឋអាមេរិកដែររឺទេ? និយាយពីការគាំទ្ររបស់ប្រទេសចិនដែររឺទេ? តើវាអាចទៅរួចដែររឺទេ? ប្រសិនជាម្នាក់ៗព្យាយាមទាញយកផលប្រយោជន៍ពីការជំនុំជម្រះនេះ ប្រជាពលរដ្ឋកម្ពុជានឹងធ្លាក់ជាចំណាប់ខ្មាំងសាជាថ្មីម្តងទៀតជាមិនខាន។
កាសែតៈ ប៉ុន្តែ តាមរយៈតុលាការនេះ ប្រជាពលរដ្ឋកម្ពុជាសង្ឃឹមថានឹងយល់ព្រឹត្តិការណ៍ដែលបានកើតឡើង… ប្រ៊ុយណូ ការ៉ែតៈ ប្រសិនជាតុលាការសំដែងការយោគយល់អធ្យាស្រ័យ និងអនុញ្ញាតអោយជនរងគ្រោះសំដែងមរណទុក្ខចំពោះសាច់ញាតិរបស់ខ្លួន វាគឺជារឿងដ៏ល្អប្រសើរ។ ប៉ុន្តែ តើការកាត់ទោសឌុច អតីតមេគុកស២១ អាចនឹងពន្យល់អំពីការស្លាប់របស់មនុស្សរាប់ម៉ឺននាក់ នៅតាមជនបទ អំពីការនិរទេស គ្រោះអត់ឃ្លាន ជំងឺ...ដែររឺទេ?
កាសែតៈ ដូចនេះ តើលោកមិនជឿថាជនត្រូវចោទ៤រូបផ្សេងទៀត នឹងត្រូវកាត់ទោសមែនរឺ? ប្រ៊ុយណូ ការ៉ែតៈ ខ្ញុំមិនជឿនោះទេ។ ខ្ញុំមិនគិតថាពួកគេនឹងត្រូវបានកាត់ទោសនោះទេ យ៉ាងហោចណាស់ ក៏មិនមែននៅពេលសម្តេចនរោត្តម សីហនុ នៅមានព្រះជន្មដែរ។ ឧទាហរណ៍ ជនត្រូវចោទខ្លះអាចនឹងស្លាប់នៅពេលឃុំឃាំង ហើយជនត្រូវចោទមួយរូប ក្នុងចំណោមពួកគេ អាចនឹងដោះលែង...?
កាសែតៈ តាមរយៈការជួបជាមួយអតីតខ្មែរក្រហម តើលោកបានផ្លាស់ប្តូរគំនិតចំពោះពួកគេដែររឺទេ? ប្រ៊ុយណូ ការ៉ែតៈ មិនប្រាកដ...។ ក៏ដូចជាមនុស្សគ្រប់រូបផងដែរ ខ្ញុំចាប់ផ្តើមជាមួយគំនិតថាខ្មែរក្រហមគឺជាឧក្រិដ្ឋជនដ៏សាហាវឃោរឃៅ ដែលបានធ្វើអោយប្រទេសជាតិធ្លាក់ចូលជ្រោះដ៏សែនជ្រៅ និងធ្វើអោយប្រជារាស្រ្តទទួលរងទុក្ខវេទនា។ នេះគឺជាការពិត! ប៉ុន្តែ ដោយមិនចង់អោយរឿងអាស្រូវនេះកើតមានឡើង ខ្ញុំមិនគិតថាឧក្រិដ្ឋកម្មនៃព្រំដែនកំណត់ត្រឹមនេះត្រូវបានគិតទុកជាមុននោះទេ។ ខ្ញុំគិតថា នៅពេលចាប់ផ្តើម ខ្មែរក្រហមមានឆន្ទៈជាអ្នកវឌ្ឍនភាពនិយម ដែលយកលំនាំតាមមនោគមកុម្មុយនីស្ត។ «សត្រូវ» ត្រូវបានសម្លាប់យ៉ាងត្រជាក់ បរិបទសង្គ្រាមត្រជាក់បានចាប់ផ្តើមធ្វើរឿងម្យ៉ាង ហើយគ្រប់យ៉ាងបានដឹកនាំទៅកាន់ពិភពអន្ធការនៃប្រព័ន្ធខ្មែរក្រហម និងសោកនាដកម្មកម្ពុជា ដែលជាព្រឹត្តិការណ៍ដ៏សែនអាក្រក់បំផុតមួយនៃមនុស្សជាតិ។ ខ្មែរក្រហមពិតជាបានប្រព្រឹត្តកំហុសឆ្គងទាំងស្រុង។
ប៉ុន្តែ ខ្ញុំជាអ្នកយកព័ត៌មាន មិនមែនជាព្រះរាជអាជ្ញា រឺមេធាវីនោះទេ។ ខ្ញុំពេញចិត្តនិយាយទៅកាន់ខ្មែរក្រហម ដើម្បីបង្ហាញជ្រុងមួយផ្សេងទៀតនៃប្រវត្តិសាស្រ្ត។ នៅក្នុងចំណោមអ្នកដែលយើងបានជួបសម្ភាសន៍ អតីតខ្មែរក្រហមជាច្រើនមិនចង់មានឈ្មោះជាឧក្រិដ្ឋជនស្រេកឃ្លានឈាមនោះទេ។ ខ្ញុំអាចសង្កេតបានថាពួកគេក៏ទទួលរងគ្រោះច្រើនផងដែរ ជាពិសេសខ្មែរក្រហមតូចតាច ដែលត្រូវបានជ្រើសរើសជាកម្លាំងនៅក្នុងតាមជនបទ និងនៅសមរភូមិ។ នៅក្នុងភាពយន្តឯកសារ លោកស្រីនឹងអាចយល់បានថា ពួកគេស្ទើរតែទាំងអស់សុទ្ធតែពិការដៃ រឺពិការជើង។ កត្តាទាំងនេះអាចជម្រុញអោយខ្ញុំមានគំនិតថាប្រទេសនេះជួបប្រទះបញ្ហាគ្រប់ទីកន្លែងទាំងអស់។
អត្ថបទបន្ថែម
«ខ្មែរក្រហមដ៏ល្វីងជូរចត់» នឹងត្រូវដាក់បញ្ចាំងនៅថ្ងៃសៅរ៍ ទី២១ ខែកុម្ភៈ នាទីក្រុងភ្នំពេញ នៅមជ្ឈមណ្ឌលបុប្ផាណា ផ្ទះលេខ៦៤ ផ្លូវ២០០ (ឧកញ៉ាម៉ែន) ភ្នំពេញ។
«ខ្មែរក្រហមដ៏ល្វីងជូរចត់» នៅលើបណ្តាងអ៊ីនធឺណែត លោកអ្នកនឹងឃើញមានអត្ថបទដកស្រង់ខ្លីៗនៃសក្ខីកម្មដែលទទួលបាន ដោយលោកប្រ៊ុយណូ ការ៉ែត និងលោកសៀន មេត្តា នៅអំឡុងពេលអង្កេតការណ៍ដ៏យូរ ជុំវិញខ្មែរក្រហម នៅលើវិបសាយ www.khmersrouges.blogspot.com ។ ជាពិសេស គេអាចស្តាប់នួន ជា (បងធំទី២) និងខៀវ សំផន (អតីតប្រមុខរដ្ឋកម្ពុជាប្រជាធិបតេយ្យ)។ ភាពយន្តឯកសារនេះត្រូវបានថតចប់នៅឆ្នាំ២០០៧ និងត្រូវបានជ្រើសរើសនៅ International Current Affairs and Social Documentary Film Festival (FIGRA) នៅឆ្នាំ២០០៨ ហើយកំពុងស្វែងរកអ្នកផ្សព្វផ្សាយ។
អានបន្ថែមនៅលើ កាសែត
-លោកខៀវ សេងគីម៖ ខៀវ សំផន មិនបានបញ្ជាអោយមានការសម្លាប់រង្គៀលនោះទេ (៣០-០៤-២០០៨) -ប្រវត្តិវិទូ វៀវីយ៉កកា: "យើងសង្ឃឹមរង់ចាំយុត្តិធម៌យូរពេកហើយ" (២៣-១២-២០០៨) -ឆ្នាំ១៩៧៩ : ការជំនុំជម្រះលើកទី១លើពួកខ្មែរក្រហម(ភាគ១) ខណៈពេលដែលរបបថ្មីកំពុងស្វែងរកភាពស្របច្បាប់ (២០-០៨-២០០៨)
|
|
|