|
អធិប្បាយចុងក្រោយ
|
| គ្រោះថ្នាក់ការងារៈ ជំហានស្ទាក់ស្ទើរនៃការចាប់ផ្តើមអនុវត្តប្រព័ន្ធសន្តិសុខសង្គមមួយនៅកម្ពុជា |
| ដោយ រស់ ឌីណា | | | ២៦-០២-២០០៩ |  ចោមចៅ (ភ្នំពេញ កម្ពុជា) ថ្ងៃទី២៩ កញ្ញា ២០០៨៖ បេឡាជាតិរបបសន្តិសុខសង្គមបានប្រកាសអោយដឹងថាគ្រោះថ្នាក់ការងារចំនួន៣៥០ករណី នៅរយៈពេល៣ខែកន្លងមកនេះ ជាប់ពាក់ព័ន្ធភាគច្រើនទៅនឹងកម្មករ-កម្មាការិនីនៃវិស័យរោងចក្រកាត់ដេរ។ © ចន វីង / Magnum អស់រយៈពេល៣ខែមកនេះ កម្មករ-កម្មាការិនីកម្ពុជាប្រមាណជិត៣៥ម៉ឺននាក់ ដែលភាគច្រើនបម្រើការងារនៅក្នុងវិស័យរោងចក្រកាត់ដេរ បានទទួលអត្ថប្រយោជន៍ពីសេវាកម្មធានារ៉ាប់រងគ្រោះថ្នាក់ការងារដ៏ថ្មីស្រឡាងមួយ ដែលត្រូវបានឧបត្ថម្ភដោយវិភាគទានពិសេសរបស់និយោជក និងត្រូវបានគ្រប់គ្រងដោយគ្រឹះស្ថានសាធារណៈថ្មីមួយ គឺបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) ។ កាលពីមុន អាជ្ញាធរកម្ពុជាកត់សម្គាល់ឃើញថាគ្រោះថ្នាក់ការងារមានចំនួនប្រមាណ១០ករណីប៉ុណ្ណោះ ក្នុងមួយឆ្នាំ។ ចាប់តាំងពីការដាក់អោយដំណើរការប្រព័ន្ធនេះ កាលពីខែវិច្ឆិកា ឆ្នាំ២០០៨មក គ្រោះថ្នាក់ការងារចំនួន៣៥០ករណីត្រូវបានប្រកាសអោយដឹង ដែលក្នុងនោះ ២០ករណីមានកំរិតធ្ងន់ធ្ងរ ហើយស្លាប់ ៣ករណី។ ករណីគ្រោះថ្នាក់ទាំងនេះអាចសរបញ្ជាក់អោយឃើញអំពីសារៈសំខាន់នៃសេវាកម្មធានារ៉ាបរងនេះ។ ប៉ុន្តែ ទាំងភាគីនិយោជក ក៏ដូចជាសហជីពមិនមានគំនិតនេះជាឯកច្ឆ័ននោះទេ។ សហគ្រាសប្រមាណជាង៣៨០ ស្ម័គ្រចូលរួមសេវាកម្មថ្មីនេះ ច្បាប់ស្តីពីគ្រោះថ្នាក់ការងារ ដែលត្រូវបានអនុម័តកាលពីខែមីនា ឆ្នាំ២០០៧ បានដាក់កំហិតអោយនិយោជកទាំងអស់នៅប្រទេសកម្ពុជា ត្រូវប្រកាសឈ្មោះបុគ្គលិករបស់ខ្លួននៅ បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) និងត្រូវផ្តល់វិភាគទានធានារ៉ាប់រងការងារ ចំនួន០,៨%នៃប្រាក់បៀវត្សគោលរបស់បុគ្គលិកម្នាក់ៗ។ លោកស៊ុំ សោភ័ណ នាយករង ប.ស.ស ទទួលបន្ទុកគ្រប់គ្រងប្រព័ន្ធសុវត្ថិភាពសង្គម បានសំដែងសោមនស្សរីករាយថា ចាប់តាំងពីការបង្កើតបេឡាជាតិរបបសន្តិសុខសង្គម កាលពីខែវិច្ឆិកាមក សហគ្រាសចំនួន៣៨៦ បានសម្របទៅនឹងកាតព្វកិច្ចថ្មីនេះ។
ឧស្សាហកម្មកាត់ដេរគឺជាចំណុចដ៏សំខាន់នៃសេវាកម្មនេះ និងជាអ្នកត្រួតត្រាយផ្លូវដើរនៅក្នុងប្រទេសជាតិមួយ ដែលមិនទាន់ជឿលឿននឹងគំនិតធានារ៉ាប់រងនេះនៅឡើយ។ នៅចំណោមសហគ្រាសទាំងនោះ រោងចក្រកាត់ដេរចំនួន២៨០ យល់ព្រមចូលរួមសេវាកម្មនេះ។ ចំនួននេះមានត្រឹមតែជាងពាក់កណ្តាលនៃរោងចក្រកាត់ដេរ ដែលប្រតិបត្តិការជាផ្លូវការនៅប្រទេសកម្ពុជាប៉ុណ្ណោះ ប៉ុន្តែ លោកនាយករង ប.ស.ស បានអះអាងថា «រោងចក្រផ្សេងទៀតបានបង្ហាញឆន្ទៈសុំបង់កាតព្វកិច្ចថ្មីនេះនៅខែបន្តបន្ទាប់ ដោយបានស្នើសុំរយៈពេលបន្ថែម ដើម្បីសម្របទៅនឹងសេវាកម្មដ៏ថ្មីស្រឡាងនេះ ព្រោះសព្វថ្ងៃ កំពុងជួបវិបត្តិហិរញ្ញវត្ថុពិភពលោក។ ចំណែករោងចក្រកាត់ដេរដែលទទួលផលិតផលពីគេជាង១០០ ដែលមិនបានចុះបញ្ជីនៅក្រសួងពាណិជ្ជកម្ម នាំអោយមានការលំបាកចូលធ្វើការ»។
អសុវត្ថិភាពនៅតាមផ្លូវធ្វើដំណើរពីផ្ទះ ទៅកន្លែងធ្វើការ គឺជាមូលហេតុទី១នៃគ្រោះថ្នាក់ បេឡាជាតិរបបសន្តិសុខសង្គមបានប្រកាសអោយដឹងថាគ្រោះថ្នាក់ចំនួន៣៥០ករណី នៅ រយៈពេល៣ខែកន្លងមកនេះ ជាប់ពាក់ព័ន្ធភាគច្រើនទៅនឹងកម្មករ-កម្មាការិនីនៃវិស័យរោងចក្រកាត់ដេរ បន្ទាប់មកគឺ វិស័យសំណង់ សណ្ឋាគារ ធនាគារ និងភោជនីយដ្ឋាន។ ការធានារ៉ាប់រងនេះមិនត្រឹមតែគ្របដណ្តប់លើគ្រោះថ្នាក់ ដោយសារលក្ខខណ្ឌការងារប៉ុណ្ណោះនោះទេ ប៉ុន្តែ វាក៏គ្របដណ្តប់លើគ្រោះថ្នាក់តាមដងផ្លូវធ្វើដំណើរចន្លោះរវាងផ្ទះកម្មករ នឹងកន្លែងធ្វើការផងដែរ។ តួយ៉ាង គ្រោះថ្នាក់ដែលកើតមានភាគច្រើនគឺជាគ្រោះថ្នាក់នៅតាមផ្លូវ ពីផ្ទះទៅកន្លែងធ្វើការ។
នៅករណីមានគ្រោះថ្នាក់ អ្នករងគ្រោះអាចទទួលថ្លៃព្យាបាលអតិបរមា៧០%នៃតម្លៃព្យាបាលសរុប នៅតាមមន្ទីរពេទ្យដែលរៀបចំដោយប.ស.ស។ គិតមកទល់ថ្ងៃនេះ មន្ទីរពេទ្យចំនួន៣ មានឈ្មោះនៅក្នុងបញ្ជីរបស់ប.ស.ស គឺមន្ទីរពេទ្យកាល់ម៉ែត នាទីក្រុងភ្នំពេញ និងមន្ទីរពេទ្យនៅខេត្តកណ្តាល និងខេត្តកំពស់ស្ពឺ។ បណ្តាញនេះនឹងពង្រីកវិសាលភាពរបស់ខ្លួន នៅតាមបណ្តាខេត្តផ្សេងទៀត នៅឆ្នាំ២០០៩ ដូចជាខេត្តសៀមរាប កំពង់ឆ្នាំង កំពង់ចាម ស្វាយរៀង និងព្រះវិហារ។
ថ្លៃពេទ្យ និងប្រាក់សោធន លោកស៊ុំ សោភ័ណ សំដែងភាពរីករាយថា «ដំបូងឡើយ យើងពិបាកចុះសម្រុងជាមួយមន្ទីរពេទ្យ ព្រោះវាជាសេវាកម្មថ្មី ហើយជាទំលាប់ អ្នកជំងឺត្រូវបង់ប្រាក់ជាមុន។ ប៉ុន្តែ ក្រោយមកបន្តិចម្តងៗ យើងបានឈានទៅរកការព្រមព្រៀងមួយ ហើយចាប់ពីពេលនេះតទៅ កម្មករនឹងអាចទទួលបានអត្ថប្រយោជន៍ពីសេវាកម្មធានារ៉ាប់រងនេះ»។ សម្រាប់ការសម្រាកព្យាបាលមួយយប់ នៅក្នុងបន្ទប់ម៉ាស៊ីនត្រជាក់នៅមន្ទីរពេទ្យកាល់ម៉ែត អ្នកជំងឺដែលមានធានារ៉ាប់រង នឹងត្រូវចំណាយប្រាក់ត្រឹមតែ៧,២ដុល្លារ ចំណែកប្រាក់១៦,៨ដុល្លារដែលនៅសល់គឺជាបន្ទុកផ្ទាល់របស់ប.ស.ស។ ផ្ទុយទៅវិញ អ្នកកំដរអ្នកជំងឺបានទទួលថ្លៃកំដរ ៣៥%។ ប្រសិនជាអ្នកជំងឺព្យាបាលនៅមន្ទីរពេទ្យមួយផ្សេងពីមន្ទីរពេទ្យបង្អែក រឺក៏ពិគ្រោះយោបល់នៅខាងក្រៅ និងទិញថ្នាំព្យាបាលជំងឺ ដែលជាប់ពាក់ព័ន្ធនឹងគ្រោះថ្នាក់ការងារ គេត្រូវចេញថ្លៃចំណាយផ្ទាល់ខ្លួនជាមុនសិន រួចបង្ហាញវិក័យបត្រអោយទៅប.ស.ស ដើម្បីទទួលបានប្រាក់សំណងមកវិញចំនួន៧០% នៃថ្លៃចំណាយសរុប។
ដោយឡែក ប្រព័ន្ធធានារ៉ាប់រងនេះបានចែងថាបេឡាជាតិរបបសន្តិសុខសង្គមនឹងបង់ប្រាក់សោធនពិការភាពជូនកម្មករ ក្នុងករណីមានគ្រោះថ្នាក់ដែលបណ្តាលអោយពិការធ្ងន់ធ្ងរ ព្រមទាំងផ្តល់ជំនួយហិរញ្ញវត្ថុដល់សមាជិកគ្រួសារអ្នកត្រូវធានារ៉ាប់រង ក្នុងករណីបាត់បង់ជីវិត។ លោកស៊ុំ សោភ័ណ មានប្រសាសន៍លំអិតថា «ប្រសិនជាអ្នកមានធានារ៉ាប់រង មានភរិយារឺស្វាមី និងកូន បេឡាជាតិនឹងបង់ប្រាក់សោធនអាហារកិច្ចដល់សាច់ញាតិទាំងនោះ រហូតដល់កូនៗមានអាយុ១៨ឆ្នាំ រឺអាចរហូតដល់អាយុ២១ឆ្នាំ សម្រាប់ករណីខ្លះ។ ការបង់ប្រាក់នេះនឹងបញ្ចប់ ករណីប្រពន្ធ រឺប្តីរៀបអាពាហ៍ពិពាហ៍សាជាថ្មី»។
វិភាគទានអតិបរមា សម្រាប់និយោជក ទឹកប្រាក់វិភាគទាន០,៨%នៃប្រាក់បៀវត្សគោលរបស់កម្មករម្នាក់ៗ មានកំរិតអតិបរមា និងអប្បបរមា៖ ប្រាក់បៀវត្សគោលប្រចាំខែអប្បបរមាគិតត្រឹម ២០ម៉ឺនរៀល (៥០ដុល្លារ) ទោះជាគេទទួលប្រាក់ខែតិចជាង២០ម៉ឺនក៏ដោយ ហើយអតិបរមាគឺ១លានរៀល (២៥០ដុល្លារ)។ ដូច្នេះ បើគេធ្វើការគណនា ការផ្តល់វិភាគទានប្រចាំខែ ស្ថិតនៅចន្លោះពី១៦០០រៀល (០,៤ដុល្លារ) ទៅ៨០០០រៀល (២ដុល្លារ) ក្នុងបុគ្គលិកម្នាក់។
មុនបង្កើតប្រព័ន្ធនេះ រាល់ករណីគ្រោះ ថ្នាក់ការងាររបស់កម្មករ ធ្វើឡើងតាមការចរចាតម្លៃគ្នារវាងគ្រួសារជនរងគ្រោះ និងថៅកែ ហើយរឿងនេះ វាអាស្រ័យលើសុឆន្ទៈរបស់ថៅកែ។ ឧទាហរណ៍ ករណីបាត់បង់ជីវិត ប្រាក់បំណាច់អាចចន្លោះពី១ ០០០ ទៅ១ ៥០០ដុល្លារ។
សហជីពបរិហារថាសេវាកម្មឥតមានតម្លៃ តាមទ្រឹស្តី ប្រព័ន្ធនេះពិតជាអាចបំពេញតម្រូវការរបស់កម្មករ និងសហជីពដែលការពារផលប្រយោជន៍របស់កម្មករ។ ប៉ុន្តែ ជាក់ស្តែង សហជីពបែរជាគិតថាសេវាកម្មនេះមិនមានដំណើរការ ហើយកម្មករ-កម្មការិនីមួយចំនួនមិនអាចទទួលបានអត្ថប្រយោជន៍ពិតប្រាកដពីសេវាកម្មនេះនោះទេ។ បើតាមលោកជា មុនី ប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា ប្រព័ន្ធនេះមានភាពស្មុគស្មាញពេក។ លោកបានលើកឧទាហរណ៍ថា ដើម្បីទទួលបានសិទ្ធិធានារ៉ាប់រង បន្ទាប់ពីកើតមានគ្រោះថ្នាក់ចរាចរណ៍ អ្នកទទួលបានការធានារ៉ាប់រងត្រូវបង្ហាញបេឡាជាតិ នូវកំណត់ហេតុរបស់ប៉ូលីស និងលិខិតបញ្ជាក់មួយច្បាប់ពីសហគ្រាស។ ប៉ុន្តែ ការធ្វើកំណត់ហេតុពីមន្រ្តីប៉ូលីស ត្រូវចំណាយប្រាក់ច្រើន (យ៉ាងតិច១០ដុល្លារ) ស្របពេលដែលសហគ្រាសពិបាក មិនចង់បញ្ជាក់លិខិតអោយទៀត។ លោកប្រធានបានចោទប្រកាន់ថា «ប្រសិនជាប្រព័ន្ធនេះត្រូវបានអនុវត្តអោយបានត្រឹមត្រូវ វាពិតជានឹងផ្តល់ភាពចំណេញដល់សុខភាពកម្មករ។ ប៉ុន្តែ ខ្ញុំមិនជឿស្ថាប័នធានារ៉ាប់រងនេះទេ ព្រោះនៅមានអំពើពុករលួយច្រើនពេក ហើយគេមិនយកផលប្រយោជន៍កម្មករជាអាទិភាពនោះទេ»។
លោកជា មុនី បានរិះគន់ថា សេវាកម្មធានារ៉ាប់រងដ៏ក្មេងខ្ចីនេះនៅខ្វះតម្លាភាព តំណាងសហជីពភាគច្រើនបានទទួលព័ត៌មានតិចតួចពីដំណើរការស្ថាប័ននេះ។ យ៉ាងណាមិញ លោកនួន វាសនា អ្នកសម្របសម្រួលនៃអង្គការពលកម្មអន្តរជាតិប្រចាំកម្ពុជា ទទួលបន្ទុកសហជីពនិងកម្មករ ក៏បានទទួលស្គាល់អំពីកង្វះខាតផ្នែកព័ត៌មាននេះផងដែរ។ ប៉ុន្តែ លោកបានគូសបញ្ជាក់ថា នេះគ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះ។
និយោជកស្រែកថា យឺតពេក ថ្លៃពេក ចំណែកខាងនិយោជកវិញ យល់ឃើញថាការដាក់អោយដំណើរការប្រព័ន្ធនេះគឺជាការកាត់បន្ថយបន្ទុកមួយរបស់ម្ចាស់រោងចក្រ។ លោកជាតិ ខេមរា មន្រ្តីជាន់ខ្ពស់ទទួលបន្ទុកជម្លោះការងារនៃសមាគមនិយោជករោងចក្រកាត់ដេរកម្ពុជា (GMAC) ក៏ទទួលស្គាល់អំពីភាពចាំបាច់នៃការបង្កើតសេវាកម្មធានារ៉ាប់រងនោះដែរ ព្រោះប្រព័ន្ធនេះអាចនឹងជួយសម្រួល និងបញ្ជាក់ពីភាពទទួលខុសត្រូវរបស់រោងចក្រកាន់តែច្បាស់លាស់។ ប៉ុន្តែ ដំណើរការសេវាកម្មនេះមិនមានការរីកចម្រើនសោះចាប់តាំងពី៣ខែកន្លងមក ពោលគឺនៅពេលកើតមានគ្រោះថ្នាក់ការងារ បើទោះបីជាសហគ្រាសបានបង់វិភាគទានទៅកាន់បេឡាជាតិក៏ដោយ ក៏សហគ្រាសរបស់លោកនៅតែចេញថ្លៃខូចខាតដល់អ្នករងគ្រោះ ដូចកាលពីមិនទាន់បង្កើតសេវាកម្មនេះដដែល ព្រោះការចេញសងពីសំណាក់បេឡាជាតិរបបសន្តិសុខសង្គមមានភាពយឺតយ៉ាវពេក។ លោកបានកត់សម្គាល់ថា «ដូច្នេះ ភាគីខាងនិយោជកនៅតែជួបបញ្ហាលំបាកបន្ថែមដដែល»។ លោកសង្ឃឹមការប្រព័ន្ធនេះនឹងមានការរីកចម្រើន ដោយវាយតម្លៃថា «វាគឺជារឿងធម្មតា នៅពេលចាប់ផ្តើម វាតែងតែជួបបញ្ហាអញ្ជឹង»។
កាលៈទេសៈមិនអំណោយផលទៅនឹងការវិវត្តន៍សង្គម តំណាងសមាគម GMAC រូបនេះក៏បានលើកអំណះអំណាងថា រយៈពេលនៃវិបត្តិសេដ្ឋកិច្ចនេះមិនមែនជាឱកាសសម្រាប់ការបង្កើតប្រព័ន្ធបែបនេះឡើយ ខណៈពេលនិយោជកកំពុងស្ថិតនៅក្នុង«ស្ថានភាពយ៉ាប់យឺនបំផុត» ដោយត្រូវប្រឈមនឹងការធ្លាក់ចុះការបញ្ជាទិញ និងបញ្ហាហិរញ្ញវត្ថុ។ លោកជាតិ ខេមរា បានចោទសួរថា «និយោជករោងចក្រកាត់ដេរខ្លះមិនមានសុឆន្ទៈអនុវត្តតាមប្រព័ន្ធធានារ៉ាប់រងនេះទេ។ ពួកគេមិនសប្បាយចិត្តឡើយ។ ប៉ុន្តែ និយោជកគ្មានជម្រើសនោះទេ។ ប្រសិនជាយើងស្ថិតនៅក្នុងស្ថានភាពអំណោយផលវិញ ដូចកាលឆ្នាំ២០០៧ វាមិនចោទជាបញ្ហានោះទេ។ ប៉ុន្តែ សព្វថ្ងៃនេះ...។ ជាក់ស្តែង នេះ គឺជាច្បាប់ ប៉ុន្តែ តើត្រូវធ្វើដូចម្តេច?»
តំណាងសមាគម GMAC រូបនេះសង្ឃឹមថារដ្ឋាភិបាលនឹងឆ្លើយតបទៅនឹងការព្រួយបារម្ភរបស់និយោជក។ បើតាមប្រសាសន៍របស់លោក អាជ្ញាធរត្រៀមលក្ខណៈទទួលបន្ទុកមួយភាគពីរោងចក្រ គឺរដ្ឋាភិបាលបង់វិភាគទាន០,៣% នៃប្រាក់បៀវត្សគោល ចំណែកនៅសល់០,៥% គឺជាបន្ទុករបស់សហគ្រាស។ ប៉ុន្តែ រដ្ឋាភិបាលមិនទាន់បានសម្រេចជាផ្លូវការនៅឡើយទេ។
ដោយឡែក អ្នកទទួលខុសត្រូវបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) បាននិយាយថាខ្លួនបើកចំហទទួលរាល់ពាក្យរិះគន់។ មកទល់សព្វថ្ងៃនេះ មានតែសិក្ខាសាលាចំនួនពីរប៉ុណ្ណោះ ដែលបានធ្វើជាមួយតំណាងនិយោជកនិងសហជីព ដើម្បីពន្យល់លំអិតអំពីដំណើរការសេវាកម្មធានារ៉ាប់រងគ្រោះថ្នាក់ការងារនេះ។ លោកនាយករង ប.ស.ស ទទួលស្គាល់ថា «ជាការពិត ដែលសហជីពមួយចំនួនបានទទួលព័ត៌មានតិចតួចអំពីសេវាកម្មថ្មីនេះ ។ យើងនឹងរៀបចំអោយមានសេវាកម្ម Hotline ដើម្បីអោយកម្មករអាចទទួលព័ត៌មានដោយផ្ទាល់ និងស្គាល់អំពីសិទ្ធិរបស់ខ្លួន។ ប៉ុន្តែ ការផ្សព្វផ្សាយព័ត៌មានត្រូវចំណាយថវិកាអស់ច្រើន ហើយសម្រាប់ពេលនេះយើងចំណាយច្រើនរួចទៅហើយទៅលើរដ្ឋបាល»។ មុននឹងរៀបចំយុទ្ធនាការផ្សព្វផ្សាយព័ត៌មានដ៏ទូលំទូលាយ ប.ស.សបានរៀបចំកិច្ចប្រជុំព័ត៌មានតូចមួយ ជារៀងរាល់ថ្ងៃព្រហស្បតិ៍។ នៅក្នុងកិច្ចប្រជុំនោះ តំណាងកម្មករ និងនិយោជក អាចប្រាប់បញ្ហាដែលជួបប្រទះនៅក្នុងការអនុវត្តប្រព័ន្ធនេះ។
ការផាកពិន័យ តាមច្បាប់ សហគ្រាសឯកជនដែលមិនអនុវត្តតាមបទបទបញ្ញត្តិថ្មីនេះ នឹងត្រូវពិន័យចំនួន១០ថ្ងៃ ក្នុងកម្មករមួយនាក់ ដែលក្នុងមួយថ្ងៃត្រូវពិន័យ៨ពាន់រៀល (២ដុល្លារ) សរុប១០ថ្ងៃ គឺ ២០ដុល្លារ ក្នុងមួយនាក់ ស្របពេលដែលវិភាគទានប្រចាំឆ្នាំសម្រាប់កម្មករមួយនាក់ មានត្រឹមតែ៧,៦ដុល្លារប៉ុណ្ណោះក្នុងមួយឆ្នាំ។ ប៉ុន្តែ រហូតមកដល់ពេលនេះ មិនទាន់មានសហគ្រាសណាមួយត្រូវបានពិន័យឡើយ។ លោកស៊ុំ សោភ័ណ បានបញ្ជាក់ថា «ជាបឋម យើងព្យាយាមពន្យល់អំពីសារៈប្រយោជន៍នៃប្រព័ន្ធនេះ ដល់ [អ្នកប្រកែកមិនអនុវត្តតាមច្បាប់] ដោយពន្យល់ប្រាប់សហគ្រាសទាំងនោះអោយបានច្បាស់ ជៀសវាងការផាកពិន័យ។ យើងត្រូវទាក់ទាញចំណាប់អារម្មណ៍របស់អ្នកវិនិយោគទុន។ ប្រសិនជាពួកគេប្រកែកមិនអនុវត្តគោលការណ៍នេះ យើងនឹងអនុវត្តការផាកពិន័យ»។
ហេតុដូច្នេះ បេឡាជាតិរបបសន្តិសុខសង្គមបានរៀបចំយុទ្ធសាស្រ្តធម៌ត្រជាក់មួយ គឺជាបឋម បេឡាជាតិអញ្ជើញប្រធានសហគ្រាសពាក់ព័ន្ធ មកចូលរួមកិច្ចប្រជុំមួយស្តីពីសេវាកម្មធានារ៉ាប់រងនេះ។ បន្ទាប់មក ថៅកែរោងចក្រទាំងនោះមានរយៈពេលមួយខែ ដើម្បីបំពេញកាតព្វកិច្ចរបស់ខ្លួន ហើយទទួលព័ត៌មានផ្សេងៗ។ ប្រសិនជាក្រោយពេលនោះ សហគ្រាសនៅមិនព្រមអនុវត្តតាមគោលការណ៍ និយោជកនឹងទទួលរបាយការណ៍អធិការកិច្ចមួយពីបេឡាជាតិ ប្រាប់ថា១៥ថ្ងៃក្រោយ គាត់ជាប់វិភាគទាន ហើយគាត់ត្រូវមកបង់វិភាគទាននៅខែបន្ទាប់។
ការពង្រីកវិសាលភាពនៃការធានារ៉ាប់រង បន្ទាប់ពីការបង្កើតសេវាកម្មធានារ៉ាប់រងគ្រោះថ្នាក់ការងារមក បេឡាជាតិរបបសន្តិសុខសង្គមសង្ឃឹមថានឹងចេញគម្រោងពីរផ្សេងទៀតបន្តទៀត គឺការធានារ៉ាបរងសុខភាពនៅឆ្នាំ២០១០ ហើយពីរឆ្នាំក្រោយមក គឺការធានារ៉ាប់រងប្រាក់ចូលនិវត្តន៍។ មូលនិធិវិភាគទានត្រូវដាក់នៅក្នុងគណនីធនាគារមួយ នៅធនាគារឯកជន គឺធនាគារអេស៊ីលីដា ហើយមូលនិធិនេះអាចនឹងយកទៅបណ្តាក់ទុននៅក្នុងវិស័យអចលនទ្រព្យ រឺវិនិយោគជាមួយរដ្ឋាភិបាល។ លោកស៊ុំ សោភ័ណ បានគូសបញ្ជាក់ថា «ប្រសិនជាយើងអាចប្រមូលថវិកាបានច្រើនដោយជោគជ័យ យើងនឹងបណ្តាក់ទុនជូនរដ្ឋជាអាទិភាព ព្រោះរដ្ឋផ្តល់ការធានាទុកចិត្តរយៈពេលយូរ។ ប៉ុន្តែ រាល់ការបណ្តាក់ទុននីមួយៗត្រូវមានការសម្រេចពីក្រុមប្រឹក្សាភិបាល»។ នេះគឺជាការសម្រេចចិត្តដ៏មានសារៈប្រយោជន៍មួយ នៅអំឡុងពេលពិភពលោកកើតមានវិបត្តិហិរញ្ញវត្ថុ។
|
|
|