កា​សែត​គឺ​ជា​វ៉ិប​សាយ​ព័ត៌​មាន​ឯក​រាជ្យ​ដែល​ចេញ​ផ្សាយ​ប្រ​ចាំ​ថ្ងៃ​ជា​ភាសាខ្មែរ ​បា​រាំង និងអង់គ្លេស ​ស្តី​អំ​ពី​ប្រទេស​កម្ពុជា​និង​ប្រ​ជា​ជន​កម្ពុជា​នៅ​ក្រៅ​ប្រទេស ។
Installing Khmer Unicode
Bookmark and Share

ទទួល​ព័ត៌​មាន​




 
សាលាក្តី​ខ្មែរក្រហម​ខ្វះថវិកា ស្របពេល​ការ​ចោទ​ប្រកាន់អំពីអំពើពុករលួយ​នៅមិនទាន់​​ត្រូវ​បាន​ដោះស្រាយ​
ដោយ ស្ទេហ្វានី ហ្សេ   
បោះពុម្ភ ផ្ញើអត្ថបទ​តាម​ Email
២៥-០២-២០០៩

កំបូល (ភ្នំពេញ កម្ពុជា) ថ្ងៃទី​៧ កក្កដា ២០០៧៖ ប្រុង​ប្រយ័ត្ន ឥដ្ឋ​រអិល​! ​​ច្រក​ដើរ នៅ​ក្នុង​​អគារ​​រដ្ឋ​បាល​នៃ​អ.វ.ត.ក​
© ចន វីង​ / Magnum


លោក​ Peter Taksoe-Jensen ឧបការី​​អគ្គលេខាធិការ​​អង្គការ​សហ​ប្រជាជាតិទទួល​បន្ទុក​កិច្ច​ការ​ច្បាប់​ បាន​មក​ដល់​​ប្រទេស​កម្ពុជា​កាល​ពី​ថ្ងៃ​អាទិត្យ ទី​២២ ខែ​កុម្ភៈ​ ដើម្បី​ជួប​ពិភាក្សា​ ​ជាមួយ​​​លោក​ឧបនាយក​រដ្ឋ​មន្រ្តី​សុខ អាន​ ទាក់​ទង​នឹង​ការងារ​របស់​​ក្រុម​ការងារ​ទាំង​ពីរ ដែល​​​ត្រូវ​បាន​បង្កើតឡើង​ដោយ​ភាគី​សហ​ប្រជាជាតិ និង​រដ្ឋាភិបាល​កម្ពុជា ក្នុង​គោល​បំណង​​​​ពង្រឹង​យន្ត​ការ​​​ប្រយុទ្ធ​ប្រឆាំង​​អំពើពុក​រលួយ​នៅក្នុង​សាលាក្តី​កាត់ទោស​អតីតមេ​ដឹក​នាំ​​ខ្មែ​​រក្រហម។​ ក្រោយ​បញ្ចប់​ជំនួប​ពិភាក្សា​នេះ លោក Peter Taksoe-Jensen និយាយថា​សាលាក្តី​មាន​ដំណើ​រ​វិវត្តន៍​ទៅមុខ។​ ដោយ​ឡែក​ ក្រុមមេធាវី​​​អន្តរ​ជាតិ​ការ​ពារ​ក្តី​អោយ​​នួន ជា ហៅ «បង​​ធំ​​ទីពីរ» នៅ​តែ​បន្ត​ធ្វើ​ការ​ទាម​ទារ​អោយ​មាន​ដំណោះ​ស្រាយ​បញ្ហា​អំពើ​ពុក​រលួយ​​នេះ ​ព្រោះ​​វា​អាច​ប៉ះ​ពាល់​​​ដល់​សិទ្ធិ​មូល​ដ្ឋាន​នៃការ​ទទួល​បាន​នូវ​ការ​ជំនុំជម្រះ​ប្រកប​ដោយ​យុត្តិធម៌​​មួយ​សម្រាប់​កូន​ក្តី​របស់​ពួក​គេ។

 

ក្តីសង្ឃឹម​ថា​នឹង​ទទួល​បាន​ទំនុកចិត្ត​ជា​ថ្មី​ពី​សំណាក់​ប្រទេស​ផ្តល់​ជំនួយ​
ចាប់​តាំង​ពី​ឆ្នាំ​២០០៨មក យុត្តាធិការ​ដែល​មាន​លក្ខណៈ​អន្តរ​ជាតិ​​មួយ​នេះ​បាន​ប្រឈម​មុខ​នឹង​​ការ​ចោទ​ប្រកាន់​អំពី​អំពើ​ពុក​រលួយ ដែលជាប់ពាក់ព័ន្ធ​នឹង​បុគ្គល​កម្ពុជា​នៅក្នុង​អ.វ.ត.ក​។ ​កាល​នោះ អង្គការ​សហ​ប្រជាជាតិ​បាន​បើក​កិច្ច​​​ស៊ើប​អង្កេត​មួយ ហើយ​របាយការណ៍​នៃ​ការ​​ស៊ើប​អង្កេត​នោះ​ត្រូវ​បាន​ប្រគល់​អោយ​ទៅ​រដ្ឋាភិបាល​កម្ពុជា កាលពី​ខែ​សីហា ឆ្នាំ​២០០៨​ ប៉ុន្តែ រហូតមក​ទល់​សព្វ​ថ្ងៃ​នេះ របាយការណ៍​​មិនត្រូវ​បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ​នោះ​​ទេ។ ចាប់​តាំង​ពី​ដើម​ឆ្នាំ​នេះមក ​អង្គការ​ជា​ច្រើន​ ដែល​តាមដាន​ដំណើរការ​សាលាក្តី​ខ្មែរ​​ក្រហម​​​បាន​សំដែង​​​ការ​ព្រួយ​បារម្ភ​ ចំពោះ​អវត្តមាន​​ចំណាត់​ការ​​​ជាក់​​លាក់​របស់​តុលាការ​​ ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​នេះ​​ ដើម្បីជៀស​វាង​ការ​​ប៉ះពាល់​ដល់​ទំនុកចិត្ត​មកលើ​តុលាការ​កូន​កាត់​​មួយ​នេះ​​។ កាលពី​ជំនួប​ ថ្ងៃទី​១០ ខែ​ធ្នូ ឆ្នាំ​២០០៨ គណៈប្រតិភូ​ជាន់​ខ្ពស់​មួយ​​ក្រុម​នៃ​អង្គការ​សហ​ប្រជា​ជាតិ​​ប្រចាំ​កម្ពុជា​ ដែល​ដឹកនាំ​ដោយ​លោក​ Peter Taksoe-Jensen ហើយ​និង​លោក​​សុខ អាន​ បាន​ឯក​ភាព​គ្នា បង្កើត​​គណៈកម្មាធិការ​រួម​មួយ ដើម្បី​ពង្រឹង​វិធាន​ការ​ប្រឆាំង​​​អំពើ​ពុករលួយ និង​ផ្សព្វផ្សាយ​លទ្ធផល​ ប្រាប់​ដល់​ម្ចាស់​ជំនួយ​របស់​សាលាក្តី​ រហូត​ដល់​​​ថ្ងៃទី​៣១ ខែមករា... ប៉ុន្តែ ចាប់​ពីពេល​នោះមក គ្មាន​ការ​រីក​ចម្រើន​ណាមួយ​ត្រូវ​បាន​បង្ហាញ​ឡើយ​។​

បន្ទាប់​ពីជំនួប​ស្តីពី​បញ្ហា​ពុករលួយ​​នេះ​រួច​មក ភាគី​​កម្ពុជា​និង​ភាគី​សហ​ប្រជាជាតិ​ បាន​សន្យា​​​ការ​ពារ​ពេញ​លេញ​ដល់​បុគ្គលិក​របស់​ភាគី​ទាំង​ពីរ​នៅ​ក្នុងសាលាក្តី​ ចំពោះ​ការ​សង​សឹក​​ដែល​អាច​​កើត​មាន​ឡើង បណ្តាល​មកពីការ​រាយការណ៍ត្រឹមត្រូវ​ពីការ​ធ្វើខុស​របស់​ភាគី​ណា​​មួយ​។ ម្យ៉ាង​វិញ​ទៀត អ្នក​សង្កេត​ការណ៍​អំពីក្រម​សីលធម៌​អាច​នឹង​ត្រូវ​ជ្រើស​​តាំង​ខាង​ភាគី​​អន្តរ​ជាតិ។

លោក​ Peter Taksoe-Jensen តំណាង​អង្គការ​សហ​ប្រជាជាតិ​ បាន​មាន​ប្រសាសន៍​នៅ​ដើម​សប្តាហ៍​នេះ​ ដោយ​សង្ឃឹម​ថា​យន្ត​ការ​ថ្មី​ ដែល​ត្រូវ​បាន​បង្កើតឡើង​ដោយ​ភាគី​ទាំង​ពីរ​នឹង​ជួយ​ផ្តល់​ទំនុក​ចិត្ត​ឡើង​វិញ​ដល់​ម្ចាស់​ជំនួយ ដែល​មានការព្រួយ​បារម្ភ ក្នុងការ​ចំណាយ​ថវិកា​​ជួយ​ដល់​ដំណើរការ​សាលាក្តី​។ តួ​យ៉ាង​ ​កម្មវិធី​អភិវឌ្ឍន៍​សហ​ប្រជាជាតិ (UNDP) បាន​​បង្កក​ហិរញ្ញប្បទាន​​ទាំងអស់សម្រាប់​អ.វ.ត.ក តាំង​ពី​ពាក់​កណ្តាល​ឆ្នាំ​កន្លងទៅ​មក​ម៉្លេះ។ ស្ថាន​ភាព​បែប​នេះ​បាន​ធ្វើអោយ​យុត្តាធិការ​នេះ​កាន់​តែ​ទន់​ខ្សោយ ហើយ​នឹង​​​ត្រូវ​អស់​ថវិកា​នា​​ពេល​ខាង​មុខ​នេះ​។

ភាគី​កម្ពុជា​នៃ​សាលាក្តី​ខ្មែរ​ក្រហម​ជួប​កា​រលំបាក ចាប់ពី​ថ្ងៃទី​១ មីនា​ទៅ
លោក​​ស្រី​ ហេឡែន ហ្សាវីស៍ (Helen Jarvis) ប្រធាន​អង្គការ​ផ្នែក​​កិច្ច​ការ​​​សាធារណៈ​នៃ​អ.វ.ត.ក បាន​អះអាង​នៅថ្ងៃ​ពុធ ទី​២៥ ខែ​កុម្ភៈ​នេះ​ថា ភាគី​កម្ពុជា​នៃអង្គ​ជំនុំជម្រះ​ នឹង​ជួប​បញ្ហា​​ខ្វះ​ថវិកា​ ចាប់ពី​ថ្ងៃទី​១ ខែមីនា​ ដើម្បី​បន្ត​បេសកកម្ម​​របស់ខ្លួន ជាមួយ​ក្រុម​ការងារ​ផ្សេងៗ​ ប្រសិ​ន​ជា​មិនមានជំនួយ​ណាមួយ ចាប់ពីពេលនេះ​ទៅនោះទេ។ ចំណែក​ភាគី​អន្តរ​ជាតិវិញ បើ​តាម​ប្រសាសន៍រ​បស់​លោកស្រី អាច​នឹង​មាន​ថវិកា​គ្រប់​គ្រាន់​ ដើម្បីបន្ត​ការងារ​រហូត​​ដល់​បំណាច់​ឆ្នាំ​នេះ។ យ៉ាង​ណា​មិញ នៅក្នុង​របាយការណ៍​ខែ​កុម្ភៈ ឆ្នាំ​២០០៩របស់​អង្គការ Open Society Justice Initiative ​អង្គការ​នេះ​បាន​វាយតម្លៃ​ថា​ភាគី​អន្តរ​ជាតិ​អាច​នឹង​ខ្វះ​ខាត​​ថវិកា​​ជិត​១០​លាន​ដុល្លារ ដើម្បី​ដំណើរ​ការ​​រហូត​ដល់​បំណាច់ឆ្នាំ​២០០៩។ ប៉ុន្តែ លោក​​​ស្រី​ ហេឡែន ហ្សាវីស៍ នៅ​មាន​​ភាព​សុទិដ្ឋិនិយម​ថា «​យើង​មិនត្រូវ​​​ស្រមៃ​ថា​តុលាការ​នេះ​នឹង​​បញ្ចប់​​ដំណើរការ ដោយសារ​មិនមាន​មូល​និធិ​នោះឡើយ...»។ ប៉ុន្តែ លោកស្រីបាន​បន្ថែមទៀត​ថា «វាគឺជា​រឿង​បន្ទាន់»។​

ប្រទេស​ជប៉ុន​គឺជា​ប្រទេស​ចុង​ក្រោយ​គេ ដែល​បាន​ប្រកាស​ផ្តល់​ជំនួយ​ដល់​អ.វ.ត.ក ​កាល​ពី​ថ្ងៃទី​១១ ខែមករា ដោយ​បាន​បង្កើន​ហិរញ្ញប្បទាន​ទ្វេ​ដង​ ជាមួយ​នឹង​ទឹក​ប្រាក់​២១លាន​ដុល្លារ​​​បន្ថែមទៀត។  សូមអាន​​អត្ថបទ​​របស់​ កាសែត ចេញ​ផ្សាយ​កាលពី​ថ្ងៃទី​១៣ ខែមករា​ ឆ្នាំ​២០០៩ ចំណង​ជើង​ថា ប្រទេសជប៉ុន​បង្កើន​​ហិរញ្ញប្បទាន​ទ្វេដង ជួយ​ដល់​សាលាក្តី​ខ្មែរ​ក្រហម ថ្ងៃទី​១៣ មករា ២០០៩


ក្រុម​មេធាវីការ​ពារ​ក្តីអោយនួន ជា អំពាវ​នាវ​ដល់​លោក​ បាន គី ម៉ូន
នៅ​ថ្ងៃ​ច័ន្ទ ទី​២៣ ខែ​កុម្ភៈ ក្រុមមេធាវីអន្តរ​ជាតិ​ការ​ពារ​ក្តី​អោយ​នួន ជា ដែល​មាន​ការ​ព្រួយ​បារម្ភ​​ខ្លាំង​អំពីបញ្ហា​នេះ បានជួប​ពិភាក្សា​ជាមួយ​លោក​ Peter Taksoe-Jensen ឧបការី​​អគ្គលេខា​ធិការ​​អង្គការ​សហ​ប្រជាជាតិទទួល​បន្ទុក​កិច្ច​ការ​ច្បាប់។ ក្រុម​មេធាវី​នេះ​មិន​បាន​ធ្វើ​​​​អធិប្បាយ​ទាក់​ទង​នឹង​ប្រធាន​បទ​នៃ​ជំនួប​នេះ​ឡើយ ដោយបាន​​បញ្ជាក់​​ថា​ក្រុមមេធាវី​បាន​​​ប្រគល់​លិខិត​មួយ​ច្បាប់​អោយ​​លោក​ Peter Taksoe-Jensen ដើម្បីយក​ប្រគល់​​ជូន​​លោក​​​បាន គីម៉ូន អគ្គលេខាធិការ​​អង្គការ​សហ​ប្រជាជាតិ ដើម្បីសំណូមពរ​គាត់​​អោយ​ក្រុម​មេធាវី​​​មាន​សិទ្ធិ​ទទួល​​បាន​«យ៉ាង​​សម្ងាត់» នូវ​របាយការណ៍​ស៊ើប​អង្កេត​ ​ដែល​ដឹក​នាំ​ដោយ​ក្រុម​ការងារ​សហ​ប្រជាជាតិ ដើម្បី​បំភ្លឺទឡ្ហីករណ៍​នៃ​​​អំពើពុករលួយ។​

​មេធាវី​អន្តរ​ជាតិ​របស់​នួន ជា (Michiel Pestman- Viktor Koppe និង​Andrew Ianuzzi) បាន​ដាក់​ពាក្យ​បណ្តឹង​មួយ​ទៅកាន់​តុលាការ​ក្រុង​ភ្នំពេញ កាលពី​ថ្ងៃទី​៩ ខែ​មករា ដើម្បីអោយ​ដោះ​ស្រាយ​ការ​ចោទ​ប្រកាន់​ទាក់ទង​នឹង​អំពើពុករលួយ នៅចំណោម​បុគ្គលិក​កម្ពុជានៅ​ក្នុង​​​អង្គ​ជំនុំជម្រះ​។​ ប៉ុន្តែ បណ្តឹង​នេះ​ត្រូវ​បាន​អយ្យការ​អម​តុលាការ​​​ចេញសេចក្តី​ជូនដំណឹង​​​សម្រេច​តម្កល់​​រឿង​ទុក​មិនចាត់ការ ​​ដោយមាន​សំអាង​ថា «បណ្តឹង​មិន​សម​ហេតុ​ផល គ្មាន​​បទ​ល្មើស​និង​ជន​ល្មើស​មិន​ស្គាល់មុខ​​»។ ក្រោយ​មក មេធាវី​ទាំង​បី​បាន​ដាក់​បណ្តឹង​ទៅកាន់សាលា​ឧទ្ធរណ៍​កម្ពុជា ប៉ុន្តែ ក្រុមមេធាវី​គិត​​ទុក​ជា​មុន​ថា​តុលាការ​នឹង​​​​​មិន​ទទួលចាត់​ការ​​បណ្តឹង​នេះ​ឡើយ​​ ដោយ​សា​រមិនមាន​ឯកសារ​បន្ថែម​​ផ្សេង ក្រៅពី​ឯកសារ​ដែល​ដាក់​នៅ​សាលាដំបូង​។​

មេធាវីៈ វាជា​សំណើ​ត្រឹមត្រូវ​តាមច្បាប់
ក្រុម​មេធាវីការ​ពារ​ក្តីអោយនួន ជា បាន​សរសេរ​ទៅកាន់​លោក​បាន គីម៉ូន ដោយ​​​បង្ហាញ​ឆន្ទៈ​​​តស៊ូ​នីតិវិធី​រហូត​ដល់ទីបញ្ចប់ ដើម្បីបំភ្លឺ​រឿង​នេះ។ ហេតុផល​​របស់​ពួកគេ​ គឺ​ «ប្រសិនជា​សមាជិក​​សំខាន់​នៃ​បុគ្គលិក […] យល់ព្រម​ទទួល​សំណូក ហេតុ​ដូច្នេះ អ្នកទាំង​នោះ​ក៏​អាច​​ទទួល​បញ្ជា​​មិនគប្បី​ផ្សេង​ទៀត ​ដូចជា​ការបន្លំ​ភស្តុតាង។ យើង​ចាត់ទុក​ថាទង្វើ​បែប​នេះមិ​នស៊ី​ចង្វាក់​ ជាមួយ​​សញ្ញាណ​ដ៏សំខាន់​នៃឯករាជ្យ​ភាព​តុលាការ​ និង​ស្ថាប័នឡើយ​»។

ដោយសារ​​ក្រុមមេធាវីមិនអាច​ទទួល​ព័ត៌មាន​ស្តីពី​ស្ថានភាព​ពិត​ប្រាកដ មិន​ថា​ពី​សំណាក់​អង្គការ​សហប្រជាជាតិ រឺ​រដ្ឋាភិបាលកម្ពុជា ក្រុម​មេធាវី​​បានទទូច​សុំ​លោក​បាន គីម៉ូន អោយ​ដក​បុ​ព្វសិទ្ធិ និង​អភ័យ​ឯក​សិទ្ធិរបស់​​​អង្គការ​សហ​ប្រជាជាតិ​ «ជាបន្ទាន់» ដើម្បីទទួល​បាន​របាយ​​​ការណ៍​ស៊ើប​អង្កេត​​ ដែល​ដឹកនាំ​ដោយ​សហ​ប្រជាជាតិ​​​​។ ក្រុម​មេធាវី​​បាន​​សន្និដ្ឋាន​ចុង​ក្រោយ​ថា​​ ប្រសិនជា​អង្គការ​សហ​ប្រជាជាតិ​មិន​បំពេញ​តាម​សំណើ​របស់​ក្រុម​មេធាវីនោះទេ វា​នឹង​ធ្វើអោយ​ខូច​កិត្តិយស​តុលាការ​យុត្តិធម៌​។​



អានបន្ថែមលើកាសែត
-តើ​ច្បាប់​ប្រឆាំង​អំពើ​ពុករ​លួយ​នៅ​កម្ពុជា​ដែល​ត្រូវ​បាន​ទទូច​ទាម​ទារ​ អស់​រយៈ​ពេល​ជាង​មួយ​ទសវត្ស ​មក​នេះ​​នឹង​ត្រូវ​អនុម័ត​នៅ​ដើម​ឆ្នាំ​២០០៩​ដែរ​រឺ​ទេ? (០១-១២-២០០៨)
-សាលាក្តី​ខ្មែរ​ក្រហមៈ សម្តេច​ហ៊ុន សែន រិះគន់អ.ស.ប (២៤-០២-២០០៩)
-សវនាការ​បឋមៈ ការ​ជំនុំជម្រះ​លើក​ដំបូង​នៅចំពោះ​មុខ​តុលាការ​ខ្មែរក្រហម (​១៨-០២-២០០៩)
ក្រុម​​មេធាវីការ​ពារ​ក្តី​នួន ជា ដាក់​បណ្តឹង​ព្រហ្មទណ្ឌ​​ទៅកាន់​តុលាការ​ក្រុង​ភ្នំពេញ ទាក់ទង​នឹង​ការ​ចោទ​ប្រកាន់​​​អំពើពុករលួយ​នៅ​អ.វ.ត.ក (០៨-០១-២០០៩)

 


0 អធិប្បាយ
ផ្តល់សេចត្តីអធិប្បាយ
អ៊ីមែល៖
 
ចំណងជើង៖
ឈ្មោះ៖
វ៊ិបសាយ៖
[b] [i] [u] [url] [quote] [code] [img] 
 
សូមបញ្ជូលកូតដែលលោក​អ្នកឃើញនៅក្នុងរូប ។ ចុចលើរូប​ដើម្បី​ប្តូររូ​ប ។

យើង​ខ្ញុំ​សូ​​មអរគុណ​ចំពោះ​អត្ថា​ធិប្បាយ​របស់​អស់​លោក​អ្នក ។ រាល់​អត្ថាធិប្បាយ​ទាំង​អស់​មិន​​ត្រូវ​​សរ​សេរ​អោយ​លើស​ពី​១៦​បន្ទាត់​ទ្បើយ ។ សូម​បញ្ជាក់ថា កាសែត​ មិនទទួលខុសត្រូវរាល់​អត្ថា​ធិប្បាយ​ណា​ដែល​បាន​ផ្សព្វផ្សាយ​នៅ​ក្នុង​​ផ្នែក អត្ថាធិប្បាយ ទ្បើយ។ រាល់អត្ថាធិប្បាយ​ទាំង​អស់​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​អ្នក​អាន មិន​​មែន​ជា​ទស្សនៈ​របស់​ផ្នែក​និពន្ធ​យើង​ទេ។ ចំពោះ​ព័ត៌​មាន​បន្ថែម​សូមទាក់​ទង​យើង​ខ្ញុំ​តាម​រយៈអ៊ីម៉ែល Cet e-mail est protégé contre les robots collecteurs de mails, votre navigateur doit accepter le Javascript pour le voir

3.26 Copyright (C) 2008 Compojoom.com / Copyright (C) 2007 Alain Georgette / Copyright (C) 2006 Frantisek Hliva. All rights reserved."

 
Empower your lifestyle with BlackBerry from Hello
 

 
 
ដំណឹងថ្មីៗ