កា​សែត​គឺ​ជា​វ៉ិប​សាយ​ព័ត៌​មាន​ឯក​រាជ្យ​ដែល​ចេញ​ផ្សាយ​ប្រ​ចាំ​ថ្ងៃ​ជា​ភាសាខ្មែរ ​បា​រាំង និងអង់គ្លេស ​ស្តី​អំ​ពី​ប្រទេស​កម្ពុជា​និង​ប្រ​ជា​ជន​កម្ពុជា​នៅ​ក្រៅ​ប្រទេស ។
Installing Khmer Unicode
Bookmark and Share

ទទួល​ព័ត៌​មាន​




 
ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុមប្រឹក្សា​នា​ខែឧសភា​នៅ​កម្ពុជាៈ ការ​​​គណនា​អាសនៈក្រុម​ប្រឹក្សា​ក្រៅ​ផ្លូវការ​របស់ខុមហ្វ្រែល
ដោយ ដួង សុខា   
បោះពុម្ភ ផ្ញើអត្ថបទ​តាម​ Email
២៦-០២-២០០៩

អូរតាពាំង (ពោធិ៍សាត់ កម្ពុជា) ថ្ងៃទី​២៦ ឧសភា ២០០៨៖ ស្លាកសញ្ញា​មួយ​របស់​គណបក្ស​សម រង្ស៊ី នៅ​ពេល​មាន​ព្យុះ​ ​តាម​ផ្លូវ​ឆ្ពោះ​ទៅ​កាន់ទីក្រុងភ្នំពេញ
© ចន វីង​ / Magnum

ថ្ងៃ​អាទិត្យ ទី​១៧ ខែ​ឧសភា ឆ្នាំ​២០០៩ ខាង​មុខនេះ នឹង​មាន​ព្រឹត្តិការណ៍​បោះឆ្នោត​មួយ គឺ​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​រាជធានី ក្រុម​ប្រឹក្សា​​ខេត្ត ក្រុម​ប្រឹក្សា​ក្រុង ក្រុម​ប្រឹក្សា​​ស្រុក និង​ក្រុម​ប្រឹក្សា​​ខ័ណ្ឌ ។ ប៉ុន្តែ លទ្ធផល​នៃ​ការ​បោះឆ្នោត​នេះ​អាចដឹង​​ទុក​មុន​រួច​ទៅហើយ ថា​​គណបក្ស​កាន់​អំណាច (គណបក្ស​ប្រជាជន​កម្ពុជា) នឹង​ទទួល​ជោគ​ជ័យ​នៅ​ក្នុង​ការ​បោះ​ឆ្នោត​​ក្រុម​ប្រឹក្សាលើក​​នេះ។ គណៈកម្មាធិការ​ដើម្បីការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​​កម្ពុជា​ (ខុម​ហ្រ្វែល) ដែល​ជា​អង្គការ​​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត​​​​ក្នុ​ង​ស្រុក​ដ៏​សំខាន់​មួយ​​បាន​ធ្វើ​​ការ​សាក​ល្បង​គណនា​អាសនៈ «ក្រុម​ប្រឹក្សា» ក្រៅ​ផ្លូវ​ការ​ នៅ​​ថ្ងៃ​ពុធ ទី​២៥ ខែកុម្ភៈ​នេះ​ដោយ​បាន​បញ្ជាក់​ថា​ គណបក្ស​កាន់​អំណាច​នឹង​ទទួល​បាន​អាសនៈ​ដ៏​ច្រើន​លើស​លុប ដោយ​បន្សល់​ទុក​អាសនៈ​តិច​តួច​ប៉ុណ្ណោះ ​សម្រាប់​គណបក្ស​​៣ផ្សេង​ទៀត ដែលមាន​អាសនៈ​​​នៅ​​​ក្នុង​​រដ្ឋ​​សភា​។ ខុម​ហ្វ្រែល​បាន​រិះគន់​​​ការ​បោះ​ឆ្នោត​តាមបែប​​ប្រព័ន្ធ​​​អសកលនេះ ដោយសារ​មិនមាន​ការ​ចូល​រួម​ពី​​ប្រជាពល​រដ្ឋ ដែល​អាច​​ធ្វើអោយ​លទ្ធផល​ប្រែ​ប្រួល​​បាន។ អង្គការ​ក៏​បាន​សំដែង​ការ​សោក​ស្តាយផងដែរ ចំពោះ​​​ការ​​ចំណាយ​​មធ្យម​សម្រាប់​អ្នក​បោះ​ឆ្នោតម្នាក់ ដែល​មាន​តម្លៃ​ខ្ពស់​ជាង​៥​ដង​នៃ​ការ​ចំណាយ​ សម្រាប់​ការ​​បោះ​ឆ្នោត​ថ្នាក់​ជាតិ​។

 

ការ​គណនា​បែប​សាមញ្ញ​
តាម​ច្បាប់ ប្រព័ន្ធ​បោះឆ្នោត​​អសកល​នេះ​តម្រូវ​អោយ​តែ​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​ សង្កាត់​ ប៉ុណ្ណោះ ដែល​មាន​សិទ្ធិ​បោះ​​ឆ្នោត​នៅ​ថ្ងៃទី​១៧ ខែ​ឧសភា​ខាង​​មុខ​នេះ ដើម្បីជ្រើស​រើស​ក្រុម​ ប្រឹក្សា​រាជធានី ក្រុម​ប្រឹក្សា​​ខេត្ត ក្រុម​ប្រឹក្សា​ក្រុង ក្រុម​ប្រឹក្សា​​ស្រុក និង​ក្រុមប្រឹក្សា​ខ័ណ្ឌ​​។ អង្គការ​សង្កេត​ការណ៍​បោះឆ្នោត​នៅ​កម្ពុជា ​​ខុម​ហ្វ្រែល ​  ​​បាន​ធ្វើ​ការ​​​គណនា​​ក្រៅផ្លូវ​ការ​មួយ​ ដើម្បី​​ប៉ាន់​ប្រមាណ​​​ការ​បែង​​ចែក​អាសនៈ​រវាង​គណបក្ស​ទាំង​៤ ដែល​មាន​តំណាង​ជា​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​ សង្កាត់ ដោយ​​សន្មត​ថា​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់​មក​ពីគណបក្ស​ណាមួយ នឹង​បោះឆ្នោត​ជ្រើស​​រើស​គណបក្ស​របស់​ខ្លួន​ជា​មិន​ខាន​​​។ របៀប​នៃការ​គណនា​នេះ គឺ​​ខុមហ្វ្រែល​គ្រាន់តែ​យក​ចំនួន​អាសនៈ​នៃ​​​ក្រុម​ប្រឹក្សា​រាជធានី ក្រុម​ប្រឹក្សា​​ខេត្ត ក្រុម​ប្រឹក្សា​ក្រុង ក្រុម​ប្រឹក្សា​​ស្រុក ក្រុមប្រឹក្សា​ខ័ណ្ឌ​ ចែក​នឹង​ចំនួន​សមាជិក​ក្រុម​​ប្រឹក្សា​ឃុំ សង្កាត់​នៃ​គណបក្ស​នីមួយៗ។​
 
ដូចនេះ នៅ​ក្នុង​ចំណោម​អាសនៈ​ទាំង​២១​នៃ​ក្រុម​ប្រឹក្សា​រាជធានី​ភ្នំពេញ គណបក្ស​របស់​សម្តេច​​នាយក​រដ្ឋ​មន្រ្តី​ហ៊ុន សែន អាច​នឹង​ទទួល​បាន​អាសនៈ​១៣ ស្មើ​នឹង​​​៦១,៥% គណបក្ស​សម រង្ស៊ី​អាច​នឹង​ទទួល​បាន​៨អាសនៈ ស្មើ​នឹង​៣៨,១០% ចំណែក​គណបក្ស​នរោត្តម រណឫទ្ធិ​និង​គណបក្ស​ហ៊្វុនស៊ិន​ប៉ិច​អាច​នឹង​​មិនទទួល​បាន​អាសនៈ​ឡើយ។​

ភាព​មិន​ច្បាស់​លាស់​រវាង​អាសនៈ​​គណបក្ស​នរោត្តម រណឫទ្ធិ និង​ហ៊្វុន​ស៊ិន​ប៉ិច​
អាសនៈ​សម្រាប់​ក្រុម​ប្រឹក្សា​ខេត្ត​ទាំង​២៣​នៅទូទាំង​ប្រទេស​ គណបក្ស​ប្រជាជនកម្ពុជា​អាច​នឹង​ទទួល​បាន​២៧៣​អាសនៈ ស្មើ​នឹង​៧៧,៣៤% គណបក្ស​សម រង្ស៊ី អាច​នឹង​ទទួល​បាន​៦៩​អាសនៈ ស្មើនឹង​១៩,៥៥% គណបក្ស​នរោត្តម រណឫទ្ធិអាច​នឹង​ទទួល​បាន​៧អាសនៈ ស្មើ​នឹង​១,៩៨% ហើយ​គណបក្ស​ហ៊្វុនស៊ិន​ប៉ិច​អា​ច​នឹង​ទទួល​បាន​៤អាសនៈ ស្មើនឹង​១,១៣%។​ «​ប្រសិនជា​គណបក្ស​ហ៊្វុន​ស៊ិន​ប៉ិច​និង​គណបក្ស​​នរោត្តម រណឫទ្ធិ​សហការ​​គ្នា​ ក្នុង​ការ​ជួយ​គាំទ្រ​សន្លឹក​ឆ្នោត​អោយ​គ្នា​ទៅវិញ​ទៅមកវិញ​នោះ លទ្ធផល​នឹង​ប្រែប្រួល​ខ្លះ​ ដូច​ជា​​គណបក្ស​ប្រជាជន​កម្ពុជា​អាច​នឹង​ទទួល​បាន​២៧២​អាសនៈ គណបក្ស​សម រង្ស៊ី​អាច​នឹង​ទទួល​បាន​៦៨​អាសនៈ។ គណបក្ស​ហ៊្វិន​ស៊ិន​ប៉ិច​រួម​និង​គណបក្ស​​នរោត្តម រណឫទ្ធិ អាច​នឹង​ទទួល​បាន​១៣​អាសនៈ​»។ ការ​រួប​រួម​កម្លាំង​ជា​យថាហេតុ​បែប​នេះ​ទំនង​ជា​នឹង​អាច​​កើត​មាន​​ឡើង​ បន្ទាប់​​គណបក្ស​រាជានិយម​ទាំង​ពីរ​បានចុះ​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​«រាជានិយម» មួយ កាលពី​ថ្ងៃទី​២ ខែកុម្ភៈ ឆ្នាំ​២០០៩ សម្រាប់ការ​បោះឆ្នោត​ថ្ងៃទី​១៧ ខែ​ឧសភា​​ខា​ង​មុខនេះ។​

ខុម​ហ្រែ្វល​បាន​រំពឹង​ទុក​ថា អាសនៈ​សម្រាប់​ក្រុមប្រឹក្សា​ក្រុង ស្រុក ខ័ណ្ឌ ដោយ​គិត​ជា​រួម​១៩៣​ក្រុង​​ ស្រុក ខ័ណ្ឌ​ទូទាំង​​ប្រទេស​ ដែល​មាន​ចំនួន​អាសនៈ​សរុប​២៨៦១នោះ គណបក្ស​ប្រជាជន​​កម្ពុជា​អាច​នឹង​ទទួល​បាន​២១៥០​អាសនៈ ស្មើនឹង​៧៥​,១៥% គណបក្ស​សម រង្ស៊ី អាច​​នឹងទទួលបាន​៦១៨​អាសនៈ គណបក្ស​​នរោត្តម រណឫទ្ធិ អាច​នឹង​ទទួល​បាន​៥៣​អាសនៈ ហើយ​គណបក្ស​ហ៊្វុន​ស៊ិន​ប៉ិច​អាច​នឹង​ទទួល​បាន​៤០អាសនៈ។ តែ​បើក​ក្នុង​ករណី​គណបក្ស​ហ៊្វុនស៊ិន​ប៉ិច​និង​គណបក្ស​​នរោត្តម រណឫទ្ធិ​សហការ​គ្នា លទ្ធផល​នឹង​ធ្វើ​អោយ​អាសនៈ​​គណបក្ស​ប្រជាជន​កម្ពុជា និងគណបក្ស​សម រង្ស៊ី​មានការ​ថយ​ចុះ គឺ​គណបក្ស​ប្រជាជនអាច​ទទួល​បាន​២១៣០ គណបក្ស​សម រង្ស៊ី​អាច​នឹង​ទទួល​បាន​៦២៣​អាសនៈ ។ ចំណែក​គណបក្ស​​នរោត្តម រណឫទ្ធិ​និង​គណបក្ស​ហ៊្វុន​ស៊ិន​ប៉ិច​​អាច​នឹង​កើន​បាន​​១១៨​អាសនៈ​​។ សរុបជា​រួម​​​មក គណបក្ស​នីមួយៗ​នឹង​ទទួល​បាន​ដូច​តទៅ គណបក្ស​ប្រជាជន​កម្ពុជា​​អាច​នឹង​ទទួល​បាន​២៤៣៦អាសនៈ គណបក្ស​សម រង្ស៊ី ៦៩៥​អាសនៈ (ដែល​មាន​អាសនៈ​នៅ​​​ ១រាជធានី  ២១ខេត្ត​ ​និង១៧២​ក្រុង​ ស្រុក ខ័ណ្ឌ ក្នុង​ចំណោម​​១៩៣​​ក្រុង​ ស្រុក ខ័ណ្ឌ)។ ប៉ុន្តែ ករណី​មាន​ការ​រួម​កម្លាំង​រវាង​គណបក្ស​រាជានិយម គណបក្ស​ប្រជាជនកម្ពុជា​នៅតែ​មាន​អាសនៈ​នាំមុខ​ គឺ​២៤១៥​អាសនៈ ចំណែក​គណបក្ស​សម រង្ស៊ី ៦៨៩​​អាសនៈ ចំណែក​ គណបក្ស​​នរោត្តម រណឫទ្ធិ​និង​គណបក្ស​ហ៊្វុន​ស៊ិន​ប៉ិច​​អាច​នឹង​ទទួល​បាន​១៣១ អាសនៈ នៅ​​៩ខេត្ត និង​៧៨​ក្រុង ស្រុក និង​ខ័ណ្ឌ។​

គណបក្ស​ប្រឆាំង​ទី​២ គឺគណបក្ស​សិទ្ធិមនុស្ស​ ដែល​ដឹក​នាំ​ដោយ​លោក​កឹម សុខា បើទោះ​បី​ជា​​មាន​អាសនៈ​នៅ​រដ្ឋ​សភា​ក៏ដោយ ក៏​មិនមាន​សមាជិកជា​ក្រុមប្រឹក្សា​ឃុំ សង្កាត់​ណា​ម្នាក់​នោះ​ទេ ដោយសារ​គណបក្ស​នេះ​ទើប​តែ​បង្កើត​ឡើង​ ក្រោយ​ការ​បោះឆ្នោត​ជ្រើស​រើស​សមាជិក​​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់​ ឆ្នាំ​២០០៧។

ការ​បោះ​ឆ្នោត​ដែលគ្មានអត្ថន័យ និង​ចំណាយ​អស់ថវិកា​ច្រើន​
បើ​តាម​អង្គការ​ខុម​ហ្វ្រែល លទ្ធផល​ខាង​លើ​នេះ​គ្រាន់​តែ​ជា​ការ«​គណនា​ក្រៅ​ផ្លូវការ» ដោយ​សង្ឃឹម​​ថា​វា​ក៏ជា​វិភាគទាន​មួយ​សម្រាប់​ការ​ផ្ទៀង​ផ្ទាត់​ជាមួយ​លទ្ធផល​ផ្លូវការ ក៏ដូចជា​ការ​ចង​ក្រង​​ទុក​ជា​ការ​ប្រៀប​ធៀប​មួយ​អំពី​កំរិត​លំអៀង និង​ប្រសិទ្ធភាព​នៃការ​បោះឆ្នោត​ ដើម្បី​ជា​មូល​ដ្ឋាន​សម្រាប់​ធ្វើការ​កែទម្រង់​ប្រព័ន្ធ​បោះឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ នៅ​អាណត្តិ​ក្រោយៗ ទៀត។

អង្គការ​សង្កេត​ការណ៍​បោះឆ្នោត​មួយ​នេះ​ក៏​បាន​លើក​ឡើង​ផង​ដែរ អំពីការ​រិះគន់​ទៅលើ​ដំណើរ​​ការ​នៃ​ការ​រៀប​ចំ​បោះឆ្នោត​ក្រុម​ប្រឹក្សានេះ ដែល​ទំនង​ជា​មិនសូវមានការ​ចាប់​អារម្មណ៍​​ពី​សាធារណៈជន​នោះទេ ដោយសារ​ប្រព័ន្ធ​បោះឆ្នោត​អសកល និងមិនមាន​ការ​ចូល​​រួម​ពី​ប្រជាពលរដ្ឋ​។ ​ខុមហ្រ្វែល​បានលើកឡើង​ថា​​​ «គ្មាន​ហេតុ​ផល​ណា ដែល​សមាជិក​ក្រុម​​ប្រឹក្សា​ឃុំ ​សង្កាត់​មិនទៅ​បោះឆ្នោត​អោយ​គណបក្ស​ខ្លួន​នោះទេ ព្រោះ​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​ សង្កាត់​ទាំង​នោះ​បាន​អំណាច​និងផល​ប្រយោជន៍​ដោយសារ​គណបក្ស​ខ្លួន លើក​លែង​​តែ​​អ្នក​ខ្លះ​អាច​ត្រូវ​បានទិញ​ទឹក​ចិត្ត​ (អោយលុយកាក់) ពីគណបក្ស​ដទៃ​»។

បើ​​ពិនិត្យ​ទៅលើ​ការ​ចំណាយ​ក្នុងការ​រៀប​ចំ​ការ​បោះ​ឆ្នោត​វិញ ឃើញ​ថា​មាន​តម្លៃ​ខ្ពស់​ណាស់​ បើ​ប្រៀប​ធៀប​ទៅនឹង​ការ​បោះឆ្នោត​ថ្នាក់​ជាតិ​ កាលពី​ខែកក្កដា ឆ្នាំ​២០០៨។ ​អង្គការ​ខុម​ហ្វ្រែល​បានបរិហារ​​​​ថា «​ជាក់​ស្តែង កាលពី​ការ​បោះឆ្នោត​ឆ្នាំ​២០០៨ គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ ឆ្នោត​​ចំណាយ​ប្រមាណ​១៦,៧៦លាន​ដុល្លារ សម្រាប់​អ្នក​បោះឆ្នោត​ ប្រមាណ​ជាង​៨ ១២៥ ៥២៩​នាក់ ពោល​គឺ​គិត​ជា​មធ្យម ចំណាយ​ប្រមាណ​តែ​២,៦​ដុល្លារ​សម្រាប់អ្នក​បោះ​ឆ្នោត​ម្នាក់។ រីឯការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សានេះ​វិញ គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​បាន​លើក​គម្រោង​ចំណាយ​សម្រាប់​ការ​រៀប​ចំ​បោះ​ឆ្នោត ប្រមាណ​១,៥លាន​ដុល្លារ សម្រាប់​អ្នក​បោះឆ្នោត​ត្រឹម​តែ​១១ ៣៥៣​នាក់​ ដែល​គិត​ជា​មធ្យម​ ត្រូវ​ចំណាយ​ប្រមាណ​១៣២,១២ដុល្លារ សម្រាប់​អ្នក​បោះឆ្នោត​ម្នាក់​»។ អង្គការខុម​ហ្វ្រែល​បាន​គូស​បញ្ជាក់​ថា​អង្គការ​ពុំ​មានការ​ចាប់​អារម្មណ៍​នឹង​​សកម្មភាព​ចូល​រួម​ដំណើរ​ការ​បោះឆ្នោត​នេះទេ ប៉ុន្តែ អង្គការ​នឹង​ត្រៀម​ខ្លួន​ចូលរួម​សហការ​​​​ជាមួយ «ក្រុម​ប្រឹក្សា» បន្ទាប់ពីការ​បោះឆ្នោត​នេះ។


 

អត្ថបទបន្ថែម

 - តើ​អ្វីនៅ​ពីក្រោយ​​វិមជ្ឈការ​និង​វិសហមជ្ឈការនៅ​កម្ពុជា?(០៩-០២-២០០៩ )

 

 


0 អធិប្បាយ
ផ្តល់សេចត្តីអធិប្បាយ
អ៊ីមែល៖
 
ចំណងជើង៖
ឈ្មោះ៖
វ៊ិបសាយ៖
[b] [i] [u] [url] [quote] [code] [img] 
 
សូមបញ្ជូលកូតដែលលោក​អ្នកឃើញនៅក្នុងរូប ។ ចុចលើរូប​ដើម្បី​ប្តូររូ​ប ។

យើង​ខ្ញុំ​សូ​​មអរគុណ​ចំពោះ​អត្ថា​ធិប្បាយ​របស់​អស់​លោក​អ្នក ។ រាល់​អត្ថាធិប្បាយ​ទាំង​អស់​មិន​​ត្រូវ​​សរ​សេរ​អោយ​លើស​ពី​១៦​បន្ទាត់​ទ្បើយ ។ សូម​បញ្ជាក់ថា កាសែត​ មិនទទួលខុសត្រូវរាល់​អត្ថា​ធិប្បាយ​ណា​ដែល​បាន​ផ្សព្វផ្សាយ​នៅ​ក្នុង​​ផ្នែក អត្ថាធិប្បាយ ទ្បើយ។ រាល់អត្ថាធិប្បាយ​ទាំង​អស់​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​អ្នក​អាន មិន​​មែន​ជា​ទស្សនៈ​របស់​ផ្នែក​និពន្ធ​យើង​ទេ។ ចំពោះ​ព័ត៌​មាន​បន្ថែម​សូមទាក់​ទង​យើង​ខ្ញុំ​តាម​រយៈអ៊ីម៉ែល Cet e-mail est protégé contre les robots collecteurs de mails, votre navigateur doit accepter le Javascript pour le voir

3.26 Copyright (C) 2008 Compojoom.com / Copyright (C) 2007 Alain Georgette / Copyright (C) 2006 Frantisek Hliva. All rights reserved."

 
Empower your lifestyle with BlackBerry from Hello
 

 
 
ដំណឹងថ្មីៗ